អ្នក​អភិវឌ្ឍន៍​លំនៅឋាន​នាពេល​បច្ចុប្បន្ន បាននិងកំពុង​ផ្តល់នូវ​លក្ខខណ្ឌ​កាន់តែ​ពិសេស

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្រប​ពេលដែល​កម្ពុជា កំពុងតែ​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល​ជាស​កល នៃ​ជំងឺ Covid-19 នាពេល​បច្ចុប្បន្ននេះ ក្រុម​អ្នក​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅឋាន​បានឱ្យ​អះអាងថា ការទិញ​លក់​លំនៅឋាន​នៅតែមាន​តម្រូវការ ខណៈដែល​ម្ចាស់​គម្រោង​មួយចំនួន​បានផ្តល់​លក្ខខណ្ឌ​ពិសេស​ជូន​ដល់​អតិថិជន។

លោក ម៉ាន់ ចាន់​ឌី  អគ្គនាយក​ក្រុមហ៊ុន Premium Group ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៥ កុម្ភៈ​កន្លងមក​ថា  បើទោះបី​កម្ពុជា​ស្ថិតនៅក្នុង​វិបត្តិ​ជំងឺ Covid-19 យ៉ាងណាក្តី តែ​ការ​តម្រូវការ​លំនៅឋាន​នៅតែមាន​ជា​រៀងរាល់ថ្ងៃ ជាពិសេស​គឺ​អ្នក​ដែល​ស្វែងរក​ទិញ​ទទួល បាន​នូវ​លក្ខខណ្ឌ​ពិសេស​ពី​ម្ចាស់​គម្រោង។

លោក​បន្ត​ថ្លែងថា “តម្រូវ​ការទិញ​លក់​លំ​នៅ​ឋាន​នៅតែមាន ហើយ​ស្ថិតនៅក្នុង​លក្ខណពិសេស ដូចជា ទិញ​ដោយ​គ្មាន​ប្រាក់​កក់ និង​មានការ​ថែម​នូវ​សម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុង​ផ្ទះបាយ ដូចជា​ទូទឹកកក​ជាដើម” ។ លោក​បន្ថែមថា “ទាំង​លក្ខខណ្ឌ​នៃ​ការបង់​រំលស់​ផ្ទះ ក៏​ស្ថិតនៅក្នុង​ស្ថានភាព​ល្អប្រសើ​រ​ផង” ។

តែ​យ៉ាងណាក៏ដោយ  លោក​អះអាងថា ការទិញ​លក់​លំនៅឋាន​នេះ ស្ថិតនៅក្នុង​ស្ថានភាព​យឺត​យ៉ាវ​ជាង​ពេលមុន ដែល​មិនទាន់មាន​ការផ្ទុះ​ឡើយ​នៅ​ជំងឺ Covid-19 កាលពី​កន្លងមកនេះ។  លោក​បញ្ជាក់ទៀតថា  ទន្ទឹមនឹង​ការទិញ​លក់​នៅតែមាន ក៏​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​នានា នៅតែ​បន្ត​មាន​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង តម្រូវការ​នេះ។

ចំណែក លោក អ៊ី​ន ណា​ង  អគ្គនាយក​ក្រុមហ៊ុន Show Up Real Estate បានឱ្យដឹង​ដែរ​ថា ជាការ​ពិត​ណា តម្រូវការ​លំនៅ​ឋានស​ម្រា​ប់​រស់នៅ​នៅតែមាន ហើយ​មាន​លក្ខខណ្ឌ​ពិសេស ខណៈ​ការទិញ​លក់​លំនៅឋាន សម្រាប់ធ្វើ​ការវិនិយោគ​បន្ត​មិនទាន់មាន​នោះទេ។

លោក​ថ្លែងថា “នាពេល​បច្ចុប្បន្ននេះ ម្ចាស់​គម្រោង​មួយចំនួន បាន​នឹង​កំពុង​បន្ធូរបន្ថយ​នូវ​លក្ខខណ្ឌ​ពិសេស ដល់​អតិថិជន​របស់​ខ្លួន តាមរយៈ​ការបោះ​រំលស់១០០ភាគរយ និង​ផ្តល់នូវ​សម្ភារៈ​ប្រាស់​ប្រាស់ផ្សេងៗ  ហើយ​បើ​មិន​បន្ធូរបន្ថយ​ទេ យើង​មានការ​លំបាក។

លោក​បន្ថែមថា  “នៅពេលដែល​អ្នក​អភិវឌ្ឍន៍​បន្ធូ​បន្ថយ នូវ​លក្ខខណ្ឌ​ពិ​សេ​នេះ អតិថិជន ដែលជា​អ្នកស្វែងរក​លំនៅ​ឋានស​ម្រា​ប់រស់​នៅ ហើយ​មានលទ្ធភាព​គួរតែ​ទិញ​ទុកអោយហើយ  ជាពិសេស​តម្លៃ​ក៏មាន​លក្ខ​ខណៈ​សមរម្យ  បើ​ទៅមុខទៀត តម្លៃនឹង​មានការ​កើនឡើង” ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍ ថា វិបត្តិ​នៃ​ជំងឺ Covid-19 មិនមែនជា​ឧបសគ្គ ក្នុង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំងប្រទេស​កម្ពុជា​នោះទេ ជាពិសេស​គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ ខណៈដែល​ប្រជាពលរដ្ឋ​កម្ពុជា​នៅតែមាន​លទ្ធភាព​ទិញ​សម្រាប់​រស់នៅ៕

កូ​វីដ១៩ ព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ខកចិត្ត និង​ច្របូកច្របល់​អារម្មណ៍

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការ​ចូលមក​លងបន្លាច​នៃ​ព្រឹត្តិការណ៍ មិន​ធ្លាប់មាន​កាលពី​ឆ្នាំមុន ចំនួន៥ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ខកចិត្ត ច្របូកច្របល់​អារម្មណ៍ ទាក់ទង​នឹង​ព្រឹត្តិការណ៍​នយោបាយ​ផង និង​បញ្ហា​ជាច្រើន​ទៀតផង។

