អ្នកជំនាញអចលនទ្រព្យ ៖ ស្ថានភាពបែបនេះជាពេលវេលាល្អបំផុតសម្រាប់ការវិនិយោគ

ដោយ:គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបាននិយាយថា ស្ថិតក្នុងស្ថានភាពបែបនេះ ការវិនិយោគអចលនទ្រព្យ គឺជាពេលវេលាល្អបំផុតពិសេសការវិនិយោគលើដីធ្លី ព្រោះវាជាស្ថានភាព ដែលអ្នកមានបញ្ហាសាច់ប្រាក់ត្រូវការលក់អចលនទ្រព្យបន្ទាន់។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីព្រលប់ថ្ងៃទី២៦ កុម្ភៈកន្លងមកថា ក្នុងស្ថានភាពមានវិបត្តិជំងឺកូវីដបែបនេះ ការវិនិយោគអចលនទ្រព្យជាឳកាសល្អបំផុត ព្រោះអចលនទ្រព្យដែលត្រូវការលក់ប្រញាប់នាពេលនេះ មានតម្លៃក្រោមទីផ្សារប្រមាណ៣០ភាគរយ។

អ្នកស្រីបន្តថា “នេះជាករណីអចលនទ្រព្យលក់ប្រញាប់ មិនមែនអចលនទ្រព្យទាំងអស់នោះទេ ប៉ុន្តែបើនិយាយពីស្ថានភាពទីផ្សារ វិលមករកភាពប្រក្រតីវិញនាពេលណា វាអាស្រ័យលើស្ថានភាពពិភពលោក”។អ្នកស្រីបន្តថា “ទោះជាវិបត្តិកូវីដនៅកម្ពុជាមានភាពធូរស្រាលក៏ដោយ ក៏អ្នកវិនិយោគអន្តរជាតិ នៅតែមិនទាន់ចូលមកកម្ពុជានោះទេ ដោយសា​រពួកគេ មានអារម្មណ៍មិនទាន់មានសុវត្ថិភាព”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា កំពុងធ្លាក់ចុះ និងស្ថិតក្នុងសភាពទ្រឹង ប៉ុន្តែសម្រាប់អ្នកវិនិយោគមានធនធានច្រើន ពួកគេនៅតែប្រមូលទិញ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមិនអំណោយផលក្តី។

លោកបន្តថា “ពេលនេះអ្នកវិនិយោគទទួលបានលក្ខខ័ណ្ឌល្អ តម្លៃល្អ ហេតុនេះទើបអ្នកមានធនធានច្រើន ពួកគេបន្តប្រមូលទិញដីធ្លី ហើយនៅពេលស្ថានភាពល្អ ពួកគេនឹងចាប់ផ្តើមសកម្មភាពសាងសង់”។

យ៉ាងណាក៏ដោយអ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ពេលនេះអ្នកវិនិយោគធំៗកំពុងរង់ចាំមើល ពីស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែសម្រាប់គំរោងចាស់ៗ មិនបានផ្អាកសកម្មភាពនោះទេ តែសំរាប់គំរោងថ្មីកំពុងស្ថិតនៅក្នុងការរង់ចាំ៕

អ្នកជំនាញ​អន្តរជាតិ៖ ព្រឹត្តិការណ៍២០កុម្ភៈ រំខាន​ដល់​វិស័យ​អចលនទ្រព្យរយៈពេល​ខ្លី​ប៉ុណ្ណោះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បាន​អះអាងថា ការផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍២០កុម្ភៈ នៃ​ការឆ្លង​ជំងឺ​កូ​វីដ១៩ ចូល​សហគមន៍ ពិតជា​បង្ក​ផលប៉ះពាល់​រំខាន​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា សម្រាប់​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​ប្រតិបត្តិ​ការទិញ​លក់ និង​ការស្វែងរក​អចលនទ្រព្យ​ភាគច្រើន នៅតែ​មិន​ផ្លាស់ប្តូរ ហើយ​វិនិយោគិន​ភាគច្រើន​មាន​ទំនោរ​ទៅរក​ការវិនិយោគ​រយៈពេល​វែង។

លោក James Hodge នាយករង​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងប្រាប់​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក​ថា ការផ្ទុះ​ឡើង​នៃ​ការឆ្លង​ចូល​សហគមន៍​នាពេលថ្មីៗនេះ ប្រាកដ​ណាស់ បានធ្វើ​ឱ្យមាន​ការរំខាន​ដល់ទី​ផ្សារ​វិនិយោគ​រយៈ​ពេល​ខ្លី ប៉ុន្តែ​ប្រតិបត្តិ​ការទិញ​លក់ និង​ការស្វែងរក​អចលនទ្រព្យ​ភាគច្រើន​នៅតែ​មិន​ផ្លាស់ប្តូរ។

លោក​បាន​ថ្លែងថា “វិនិយោគិន​អចលនទ្រព្យ​ភាគច្រើន មាន​ទំនោរ​ទៅរក​ការវិនិយោគ​រយៈពេល​វែង ហើយ​បើទោះជា​ពួកគេ មិន​អាចមក​ពិនិត្យមើល​អចលនទ្រព្យ ឬ​ជួបគ្នា​ដោយផ្ទាល់​នៅពេលនេះ ក៏​ពួកគេ​មិន​ផ្លាស់ប្តូរ​ផែនការ​វិនិយោគ​របស់​ពួកគេ​ឡើយ” ។

លោក James Hodge បានឱ្យដឹង​ទៀតថា ទោះយ៉ាងណា​ក៏ដោយ ស្ថានភាព​នេះ​អូស​បណ្តា​យ​រយៈ​វែង នោះ​លទ្ធផល​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​វិនិយោគិន ប៉ុន្តែ​បើ​ស្ថានភាព​នេះ នឹង​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​លឿ ហានិភ័យ​នឹងមាន​តិច​សម្រាប់​ការវិនិយោគ​រយៈពេល​វែង។

