បង្កើតឱកាសក្នុងពេលវិបត្តិដូចម្តេច សម្រាប់ការវិនិយោគអចលនទ្រព្យ?

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ទីផ្សារអចលនទ្រព្យនៅពេលបច្ចុប្បន្នត្រូវបានអ្នកជំនាញទទួលស្គាល់ថា ពិតជាទទួលរងនូវផលប៉ះពាល់ពីវិបត្តិនៃជំងឺឆ្លង ហើយបានជះឥទ្ធិពលអាក្រក់បន្តទៅដល់បណ្តាភ្នាក់ងារដែលរកចំណូលពីទីផ្សារមួយនេះ។

យ៉ាងណាក៏ដោយ អ្នកជំនាញដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំ បានរំលឹកថាក្នុងដំណាក់កាលនេះ ភ្នាក់ងារគួរតែយកពេលដែលទីផ្សារកំពុងស្ងប់ស្ងាត់នេះ បង្កើនចំណេះដឹងបន្ថែមទៀត។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ឧកញ៉ាឃាង ពុទ្ធី បានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា នៅក្នុងដំណាក់កាលនេះ មិនថាចំពោះទីផ្សារអចលនទ្រព្យនោះទេ ដែលរងនូវផលប៉ះពាល់ ទីផ្សារនៃវិស័យផ្សេងទៀតក៏ប៉ះពាល់ដូចគ្នា ទាស់ត្រង់ថាតិចឬច្រើនតែប៉ុណ្ណោះ។

លោកបន្តថា“សម្រាប់ទីផ្សារអចលនទ្រព្យ បានប៉ះពាល់តាំងពីដើមឆ្នាំ២០២០ ប៉ុន្តែវាកាន់តែធ្ងន់ធ្ងរ ប៉ុន្តែក្រោយពេលមានការរាតត្បាត នៅក្នុងសហគមន៍ដែលកាន់តែធ្វើឱ្យទីផ្សាររួមមានភាពស្ងប់ស្ងាត់”។ លោកបន្តថា “ភាពស្ងប់ស្ងាត់នេះ វាប៉ះពាល់ទាំងអ្នកវិនិយោគ ទាំងអស់អ្នកអភិវឌ្ឍន៍ ជាពិសេសធ្វើឱ្យបណ្តាភ្នាក់ងារភាគច្រើន ប៉ះពាល់ចំណូលដែលបានមកពីកម្រៃជើងសារ”។

លោកឧកញ៉ាឃាង ពុទ្ធី បានមានប្រសាសន៍បន្តទៀតថា ពួកគាត់ភាគច្រើនពិតជាប៉ះពាល់ចំណូលប្រាកដមែន ព្រោះចំណូលរបស់ពួកគាត់បានមកពីការលក់ និងការទទួលបានកម្រៃជើងសារ លុះនៅពេលទីផ្សារធ្លាក់ចុះ មានភាពស្ងប់ស្ងាត់ដូចបច្ចុប្បន្ននេះ ចំណូលពួកគាត់ក៏ត្រូវធ្លាក់ដែរ។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ពួកគាត់ ដែលជាភ្នាក់ងារត្រូវធ្វើនៅពេលនេះ ត្រូវតែចេះយកពេលស្ងប់ស្ងាត់ទាំងនេះ ធ្វើឱ្យមានប្រយោជន៍ដោយការបង្កើនចំណេះដឹងបន្ថែម តាមរយៈការហាត់រៀនពីជំនាញនៃការលក់។ រៀនពីរបៀបនៃការផ្សព្វ​ផ្សាយតាមបច្ចេកវិទ្យា រៀនភាសាបន្ថែមសម្រាប់ត្រៀមអនុវត្តន៍ លើទីផ្សារក្រោយពេលស្ថានការណ៍វិលត្រឡប់រកភាពល្អប្រសើរវិញ។

លោកបន្តថា “យើងកុំប្រើយុទ្ធសាស្ត្រកាប់បំពុងរង់ចាំទឹកភ្លៀង ប៉ុន្តែត្រូវកែប្រែកាលៈទេសៈប្រឈមនៅពេលនេះ ឱ្យក្លាយជាវេលាល្អសម្រាប់បង្កើនចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតទៅលើអាជីពរបស់ខ្លួន”។

ជាមួយគ្នានេះ លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានមានប្រសាសន៍ថា ទោះជាមិនស្ថិតនៅក្នុងកាលទេសៈបែបនេះក៏ដោយ ក្នុងនាមជាភ្នាក់ងារអាជីពដែលអាចមានទីផ្សារច្រើន និងអាចទទួលបានភាគរយជោគជ័យខ្ពស់ គឺជាភ្នាក់ងារដែលមានចំណេះដឹងទូលំទូលាយ មានកាស្វែងយល់ច្រើនពីទីផ្សាររួម ជាពិសេសមានជំនាញផ្នែកទំនាក់ទំនងខ្ពស់”។

លោកថា “ការរៀនសូត្រ បង្កើនចំណេះដឹងគឺមិនមានដែនកំណត់នោះទេ ដូច្នេះគួរកុំទុកពេលទំនេរឱ្យកន្លងផុតទៅឱ្យសោះ តែត្រូវយកឱកាសនេះចាប់ជំនាញថ្មី បន្ថែមទៀ​ត ចេះច្រើនពេលណា មានឱកាសចាប់បានចំណែកទីផ្សារបានច្រើនដូចគ្នា”៕

តើមន្រ្តីUN និងរដ្ឋបាលខេត្តព្រះសីហនុបានផ្តោតលើបញ្ហាអ្វីខ្លះដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងស្អាត

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ និងអភិបាលខេត្តលោកគួច ចំរើនធ្លាប់បានពិភាក្សាគ្នា ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងស្អាត និងមានការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព។