ឆ្នាំ២០២០ កម្ពុជា​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន ដែល​បានធ្វើ​ឲ្យ​មនុស្ស​ខកចិត្ត​ភ័យព្រួយ និង​ត​ក្ត​មា​ក្នុង​អារម្មណ៍ ព្រឹត្តិការណ៍​ទាំងនោះ​រួមមាន ការ​កកូរកកាយ​រប​ស់​អ​តី​តៈ​មេដឹកនាំ​បក្សប្រឆាំង ការចូល​មកដល់​នៃ​ពេលវេលា ដកហូត​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋ (EBA)ពី​សហគមន៍​អឺរ៉ុប ការបិទ​ហ្គេម​អន​ឡាញ​យ៉ាង​តក់ក្រហល់​ពី​រដ្ឋាភិបាល គ្រោះទឹកជំនន់ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភព លោក​បណ្តាលមកពី​ជំងឺ​កូ​វីដ១៩ ពិសេស​ព្រឹត្តិការណ៍៣វិច្ឆិកា និង២៨វិច្ឆិកា។

ការ​វាយ​សំពង​ផ្លូវ​អារម្មណ៍​នេះ បានធ្វើ​ឲ្យ​មនុស្ស​ខកចិត្ត ឈានទៅ​បាក់​ទឹកចិត្ត និង​កើត​ជំងឺផ្លូវចិត្ត។ ទន្ទឹមនឹង​ការមកដល់​ជាថ្មី នៃ​ព្រឹត្តិការណ៍២០កុម្ភៈ ដែល​បាននិងកំពុង​ឆ្លង​ចូល​សហគមន៍ បានធ្វើ​ឲ្យ​បញ្ហា​ជាច្រើន​លេចឡើង​ជាថ្មី សេដ្ឋកិច្ច​ដែល​រំពឹងថា​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ២០២១នេះ ត្រូវបាន​ទទួលរង​ការវាយដំ​យ៉ាងដំណំ​ជាថ្មី ពិសេស​សុខភាព​ផ្លូវចិត្ត​របស់​ពលរដ្ឋ​កា​ន់​តែ​ទ្រុឌទ្រោម។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​គួច ម៉េង​លី​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ម៉េង​លី ជេ គួច​គ្រុប​បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ៨០ភាគរយ បានកើត​ជំងឺផ្លូវចិត្ត​ក្នុង​កំឡុង​វិបត្តិ២ឆ្នាំ​កន្លងមកនេះ ដោយសារ​បញ្ហា​វាយលុក​ជាច្រើន ការ​ជំពាក់​បំណុល​ធនាគារ ដោយសារ​ប្រាក់ចំណូល​មានការ​ធ្លាក់ចុះ​ជាដើម។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា បច្ចុប្បន្ន​លោក​សង្កេតឃើញថា សឹងតែ៨០ភាគរយ​នៃ​ប្រជាជន​កម្ពុជា មាន​បញ្ហា​ផ្លូវចិត្ត​ដែល​បណ្ដាលមកពី​កត្តា​ជីវភាព​ថ្ងៃ ឬ​បញ្ហា​ហិរញ្ញវត្ថុ​នេះឯង។ លោក​ឧកញ៉ា​បាន​បន្តថា ប្រជាជន​កម្ពុជា​មួយចំនួន​ធំ នៅ​ខ្វះខាត​ចំណេះដឹង​ទូទៅ​ជុំវិញ​សង្គម​រស់នៅ និង​ខ្វះ​សា​ធាតុ​បំប៉ន់​ក្នុង​អាហារ​ទទួលទាន រាងកាយ ទើប​ធ្វើឱ្យ​ចិត្ត​ពួកគាត់ ពុំបាន​រីកចម្រើន​ល្អ​នោះឡើយ។

លោក​បន្តថា “កត្តា​ខ្វះខាត​នេះហើយ បាន​រុញ​គាត់​ឱ្យខិត​មកកាន់​តែ​កៀក មាត់ជ្រោះ​នៃ​អវិជ្ជា ឆាប់​ខឹង​ក្រោធ បាក់បែក ឈ្លោះ​ទាស់ និង​រស់នៅ​ដោយ​ពុំ​យល់​ហេតុ និង​ផល​បានល្អ​ប្រសើរ” ។

ជាមួយគ្នានេះ លោក​យិន លាង​គង់ សហ​ស្ថាបនិក និង​ជា​អគ្គនាយក​គេហទំព័រ​Propertyarea.asia ដែល​បាន​តាមដាន​ដំណើរ​វិវត្តន៍​ពី​សង្គម​បាន​មានប្រសាសន៍ថា ពិត ហើយ ឆ្នាំ២០២០ និង​ឆ្នាំ២០២១នេះ មនុស្ស​ជុំវិញ​ពិភពលោក ពិតជា​ជួប​សោកនាដកម្ម​ផ្លូវចិត្ត​ផង ផ្លូវកាយ​ផង ដោយសារ​ការបាត់បង់​សមាជិកគ្រួសារ ការបាត់បង់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ការតក់ស្លុត​ផ្លូវ​អារម្មណ៍ និង​ការខកចិត្ត​មិន​ធ្លាប់មាន។

លោក​បន្តថា “វា​ជា​សោកនាដកម្ម​មួយ វា​ជា​បញ្ហា​ខកចិត្ត​មួយ ទាំង​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៅលើ​ពិភពលោក” ។ លោក​បន្តថា “ខ្ញុំ​សង្ឃឹម​ប្រមុខ​រដ្ឋាភិបាល នឹង​អាច​គ្រប់គ្រង​ព្រឹត្តិការណ៍២០ កុម្ភៈ​បានឆាប់ៗនេះ ។ ខ្ញុំ​ជឿជាក់​លើស​ម្តេច​តេ​ជោ និង​ការចូលរួម​ពី​ពលរដ្ឋ​កម្ពុជា​គ្រប់គ្នា ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​នេះ” ៕

