សម្ដេចតេជោ បញ្ជាបន្ទាន់ឱ្យបើកច្រកព្រំដែននិងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង

ដោយៈ រ៉ាណេត

ភ្នំពេញៈ បន្ទាប់ពីទទួលបានដំណឹងស្ដីពីការបិទច្រកព្រំដែន និងផ្អាកមិនឱ្យប្រជាពលរដ្ឋកម្ពុជាដឹកទំនិញ ចូលទៅកាន់ប្រទេសថៃតាមច្រកព្រំដែនប៉ៃលិន ពីសំណាក់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ សម្ដេចតេជោហ៊ុន សែន បានបញ្ជាឱ្យដកបទបញ្ជាលើការហាមឃាត់វិញជាបន្ទាន់ ហើយត្រូវជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ របស់ពលរដ្ឋកម្ពុជាចេញទៅកាន់ប្រទេសជិតខាង ឱ្យបានកាន់តែប្រសើរ ក្រោមការទទួលខុសត្រូវរបស់ខេត្ត។

តាមរយៈសារជាសម្លេងរយៈពេលជាង៦នាទី នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា “ខ្ញុំសុំឱ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកនូវបទបញ្ជានេះចេញវិញដើម្បីសម្រួលឱ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា”។សម្តេចបន្តថា “មិនត្រឹមតែរកស៊ីធម្មតានោះទេ ខែនេះជាខែប្រមូលផលត្រូវខិតខំ ឱ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើនកាន់តែល្អ មិនអាចឱ្យខាងថៃដឹកទំនិញចូល មកក្នុងប្រទេសយើងបាន ប៉ុន្តែមិនឱ្យប្រជានខ្មែរយើងដឹកទំនិញចេញទៅប្រទេសថៃនោះទេ”។

សម្តេចបានបន្តថា “ជាមួយវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋ ដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា”។ សម្តេចបន្តថា “ខ្ញុំសុំឱ្យបណ្តាខេត្តនៅតាមព្រំដែនទាំងអស់ យកចិត្តទុកដាក់ការទទួលខុសត្រូវ ដើម្បីនឹងចាត់វិធានការធ្វើយ៉ាងណាឱ្យប្រជាជន នៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការជួយសម្រួលពីអាជ្ញាធររបស់យើងផង”។

នៅក្នុងសារសម្លេងដដែលសម្ដេចតេជោបានបន្តថា “កូវីដវាបានបំផ្លាញយើងហើ​យ មិនអាចឱ្យមានការបំផ្លាញ ខាងផ្នែកសេដ្ឋកិច្ចបន្ថែមទៀតទេ ខ្ញុំសុំស្នើឱ្យសម្ដេចក្រឡា​ហោមបញ្ជាក់ឱ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ សូមឱ្យដកថយនូវបទបញ្ជានេះវិញ”។

សម្តេចបន្តថា ទំនិញវាអត់មានជំងឺកូវីដទេ ទំនិញយើងដឹកចូលទៅប្រទេសថៃ ឬដឹកទៅវៀតណាម ឬវៀតណាមដឹកមកកម្ពុជា ថៃដឹកមកកម្ពុជា វាអត់មានជំងឺកូវីដនៅនឹងទំនិញនោះទេ  បញ្ហាសំខាន់របស់យើង គឺយើងខិតខំពង្រឹងគ្រប់គ្រងការធ្វើចត្តាឡីស័កតែប៉ុណ្ណោះ។ ចឹងទេ សូមឱ្យយកចិត្តទុកដាក់ ទៅលើការពង្រឹងនូវការធ្វើចត្តាឡីស័កប្រជាពលរដ្ឋ ប៉ុន្តែត្រូវបង្កលក្ខណៈសម្បត្តិ  ឱ្យប្រជាពលរដ្ឋបានទទួលការរកស៊ី នៅតាមព្រំដែនកាន់តែធំទៅៗ ព្រោះការរកស៊ីរបស់យើង ក៏ត្រូវពឹងពាក់ទៅលើទីផ្សារជិតខាង ហើយខាងមិត្តជិតខាង ក៏មានការពឹងពាក់នាំមកកាន់ទីផ្សារយើងក៏ច្រើន ដូច្នេះសូមបន្តលើបញ្ហានេះឱ្យបានច្បាស់លាស់ជៀសវាងភ័ន្តច្រឡំ។

សម្តេចបញ្ជាក់ថា “ការចេញបទបញ្ជាណាមួយទាក់ទង នឹងព្រំដែនសូមមេត្តាឱ្យខ្ញុំ បានដឹងផង ព្រោះខ្ញុំជាអ្នកទទួលខុសត្រូវ លើបញ្ហាកិច្ចការនយោបាយក្នុងប្រទេស និង នយោបាយក្រៅប្រទេស”។

សម្ដេចតេជោហ៊ុន សែនបានបន្តថា កន្លងទៅយើងក៏បានឆកល្វែងដែរ មានការចេញបទបញ្ជារទប់ស្កាត់ មិនឱ្យនាំចូលត្រីពីខាងក្រៅ ដែលអាចថាខុសទៅនឹងបទដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌអាស្តា គឺតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដូច្នេះយើងបានកែតម្រូវទៅខាងក្រសួងកសិកម្ម ជាមួយនឹងការហាមឃាត់ការនាំត្រីចូលពីខាងវៀតណាម ដែលធ្វើឱ្យមានបញ្ហា ហើយនេះជារឿងដែលត្រូវចាត់ការបន្ទាន់។

