ក្រសួងសាធារណៈការបន្តពង្រឹងការថែរទាំផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន៨ខ្សែ

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននិងកំពុងបន្តពង្រឹងការងថែរទាំ និងជួសជុលផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន៨ខ្សែ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ផ្លូវជាតិ និងផ្លូវខេត្ត ដោយបន្តការស្ថាបនាថែទាំជួសជុល រួមមាន កំណាត់ផ្លូវជាតិលេខ 7 , 8 , 73 , 76 , 78 , 78-5 ផ្លូវខេត្តលេខ 373C និងផ្លូវខេត្តលេខ 3789។

មន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តរតនគីរី និងត្បូងឃ្មុំ បានបង្កើនការយកចិត្តទុកដាក់ចុះអនុវត្តការងារជួសជុល ថែទាំលើកំណាត់ផ្លូវជាតិនិងផ្លូវខេត្តខាងលើនេះ ដើម្បីរក្សាបានគុណភាព ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ធ្វើឳ្យកាន់តែប្រសើរឡើងនៅការប្រើប្រាស់ផ្លូវថ្នល់មានភាពយូអង្វែង ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនឆ្លងកាត់កាន់តែមានភាពងាយស្រួល កាត់បន្ថយនូវពេលវេលា និងចំណេញទាំងថវិកាផងដែរ៕

ក្រសួងទេសចរណ៍បន្តពង្រឹងធនធានមនុស្សលើជំនាញបដិសណ្ឋារកិច្ចដំណាក់កាលទី២ដោយផ្តោតលើតំបន់ភូ​មិភាគឥសាន្ត

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងទេសចរណ៍ បានធ្វើការយ៉ាងជិតស្និតជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្ត និងបានបណ្តុះបណ្តាលយុវជនលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងដំណាក់កាលទី២ ដើម្បីលើកស្ទួយធនធានមនុស្សក្នុងវិស័យនេះ។

យោងតាមរបាយការណ៍នៃកិច្ចប្រជុំបូកសរុប ការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោងបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា(ហូកា)កាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា គម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកាជំហានទី២ឆ្នាំ២០២០ -២០២៤បានកំពុងចាប់ផ្តើម ដោយផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ក្រុមយុវជនងាយរងគ្រោះ ម្ចាស់អាជីវកម្មទេស​​ចរណ៍ អាជីវកម្មខ្នាតតូច និងសហគមន៍អេកូទេសចរណ៍ នៅតាមបណ្តាខេត្តគោលដៅចំនួន៥រួមមាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី។

គម្រោងបណ្តុះបណ្តាលនេះ មានទិសដៅចម្បងគឺលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន តាមរយៈការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ការពង្រឹងអាជីវកម្ម គុណភាពសេវាកម្មទេសចរណ៍ និងការកសាងវិថីអភិវឌ្ឍន៍ដល់អ្នកជំនាញទេស​ចរណ៍ដើម្បីឆ្ពោះទៅការសិក្សាពេញមួយជីវិត។

លោកប៉ាក់ សុខុម  រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បាន មាន ប្រសាសន៍ ថា កម្មវិធី នេះ នឹង ផ្តល់ ឱ្យ យុវជន នូវ ជំនាញ វិជ្ជាជីវៈ  បង្កើតឱកាស ការងារ  និង ប្រាក់ ចំណូល ។សម្រាប់ជំហ៊ានទី ២ នៃកម្មវិធីនេះយុវជននៅក្នុងខេត្តដែលបានជ្រើសរើសនឹងត្រូវបានផ្តល់នូវជំនាញបដិសណ្ឋារកិច្ចដើម្បីពួកគេអាចទទួលបានការងារធ្វើ” ។

លោកបន្តថា កម្មវិធីនេះក៏នឹងជួយពង្រឹងមន្រ្តីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍របស់ប្រទេសផងដែរ៕

តើការសហ្កេនQR Code មានអត្ថន័យយ៉ាងដូចម្តេចក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

ដោយ:គង់ សូរិយា

ភ្នំពេញ: ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រសួងប្រៃស​ណីយ៍និងទូរគមនាគមន៍ បានអំពាវនាវឱ្យសាធារណជនចូលរួមអនុវត្តន៍ និងរម្លឹកឡើងវិញនូវអត្ថន័យអំពីពណ៌ ក្រោយស្កេន QR Code “ទប់ស្កាត់កូវីដ (Stop Covid) ដែលអាចប្រើជាសំណាញ់សុវត្ថិភាព ការពារទីតាំងអាជីវកម្មឱ្យដំណើរការជាធម្មតាតាមបែបគន្លងថ្មី។