លោក​បាន​ថ្លែងបន្តថា “យើង​បានឃើញ​ស្ថានភាព​នេះ កាលពីមុន​នៅក្នុង​ប្រទេស​កម្ពុជា ទោះបី​មិន​ធ្ងន់ធ្ងរ​ក៏ដោយ ហើយ​វា​គឺជា​បញ្ហា ដែល​ប្រទេស​ជាច្រើន​បាន​ប្រឈមមុខ​ដូចគ្នា ដូច្នេះ​ឥឡូវនេះ មានការ​យល់ដឹង​កាន់តែច្បាស់​អំពី​ថា តើ​ការរំខាន​អាចមាន​រយៈពេល​យូរ ឬ​យ៉ាងណា” ។

វិនិយោគិន និង​អ្នក​អភិវឌ្ឍន៍ គួរតែ​ធ្វើតាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាល យ៉ាង​យកចិត្តទុកដាក់ និង​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់។ មាន​នីតិវិធី​ដែល​បាន​បង្កើតឡើង​យ៉ាង​ល្អ​សម្រាប់​អ្នក​ជួល និង​ម្ចាស់ផ្ទះ រួមទាំង​ការត្រួតពិនិត្យ​សីតុណ្ហភាព ការប្រើប្រាស់​ឧបករណ៍​លាងដៃ ការសម្លាប់​មេរោគ​ប្រចាំ ការពាក់​របាំងមុខ និង​តាមដាន​ទំនាក់ទំនង​ខាងក្រៅ។

លោក James Hodge បាន​លើកឡើងថា “ការធ្វើឱ្យ​ប្រាកដថា នីតិវិធី​ទាំងនេះ​ត្រូវបាន​អនុវត្តន៍​យ៉ាង​ដិតដល់ គឺជា​វិធី​ល្អ​បំផុត​ដើម្បី​ធានាថា អចលនទ្រព្យ​ត្រូវបាន​ការពារ ប៉ុន្តែ​ទោះបី​ជាមាន​នីតិវិធី​ទាំងអស់ នៅក្នុង​កន្លែង​ក៏ដោយ វា​អាច​ពិបាក​ក្នុង​ការបញ្ឈប់​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩” ។

លោក​បាន​ថ្លែងបន្តថា ក្រៅពី​ផលប៉ះពាល់​ដោយផ្ទាល់ វិនិយោគិន និង​អ្នក​អភិវឌ្ឍន៍​ទាំងអស់​បានឃើញ ពី​ឥទ្ធិពល​របស់​ជំងឺ​កូ​វីដ១៩ ទៅលើ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​រយៈពេល១២ខែ​ចុង​ក្រោយនេះ ហើយ​វិធី​ល្អ​បំផុត ដើម្បី​កាត់បន្ថយ​ហានិភ័យ​ទីផ្សារ​គឺ​ធ្វើ​ពិពិធ​កម្ម​ផលប័ត្រ​របស់​ពួកគេ ទៅជា​ប្រភេទ​អចលនទ្រព្យផ្សេងៗគ្នា។

លោក​បាន​ឱ្យដឹងទៀតថា ឧទាហរណ៍ អ្នក​ដែលមាន​ដី​កសិកម្ម ឬ​ឃ្លាំង​អាច​នឹង​អាស្រ័យ​ផល​ប្រសើរ​ជាង​ឆ្នាំកន្លងមក។ ចំណែក​ទីផ្សារ​លំនៅដ្ឋាន ការិយាល័យ ផ្សារ​លក់រាយ ឬ​សណ្ឋាគារ​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ជាង៕

ក្រុមហ៊ុន​ក្នុងស្រុក​មួយ​គ្រោង​វិនិយោគ​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​ក្នុង​ខេត្តកំពង់ចាម

ដោយ​គង់ សូរិយា

កំពង់ចាមៈ អភិបាលខេត្ត​កំពង់ចាម លោក​អ៊ុន ចាន់​ដា បាន​ឲ្យ​ដឹងថា ក​ក្រុមហ៊ុនក្នុងស្រុក​មួយ​បាន និង​កំពុង​រៀបចំ​គំរោង​វិនិយោគ​វារីវប្បកម្ម និង​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​ក្នុង​ខេត្ត​នេះ។

ក្រុមហ៊ុន​ដែល​ទទួលបាន​គំរោង​វិនិយោគ​នោះ គឺ​ក្រុមហ៊ុន​ផា​រ័ត្ន​រតនៈ ដែល​នឹង​សាងសង់​គម្រោង​វារីវប្បកម្ម និង​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ថ្មី​មួយកន្លែង លើ​ផ្ទៃដី​ជាង៧ ហិច​តា នៅ​ទំនប់​ចក​បឹង​ធំ ក្នុងភូមិ​កំពង់​សំណាញ់ ស្រុក​ព្រៃឈរ។

តាម​ការ​ឲ្យ​ដឹង​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា គម្រោង​មួយ​នេះ នឹងត្រូវ​ចែកចេញជា ៤ផ្នែក ដោយ​ផ្នែកសំខាន់ៗចំនួន៣ ទាក់ទិន​នឹង​ការងារ​វារីវប្បកម្ម រួមមាន ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ជម្រុញ​ការផលិត​ពូជ​ត្រី ការបង្កើត​ទីតាំង​ច​ញ្ចឹ​ម​ត្រី ដែលមាន​ស្ដង់ដា និង​ការសាងសង់​មន្ទីរពិសោធន៍ អគារ​រដ្ឋបាល ក៏ដូចជា​រោងចក្រ​ផលិត​ចំណី​ត្រី។ចំណែក​ផ្នែក​ទី៤ គឺ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ ដោយ​នឹង​សាងសង់​អាគារ​សាល​ពិ​ព័រ​ណ៌​ជីវៈ​មច្ឆា និង​សួនផ្កា​ត្រូពិច​បែប​ប្លែក​ថ្មី​ក្នុង​តំបន់។

ជាមួយគ្នានេះ លោក​ឧកញ៉ា ពាង ផា​រ័ត្ន តំណាង​ក្រុមហ៊ុន​ផា​រ័ត្ន​រតនៈ បានឱ្យដឹងថា គម្រោង​នេះ​នឹង​ជួយ​កាត់បន្ថយ​បទល្មើស​នេសាទ ដោយ​ផ្លាស់ប្ដូរ​ពី​ការនេសាទ​ខុសច្បាប់​នា​រដូវ​ត្រី​ពង និង​ការបំពុល​បរិស្ថាន មក​ធ្វើ​វារីវប្បកម្ម​បែប​ទំនើប​វិញ។

