Facebook ប្រកាសវិនិយោគទឹកប្រាក់១ពាន់លានដុល្លារដើម្បីគាំទ្រវិស័យសារព័ត៌មានរយៈពេល៣ឆ្នាំខាងមុខ

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនហ្វេសប៊ុក (Facebook) កាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ប្រកាសថានឹងវិនិយោគទឹកប្រាក់ យ៉ាងហោចណាស់១ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រសារព័ត៌មានក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម    យក្សនេះ បានការពារការក្តីជម្លោះជាមួយអូស្រ្តាលី លើការទូទាត់ប្រាក់ទៅឱ្យអង្គភាពសារព័ត៌មាន។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានផ្នែកកិច្ចការទំនាក់ទំនងពិភពលោករបស់ក្រុមហ៊ុន Facebook លោកNick Clegg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនមានឆន្ទៈក្នុងការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ខណៈពេលដែលរំលឹកឡើងវិញ នូវការព្រួយបារម្ភរបស់ខ្លួនចំពោះការបង់ប្រាក់ ដែលត្រូវបានកំណត់ដោយក្រុមហ៊ុន។

លោកបានបន្តថា “យើងទទួលស្គាល់យ៉ាងច្បាស់ នូវវិជ្ជាជីវៈសារព័ត៌មាន ដែលជាចំណុចស្នូល នៃសង្គមសេរី ដោយពលរដ្ឋអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ”។

លោក Clegg បាននិយាយដូច្នេះ បន្ទាប់ពីFacebook ស្តារតំណភ្ជាប់ព័ត៌មានជាផ្នែកមួយ នៃការសម្របសម្រួលជាមួយមន្រ្តីអូស្រ្តាលីថា “Facebook មានឆន្ទៈធ្វើជាដៃគូជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាន”។

លោក Clegg បានការពារក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គមយក្សរបស់អាមេរិក​នេះ នៅក្នុងការសរសេរប្លុកមួយ ដែលមានចំណងជើងថា “រឿងរ៉ាវពិតនៃអ្វីដែលបានកើតឡើង ជាមួយព័ត៌មាននៅលើ Facebook នៅអូស្ត្រាលី”។

វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ មានភាពចម្រូងចម្រាស បន្ទាប់ពីបានលុបចោ​លទំព័រប្រព័ន្ធផ្សព្វផ្សាយនានា សម្រាប់អ្នកប្រើប្រាស់អូស្រ្តាលី និងរារាំងពួកគេពីការចែករំលែកមាតិកាព័ត៌មានណាមួយ។

លោកClegg បានអះអាងនៅក្នុងការប្រកាសរបស់លោកថា ចំណុចសំខាន់នៃភាពចម្រូងចម្រាស គឺជាការយល់ច្រឡំ អំពីទំនាក់ទំនងរវាងFacebook និងអ្នកបោះពុម្ពផ្សាយព័ត៌មាន។

លោកបាននិយាយថា “ការអះអាងនេះបានធ្វើឡើងម្តងហើយម្តងទៀត យ៉ាងទូលំទូលាយ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលថា Facebook លួចឬយកសារព័ត៌មានដើម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច ហើយវានៅតែមិនមែនជាពិត”៕

ក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោករបស់កូរ៉េ កំពុងពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា

ដោយៈ រ៉ាណេត

កូរ៉េៈ ក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោកមួយរបស់កូរ៉េ ដែលមានដើមទុនរាប់ពាន់លានដុល្លារ និងមានជំនាញក្នុងការផលិតសម្បកកង់រថយន្ត សម្រាប់ដាក់លក់នៅលើទីផ្សារពិភពលោក និងចែកចាយចំនួន១៣២ប្រទេសបាននិងកំពុងសិក្សា និងពិនិត្យពីលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគ នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

លោកថន ដារ៉ា នាយការិយាល័យអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១បានពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុន NEXEN TIRE ដែលជាក្រុមហ៊ុនផលិតសម្បកកង់រថយន្តដ៏ធំប្រចាំ នៅប្រទេសកូរ៉េពីភាពជាដៃគូវិនិយោគ រវាងក្រុមហ៊ុនឯកជនកូរ៉េជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

នៅក្នុងដំណើរទស្សនៈកិច្ចក្នុងក្រុមហ៊ុន NEXEN TIRE នៅទីក្រុងឆាងវ៉ុន ប្រទេសកូរ៉េ លោកថន ដារ៉ាបានលើកឡោះងថា កម្ពុជានាពេលបច្ចុប្បន្នមានវឌ្ឍនភាព និងភាពរីកចម្រើនស្ទើរគ្រប់វិស័យ ដែលបានផ្តល់ឱកាសដល់វិនិយោគិនអន្តរជាតិនានា ដែលក្នុងនោះក្រុមហ៊ុនកូរ៉េជាច្រើន កំពុងមានដំណើរប្រតិបត្តិការនៅកម្ពុជា ក្នុងវិស័យជាច្រើនដូចជា ធនាគារ អចលនទ្រព្យ ឧស្សាហកម្ម កសិឧស្សាហកម្ម និងផ្នែកសេវាកម្មផងដែរ។

ជាមួយគ្នានេះ លោកក៏បានស្នើឱ្យប្រធានក្រុមហ៊ុន ពិនិត្យមើលលទ្ធភាពវិនិយោគនៅកម្ពុជា ព្រមទាំងស្នើឲ្យក្រុមហ៊ុនទទួលទិញជ័រកៅស៊ូ ពីប្រទេសកម្ពុជា ព្រោះជ័រកៅស៊ូនៅកម្ពុជាមានគុណភាពខ្ពស់ និងតម្លៃធូរថ្លៃ។

