តើ​កត្តាសំខាន់ៗអ្វីខ្លះ​បានធ្វើ​ឲ្យ​កម្ពុជា​ទាក់ទាញ​ទំហំ​ទុនវិនិយោគ ៦០ពាន់​លាន​ដុល្លារ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍

ដោយ​គង់ សូរិយា

ភ្នំពេញៈ វា​មិនមែនជា​សុបិន​ទេ ប៉ុន្តែ​វា​ជាការ​ពិត ដែល​កម្ពុជា​បាន​ឈានមុខ​គេ​ក្នុង តំបន់​អាស៊ាន ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ នោះ​គឺ​ល្បឿន​ដ៏​លឿន​នៃ​ការអភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ។

យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា កម្ពុជា​ទទួលបាន​ទុនវិនិយោគ​ពី​វិស័យ​សំណង់​ទូទាំងប្រទេស ចំនួន​ប្រមាណ៦០,៨៧ពាន់​លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ឆ្នាំ២០០០ ដល់​ដំណាច់ឆ្នាំ២០២០ ខណៈ​គម្រោង​សាងសង់​សរុប​ទូទាំងប្រទេស​មាន​ចំនួន៥៣ ២៨៧គម្រោង នៅលើ​ផ្ទៃក្រឡា​សរុប​ចំនួន១៥៣,៦២លាន​ម៉ែត្រក្រឡា។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​អគារខ្ពស់ៗចាប់ពី ៥ជាន់ឡើង នៅ​ទូទាំងប្រទេស​មាន​ចំនួន២ ១៨០អគារ ក្នុងនោះ​ខេត្ត​ព្រះសីហនុ មាន៦១៥អគារ។

អគារខ្ពស់ៗចាប់ពី៥ជាន់ ដល់៩ជាន់ មាន​ចំនួន១ ១៧៦អគារ ហើយ​អគារ​ចាប់ពី១០ជាន់ ទៅ១៩ជាន់ មាន​ចំនួន៦២៥អគារ អគារ​កំពស់​ពី២០ជាន់ ដល់២៩ជាន់ មាន​ចំនួន២០៧អគារ កំពស់​ពី៣០ជាន់ ដល់៣៩ជាន់ មាន១២២អគារ និង​អគារ​កំពស់​ចាប់ពី៤០ជាន់ឡើង មាន​ចំនួន៥០អគារ។

ក្រៅពី​សំណង់​អគារខ្ពស់ៗ កម្ពុជា​ក៏មាន​ការវិនិយោគ​ច្រើន​ទៅលើ​បុរី​លំនៅឋាន​ផងដែរ ដោយ​ក្នុងនោះ គម្រោង​បុរី​លំនៅឋាន និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​មាន​ចំនួន៣៩៣គម្រោង។

ដោយឡែក​គិត​ចាប់ពី​ឆ្នាំ២០០៨ ដល់​ដំណាច់ឆ្នាំ២០២០ សំណង់​សណ្ឋាគារ​វិញ​មាន​ចំនួន១ ៩៣៧គម្រោង សំណង់​អគារ​ពាណិជ្ជកម្ម​មាន​ចំនួន ២ ៦៥១គម្រោង សំណង់​អគារ​រោងចក្រ​មាន​ចំនួន១០ ៤២២គម្រោង និង​សំណង់​អគារ​ពហុ​មុខងារ មាន​ចំនួន២០៧គម្រោង។

លោក​យិន លាង​គង់ ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល និង​ជា​អ្នក​បាន​តាមដាន និង​វិភាគ​ពី​ការវិវត្តន៍​នៃ​សេដ្ឋកិច្ចកម្ពុជា​បាន​ថ្លែងថា វា​មិនមែនជា​សុបិន​ទេ ប៉ុន្តែ​វា​ជាការ​ដាក់ចេញ​នូវ​គោលនយោបាយ ផែនការ​យុ​ទ្ឋ​សាស្ត្រ និង​រៀបចំ​នូវ​មូលដ្ឋាន​ក្របខ័ណ្ឌ​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ច្បាស់លាស់​ពី​រដ្ឋាភិបាល ទើប​កម្ពុជា​បាន​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់​អ្នកវិនិយោគ​មកពី​ជុំវិញ​ពិភពលោក ក្នុង​រយៈពេល​ជាង២០ឆ្នាំ​កន្លងមកនេះ។

លោក​បន្តថា “កត្តា​សន្តិភាព ស្ថេរភាព​នយោបាយ​ដើរតួនាទី​មុនគេ បន្ទាប់មកស្ថេរភាព​សង្គម កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា សម្រេចបាន​ជាង៧ភាគរយ​ក្នុង​រយៈពេល​វែង ការកែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល ពិតជា​គាំទ្រ​ដល់​ការអភិវឌ្ឍ​ទាំងនេះ” ។

លោក​យិន លាង​គង់ បាន​បន្តថា ការអនុម័ត​ច្បាប់​សហកម្ម​សិ​ទ្ឋ​ឆ្នាំ២០១០ ដោយ​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស អាចមាន​សិ​ទ្ឋ​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី១ឡើង ការធ្វើ​វិសោធនកម្ម​ច្បាប់​វិនិយោគ ដោយ​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស អាច​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ទុន​របស់ខ្លួន​បាន ១០០ភាគរយ ការមិន​មាន​និតិ​វិធី​ស្មុ​គ្រ​ស្មាញ លើ​ប្រ​ព័​ន្ឋ​បង់​ព​ន្ឋ និង​ការរីកចម្រើន នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ពិតជា​តម្លៃ​ស្នូល ដែល​រដ្ឋាភិបាល​បាន​ខិតខំ​យ៉ាងសកម្ម ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​នាំ​កម្ពុជា​ឆ្ពោះទៅមុខ។