នៅក្នុងរូបភាពផ្លូវការបង្ហាញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀ​លថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការស្កេន QR Code “ទប់ស្កាត់កូវីដ” ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ១៩ របស់បុគ្គលមកដល់ទីតាំង តាមរយៈការបង្ហាញអត្ថន័យ នៃពណ៌ណាមួយលើអេក្រង់ក្រោយពេលស្កេន ដែលមានអត្ថន័យចំនួន៣យ៉ាងពីការស្កេននេះ។

ទី១ សម្រាប់ពណ៌បៃតង គឺបញ្ជាក់ពីស្ថានភាពធម្មតា បុគ្គលនោះមិនត្រូវបានកត់ត្រា ថាមានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩(អាចអនុញ្ញាតឱ្យបុគ្គលចូលដោយអនុវត្តតាមវិធានសុខាភិបាល)។ ទី២ ពណ៌លឿង គឺបញ្ជាក់ពីបុគ្គល ដែលបានប៉ះពាល់អ្នកជំងឺកូវីដ​១៩ ដោយផ្ទាល់ ឬដោយប្រយោលក្នុងអំឡុងពេល១៤ថ្ងៃ ចុងក្រោយនិងមិនទាន់បញ្ចប់កាតព្វកិច្ចធ្វើចត្តាឡីស័ក (អាចសម្រេចមិនឱ្យបុគ្គលនោះចូល)។

ទី៣.ពណ៌ក្រហម បញ្ជាក់ពីស្ថានភាពហានិភ័យខ្ពស់ថា បុគ្គលនោះមានជំងឺកូវីដ​១៩ (មិនត្រូវអនុញ្ញាតឱ្យបុគ្គលនោះចូលទីតាំងរបស់ខ្លួន។ ម្ចាស់ទីតាំងគួរចាត់បុគ្គលិកប្រចាំការរង់ចាំ ស្នើឱ្យអ្នកចូលទាំងអស់ត្រូវស្កេន ហើយពិនិត្យមើលពណ៌ក្រោយស្កេន មុនអនុញ្ញាតឱ្យចូលទីតាំងរបស់ខ្លួន។

បន្ទាប់ពីទទួលបានការអនុញ្ញាត របស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ ក្នុងរយៈពេល១២ថ្ងៃមកនេះ ទីតាំងចុះឈ្មោះបង្កើត QR Code មានចំនួនជិត១០៩,៩២២កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេង ៗជិត៥លានដង។

តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អ្នកស្កេន អាចទទួលបានដំណឹងភ្លាមៗ ប្រសិន បើមានករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយម្ចាស់ទីតាំង អាចដឹងពីស្ថានភាពបុគ្គលម្នាក់ៗដែលទៅដល់ទីតាំងរបស់ខ្លួន៕

ស្ពានចំនួន៦ ដែលមានប្រវែងចាប់ពី១០០០ម៉ែត្រឡើងទៅកំពុងជួយសម្រួលដល់ការដឹកជញ្ជូន និងចរាចរណ៍នៅកម្ពុជា

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុលដាក់ក្នុងការកសាង និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេសរួមមានផ្លូវថ្នល់ ស្ពានជាច្រើនកន្លែង ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ក៏ដូចជាចរាចរណ៍របស់ប្រជាពលរដ្ឋកាន់តែងាយស្រួល ដែលក្នុងមានស្ពាន ដែលមានទំហំធំ និងវែងចាប់ពីជាង១០០០ម៉ែត្រឡើងទៅចំនួន៦ ទីតាំងកំពុងត្រូវបានដំណើរយ៉ាងមមាញឹកនាពេលបច្ចុប្បន្ន។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជាមានស្ពានធំៗ ដែលមានប្រវែងចាប់ពី១០០០ម៉ែត្រឡើងទៅមានចំនួន៦កន្លែង ស្ថិតនៅខេត្តក្រុងចំនួន៤ ដែលកំពុងបម្រើដល់មធ្យោបាយធ្វើដំណើរការ និងដឹកជញ្ជូនប្រចាំថ្ងៃរួមមាន៖

ទី១៖ ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកលើកដែក ខេត្តកណ្ដាល ឆ្លងទៅកាន់ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទស្ពានខ្សែកាប មានប្រវែង ២,២១៥ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។

ទី២៖ ស្ពានកោះកុង មានទីតាំងស្ថិតនៅខេត្តកោះកុង ឆ្លងកាត់ព្រែកកោះប៉ោ សណ្ដូកចេញពីក្រុងខេមរភូមិន្ទឆ្លងទៅកាន់ស្រុកមណ្ឌលសីមា ជាប្រភេទស្ពានបេតុង មានប្រវែង ១,៩០០ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ។