កាលពីដើមសប្តាហ៍នេះ ក្រុមមន្ត្រី​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ ​ជាមួយ​មន្ត្រី​ខេត្ត​ព្រះសីហនុ ដើម្បី​ពិភាក្សា​លើ​ដំណើរការ​គម្រោង «​ក្រុង​ព្រះសីហនុ​សម្រាប់​ទាំងអស់​គ្នា​៖ លើកកម្ពស់​ទីក្រុង​ស្អាត និរន្តរភាព និង​បរិយាប័ន្ន​» ដែលជា​គម្រោង​អនុវត្ត​ដោយ​ការិយាល័យ ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស និង​អង្គការសហប្រជាជាតិ​ផ្នែក​ទីជម្រក (UN-Habitat)​។

លោកស្រីPauline Tamesis អ្នកសម្របសម្រួល​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការសហប្រជាជាតិ​បាន​ថ្លែងថា គម្រោង​នេះ កើតចេញ​ពី​កិច្ចប្រជុំ​មួយ​រវាង​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​នៅ​​កម្ពុជា​ជាមួយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៩​។ នៅក្នុង​ជំនួប​នៅពេលនោះ ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន រួមមាន ទាំង​នគរូបនីយកម្ម កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិយាប័ន្ន​។

លោកស្រី​បាន​ថ្លែងថា​ “​ដោយសារ​តែ​មាន​ការអភិវឌ្ឍ​យ៉ាង​លឿន ​នៅ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ការយកចិត្ត​ទុកដាក់​គួរតែ​ផ្ដោតទៅលើ​ថា តើ​ទីក្រុងនិង​ខេត្ត​នេះ អភិវឌ្ឍ​ឲ្យ​ទៅជា​ខេត្ត​ដែល​មាន​ភាពវៃឆ្លាត ប្រកប​ដោយ​បរិយាប័ន្ន និង​ប្រកប​ដោយ​ចីរភាព​ដោយ​របៀប​ណា”។

គម្រោង​នេះសហការនេះ ​បាន​ចាប់ផ្ដើម​ពី​ខែសីហា ឆ្នាំ ២០២០ និង​បញ្ចប់​នៅ​ខែកក្កដា​ឆ្នាំ ២០២១​។ វា​ឈរ​នៅលើ​របៀបវារៈ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​ ២០៣០ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

លោកស្រី​ថ្លែងឲ្យដឹងទៀតថា “ការផ្សារភ្ជាប់​គម្រោង​ទីក្រុង​វៃឆ្លាត ​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព មិនទាន់​គ្រប់គ្រាន់​ទេ”​។ លោកស្រីបន្ថែមថា “តាមពិតទៅ គ្មាន​ទីក្រុង​ណា ដែល​ត្រូវបាន​ចាត់ទុកថា មាន​ភាពវៃឆ្លាត​ទេ ប្រសិន​បើ​ទីក្រុង​នោះ​បំភ្លេចចោល​នូវ​ផលប្រយោជន៍​របស់​ជន​ក្រីក្រ អ្នក​ដែល​គេ​គិតថា មិនសំខាន់ ក្រុម និង​សហគមន៍​ដែល​ងាយ​រងគ្រោះ”។

លោកស្រី​បន្តថា គោល​គំនិត​បង្កើត​ទីក្រុង​វៃឆ្លាត​នេះ​ គួរតែ​ទទួល​នូវ​ធាតុ​ចូល​ពី​ក្រុម​អ្នកជំនាញ អង្គការ​សង្គម​ស៊ីវិល ក្រុម​ចលនា​សង្គម និង​តំណាង​ពលរដ្ឋ ដើម្បី​ធានា​បាន​ថា គម្រោង​ទីក្រុង​វៃឆ្លាត​នេះ គ្រប់​ជ្រុងជ្រោយ និង​មានតម្លៃ​សកល​។

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំ ខេត្តសៀមរាប បាត់ដំបង និង​ទីក្រុង​ភ្នំពេញ​ ​ដើម្បី​ដាក់បញ្ចូល​ក្នុង​បណ្ដាញ​ទីក្រុង​វៃឆ្លាត​អាស៊ាន ប៉ុន្តែ​ខេត្ត​ព្រះសីហនុ មិនត្រូវ​បានដាក់​បញ្ចូល​ទេ​។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ​លោក ឃាង ភារម្យបានមានប្រសាសន៍ថា ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ឲ្យ​ទៅជា​ទីក្រុង​វៃឆ្លាត មាន​សារៈសំខាន់​ហើយ​ស្រប​ទៅ​នឹង​ទស្សន​វិស័យ​របស់​រាជរដ្ឋាភិបាល”។លោក​បន្តថា “រដ្ឋបាលខេត្ត​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ធ្វើ​កិច្ចការ​នេះ ដោយមាន​សមាជិក​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ក្រុមការងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត”​។

លោកបន្តថា ក្រុមការងារ​នេះ ​មាន​ភារកិច្ច​បង្កើត​ផែនការ​សកម្មភាព និង​ផែនការ​ហិរញ្ញវត្ថុ បង្កើត​យុទ្ធសាស្ត្រ និង​ការងារ​អាទិភាព​សម្រាប់​រយៈពេល​ខ្លី មធ្យម និង​វែង ក្នុង​ចំណោម​កិច្ចការ​ជាច្រើន​ទៀត​។ក្រុមការងារ​ក៏មាន​ភារកិច្ច​រៀបចំ​ឯកសារ​ ដើម្បី​ដាក់​ស្នើ​បញ្ចូល​ទីក្រុង​ព្រះសីហនុ​ ទៅក្នុង​បណ្ដាញ​ទីក្រុង​វៃឆ្លាត​របស់​អាស៊ាន​ផងដែរ​៕

 

រដ្ឋាភិបាលកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្តសៀមរាប ដោយកាត់បន្ថយការពឹងផ្អែកវិស័យវិស័យទេសចរណ៍?