លោក​បន្តថា “វា​មិនមែន​មិត្តភាព​មួយ​មុខ ធ្វើ​ឲ្យ​គេ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ការដែល​ម្ចាស់ផ្ទះ​បានរៀបចំ​ខ្លួន​រួចជាស្រេច និង​មាន​មាយា​ទ​ល្អ​ផងដែរ ទើប​អាច​ទាក់ទាញ​ទុនវិនិយោគ​ដ៏​សម្បើម​នេះ” ។ លោក​បន្តថា “សុបិន​របស់​សម្តេច​តេ​ជោ ដែល​ចង់​ប្រែក្លាយ​កម្ពុជា ជា​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី បានសម្រេច​កាលពី​ឆ្នាំ២០១៥ ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ហៅ​កម្ពុជា​ជា​ខ្លា​ថ្មី​របស់​អាស៊ី ព្រោះ​កំនើន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាជន​កម្ពុជា ដែល​រុញ​ប្រទេស​នេះ​ពី​ប្រទេស​ក្រីក្រ មានការ​អភិវឌ្ឍ​តិចតួច មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប” ៕

កាន់តែ​បារម្ភ! រដ្ឋបាល​រាជធានី​ភ្នំពេញ រកឃើញ​ទីតាំង​ចំនួន ៦៣កន្លែង ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ខណៈចំនួនអ្នកឆ្លងជំងឺកើនឡើងដល់ ៦៥នាក់

ភ្នំពេញ៖ គិត​ត្រឹម​ល្ងាច​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​រកឃើញ​ទីតាំង ដែលមាន​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» រហូតដល់ ៦៣ទីតាំង​ហើយ។

ជាមួយនឹង​ការ​ឃើញ​ទីតាំង​ជាប់​ពាក់ព័ន្ធ​កើនឡើង​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​បងប្អូន ដែល​ធ្លាប់​ចេញចូល​ទីតាំង​ទាំង ៦៣កន្លែង​នេះ ទាក់ទង​ទៅ​លេខ ១១៥ ឬ​លេខ​ទូរ​សព្ទ​លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បី​មក​ធ្វើតេស្តរ​កកូ​វីដ១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ។

សូ​ជម្រាប​ថា ក្រសួងសុខាភិបាល​បាន​អំពាវនាវ និង​ក្រើនរំលឹក សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំង អស់​នៅ​ទូទាំងប្រទេស និង​ជាពិសេស​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ត្រូវប្រកាន់យក​នូវ​ការ​ប្រុង ប្រយ័ត្ន​ខ្លួន​ជាប់​ជានិច្ច គ្រប់គ្រង​ក្រុមគ្រួសារ​ឲ្យ​បានល្អ និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់​ខ្លួនគ្រប់ៗគ្នា៕



ហេតុអ្វី​តំបន់​ជាយក្រុង​ទទួលបាន​ចំណែក​ទីផ្សារ​លំនៅដ្ឋាន​បែប​ប្រណីត​កាន់តែច្រើន?


ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បានលើកឡើង​ថា អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​ប្រណីត ឬ​មានតម្លៃ​ថ្លៃ បាននិងកំពុង​បាញ់​ឆ្ពោះ ទៅកាន់​តំបន់​ជាយ​រាជធានី​ភ្នំពេញ ស្ទើរតែ​គ្រប់​ទិស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដើម្បី​រក​ផលចំណេញ ខណៈដី​នៅ​កណ្តាល​ក្រុង​ចាប់ផ្តើម​ចង្អៀត និង​មានតម្លៃ​ថ្លៃ​សម្រាប់​ការអភិវឌ្ឍ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​ថ្លែងប្រាប់​កាលពីថ្មីៗនេះ​ថា ការអភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​ប្រណីត ទៅកាន់​ជាយ​រាជធានី ដោយសារតែ​តម្លៃ​ដីនៅក្បែរៗ ឬ​កណ្ដាល​រាជធានី ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​មិនអាច​រកប្រាក់​ចំណេញ​បាន។

លោក​បាន​ថ្លែងថា “ពួកគេ​ត្រូវការ​តម្លៃ​ដី​ទាប​ល្មម ដែល​អាចឱ្យ​ពួកគេ​ចំណេញ​ពី​ការវិនិយោគ។ ម្យ៉ាងទៀត​នៅក្បែរ ឬ​កណ្ដាល​រាជធានី ក៏​មិនមាន​ដី​ទូលាយ សម្រាប់​អភិវឌ្ឍន៍​ជា​បុរី​បាន​ស្រួល​នោះដែរ” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្តថា នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ នាពេល​បច្ចុប្បន្ននេះ ក៏មាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ច្រើន​ផងដែរ ដែល​ជំរុញ​អោយ​វិនិយោគិន​ងាក​ទៅរក​តំបន់ជាយៗក្រុង សម្រាប់​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន។

លោក​បាន​ថ្លែងថា “តាម​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏បាន​កំណត់​ការអភិវឌ្ឍ​ជុំវិញ​រាជធានី​ជា​មុំ៣៦០ដឺ​ក្រេ ដូច្នេះហើយ​គ្រប់​ទិស​នៃ​រាជធានី គឺ​ត្រូវមាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់។ សម្រាប់​តម្លៃ​ត្រឹម២០ ឬ៣០ម៉ឺន​ដុល្លារ​អាមេរិក នៅ​តំបន់​ជាយ​រាជធានី បច្ចុប្បន្ន គឺ​នៅមាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ព្រោះថា​វា​ក៏​មិនទាន់​ថា​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ដែរ” ។