សម្តេចបញ្ជាក់ថា “ខ្ញុំទទូចឱ្យខេត្តនៅតាមព្រំដែន យកការទទួលខុសត្រូវ ហើយសុំឱ្យរាការណ៍ឱ្យត្រង់មកខ្ញុំតែម្ដង បើសិនជាមានបញ្ហាទាក់ទិន ជាមួយការរអាក់រអួលទៅលើបញ្ហាពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃ”៕

World Bank: ការបង្កើននវានុវត្តន៍នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់អាស៊ីបូព៌ាឱ្យងើបឡើងវិញ

ដោយៈ ប៊ី

ភ្នំពេញៈ ធនាគារពិភពលោក (World Bank) នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយថ្ងៃនេះបាននិយាយថា នវានុវត្តន៍គឺជាសមាសភាគមួយមានសារៈសំខាន់ខ្លាំងសម្រាប់កំណើនផលិតភាព និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ាដែលកំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ នៅក្នុងពិភពលោកមួយដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ារក្សាបានកំណើន និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងកម្រិតកំណត់ត្រាមួយគួរឱ្យស្ងើចសរសើរ។ យ៉ាងណាក៏ដោយ ការធ្លាក់ចុះកំណើនផលិតភាព ភាពមិនប្រាកដប្រជាក្នុងពាណិជ្ជកម្មពិភពលោក និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យា កំពុងតែញ៉ាំងឱ្យមានភាពចាំបាច់ធ្វើការប្រែធាតុទៅរកគំរូផលិតកម្មបែបថ្មីនិងកាន់តែប្រសើរថែមទៀត ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរក្សាបានសម្ទុះទៅមុខ។

នៅក្នុងគោលដៅជួយដល់អ្នកតាក់តែងគោលនយោបាយធ្វើការឆ្លើយតបទៅនឹងភាពប្រឈមខាងលើនេះ របាយការណ៍ឈ្មោះថា “ភាពចាំបាច់នៃនវានុវត្តន៍សម្រាប់តំបន់អាស៊ីបូព៌ាកំពុងអភវិឌ្ឍ” (The Imperative for Developing East Asia) បានពិនិត្យមើលស្ថានភាពនវានុវត្តន៍នៅក្នុងតំបន់ វិភាគឧបសគ្គធំៗដែលបណ្តាក្រុមហ៊ុនកំពុងជួបប្រទះនៅក្នុងកិច្ចខិតខំធ្វើនវានុវត្តន៍ និងលើកឡើងនូវរបៀបវារៈសម្រាប់ផែនការមួយឈានទៅជំរុញកំណើនដែលយកនវានុវត្តន៍ជាមូលដ្ឋាន។

លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “ការរាតត្បាតជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ អមដោយបរិយាកាសសាកលលោកដែលប្រែប្រួលឥតឈប់ឈរ បានញ៉ាំងឱ្យមានភាពបន្ទាន់មួយសម្រាប់រដ្ឋាភិបាលនៅក្នុងតំបន់ធ្វើការខិតខំបង្កើននវានុវត្តន៍ឱ្យបានខ្លាំងក្លាថែមទៀត តាមរយៈការតាក់តែងគោលនយោបាយឱ្យកាន់តែល្អឡើង”។

ពិតណាស់ តំបន់ប្រមូលផ្តុំអ្នកនវានុវត្តន៍មានកេរ្តិ៍ឈ្មោះលេចធ្លោជាច្រើន ប៉ុន្តែទិន្នន័យនៅក្នុងរបាយការណ៍នេះបង្ហាញថា លើកលែងតែប្រទេសចិនចេញ ប្រទេសភាគច្រើននៅក្នុងតំបន់មាននវានុវត្តន៍ក្នុងអត្រាមួយទាបជាងការរំពឹងទុកទៅទៀត បើធៀបទៅនឹងកម្រិតចំណូលក្នុងពលរដ្ឋម្នាក់ៗ។ ក្រុមហ៊ុនភាគច្រើនដំណើរការដោយស្ថិតនៅក្រោយឆ្ងាយពីការភាពជឿនលឿននៃបច្ចេកវិទ្យាទៅទៀត។ លើសពីនេះ តំបន់ទាំងមូលកាន់តែនៅដាច់ឆ្ងាយពីក្រោយបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ទាំងក្នុងភាពស៊ីជម្រៅនិងទាំងក្នុងសម្ទុះនៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើធុរកិច្ច។

លោក ហាវីយេ ស៊ីរ៉េរ៉ា ដែលជាអ្នកដឹកនាំការនិពន្ធរបាយការណ៍នេះ មានប្រសាសន៍ថា៖ “ក្រៅតែពីគំរូលេចធ្លោមួយចំនួន ក្រុមហ៊ុនភាគច្រើនដ៏លើសលប់នៅក្នុងតំបន់អាស៊ីបូព៌ានៅមិនទាន់ចាប់ផ្តើមធ្វើនវានុវត្តន៍អាជីវកម្មរបស់ខ្លួន នៅឡើយទេ។ អាស្រ័យហេតុនេះ គេចាំបាច់ត្រូវមានគំរូនវានុវត្តន៍ជាលក្ខណៈទូលំទូលាយមួយ ដែលអាចជួយជ្រោមជ្រែងដល់ក្រុមហ៊ុនច្រើនសន្ធឹកសន្ធាប់ក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗ ហើយទន្ទឹមគ្នានោះ បង្កលក្ខណៈឱ្យក្រុមហ៊ុនដែលជឿនលឿនស្រាប់អាចឈានទៅធ្វើប្រតិបត្តិការគម្រោងដែលកាន់តែមានកម្រិតជឿនលឿងខ្ពស់ថែមទៀត។”