ដោយ:ស៊ីវ ម៉េង

សៀមរាបៈ រដ្ឋាភិបាលបាន និងកំពុងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ខេត្តសៀមរាប ដើម្បីកាត់បន្ថយការពឹងផ្អែកលើវិស័យទេសចរណ៍ ដែលបានរងគ្រោះដោយជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ។

វិបត្តិជំងឺកូវីដ១៩ បានផ្តល់នូវមេរៀនមួយ ដែលបានធ្វើឲ្យរដ្ឋាភិបាល និងវិស័យឯកជនចាំបាច់ត្រូវគិតគូរឡើងវិញ ពីការធ្វើឲ្យសេដ្ឋកិច្ចរបស់ខេត្តនេះបន្តរសរវើក ជាជាងពឹងផ្អែកតែវិស័យទេសចរណ៍ ដែលមានភាពផុយស្រួយដោយសារវិ​បត្តិនានា។

បច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុងកសាងផ្លូវចំនួន៣៨ខ្សែ កែលំអស្ទឹងសៀមរាប ដើម្បីលើកកំពស់សោភ័ណភាពខេត្តនេះ ដែលបបញ្ហានេះត្រូវបានគេបំភ្លេចរាប់ឆ្នាំមកហើយ។

ជាមួយនឹងផែនការដាក់ចេញរបស់រដ្ឋាភិបាល ក្រុមហ៊ុនវិនិយោគក្នុងស្រុកលំដាប់ជាតិ និងអន្តរជាតិជាច្រើនបាននិងកំពុងសម្លឹងឃើញសក្តានុពលនៅក្នុងខេត្តនេះ ដូចជា​បុរីឡេងណាវ៉ាត្រា បុរីបាគង បុរីទេសចរណ៍ គំរោងAngkor Landmark និងការវិនិយោគ​របស់ក្រុមហ៊ុនអន្តរជាតិជា​ច្រើនទៀត ដូចជា ក្រុមហ៊ុនយូណានរបស់ចិនបាន និងកំពុងសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិ នៅក្នុងស្រុកសូទ្រនិគម ក្រុមហ៊ុនវិនិយោគកោះសង្សារ កំពុងរៀបចំផែនការអភិវឌ្ឍន៍នៅស្រុកបន្ទាយស្រី ក្រុមហ៊ុនNaga Corp កំពុងរៀបចំបោះទុនវិនិយោគ៣៥០លានដុល្លារ សាងសង់ផ្សារបណ្តែតទឹក សាងសង់រមណីយដ្ឋាន សាងសង់ទីក្រុងចិន (China Town)ជាដើម ក្រុមហ៊ុនជប៉ុនសាងសង់កន្រ្តកវិញដ៏ធំមួយ នៅក្បែរទីក្រុងសៀមរាប និងគំរោងវិនិយោគជាច្រើនទៀតរបស់ក្រុមហ៊ុនអន្តរជាតិនានា។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ក៏បានរៀបចំផែនការមេ ដើម្បីលើកកំពស់វិស័យទេសចរណ៍ក្នុងខេត្តនេះឡើងវិញ តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ផ្តល់សេវាកម្មបដិសណ្ឋារកិច្ចកាន់តែល្អប្រសើរ និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍៍ដល់សហគមន៍ទេសចរណ៍ និងប្រជាពលរដ្ឋក្នុងខេត្តនេះ ដែលជាខេត្តមានប្រជាពលរដ្ឋក្រីក្រច្រើនជាងគេ ក្នុងចំណោមរាជធានីខេត្តទាំង២៥។

ក្រសួងទេសចរណ៍ក៏បានរៀបចំផែនការមេកសាងទីក្រុងថ្មីមួយ ដោយដាក់ឈ្មោះថា Grand Siem Reap City នៅក្បែរព្រលានយន្តហោះលំដាប់អន្តរជាតិខេត្តសៀមរាប ដែលអនុញ្ញាតឲ្យអ្នកវិនិយោគជាតិ អន្តរជាតិសាងសង់អាគារខ្ពស់ៗផងដែរ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ជំងឺកូវីដ១៩បានផ្តល់មេរៀន និងឳកាសផងដែរសំរាប់ខេត្តសៀមរាប តាមរយៈការចាប់ផ្តើមកែលំអរ និងពង្រីកកសាងហេដ្ឋារចនាសម្ព័ន្ឋខេត្តនេះ ដែលមានការរៀបចំផ្លូវថ្មើជើង និងប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីលើកកំពស់សោភ័ណភាពខេត្តផង និងទាក់ទាញទេសចរណ៍ផង ហើយបើគ្មានជំងឺកូវីដ១៩ ប្រហែលជាគំរោងនេះមិនលេចរូបរាងនោះទេ។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ជាការទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ ពិតជាការចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត ហើយយើងរំពឹងថាខេត្តនេះ នឹងទាក់ទាញវិនិយោគិនបានច្រើនថែមទៀត”។ លោកបន្តថា “បច្ចុប្បន្នមានគំរោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តច្រើន មានររោងចក្រ សហគ្រាសកើតថ្មីៗច្រើន ដែលជួយដល់សេដ្ឋកិច្ចមូលដ្ឋាន ហេតុនេះបើជំងឺកូវីដបញ្ចប់ កម្ពុជាក៏ដូចជាពិភពលោកបើកជើង​ហោះហើរឡើងវិញ ខេត្តសៀមរាបនឹងផ្តល់សក្តានុពលខ្លាំង ដល់វិស័យទេស​ចរណ៍ និងការវិនិយោគ”។

ទោះជាយ៉ាងណាលោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាពកម្ពុជាបានមានប្រសាសន៍ថា ខេត្តសៀមរាបមានសក្តានុពលច្រើន ក្រៅពីវិស័យទេសចរណ៍គឺមានវិស័យកសិកម្ម សិប្បកម្មដែលត្រូវពង្រីក និងររៀបចំជាតំបន់កសិទេស​ចរណ៍ ប៉ុន្តែខេត្តនេះ នៅតែមិនអាចកាត់ផ្តាច់មូលដ្ឋាននៃការរីកចម្រើន និងមូលដ្ឋានសេដ្ឋកិច្ចចេញពីវិស័យទេសចរណ៍បាននៅឡើយទេ។