ជាមួយគ្នានេះ លោក​ប៉ូ អ៊ា​វ​គង់​អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន​អ៊ែត​វ៉ា​ន់ស៍ រៀល​អ៊ី​ស្ទេ​ត​បាន​ថ្លែងប្រាប់​កាលពីថ្មីៗនេះ​ថា សញ្ញា​វិជ្ជមាន​សម្រាប់ វិស័យ​អចលនទ្រព្យ​ចាប់ ផ្តើម​មាន​ឡើងវិញ​ជាបណ្តើរៗ ហើយ​ទន្ទឹមនឹងនេះ លំនៅដ្ឋាន​បែប​ប្រណីត​ក្នុង​គម្រោង​បុរីថ្មីៗមួយចំនួន ត្រូវ​បានដាក់​ដំណើរការ​សាងសង់​នៅ​ដើមឆ្នាំ២០២១នេះ។

លោក​បានឱ្យដឹងថា “តម្រូវការ​លំនៅដ្ឋាន​បែប​ប្រណីត​ភាគច្រើន ជា​តម្រូវការ​សំរាប់​ប្រជាជន​ក្នុងស្រុក​របស់​យើង ហើយ​មួយ​ភាគ​តូច ក៏​ត្រូវបាន​វិនិយោគិន​ទិញ​សម្រាប់​ជួល​ទៅឱ្យ​អ្នក​ប្រធាន​អង្គការធំៗ និង​ប្រធាន​ក្រុមហ៊ុនធំៗពី​បរទេស ដើម្បី​ទទួលបាន​ផលចំណេញ​ផងដែរ” ។

លោក​បាន​ថ្លែងថា “យើង​ឃើញថា​តម្រូវការ​លំនៅដ្ឋាន​បែប​ប្រណីត នៅ​ដើមឆ្នាំ២០២១ នៅតែមាន​កំណើន ដោយសារ​អ្នកមាន​ចំណូល​ខ្ពស់ និង​អ្នករកស៊ី​មាន​រំហូរ​សាច់​ល្អ នៅតែ​ត្រូវការ​លំនៅដ្ឋាន​បែប​ប្រណីត” ។

លោក​បាន​បន្តថា លំនៅដ្ឋាន​បែប​ប្រណីត មានតម្លៃ​ចាប់ពី ១០ម៉ឺន​ដុល្លារ ទៅដល់​ជាង១លាន​ដុល្លារ ហើយ​លំនៅដ្ឋាន​បែប​ប្រណីត​ភាគច្រើន ត្រូវបាន​អភិវឌ្ឍន៍​ក្នុង​គម្រោង​បុរី៕

ក្រសួងទេសចរណ៍​កែសម្រួល​យុទ្ធសាស្ត្រ​ទីផ្សារ​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ១៩

ដោយ​គង់ សូរិយា

ភ្នំពេញៈ ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស នៃ​ក្រសួង​ដើម្បី​ពិនិត្យ និង​កែសម្រួល​លើ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ ទាក់ទាញ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ-១៩ សម្រាប់​ឆ្នាំ២០២១-២០២៥ ។

ជាមួយគ្នានេះ កម្ពុជា​ក៏​ត្រៀម​រៀបចំ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ “កម្ពុជា” ជា​ម្ចាស់ផ្ទះ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ២០២២» ។

កិច្ចប្រជុំ​នេះ មាន​ធ្វើឡើង​ក្រោម​ការដឹកនាំ​របស់លោក​សុខ សង្វារ​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់​ព័​ន្ឋ។

ខ្លឹមសារ​យុទ្ធសាស្ត្រ​ទីផ្សារ ដែល​ក្រុមការងារ​បានរៀបចំ​ឡើង ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ-១៩ សម្រាប់​ឆ្នាំ២០២១-២០២៥ គឺ​ផ្តោតលើ​យុទ្ធសាស្ត្រ​ចំនួន៥ គឺ យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​គោលដៅ​អាទិភាព ផែនការ​យុទ្ធសាស្ត្រ​ពង្រឹងគុណភាព និង​អភិវឌ្ឍន៍​ផលិតផល​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ផែនការ​យុទ្ធសាស្ត្រ​ជំរុញ​ការធ្វើការ​ដំណើរ និង​ការតភ្ជាប់ និង​ផែនការ​យុទ្ធសាស្ត្រ​បង្កើន​ការផ្សព្វផ្សាយ។

ក្រៅពី​ពិនិត្យ​កែសម្រួល​លើ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ ទាក់ទាញ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ-១៩ សម្រាប់​ឆ្នាំ២០២១-២០២៥ ក្រុមការងារ​ក៏បាន​ពិភាក្សាគ្នា​ផងដែរ អំពី​ការត្រៀម​រៀបចំ​កម្មវិធី​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ “កម្ពុជា ជា​ម្ចាស់ផ្ទះ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ២០២២” ដែល​គ្រោង​នឹង​រៀបចំ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ៕

អ្នកជំនាញ ៖ បន្តិចទៀតទីផ្សារខុនដូកម្រិតសមរម្យកាន់តែមានតម្រូវការសម្រាប់ជនជាតិខ្មែរក្នុងរាជធានីភ្នំពេញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ដោយសារទំហំនៃទីក្រុងភ្នំពេញកំពុងតែមានការរីកធំឡើងៗ ខណៈពេលប្រជាជននៅក្នុងក្រុងមានកំនើនជាបន្តបន្ទាប់នាំឱ្យមានតំរូវការលំនៅដ្ឋានខ្ពស់កាន់តែច្រើន ហើយតម្លៃកាន់តែឡើងថ្លៃ រហូតធ្វើឱ្យអ្នកដែលមានចំណូលមធ្យមមិនអាចមានលទ្ធភាពទិញលំនៅដ្ឋានជាន់ផ្ទាល់ដីនោះឡើយ ក្រៅតែពីជម្រើសទិញលំនៅដ្ឋានសហកម្មសិទ្ធិតម្លៃសមរម្យក្រោម១០ដុល្លារសម្រាប់រស់នៅ។

លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន KW SAM SN បានមានប្រសាសន៍ថា តម្រូវការទីផ្សារខុនដូតម្លៃសមរម្យក្នុងក្រុងភ្នំពេញកំពុងតែមានការកើនឡើងសម្រាប់អតិថិជនជនជាតិខ្មែរ។

លោកបានបន្ថែមទៀតថា មូលហេតុដែលកំណើនខុនដូតម្លៃសមរម្យកំពុងមានការកើនឡើង ព្រោះបណ្តាលមកពីកត្តា៤សំខាន់ៗ: ទី១ បុរីថ្មីៗកាន់តែឆ្ងាយពីក្រុងហើយមានតម្លៃខ្ពស់ទៅៗ ដែលធ្វើអោយអ្នកស្នាក់នៅក្នុងបុរីត្រូវចំណាយពេលវេលា ក្នុងការចូលមកក្នុងទីក្រុងដើម្បីបំពេញការងារ។ ទី២ ដោយសារតែប្រជាជនក្នុងក្រុងមានការកើនឡើងនាំឱ្យមានការស្ទះចរាចរណ៍ ទី៣ ដោយសារតែប្រជាជនខ្មែរ មានការយល់ដឹងពីរបៀបរស់នៅដែលមានស្តង់ដារប្រសើរជាងមុន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ប្រើប្រាស់ ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ។ល។ ហើយទី៤ និន្នាការរបស់អតិថិជនដែលទិញដីឆ្ងាយពីក្រុង ហើយកំពុងតែជួលផ្ទះនៅក្នុងទីក្រុងភ្នំពេញ នឹងងាកមកទិញខុនដូតម្លៃសមរម្យវិញ ដោយហេតុថាការទិញខុនដូមានភាពងាយស្រួល ក្នុងការបង់ប្រាក់ ដែលអាចអោយពួកគាត់យកលុយពីការជួលផ្ទះ រឺលុយពីការបង់រំលោះដី ដែលនៅជាយក្រុង ជំនួសដោយការទិញខុនដូវិញ។

លោកបានបន្តថា “ការទិញខុនដូគឺជាការទិញផ្ទះសម្រាប់រស់នៅតែម្តង អាចឱ្យគាត់មានស្ថេរភាព និងផាសុកភាពសំរាប់គ្រួសារ ជាពិសេស គាត់អាចបំពេញភារកិច្ចក្នុងទីក្រុងភ្នំពេញបានយ៉ាងងាយស្រួល និងចំណេញពេលវេលា ថែមទាំងកូនៗរបស់គាត់អាចមានឱកាសក្នុងការចូលរៀនសាលាល្អៗក្នុងក្រុងភ្នំពេញទៀតផង”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ផងដែរថា “បច្ចុប្បន្ននេះខុនដូដែលតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដោយសារពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅច្រើន ជាងទិញសម្រាប់ទុកវិនិយោគបន្ត”។

លោកស្រីបានបន្តទៀតថា “និយាយរួមទៅ ការវិនិយោគទៅលើប្រភេទខុនដូតម្លៃសមរម្យ នៅតែមានទីផ្សារទាំងពេលនេះ និងបន្តទៅឆ្នាំក្រោយទៀត ព្រោះកាលណាតម្លៃទាប នឹងមានទីផ្សារទូលាយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអតិថិជនក្នុងស្រុក ជាពិសេសជនជាតិខ្មែរ”។

លោកស្រីបានបញ្ជាក់ថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ក្នុងមួយម៉ែត្រការ៉េ ហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ៕

ផ្លូវរត់ព្រលានយន្ដហោះវែងជាងគេ និងផ្លូវល្បឿនលឿននៅខេត្តព្រះសីហនុនឹងបញ្ចប់តាមផែនការកំណត់

ដោយៈ ប៊ី

ព្រះសីហនុៈ ព្រះសីហនុ ដែលខេត្ដមួយកំពុងតែមានអភិវឌ្ឍន៍ខ្លាំងនោះ នឹងសម្រេចបានសមទ្ធិផលថ្មីធំៗចំនួន២បន្ថែមទៀត រួមមាន ផ្លូវរត់ព្រលានយន្ដហោះកងកេង ដែលជាផ្លូវរត់វែងជាងក្នុងប្រទេសកម្ពុជា និងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ស្របតាមផែនការនៅក្នុងឆ្នាំ២០២២ខាងមុខនេះ។

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ជាង១៩០គីឡូម៉ែត្រ ដែលទុនវិនិយោគសាងសង់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង៨៩.៨៩គីឡូម៉ែត្រ។

ដោយឡែកផ្លូវរត់ព្រលានយន្ដហោះកងកេង ខេត្ដព្រះសីហនុ ដែលជាផ្លូវរត់វែងជាង ក្នុងប្រទេសកម្ពជានោះ ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់សិទ្ធឲ្យក្រុមហ៊ុនវ៉ាងស៊ី របស់ប្រទេសបារាំង ជាអ្នកសាងសង់។
បើតាមក្រុមហ៊ុនវ៉ាងស៊ី បានធានាថា នឹងធ្វើឲ្យរួចរាល់ នៅក្នុងរង្វង់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដូច្នេះយន្ដហោះធំៗ ដែលមកពីឆ្ងាយរាប់ទាំងយន្ដហោះ របស់ប្រធានាធិបតីអាមេរិកក៏អាចមកចុះចត នៅប្រទេសកម្ពុជាបានដែរ។

លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ គឺជាព្រលានយន្ដហោះ ដែលមានប្រវែងរត់វែងជាងគេ នៅក្នុងប្រទេសកម្ពុជា ហើយមកដល់ពេលនេះ កំពុងធ្វើបានកសាងផ្លូវរត់ ផ្លូវចុះចតសម្រាប់យន្ដហោះ។