លើសពីនេះ គម្រោង​ក៏​នឹង​ជួយ​លើកកម្ពស់​កម្រិតជីវភាព របស់​ប្រជាកសិករ​ក្នុង​តំបន់ តាមរយៈ​ការប្រមូលទិញ​ផលិតផល ដែល​ប្រជាពលរដ្ឋ​រកបាន​ផងដែរ។ទោះជា​យ៉ាងណា​លោក​ឧកញ៉ា មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ទុនវិនិយោគ និង​ការបញ្ចប់​គំរោង​នេះ​នៅពេលណា​នៅឡើយ​ទេ៕ ប្រភព Construction-property.com

អភិបាលខេត្ត៖ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗចំនួន៤ កំពុង​ពង្រីក​សក្តានុពល និង​ជីវភាពប្រជាពលរដ្ឋ​ខេត្តកោះកុង

ដោយ​គង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្ត​កោះកុង លោកជំទាវ មិថុនា ភូ​ថង បានលើកឡើង​ពី​មូលដ្ឋា​ន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន ដែល​វិនិយោគ​ដោយ​រដ្ឋាភិបាល និង​វិស័យ​ឯកជន កំពុង​ជំរុញ​ការអភិវឌ្ឍ និង​លើក​កំពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ។

លោកជំទាវ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន និង​កំពុង​អនុវត្តន៍​គំរោង​មួយចំនួន​ដូចជា ទី១ ការសាងសង់​ផ្លូវជាតិ​លេខ១០ ដែល​ត​ភ្ជាប់​ខេត្តកោះកុង ជាមួយ​ខេត្តពោធិសាត់ និង​បាត់ដំបង មកកាន់់​ខេត្តកោះកុង ទី២ ក្រសួង​សាធារណៈការ បានបញ្ចប់​ការដេញថ្លៃ​រួ ពង្រីក​ផ្លូវជាតិ​លេខ៤៨ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ  ដែល​គំរោង​នេះ​នឹង​ចាប់ផ្តើម​ស្ថាបនា​និង​ពង្រីក​នៅ​ខែ​មិនា​ខាងមុខនេះ និង​ទី៣ ក្រសួង​សាធារណៈការ ក៏​នឹង​សាងសង់​កំពង់ផែ​ទេសចរណ៍ និង​ពហុ​វិស័យ​នៅ​ក្រុង​ខេមរៈភូមិន្ទ។

ទី៤ ការសាងសង់​ព្រលានយន្តហោះ តម្លៃ ២០០លាន​ដុល្លារ នូវ​ការសាងសង់​ព្រលានយន្តហោះ​ក្នុង​គំរោង​តារា​សាគរ ខេត្តកោះកុង ស្រុក​បុ​ទុម​សាគរ និង​គិរីសាគរ ដែល​ការសាងសង់ សម្រេចបាន៧០ទៅ៨០ភាគរយ ដោយ​ផ្លូវរ​ត់របស់​យន្តហោះ​បានបញ្ចប់ នៅសល់់តែ​អាគារ​ទទួល​អ្នកដំណើរ ដែល​សម្រេចបាន ៨០ភាគរយ​ផងដែរ។ ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ។

លោកជំទាវ​មិថុនា ភូ​ថង​បាន​បន្តថា “ក្រុមហ៊ុន​នឹង​បើក​ដំណើរការ ព្រលានយន្តហោះ​នេះ នៅក្នុង​ត្រីមាស​ទី៤ ចុងឆ្នាំ២០២១នេះ” ។ លោកជំទាវ​បន្តថា “ផ្លូវជាតិធំៗ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា នឹង​ជួយ​លើក​កំពស់​មូលដ្ឋាន​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ជា​ខេត្ត​ធ្លាប់​ដាច់ស្រយាល​នេះ ពិសេស​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំងនេះ នឹង​ជួយ​ទាក់ទាញ​ការវិនិយោគ ងាយស្រួល​ដល់​អ្នកវិនិយោគ ដែល​មានបំណង​ស្វែងយល់ ពី​សក្តានុពល និង​ឳ​កាស​វិនិយោគ​នៅក្នុង​ខេត្ត​នេះ” ។

ទាក់ទង​នឹង​សក្តានុពល មូលដ្ឋាន​វិនិយោគ​ការវិនិយោគ​ក្នុង​ខេត្ត លោកជំទាវ​មិថុនា ភួ​ថង​បាន​មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ន​មានការ​វិនិយោគ​ច្រើន លើ​វិស័យ​អេកូ​ទេសចរណ៍ ដោយសារ​យើង​មាន​ព្រៃភ្នំ កោះ​ឆ្នេរ ដីធ្លី និង​មានការ​វិនិយោគ​ផ្ទះសំណាក់ សណ្ឋាគារ​កើនឡើង វិស័យ​កសិកម្ម​ក៏៏​មាន​ការដាំដុះ​បន្លែ ផ្លែឈើ​បាន​កើនឡើង​ផងដែរ។

លោកជំទាវ​បន្តថា “អ្នកវិនិយោគ​ភាគច្រើន​ជា​ជនជាតិខ្មែរ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏មាន​ជនបរទេស​មក​វិនិយោគ​តិច ប៉ុន្តែ​មាន​ទំហំ​ទុន​ធំ” ៕

លោក​ឡោ វិចិត្រ លើកឡើង​ពី​ការវិវត្ត និង​បញ្ហា​ប្រឈម​លើ​ផ្នែកសំខាន់ៗចំនួន៣នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ក្នុង​រយៈពេល២០ឆ្នាំ​មកនេះ មុនពេល​វិបត្តិ​សេដ្ឋកិច្ច​សកល​កើតឡើង ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ១៩ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ាន ដោយ​វិស័យនេះ​បាន​ស្រូប​ទាញ​ទុនវិនិយោគ ៦០ពាន់​លាន​ដុល្លារ ក្នុងការ​ជម្រុញ​កំនើន​សេដ្ឋកិច្ចជាតិ។