ជាការឆ្លើយតប លោក Lee Sung Jae ប្រធានគ្រប់គ្រងរោងចក្រផលិតកង់រថយន្ត NEXEN TIRE សាខាឆាងវ៉ុន នៃប្រទេសកូរ៉េបានទទួលយកសំណើរ ដើម្បីសិក្សាលម្អិត និងពិនិត្យមើលពីលទ្ធភាព ក្នុងការវិនិយោគជាដៃគូជាមួយកម្ពុជា ជាពិសេសការសិក្សាពីតម្រូវការទីផ្សារជ័រកៅស៊ូរបស់កម្ពុជាផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន NEXEN TIRE ដែលមានជំនាញក្នុងការផលិតសម្បកកង់រថយន្តមួយនេះមានរោងចក្រធំៗចំនួន៤ទីតាំង គឺរោងចក្រនៅសាធាររដ្ឋកូរ៉េចំនួន២ រោងចក្រនៅប្រទេសចិនចំនួន១ និងរោងចក្រនៅប្រទេសឆេកូចំនួន១។ ដោយឡែកចំពោះរោងចក្រនៅឆាងវ៉ុននេះ មានកម្លាំងផលិតបានក្នុង១ថ្ងៃ រហូតដល់ទៅ៥០០០០០ សម្បកកងរថយន្ត ដោយក្នុង១ថ្ងៃលក់ចេញចំនួន៣២០,០០០កង់រថយន្ត និងផ្គត់ផ្គង់ទៅកាន់ទីផ្សារសាកលចំនួន១៣២ប្រទេស ដោយក្នុងនោះទីផ្សារសំខាន់ៗ គឺប្រទេសនៅប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិក៕

ខេត្តសៀមរាបជ្រើសរើសក្រុង ស្រុកចំនួនបី ដើម្បីសិក្សាការគ្រប់គ្រងសំណល់សរីរាង្គ

ដោយ:គង់ សូរិយា

សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបបានសម្រេចជ្រើសរើសតំបន់ចំនួនបី ក្នុងស្រុកបី ដើម្បីសិក្សាលើការគ្រប់គ្រងសំណល់សរីរាង្គ ដែលជាផ្នែកមួយនៃការចូលរួមលើកកំពស់បរិស្ថានស្អាត។

អភិបាលរងខេត្តសៀមរាប លោក ពៅ ពិសិដ្ឋបានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាស្តីពីលទ្ធផល នៃការសិក្សាសមិទ្ធផល ក្នុងការគ្រប់គ្រងសំណល់សរីរាង្គដែរកំពុងអនុវត្តគោលដៅ៣កន្លែងក្នុង ខេត្តសៀមរាប។ លោកបន្តថា គម្រោងនេះ ត្រូវបានសិក្សាអំពីការគ្រប់គ្រងសំណល់សរីរាង្គ នៅគោលដៅចំនួន៣ គឺក្រុងសៀមរាប ស្រុកសូទ្រ​និគម ស្រុកប្រាសាទបាគង ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ ២០២០ ដោយអង្គការហ្រ្កេត ក្រោមជំនួយរបស់SYCTOM និងHauts -de -seine នៃប្រទេសបារាំង។

ជាមួយនឹងសិក្ខាសាលានេះ អង្គប្រជុំបានធ្វើការសិក្សាលើចំណុចបីសំខាន់ ដូចជាទី១ ដើម្បីធ្វើការវិនិច្ឆ័យ ស្ថានភាពបច្ចុប្បន្នទាក់ទង នឹងការគ្រប់គ្រងសំណល់រឹងក្នុងតំបន់ដែលបានកំណត់ដូចជាក្រុងសៀមរាប ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម។ ទី២ដើម្បីកំណត់ការចាប់អារម្មណ៍ និងឆន្ទះរបស់កសិករក្នុងការប្រើប្រាស់ និងទិញជីកំប៉ុស្តដែលផលិតចេញពីសំណល់សរីរាង្គទីក្រុងនាពេលអនាគត និងទី៣ ដើម្បីបង្កើតសេនារីយ៉ូខុសៗគ្នា ទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង រួមមាន ផលប៉ះពាល់ និរន្តភាព និងទំហំអន្តរាគមន៍រួមទាំងវាយតម្លៃលទ្ធភាព និងឆន្ទះរបស់អាជ្ញាធរ ក្នុងការចំណាយលើប្រតិបត្តិការសម្រាប់ធ្វើប្រព្រឹត្តកម្មសំណល់រឹង៕

អ្នកឧកញ៉ាគិត ម៉េងលើកឡើងពីតម្លៃស្នូលនៃមិត្តភាពកម្ពុជា ចិន

ដោយ:គង់ សូរិយា

        ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងវាយតម្លៃថា ទំនាក់ទំនងមិត្តភាពកម្ពុជា- ចិនបានពង្រឹងខ្លួនកាន់តែរឹងមាំនៅក្នុងរយៈពេល៦៣ឆ្នាំចុងក្រោយនេះ។

អ្នកឧកញ៉ាបានបន្តថា ជាក់ស្ដែងមហាគម្រោង «ខ្សែក្រវាត់មួយផ្លូវមួយ» ដែលដឹកនាំ ដោយសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់នូវឱកាសមហាសាលសម្រាប់ភាពជាដៃគូពាណិជ្ជកម្ម និងវប្បធម៌ទ្វេភាគីជាច្រើនរវាងកម្ពុជា-ចិន។

អ្នកឧកញ៉ា គិត ម៉េងបានបន្តទៀតថា ក្នុងចំណោមគម្រោងជាច្រើន ដែលស្ថិតក្រោ​មគំនិតផ្តួចផ្តើមនេះ គម្រោងសាងសង់អគារពហុបំណងអន្តរជាតិ គម្រោងទំនប់វារីអគ្គិស​នី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងផ្លូវត្រង់រវាងភ្នំពេញ និងក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននឹងកំពុងត្រៀមខ្លួន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ ស្របនឹងគំនិតផ្ដួចផ្ដើមនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏បានសបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំ របស់ប្រជាជាតិទាំងពីរ និងជាកត្តាសំខាន់ចូលរួម ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងផងដែរ។

ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា  “ខ្ញុំបានឃើញពីកិច្ចសហប្រតិបត្តិការ ប្រកបដោយជោគជ័យជាច្រើន រវាងប្រទេសទាំងពីរ។ ខ្ញុំសូមកោតសរសើរ ចំពោះសម្ព័ន្ធភាពដ៏ឧត្ដុងឧត្តមរបស់កម្ពុជា និងចិន ដែលបានខិតខំកសាងឡើងអស់រយៈកាលជាយូរមកហើយ”។ លោកបន្តថា “ខ្ញុំនឹងទន្ទឹងរង់ចាំទទួលស្វា​គមន៍ វិនិយោគិន និងធុរជនចិនជ្រើសរើសប្រទេសកម្ពុជា ជាប្រទេសចម្បងក្នុងការសិក្សានិងស្វែងរកឱកាសវិនិយោគកាន់តែច្រើនថែមទៀតនៅក្នុងឆ្នាំ២០២១នេះ”។

អ្នកឧកញ៉ាគិត ម៉េងបានសម្តែងសុទិដ្ឋិនិយមថា ឆ្នាំថ្មីឆ្នាំឆ្លូវនេះ កម្ពុជានឹងចិននឹងនៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដ៏រឹងមាំនេះ ព្រមទាំងទទួលបានកាលានុវត្តភាព ក្នុងការបន្តសហការគ្នាលើគម្រោងផ្សេងៗជាច្រើនទៀត៕

ការដោះស្រាយផលប៉ះពាល់ពីគម្រោងសាងសង់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មីកំពុងដំណើរការដោយរលូន

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងដំណើរការ និងសកម្មភាពសាងសង់យ៉ាងសកម្ម ដើម្បីឈានទៅរកការបញ្ចប់គម្រោង ក្នុងដំណាក់ដំបូងនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ ការដោះស្រាយបញ្ហា និងផលប៉ះពាល់គម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីគិតមកដល់ដើមឆ្នាំ២០២១នេះ សម្រេចបានប្រមាណ៤៤ភាគរយហើយ ខណៈដែលលទ្ធផលនៃការសាងសង់សម្រេចបានប្រមាណ៣០ភាគរយ។

ប្រធានប្រឹក្សាខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានមានប្រសាសន៍ឱ្យដឹងនៅក្នុងសប្ដាហ៍នេះថា រហូតមកដល់ពេលនេះ បើទោះជាកំពុងញាំញីដោយវិបត្តិជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែសកម្មភាពនៃការសាងសង់ គម្រោងព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី នៅតែបន្តយ៉ាងមមាញឹក ដោយមិនមានការផ្អាកនោះទេ។

លោកបានបញ្ជាក់ថា “សកម្មភាពសាងសង់គឺមានភាពរលូន និងអភិវឌ្ឍទៅមុខស្របតាមផែនការដែលបានគ្រោងទុក ពោលគឺអាចនឹងបញ្ចប់ក្នុងដំណាក់ដំបូងនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ”។លោកបន្តថា “ប៉ុន្តែមិនមែនសម្រេចបានការសាងសង់ ផ្លូវរត់ទាំង៤ខ្សែនោះទេ អាចបានត្រឹមមួយខ្សែ ឬពីរខ្សែ សម្រាប់ដាក់ឱ្យយន្តហោះដំណើរការរត់ ក្នុងជំហានបឋម ហើយក្រុមហ៊ុនជំនាញនឹងបន្តការសាងសង់ និងស្ថាបនាបន្ថែមទៀតនៅក្នុងដំណាក់កាលទី២ និងឈានទៅរកដំណាក់ទី៣ដើម្បីបញ្ចប់គម្រោងធំរួមតែម្ដង”។

ជាមួយនឹងការបញ្ជាក់ពីដំណើរការ នៃការសាងសង់ព្រលានយន្តអន្តរជាតិខ្នាតធំលើកដំបូងនៅក្នុងប្រទេសកម្ពុជា លោកម៉ៅ ភិរុណ ក៏បានប្រាប់ឱ្យដឹងផងដែរថា គិតត្រឹមដើមឆ្នាំ២០២១នេះ ការដោះស្រាយទៅលើផលប៉ះពាល់ នៃគម្រោងសាងសង់ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធបានប្រមាណ៤៤ភាគរយហើយ ពោលគឺផ្ទៃដីដែលបានដោះស្រាយរួចរាល់មានប្រមាណ១,១ពាន់ហិកតានៃផ្ទៃដីសរុបទំហំប្រមាណ២,៦ហិកតា ដែលស្ថិតនៅព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា គម្រោងសាងសង់មាន៣ដំណាក់កាល។

អាកាសយានដ្ឋានថ្មីនេះជាប្រភេទ 4F ដែលអាចឱ្យយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើង ក្រោយពីព្រលានយន្តហោះអន្តរជាតិថ្មីនេះសាងសង់រួច។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ ឱ្យបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះក្នុងតំណាក់កាលទី១៕

សម្ដេចតេជោៈ បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

ដោយៈ ប៊ី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការលើកឡើងបែបននេះរបស់សម្ដេចតេជោ ត្រូវបានធ្វើឡើង ក្នុងសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» អមជាមួយការប្រកាស «ចលនាប្រលងប្រណាំងទីក្រុងស្អាតលើកទី៣» ដែលចេញផ្សាយលើ Page Facebook ផ្លូវការរបស់សម្តេច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេចតេជោបានមានប្រសាសន៍ថា លើសពីនេះទៀត ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបានតាមបំណងប្រថ្នារបស់ខ្លួនសំដៅបន្តកែលម្អជីវភាព និងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់យើងសម្រាប់កូវចៅជំនាន់ក្រោយៗទៀត។

សម្តេចតេជោបានបន្ថែមថា ក្នុងនោះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗជាអាទិ៍៖ ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម។

ក្នុងស្មារតីឆ្លើយតបទៅននឹងការវិវត្តន៍ និងនិន្នាការអភិវឌ្ឍន៍ថ្មីៗនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នាគឺ៖ ការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធនាចីរភាពនៃការអភិវឌ្ឍ។

ឈរលើមូលដ្ឋាននេះកម្ពុជាក៏បានដាក់ចេញនូវយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។

សម្តេចបានថ្លែងបន្តថា ឆ្នាំនេះ គឺជាឆ្នាំទី៩ ដែលយើងប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” អមជាមួយការប្រកាស “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី”។