ទី៣៖ ស្ពានមេគង្គ មានទីតាំងស្ថិតនៅខេត្ដស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងស្ទឹងត្រែងឆ្លងទៅកាន់ស្រុកថាឡាបរិវ៉ាត់ ជាប្រភេទស្ពានបេតុង មានប្រវែង ១,៧៣១ ម៉ែត្រ និងទទឹង ១៣.៤០ ម៉ែត្រ។

ទី៤៖ ស្ពានគីហ្សូណា ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្លងទៅកាន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប្រភេទស្ពានបេតុង មានប្រវែង ១,៥០០ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។

ទី៥៖ ស្ពានព្រែកតាមាក់ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកមុខកំពូលឆ្លងទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុង មានប្រវែង ១,០៦៦ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។

ទី៦៖ ស្ពានសេកុង មានទីតាំងស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឆ្លងកាត់ទន្លសេកុង ជាប្រភេទស្ពានបេតុង មានប្រវែង ១,០៥៧ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ។ ស្ពាននេះចម្លងអ្នកដំណើរពីក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល៕

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖ ទីផ្សារអចលនទ្រព្យកម្ពុជាអាចងើបឡើងវិញបាននៅពេលណា គឺអាស្រ័យលើកូវីដ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនមែនមានតែប្រទេសកម្ពុជានោះទេដែលទីផ្សារអចលនទ្រព្យទទួលរងនូវផលប៉ះពាល់ ពោលគឺស្ទើរពេញពិភពលោកសុទ្ធតែទទួលរងនូវផល​ប៉ះពាល់​ដូចគ្នា ហើយបញ្ហាមួយនេះអាចងើបឡើងវិញបាននៅពេលណាឱ្យប្រាកដនោះគឺអាស្រ័យទៅស្ថានភាពនៃជំងឺកូវីដត្រូវបានបញ្ចប់ជាស្ថាពរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKw Cambodia បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះថា កូវីដ១៩គឺជាមូលហេតុចម្បង និងសំខាន់បំផុតដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ហើយសេដ្ឋកិច្ចពិភពលោកអាចងើបឡើងវិញនៅពេលណា ក៏អាស្រ័យលើកូវីដនេះដែរ។

លោកឧកញ៉ាបានបន្តថា សម្រាប់សេដ្ឋកិច្ច ក៏ដូចជាទីផ្សារអចលនទ្រព្យនៅកម្ពុជាក៏ដូចគ្នា អាចងើបឡើងវិញនៅពេលណាឱ្យប្រាកដនោះក៏អាស្រ័យលើ​ស្ថានភាព​នៃ​ជំងឺ​កូវីដត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។

លោកឧកញ៉ាគីម ហ៊ាងបានមានប្រសាសន៍បញ្ជាក់ថា “នៅពេលដែលពិភពលោកនៅតែបន្តទទួលរងនូវការគំរាមកំហែងពីជំងឺឆ្លងកូវីដ សកម្មភាពនៃការ​វិនិយោគ​ស្ទើរ​គ្រប់រូបភាពនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ លើកលែងតែវិស័យអាទិភាពមួយចំនួនដែលមិនអាចអាក់ខានតែប៉ុណ្ណោះ ដូចជាទីផ្សារផ្គត់ផ្គង់ស្បៀង​អាហារជាដើម”។
លោកថា “សម្រាប់តែកម្ពុជា នៅពេលមានសំណួរសួរថា តើទីផ្សារអចលនទ្រព្យអាចមានសន្ទុះ និងស្ថានភាពល្អឡើងវិញនៅពេលណា គឺវាអាស្រ័យទៅលើ​ស្ថានភាព​នៃសេដ្ឋកិច្ចពិភពលោក​ បើទោះជាកម្ពុជាអាចមានលទ្ធភាពទប់សស្កាត់ និងគ្រប់ការរីករាលដាលនៃជំងឺកូវីដ ក៏ប៉ុន្តែលំហូរចូលនៃចំនួនអ្នកវិនិយោគ​បរទេស​នៅតែមិនទាន់មានកំណើននោះទេ ដែលវាត្រូវការពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគេ ពោលគឺទាល់តែពិភពលោកអាចស្ងប់ស្ងាត់ និងអាចលុបបំបាត់​ការ​គំរាមកំហែងបានជាស្ថាពរ។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមមានកំណើនឡើងវិញ នោះអ្នកវិនិយោគបរទេសក៏នឹងនាំយកលុយមក​វិនិយោគ​នៅកម្ពុជាឡើងវិញផងដែរ ដូច្នេះ បញ្ហាចម្បងនៃសេដ្ឋកិច្ចដែលអាចងើបដើរឡើងវិញបាននៅពេលណា គឺវាអាស្រ័យទៅលើបញ្ហានៃកូវីដនេះតែម្ដង”។