របាយការណ៍នេះបានកំណត់កត្តាមួយចំនួនដែលរារាំងដល់ការធ្វើនវានុវត្តន៍ក្នុងតំបន់ រួមមានកង្វះព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មី ភាពមិនប្រាកដប្រជាអំពីផលដែលគម្រោងបែបនវានុវត្តន៍អាចផ្តល់ត្រឡប់មកវិញ សមត្ថភាពក្រុមហ៊ុនខ្សោយ បុគ្គលិកមានជំនាញមិនគ្រប់គ្រាន់ និងកង្វះខាតជម្រើសផ្នែកហិរញ្ញប្បទាន។ ជាងនេះទៅទៀត គោលនយោបាយនវានុវត្តន៍និងស្ថាប័ននៅតាមប្រទេសនីមួយៗ ច្រើនតែមិនទាន់ស៊ីចង្វាក់គ្នាជាមួយសមត្ថភាពនិងសេចក្តីត្រូវការរបស់ក្រុមហ៊ុន។

ដើម្បីជំរុញនវានុវត្តន៍ឱ្យស្ទុះទៅមុខ របាយការណ៍នេះសង្កត់ធ្ងន់ថា បណ្តាប្រទេសក្នុងតំបន់ចាំបាច់ត្រូវតម្រែតម្រង់ទិសគោលនយោបាយទៅលើកស្ទួយការផ្សព្វផ្សាយបច្ចេកវិទ្យាដែលមានស្រាប់ឱ្យកាន់តែសាយភាយ មិនត្រឹមតែការបង្កើតថ្មីទេ គាំទ្រដល់នវានុវត្តន៍ក្នុងវិស័យសេវាកម្ម មិនត្រឹមតែក្នុងវិស័យផលិតកម្មទេ និងពង្រឹងសមត្ថភាពនវានុវត្តន៍របស់ក្រុមហ៊ុនឱ្យកាន់តែរឹងមាំថែមទៀត។ ការចាប់យកទស្សនៈទូលំទូលាយស្តីពីគោលនយោបាយនវានុវត្តន៍មានសារៈសំខាន់ខ្លាំង ដើម្បីបង្កលក្ខណៈនាំឱ្យមានកំណើនផលិតភាពក្នុងចំណោមក្រុមហ៊ុនច្រើនទូទាំងតំបន់។

លោក អែនឌ្រូ ម៉េសុន ដែលជាអ្នកនិពន្ធមួយរូបទៀត មានប្រសាសន៍ថា៖ “អ្វីដែលសំខាន់គឺរដ្ឋាភិបាលក្នុងតំបន់គួរជួយដល់ការធ្វើនវានុវត្តន៍ក្នុងវិស័យសេវាកម្ម នៅពេលដែលសេវានេះកំពុងបំពេញតួនាទីកាន់តែសំខាន់នៅក្នុងសេដ្ឋកិច្ច មិនមែនសម្រាប់តែធ្វើឱ្យសេវាមានគុណភាពល្អជាងមុនទេ តែដើម្បីប្រែក្លាយវាឱ្យទៅជាធាតុចូលសំខាន់ៗសម្រាប់ផ្នែកផលិតកម្មដែរ។”

អ្វីដែលជាការចាំបាច់ដែរនោះគឺប្រទេសក្នុងតំបន់គួរពង្រឹងកត្តាបំពេញបន្ថែមសំខាន់ៗទៀតសម្រាប់នវានុវត្តន៍ ក្នុងនោះមាន ជំនាញរបស់ពលករ និងឧបករណ៍នានាសម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងនវានុវត្តន៍។ លើសពីនេះ ការតភ្ជាប់ស្ថាប័នស្រាវជ្រាវជាតិជាមួយក្រុមហ៊ុននានា នឹងផ្តល់សារៈសំខាន់ខ្លាំងដែរក្នុងការលើកស្ទួយកំណើនដែលមាននវានុវត្តន៍ជាមូលដ្ឋាន នៅក្នុងតំបន់ទាំងមូល។

ពាក្យ “តំបន់អាស៊ីបូព៌ាកំពុងអភិវឌ្ឍ” “developing East Asia” សំដៅទៅលើប្រទេសមានចំណូលមធ្យមចំនួន១០ ដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នេះ រួមមាន ប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និង វៀតណាម៕

រដ្ឋាភិបាលខាតលុយរាប់លានដុល្លារលើការដោះស្រាយសំណងលើសំណង់រំលោភចំណីផ្លូវរបស់ប្រជាពលរដ្ឋ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាតែងខាតបង់ប្រាក់រាប់លានដុល្លារទៅលើការចំណាយដោះស្រាយសំណងលើសំណង់លំនៅដ្ឋានរំលោកចំណីផ្លូវមួយចំនួនរបស់ប្រជាពលរដ្ឋនៅពេលអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានានៅទូទាំងប្រទេស។ ជាមួយគ្នានេះ ដើម្បីបញ្ចៀសនូវបញ្ហាទាំងនេះ រដ្ឋាភិបាលបាននិងកំពុងរៀបចំអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ ខណៈគម្រោងអភិវឌ្ឍន៍ និងពង្រីកផ្លូវជាច្រើនមានភាពយឺតយ៉ាវដោយសារសំណង់រំលោភលើដីផ្លូវសាធារណៈទាំងអស់នេះ។

លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថានៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា បច្ចុប្បន្នពាក់ព័ន្ធទៅនឹងបញ្ហាដូចដែលបានលើកឡើងខាងលើ ក្រសួងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវរថភ្លើង ក្នុងគោលបំណងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គមដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវ ក៏ដូចជាកាត់បន្ថយឧបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។