តាមរយៈប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងមាន “ភាពស្អាត និងបៃតង” យកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាតើ មានការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលទីជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រកដសម្រាប់ការនៅពួកគាត់៕

ចំណុចសំខាន់ៗចំនួន៧ ដែល​អ្នកវិនិយោគ​គួរ​ដឹង​ពី​សារៈសំខាន់​នៃ​ប្លង់គោលសំរាប់​ការអភិវឌ្ឍ

ដោយ​គង់ សូរិយា

ភ្នំពេញៈ ការអភិវឌ្ឍន៍​ដោយ​គ្មាន​ការប្រើប្រាស់ ឬ​ឈរលើ​មូលដ្ឋាន​ច្បាស់លាស់ នឹងធ្វើ​ឲ្យ​តំបន់​មួយ​ឬ​ទីក្រុង​មួយ គ្មាន​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ ហេតុនេះ​ទើប​ប្លង់គោល​ត្រូវបាន​ចាត់ទុកជា​ផែនទី​ចង្អុល​បង្ហាញផ្លូវ​មួយ ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព។

អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ឯករាជ្យ លោក​បណ្ឌិត​វ៉ាន់ វ៉ាត​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ងា មាន​មូលហេតុ និង​ការងារ​ពាក់ព័ន្ធ​មួយចំនួន ដែល​រដ្ឋាភិបាល​កម្ពុជា​ខិតខំ​ពុះពារ និង​ធ្វើឱ្យ​បានសម្រេច​ប្លង់គោល​ប្រើប្រាស់​ដី​អនាគត ដែលជា​ឧបករណ៍​បង្ហាញ​ទិស​ក្នុងការ​អភិវឌ្ឍ ដូចខាងក្រោម ទី១- ការបាត់បង់​ឯកសារ ឬ​មិនបាន​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​នៅពេល​ប្រទេសជាតិ​ក្រីក្រ ប្រជាជន​តិច សំណង់​ស្តួចស្តើង ទីផ្សារ​ដីធ្លី និង​កំណើនសេដ្ឋកិច្ច​ទាប ជា​ឱកាស​ងាយស្រួល​ក្នុងការ​កសាង និង​អនុវត្តន៍​គម្រោង ហើយ​រដ្ឋ​មិន​ចំណាយធនធាន​និង​ថវិកា​ច្រើន។

ផ្ទុយទៅវិញ​ការរៀបចំ​នៅពេលនេះ រដ្ឋ​មានការ​ខាតបង់ ក្នុងការ​ដោះស្រាយ​គោលនយោបាយ និង​ប្រឈម​ការតវ៉ា​ច្រើន​មុននឹង​ចេញ​បណ្ណ​កម្មសិទ្ធិ ឬ​ធ្វើការ​អភិវឌ្ឍ​នៅតាម​តំបន់​មួយចំនួន ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​នៅ​មិនទាន់​ហួសពេល​ដែរ សម្រាប់​ការខិតខំ​របស់​ប្រទេស​យើង​ចាប់ពីពេលនេះ​តទៅ។

ទី២- កំណើនប្រជាជន ការអភិវឌ្ឍ​កំពុងមាន​ភាព​គំហុក និង​ការផ្សាភ្ជាប់​ជាមួយនឹង​សមាហរណកម្ម​សេដ្ឋកិច្ច​សកលលោក បានធ្វើឱ្យ​តម្រូវការ​ដីធ្លី​កាន់តែ​កើនឡើង ដែល​ធ្វើឱ្យ​រដ្ឋ​ចាំបាច់​ត្រូវ​ចាត់ចែង រៀបចំ​ទុកដាក់​ឱ្យបាន​ល្អប្រសើរ ឬ​ពិនិត្យ​ភាពសមស្រប​នៃ​រាល់​តម្រូវការ​ប្រើប្រាស់​ដី​ធ្លី​ទាំងនោះ​ទៅតាម​ផែនការ និង​ច្បាប់​កំណត់​ត្រឹមត្រូវ។

ទី៣- បច្ចុប្បន្នភាព ប្រភេទ​ដីនីមួយៗ មិនទាន់​ត្រូវបាន​កំណត់ដោយ​ច្បាប់​ក្នុងការ​គ្រប់គ្រង​ឱ្យបាន​ច្បាស់លាស់​នៅឡើយ ដូចជា ការប្តូរ​ប្រភេទ​ដី​ដែល​គ្មាន​ប្លង់គោល​ត្រឹមត្រូវ ការចាក់​លុប​ដី​កសិកម្ម ដី​ព្រែក អូរ ឬ​បឹង​ធម្មជាតិ ដែល​ធ្វើឱ្យ​បាត់បង់​ដី​ដាំ​ដុះ​ជាច្រើន​សម្រាប់​ផលិត​និង​ផ្គត់​ផ្គង់ស្បៀង ធ្វើឱ្យ​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​ផលិតកម្ម និង​ការរស់នៅ ព្រមទាំង​អាច​បាត់បង់​ប្រព័ន្ធ​រំដោះ​ទឹក​នៅពេល​ទឹកជំនន់ និង​គ្រោះធម្មជាតិ​កើតឡើង។

ទី៤- រដ្ឋាភិបាល​មាន​គោលនយោបាយ​តម្រង់ទិស អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ខិតខំ​ជម្រុញ​កំណើនសេដ្ឋកិច្ច​សម្រាប់​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត ដូចនេះ​ចាំបាច់​ត្រូវ​រៀបចំ​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្លង់គោល​ប្រើប្រាស់​ដី ដើម្បី​លើទឹក​ចិត្ត និង​អូសទាញ​ការវិនិយោគ ព្រមទាំង​ពង្រឹង​ការគ្រប់គ្រង ការប្រើប្រាស់​ដី​មាន​ប្រសិទ្ធភាព។