ជាមួយនឹងការអះអាងពីលទ្ធភាពសេដ្ឋកិច្ច ក៏ដូចជាទីផ្សារអចលនទ្រព្យកម្ពុជាអាចមានដំណើរការល្អឡើងវិញខាងលើនេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងក៏បានធ្វើការព្យាករថា ប្រសិនបើបញ្ហាកូវីដនេះនៅតែបន្ត សេដ្ឋកិច្ចកម្ពុជានឹងកាន់តែដុនដាបជាងនេះ ហើយវានឹងក្លាយបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋា​ភិបាល ដូច្នេះអ្វីដែលត្រូវធ្វើនៅពេលនេះ គឺប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអនុវត្តនូវវិធានការសុខាភិបាលដើម្បីកុំឱ្យស្ថាន​ការណ៍​កាន់តែលំបាកជាងនេះ៕

IMF ពិភពលោកកំពុងចាកចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ក្នុងប្រវត្តិសាស្រ្ត ខណៈសញ្ញាព្រមានកើតឡើងព្រមគ្នា

ដោយៈ ប៊ី

ភ្នំពេញៈ ពិភពលោកកំពុងចាកចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ ដោយសារវិបត្តិកូវីដ១៩ ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត។ នេះបើយោងតាមសំណេររបស់លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលត្រូវបានសារព័ត៌មាន CNN យកមកចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា កំណើនផលិត​ផលក្នុងស្រុកសរបស់ពិភពលោក នឹងកើនឡើងដល់៥.៥ភាគរយនៅឆ្នាំនេះ និង៤,២ភាគរយនៅឆ្នាំ២០២២។ ប៉ុន្តែកំណើននេះ នឹងមិនមានភាពប្រាកដប្រជា។ ភាគច្រើននៃពិភពលោក កំពុងប្រឈមមុខនឹងការទទួលបានវ៉ាក់សាំងយឺតៗ ខណៈជំងឺកូវីដ១៩ បម្លែ​ងខ្លួនប្រភេទថ្មី កំពុងតែរីករាលដាល ហើយក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកំពុងមានភាពគ្រោះថ្នាក់នៅទូទាំងប្រទេស និងតំបន់ជាច្រើន។

តាមពិត សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅលើផ្លូវមួយដ៏ពិបាក។ សំណួរគឺថា តើអ្នកនយោបាយនៅពិភពលោក នឹងចាត់វិធានការដើម្បីទប់ស្កាត់វិបត្តិដ៏នេះឬទេ?។

ដូចដែលការកត់សំគាល់របស់យើង ចំពោះកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G20 និងទេសាភិបាលធនាគារកណ្តាលនាពេលថ្មីៗនេះ ចង្អុលបង្ហាញថា វាមានហានិភ័យធំមួយ ដែលនៅពេលប្រទេសសេដ្ឋកិច្ចជឿនលឿន និងប្រទេសកំពុងរីកចម្រើនមួយចំនួនងើបឡើងវិញលឿនជាងគេ ខណៈបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន នឹងដើរថយក្រោយ ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។

នេះមិនត្រឹមតែធ្វើឱ្យសោកនាដកម្ម កាន់តែអាក្រក់ទៅៗដល់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរងទុក្ខផ្នែកសេដ្ឋកិច្ចរបស់ប្រទេស ដែលងាយរងគ្រោះបំផុតផងដែរ។

យើងប៉ាន់ប្រមាណថា នៅចុងឆ្នាំ២០២២ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅប្រទេសជឿនលឿន នឹងមានកំណើន១៣ភាគរយទាបជាងការព្យាករណ៍ មុនពេលមានវិបត្តិសេដ្ឋកិច្ច បើប្រៀបធៀបជាមួយ១៨ភាគរយ សម្រាប់ប្រទេសប្រាក់ចំណូលទាប និង២២ភាគរយ សម្រាប់ប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍដោយមិនរាប់បញ្ចូលប្រទេ​សចិន។ ផលប៉ះពាល់ដល់ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ ដែលត្រូវបានប៉ាន់ស្មាននេះ នឹងកើតឡើងដល់រាប់លាននាក់ នៃចំនួនប្រជាជនក្រីក្របំផុត នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ម៉្យាងវិញទៀត ការបង្រួបបង្រួមរវាងប្រទេសនានា ត្រូវយកចិត្តទុកដាក់បន្ថែមទៀតទេ។ មុនពេលមានវិបត្តិយើងបានព្យាករណ៍ថា គម្លាតប្រាក់ចំណូលរវាងសេដ្ឋកិច្ចជឿនលឿន និងប្រទេសចំនួន១១០កំពុងរីកចម្រើន និងកំពុងអភិវឌ្ឍនឹងរួមតូចនៅចន្លោះឆ្នាំ២០២០ និង២០២២។ ប៉ុន្តែឥឡូវនេះយើងប៉ាន់ស្មានថា មានតែ៥២ប្រទេសសេដ្ឋកិច្ចប៉ុណ្ណោះ ដែលនឹងទទួលបានកំណើនក្នុងកំឡុងពេលនេះ ខណៈ៥៨ប្រទេសត្រូវបានកំណត់ថានឹងមានភាពយឺតយ៉ាត។