លោកបន្តឱ្យដឹងទៀតថា ក្រសួងសាធារណៈការ និងដឹកជញ្ជូនក៏មានគោលបំណងកាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋដែលតាំងទីលំនៅតាមបណ្ដាញផ្លូវ បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា “សេចក្តីព្រាងអនុក្រឹត្យនេះបានកំណត់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើងក្នុងការធ្វើផែនការ ការសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ ផ្លូវជាតិ និងផ្លូវរថភ្លើង ឬផ្ដល់សេវាកម្មផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីបម្រើផលប្រយោជន៍អ្នកប្រើប្រាស់ផ្លូវជាតិ និងផ្លូវរថភ្លើងឱ្យមានប្រសិទ្ធភាពខ្ពស់”។

នៅឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានផែនការជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនមានដូចជា បន្តស្តារ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣១ លេខ៣៣ លេខ៤១ លេខ៤៨ លេខ៧១សេ និងលេខ៧ (ស្គន់-កំពង់ចាម និងកំពង់ចាម- ត្រពាំងផ្លុង)ពីប្រភេទផ្លូវក្រាលកៅស៊ូ២ ជាន់ (DBST) ទៅជាផ្លូវក្រាលបេតុងកៅស៊ូ (AC), ជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវ ល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២, បញ្ចប់ការចរចា និងរៀបចំកិច្ចព្រមព្រៀងសម្បទាន សម្រាប់ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត, សិក្សា និងរៀបចំបំពាក់បន្ថែមនូវបរិក្ខារសុវត្ថិភាពចរាចរណ៍ និងរៀបចំបំពាក់កាមេរ៉ាចាប់ល្បឿននៅតាមផ្លូវជាតិ ផ្លូវខេត្ត និងតំបន់ទីប្រជុំជន ជាដើម៕

មន្ត្រីពន្ធដារៈ អចលនទ្រព្យចំនួន៥ប្រភេទនឹងទទួលបានការលើកលែងពន្ធលើចំណេញមូលធន

ដោយៈ ប៊ី

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ពន្ធលើចំណេញមូលធនលើអចលនទ្រព្យចំនួន៥ប្រភេទ នឹងត្រូវបានលើកលែងចំពោះការលក់ ឬផ្ទេរមូលធន ខណៈពន្ធលើចំណេញមូលធន គ្រោងនឹងអនុវត្តចាប់ពីដើមឆ្នាំ២០២២ ខាងមុខនេះ។

លោកបណ្ឌិតកែន សម្បត្តិអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងក្នុងសិក្ខាសាលាស្តីពី «ពន្ធលើចំណេញមូលធន» កាលពីដើមសប្តាហ៍នេះថា ពន្ធលើចំណេញមូលធនត្រូវបានលើកលែងចំពោះការលក់ ឬផ្ទេរមូលធនមួយចំនួនរួមមាន ទី១).ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ ទី២).ទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃ ទី៣).និវាសនដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធ ដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច៥ឆ្នាំមុនពេលលក់ ឬផ្ទេរ។

លោកបានបន្តទៀតថា ក្នុងករណីមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធ និងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម ទី៤).អចលនទ្រព្យក្នុងរង្វង់ញាតិ ដូចមានចែងក្នុងបទប្បញ្ញត្តិ ស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើត និងបងប្អូនបង្កើតរវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ និង ទី៥).ទ្រព្យដែលត្រូវបានលក់ ឬផ្ទេរ ដើម្បីប្រយោជន៍សាធារណៈ ស្របតាមច្បាប់អស្សាមិករណ៍។

បន្ថែមលើនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធលើចំណេញមូលធនចំពោះការលក់ ឬផ្ទេរដីកសិកម្មជាកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់របស់ប្រជាពលរដ្ឋ ដែលជាកសិករកំពុងបង្កបង្កើនផលពិតប្រាកដ និងមានអាសយដ្ឋានរស់នៅ ស្ថិតនៅក្នុងឃុំ/សង្កាត់ដែលដីកសិកម្មនោះស្ថិតនៅ។

ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធននេះ ទី១). នឹងធានាបាននូវសមធម៌ នៃការបង់ពន្ធដែលនីតិបុគ្គល បានអនុវត្តបង់ពន្ធនេះ តាំងពីប្រព័ន្ធពន្ធដារកម្ពុជា ចាប់អនុវត្តនូវរបបស័្វយប្រកាស និងធានានូវការប្រកួតប្រជែងដោយស្មើភាព។ ជាពិសេស នឹងធានានូវចីរភាព នៃកំណើនចំណូលពន្ធ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ២). នឹងពង្រឹងបាននូវស្ថិរភាពតម្លៃអចលនទ្រព្យ តាមរយៈការកាត់បន្ថយការលក់បំប៉ោងតម្លៃអចលនទ្រព្យ ហើយប្រជាពលរដ្ឋ និងវិនិយោគិនអាចទិញអចលនទ្រព្យក្នុងតម្លៃសមរម្យ។

ក្នុងន័យនេះ អាចទាក់ទាញវិនិយោគិន មកវិនិយោគបានកាន់តែច្រើន នាំឱ្យបង្កើតបាននូវការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានកាន់តែច្រើន ដែលនឹងបង្កើនបានជាផលរាលដាលវិជ្ជមាន (Spillover Effects) នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។

ចំពោះការគណនាប្រាក់ពន្ធ លើចំណេញមូលធន គឺយកប្រាក់ចំណេញពីការលក់ឬផ្ទេរមូលធន គុណនឹងអត្រាពន្ធ ២០ភាគរយ ហើយសម្រាប់មូលធនជាអចលនទ្រព្យ ម្ចាស់អចលនទ្រព្យអាចជ្រើសរើស វិធីសាស្ត្រកាត់កងចំណាយ ១) វិធីសាស្ត្រកាត់កងចំណាយតាមការកំណត់ គឺអនុញ្ញាតឱ្យកាត់កងចំណាយ ៨០ភាគរយនៃប្រាក់ចំណូលដែលទទួលបានពីការលក់ឬផ្ទេរអចលនទ្រព្យ ឬ២) វិធីសាស្រ្តកាត់កងតាមចំណាយជាក់ស្តែង គឺត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង៕