ទី៥- សំណង់​ជាច្រើន​នៅ​កម្ពុជា​បាន​នឹង​កំពុង​លូតលាស់​ខ្លាំង ហើយ​ភាគច្រើន​សាងសង់​តាម​ហេ​ដ្ឋា​រចនា  សម្ព័ន្ធ​ដែលមាន​ស្រាប់ ខ្វះ​ផែនការ​កំណត់​តាម​បច្ចេកទេស​បាន​ត្រឹមត្រូវ ឬ​មិន​គោរព​តាម​ប្លង់គោល ឬ​បទ​ប្បញ្ញត្តិ សំណង់ ដែល​អាចធ្វើឱ្យ​សំណង់​គ្មាន​សណ្តាប់ធ្នាប់ និង​គ្មាន​គុណភាព។ សំណង់​រោងចក្រ និង​ឃ្លាំង​ជាច្រើន បាន​នឹង​កំពុង​បង្កើតឡើង​រាយប៉ាយ​គ្រប់​ទីកន្លែង ជាពិសេស ស្ថិតនៅក្នុង​ទីប្រជុំជន​ក្រុងមាន​មនុស្ស​អ៊ូរ​អរ​ច្រើន ដែល​ធ្វើឱ្យ​បំពុល​ដល់​បរិស្ថាន​ក្នុងការ​រស់នៅ កកស្ទះ​ចរាចរណ៍ និង​មានការ​លំបាក​ក្នុងការ​រៀបចំ​ក្រុង​ឱ្យបាន​ល្អប្រសើរ​នៅពេល​ខាងមុខ។

ក្រៅពីនេះ នៅមាន​សំណង់​មិន​រៀបរយ​តាម​ចំណី​ព្រែក ស្ទឹង ទំនប់ ប្រឡាយ បឹងបួរ និង​សំណង់  ទន្ទ្រាន​ចំណីផ្លូវ ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ បានធ្វើឱ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ ទេសភាព បរិស្ថាន និង​សង្គម។

ទី៦- ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្លង់គោល​ប្រើប្រាស់​ដី នឹង​អាចជួយ​ដល់ ការកំណត់​ប្រភេទ​ប្រើប្រាស់​ដី ពេលចេញ​បណ្ណ​កម្មសិទ្ធិ​បាន​សុ​ក្រឹត្យ គាំទ្រ​ដល់​ការចុះបញ្ជី​ដី​បាន​លឿន​និង​សមស្រប គ្រប់គ្រង​ប្រើប្រាស់​ដី ចំ​គោលដៅ លើកស្ទួយ​រាល់​ការអភិវឌ្ឍ​តាម​កម្រិត​ថ្នាក់រដ្ឋបាល​នៃ​គម្រោង ដូចជា ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន​ផ្សារ…និង​ជា​ឆ្អឹងខ្នង​គោល​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ។ ក្រៅពីនេះ វា​ជា​មូលដ្ឋាន​កំណត់​ពន្ធដារ​បាន​ត្រឹមត្រូវ​តាម​តម្លៃ និង​គុណភាព​ដី និង​អាចជួយ​ប្រែ​ក្លាយទៅជា​ទីក្រុង ឬ​ប្រទេស​ល្អ​ស្អាត​ក្នុងការ​ប្រលងប្រណាំង​ជាមួយ​អន្តរជាតិ។

ចំណុច​ទី៧- កិច្ចការ​បន្ថែម​ដែល​រដ្ឋ​ត្រូវធ្វើ និង​ទទួលខុសត្រូវ​ពាក់ព័ន្ធ​នឹង​ហេ​ដ្ឋា​រចនា​ស   ម្ព័​ន្ធ និង​ប្លង់គោល​ប្រើប្រាស់​ដី គឺ​រៀបចំ​ច្បាប់​និង​បទ​ប្បញ្ញត្ត​នៅពេល​កសាង និង​អនុវត្ត​ឱ្យបាន​ច្បាស់លាស់ ដូចជា កាលណា​ចាប់ផ្តើម​អនុវត្តន៍​ប្លង់គោល គឺ​ពិតជា​ប៉ះពាល់​ដី​ឬ​សំណង់​កម្មសិទ្ធិ ឬ​ដី​ភោគៈ​របស់​ពលរដ្ឋ​ហើយ វា​គ្រាន់តែ​ច្រើន​ឬ​តិច​ប៉ុន​នោះ បញ្ហា​នេះ​តើ​រដ្ឋ​ត្រូវ​កំណត់​ជា​ច្បាប់ ឬ​បទ​ប្បញ្ញត្តិ​គតិយុត្ត​ដោះស្រាយ​យ៉ាងដូចម្តេច? ដោយឡែក​ចំពោះ​ការប៉ះពាល់ តើ​រដ្ឋ​បាន​កញ្ចប់​ថវិកា​មកពី​ណា?។

ក្រៅពីនេះ ដើម្បី​ដោះស្រាយ​ជាមួយ​អ្នក​ប៉ះពាល់ ! តើ​រដ្ឋ​គួរ​ត្រូវ​កំណត់​ពន្ធដារ​បន្ថែ​មក​ម្រិ​ត​ណា?ដោយ​របៀប​ម៉េច?ទៅលើ​អ្នកទទួលផល​ពី​ប្លង់គោល​ដែល​បានអនុម័ត ឬ​សាងសង់​គម្រោង រួចរាល់​និង​ធ្វើឱ្យ​ដីធ្លី​ឡើងថ្លៃ។ បច្ចុប្បន្ន​ដីធ្លី អចលនទ្រព្យ​ឡើងថ្លៃ​ដោយសារ​ការកសាង​ផ្លូវ (ក្រវាត់ក្រុង ផ្លូវ​ល្បឿន​លឿន ផ្លូវ​ក្នុង​ខេត្ត​ក្រុង) លំនៅឋាន​ថ្មី (បូរី​ឬ​ខុន​ដូ) រោងចក្រ (សួន​ឧស្សាហកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស) ឬ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោងផ្សេងៗជាច្រើន​ទៀត​របស់​រដ្ឋ គឺ​រាជរដ្ឋាភិបាល​មិនទាន់ គោលការណ៍ ដើម្បី​កំណត់​ក្នុងការ​ចូលរួមចំណែក​ឱ្យបាន​សមស្រប និង​សម​ធ៌​ពី​អ្នក​ដែល​បានទទួល​ផល​ពី​គម្រោង​របស់​រដ្ឋ​នៅឡើយ៕