លោកបានឲ្យដឹងទៀតថា បើគ្មានការវាយប្រហារពីជំងឺកូវីដ-១៩នោះទេ សង្ឃឹមថា ផ្លូវរត់ព្រលានយន្ដហោះកងកេង នឹងអាចរួចរាល់ នៅក្នុងឆ្នាំ២០២២ ដែលជាការគាំទ្រ ដល់សំខាន់បន្ថែមទៀត សម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍ នៅក្នុងខេត្តព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំជាប្រចាំ ក្នុងការកសាង ការអភិវឌ្ឍន៍ ការដោះស្រាយ និងបញ្ហាប្រឈមនានា ដើម្បីជំរុញឲ្យការសាងសង បានលឿនឆាប់ទៅតាមផែនការ ដែលបានគ្រោងទុក។

ចំពោះការសាងសង់ ផ្លូវល្បឿនលឿនវិញ ត្រូវបានអភិបាលខេត្តព្រះសីហនុ បញ្ជាក់ឲ្យដឹងថា ការកសាងផ្លូវនេះ មិនមានឧបសគ្គពីបញ្ហាកូវីដ-១៩នោះទេ ព្រោះថា ក្រុមជាងក្រុមវិស្វករ គឺបានមានវត្ដមាន នៅលើការដ្ឋានរួចរាល់ហើយ។

លោកគួច ចំរើនបានឲ្យដឹងទៀតថា ចំពោះដំណើរការសាងសង ផ្លូវល្បឿនលឿននេះ នៅលើទឹកដីខេត្តព្រះសីហនុ មិនមានផ្ដល់ប៉ះពាល់អ្វីនោះទេ ព្រោះថា រដ្ឋបាលខេត្តបានដោះស្រាយនូវបញ្ហាទាំងនេះ រួចអស់ហើយ។

រាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការ រៀបចំដែនដី ខេត្តព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។

ជាពិសេស ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយ ទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្ម ជាមួយនឹងបរិស្ថាន រស់នៅល្អប្រសើរ៕

លំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារកំពុងវាយឡុកទីផ្សារនៅតំបន់ជាយក្រុងជុំវិញរាជធានីភ្នំពេញ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងលំនៅដ្ឋានជាច្រើនត្រូវបានគេមើលឃើញថាកំពុងតែមានសកម្មភាពយ៉ាងមមាញឹកក្នុងសាងសង់គម្រោងរបស់ខ្លួន ដែលភាគច្រើនស្ថិតនៅតំបន់ជាយក្រុងជុំវិញរាជធានីភ្នំពេញ និងត្រូវបានដាក់លក់នៅលើទីផ្សាររួមក្នុងតម្លៃក្រោម១០ម៉ឺនដុល្លារ។

អគ្គនាយកក្រុមហ៊ុនភ្នាក់អចលនទ្រព្យ Century21 Advance លោកឡុងគីម សួគ៌ បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា មិនថាពេលនេះ ឬក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខទៀត តម្រូវការលំនៅដ្ឋានកម្រិតមធ្យមដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារនៅតែមានទីផ្សារខ្ពស់ ព្រោះអ្នកដែលរស់នៅ និងប្រកបអាជីវកម្ម ក៏ដូចជាការងារនៅក្នុងរាជធានីភ្នំពេញភាគច្រើនមិនទាន់មានលំនៅដ្ឋានស្នាក់នៅកម្មសិទ្ធិនៅឡើយនោះទេ។

លោកបានបញ្ជាក់ថា សម្រាប់លំនៅដ្ឋានដែលមានតម្លៃសមរម្យក្រោម១០ម៉ឺនដុល្លារនៅតែមានប្រជាប្រិយភាពខ្ពស់ ព្រោះមនុស្សអត់ទាន់មានផ្ទះនៅកម្មសិទ្ធិនៅមានច្រើនណាស់ ហើយមួយឆ្នាំៗមានអ្នកចំណូលថ្មីមកកាន់រាជធានីភ្នំពេញជាបន្តបន្ទាប់ ដូច្នេះតម្រូវការនៅតែបន្តមានមិនធ្លាក់ចុះនោះទេ។ ហេតុផលដែលធ្វើឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅដ្ឋានភាគច្រើនសម្រុកទៅកាន់តំបន់ជាយក្រុងដោយសារតែនៅតំបន់ទាំងនោះជាតំបន់មានការអភិវឌ្ឍថ្មី តម្លៃដីធ្លីនៅមានកម្រិតដែលអនុគ្រោះដល់ការវិនិយោគរបស់ពួកគេអាចមានឱកាសទទួលបានចំណេញច្រើន ដែខុសប្លែកពីដីនៅកណ្តាលក្រុងឡើងខ្ពស់ហួសពីកម្រិត ដែលមិនអនុគ្រោះសម្រាប់អភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យមទៀតនោះទេ ដែលសូម្បីតែលំនៅដ្ឋាននៅក្នុងតំបន់មួយចំនួនដូចជាក្នុងខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌមានជ័យ(ម្ដុំផ្លូវ៦០ម៉ែត្រ) ដែលលំនៅដ្ឋានមួយខ្នងមានតម្លៃជាង២០ម៉ឺនដុល្លាររួចទៅហើយនោះ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ានួន រិទ្ធី ជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅតំបន់ជាយក្រុងក្បែរផ្លូវជាតិលេខ១ បុរីកៀនស្វាយផាក ជិតគម្រោងផ្លូវក្រវាត់ក្រុងទី៣ដែលកំពុងមានគម្រោងអភិវឌ្ឍន៍ជាច្រើននោះបានមានប្រសាសន៍ថា ការវិនិយោគវិស័យលំនៅដ្ឋានតម្លៃមធ្យមដែលមានទីតាំងស្ថិតនៅតំបន់ជាយក្រុងគឺអាចផ្តល់ឱកាសចំណេញដល់អ្នកអភិវឌ្ឍន៍ និងមានទីផ្សារធំទូលាយជាងលំនៅដ្ឋានប្រណីតកម្រិតខ្ពស់។

លោកឧកញ៉ាបញ្ជាក់ថា “លំនៅដ្ឋានកម្រិតសមរម្យងាយស្រួលរកអតិថិជនគោលដៅ ព្រោះបើអតិថិជនមានលុយត្រឹម១០ម៉ឺនដុល្លារ ឬក្រោមនេះមិនអាចទិញលំនៅដ្ឋានស្នាក់នៅក្នុងរាជធានីភ្នំពេញបានទេ ដូច្នេះលំនៅដ្ឋាននៅតំបន់ជាយក្រុងគឺជាជម្រើសរបស់ពួកគាត់។ ម៉្យាងវិញទៀត ស្ទើរគ្រប់គម្រោងទាំងអស់សុទ្ធតែបានផ្តល់ជូននូវលក្ខខណ្ឌងាយស្រួលដល់អតិថិជនជាមួយនឹងជម្រើសបង់ផ្តាច់ដែលអាចទទួលបានការបញ្ចុះបន្ថែម ក៏ដូចជាជម្រើសនៃការបង់រំលោះប្រចាំខែជាមួយក្រុមហ៊ុនផ្ទាល់ ឬជាមួយធនាគារជាដៃគូរបស់ក្រុមហ៊ុនដែលកាន់តែផ្តល់នូវទំនុកចិត្តដល់ពួកគាត់ ហើយពួកគាត់ក៏មានឱកាសចំណេញជាច្រើន មិនថាចំពោះការទិញសម្រាប់រស់នៅ ក៏ដូចជាការទិញទុកសម្រាប់ជួល ឬលក់បន្តយកចំណេញនៅពេលអនាគតនោះទេ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំទាំងតម្លៃដី និងតម្លៃលំនៅដ្ឋានតែងមានកំណើនជារៀងរាល់ឆ្នាំ”៕

ក្រសួងសាធារណៈការកំពុងរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវ និងផ្លូវរថភ្លើង

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននិងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់់ និងផ្លូវរថភ្លើង ដើម្បីឈានទៅលុបបំបាត់​ការទន្ទ្រានយកដីចំណីផ្លូវសាធារណៈទៅសាងសង់សំណង់ ឬដាំដំណាំផ្សេងៗ។

សេចក្តីព្រាងអនុក្រឹត្យស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវរថភ្លើង មានគោ​លបំណងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ ទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គមដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវ កាត់បន្ថយឧបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។

ជាងនេះទៅទៀត អនុក្រឹត្យនេះមានគោលបំណងកាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវបង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋ ដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយនិរន្តរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើ់ងក្រោមអធិបតីភាពលោកលឹម ស៊ីដេនីនរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។

យោងតាមខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើងក្នុងការធ្វើផែនការ ការសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ផ្លូវជាតិ និងផ្លូវរថភ្លើង ឬផ្ដល់សេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីបម្រើផលប្រយោជន៍អ្នកប្រើប្រាស់ផ្លូវជាតិ និងផ្លូវរថភ្លើងឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកលឹម ស៊ីដេនីន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យនេះ កិច្ចប្រជុំនេះធ្វើឡើងក្នុងពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដី ចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ក៏ដូចជាដើម្បីប្រមូលធាតុចូលឱ្យកាន់តែទូលំ ទូលាយ សំដៅឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារកាន់តែច្បាស់លាស់ ជាក់លាក់ និងស៊ីជម្រៅក្នុងក្របខណ្ឌនៃកំណត់ការគ្រប់គ្រង និងការប្រើប្រាស់ដីចំណីតាមបណ្ដាញផ្លូវជាតិ និងផ្លូវរថភ្លើង ឱ្យសមស្របតាមការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។

លោករដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារជំនាញ បច្ចេកទេសពិនិត្យបន្ថែមទៀត និង សិក្សាពាក្យពេជន៍ ឃ្លា ប្រយោគឱ្យបានល្អិតល្អន់ និងស៊ីជម្រៅសំដៅឱ្យមានសង្គតភាពជាមួយនឹង ឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញឱ្យការរៀបចំសេចក្ដីព្រាង អនុក្រឹត្យនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងដំណើរការទៅមុខដោយរលូន៕

ឧកញ៉ា ផន វណ្ណិត បង្ហើបគន្លឹះសំខាន់ៗចំនួន៥ដល់យុវជនដើម្បីទទួលបានជោគជ័យ

ដោយៈសហការី

ភ្នំពេញៈ ប្រទេសមួយអាចអភិវឌ្ឍន៍រីកចម្រើនទៅបានចាំបាច់ត្រូវមានធនធានគន្លឹះ​ជាស្នូលសម្រាប់ការអភិវឌ្ឍទាំងពេលបច្ចុប្បន្ន និងអនាគត។ ការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម សំណង់ ទេសចរណ៍ ទាំងនេះជាធាតុផ្សំ ដែលមិនអាចខ្វះបានសម្រាប់រដ្ឋទូទាំងពិភពលោកនោះគឺ ធនធានមនុស្ស។

ក្នុងនោះយុវជនគឺជាកម្លាំងមុតស្រួច  និងកម្លាំងស្នូលយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ ដើម្បីបបន្តវេន្តប្រកបដោយសក្ដានុពល និងសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

ជាយុវជនមួយរូប ធ្លាប់ឆ្លងកាត់បទពិសោធន៍ជីវិតទាំងជោគជ័យ និងប្រវត្តិជូរចត់តស៊ូរហូតអភិវឌ្ឍន៍ខ្លួនក្លាយជាឧកញ៉ា។