កាន់តែក្រៀមក្រំ ៖ ការឆ្លងរីករាលដាលកូវីដចូលក្នុងសហគមន៍កំពុងគ្រប់ដណ្ដប់ដល់៤ខេត្តក្រុង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការរីករាលដាលនៃជំងឺកូវីដនៅក្នុងសហគមន៍បានបន្តរហូតដល់៤ខេត្តក្រុង ដែលក្នុងនោះរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តព្រៃវែង ដែលមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ កំពុងត្រូវបានមន្ត្រីសុខាភិបាលធ្វើការពិនិត្យយកសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថាចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមាន៤០នាក់ ដោយក្នុងនោះ៣៨នាក់ជាអ្នកឆ្លងក្នុងសហគមន៍ក្នុងរាជធានីភ្នំពេញ ដោយឡែក២នាក់ទៀតបានធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ (ម្នាក់ចេញថ្ងៃទី១៦ ហើយម្នាក់ទៀតចេញថ្ងៃទី២០ ខែកុម្ភៈ) ។

ពាក់ព័ន្ធទៅនឹងករណីចម្លងនៅក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ គិតរហូតមកដល់ព្រឹកថ្ងៃដដែលនេះមានចំនួនរហូតដល់១៣៧នាក់ ខណៈដែលអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យតាមដាន និងធ្វើចត្តាឡីស័កយ៉ាងហ្មត់ចត់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។

សម្រាប់ទីតាំងដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈមានចំនួន៤៧ទីតាំងអាជីវកម្មក្នុងរាជធានីភ្នំពេញដែលត្រូវបានផ្អាកបណ្តោះអាសន្ន។ ដោយឡែកនៅក្នុងក្រុងព្រះសីហនុ ដែលទើបពិនិត្យឃើញមានវិជ្ជមានចំនួន២ករណីទៅលើស្ត្រីជាជនជាតិចិនក៏ត្រូវបានរដ្ឋបាលខេត្តសហការជាមួយមន្ត្រីជំនាញសុខាភិបាលធ្វើការបិតទីតាំងចំនួន៥ទីតាំងដែលពាក់ព័ន្ធរួមមាន សណ្ឋាគារ ហ័ងហ្គ័នជាយឺ សណ្ឋាគារ ជីនប៉ី (ចំនួន៣សាខា) ដែលស្ត្រីជនជាតិចិនទាំង២នាក់បានស្នាក់នៅ និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ី៕

ក្រុមហ៊ុនដ៏ធំមួយរបស់ថៃប្រកាសបោះទុនជាង៨០០លានដុល្លារសាងសង់ខុនដូនៅទីក្រុងបាងកក ទោះស្ថិតក្នុងពេលមានវិបត្តិ

ដោយៈ ប៊ី

បាងកកៈ បន្ទាប់ពីពន្យាពេលសាងសង់កគម្រោងថ្មីៗកាលពីឆ្នាំមុន ក្រុមហ៊ុនអភិវឌ្ឍន៍ Ananda Development ដែលបានចុះបញ្ជីនៅផ្សារហ៊ុនថៃ នឹងត្រូវបើកដំណើរសាងសង់គម្រោងខុនដូចំនួន៥ នៅទីក្រុងបាងកក ដែលមានតម្លៃសរុប២៤,៤ពាន់លានបាត (ជាង៨១២លានដុល្លារអាមេរិក) នៅឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីសប្តាហ៍មុន។

លោក Chanond Ruangkritya ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Ananda Development បាននិយាយថា ការរៀបចំនគរូបនីយកម្ម និងការរស់នៅខុនដូក្បែរស្ថានីយឆ្លងកាត់ដ៏ធំមួយនឹងនៅតែជានិន្នាការសម្រាប់អ្នករស់នៅ បើទោះបីជាការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលបានផ្លាស់ប្តូរឥរិយាបថអតិថិជនទៅរស់នៅក្នុងលំនៅដ្ឋានដែលមានកម្ពស់ទាបក៏ដោយ។

លោកបានមានប្រសាសន៍ថា “យើងមិនដឹងថានៅពេលណាការរីករាលដាលនៃជំងឺរាតត្បាតនឹងបញ្ចប់ ហើយថាតើវាប៉ះពាល់ដល់ជំនឿរបស់យើងលើរៀបចំនគរូបនីយកម្ម និងគំរូអាជីវកម្មរបស់យើង ដោយផ្តោតលើខុនដូដែរឬទេ។ ទោះបីជាមានការផ្គត់ផ្គង់ច្រើននៅក្នុងទីផ្សារក្តី ខុនដូក៏មិនមានស្ថានភាពអាក្រក់ដូចមនុស្សជាច្រើនគិតដែរ”។

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២០ បរិមាណលំនៅដ្ឋានដែលមិនទាន់លក់ចេញនៅទីក្រុងបាងកក និងខេត្តធំៗចំនួន២៦ មានចំនួនសរុប៣១៩.៥២៧យូនីត ដែលមានតម្លៃសរុប១ទ្រីលានបាត កើនឡើងពី៣០១.០៩៨យូនីតនៅចុងឆ្នាំ២០១៩។