នេះជាផ្នែកមួយ ដោយសារតែការទទួលបានវ៉ាក់សាំងមិនស្មើគ្នា។ សូម្បីតែនៅក្នុងសេណារីយ៉ូដែលល្អបំផុតក៏ដោយ ក៏ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន ត្រូវបានរំពឹងថានឹងទទួលបានការចាក់វ៉ាក់សាំង ពេញលេញនៅចុងឆ្នាំ២០២២ ឬរយៈពេលយូរទៅមុខទៀត។ វិស័យខ្លះត្រូវបានប៉ះពាល់ ជាពិសេសទៅនឹងវិស័យ ដែលរងគ្រោះខ្លាំងបំផុត ដូចជាវិស័យទេសចរណ៍ និងការនាំចេញប្រេង ហើយភាគច្រើននៃវិស័យទាំងនេះ ត្រូវបានរារាំងដោយសារវិបត្តិ។

សេដ្ឋកិច្ចសកលនឹងមិនងើបឡើងវិញទេ ប្រសិនបើយើងមិនចែកចាយវ៉ាក់សាំងទៅប្រទេសកំពុងអភិវឌ្ឍន៍ឱ្យបានពេញលេញ។ លោកស្រី Kristalina បានលើកឡើងចំណុចសំខាន់ដូចខាងក្រោមៈ

ទី១) បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់វិបត្តិសុខភាព

យើងដឹងហើយថា ជំងឺរាតត្បាតមិនមាននៅគ្រប់ទីកន្លែងទេ ខណៈពេលដែលការឆ្លងថ្មីនៅទូទាំងពិភពលោក បានធ្លាក់ចុះនាពេលថ្មីៗនេះ យើងមានការព្រួយបារម្ភថា ការចាក់វ៉ាក់សាំងជាច្រើនជុំ អាចត្រូវការជាចាំបាច់ ដើម្បីការពារភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ១៩បម្លែងខ្លួនថ្មី។

នេះហើយជាមូលហេតុ ដែលយើងត្រូវការកិច្ចសហការអន្តរជាតិ ខ្លាំងជាងមុន ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនៅក្នុងប្រទេសក្រីក្រ។

ទី២) បង្កើនការប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច

ដឹកនាំដោយបណ្តាប្រទេស G20 ពិភពលោកបានចាត់វិធានការ ដែលមិនធ្លាប់មាន រួមទាំងសកម្មភាព សារពើពន្ធជិត១៤ទ្រីលានដុល្លារ។ រដ្ឋាភិបាលចាំបាច់ត្រូវបង្កើនការខិតខំទាំងនេះ ដោយបន្តផ្តល់ការគាំទ្រសារពើពន្ធ។

ទី៣)បង្កើនការគាំទ្រដល់ប្រទេសងាយរងគ្រោះ

ដោយសារធនធានមានកំណត់ និងគោលនយោបាយរបស់ពួកគេ ប្រទេសដែលកំពុងរីកចម្រើន និងប្រទេសមានប្រាក់ចំណូលទាប អាចនឹងត្រូវប្រឈមមុខជាមួយនឹងជំរើសមួយ រវាងការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ការដោះស្រាយវិបត្តិសេដ្ឋកិច្ច និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជន។

ភាពងាយរងគ្រោះនេះ មិនត្រឹមតែប៉ះពាល់សេដ្ឋកិច្ច របស់ប្រទេសងាយគ្រោះនោះទេ ប៉ុន្តែវាថែមទាំងបង្កផលប៉ះពាល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលផងដែរ។

ជំហានដំបូង រដ្ឋាភិបាលនៅប្រទេសផ្ទាល់ខ្លួន បង្កើនប្រាក់ចំណូលក្នុងស្រុក ធ្វើឱ្យការចំណាយសាធារណៈកាន់តែមានប្រសិទ្ធិភាព និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច។ ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិមានសារសំខាន់ ក្នុងការបង្កើនហិរញ្ញប្បទានសម្បទាន និងការផ្តល់ហិរញ្ញប្បទានឯកជនបន្ថែមទៀត៕

រដ្ឋបាលខេត្តកណ្តាលសម្រេចបិទការចរាចរណ៍នៅច្រកជ្រៃធំ និងផ្អាកបណ្តោះអាសន្នកាស៊ីណូចំនួន៦ទីតាំង