តើ​អ្វី​ជា​ផែនការមេ​ទាំង៦ នៃ​ផែនការ​អភិវឌ្ឍ​នៅ​ទីក្រុង ING CITY នា​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ស្ទើរ​មិ​ម​គួរ​ឲ្យ​ជឿ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​តំបន់​នេះ​មាន​ផែនការអភិវឌ្ឍន៍​ច្បាស់លាស់។

យោងតាម​ផែនការមេ​របស់​ក្រុមហ៊ុន ING Holding ដែល Propertyarea.asia ទទួលបាន​កាលពីពេលថ្មីៗនេះ បាន​ឲ្យ​ដឹងថា ទីក្រុង​រណប ING CITY គ្របដណ្តប់​លើ​ផ្ទៃដី​ជាង២០០០ហិកតា ដែលមាន​វិសាលភាព​ដ៏​ធំ​មួយ និង​ជាទី​ក្រុង​រណប​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ។

គំរោងសំខាន់ៗដែល​ត្រូវ​អភិវឌ្ឍ​នៅ​តំបន់​នេះ រួមមាន ទី១ ក្រុមហ៊ុន​រៀបចំ​ការអភិវឌ្ឍន៍​តំបន់​នេះ ជា​តំបន់​មានការ​អភិវឌ្ឍ​បែប​បៃតង និង​គោរព​តាម​គោលការណ៍​បរិស្ថាន។ ទី២ ក្រុមហ៊ុន​គ្រោង​អភិវឌ្ឍន៍​តំបន់​នេះ ជា​មជ្ឈមណ្ឌល​លំនៅដ្ឋាន​ស៊ី​វិ​ល័យ និង​បែប​សហកម្ម​សិ​ទ្ឋ ទី៣ ប្រែក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​បច្ចុប្បន្ន​មាន​ផ្សារ​ទំនើបធំៗច​ចំនួន៣រួចទៅហើយ បាននិងកំពុង​សាងសង់​នៅ​តំបន់​នេះ ដូចជា EAON Mall 3, Peng Huorth Diamond , Chip Mong Mall ។

ទី៤ ក្រុមហ៊ុន​ក៏មាន​បំណង​រៀបចំ​តំបន់​នេះ ជា​ស្ថានីយ៍​ចំណត​យានយន្ត​លំដាប់​អន្តរជាតិ ទី៥ រៀបចំ​ជា​សហគមន៍​សម្រាប់​និវត្តន៍​ជនជាតិ​ចិន និង​ទី៦ មជ្ឈមណ្ឌល​កីឡា ការកំសាន្ត​ជាដើម។

ជាមួយនឹង​ទស្សនវិស័យ​ចំពោះមុខ និង​រៀបចំ​តំបន់​ដែល​ទើប​អភិវឌ្ឍន៍​ថ្មី​នេះ សាលា​រាជធានី​ភ្នំពេញ រួមជាមួយ​សាលាក្រុង​ប៉ារីស​ដើម្បី​សិក្សា​រួមគ្នា​ពី​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ទាក់ទង​នឹង​ការកើនឡើង​នូវ​យានយន្ត ការបំពុល​ទឹក​កខ្វក់ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​តំបន់​នេះ​សមស្រប​ជា​តំបន់​ដែលមាន​ភាព​បៃតង និង​ត្រៀម​រៀបចំ​នគរូបនីយកម្ម​ឲ្យ​មាន​ភាពល្អប្រសើរ និង​អាចឆ្លើយតប​នឹង​កំនើន​ប្រជាសាស្ត្រ​នៅ​តំបន់​នេះ។

អតីត​វីរ​ស្ថា​ត្យ​ករ​កម្ពុជា លោក​បណ្ឌិត​វណ្ណ ម៉ូលីវណ្ណ​ធ្លាប់​បានផ្តល់​អនុសាសន៍​ឲ្យ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឆ្ពោះទៅកាន់​ភាគខាងត្បូង ដោយសារ​តំបន់​ភាគខាងត្បូង​មាន​ដី​ទំនេរ​ច្រើន មាន​សណ្ឋាន​ដី​ខ្ពស់​មិន​ប្រឈម​នឹង​ការ​លិច​ទឹក និង​ងាយស្រួល​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ឋ​នានា ដោយសារ​ជា​តំបន់​មានការ​អភិវឌ្ឍ​ថ្មី៕

វិភាគ​លើក​ត្តា​អ្វីខ្លះ ដើម្បី​ដឹងថា​អចលនទ្រព្យ​របស់​អ្នក​ឡើងថ្លៃ​ខ្ពស់​នាពេល​អនាគត?

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ការទិញ​អចលនទ្រព្យ ពិសេស​ដីធ្លី​តែងតែមាន​ផលចំណេញ ប៉ុន្តែ​ក៏​អាច​កប់ដើម មិន​ឡើងថ្លៃ​តាម​ការចង់បាន​របស់​អ្នកវិនិយោគ​ផងដែរ ហេតុនេះ​លោក អ្នក​គួរតែ​ចេះ​វិភាគ​ទៅលើ​អចលនទ្រព្យ​របស់ខ្លួន។

តើ​គេ​វិភាគ​ទៅលើ​កត្តា​អ្វីខ្លះ ដើម្បី​ដឹងថា​អចលនទ្រព្យ​របស់​ខ្លូន នឹង​ឡើងថ្លៃ​ខ្ពស់​នាពេល​អនាគត?។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល ជា​សហ​ស្ថាបនិក និង​ជា​អគ្គនាយក​នៃ​គេហទំព័រ​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា លោក​យិន លាង​គង់​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​លើ​អចលនទ្រព្យ ទាំង​ដីធ្លី ផ្ទះសម្បែង តែងតែមាន​ផលចំណេញ​នាពេល​អនាគត ប្រសិនជា​អ្នកទិញ​បាន​ក្នុងតម្លៃ​សមរម្យ ទីតាំង​ត្រឹមត្រូវ ជា​តំបន់​ដែល​ស្ថិតក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ជាដើម។