សម្លេង​ពី​មូលដ្ឋាន៖ តំបន់​ជាយក្រុង​កំពង់ស្ពឺ​កំពុងមាន​សន្ទុះ​ទីផ្សារ​ដីធ្លី

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ដីធ្លី​នៅតាម​តំបន់​ជាយក្រុង​នៃ​ខេត្តកំពង់ស្ពឺ​ង បាននិងកំពុង​មា​នស​ន្ទុះ​រីកចំរើន​ដីធ្លី តាមរយៈ​ការ​ពុះ​ដី​ឡូ​តិ៍លក់ និង​ដី​គម្រោងធំៗ សម្រាប់​សាងសង់​រោងចក្រ​សហគ្រាសផ្សេងៗ ខណៈ​ខេត្ត​មួយ​នេះ ត្រូវបាន​គេ​ចាត់ទុកជា​ខេត្ត​ដែលមាន​សក្តានុពល​ខ្ពស់​លើ​ការ​ទាក់​វិនិយោគ។

លោក​ស៊ិន សុ​ផា អ្នកលក់​ដី​ឡូ​តិ៍​ប្រចាំ​ក្រុង​កំពង់ស្ពឺ កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និន្នាការ​ពុះ​ដី​ឡូ​តិ៍លក់ និង​ដី​សម្រាប់​វិនិយោគ​នៅតាម​ជាយក្រុង​ខេត្តកំពង់ស្ពឺ មានការ​រីកចំរើន​យ៉ាងខ្លាំង ខណៈ​បច្ចុប្បន្ននេះ តម្លៃ​ដី​ឡូ​តិ (៥mx២០m) ជា​មធ្យម​តម្លៃ​ជិត៤ពាន់​ដុល្លារ​អាមេរិក ជាពិសេស​នៅតាម​បណ្តោយ​ផ្លូវ​ចេញពី​ក្រុង។

លោក​ស៊ិន សុ​ផា ពន្យល់ថា “មូល​ហេតុដែល​ធ្វើឱ្យ​ដែល​ធ្វើឱ្យ​ដីធ្លី នៅតាម​ជាយក្រុង​នេះ មាន​សក្តានុពល​ខ្ពស់​ដោយសារ មាន​គម្រោង​សាងសង់​រោងចក្រ សហគ្រាស ឃ្លាំង និង​គម្រោង​វិនិយោគផ្សេងៗ ដែល​បង្ក​ភាពងាយស្រួល និង​ផ្តល់ឱកាស​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ” ។

លោក​ថ្លែងថា បច្ចុប្បន្ននេះ មាន​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​ជាច្រើន បាននិងកំពុង​មា​នវ​ត្ត​មាន​នៅតាម​ជាយក្រុង​កំពង់ស្ពឺ​នេះ ហើយ​អនាគត តំបន់​ជាយក្រុង​នេះ នឹង​បន្ត​មាន​សក្តានុពល​ថែមទៀត ហើយ​តម្លៃ​វិញ​ក៏​នឹង​បន្ត​ឡើងថ្លៃ​ទៀត នៅពេល​មនុស្ស​មក​រស់​នៅ​កាន់​ច្រើន។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ​គឺជា​ខេត្ត​មួយ​នៅជាប់​នឹង​ទីក្រុង​ភ្នំពេញ ហើយ​មាន​ប្រព័ន្ធ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវជាតិ ឆ្លងកាត់​ជាច្រើន​ត​ភ្ជាប់​ទៅកាន់​ខេត្ត​ក្រុង​សំខាន់​នានា និង​ជា​ចរន្ត​សេដ្ឋកិច្ច​ដ៏​សំខាន់ ដែល​ធ្វើឱ្យមាន​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ជាច្រើន​ជាពិសេស​គម្រោង​ដី​ឡូ​តិ៍។

លោក​ថ្លែងថា “គម្រោង​វិនិយោគ កើតមាន​ជា​បន្តបន្ទាប់​នេះ បាន​ជំរុញ​និង​លើក​មុខមាត់​ខេត្តកំពង់ស្ពឺ ឱ្យ​កាន់​តែមាន​សក្តានុពល ប្រែក្លាយជា​តំបន់​ប្រមូលផ្តុំ​ដោយ រោងចក្រ ឧស្សាហកម្ម ស្រប​ពេលដែល​អ្នក ជំនាញ​អចលនទ្រព្យ​លើកឡើងថា​ចរន្ត​ទិញ លក់​ដីធ្លី ក៏មាន​ការកើនឡើង​ផងដែរ” ។

លោក​វ៉ី សំណាង បន្តថា បច្ចុប្បន្ននេះ ចំពោះ​សក្តានុពល​ខេត្តកំពង់ស្ពឺ ទាំង​កត្តា​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​បាន​ទាក់ទាញ​អ្នកវិនិយោគទុន មក​បណ្ដាក់​ទុនវិនិយោគ​កាន់តែច្រើន ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

លោក​វ៉ី សំណាង បាន​បន្ថែមថា សក្តានុពល​នេះ គឺ​ដោយ​ចង់បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​របស់​ប្រជាជន​ខេត្តកំពង់ស្ពឺ ដោយមាន​ចរិត​ស្លូតបូត និង​ខិតខំ​អំណត់​តស៊ូ​ធ្វើ​ការងារ ព្រមទាំង​មាន​ភាពស្មោះត្រង់ ហើយ​កត្តា​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ជា​ខេត្ត​មួយ​មាន​ផ្លូវជាតិ​ឆ្លងកាត់​ជាច្រើន ពិសេស​ផ្លូវជាតិ​លេខ៤ ឆ្លងកាត់​ដែល​បង្កលក្ខណៈ​ងាយស្រួល​នាំ​ផលិតផល​ចេញ​និង​នាំចូល៕

អ្នកវិនិយោគ​ពី​ទីក្រុង​ហុងកុង​ក្លាយជា​វិនិយោគិន​បរទេស​ធំជាងគេ​ទី៥ នៅ​អង់គ្លេស

ដោយៈ ប៊ី

ក្រុង​ឡុង​ដ៏ៈ ភ្នាក់ងារ​អចលនទ្រព្យ​ជាច្រើន​បាន​និយាយថា ប្រជាជន​ហុងកុង​កំពុង​ទិញ​ផ្ទះ និង​អា​ផាត​មិនជា​ច្រើន ដើម្បី​ជួល​បន្ត ក្នុងការ​រកប្រាក់​ចំណូល​នៅ​អង់គ្លេស ដែលជា​និន្នាការ​មួយ ស្របគ្នា​នឹង​អ្វីដែល​មនុស្ស​ជាច្រើន​រំពឹងថា នឹង​ក្លាយជា​រលក​នៃ​ការធ្វើ​ចំណាកស្រុក បន្ទាប់ពី​ចិន​បានអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​កាលពី​ឆ្នាំមុន។

យោងតាម​ការចេញផ្សាយ​របស់​សារ​ព័​ត័​ត៌មាន CNA នៅ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រជាជន​ហុងកុង​បាន​ក្លាយជា​វិនិយោគិន​បរទេស ធំជាងគេ​ទី៥នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៏ កាលពី​ខែសីហា​ឆ្នាំមុន ហើយ​បាននិងកំពុង​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ឡើងថ្លៃ នៅតាម​បណ្តា​តំបន់​មួយចំនួន ដែលមាន​ការពេញនិយម នៅ​ខាងក្រៅ​រាជធានី​របស់​ចក្រភព​អង់គ្លេស។

ប៉ុន្តែ​រលក​ថ្មី​នៃ​ការទិញ​អចលនទ្រព្យ​នេះ ក៏​រួមបញ្ចូល​ផងដែរ​នូវ​ប្រជាជន​ហុងកុង​មួយចំនួន ដែល​កំពុង​ប្រមូល​លុយ​ដើម្បី​វិនិយោគ ដែល​នេះ​ជា​និន្នាការ​មួយ ដែល​ភ្នាក់ងារ​អចលនទ្រព្យ​រំពឹងថា នឹង​បន្ត​កើនឡើង ខណៈ​ប្រជាជន​ហុងកុង ដែលមាន​ជីវភាព​មធ្យម​កាន់តែច្រើន បាន​ពិចារណា​ចាក​ចេញទៅ​ចក្រភព​អង់គ្លេស ហើយ​សម្លឹងមើល និង​បង្កើត​ប្រភព​ប្រាក់ចំណូល មុន​ចាក​ចេញពី​ហុងកុង។

លោក Guy Bradshaw ប្រធាន​ក្រុមហ៊ុន Sotheby’s International Realty បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា “វា​ក្លាយជា​និន្នាការ​មួយ​ទៅហើយ ក្នុង​រយៈពេល​ប្រាំ​មួយខែ​កន្លងមកនេះ។ ខ្ញុំ​បាន​ចូលរួម​នៅក្នុង​ការសន្ទនា​គ្នា និង​ការហៅ​ទូរស័ព្ទ​បន្ថែម​ជាមួយ​ប្រជាជន​នៅ​ហុងកុង ទាក់ទង​ទុនវិនិយោគ​ន​អង់គ្លេស” ។

រដ្ឋាភិបាល​អង់គ្លេស​កំ​ពុង​ផ្តល់​ទិដ្ឋាការ​ថ្មី ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ហុងកុង ដែល​ផ្តល់ឱ្យ​ពួកគេ​នូវ​ឱកាស ដើម្បី​ក្លាយជា​ពលរដ្ឋ​អង់គ្លេស ដែលជា​ការផ្លាស់ប្តូរ​មួយ បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិន បាន​ធ្វើឡើង​សម្រាប់​ទីក្រុង​ហុងកុង។

ប្រាក់ចំណូល​ថេរ​ពី​ការជួល​អចលន​ត្រ​ព្យ នឹងមាន​ប្រយោជន៍​ក្នុង​ការដាក់​ពាក្យសុំ​សញ្ជាតិ ព្រោះ​អ្នក​កាន់​លិខិត​ឆ្លង​ហុងកុង ត្រូវការ​បញ្ជាក់ថា ពួកគេ​អាច​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ខ្លួនគេ យ៉ាងហោចណាស់​រយៈពេល ៦ខែ។

ទីក្រុង​ឡុង​ដ៏​បាន​ប៉ាន់ប្រមាណ​ថា ប្រជាជន​ហុងកុង​ជាង ៣០ម៉ឺន​នាក់ អាចធ្វើ​អន្តោប្រវេសន៍ ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ ហើយ​ធនាគារ​អាមេរិក​រំពឹង​ថា ការផ្លាស់ប្តូរ​លំនៅដ្ឋា​ន​របស់​ប្រជាជន​ហុងកុង ទៅ​អង់គ្លេស អាច​នឹងធ្វើ​ឱ្យមាន​រំហូរ​មូលធន ចេញពី​ទីក្រុង​ហុងកុង​ចំនួន៣៦ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២១ ។

ខណៈ​ប្រជាជន​ហុងកុង បាន​ក្លាយជា​អ្នកទិញ​ផ្ទះ​យ៉ាងសកម្ម​នៅ​អង់គ្លេស ភ្នាក់ងារ​អចលនទ្រព្យ​និយាយថា ថ្មីៗនេះ​មានការ​ចាប់អារម្មណ៍​កាន់តែខ្លាំង ក្នុង​ការជួល​អា​ផាតម៉ិ​ន​និង​ផ្ទះចាស់៕

តើ​តំបន់​អាស៊ាន​បាន​ត​ភ្ជាប់​ខ្សែ​រថភ្លើង និង​អភិវឌ្ឍន៍​បែបណា​ក្នុង​ការធ្វើសមាហរណកម្មសេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន

ដោយៈ​សហការី

ភ្នំពេញៈ  អាស៊ាន និង​មហា​យក្ស​ចិន​បាន និង​កំពុង​ខិត​កៀក​គ្នា​កាន់តែខ្លាំង ទាំង​ធនធានមនុស្ស ពាណិជ្ជកម្ម និង​ការតភ្ជាប់​លើ់​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដែល​បច្ចុប្បន្ន​ប្រទេសមួយ​ចំនួន៥ ក្នុង​តំបន់​នេះ បាននិងកំពុង​ត​ភ្ជាប់​ប្រ​ព័​ន្ឋ​ដឹកជញ្ជូន​តាមផ្លូវ​ដែក ដើម្បី លំហូរ​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការវិនិយោគ។

ប្រទេស​ឡាវ

ទី១ ប្រទេស​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​នេះ កំពុង​សាងសង់​ខ្សែ​រថភ្លើង​ល្បឿន​លឿន ដំណើរ​ដោយ​អគ្គិសនី​របស់​ប្រទេស​ឡាវ ជា​ផ្លូវដែក​ដំបូង​គេ​របស់​ប្រទេស​ឡាវ ត​ភ្ជាប់​ទីក្រុង​វៀងចន្ទន៍ ជាមួយ​ទីក្រុង​បាងកក និង​គុន​មីង ប្រទេស​ចិន។

ផ្លូវដែក​វៀង​ច័ន្ទ​បូ​ថេ​ន​មាន​ប្រវែង ៤១៤គីឡូម៉ែត្រ។ ផ្លូវដែក​នេះ​ដើរ​ដោយ​ថាមពលអគ្គីសនី ដែល​កំពុង​សាងសង់​នៅក្នុង​ប្រទេស​ឡាវ ត​ភ្ជាប់​រវាង​រដ្ឋធានី​វៀងចន្ទន៍ និង​ទីក្រុង​តូច​បូ​ថេ​ន នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​ចិន ដែល​វាត​ភ្ជាប់​ជាមួយ​ផ្លូវដែក​ជាតិ​របស់​ប្រទេស​ចិន គឺ​បណ្តាញ និង​ស្ថានីយ​សំខាន់​របស់​ទីក្រុង​គុន​មីង។

ទី២, ផ្លូវដែក​ល្បឿន​លឿន ពី​ប្រទេស​ឡាវ​ទៅកាន់​ទីក្រុង​បាងកក

ទាក់ទង​ទៅនឹង​ផ្លូវដែក​ឡាវ ដែល​បាន​ពិពណ៌នា​ខាងលើ គឺ​ការសាងសង់​ផ្លូវដែក​ល្បឿន​លឿន ដែល​នឹង​ត​ភ្ជាប់​ជាមួយ​ទីក្រុង​បាងកក ជាមួយ​ខេត្ត​នគររាជ​សីមា ហើយ​បន្ទាប់មក​លាតសន្ធឹង​ទៅ​ណុង​ខៃ (Nong Khai) ហើយ​ភ្ជាប់​ទៅនឹង​ប្រព័ន្ធ​ផ្លូវដែក​របស់​ឡាវ។

ប្រទេស​មី​យ៉ាន់​ម៉ា

ទី៣, ប្រទេស​មី​យ៉ាន់​ម៉ា ក៏មាន​ផែនការ​សាងសង់​ផ្លូវដែក​ត​ភ្ជាប់​ជាមួយ​ប្រទេស​ចិន ដើម្បី​ធ្វើ​សម​ហា​រណកម្ម​ប្រជាជន​ផង និង​ពាណិជ្ជកម្ម​ផងដែរ។ ប្រទេស​ចិន បាន​វិនិយោគ រោងចក្រ​ផលិត​ទំនិញ​តម្លៃថោក ជាមួយនឹង​តំបន់​ឈូង​សមុទ្រ​បេង​ហ្គា​ល់ អាច​ចូលទៅ​កាន់​តំបន់​សេដ្ឋកិច្ច ពិសេស​មី​ក​ក្យូ​ភូ​រប​ស់មី​យ៉ាន់​ម៉ា។

តំបន់​សេដ្ឋកិច្ច​ពិសេស Kyauk Phyu មាន​ទំហំ ៦០០ហិកតា តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​មី​យ៉ាន់​ម៉ា កំពុង​ត្រូវបាន​អភិវឌ្ឍ​នៅលើ​កោះ Ramree ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន ដោយបាន​ចាប់ផ្តើម​ការ​ងារ​សាងសង់ កាលពី​ខែកញ្ញា​ឆ្នាំ២០១៣ ។

ទី៤ តំបន់​ទេសចរណ៍​លំដាប់​ផ្កាយ៦ របស់​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

ទីក្រុង MNC Lido City គឺជា​តំបន់​រស់នៅ បែប​ពាណិជ្ជកម្ម ការកម្សាន្ត និង​តំបន់​រមណីយដ្ឋាន​មាន​ទំហំ ៣.០០០ ហិកតា​នៅ​ទីក្រុង Lido ខេត្ត Bogor ភាគ​ខាងលិច​កោះ​ជ្វា ដែល​នៅជាប់​ខេត្ត DKI Jakarta និង Banten។

ទីក្រុង​នេះ មាន​ទីតាំង​ប្រហែល ៦០គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ទីក្រុង​ចា​ការ​តា គម្រោង​ទីក្រុង MNC Lido City អាច​ទៅដល់​ដោយផ្ទាល់​តាមរយៈ​ផ្លូវ Bocimi Toll ដែលមាន​ចំងាយ​តែមួយ​ម៉ោង​ពី​ចា​ការ​តា។

គំរោង​នេះ ត្រូវបាន​កំណត់​ជា​គោលដៅ​លំដាប់​ពិភពលោក MNC Lido city រួមមាន​រមណីយ ដ្ឋា​ន​ឧទ្យាន​កម្សាន្ត​សណ្ឋាគារ​លំដាប់​ផ្កាយ៤ ផ្កាយ៥ និង​សណ្ឋាគារ​លំដាប់​ផ្កាយ៦ វីឡា​ប្រណីត​និង​ខុន​ដូ PGA ទីលាន​វាយ​កូន​ហ្គោល ១៨រន្ធ ដែល​រចនា​ដោយ​អេ​រី​នី​អេ​លស៍។ កន្លែង​ស្នាក់នៅ​ផ្តាច់​មុខការ​លក់រាយ ការបរិភោគ ការកំសាន្ត​សៀគ្វី​អន្តរជាតិ សាកលវិទ្យាល័យ​មេ​ហ្គា​វ៉ាន់ និង​កន្លែង​គាំទ្រ​ផ្សេងទៀត។

ទី៥ រមណីយដ្ឋាន​លើ​កោះ​សិប្បនិម្មិត​ធំជាងគេ​បំផុត របស់​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី។

រមណីយដ្ឋាន Melaka គឺជា​ការអភិវឌ្ឍ​នៅលើ​កោះ​សិប្បនិម្មិត នៅ​ម៉ា​ឡា​កាប្រទេស​ម៉ាឡេស៊ី។ ការងារ​អភិវឌ្ឍន៍​បានចាប់ផ្តើម​នៅ​ខែកុម្ភៈ​ឆ្នាំ២០១៤ ហើយ​ត្រូវបាន​រំពឹងថា​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៥ ។

ផ្នែក​ខ្លះ​នៃ​កន្លែង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​បើក​ដំណើរការ នៅពេលដែល​ជំងឺ​រាតត្បាត Covid បានបញ្ចប់៕

កម្ពុជា និងសម្ព័ន្ធហិរញ្ញវត្ថុប្រទេសកូរ៉េ ចុះអនុស្សារណៈយោគយល់បង្កើតសមិទ្ធផលការទូតសេដ្ឋកិច្ចថ្មី

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែស្អិតល្មួត និងផ្តល់ផលប្រយោជន៍ដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង និងសម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group បានចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នាក្នុងការផ្ដល់នូវកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ជាសមិទ្ធផលថ្មីមួយទៀត នៃការងារការទូតសេដ្ឋកិច្ចដែលស្ថានទូតកម្ពុជាសម្រេចបាន។

លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១បានបញ្ជាក់ប្រាប់ថា អនុស្សារណៈ នៃការយោគយល់គ្នារវាងភាគីទាំងពីរនេះ ផ្តោតសំខាន់ទៅលើការលើកកម្ពស់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា កិច្ចគាំពារផ្សេងៗដល់ពលរដ្ឋខ្មែរនៅកូរ៉េ និងការផ្ដល់ឱកាសដល់និស្សិតខ្មែរយើងបានបំពេញកម្មសិក្សានៅក្នុងធនាគារ DGB។

ឯកសារអនុស្សរណៈនេះ នឹងក្លាយជាឯកសារតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងគោលបំណងបង្កើនចំណងមិត្តភាព និងផ្តល់ជាផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលនៅក្នុងប្រទេសកូរ៉េ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។

អនុស្សរណៈនេះផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
*កិច្ចសហការរវាងភាគីទាំងពីរក្នុងការអនុវត្តកម្មវិធីសង្គមនានា ដែលមានអត្ថប្រយោជន៍ចំពោះជនជាតិខ្មែរដែលរស់នៅកូរ៉េ និងនៅកម្ពុជា
*សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group ផ្តល់ឱកាសគាំទ្រដល់សិស្ស-និស្សិតកម្ពុជា អាចចូលរួមក្នុងកម្មវិធីចុះកម្មសិក្សានានានៅក្នុងប្រទេសកូរ៉េ ក៏ដូចជាផ្តល់ជូនវគ្គសិក្សា ការបំពាក់បំប៉នជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារ សម្រាប់សិស្ស និស្សិតកម្ពុជាផងដែរ
*សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នឹងផ្តល់នូវអត្រាការប្រាក់ទាបពិសេសសម្រាប់ពលករខ្មែរយើង ដែលមានបំណងចង់ទទួលប្រាក់កម្ចីពីធនាគារ
*សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នឹងជួយឧបត្ថម្ភដល់ស្ថានទូតកម្ពុជា ក្នុងករណីដែលស្ថានទូតកម្ពុជារៀបចំព្រឹត្តិការណ៍សំខាន់ៗណាមួយ
*ស្ថានទូតកម្ពុជា នឹងសម្របសម្រួល និងផ្តល់ការប្រឹក្សាយោបល់ចាំបាច់នានាជូនដល់សម្ព័ន្ធហិរញ្ញវត្ថុ DGB ពាក់ព័ន្ធនឹងបរិយាកាសធុរកិច្ច សង្គម សេដ្ឋកិច្ច នៅក្នុងកម្ពុជា ដើម្បីអាចជួយគាំទ្រដល់ការធ្វើធុរកិច្ច ក៏ដូចជាគម្រោងសំខាន់ៗនានារបស់សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នៅក្នុងប្រទេសកម្ពុជា។

សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នេះជាសម្ព័ន្ធដែលគ្រប់គ្រងទៅលើក្រុមហ៊ុន និងធនាគារបុត្រសម្ព័ន្ធដទៃទៀតចំនួន៨ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានកេរ្តិ៍ឈ្មោះល្បីផងដែរ។
កាលពីពេលកន្លងទៅថ្មីៗនេះ ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ ក៏បានចុះអនុស្សរណៈនៃការយោគយល់មួយផ្សេងទៀតជាមួយនឹងមន្ទីរពេទ្យដ៏ល្បីមួយឈ្មោះរបស់ប្រទេសកូរ៉េ ដែលក្នុងនោះបានពាំនាំយកមកនូវអត្ថប្រយោជន៍ ជាច្រើន ក្នុងវិស័យសុខាភិបាលសម្រាប់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ៕

ខេត្តកណ្តាលបានក្លាយជាខេត្តគំរូដែលបានបញ្ចប់ផែនការហេដ្ឋារចនាសម្ព័ន្ធ និងផែនការប្រើប្រាស់ដី

ដោយ:គង់ សូរិយា

កណ្តាលៈ ខេត្តកណ្តាលបានក្លាយជាមូលដ្ឋានគំរូ ដែលបានបញ្ចប់ផែនទីកំណត់តំបន់ប្រើប្រាស់ដីសម្រាប់ពេលអនាគត និងផែនទីហេដ្ឋារចនាសម្ព័ន្ឋលើ១១ក្រុង ស្រុកទូទាំងខេត្ត។

លោកបណ្ឌិតវ៉ាន់ វ៉ាតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៥ កុម្ភៈនេះថា ផែនការដ៏មានសារៈសំខាន់ទាំងពីរនេះ បានទទួលការអនុម័តដោយអភិបាលខេត្តរួចហើយ ដែលមានន័យថា អ្វីដែលបានរៀបចំនេះ អាចយកទៅប្រើប្រាស់ជាមូលដ្ឋាន នៃការអភិវឌ្ឍបានហើយ។

លោកបន្តថា “ផែនទីប្រើប្រាស់ដី និងផែនទីហេដ្ឋារចនាសម្ព័ន្ឋនេះ មិនខុសពីប្លង់គោលនោះឡើយ គ្រាន់តែប្លង់គោលត្រូវអនុម័ត ឬស៊ីញ៉េ ដោយរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។លោកបន្តថា “ផែនទីបែបនេះ ពិតជាជួយច្រើនដល់ការរៀបចំផែនការអភិវឌ្ឍកុំឲ្យមានភាពច្របូកច្របល់ ព្រោះផែនទីនេះបានកំណត់តំបន់និមួយៗមានភាពច្បាស់លាស់ទាក់ទងនឹងការអភិវឌ្ឍ”។

ផែនទីប្រើប្រាស់ដីនេះ បានកំណត់ទាំងហេដ្ឋារចនាសម្ព័ន្ឋ និងផែការប្រើប្រាស់ដីជាក់លាក់ ដូចជា តំបន់ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម តំបន់កសិកម្ម ត្រូវរៀបចំទំហំផ្លូវបែបណានៅតាមមូលដ្ឋាននិមួយៗ។

លោកបណ្ឌិតវ៉ាន់ វ៉ាតបានបន្តថា តាមរយៈផែនទីរៀបចំហេដ្ឋារចនាសម្ព័ន្ឋនាពេលអនាគតនេះ យើងបានកំណត់ផ្លូវនៅតាមឃុំទំហំ៨ម៉ែត្រ និងសំរាប់ផ្លួវទាល់មានទំហំ៦ម៉ែត្រ ប៉ុន្តែសម្រាប់់ផ្លូវធំបំផុតមានទំហំ៤០ ទៅ៥០ម៉ែត្រ និងផ្លូវមេរបស់ខេត្តដែលជាផ្លូវហាយវេអាចមានទំហំជាង១០០ម៉ែត្រ បើបូកបញ្ចូលដីចំណីផ្លូវ និងផ្លូវទឹក។

លោកបន្តថា “ក្រោមការដឹកនាំរបស់អភិបាលខេត្ត និងរដ្ឋមន្រ្តីក្រសួងដែនដី ខេត្តបានធ្វើការងារយ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ច និងការរីកចម្រើននៅតាមមូលដ្ឋាន”។

ហេតុនេះក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ឋ ដែលមានបំណងកសាងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ សូមប្រើប្រាស់ផែនទីនេះ ព្រោះវាជួយសន្សំសំចៃថវិកាជាតិដល់រាប់ពាន់លានដុល្លារអាមេរិក។

យោងតាមស្ថិតិជំរឿនប្រជាពលរដ្ឋ កាលពីឆ្នាំ២០១៩បានបង្ហាញថា ខេត្តកណ្តាលមានក្រុង និងស្រុកចំនួន១១ និងមានប្រជាជនរស់នៅសរុប១,១៨០,៤៣១នាក់ ក្នុងនោះ​ប្រុសចចំនួន៥៦៩,៤១៧ និងស្រីចំនួន៦១១,០១៤នាក់៕

រដ្ឋាភិបាលបានចំណាយថវិកាជាង២៣០លានដុល្លារ បើកជូនគ្រួសារក្រីក្រក្នុងអំឡុងពេលវិបត្តិកូវីដ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ទៅលើទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស បានចំណាយថវិកាជាង២៣០លានដុល្លារលើការបើកជូនគ្រួសារក្រីក្រដែលជួបការលំបាកនៅក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩កាលពីពេលកន្លងទៅនេះ។

តាមរយៈរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចំនួនគ្រួសារក្រីក្រ (ទាំងក្រីក្រកម្រិត១ និងក្រីក្រកម្រិត២) ដែលទទួលបានការឧបត្ថម្ភមាន ៦៨៨ ៥៣៩គ្រួសារ។ ក្នុងនោះគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ រាជរដ្ឋាភិបាល បានផ្ដល់ការអន្ដរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចំណាយថវិការដ្ឋចំនួន ៩២២ ៣១៥ ៨៤៤ ០០០រៀល (ប្រាំបួនរយម្ភៃពីរប៊ីលាន បីរយដប់ប្រាំលាន ប្រាំបីរយសែសិបបួនពាន់រៀល) ស្មើនឹង២៣០.៥៨លានដុល្លារអាមេរិក។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានផ្ដើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន៤ជុំ មាន៨លើករួចមកហើយ។