ដោយ ៖ គង់ ម៉ាលីន

កណ្តាល ៖ ក្រោមការអនុវត្តតាមវិធានការបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងក្នុងសហគមន៍ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានចេញលិខិតបញ្ជាឱ្យអភិបាលស្រុកកោះធំបិទកាស៊ីណូចំនួន៦កន្លែង និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន ក្រោយរកឃើញជនបរទេសចំនួន ៥នាក់ មានផ្ទុកវីរុសកូវីដ១៩ នៅក្នុងទីប្រជុំជនជ្រៃធំនេះ។

ក្នុងលិខិតរបស់អភិបាលខេត្តកណ្ដាល ដែលផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលបានណែនាំ និងដាក់ឱ្យអនុវត្តនូវវិធានការបន្ទាន់ដូចខាងក្រោម ៖

១៖ បិទជាបណ្តោះអាសន្ននូវការស៉ីណូចំនួន ៦កន្លែង រួមមាន៖ កាស៉ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៉ីណូប៊ីន កាស៉ីណូក្រោន កាស៉ីណូហ្គេន កាស៉ីណូកាឡាក់ស៊ី និងកាស៉ីណូយុងយ័ន។

២៖ បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

៣៖ ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ យកមកធ្វើតេស្តសំណាកឱ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។

៤៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការណែនាំបន្ថែម លើការងារបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕

អ្នកជំនាញៈទំហំនៃការផ្គត់ផ្គង់ផ្សារទំនើបឆ្នាំ២០២១ប្រឈមនឹងលើសតម្រូវការ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ន ដែលកំពុងប្រឈមនឹងភាពភ័យខ្លាចឆ្លងជំងឺកូវីដ១៩ រាល់ការទិញលក់មួយចំណែកធំត្រូវបានធ្វើឡើង តាមរយៈអនឡាញបានជះឥទ្ធិពលអាក្រក់ ដល់វិស័យទីផ្សារលក់រាយ នៅតាមបណ្តាផ្សារទំនើបនានា ជាពិសេសនៅក្នុងឆ្នាំ២០២១នេះ ខណៈដែលគម្រោងនៃការដាក់បញ្ចូលចំណែកថ្មីបន្ថែមមានទំហំផ្ទៃក្រឡារហូតដល់ប្រមាណ១៨ម៉ឺនម៉ែត្រការ៉េ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍បង្ហាញពីក្ដីបារម្ភថា ប្រសិនបើស្ថានភាពនៅតែបន្តដូចពេលបច្ចុ​ប្បន្ន ហើយបន្ថែមថ្មីនូវចំណែកទីតាំងលក់រាយ រហូតដល់ប្រមាណ១៨ម៉ឺនម៉ែត្រការ៉េ នាដំណា​ច់ឆ្នាំ២០២១ នោះការផ្គត់ផ្គង់នៅក្នុងវិស័យមួយនេះនឹងលើសតម្រូវការ។

លោកស្រីបញ្ជាក់ថា “បច្ចុប្បន្ននេះ ការដាក់បញ្ចូលទីតាំងលក់រាយនៅក្នុងផ្សារទំនើ​បនៅកម្ពុជា កំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសប្រភេទផ្សារទំនើបបែបសហគមន៍ នៅតាមតំបន់ទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងអគារពាណិជ្ជកម្មផងដែរ”។ លោកស្រីបន្តថា “កំណើនៃការដាក់បញ្ចូលថ្មីបន្ថែមទាំងនេះកំពុងតែប្រឈមទៅនឹងវិបត្តិ នៃការផ្គត់ផ្គង់លើសពីតម្រូវការ ខណៈដែលបច្ចុប្បន្នអតិថិជនមួយចំនួនដែលនិយមទិញសម្ភារៈប្រើប្រាស់ ឬចំណីអាហារនៅតាមបណ្តាផ្សារទំនើបបានផ្លាស់ប្ដូរបែបបទ និងទម្លាប់របស់ខ្លួនដោយការទិញតាមអនឡាញ ដែលមានសេវាដឹកជញ្ជូនដល់លំនៅដ្ឋាន”។

សកម្មភាពទាំងនេះ គឺជាចំណែកមួយដែលអាចជះឥទ្ធិពលអវិជ្ជមាន ដល់វិស័យផ្សារទំនើប បន្ថែមពីលើអ្វីដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។