ប៉ុន្តែ​បើ​យើង​ក្រឡេកមើល​ពី​ទិដ្ឋភាព​ទូទៅ និង​បញ្ហា​ប្រឈម​ក្នុង​វិស័យនេះ​នា​កំឡុងពេល​កើត​ជំងឺ​កូ​វីដ១៩ លោក ​ឡោ វិចិត្រ ​អនុប្រធាន​សមាគម​អចលនទ្រព្យ​សកល​ប្រចាំរាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា វិស័យ​អចលនទ្រព្យ​កម្ពុជា​បច្ចុប្បន្ន​និយាយ​ជារួម គឺមាន​សភាពខុសៗគ្នា​ទៅតាម​ប្រភេទ​អចលនទ្រព្យនីមួយៗ ដែលមាន​ដូចជា ទី១ វិស័យ​ដីធ្លី​នៅ​កម្ពុជា បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស នៅក្នុង​តំបន់​គឺមាន​សភាព​បត់បែន និង​រស់​រវើក​ជាង ដោយសារ​ប្រទេស​កម្ពុជា មិនមាន​បំរាម​នៃ​ការផ្ទេរ​ក៏ដូចជា​ចំនួន​នៃ​រូបិយវត្ថុ​បរទេស ចូលមក​កម្ពុជា​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ជំហរ​ជើងមេឃ សំរាប់​វិស័យ​ទេសចរណ៍ តាមរយៈ​ការអនុញ្ញាត​ឲ្យ​មាន​ជើងហោះហើរ​ផ្ទា​ល់ពី​បណ្តា​ប្រទេស​នានា​នៅលើ​សកលលោក​មក​កម្ពុ​ជា។

លោក​បន្តថា បន្ថែម​ពីលើ​នេះ,រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ភាពអនុគ្រោះ​ផ្នែក​ពន្ធ​ទៅ​វិនិយោគិន ដែល​បានមក​បណ្តាក់ទុន ក្នុង​វិស័យ​អាទិភាព​មួយចំនួន។ កត្តា​សំខាន់​ខាងលើ បាន​ជុំរុញ​ឲ្យ​វិស័យ​ដីធ្លី​នៅ​កម្ពុជា ទទួលរង​ផលប៉ះពាល់​តិចតួច បើ​ប្រៀបធៀប​និង​បណ្តា​ប្រទេស​នៅក្នុង​តំបន់ ដោយហេតុថា​កម្ពុជា​នៅតែ​អាច​ទាក់ទាញ​ទុនវិនិយោគ​ពី​ក្រៅប្រទេស ទោះបី​ស្ថិតក្នុង​ស្ថានភាព​នៃ​កូ​វីដ១៩ ដែល​ធ្វើ​ឲ្យ​វិស័យ​ដីធ្លី​កម្ពុជា​នៅមាន​ការវិវឌ្ឍ​ធម្មតា ទោះ​មាន​ប្រតិបត្តិ​ការទិញ​លក់​ថយ​ចុះ ប៉ុន្តែ​តម្រូវការ​ក្នុង​ការទិញ​លក់​គឺ​នៅតែមាន​ធម្មតា។

ទី២ ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា ហាក់​មាន​សភាព​ទ្រឹង បើ​ប្រៀបធៀប​និង​វិស័យ​ដីធ្លី​តែ​នៅមាន​ឪ​កាស​សំរាប់​អភិវឌ្ឍ​បន្ថែម បើ​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ថេរ រយះពេល៥ឆ្នាំ​ខាងមុខ។

លោក​ឡោ វិចិត្រ​បាន​វិភាគ​ទៀតថា បច្ចុប្បន្ន កម្ពុជា​បាន​លេចចេញ​នូវ​គំរោង​ខុន​ដូ​ជាច្រើន​ជាពិសេស នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​អត្រា​នៃ​ការចូល​ស្នាក់នៅ​សំរាប់​អគារនីមួយៗ នៅមាន​គំ​រិត​ដោយ​បរិបទ នៃ​ការរស់នៅ​នៃ​អគារ​សហកម្ម​សិទ្ធ គឺមាន​សភាព​ថ្មី​នៅឡើយ ដោយ​ទាមទា​ពេលវេលា​សមស្រប​មួយ សំរាប់​ឲ្យ​វិស័យនេះ​ដំណើរការ​ទៅមុខ​កាន់តែខ្លាំង។

ដើម្បី​ឲ្យ​ខុន​ដូ​មានការ​ពេញនិយម ក្នុងការ​វិនិយោគ​និង​ការ​ស្នាក់នៅ ម្ចាស់​គំរោង​មួយចំនួន បាន​បញ្ចុះតម្លៃ និង​ផ្តល់ជូន​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​បត់បែន ដើម្បី​ស្រូប​ទាញ​អតិថិជន​ថ្មី​មក​វិនិយោគ​ក្នុង​វិស័យនេះ។

តាម​ការស្រាវជ្រាវ​រប​ស់​អ្នកជំនាញ​បានបង្ហាញ​ថា រាជធានី​ភ្នំពេញ​នឹងមាន​កំណើនប្រជាជនរ​ហូត​ដល់៥លាន​នាក់​នា​ឆ្នាំ២០៣០ កត្តា​ខាងលើនេះ នឹង​ជួយ​បង្កើន​តម្រូវការ​លំនៅដ្ឋាន​ដែល​ក្នុងនោះ​គឺមាន​ខុន​ដូ​ផងដែរ។

ទី៣ វិស័យ​លំនៅដ្ឋាន ឬ​បុរី​នៅ​កម្ពុជា កាន់​តែមាន​សភាព​ស្វិត​ស្វា​ញ ដោយ​ការប្រកួតប្រជែង ត​ណ្តើ​ម​ចំណែក​ទីផ្សារ រវាង​ម្ចាស់​គំរោង​កាន់ តែមាន​សភាព​ក្តៅគគុក​ទៅតាម​តំបន់នីមួយ។

ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានផ្តល់​អំ​ណោ​ច​ផល​ដល់​ម្ចាស់​គំរោង ទៅ​អភិវឌ្ឍ​នៅ​តំបន់​យុទ្ធសាស្ត្រ​មួយចំនួន ដែលមាន​ការអភិវឌ្ឍ​លឿន ជា​កន្លែង​ដែលមាន​លំហូ​ប្រជាជន​រស់នៅ​ច្រើន។ កត្តា​ខាងលើ បាន​បង្កើន​តម្រូវការ​ផ្ទះ​ជាប់​ដី​ដើម្បី​ការ​ស្នាក់នៅ​និង​ធ្វើ​អាជីវកម្ម៕

អ្នកវិនិយោគ​នៅតែ​បន្ត​ស្វែងរក​អចលនទ្រព្យ​នៅ​ខេត្តកំពត-កែប ទោះ​វិបត្តិកើតឡើង​យ៉ាងណាក្ដី

ដោយៈ សហការី

កំពត/កែបៈ ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល ក្នុង​សហគមន៍​នៃ​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​យ៉ាងណាក៏ដោយ ក៏មាន​អ្នក​ស្វែង​នៅតែ​បន្ត​រក​ទិញ​ដី​នៅក្នុង​ខេត្តកំពត និង​កែប​យ៉ាងសកម្ម​នៅឡើយ។

លោក​លឹម រដ្ឋា​ ភ្នាក់ងារ​អចលនទ្រព្យ​មួយរូប​ប្រចាំ​ខេត្តកំពត និង​កែប​បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ថា ទោះបី​ជាមាន​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ក្ដី តែ​ភ្ញៀវ​ដែល​ស្វែងរក​ដីធ្លី នៅក្នុង​ខេត្តកំពត​នៅតែមាន ហើយ​រូបលោក​ក៏​នៅតែ​បន្ត​ជូន​ភ្ញៀវ​ដើរ​មើល​ដីធ្លី បើសិនជា​ត្រូវ​គ្នា​ទៅលើ​ទីតាំង និង​តម្លៃ​គឺ​នឹងមាន​ការទិញ​លក់ភ្លាមៗ ហើយ​សកម្ម​នេះ នៅតែ​បន្ត​មាន​ជា​រៀងរាល់ថ្ងៃ។

លោក​បន្តថា “នេះ​គឺជា​ឱកាស​សម្រាប់​អ្នក​ដែល​ចេះ​ឆក់​ឱកាស ក្នុង​ការទិញ​ដី​នៅពេល​មាន​វិបត្តិ ព្រោះ​អ្នក​ដែល​ជួបប្រទះ នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ច្បាស់​ជា​ត្រូវ​ការប្រាក់ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ ដូច្នេះ​តម្លៃល្មមៗក្រោម​ទីផ្សារ​ពួកគាត់​នឹង​លក់” ។

លោក​រដ្ឋា​បាន​បន្ថែមថា អ្នកស្វែងរក​ទិញ​ដី​នៅពេលនេះ ពួកគាត់​ទិញ​ដី​ប្រភេទ​ដីចំការ ដី​ទំនេរ ឬ​ដី​ដែលមាន​សក្ដានុពល​វិនិយោគ នៅពេល​អនាគត ដូចជា​នៅតាម​មាត់​ព្រែក ជាប់​ផ្លូវ​សំខាន់ ផ្លូវជាតិ​ជាដើម។

ចំណែក​លោក​កែវ សុជាតិ​ភ្នាក់ងារ​អចលនទ្រព្យ និង​ជា​អ្នកវិនិយោគ​មួយរូប​នៅ​ខេត្តកំពត​ក៏បាន​ឱ្យដឹងថា ទោះបី​ជាមាន​ការឆ្លង​ជា​សហគមន៍​នៃ​កូ​វីដ១៩ ក្នុង​ពេលនេះ​ក្តី តែ​ជំងឺ​នេះ មិនទាន់​រាលដាល​មកដល់​ខេត្តកំពត​នៅឡើយ​ទេ ដូច្នេះ​វិនិយោគិន​ដែល​បានចាប់ផ្ដើម​សាងសង់ គម្រោង​របស់ខ្លួន​ក្នុង​ឆ្នាំ២០២១នេះ នៅតែ​បន្ត​ដំណើរការ ដោយ​មិនទាន់មាន​គម្រោង​ណាមួយ ត្រូវ​ផ្អាក​ដោយសារតែ​ការឆ្លង​រាលដាល ជា​សហគមន៍​នៅឡើយ​ទេ។

លោក​បណ្ឌិត​គីម ហ៊ាង​ប្រធាន KW Cambodia កន្លងមក​បានបញ្ជាក់​ថា ក្នុង​ជំនួញ​អចលនទ្រព្យ​ដីធ្លី ចង់​ជោគជ័យ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទ្រឹស្តី​មួយ ទិញ​នៅពេល​គេ​ចង់​លក់ ហើយ​លក់​នៅពេល​គេ​ត្រូវ​ការទិញ។

លោ​កន​បញ្ជាក់ថា “ទិញ​នៅពេល​គេ​ចង់​លក់ គឺ​យើង​នឹង​អាច​ទិញ​បាន​តម្លៃ​ទាប និង​ទីតាំង​ល្អ ដែល​ចង់បាន ហើយ​បើសិនជា​ចង់​លក់​វិញ គឺ​យើង​លក់​ទៅ​អ្នក​ដែល​ចង់​ទិញ​ពិតប្រាកដ” ៕

វិភាគៈតើអាស៊ានត្រូវរៀបចំផែនការជាក់លាក់ដូចម្តេចដើម្បីបត់ឱ្យទាន់គោនយោបាយការបរទេសរបស់លោកចូ បៃឌិន?