លោក​បន្តថា ប៉ុន្តែ​ដើម្បី​ទិញ​ដីធ្លី ឬ​ផ្ទះ​ត្រូវ និង​ឡើងថ្លៃ​ខ្ពស់​នាពេល​អនាគត អ្នកវិនិយោគ​ត្រូវ​សម្លឹង​លើក​ត្តា​មួយចំនួន ដូចជា ពេលវេលា​សមស្រប កត្តាសេដ្ឋកិច្ច ផែនការអភិវឌ្ឍន៍ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ជាដើម។

ពេលវេលា​សមស្រប

ពេលវេលា​សមស្រប គឺ​សំដៅ​ដល់​ការទិញ​ដី​ឬ​ផ្ទះ នៅក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ដែល​តម្លៃ​ដីធ្លី ឬ​ផ្ទះសម្បែង​តែងតែ​ចុះថ្លៃ ឬ​ស្ថិត​ក្នុងតម្លៃ​ទ្រឹង។ ហេតុនេះ​ការវិនិយោគ​ដីធ្លី​ក្នុងកំឡុងពេល​បែបនេះ នឹងមាន​ឳ​កាស​ចំណេញ​ខ្ពស់ ពិសេស​នៅពេល​សេដ្ឋកិច្ច​ងើបឡើង​វិញ​ឆាប់រហ័ស។

ការវិនិយោគ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត សម្រាប់​អ្នកវិនិយោគ​ឆ្លាត​វៃ ពួកគេ​មិនសូវ​ទុក​យូរពេក​នោះទេ នៅពេល​ចំណេញ​បាន៥០ភាគរយ ឬមួយ​គុណ​នឹង​ពីរ គេ​លក់​ចេញ ដើម្បី​ទៅ​វិនិយោគ​នៅ​កន្លែង​ដទៃទៀត​ហើយ។ លើកលែងតែ​អ្នកវិនិយោគ​ប្រើ​យុ​ទ្ឋ​សាស្ត្រ Land Banking ឬ House Banking។

កត្តាសេដ្ឋកិច្ច

នៅពេល​សេដ្ឋកិច្ច​មាន​ភាពរសរវើក និង​កំណើន​ល្អប្រសើរ វា​តែងតែមាន​រយៈពេល​កំណ​ត់រប​ស់វា។ ហេតុនេះ​អ្នកវិនិយោគ​ត្រូវតែ​តាមដាន​ព៌​ត​មាន និង​វដ្ត​នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​តែងតែ​កើតមាន​ស្ទើរតែ​រៀងរាល់១០ឆ្នាំ​ម្តង។ ហេតុនេះ បើសិនជា​ស្ថានភាព​សេដ្ឋកិច្ច​មាន​កំណើន​ល្អប្រសើរ រយៈពេល៣ទី៥ឆ្នាំ តម្លៃ​ដី​របស់​អ្នក​បាន​ហក់​ឡើង​ខ្ពស់​រួចទៅហើយ។ វា​ជា​ពេលវេលា​សមស្រប ដែល​អ្នក​គួរ​បញ្ចេញ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្តាយក្រោយ ដូច​ករណី​អ្នក​នៅ​ក្រុងព្រះសីហនុ​ជាដើម។

ហេតុនេះ សេដ្ឋកិច្ច​គឺជា​ប់​ពាក់​ព័​ន្ឋ​នឹង​តម្លៃ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត ដូច្នេះ​អ្នកវិនិយោគ​ឆ្លាត​វៃ ត្រូវតែ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​ត្រឹមត្រូវ។

ផែនការអភិវឌ្ឍន៍​និង​គោលនយោបាយ​រដ្ឋាភិបាល

រដ្ឋាភិបាល​កម្ពុជា តែងតែ​ដាក់ចេញ​ផែនការអភិវឌ្ឍន៍​ជាតិ រយៈពេល​មធ្យម(5ឆ្នាំ) ផែនការអភិវឌ្ឍន៍​ជាតិ​រយៈពេល​វែង​មាន​ចំនួន១០ឆ្នាំ ដែល​ផែនការ​នេះ​ជាការ​ធ្វើ​ពិពិធ​កម្ម​នូវ​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​រៀបចំ​ប៉ូល​សេដ្ឋកិច្ច​របស់​ជាតិ។

ឧទាហរណ៍ នៅ​ឆ្នាំ២០២០កន្លងមក រដ្ឋាភិបាល​បានប្រកាស​ពី​ការវិនិយោគ​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី ពី​ផែនការអភិវឌ្ឍន៍​សាងសង់់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុង​បាវិត​ជាដើម។

ដូច្នេះ ប្រសិនជា​អ្នកទិញ​ដី​នៅ​តំបន់​ស្ថិត នៅក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល តម្លៃ​ដី​របស់​អ្នកនឹង​ឡើងថ្លៃ​នៅក្នុង​រយៈពេល​កំណត់​មួយ។ ហេតុនេះ​ការវិនិយោគ​ដីធ្លី​ឬ​អចលនទ្រព្យ​ដទៃទៀត អ្នកវិនិយោគ​ដែល​តែងតែ​ទុក​ដី​បានយូរ ចំណេញ​ច្រើន តែងតែ​ជា​អ្នក​ស​ក្តាប់បាន​នូវ​ទិសដៅ ផែនការអភិវឌ្ឍន៍រ​បស់​ជាតិ ពិសេស​អាន​ព៌​ត​មាន​ជាប្រចាំ៕

តើ​កត្តាសំខាន់ៗអ្វីខ្លះ​បានធ្វើ​ឲ្យ​កម្ពុជា​ទាក់ទាញ​ទំហំ​ទុនវិនិយោគ ៦០ពាន់​លាន​ដុល្លារ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍

ដោយ​គង់ សូរិយា

ភ្នំពេញៈ វា​មិនមែនជា​សុបិន​ទេ ប៉ុន្តែ​វា​ជាការ​ពិត ដែល​កម្ពុជា​បាន​ឈានមុខ​គេ​ក្នុង តំបន់​អាស៊ាន ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ នោះ​គឺ​ល្បឿន​ដ៏​លឿន​នៃ​ការអភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ។

យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា កម្ពុជា​ទទួលបាន​ទុនវិនិយោគ​ពី​វិស័យ​សំណង់​ទូទាំងប្រទេស ចំនួន​ប្រមាណ៦០,៨៧ពាន់​លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ឆ្នាំ២០០០ ដល់​ដំណាច់ឆ្នាំ២០២០ ខណៈ​គម្រោង​សាងសង់​សរុប​ទូទាំងប្រទេស​មាន​ចំនួន៥៣ ២៨៧គម្រោង នៅលើ​ផ្ទៃក្រឡា​សរុប​ចំនួន១៥៣,៦២លាន​ម៉ែត្រក្រឡា។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​អគារខ្ពស់ៗចាប់ពី ៥ជាន់ឡើង នៅ​ទូទាំងប្រទេស​មាន​ចំនួន២ ១៨០អគារ ក្នុងនោះ​ខេត្ត​ព្រះសីហនុ មាន៦១៥អគារ។

អគារខ្ពស់ៗចាប់ពី៥ជាន់ ដល់៩ជាន់ មាន​ចំនួន១ ១៧៦អគារ ហើយ​អគារ​ចាប់ពី១០ជាន់ ទៅ១៩ជាន់ មាន​ចំនួន៦២៥អគារ អគារ​កំពស់​ពី២០ជាន់ ដល់២៩ជាន់ មាន​ចំនួន២០៧អគារ កំពស់​ពី៣០ជាន់ ដល់៣៩ជាន់ មាន១២២អគារ និង​អគារ​កំពស់​ចាប់ពី៤០ជាន់ឡើង មាន​ចំនួន៥០អគារ។

ក្រៅពី​សំណង់​អគារខ្ពស់ៗ កម្ពុជា​ក៏មាន​ការវិនិយោគ​ច្រើន​ទៅលើ​បុរី​លំនៅឋាន​ផងដែរ ដោយ​ក្នុងនោះ គម្រោង​បុរី​លំនៅឋាន និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​មាន​ចំនួន៣៩៣គម្រោង។

ដោយឡែក​គិត​ចាប់ពី​ឆ្នាំ២០០៨ ដល់​ដំណាច់ឆ្នាំ២០២០ សំណង់​សណ្ឋាគារ​វិញ​មាន​ចំនួន១ ៩៣៧គម្រោង សំណង់​អគារ​ពាណិជ្ជកម្ម​មាន​ចំនួន ២ ៦៥១គម្រោង សំណង់​អគារ​រោងចក្រ​មាន​ចំនួន១០ ៤២២គម្រោង និង​សំណង់​អគារ​ពហុ​មុខងារ មាន​ចំនួន២០៧គម្រោង។

លោក​យិន លាង​គង់ ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល និង​ជា​អ្នក​បាន​តាមដាន និង​វិភាគ​ពី​ការវិវត្តន៍​នៃ​សេដ្ឋកិច្ចកម្ពុជា​បាន​ថ្លែងថា វា​មិនមែនជា​សុបិន​ទេ ប៉ុន្តែ​វា​ជាការ​ដាក់ចេញ​នូវ​គោលនយោបាយ ផែនការ​យុ​ទ្ឋ​សាស្ត្រ និង​រៀបចំ​នូវ​មូលដ្ឋាន​ក្របខ័ណ្ឌ​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ច្បាស់លាស់​ពី​រដ្ឋាភិបាល ទើប​កម្ពុជា​បាន​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់​អ្នកវិនិយោគ​មកពី​ជុំវិញ​ពិភពលោក ក្នុង​រយៈពេល​ជាង២០ឆ្នាំ​កន្លងមកនេះ។

លោក​បន្តថា “កត្តា​សន្តិភាព ស្ថេរភាព​នយោបាយ​ដើរតួនាទី​មុនគេ បន្ទាប់មកស្ថេរភាព​សង្គម កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា សម្រេចបាន​ជាង៧ភាគរយ​ក្នុង​រយៈពេល​វែង ការកែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល ពិតជា​គាំទ្រ​ដល់​ការអភិវឌ្ឍ​ទាំងនេះ” ។

លោក​យិន លាង​គង់ បាន​បន្តថា ការអនុម័ត​ច្បាប់​សហកម្ម​សិ​ទ្ឋ​ឆ្នាំ២០១០ ដោយ​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស អាចមាន​សិ​ទ្ឋ​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី១ឡើង ការធ្វើ​វិសោធនកម្ម​ច្បាប់​វិនិយោគ ដោយ​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស អាច​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ទុន​របស់ខ្លួន​បាន ១០០ភាគរយ ការមិន​មាន​និតិ​វិធី​ស្មុ​គ្រ​ស្មាញ លើ​ប្រ​ព័​ន្ឋ​បង់​ព​ន្ឋ និង​ការរីកចម្រើន នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ពិតជា​តម្លៃ​ស្នូល ដែល​រដ្ឋាភិបាល​បាន​ខិតខំ​យ៉ាងសកម្ម ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​នាំ​កម្ពុជា​ឆ្ពោះទៅមុខ។

លោក​បន្តថា “វា​មិនមែន​មិត្តភាព​មួយ​មុខ ធ្វើ​ឲ្យ​គេ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ការដែល​ម្ចាស់ផ្ទះ​បានរៀបចំ​ខ្លួន​រួចជាស្រេច និង​មាន​មាយា​ទ​ល្អ​ផងដែរ ទើប​អាច​ទាក់ទាញ​ទុនវិនិយោគ​ដ៏​សម្បើម​នេះ” ។ លោក​បន្តថា “សុបិន​របស់​សម្តេច​តេ​ជោ ដែល​ចង់​ប្រែក្លាយ​កម្ពុជា ជា​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី បានសម្រេច​កាលពី​ឆ្នាំ២០១៥ ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ហៅ​កម្ពុជា​ជា​ខ្លា​ថ្មី​របស់​អាស៊ី ព្រោះ​កំនើន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាជន​កម្ពុជា ដែល​រុញ​ប្រទេស​នេះ​ពី​ប្រទេស​ក្រីក្រ មានការ​អភិវឌ្ឍ​តិចតួច មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប” ៕