លោកបន្តថា “យើងឃើញមានការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងខេត្ត ប៉ុន្តែដំណើរការយឺតៗ ព្រោះវិស័យនេះរស់រវើក និងរីកចម្រើនបានទាល់តែវិស័យទេស​ចរណ៍មានភាពរីកចម្រើន ដែលធ្វើឲ្យប្រជាជនមានប្រាក់ចំណូលកើនឡើង ដើម្បីឲ្យពួកគេអាចចំណាយប្រាក់ទិញអចលនទ្រព្យនានា”៕

រដ្ឋាភិបាលសម្រេចអនុវត្តន៍វិធានការក្ដៅចំពោះអ្នកដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលសម្រេចដាក់ចេញ នូវវិធានការក្ដៅរឹតបន្ដឹងចំពោះបុគ្គលទាំងឡាយណា ដ៏ដូចជាទីតាំងដែលមិនសហការពាក់ព័ន្ធ ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងគំរាមនៅក្នុងសហគមន៍យ៉ាងខ្លាំងក្លាយគួរឱ្យព្រួយបារម្ភនៅពេលនេះ ជាមួយនឹងច្បាប់ដែលបានចែងជាធរមាន។

តាមរយៈលិខិតជូនដំណឹងដែលចេញផ្សាយ ដោយទីស្ដីការគណៈរដ្ឋមន្ត្រីដែលទើបទទួលបាននៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចចាត់វិធានការយ៉ាងតឹងរ៉ឹង ចំពោះបុគ្គលមិនអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក។ បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមពីលើអនុក្រឹត្យលេខ២៧ អនក្រ.បក។

នៅក្នុងក្នុងលិខិតដដែលនេះ បានកំណត់នូវចំណុចសំខាន់ៗចំនួន៣ដែលជាវិធានការរឹតបន្ដឹងបន្ថែមពីលើអ្វីដែលបានកំណត់ក្នុងច្បាប់រួមមាន ទី១ ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី ទី២ ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងទី៣ ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

កាលពីពេលកន្លងមកថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យបណ្តេញចេញពីកម្ពុជា និងលែងឲ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំង​ឡាយណា ដែលគេចវេស និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។

ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមសំណើរបស់លោ​កឧត្តមសេនីយ៍ឯកឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រា​វ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។

សំណើចាត់វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជាកំពុង ផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិកា​រណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស៕

ពាក់កណ្តាលត្រីមាសទី១ឆ្នាំ២០២១នេះ ស្ថានភាពទីផ្សារអាផាតម៉ិននៅតែស្ថិតក្នុងសភាពទ្រឹង

ដោយៈ រ៉ាណេត

ភ្នំពេញៈ ចាប់តាំងពីដើមខែមករា ឆ្នាំ២០២១ដែលស្ថិតនៅក្នុងត្រីមាសទី១ ស្ថានភាពនៃទីផ្សារជួលអាផាតម៉ិន ហាក់មិនមានអ្វីប្រែប្រួលនោះទេ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ខណៈដែលវត្តមានរបស់ជនបរទេស ដែលជាអតិថិជនគោលដៅនៅមិនទាន់វិលចូលប្រទេសកម្ពុជាវិញនៅឡើយ។

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍នេះថា គិតត្រឹមពាក់កណ្តាលត្រីមាសទី១ឆ្នាំ២០២១នេះ ស្ថានភាពនៃទីផ្សារអាផាតម៉ិន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ហាក់នៅមិនទាន់មានអ្វីប្រែប្រួល គួរឱ្យកត់សម្គាល់នោះទេ ពោលគឺនៅរក្សាស្ថានភាពដូចគ្នាទៅនឹងចុងឆ្នាំ២០២០។

លោកស្រីបន្តទៀតថា “ទីផ្សារអាផាតម៉ិនភាគច្រើន ជាតម្រូវការរបស់ជនបរទេសដែលពួកគាត់ជួសម្រាប់ស្នាក់នៅ ក្នុងកំឡុងពេលដែលពួកគាត់មកបំពេញការងារ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ពួកគាត់ដែលបានចាក់ចេញទៅប្រទេសកំណើតរបស់ខ្លួនមួយចំនួនធំ កាលពីដើមឆ្នាំ២០២០នោះ នៅមិនទាន់បានវិលត្រឡប់មកកម្ពុជាវិញនោះទេ”។លោកស្រីបន្តថា “ដូច្នេះបច្ចុប្បន្នគឺមានតែអតិថិជនចាស់ ដែលជាជនជាតិខ្មែរ ឬជនបរទេសមួយចំនួនតូច ដែលមានបានចាកចេញទៅតែប៉ុណ្ណោះ”។

បន្ថែមពីនេះ ក៏មានអ្នកខ្លះដែលជួលអាផាតម៉ិនស្នាក់នៅជាប់កុងត្រា បានចាកចេញទៅជួលផ្ទះជាយក្រុង ដើម្បីស្នាក់នៅក្នុងរយៈពេលខ្លី ដោយសារតែបារម្ភពីការរាលដាល ព្រោះត្រូវប្រើជណ្ដើរយន្តរួមគ្នា ដូច្នេះមានតែជម្រើសជួលផ្ទះជាយក្រុងស្នាក់នៅដាច់ដោយឡែក។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីរំពឹងថា នៅពាក់កណ្តាលឆ្នាំ ឬដើមត្រីមាសទី៣ទីផ្សារមួយនេះ អាចនឹងមានកំណើនឡើងវិញ បន្ទាប់ពីស្ថានភាពនៃការទប់ស្កាត់ការីករាលដាលមានភាពល្អប្រសើរទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Town City លោកវន ចាន់ថន បានមានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាពប្រឈម នឹងជំងឺចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ សម្រាប់ទីផ្សារអាផាម៉ិន ក៏មិនសូវខុសពីផ្នែកដទៃទៀតនោះដែរ។ ការជួលអាផាតម៉ិនភាគច្រើន ត្រូវបានចុះកុងត្រាជួលក្នុងរយៈពេលយូរ ប៉ុន្តែអ្វីដែលសំខាន់គឺភាគច្រើនជាជនបរទេសច្រើនជាងអ្នកនៅក្នុងស្រុក អត្រាចំនួននៃការជួលអាចមានច្រើន។