ដោយៈសុខុម

អាស៊ាន: តើមេដឹកនាំអាស៊ានបានគិតគូរួចហើយឬនៅ ក្នុងរបត់នយោបាយថ្មីរបស់ខ្លួន ជាមួយរដ្ឋបាលថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន ដែលបាននិងកំពុងត្រូវបានគេមើលឃើញថា នៅតែដាក់ចេញគោលនយោបាយ ប្រឈមមុខផ្ទាល់ជាមួ​យមហាយក្សចិន ខណៈប្រទេសចិនបានទទួលសមានចិត្ត ពីមេដឹកនាំអាស៊ាន​កាន់តែច្រើនឡើង។

សារព័ត៌មាន Straits Times ដែលចុះផ្សាយកាលពីថ្ងៃ២៥ កុម្ភៈ បាននាំយកបទវិភាគដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយបានលើកឡើងថា តំបន់អាស៊ាន ចាំបាច់ត្រូវរៀបចំផែនការជាក់លាក់ ដើម្បីបត់ឱ្យទាន់គោលនយោបាយការបរទេស ក្រោមរដ្ឋការថ្មីរបស់សហរដ្ឋអាមេរិក។

ការរៀបចំផែនការជាក់លាក់នេះ គឺទាក់ទិនជាពិសេស ទៅនឹងតំបន់មជ្ឈិមបូព៌ា ជាមួយរុស្ស៊ី ស៊ីរី និងតួកគី ជាមួយអ៊ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយចំណាត់ការរបស់អារ៉ាប់ ដើម្បីធ្វើឱ្យទំនាក់ទំនងជាមួយអ៊ីស្រាអែល មានស្ថិរភាព ហើយចុងក្រោ​យគឺការរួបរួមគ្នាជាមួយសហភាពអឺរ៉ុប ក្នុងវិស័យនានាដើម្បីផលប្រយោជន៍រួមគ្នានាពេលអនាគត។

បើផ្អែកតាមអ្វីដែលប្រធានាធិបតីចូ បៃឌិន បានបញ្ជាក់ថា រដ្ឋបាលរបស់ចូ បៃដិន បានផ្ដោតជាសំខាន់ ក្នុងគោលនយោបាយការបរទេសរបស់លោក ហាក់ផ្ទុយគ្នាស្រឡះពីគោលនយោបាយការបរទេសរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។

អាស៊ាន ចាំបាច់ត្រូវបន្តភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងរូបភាពបើកចំហ គួរឱ្យជឿទុកចិត្ត និងអាចពឹងពាក់បានទាំងនៅក្នុងតំបន់ និងពិភពលោក។ សម្រាប់ចំណុចនេះ ចំណាត់ការរបស់សហរដ្ឋអាមេរិក នាពេលអនាគតប្រាកដជាមិនមើលរំលងឡើយចំពោះអ្វី ដែលអាស៊ាន និងមហាយក្សចិន បានប្រឹងប្រែងសហការគ្នា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញប្បទាន និងការធ្វើឌីជីថលនីយកម្មជាដើម។

បញ្ហានានាទាក់ទិនសមុទ្រចិនខាងត្បូង បញ្ហាជនជាតិដើមភាគតិចវីហ្គួ នៅតំបន់ស្វយ័តស៊ីនជាំង (Xinjiang) នៃប្រទេសចិន និងបញ្ហាប្រទេសមីយ៉ាន់ម៉ា ជាដើមនឹងក្លាយជាតេស្តសាកល្បង សម្រាប់ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ប្រទេសម៉ាឡេស៊ីនៅពេលនេះ មានឱកាសទទួលបានផលចំណេញច្រើន ពីការប្រជែងឥទ្ធិពលគ្នា នៅក្នុងតំបន់រវាងសហរដ្ឋអាមេរិក និងមហាយក្សចិន។ ប្រទេសម៉ាឡេស៊ី នឹងទទួលបានអត្ថប្រយោជន៍ធំចំនូន២ ដូចជា ទី១ ផលប្រយោជន៍ទទួលបានពីសហរដ្ឋអាមេរិក តាមរយៈក្រុមហ៊ុនបច្ចេកវិទ្យា Intel ក្រុមហ៊ុន Google និងក្រុមហ៊ុន Amazon មកវិនិយោគក្នុងប្រទេសនេះ ហើយទី២ គឺបច្ចេកវិទ្យា 5G របស់មហាយក្សចិន។

ប្រទេសម៉ាឡេស៊ី អាចនឹងមានតួនាទីឈានមុខគេ ក្នុងតំបន់អាស៊ាន នៅក្នុងកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយ បញ្ចប់វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ព្រោះប្រទេសនេះបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអូសទាញប្រទេសមីយ៉ាន់ម៉ា ឱ្យចូលជាសមាជិកអាស៊ាន។

សម្រាប់ប្រទេសម៉ាឡេស៊ី យើងបានចាប់ផ្ដើមត្រៀមលក្ខណៈ ផ្នែកការទូតរួចហើយ ដើម្បីសហការជាមួយប្រទេសផ្សេងៗ ក្នុងបេសកកម្មទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ក្នុងពេលជាមួយគ្នានេះ យើងសង្ឃឹមថា យើងអាចនឹងជួបបញ្ហាប្រឈម នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ (ឧស្សាហកម្ម ៤.០) និងការប្រកួតប្រជែងគ្នាដណ្ដើមដែនអ៊ីនធឺណិត (cyberspace) និងផលប៉ះពាល់របស់វា ដែលមានមកលើគោលនយោបាយការបរទេសរបស់ប្រទេសនេះ។

ទន្ទឹមនេះ ប្រទេសម៉ាឡេស៊ី ក៏គួរតែដោះស្រាយបញ្ហាចូលរួមរបស់យុវជន ក្នុងគោល​នយោបាយការបរទេស និងការទូតផងដែរ។

ទន្ទឹមនេះ ទំនាក់ទំនងរបស់យើងជាមួយមហាយក្សចិន អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ក៏មានមានសារៈខាន់ស្មើគ្នាផងដែរ សម្រាប់ស្ថិរភាពនយោបាយ និងសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី៕

ប្រធានសមាគមអចលនទ្រព្យចំនួនពីរៈបញ្ហាកូវីដមិនទាន់មានផលប៉ះពាល់ការទិញលក់ ហើយអ្នកមានធនធានកំពុងបន្តវិនិយោគ