នៅក្នុងចំណោមលំនៅដ្ឋានសរុបនៅឆ្នាំ២០២០ ដែលមិនទាន់បានលក់ចេញ គឺក្នុងនោះមានខុនដូ១៣១.០០៦យូនីត កើនឡើងពី១១០.៥៣៧យូនីត ហើយរំពឹងថានឹងកើនឡើងដល់១៥២.៦៨២នៅចុងឆ្នាំ ២០២១ ។

លោក Chanond បាននិយាយថា នៅឯទីក្រុងបាងកក ចំនួនខុនដូ ដែលមិនទាន់បានលក់មានចំនួន ១០០.០៥៥យូនីត ដែលមានតម្លៃសរុប៣៨២,៦៦ពាន់លានបាត ត្រូវចំណាយពេល៣ ទៅ៦ឆ្នាំ ដើម្បីលក់ចេញអស់។

ដោយមិនមានគម្រោងថ្មីៗបានចាប់ផ្តើមកាលពីឆ្នាំមុន ក្រុមហ៊ុន Ananda បានលក់លំនៅដ្ឋានបានប្រមាណ១៧,៥ ពាន់លានបាត ក្នុងនោះទឹកប្រាក់ប្រមាណ១៥,១ពាន់លានបាតពីការលក់ខុនដូ ស្មើនឹង៨៦ភាគរយនៃការលក់លំនៅដ្ឋានសរុបរបស់ខ្លួន។

ការលក់គម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុននេះក្នុងឆ្នាំ២០២០ សម្រេចបានទំហំទឹកប្រាក់១៦,៨ពាន់លានបាត ដែលខ្ពស់ជាងគោលដៅលក់របស់ខ្លួន ខណៈការលក់ក្នុងឆ្នាំ២០១៩ សម្រេចបាន២៦,៦៥ពាន់លានបាត។

គម្រោងខុនដូថ្មីទាំង៥នេះរបស់ក្រុមហ៊ុននឹងមានទីតាំងស្ថិតនៅតំបន់ Saphan Khwai តំបន់ Sam Yan តំបន់ Thong Lor តំបន់ Sukhumvit Soi 38 និងតំបន់ Lam Salee ។

ក្រុមហ៊ុននេះរំពឹងថា ការលក់គម្រោងទាំង៥នេះ នឹងសម្រេចបានទំហំទឹកប្រាក់១៨,៥៧ពាន់លានបាតគិតត្រឹមនៅចុងឆ្នាំ២០២១៕

សម្ដចតេជោ ៖ ព្រះសីហនុ ជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតស៊ីវិល័យរបស់ខេត្តព្រះសីហនុដែលលម្អទៅដោយសំណង់អគារខ្ពស់ជាច្រើនស្អេកស្កះបម្រើដល់វិស័យពាណិជ្ជកម្ម សេវាកម្ម និងជាលំនៅដ្ឋានបែបទំនើប និងប្រណីតភាព រួមជាមួយវិថី និងមហាវិថីធំៗជាច្រើនខ្សែដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមេសាខាងមុខនេះ ខេត្តព្រះសីហនុនឹងក្លាយជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់របស់ប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈគណនីទំនាក់ទំនងផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតនៃទិដ្ឋភាពក្រុងព្រះសីហនុជាច្រើនទីតាំង។

ជាមួយនឹងការបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃសំណង់អាគារខ្ពស់យ៉ាងស្អេកស្កះរួមជាមួយហេដ្ឋារចនាសម្ព័ន្ធទាំង៣៤ខ្សែដែលនឹងត្រូវរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមេសាខាងមុខនេះ សម្ដេចក៏បានសរសេរសារផងដែរថា “ពិតជាប្លែកភ្នែកមែនសម្រាប់ក្រុងព្រះសីហនុនៃប្រទេសកម្ពុជាក្រោយពីការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៤ខ្សែរួចរាល់នោះ!”។

សម្ដេចបានបន្តទៀតថា “ក្រោយពីការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៤ខ្សែរួចរាល់ហើយនោះ នឹងធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះមានភាពស៊ីវិល័យ ទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ”។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍បញ្ជាក់នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែខាងលើនេះថា សមិទ្ធផលថ្មីៗនៅលើទឹកដីខេត្តព្រះសីហនុ គឺជាផលប្រយោជន៍របស់បងប្អូនដែលរស់នៅខេត្តព្រះសីហនុផង ហើយក៏ជាផលប្រយោជន៍រួមរបស់ប្រទេសជាតិផង។ រាជរដ្ឋាភិបាលកម្ពុជាហ៊ានដាក់ទុនអភិវឌ្ឍននៅក្នុងខេត្តព្រះសីហនុ ដោយសារតែខេត្តព្រះសីហនុអាចប្រមូលថវិកាជូនទៅជាតិ ហើយជាតិក៏ត្រូវបែងចែកថវិកានោះទៅកាន់ខេត្តដទៃផ្សេងទៀតដើម្បីដើម្បីវិនិយោគបន្ត។ តាមរយៈកិច្ចអភិវឌ្ឍន៍ទាំងនេះនឹងធ្វើឱ្យខេត្តព្រះសីហនុប្រែមុខប្រែមាត់ ហើយក៏ជាទីកន្លែងសម្រាប់ទាក់ទាញមនុស្សឱ្យមកកាន់ខេត្តព្រះសីហនុផងដែរ។

ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវត្តមាននៃសំណង់អគារធំៗ ខ្ពស់ៗចាប់ផ្តើមរីកដុះដាលនៅក្នុងក្រុងព្រះសីហនុ ត្រូវទាមទារនូវការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៃផ្នែកខាងក្រោមឱ្យមានភាពល្អប្រសើរដើម្បីបម្រើដល់សចេក្ដីត្រូវការចាំបាច់ ពិសេសបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ក្នុងខេត្តក៏មានសក្ដានុពលមួយនេះ។