ប៉ុន្តែចំពោះតម្លៃគឺធ្លាក់ចុះ ដោយសារតែម្ចាស់អគារ បានជួយសម្រួលទម្លាក់ចុះនូវតម្លៃក្នុងចន្លោះពី២០- ៣០ភាគរយទៅដល់អតិថិជនរបស់ខ្លួន ដែលជាអ្នកក្នុងស្រុកផ្ទាល់ ដោយឡែកសម្រាប់អតិថិជន ជាជនជាតិបរទេសនៅមិនទាន់ បានវិលចូលប្រទេសកម្ពុជាវិញនោះទេ។

លោកបានបន្តថា “សម្រាប់ដើមឆ្នាំ២០២១នេះ ក៏នៅតែមិនទាន់បានធូរស្រាលវិញនោះទេ ប៉ុន្តែខ្ញុំជឿថា មិនយូរទេ ទីផ្សារអាផាតម៉ិន នឹងងាកមករកភាពល្អប្រសើរវិញខណៈបណ្តាប្រទេសមួយចំនួន ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង ជាពិសេសប្រទេសចិន ដែលមានប្រជាជនជាច្រើនចូលមករស់នៅ និងប្រកបការងារនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅក្នុងអគារអាផាតម៉ិន ហើយនៅកម្ពុជាក៏ផ្តើមចាក់វ៉ាក់សាំងដែរ”។

លោកបន្តថា ព្រឹត្តិការណ៍២០កុម្ភៈ គ្រាន់តែជាព្រឹត្តិការណ៍សង្គម ដែលកើតមាន ប៉ុន្តែក្រោយពេលរួមគ្នាអនុវត្តន៍ វិធានការតាមការណែនាំរបស់រដ្ឋាភិបាល នឹងធូរស្រាលបន្តិចម្ដងវិញជាមិនខាន៕

ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់ចិន Tik Tokនឹងបើកការិយាល័យនៅកម្ពុជា

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់ចិន Tik Tokនឹងបើកការិយាល័យនៅទីក្រុងភ្នំពេញប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

យោងតាមបុគ្គលិករបស់ក្រុមហ៊ុននេះបានឲ្យដឹងនាពេលមុននេះបន្តិចថា ក្រុមហ៊ុននេះនឹងបើកការិយាល័យនៅកម្ពុជា ដែលមានការិយាល័យនៅក្នុងខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។

Tik Tok ជាបណ្តាញសង្គមមួយដែលមានការពេញនិយមទូទាំងពិភពលោក។ បណ្តាញសង្គមមួយនេះធ្លាប់ត្រូវបានទទួលការចរចាទិញពីសំណាក់ក្រុមហ៊ុនយក្សរបស់អាមេរិក។

ក្នុងរដ្ឋបាលអតីតប្រធានាធិបតីដូណាល់ ត្រាំ បណ្តាញសង្គមនេះ ត្រូវបានរដ្ឋាភិបាលអាមេរិកចោទថា ជាបណ្តាញសង្គមរបស់រដ្ឋាភិបាលចិន ដែលចូលលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក ប៉ុន្តែថ្នាក់ដឹកនាំក្រុមហ៊ុននេះបានបដិសេធ។
បណ្តាញសង្គម Tik Tok ជាកម្មសិទ្ឋិរបស់ក្រុមហ៊ុនByteDance ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណេតមួយ ត្រូវបានបង្កើតឡើងដោយលោក Zhang Yiming ក្នុងឆ្នាំ២០១២។ គិតត្រឹមខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុននេះមានតម្លៃរហូតទៅ១០០ពាន់លានដុល្លារ។
ByteDance ជាក្រុមហ៊ុនបង្កើតកម្មវិធីចែករំលែកវីដេអូដ៏ល្បីឈ្មោះ TikTok ដែលជាបណ្តាញសង្គមដ៏ល្បីល្បាញ នៅលើពិភពលោក។ ByteDance ក៏បានទិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមMusical.ly ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃផងដែរ។
ទោះយ៉ាងណាTikTok គឺជាកម្មវិធីរបស់ចិន ដែលត្រូវបានគ្រប់គ្រងនៅខាងក្រៅប្រទេសចិនដោយក្រុមហ៊ុន ByteDance។ TikTok បានប្រឈមមុខនឹងការគំរាមកំហែងជាច្រើន ពីការហាមឃាត់ដោយសមាជិកសភាអាមេរិក ដោយសារតែការចោទប្រកាន់ថា កម្មវិធីនេះកំពុងចែករំលែកព័ត៌មានជាមួយរដ្ឋាភិបាលចិន។
បណ្តាញសង្គមនេះ បច្ចុប្បន្នមានចំនួនអ្នកប្រើប្រាស់រហូតដល់១០០០លាននាក់នៅទូទាំងពិភពលោក៕

ខេត្តព្រះសីហនុនឹងស្វាគមន៍ជើងហោះហើរឆ្លងទ្វីបលំដាប់ពិភពលោកនៅឆ្នាំ២០២២ខាងមុខនេះ

ដោយៈ ប៊ី

ព្រះសីហនុ ៖ ក្រុមហ៊ុនសាងសង់ផ្លូវរត់ព្រលានយន្ដហោះកងកេង ដែលជាផ្លូវរត់វែងជាងគេក្នុងប្រទេសកម្ពជា អះអាងថា គម្រោងសាងសង់នេះនឹងបញ្ចប់នៅដើមឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យយន្ដហោះធំៗហោះចម្ងាយឆ្ងាយ រាប់ទាំងយន្ដហោះរបស់ប្រធានាធិបតីអាមេរិកអាចមកចុះចតនៅកម្ពុជាផងដែរ។