ដោយ:គង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក​ សុខនីមបានមានប្រសាសន៍ថា ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នាពេលនេះ អ្នកមានធនធានច្រើននៅតែបន្តវិនិយោគអចលនទ្រព្យ ពិសេសដីធ្លី។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៦ កុម្ភៈនេះថា ការវិនិយោគនៅក្នុងស្ថានភាពនេះ អ្នកវិនិយោគទទួលបានលក្ខខ័ណ្ឌល្អ និងតម្លៃល្អ ដោយសា​រអចលនទ្រព្យ ពិសេសតម្លៃដីធ្លីនៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តមិនបានឡើងថ្លៃនោះទេ គឺស្ថិតក្នុងសភាពទ្រឹង ប៉ុន្តែទីតាំងខ្លះតម្លៃបានធ្លាក់ចុះ ដែលជាឳកាសល្អសម្រាប់អ្នកវិនិយោគមានធនធានច្រើន។

លោកបន្តថា “វិបត្តិកូវីដ១៩ មិនប៉ះខ្លាំងពេកដល់វិស័យនេះទេ ព្រោះស្ថានភាពថ្ងៃនេះហាក់ធូរស្រាលបន្តិច ព្រោះខ្ញុំជឿថាបន្តិចទៀត រដ្ឋាភិបាលនឹងគ្រប់គ្រងជំងឺនេះបាន ព្រោះយើងមានបទពិសោធន៍គ្រប់គ្រងបានល្អនាពេលកន្លងមក”។លោកបន្តថា “ស្ថានភាពបែបនេះអ្នកវិនិយោគពីក្រៅប្រទេស មិនទាន់ហ៊ានចូលមកទេ ដោយសារពួកគេបារម្ភពីសុខភាពរបស់ណពួកគេ ហេតុនេះមានតែអ្នកវិនិយោគក្នុងស្រុកទេ ដែលបានធ្វើសកម្មភាព”។

លោកច្រឹក សុខនីមបានបន្តថា ក្នុងពេលវេលាបែបនេះ អ្នកមានធនធានបានទិញដីទុក សម្រាប់សាងសង់គំរោងអចលនទ្រព្យ ពិសេសលំនៅដ្ឋានថ្មីៗ នៅពេលស្ថានភាពសេដ្ឋកិច្ចវិលមករកភាពប្រក្រតីវិញ។លោកបន្តថា ស្ថានភាពធូរស្រាលពេលណា វាអាស្រ័​យលើប្រសិទ្ឋភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ ថាតើវាមានភាពជាក់លាក់ និងជឿទុកចិត្តបានកម្រិតណា។

ជាមួយគ្នានេះ ឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា គិតរហូតមកទល់ពេលនេះ ស្ថានភាពនៃការទិញលក់ក្នុងវិស័យអចលនទ្រព្យ មិនទាន់មានឃើញសញ្ញាប៉ះពាល់នៅឡើយ ដោយសារព្រឹត្តិការណ៍២០កុម្ភៈ ទើបមានរយៈពេល៦ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបើវាអូសបន្លាយរយៈពេលវែងថែមទៀត វាអាចនឹងមានផលប៉ះពាល់ខ្លះៗមិនខាន។

លោកបន្តថា នៅក្នុងពេលមានការរីករាលដាលជំងឺនេះខ្លាំង យើងឃើញប្រមុខ​រដ្ឋាភិបាលបានខិតខំខ្លាំងណាស់ ហេតុនេះក្នុងនាមជាប្រជាពលរដ្ឋ ខ្ញុំសូមគាំទ្រទាំងស្រុងនូវការខិតខំរបស់រដ្ឋាភិបាល និងគោរពតាមការណែនាំ និងវិធានការណ៍នានាដែលបានដាក់ចេញដោយសម្តេចតេជោ”៕

អ្នកឧកញ៉ាលី ហួរៈគំរោងអភិវឌ្ឍន៍លំនៅដ្ឋានមិនបានផ្អាកដោយសារបញ្ហាកូវីដនោះទេ

ដោយ:គង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា បច្ចុប្បន្ននេះសមាជិកសមាគម ដែលសុទ្ធតែជាអ្នកវិនិយោគលើវិស័យលំនៅដ្ឋាន មិនបានផ្អាកគំរោងវិនិយោគរបស់ពួកគេនោះទេ។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៦ កុម្ភៈនេះថា ដោយសារគំរោងអភិវឌ្ឍន៍និមួយៗ មិនបញ្ចប់រយៈពេលពីរឬបីខែ ហេតុនេះគំរោងអភិវឌ្ឍ​ន៍លំនៅដ្ឋាននានា មិនបានផ្គាកការសាងសង់នោះទេ បើទោះជាមានវិបត្តិជំងឺកូវីដ១៩លើកទី៣នេះក្តី ប៉ុន្តែសម្រាប់គំរោងអភិវឌ្ឍន៍ថ្មីៗ អ្នកវិនិយោគក្នុងស្រុករបស់យើងកំពុងរង់ចាំមើលស្ថានភាពជាក់ស្តែង។

លោកបន្តថា “យើងពិតជាមានការបារម្ភពីជំងឺនេះ ប៉ុន្តែបើគិតពីស្ថានភាពជាមួយប្រទេសជិតខាង កម្ពុជាយើងមានភាពល្អប្រសើរជាង ហើយរដ្ឋាភិបាលកំពុងខិតខំលើការងារទប់ស្កាត់ជំងឺនេះ”។ លោកបន្តថា “ការវិនិយោគច្រើនឬតិច វាអាស្រ័យលើជំងឺកូវីដ​១៩ ប៉ុន្តែបើស្ថានភាពប្រែជាល្អប្រសើរវិញ គេនឹងចាប់ផ្តើមវិនិយោគឡើងវិញហើយ”។

អ្នកឧកញ៉ាលី ហួរបានបន្តថា នៅពេលយើងចាប់ផ្តើមចាក់វ៉ាក់សាំង ជំងឺនេះបានរីករាលដាល និងផ្ទុះក្នុងសហគមន៍ ស្ថានភាពរីករាលដាលនេះ មិនដឹងចប់នាពេលណា តែ​លោកជឿលើសម្តេចតេជោ ដែលបាននិងកំពុងខិតខំ ដើម្បីបញ្ចប់ការរីករាលដាលក្នុងសហគមន៍។

គិតរហូតមកទល់ថ្ងៃម្សិលម៉ិញនេះ រាជធានី ខេត្តចំនួន៥នៅកម្ពុជាបានរកឃើញថា ជំងឺកូវីដបានឆ្លងចូលក្នុងសហគមន៍ ដោយថ្ងៃនេះអ្នកជំងឺចំនួន៤៤ករណីត្រូវបារកឃើញ ធៀបនឹងថ្ងៃម្សិលម៉ិញ គឺមានចំនួនថយចុះ ដែលកាលពីថ្ងៃទី២៥ កុម្ភៈកន្លងមកចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ត្រូវបានរកឃើញចំនួន៦៥ករណី៕

បង្កើតឱកាសក្នុងពេលវិបត្តិដូចម្តេច សម្រាប់ការវិនិយោគអចលនទ្រព្យ?