លោកស្រីអាន សុធីតា បានបញ្ជាក់ថា ផ្អែកតាមស្ថានភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ គួរតែមានការសម្រេចចិត្តជាថ្មី ក្នុងការដាក់បញ្ចូលចំណែកថ្មីនៃទីតាំងលក់រាយ ដែលស្ថិតនៅក្នុងគម្រោងរបស់ខ្លួន ជៀសវាងជួបហានិភ័យ ដែលអាចកើតមានក្នុងអត្រាខ្ពស់នៅចុងឆ្នាំ២០២១នេះ។ ជាក់ស្ដែងយើងឃើញថា ដោយសារតែបញ្ហានៃវិបត្តិកូវីដ មនុស្សជាច្រើនបានកាត់បន្ថយការចេញដើរ ដូច្នេះវាប៉ះពាល់ដល់វិស័យមួយនេះរួចទៅហើយ ម៉្យាងទៀតប្រសិនបើគម្រោងនៃការដាក់បញ្ចូលចំណែកថ្មី នៃទីតាំងលក់រាយក្នុងវិស័យផ្សារទំនើប ប្រមាណ១៨ម៉ឺនម៉ែត្រការ៉េនៅចុងឆ្នាំនេះ វានឹងបង្កើនចំនួននៃការផ្គត់ផ្គង់សរុប រហូតដល់ជាង៦០ម៉ឺនម៉ែត្រការ៉េ ដែលជាចំនួនមួយលើសពីតម្រូវការគួរឱ្យព្រួយបារម្ភ។

គិតត្រឹមពាក់កណ្តាលត្រីមាសទី១ឆ្នាំ២០២១ យ៉ាងហោចណាស់មានគម្រោងផ្សារទំនើបចំនួន៦ បានបើកដំណើរការក្នុងដំណាក់ដំបូង  (soft launch) ដោយចំនួននេះរាប់បញ្ចូលទាំង ប្រភេទផ្សារសហគមន៍ និងផ្សារក្នុងអគារពាណិជ្ជកម្ម។ នៅក្នុងត្រីមាសនេះ តម្លៃទីតាំងលក់រាយ ដែលត្រូវបានដាក់ជួល គឺស្ថិតនៅកម្រិតថេរដូចគ្នាទៅនឹងឆ្នាំ២០២០កន្លងទៅ ពោលគឺមានតម្លៃចាប់ពី២០ដុល្លារអាមេរិក រហូតដល់៥០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅតាមទីតាំង និងប្រទេសផ្សារនីមួយៗ។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា  សម្រាប់ទីផ្សារទំនើប វាអាស្រ័យទៅលើសុវត្ថិភាព និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ ១៩ ។

លោកបញ្ជាក់ថា “បើស្ថានភាពវាមិនល្អ  មនុស្សនឹងទៅស្វែងរកទិញឥវ៉ាន់  ឬដើរកំសាន្ត ប៉ុន្តែនៅពេលមានបញ្ហាមនុស្សមួយចំនួន នៅមានភាពរអាមួយរយៈដែរ”។

លោក ច្រឹក សុនីម បានទទួលស្គាល់ដែរថា ចំពោះការជួលតូបលក់ដូរនៅក្នុងផ្សារទំនើបនេះនៅតែមានជាធម្មតា នៅក្នុងកាលៈទេសៈនេះ ហើយចំពោះអ្នកដែលជួលរួចហើយ ក៏នៅតែបន្តការលក់ដូររបស់ខ្លួនជាប្រក្រតីដែរ ប៉ុន្តែចំពោះការដាក់បញ្ចូលចំណែកថ្មីនៃទីតាំងលក់រាយអាចប្រឈមនឹងវិបត្តិ៕

គេហទំព័រPropertyarea.asiaសូមថ្លែងអំណរគុណចំពោះឯកឧត្តមជុំ កុសលដែលបានផ្តល់កិត្តិយសជាឧត្តមទីប្រឹក្សា

ដោយ:គង់ សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃគេហទំព័រPropertyarea.asia និងCambodiafiancialtimes.comសូមប្រកាសថ្លែងអំណរគុណ ដល់ឯកឧត្តមជុំ កុសលទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឯកឧត្តមបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងឋានៈជាឧត្តមទីប្រឹក្សារបស់គេហទំព័រទាំពីរនេះ។

ជាមួយនឹងការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តមនឹងចូលរួមជួយផ្សព្វផ្សាយពីកេរ្ត៍ឈ្មោះ និងកិត្តិនាមនៃគេហទំព័រទាំងពីរនេះ ជាពិសេសឯកឧត្តមនឹងជួយផ្តល់មតិយោបល់ ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវដំណើរការផ្សព្វផ្សាយព៌តមានរបស់គេហទំព័រនេះ ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ក៏ដូចជា គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ។

សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រទាំងពីរខាងលើនេះ លោកយិន លាងគង់បានគោរពថ្លែងអំណរគុណ ដល់ឯកឧត្តមជុំ កុសល ដែលបានផ្តល់កិត្តយស​ដ៏ខ្ពង់​ខ្ពស់ក្នុងឋានៈជាឧត្តមទីប្រឹក្សារបស់គេហទំព័រនេះ។