ផ្លូវរត់ព្រលានយន្ដហោះកងកេង ខេត្ដព្រះសីហនុ ដែលជាផ្លូវរត់វែងជាងគេក្នុងប្រទេសកម្ពជានោះ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនវ៉ាងស៊ីរបស់ប្រទេសបារាំងជាអ្នកសាងសង់។

ក្រុមហ៊ុនវ៉ាងស៊ីបានធានាថានឹងធ្វើឲ្យរួចរាល់នៅក្នុងរង្វង់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដូច្នេះយន្ដហោះធំៗ ដែលមកពីឆ្ងាយរាប់ទាំងយន្ដហោះរបស់ប្រធានាធិបតីអាមេរិកក៏អាចមកចុះចតនៅប្រទេសកម្ពុជាបានដែរ។

លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ គឺជាព្រលានយន្ដហោះ ដែលមានប្រវែងរត់វែងជាងគេនៅក្នុងប្រទេសកម្ពុជា ហើយមកដល់ពេលនេះបានកសាងផ្លូវរត់ ផ្លូវចុះចតសម្រាប់យន្ដហោះ។

លោកបានឲ្យដឹងទៀតថា បើគ្មានការវាយប្រហារពីជំងឺកូវីដ-១៩នោះទេ សង្ឃឹមថាផ្លូវរត់ព្រលានយន្ដហោះកងកេងនឹងអាចរួចរាល់នៅក្នុងឆ្នាំ២០២២ ដែលជាការគាំទ្របន្ថែមទៀតសម្រាប់ការវិនិយោគ និងការអភិវឌ្ឍ នៅក្នុងខេត្តព្រះសីហនុ។

រាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុក្នុងចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។

ជាពិសេស ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្ម ជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ៕

អាជ្ញាធរខេត្តកំពតពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមានផ្លូវថ្នល់ និងសួនកម្សាន្តឱ្យរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ

ដោយ ៖ រ៉ាណេត

កំពត ៖ រដ្ឋបាលខេត្តកំពតបានជំរុញឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ និងស្ថាបនាផ្លូវថ្នល់ រួមជាមួយគម្រោងកែលម្អរសួនកម្សាន្តនានា ជាពិសេសស្ថិតនៅស្របនឹងព្រែកកំពតឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដែលយ៉ាងណាឱ្យរួចរាល់មុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះដើម្បីស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ។

អភិបាលខេត្តកំពត លោកជាវ តាយ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១បានជំរុញដល់មន្ត្រីពាក់ព័ន្ធឱ្យជួយពន្លឿនក្នុងការស្ថាបនាផ្លូវបេតុងមួយខ្សែដែលស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដែលជាផ្លូវដ៏សំខាន់មួយឱ្យរួចនៅមុនចូលឆ្នាំខ្មែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍ បន្ថែមពីលើគម្រោងកែលម្អសួននៅតាមព្រែកកំពត។

លោកជាវ តាយ បានលើកឡើងថា ផ្លូវមួយខ្សែនេះ អាចចាត់ទុកជាផ្លូវមួយមានសារៈសំខាន់ក្នុងការសម្រួល និងបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាការសម្រួលធ្វើឱ្យប្រសើរឡើងទាំងសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានក្រុង សម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ។ ផ្លូវមួយខ្សែនេះគឺ ជាផ្លូវលេខ៧០១ តភ្ជាប់បំបែកចេញពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅផ្លូវបេតុង ជាយខាងជើងក្រុងកំពត ស្របនឹងផ្លូវរថភ្លើង មានប្រវែងប្រមាណជាង ៩០០ម៉ែត្រ ទទឹងមានទំហំ ១២ម៉ែត្រ ដែលគម្រោងសាងសង់ដោយចាក់បេតុងសសៃដែក មានកម្រាស់ ២តឹក មានលូអមសងខាងទំហំមាត់កាត់ ៨តឹក ជាគម្រោងថវិការបស់រដ្ឋបាលខេត្ត អនុវត្តគម្រោងដោយកងវិស្វកម្ម។ ដូចនេះ ជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អក្នុងដំណើរការស្ថាបនាគម្រោងផ្លូវមួយខ្សែនេះ និងប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ក្រៅពីនេះត្រូវបង្កើនការជំរុញអនុវត្តន៍ឱ្យបានឆាប់ចប់មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

លោកជាវ តាយក៏បានក្រើនរម្លឹកដល់ចៅសង្កាត់ និងអភិបាលក្រុងកំពតផងដែរ ក្រៅពីការស្ថាបនាផ្លូវមួយខ្សែនេះ ត្រូវតែមានការសិក្សាលើគម្រោងផ្លូវនានាបន្ថែមទៀត ពិសេសត្រូវយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ធ្វើការឈូសឆាយ ពង្រាបផ្លូវ សម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឱ្យមានលក្ខណៈល្អប្រសើរឡើងថែមទៀត។

ដោយឡែកគម្រោងស្ថាបនាសួនកម្សាន្តនៅព្រែកកំពតត្រូវបានលោកអភិបាលខេត្តបញ្ជាក់ថា “ការបង្កើតសួនច្បារថ្មី ប្រកបដោយសោភ័ណភាពមួយនេះឡើង គឺសំដៅទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្ដលេងកាន់តែច្រើនឡើងថែមទៀត ខណៈដែលខេត្តកំពត គឺជាខេត្តគោលដៅទេសចរណ៍មួយក្នុងចំណោមខេត្តជាប់តំបន់មាត់សមុទ្រ”។

យ៉ាងណាក៏ដោយ លោកបានលើកឡើងថា ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ មានភ្ញៀវទេសចរមកកំសាន្តកាន់តែកើនឡើងជាបន្តបន្ទាប់ក៏រដ្ឋបាលខេត្តកំពតនៅតែបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអភិវឌ្ឍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងកំពត ពិសេសតាមដងផ្លូវ និងសួនច្បារសាធារណៈ ធ្វើយ៉ាងណាឱ្យក្រុងកំពតមានភាពទាក់ទាញ និងរក្សាបានតំណែងជាទីក្រុងទេសចរណ៍ស្អាតអាស៊ានបន្តទៀត៕

ការ​ព្យាករ៖ តម្លៃ​អចលនទ្រព្យ​ក្នុងប្រទេស​វៀតណាម នឹង​ហក់​ឡើង ១០ភាគរយក្នុង​ឆ្នាំ២០២១នេះ

ដោយៈ​សុខុម

ហាណូយ:  យោងតាម​ការ​ព្យាករ​ថា តម្លៃ​អចលនទ្រព្យ នៅក្នុង​ប្រទេស​វៀតណាម នឹង​ហក់​ឡើង​ខ្ពស់​រហូតដល់​ទៅ១០% ក្នុង​ឆ្នាំ២០២១នេះ​បើ​ធៀប​នឹង​ឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Star ចុះផ្សាយ​កាលពីពេលថ្មីៗនេះ។

លោក Nguyễn Văn Đính អគ្គលេខាធិការរង​នៃ​សមាគម​អចលនទ្រព្យ​វៀតណាម (Vietnam Real Estate Association (VNREA)) បាន​ថ្លែងប្រាប់​វេទិកា​មួយ​កាលពីពេលថ្មីៗនេះ​ថា ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បាន​ជះ​ផលប៉ះពាល់​ខ្លាំង មកលើ​វិស័យ​អចលនទ្រព្យ បណ្ដាលឱ្យ​តម្រូវការ​ក្នុង​ទីផ្សារ​ដាំ​ក្បាល​ចុះ។

កាលពីដើមឆ្នាំ២០២០ ទីផ្សារ​អចលនទ្រព្យ​បាន​នៅ​ទ្រឹង ដោយសារ​ការឆ្លង​រា​ត   ត្បា​ត​វីរុស​កូ​វីដ-១៩ ។ ជាការ​ឆ្លើយតប រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ចាត់វិធានការ​ជាច្រើន ដើម្បី​ដោះស្រាយ​ការលំបាក ដែល​វិស័យ​មួយ​នេះ​ជួបប្រទះ ដូចជា ការប្រកាស​ឱ្យប្រើ​ប្រាស់​លិខិតបទដ្ឋាន​គតិយុត្តិ សម្រាប់​ការអភិវឌ្ឍន​គម្រោង​ខុន​ដូ បែប​សណ្ឋាគារ (Condotel) ជាដើម។

ទោះជា​យ៉ាងណា ឧបសគ្គ​ផ្លូវច្បាប់​បានធ្វើឱ្យ​រាំងស្ទះ​ដល់​ការ​ផ្ទ​ត់​ផ្គង់ ជាហេតុ​បង្ក​ផល​លំបាក​ទ្វេដង​ដល់ទី​ផ្សារ។

នៅក្នុង​ឆមាស​ទី២ នៃ​ឆ្នាំ២០២០ ទោះបីជា​ផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ដល់​ទៅ ២ រលក​យ៉ាងណាក្ដី ក៏​ទីផ្សារ​អចលនទ្រព្យ​វៀតណាម នៅតែ​ទទួលបាន​កំណើន​ខ្ពស់​គួរឱ្យកត់សម្គាល់ នៅពេល​ផ្ទះសម្បែងថ្មីៗចំនួន៦០.០០០ ផ្ទះ​ត្រូវ​ផ្គត់ផ្គង់​ដល់ទី​ផ្សារ ដែល​ស្មើនឹង ៦៧,៥% បើ​ធៀប​នឹង​ឆ្នាំ២០១៩ ។

អគ្គលេខាធិការរង នៃ​សមាគម​អចលនទ្រព្យ​វៀតណាម បាន​គូសបញ្ជាក់ថា “ឆ្នាំ២០២១ នឹង​គ្មាន​ហានិភ័យ​វិបត្តិ ឬ​ពពុះ​អចលនទ្រព្យ​ឡើយ ពោលគឺ​មានតែ​ការរីកចម្រើន” ។ លោក​បន្តថា “គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា បូករួម​ជាមួយនឹង​ឱកាស​ពាណិជ្ជកម្ម​អំណោយផល​ល្អ នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​ទាក់ទាញ” ។

ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ នឹង​បន្ត​រីក​ទៅដល់​តំបន់ភ្នំ​នានា។ បន្ថែម​ពីលើ​នេះ អត្រា​ការប្រាក់​ធនាគារ ដែល​អាច​រក្សាបាន​ត្រឹម​កម្រិត​ក្នុង​ឆ្នាំ២០២០ នឹង​ជួយ​ជំរុញ​ការវិនិយោគ​កាន់តែច្រើន​ផងដែរ។

ក​ត្ថា​ចុងក្រោយ វិធានការ​នានា​ពី​រដ្ឋា​ភិ​បាល​ក្នុង​ឆ្នាំ២០២១ នឹង​ជួយ​ដោះស្រាយ​រាល់​ការលំបាក​សម្រាប់​ទីផ្សារ។

លោក Nguyễn Thọ Tuyển ប្រធាន​ក្រុមហ៊ុន BHS Group បាន​បញ្ចេញ​ទស្សនៈ​វិជ្ជមាន​ស្រដៀង​គ្នា​នេះ​ថា តម្លៃ​អចលនទ្រព្យ​នឹង​ហក់​ឡើង​ក្នុង​ឆ្នាំ២០២១ ។

ចំណែក​លោក Lê Hoàng Châu ប្រធាន​សមាគម​អចលនទ្រព្យ​ក្រុង​ហូជីមិញ (HCM City Real Estate Association (HoREA)) បាន​លើកឡើងថា ឧបសគ្គ​ផ្លូវច្បាប់​គួរតែ​ត្រូវបាន​ដោះស្រាយ សម្រាប់​ការអភិវឌ្ឍ​អចលនទ្រព្យ ក្នុងប្រទេស​វៀតណាម ព្រោះ​ក្រុមហ៊ុន​ទាំងអស់ ចង់បាន​បរិយាកាស​ពាណិជ្ជកម្ម ដែល​ត្រឹមត្រូវ បើកចំហ និង​អំណោយផល​ល្អ។

លោក​បាន​បន្តថា “ឆ្នាំ២០២០ មានការ​កែប្រែ​ជាច្រើន នៅក្នុង​ការតាក់តែង​យន្តការ​ច្បាប់ នៅពេល​សេចក្ដីព្រាងច្បាប់​ស្តីពី​ការវិនិយោគ និង​ច្បាប់​ស្ដីពី​ការសាងសង់​ត្រូវបាន​អនុម័ត ដោយ​ដោះស្រាយ​ការលំបាក​បានជា​ច្រើន” ។ លោក​បន្តថា “ខ្ញុំ​យល់ថា ទីផ្សារ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០២១នឹង​បន្ត​រីកចម្រើន ព្រោះ​ប្រទេស​វៀតណាម គ្រប់គ្រង​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩បាន​ហើយ។ សេដ្ឋកិច្ច​របស់​វៀតណាម ក៏​ទទួលបាន​កំណើន​ជា​វិជ្ជមាន​ផងដែរ” ។

ទោះជា​យ៉ាងណា លោក Đặng Hùng Võ អតីត​អនុ​រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន បាន​ព្រមាន​ថា ប្រសិនបើ​គ្រប់គ្រង​មិន​បានល្អ​ទេនោះ វា​នឹង​បង្កឱ្យមាន​វិបត្តិ ឬ​ពពុះ​អចលនទ្រព្យ​នៅក្នុង​ទីផ្សារ។

លោក​បាន​គូសបញ្ជាក់ថា “ក្នុង​ឆ្នាំ២០២១ ការធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បំពេញ​ចំណុច​ចន្លោះប្រហោង និង​លុបបំបាត់​វិធាន​ត្រួតគ្នា គឺជា​កិច្ចការ​សំខាន់បំផុត​ដែល​យើង​ត្រូវធ្វើ” ៕

ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​កាណាដា​ប្រកាស​បោះទីតាំង​ផលិត​វត្ថុធាតុដើម​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន AREV Cambodia Brands Inc ដែល​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​កាណាដា AREV Nanotec Brand បានចាប់ផ្តើម​ដំណាក់កាល​ដំបូង នៃប្រតិបត្តិ​ការផលិត​វត្ថុធាតុដើម ដើម្បី​គាំទ្រ​ដល់​ការផលិត​អាហារ​បំប៉ន​របស់ខ្លួន នៅ​ជិត​រាជធានី​ភ្នំពេញ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមហ៊ុន​កាលពីដើម​សប្តាហ៍​នេះ។

សេចក្តីប្រកាស​ដដែល​បាន​ឲ្យ​ដឹងថា គំរោង​នេះ នឹង​ប្រតិបត្តិការ​លើ​ផ្ទៃដី​ទំហំ ២០ហិកតា ដែលជា​មូលដ្ឋាន​គាំទ្រ​ដល់​ការអភិវឌ្ឍ​វត្ថុធាតុដើម សម្រាប់​ការច្នៃប្រឌិត​ផលិតផល​អាហារ​បំប៉ន​របស់ខ្លួន ដែលមាន​លើ​ទីផ្សារ​នៅក្នុង​ត្រីមាស​ទី៣ឆ្នាំនេះ។

ក្រុមហ៊ុន​បានឱ្យដឹងថា ស​សៃ​ផ្សិត​ដែល​ត្រូវ​ហៅថា Mycelium គឺជា​ប្រភព​នៃ​ប្រូតេអ៊ីន​ប្រកបដោយ​និរន្តរភាព ក្នុងការ​ផលិត​ជា​អាហារ​បំប៉ន​របស់ខ្លួន។

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​មិន​បញ្ជាក់​ទីតាំង​ជាក់លាក់​ថា តើ​ទីតាំង​ប្រតិបត្តិការ​នេះ​ស្ថិត​កន្លែង​ណា​នោះ​តេ ហើយ​មិន​បញ្ជាក់​ពី​ទំហំ​ទុនវិនិយោគ​ផងដែរ។

លោក Mike Withrow នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន AREV បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា“យើង​បន្ត​កសាង និង​ធានា​នូវ​សង្វាក់​ផ្គត់ផ្គង់​គ្រឿងផ្សំ​របស់​យើង សម្រាប់​ប្រើប្រាស់​ក្នុង​រូបមន្ត​របស់​យើង។

លោក​បាន​ថ្លែងបន្តថា “នេះ​ពិតជា​សំខាន់​ណាស់​ដើម្បី​ធានាថា យើង​មាន​គ្រឿងផ្សំ ដែលមាន​គុណភាព និង​អាច​ទទួលបាន​នូវ​វត្ថុធាតុដើម ដែល​អាច​ទុកចិត្តបាន ដើម្បី​ទាញយក​ទៅក្នុង​ផលិតផលសំខាន់ៗ ដែល​យើង​កំពុង​អភិវឌ្ឍ ដើម្បី​ដោះស្រាយ​កង្វះ​អាហារូបត្ថម្ភ​នៅក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​រា​ត ដែល​កំពុង​កើន​ឡើងលើ​ពិភពលោក​បច្ចុប្បន្ន របស់​យើង” ។

លោក​បាន​ឱ្យដឹងទៀតថា ការអភិវឌ្ឍ​របស់​យើង ជាមួយនឹង​គំនិត​ផ្តួចផ្តើម​កសិកម្ម​នៅ​ភ្នំពេញ ដើម្បី​ដាំ​ដុះ mycelium ដើម្បី​ធានាថា​ប្រភព​វត្ថុធាតុដើម មិន​ស្ថិតក្រោម​ការផ្លាស់ប្តូ​រត​ម្លៃ​យ៉ាងខ្លាំង នៅលើ​ទីផ្សារ​ទំនិញ​អន្តរជាតិ​នោះទេ៕