បច្ចុប្បន្នលោកឧកញ៉ា ផន វណ្ណិត ជាអ្នកជំនួញវិស័យអចលនទ្រព្យ ដ៏ជោគជ័យ និងល្បីឈ្មោះមួយរូបបានផ្តល់នូវគន្លឹះ និងបទពិសោធន៍មួយចំនួន ដើម្បីអាចក្លាយខ្លួនជាយុវជនពូកែនៅក្នុងសង្គម។

អតីតសាស្រ្តាចារ្យ ឧកញ៉ាផន វណ្ណិត បានឲ្យដឹងថា គន្លឹះក្លាយជាយុវជនពូកែនិងទទួលបានជជោគជ័យត្រូវមាន៥ចំណុចដូចជា ទី១. ក្លាហាន ទី២. ចូលចិត្តសិក្សា ទី៣. ឧស្សាហ៍ព្យាយាម  ទី៤. ធ្វើរឿងមានប្រយោជន៍  និងទី៥ មានគោលដៅធំច្បាស់លាស់។

ទាក់ទងនឹងចំណុចលម្អិតលើនេះ ឧកញ៉ាវ័យក្មេងរូបនេះ បានពន្យល់យ៉ាងថា

ចំណុចទី១. ក្លាហានៈ សំដៅដល់ការហ៊ានធ្វើរឿងល្អៗ  ហ៊ានផ្សងព្រេង និងធ្វើអ្វីដែលអ្នកដទៃមិនធ្លាប់ធ្វើ ឬមិនហ៊ានធ្វើពីមុនមក។ ជាមនុស្សដែលតែងចូលចិត្តចោទសួរអ្នកដទៃ បើឆ្ងល់ត្រង់កន្លែងណា។ ភាពក្លាហាន ជាចំណុចចាប់ផ្តើម ក្នុងការបញ្ជាក់ពីភាពជោគជ័យក្នុងជីវិតរបស់មនុស្សម្នាក់ៗ។

ចំណុចទី២.ចូលចិត្តសិក្សាៈ តែងតែមានទម្លាប់សិក្សារៀនសូត្រជាប្រចាំ ដើម្បីក្រេបយកចំណេះដឹង និងជំនាញផ្សេងៗមកដាក់ក្នុងខ្លួន។ ជាមនុស្សដែលស្វះស្វែងរកចំណេះដឹងមុន នឹងស្វែងរកទ្រព្យ។ ចូលចិត្តអានសៀវភៅ ជាងប្រើប្រាស់ឧបករណ៍ទូរស័ព្ទ។ ចូលចិត្តរៀនសូត្រពីរៀមច្បង និងសេពគប់ អ្នកដែលចូលចិត្តសិក្សា និងមានចំណេះដឹង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។

ចំណុចទី៣. ឧស្សាហ៍ព្យាយាមៈ មានការតស៊ូអត់ធ្មត់ មិនខ្ជិលច្រអូស តែងតែខិតខំជានិច្ចដើម្បីគោលដៅ និងផែនការរបស់ខ្លួន។ បើជាសិស្សវិញ រៀនជាប្រចាំ មិនឱ្យចាញ់គេឡើយ។ បើជាអ្នកជំនួញវិញ គឺតែងតែប្រឹងធ្វើការច្រើនជាងការសម្រាក។ យុវជនពូកែ គឺតែងប្រឹងប្រែងបំផុតប្រចំាថ្ងៃក្នុងជីវិតរបស់ខ្លួន ដោយមិនខ្ជីខ្ជាពេលវេលាឡើយ។

ចំណុចទី៤. ធ្វើរឿងមានប្រយោជន៍ៈ តែងតែគិត និងធ្វើរឿងអ្វីដែលមានប្រយោជន៍ជានិច្ច ហើយមិនសូវចូលចិត្តដើរលេងនោះទេ ដ្បិតគេគ្មានពេលវេលា សម្រាប់ដើរលេងច្រើនជាងការងាររកស៊ី ឬការសិក្សាឡើយ។ យុវជនពូកែ តែងសេពគប់មិត្តល្អ មិនមែនមិត្តដែលចូលចិត្តសេពគ្រឿងស្រវឹងឡើយ។ ចេះចូលរួមធ្វើកិច្ចការសង្គម និងស្ម័គ្រចិត្ត។

ចំណុចទី៥ មានគោលដៅធំច្បាស់លាស់ៈ មានគោលដៅធំ ច្បាស់លាស់បំផុត ហើយប្តេជ្ញាធ្វើវាអោយបាន ទោះក្នុងកាលទេស:ណាក៏ដោយ។ មានគោលដៅធំ ជាហេតុធ្វើអោយមានការប្រឹងប្រែងកាន់តែខ្លាំង និងលេចធ្លោរជានិច្ច។ តែងសម្លឹងវែងឆ្ងាយ មិនមែនគិតខ្លីៗ។ ធ្វើអ្វីតែងគិតទៅដល់គោលដៅដ៏ធំជាចម្បងរបស់ខ្លួនជានិច្ច។

លោកឧកញ៉ាផន វណ្ណិត ជាអតីតកូនអ្នកលក់បន្លែ ធ្លាប់បួសជាព្រះសង្ឃ ហើយបន្តការសិក្សាដល់បរទេស លោកឧកញ៉ា ត្រូវបានមជ្ឍដ្ឋានដែលធ្លាប់ស្គាល់លោក និងចាត់ថា ជាមនុស្សដែលមានចំណេះដឹងជ្រៅផ្នែកព្រះពុទ្ធសាសនា និងសង្គម ដោយសារតែ ការប្រឹងរៀនសូត្រ ការប្រឹងប្រែង រកស៊ី ជួយដល់សង្គមជាច្រើន រហូតត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារជា ឧកញ៉ាកាល ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ៕

សម្ដេចតេជោ បញ្ជាបន្ទាន់ឱ្យបើកច្រកព្រំដែននិងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង

ដោយៈ រ៉ាណេត

ភ្នំពេញៈ បន្ទាប់ពីទទួលបានដំណឹងស្ដីពីការបិទច្រកព្រំដែន និងផ្អាកមិនឱ្យប្រជាពលរដ្ឋកម្ពុជាដឹកទំនិញ ចូលទៅកាន់ប្រទេសថៃតាមច្រកព្រំដែនប៉ៃលិន ពីសំណាក់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ សម្ដេចតេជោហ៊ុន សែន បានបញ្ជាឱ្យដកបទបញ្ជាលើការហាមឃាត់វិញជាបន្ទាន់ ហើយត្រូវជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ របស់ពលរដ្ឋកម្ពុជាចេញទៅកាន់ប្រទេសជិតខាង ឱ្យបានកាន់តែប្រសើរ ក្រោមការទទួលខុសត្រូវរបស់ខេត្ត។

តាមរយៈសារជាសម្លេងរយៈពេលជាង៦នាទី នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា “ខ្ញុំសុំឱ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកនូវបទបញ្ជានេះចេញវិញដើម្បីសម្រួលឱ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា”។សម្តេចបន្តថា “មិនត្រឹមតែរកស៊ីធម្មតានោះទេ ខែនេះជាខែប្រមូលផលត្រូវខិតខំ ឱ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើនកាន់តែល្អ មិនអាចឱ្យខាងថៃដឹកទំនិញចូល មកក្នុងប្រទេសយើងបាន ប៉ុន្តែមិនឱ្យប្រជានខ្មែរយើងដឹកទំនិញចេញទៅប្រទេសថៃនោះទេ”។

សម្តេចបានបន្តថា “ជាមួយវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋ ដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា”។ សម្តេចបន្តថា “ខ្ញុំសុំឱ្យបណ្តាខេត្តនៅតាមព្រំដែនទាំងអស់ យកចិត្តទុកដាក់ការទទួលខុសត្រូវ ដើម្បីនឹងចាត់វិធានការធ្វើយ៉ាងណាឱ្យប្រជាជន នៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការជួយសម្រួលពីអាជ្ញាធររបស់យើងផង”។

នៅក្នុងសារសម្លេងដដែលសម្ដេចតេជោបានបន្តថា “កូវីដវាបានបំផ្លាញយើងហើ​យ មិនអាចឱ្យមានការបំផ្លាញ ខាងផ្នែកសេដ្ឋកិច្ចបន្ថែមទៀតទេ ខ្ញុំសុំស្នើឱ្យសម្ដេចក្រឡា​ហោមបញ្ជាក់ឱ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ សូមឱ្យដកថយនូវបទបញ្ជានេះវិញ”។

សម្តេចបន្តថា ទំនិញវាអត់មានជំងឺកូវីដទេ ទំនិញយើងដឹកចូលទៅប្រទេសថៃ ឬដឹកទៅវៀតណាម ឬវៀតណាមដឹកមកកម្ពុជា ថៃដឹកមកកម្ពុជា វាអត់មានជំងឺកូវីដនៅនឹងទំនិញនោះទេ  បញ្ហាសំខាន់របស់យើង គឺយើងខិតខំពង្រឹងគ្រប់គ្រងការធ្វើចត្តាឡីស័កតែប៉ុណ្ណោះ។ ចឹងទេ សូមឱ្យយកចិត្តទុកដាក់ ទៅលើការពង្រឹងនូវការធ្វើចត្តាឡីស័កប្រជាពលរដ្ឋ ប៉ុន្តែត្រូវបង្កលក្ខណៈសម្បត្តិ  ឱ្យប្រជាពលរដ្ឋបានទទួលការរកស៊ី នៅតាមព្រំដែនកាន់តែធំទៅៗ ព្រោះការរកស៊ីរបស់យើង ក៏ត្រូវពឹងពាក់ទៅលើទីផ្សារជិតខាង ហើយខាងមិត្តជិតខាង ក៏មានការពឹងពាក់នាំមកកាន់ទីផ្សារយើងក៏ច្រើន ដូច្នេះសូមបន្តលើបញ្ហានេះឱ្យបានច្បាស់លាស់ជៀសវាងភ័ន្តច្រឡំ។

សម្តេចបញ្ជាក់ថា “ការចេញបទបញ្ជាណាមួយទាក់ទង នឹងព្រំដែនសូមមេត្តាឱ្យខ្ញុំ បានដឹងផង ព្រោះខ្ញុំជាអ្នកទទួលខុសត្រូវ លើបញ្ហាកិច្ចការនយោបាយក្នុងប្រទេស និង នយោបាយក្រៅប្រទេស”។

សម្ដេចតេជោហ៊ុន សែនបានបន្តថា កន្លងទៅយើងក៏បានឆកល្វែងដែរ មានការចេញបទបញ្ជារទប់ស្កាត់ មិនឱ្យនាំចូលត្រីពីខាងក្រៅ ដែលអាចថាខុសទៅនឹងបទដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌអាស្តា គឺតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដូច្នេះយើងបានកែតម្រូវទៅខាងក្រសួងកសិកម្ម ជាមួយនឹងការហាមឃាត់ការនាំត្រីចូលពីខាងវៀតណាម ដែលធ្វើឱ្យមានបញ្ហា ហើយនេះជារឿងដែលត្រូវចាត់ការបន្ទាន់។

សម្តេចបញ្ជាក់ថា “ខ្ញុំទទូចឱ្យខេត្តនៅតាមព្រំដែន យកការទទួលខុសត្រូវ ហើយសុំឱ្យរាការណ៍ឱ្យត្រង់មកខ្ញុំតែម្ដង បើសិនជាមានបញ្ហាទាក់ទិន ជាមួយការរអាក់រអួលទៅលើបញ្ហាពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃ”៕