លោកបន្តថា គេហទំព័រPropertyarea.asia និងCambodiafinancialtimes.com តែងតែផ្តល់ព៌តមានពិត ឥតលំអៀង និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ តាមរយៈការផ្តល់ព៌តមានពិត លឿន រហ័ស និងអាចទុកចិត្តបាន។

លោកបន្តថា “ដោយឈរលើគុណតម្លៃស្នូលរបស់យើង បានធ្វើឲ្យការផ្សព្វផ្សាយព៌តមានរបស់គេហទំព័រនេះ ទទួលបានការគាំទ្រពីមិត្តអ្នកអានជាតិ និងអន្តរជាតិ អ្នកវិនិយោគក្នុងស្រុកនិងបរទេស ដែលបានប្រើប្រាស់គេហទំព័រទាំងពីរនេះ ជាមូលដ្ឋានសំរាប់ការវិភាគ ពិចារណាមុនសម្រេចចិត្តវិនិយោគលើគំរោងអ្វីមួយ”។លោកបន្តថា “ចំនួនអ្នកអានរបស់យើង បានកើនឡើងជាប្រចាំពីរាប់ពាន់នាក់ មករាប់ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយ​សារយើងបដិសេធនូវការសរសរព៌តមានបំភ្លៃ បំភ្លើស បំផ្លោង ពិសេសយើងប្រឆាំងដាច់ខាតនូវព៌តមានក្លែងក្លាយ”។

លោកយិន លាងគង់បានបន្តថា ជាមួយគ្នានេះ នាពេលកន្លងមកគេហទំព័រនេះ ក៏ទទួលបានការគាំទ្រ ពីរដ្ឋមន្រ្តីក្រសួងព៌តមាន ឯកឧត្តមខៀវ កាញ៉ារិទ្ឋ ថ្នាក់ដឹកនាំក្រសួងព៌តមានជាន់ខ្ពស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលក្រសួងនេះបានដាក់ឯកសារ បទដ្ឋានគតិយុត្តិនានារបស់ក្រសួង ចូលនៅក្នុងមាតិកាព៌តមានរបស់គេហទំព័រPropertyarea.asia ដែលអ្នកអានជាតិ អន្តរជាតិអាចទាញយកទៅប្រើប្រាស់បាន​តាមតម្រូវការជាក់ស្តែង៕

ក្រុមហ៊ុនNagaCorp ប្រកាសទទួលបានចំណូលជាង៨៧៨លានដុល្លារពីប្រតិបត្តិការនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន NagaCorp ទទួលបានចំណូលប្រមាណ៨៧៨,៧លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ ធ្លាក់ចុះចំនួន៥០.០ភាគរយ ធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមការចុះចេញផ្សាយរបស់គេហទំព័រ GGRAsia នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានប្រកាសនៅផ្សារហ៊ុននៅហុងកុងថា ក្រុមហ៊ុននេះទទួលបាន ប្រាក់ចំណេញសុទ្ធជាង១០២,៣លានដុល្លារអាមេរិក សម្រាប់រយៈពេលពេញមួយឆ្នាំ២០២០ ដែលគាំទ្រដោយការស្តារឡើងវិញនៅឆមាសទី២ ឆ្នាំកន្លងមកនេះ។

ប្រាក់ចំណេញសុទ្ធនេះបានធ្លាក់ចុះ៨០,៤ភាគរយ បើធៀបនឹងទំហំទឹកប្រាក់ជិត៥២១,៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនទទួលបានចំណូលសរុបប្រមាណ៨៧៨,៧លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ ធ្លាក់ចុះចំនួន៥០.០ភាគរយ ធៀបនឹងឆ្នាំ២០១៩។

ក្រុមហ៊ុនបានប្រកាសភាគលាភចុងក្រោយ ចំនួន០,១៨៨ដុល្លារអាមេរិក ក្នុងមួយហ៊ុន ដែលនឹងត្រូវបានបញ្ចេញនៅថ្ងៃទី៥ ខែកក្កដា ខាងមុខនេះ។

ក្រុមហ៊ុនចុះបញ្ជីនៅហុងកុងនេះ ក៏បានស្នើអភិវឌ្ឍន៍រមណីយដ្ឋាន មិនមែនល្បែង ដែលមានទឹកប្រាក់៣៥០លានដុល្លារ នៅជិតប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ។

កាស៊ីណូទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ជាឱ្យបិទជាបណ្តោះអាសន្នកាលពីថ្ងៃទី១ ខែមេសា ឆ្នាំមុន ដែលជាផ្នែកមួយនៃវិធានការណ៍ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩៕