ដោយ សុខុម
ចិន៖ រះយ៉ាងខ្ពស់ត្រដែតនៅលើមាត់ច្រាំងភាគត្បូងនៃបឹងថៃហ៊ូ (Taihu Lake) ស្ថិតក្នុងក្រុងហ៊ូចូវ (Huzhou) ខេត្តចឺជាំង (Zhejiang) នោះគឺជាសំណង់សណ្ឋាគារលំដាប់ផ្កាយ៧ ដំបូងបង្អស់នៅក្នុងប្រទេសចិន។

ដោយ សុខុម
ចិន៖ រះយ៉ាងខ្ពស់ត្រដែតនៅលើមាត់ច្រាំងភាគត្បូងនៃបឹងថៃហ៊ូ (Taihu Lake) ស្ថិតក្នុងក្រុងហ៊ូចូវ (Huzhou) ខេត្តចឺជាំង (Zhejiang) នោះគឺជាសំណង់សណ្ឋាគារលំដាប់ផ្កាយ៧ ដំបូងបង្អស់នៅក្នុងប្រទេសចិន។

សណ្ឋាគារ Moon Hotel Huzhou ដែលមានឈ្មោះផ្លូវការ Sheraton Huzhou Hot Spring Resort នេះគឺជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោមួយក្នុងចំណោមសំណង់ស្ថាបត្យកម្មកំពូលៗនៅក្នុងប្រទេសចិន។
អគារដែលមានរចនាប័ទ្មប្លែកអស្ចារ្យនេះក៏មានរហស្សនាមថា “Horseshoe Hotel” (សណ្ឋាគារស្បែកជើងសេះ) និង “Doughnut Hotel” (សណ្ឋាគារនំដូណាត់) ផងដែរ ព្រោះតែវាមានសណ្ឋានជារង្វង់មូល ហើយមានប្រហោងកណ្ដាលប្រៀបដូចនំដូណាត់ ឬស្បែកជើងសេះនោះឯង។
ក្រៅពីមានសណ្ឋានជារង្វង់មូល សំណង់ស្ថាបត្យកម្មដ៏កំពូលមួយនេះក៏ស្ថិតនៅទីតាំងធម្មជាតិដ៏ស្រស់ស្អាត ដែលយើងមើលទៅឃើញវាផុសត្រដែតផុតពីផ្ទៃទឹក ហើយចន្លោះកណ្ដាលគឺជាផ្លូវទឹកដែលទូក ឬកាណូតធំល្មមអាចឆ្លងកាត់បានយ៉ាងអស្ចារ្យ។

អគារ២៧ជាន់ដែលមានកម្ពស់១០១,២ម៉ែត្រ និងទទឹង១១៦ម៉ែត្រនេះត្រូវបានគូរប្លង់ដោយលោក ម៉ា យ៉ានសុង (Ma Yansong) ជាកំពូលស្ថាបត្យករជនជាតិចិន ដែលមានឈ្មោះល្បីល្បាញពេញពិភពលោក និងដំណើរការសាងសង់ដោយក្រុមហ៊ុន Shanghai Feizhou Group។ ការសាងសង់អគារនេះបានបញ្ចប់ជាស្ថាពរនៅខែតុលា ឆ្នាំ២០១៣ ហើយវាជាហ្វ្រែនឆាយមួយរបស់សម្ព័ន្ធសណ្ឋាគារប្រណីតអន្តរជាតិ Sheraton Hotels and Resort។
នៅពេលរាត្រី អគារនេះបញ្ចេញសម្រស់កាន់តែស្រស់ស្អាត នៅពេលអំពូលភ្លើង LED ដែលបំពាក់ក្នុងសណ្ឋាគារនេះបញ្ចេញពន្លឺជះស្រមោលទៅលើផ្ទៃទឹកបឹងដែលខណ្ឌចែកក្រុងណានជីង និងក្រុងសៀងហៃ នេះបង្កើតបានជាផ្ទាំងទស្សនីយភាពអស្ចារ្យ។
សណ្ឋាគារនេះមានបន្ទប់ធម្មតាចំនួន៣២១បន្ទប់ បន្ទប់ប្រភេទ Villa Room ចំនួន៣៧បន្ទប់ និងបន្ទប់ស្វីត (suite) ចំនួន ៤៤បន្ទប់ បន្ទប់ប្រធានាធិបតី (Presidential Suite) ១បន្ទប់ ក្លឹបហាត់ប្រាណ១ ភោជនីយដ្ឋាន៤ ហាងកាហ្វេ១ និងអាងហែលទឹកកុមារ១ ។

វាគ្មានអ្វីចម្លែកនោះទេ ដែលសំណង់ស្ថាបត្យកម្មមួយនេះបានជាប់ឈ្មោះក្នុងចំណោមអគារស្រស់ស្អាតកំពូលទាំង៨នៅក្នុងប្រទេសចិន ដោយសារតែរចនាប័ទ្មលេចធ្លោ និងប្លែកអស្ចារ្យ៕