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ទីផ្សារអចលនទ្រព្យនៅពេលបច្ចុប្បន្នត្រូវបានអ្នកជំនាញទទួលស្គាល់ថា ពិតជាទទួលរងនូវផលប៉ះពាល់ពីវិបត្តិនៃជំងឺឆ្លង ហើយបានជះឥទ្ធិពលអាក្រក់បន្តទៅដល់បណ្តាភ្នាក់ងារដែលរកចំណូលពីទីផ្សារមួយនេះ។

យ៉ាងណាក៏ដោយ អ្នកជំនាញដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំ បានរំលឹកថាក្នុងដំណាក់កាលនេះ ភ្នាក់ងារគួរតែយកពេលដែលទីផ្សារកំពុងស្ងប់ស្ងាត់នេះ បង្កើនចំណេះដឹងបន្ថែមទៀត។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ឧកញ៉ាឃាង ពុទ្ធី បានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា នៅក្នុងដំណាក់កាលនេះ មិនថាចំពោះទីផ្សារអចលនទ្រព្យនោះទេ ដែលរងនូវផលប៉ះពាល់ ទីផ្សារនៃវិស័យផ្សេងទៀតក៏ប៉ះពាល់ដូចគ្នា ទាស់ត្រង់ថាតិចឬច្រើនតែប៉ុណ្ណោះ។

លោកបន្តថា“សម្រាប់ទីផ្សារអចលនទ្រព្យ បានប៉ះពាល់តាំងពីដើមឆ្នាំ២០២០ ប៉ុន្តែវាកាន់តែធ្ងន់ធ្ងរ ប៉ុន្តែក្រោយពេលមានការរាតត្បាត នៅក្នុងសហគមន៍ដែលកាន់តែធ្វើឱ្យទីផ្សាររួមមានភាពស្ងប់ស្ងាត់”។ លោកបន្តថា “ភាពស្ងប់ស្ងាត់នេះ វាប៉ះពាល់ទាំងអ្នកវិនិយោគ ទាំងអស់អ្នកអភិវឌ្ឍន៍ ជាពិសេសធ្វើឱ្យបណ្តាភ្នាក់ងារភាគច្រើន ប៉ះពាល់ចំណូលដែលបានមកពីកម្រៃជើងសារ”។

លោកឧកញ៉ាឃាង ពុទ្ធី បានមានប្រសាសន៍បន្តទៀតថា ពួកគាត់ភាគច្រើនពិតជាប៉ះពាល់ចំណូលប្រាកដមែន ព្រោះចំណូលរបស់ពួកគាត់បានមកពីការលក់ និងការទទួលបានកម្រៃជើងសារ លុះនៅពេលទីផ្សារធ្លាក់ចុះ មានភាពស្ងប់ស្ងាត់ដូចបច្ចុប្បន្ននេះ ចំណូលពួកគាត់ក៏ត្រូវធ្លាក់ដែរ។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ពួកគាត់ ដែលជាភ្នាក់ងារត្រូវធ្វើនៅពេលនេះ ត្រូវតែចេះយកពេលស្ងប់ស្ងាត់ទាំងនេះ ធ្វើឱ្យមានប្រយោជន៍ដោយការបង្កើនចំណេះដឹងបន្ថែម តាមរយៈការហាត់រៀនពីជំនាញនៃការលក់។ រៀនពីរបៀបនៃការផ្សព្វ​ផ្សាយតាមបច្ចេកវិទ្យា រៀនភាសាបន្ថែមសម្រាប់ត្រៀមអនុវត្តន៍ លើទីផ្សារក្រោយពេលស្ថានការណ៍វិលត្រឡប់រកភាពល្អប្រសើរវិញ។

លោកបន្តថា “យើងកុំប្រើយុទ្ធសាស្ត្រកាប់បំពុងរង់ចាំទឹកភ្លៀង ប៉ុន្តែត្រូវកែប្រែកាលៈទេសៈប្រឈមនៅពេលនេះ ឱ្យក្លាយជាវេលាល្អសម្រាប់បង្កើនចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតទៅលើអាជីពរបស់ខ្លួន”។

ជាមួយគ្នានេះ លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានមានប្រសាសន៍ថា ទោះជាមិនស្ថិតនៅក្នុងកាលទេសៈបែបនេះក៏ដោយ ក្នុងនាមជាភ្នាក់ងារអាជីពដែលអាចមានទីផ្សារច្រើន និងអាចទទួលបានភាគរយជោគជ័យខ្ពស់ គឺជាភ្នាក់ងារដែលមានចំណេះដឹងទូលំទូលាយ មានកាស្វែងយល់ច្រើនពីទីផ្សាររួម ជាពិសេសមានជំនាញផ្នែកទំនាក់ទំនងខ្ពស់”។

លោកថា “ការរៀនសូត្រ បង្កើនចំណេះដឹងគឺមិនមានដែនកំណត់នោះទេ ដូច្នេះគួរកុំទុកពេលទំនេរឱ្យកន្លងផុតទៅឱ្យសោះ តែត្រូវយកឱកាសនេះចាប់ជំនាញថ្មី បន្ថែមទៀ​ត ចេះច្រើនពេលណា មានឱកាសចាប់បានចំណែកទីផ្សារបានច្រើនដូចគ្នា”៕