ពាក់ព័ន្ធទៅនឹងភាពប្រឈមនៃវិបត្តិរីករាលដាលជំងឺកូវីដ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈដែលកំពុងផ្ទុះនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន បានទទូចស្នើដល់ប្រជាជនទូទាំងប្រទេសឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំ៣ការពារ និង៣កុំ ដើម្បីចូលរួមជួយទប់ស្កាត់ការរាលដាលកាន់តែធ្ងន់ធ្ងរជាងនេះ៕

កម្ពុជាប្រទេសតូចតែចិត្តធំ ៖ ប្រកាសចាក់វ៉ាក់សាំងដល់ជនបរទេសទាំងអស់ដោយឥតគិតថ្លៃ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសប្រាប់ពិភពលោកថា នឹងធ្វើការចាក់សាំងជូនដល់ជនបរទេសទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញដោយប្រាប់ទៅកាន់ទូតបរទេសទាំងអស់ និងអង្គការសហប្រជាជាតិប្រចាំកម្ពុជាថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាពេលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងចាក់វ៉ាក់សាំងកូវីដដល់ជនបរទេសទាំងអស់ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា។ ការចាក់វ៉ាក់សាំងនេះ មិនគិតថ្លៃ តាមគម្រោងនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា។

នៅក្នុងលិខិតដដែលនេះ ក្រសួងការបរទេសបានលើកឡើងថា ដំណើរការចាក់វ៉ាក់សាំងកូវីដដល់ជនបរទេសនៅកម្ពុជានឹងត្រូវជូនដំណឹងជាក់លាក់នៅពេលក្រោយ។
ដំណឹងនៃការចាក់វ៉ាក់សាំងដល់ជនបរទេសនេះ ត្រូវបានស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្រកាសតាមហ្វេសប៊ុកផ្លូវការកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ។

ជុំវិញគម្រោងចាក់វ៉ាក់សាំងដល់ជនបរទេសនេះផងដែរ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសមិនបានបញ្ជាក់លម្អិតនោះទេ ដោយលោកជំរុញឱ្យសួរទៅខាងក្រសួងសុខាភិបាល ខណៈដែលក្រសួងសុខាភិបាលក៏នៅមិនទាន់បានបកស្រាយបញ្ជាក់ឱ្យបានច្បាស់ពីគម្រោងផែនការមួយនេះនៅឡើយ៕

Facebook ប្រកាសវិនិយោគទឹកប្រាក់១ពាន់លានដុល្លារដើម្បីគាំទ្រវិស័យសារព័ត៌មានរយៈពេល៣ឆ្នាំខាងមុខ

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនហ្វេសប៊ុក (Facebook) កាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ប្រកាសថានឹងវិនិយោគទឹកប្រាក់ យ៉ាងហោចណាស់១ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រសារព័ត៌មានក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម    យក្សនេះ បានការពារការក្តីជម្លោះជាមួយអូស្រ្តាលី លើការទូទាត់ប្រាក់ទៅឱ្យអង្គភាពសារព័ត៌មាន។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានផ្នែកកិច្ចការទំនាក់ទំនងពិភពលោករបស់ក្រុមហ៊ុន Facebook លោកNick Clegg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនមានឆន្ទៈក្នុងការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ខណៈពេលដែលរំលឹកឡើងវិញ នូវការព្រួយបារម្ភរបស់ខ្លួនចំពោះការបង់ប្រាក់ ដែលត្រូវបានកំណត់ដោយក្រុមហ៊ុន។

លោកបានបន្តថា “យើងទទួលស្គាល់យ៉ាងច្បាស់ នូវវិជ្ជាជីវៈសារព័ត៌មាន ដែលជាចំណុចស្នូល នៃសង្គមសេរី ដោយពលរដ្ឋអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ”។

លោក Clegg បាននិយាយដូច្នេះ បន្ទាប់ពីFacebook ស្តារតំណភ្ជាប់ព័ត៌មានជាផ្នែកមួយ នៃការសម្របសម្រួលជាមួយមន្រ្តីអូស្រ្តាលីថា “Facebook មានឆន្ទៈធ្វើជាដៃគូជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាន”។

លោក Clegg បានការពារក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គមយក្សរបស់អាមេរិក​នេះ នៅក្នុងការសរសេរប្លុកមួយ ដែលមានចំណងជើងថា “រឿងរ៉ាវពិតនៃអ្វីដែលបានកើតឡើង ជាមួយព័ត៌មាននៅលើ Facebook នៅអូស្ត្រាលី”។

វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ មានភាពចម្រូងចម្រាស បន្ទាប់ពីបានលុបចោ​លទំព័រប្រព័ន្ធផ្សព្វផ្សាយនានា សម្រាប់អ្នកប្រើប្រាស់អូស្រ្តាលី និងរារាំងពួកគេពីការចែករំលែកមាតិកាព័ត៌មានណាមួយ។

លោកClegg បានអះអាងនៅក្នុងការប្រកាសរបស់លោកថា ចំណុចសំខាន់នៃភាពចម្រូងចម្រាស គឺជាការយល់ច្រឡំ អំពីទំនាក់ទំនងរវាងFacebook និងអ្នកបោះពុម្ពផ្សាយព័ត៌មាន។

លោកបាននិយាយថា “ការអះអាងនេះបានធ្វើឡើងម្តងហើយម្តងទៀត យ៉ាងទូលំទូលាយ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលថា Facebook លួចឬយកសារព័ត៌មានដើម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច ហើយវានៅតែមិនមែនជាពិត”៕