ដោយឡែកផ្លូវទាំង៣៤ខ្សែដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យប្រចាំខេត្តព្រះសីហនុ និងលើកដំបូងរបស់ប្រទេសកម្ពុជានេះបានចំណាយពេលត្រឹម៨ខែសម្រាប់សាងសង់ ពោលគឺនៅពេលបច្ចុប្បន្ននេះជាលទ្ធផលស្ទើរតែរួចរាល់ទាំងស្រុងនៅសល់តែការសម្អាត តុបតែង និងការបំពាក់ភ្លើងបំភ្លឺបន្តិចបន្តួចតែប៉ុណ្ណោះ។

ចង់ដឹងទេថា ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងព្រះសីហនុមានភាពទាក់ទាញ និងអស្ចារ្យដល់កម្រិតណានោះសូមទៅកម្សាន្តទាំងអស់គ្នា៕

អ្នកជំនាញ ៖ ចង់រកស៊ីក្នុងទីផ្សារអចលនទ្រព្យឱ្យចំណេញ គឺត្រូវចេះមើលពីព្រឹត្តិការណ៍សង្គម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនថាចំពោះការវិនិយោគទ្រង់ទ្រាយធំ ឬតូចនៅក្នុងទីផ្សារអចលនទ្រព្យនោះទេ សម្រាប់ដែលចង់ទទួលបានចំណេញពីការវិនិយោគ គឺត្រូវតែឆ្លាតវៃ និងចេះសង្កេតមើលពីព្រឹត្តិការណ៍នានាដែលកើតមាននៅក្នុងសង្គមជាក់ស្ដែង ទាំងព្រឹត្តិការណ៍ល្អ និងអាក្រក់ ជាក់ស្ដែងដូចជាពេលបច្ចុប្បន្ននេះ បើទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមក៏ដោយ សម្រាប់អ្នកដែលចេះបត់បែននៅអាចធ្វើជំនួញបាន និងទទួលផលចំណេញមកវិញផងដែរ។

លោក ម៉ាន់ ច័ន្ទឌី ដែលជាអគ្គនាយកក្រុមហ៊ុន PREMIUM Group មានក្រុមហ៊ុនចំណុះច្រើនជាង១០ បានមានប្រសាសន៍ប្រាប់នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា មិនថាស្ថិតនៅក្នុងកាលទេសណានោះទេ សម្រាប់អ្នកជំនួញដែលឆ្លាតគឺនៅតែមានឱកាសធ្វើឱ្យអាជីវកម្មរបស់ខ្លួនមានដំណើរការទៅមុខ និងរីកចម្រើនបានដែរ។

លោកបានមានប្រសាសន៍ថា “សម្រាប់តែការធ្វើជំនួញនៅក្នុងទីផ្សារអចលនទ្រព្យ ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ នេះ ទាំងអ្នកអភិវឌ្ឍន៍ និងអ្នករស៊ីក្នុងវិស័យនេះ ត្រូវមានការផ្លាស់ប្តូរទិសដៅ និងចេះបត់បែនផ្លាស់ប្ដូរវិធីសាស្ត្រនៃការលក់អចលនទ្រព្យរបស់ខ្លួនដើម្បីទាក់ទាញនូវការចាប់អារម្មណ៍ពីអតិថិជន។ ការទិញលក់អចលនទ្រព្យនាពេលបច្ចុប្បនេះ គឺស្ថិតនៅក្នុងលក្ខណៈពិសេស ដូចជាទិញដោយគ្មានប្រាក់កក់ និងមានការថែមនូវសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះបាយ ដូចជាទូរទឹកកក និងសម្ភារៈប្រើប្រាស់ផ្សេងជាដើមពីក្រុមហ៊ុនអភិវឌ្ឍន៍” ។

លោកបានបញ្ជាក់ថា “តួរយ៉ាងទីផ្សារនៅក្នុងវិស័យលំឋានកាន់តែមានការប្រកួតប្រជែងខ្ពស់ ហើយបើសិនជាអ្នកវិនិយោគ បានទទួលរងនូវផលប៉ះពាល់ក្នុងការលក់របស់ខ្លួន ប៉ុន្តែយល់ពីស្ថានការណ៍ ពួកគាត់មានភាពបត់បែន ផ្លាស់ប្ដូរយុទ្ធសាស្ត្រនៃការលក់ ក៏ដូចជាលក្ខខណ្ឌនៃការបង់ប្រាក់ ឬការបញ្ចុះតម្លៃ មានកិច្ចសន្យាទិញលក់ត្រឹមត្រូវ និងផ្តល់នូវគុណភាពសេវាកម្មបន្ថែមទៅលើអចលនទ្រព្យ នោះពួកគាត់ពិតជាអាចរក្សាបាននូវទីផ្សាររបស់គាត់ជាមិនខាន”៕

ទីផ្សារដីធ្លីនៅក្នុងតំបន់អរិយក្សត្រនៅតែមានសកម្មភាព បើទោះជាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមិនទាន់ចេញរូបរាង

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ បើទោះបីគម្រោងសាងសង់ស្ពានពីតំបន់ជ្រោយចង្វារឆ្ពោះទៅកាន់តំបន់អរិយក្សត្រមិនទាន់ចេញជារូបរាងក៏ដោយ ក៏បច្ចុប្បន្នដីធ្លីនៅក្នុងនៅក្នុតំបន់នេះនៅតែមានតម្រូវការខ្ពស់ពីក្រុមអ្នកអភិវឌ្ឍន៍លំនៅឋាន បុរី និងឈ្មួញអចលនទ្រព្យផ្សេងៗជាច្រើន។

លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានឱ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់អរិយក្សត្រ មានអ្នកអភិវឌ្ឍន៍ និងឈ្មួញដីធ្លីជាច្រើនបានសម្រុកទៅកាន់តំបន់នេះដើម្បីស្វែងរកទិញដីធ្លីសម្រាប់អភិវឌ្ឍ និងទុកលក់យកចំណេញ ខណៈតម្លៃដីធ្លីនៅតំបន់នេះមានស្ថានភាពធូរថ្លៃ។

លោកស្រីតាំង ហួរបន្តឱ្យដឹងទៀតថា ភាគច្រើនដែលអ្នកស្វែងរកទិញដីនៅតំបន់នេះ គឺសម្រាប់ធ្វើការអភិវឌ្ឍន៍បុរី និងលំនៅឋាន និងមួយចំនួនទៀត គេទិញទុកលក់យកចំណេញ ដោយសារគម្រោងស្ពានឆ្លងកាត់ទន្លេ និងផ្លូវក្រវ៉ាត់ក្រុងបុកចូលទៅកាន់តំបន់នេះដែលជាហេតុធ្វើឱ្យមានការទាក់ទាញកាន់តែខ្លាំងលើការវិនិយោគដីធ្លី និងម្យ៉ាងតំបន់នេះ នៅជិតក្រុងភ្នំពេញ ។

លោកស្រីបញញជាក់ថា “សម្រាប់ដីធ្លីនៅតបន់នេះ លែងមានទំហំៗហើយ មានតែតូចៗ ព្រោះគេដើរប្រមូលទិញអស់ហើយ តែសម្រាប់តម្លៃវិញគឺទៅតាមទីតាំង និងកន្លែងដែលមានសក្តានុពល និង ជាប់គម្រោង តែយ៉ាងបច្ចុប្បន្ននេះ មានប្រជាជនរស់នៅច្រើននៅក្នុងតំបន់នេះ”។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានឱ្យដឹងដែរថា ដែនដីអរិយក្សត្រដែលស្ថិតនៅភាគខាងកើតនៃរាជធានីភ្នំពេញ គឺមានភាពល្អប្រសើរដែលទៅថ្ងៃអនាគតខាងមុខនេះ អាចក្លាយទៅជាទីក្រុងរណបថ្មីមួយទៀត ។

លោកឧកញ៉ា បន្តថា បច្ចុប្បន្នមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន កម្រិតមធ្យមមួយចំនួនកំពុងតែធ្វើកសកម្មភាពសាងសង់ នូវគម្រោងរបស់ខ្លួនដែលសកម្មភាពទំាងអស់នេះ បានជំរុញឱ្យមានតម្រូវការប្រើប្រាស់ដីធ្លី និងតម្លៃកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ទីប្រជុំជន។
លោកបញ្ជាក់ថា” អ្វីជាឧបសគ្គសម្រាប់តំបន់អរិយក្សត្រគឺរង់ចាំវត្តមានស្ពានចម្លងតភ្ជាប់ពីតំបន់ស្វាយជ្រុំមកកាន់តំបន់ជ្រោយចង្វារប៉ុណ្ណោះ” ។

កាលពីពេលកន្លងទៅ រដ្ឋាភិបាលបានបង្ហើបប្រាប់ឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសកូរ៉េបានយល់ព្រមក្នុងជួយសាងសង់ស្ពានតភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយតាមរយៈផែនការនៃការសាងសង់ស្ពាននេះ បានក្លាយជាចលករមួយក្នុងការរុញច្រានទីផ្សារអចលនទ្រព្យ ជាពិសេសដីធ្លីនៅតំបន់អរិក្សត្យនេះមានភាពរស់រវើក បើទោះបីមិនទាន់មានកាលបរិចេ្ចទជាក់លាក់ណាមួយក្នុងការសាងសង់ស្ពានទាំងនោះនៅឡើយ៕

ចំណេះដឹង! តើអ្វីជាមូលនិធិពាណិជ្ជកម្ម ?

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មូលនិធិពាណិជ្ជកម្ម គឺជាសញ្ញាណគតិយុត្តមួយ នៃការប្រកបពាណិជ្ជកម្ម ដោយសារតែវាជាផ្នែកមួយនៃបេតិកភណ្ឌ ឬស្ថិនៅក្នុងបញ្ជីសារពើភណ្ឌរបស់សហគ្រាស ពាណិជ្ជកម្ម ដែលជាហេតុនាំឱ្យមូលនីធិពាណិជ្ជកម្ម ក្លាយទៅជាកម្មវត្ថុនៅក្នុងការសិក្សានៃវិជ្ជាជីវៈពាណិជ្ជកម្ម។

មូលនិធិពាណិជ្ជកម្ម ត្រូវបានកើតចេញពីពួកពាណិជ្ជករ នៅសតវត្សរ៍ទី១៩ ដែលកាលពីមុនមកគេ បានហៅថាជាហាងទំនិញ ឬមូលនីធិហាងទំនិញ។ មូលនិធិនេះ មានតម្លៃសេដ្ឋកិច្ច និងទ្រព្យកម្មសិទ្ធិជាពិសេស ចាប់តាំងពីសតវត្សទី១៩មកម្ល៉េះ ពីព្រោះ បច្ចុប្បន្នសញ្ញាណនេះ មានធាតុជាចម្បង គឺអតិថិជនសម្រាប់អ្នកបង្កើត ទំនងជាមិនយកលំនាំតាមវិជ្ជាជីវៈមុខរបរនោះទេ ព្រោះដោយហេតុថា មូលនីធិពាណិជ្ជកម្ម ត្រូវបានផ្សំឡើងពីបណ្តាធាតុផ្សេងៗមានចលនវត្ថុ និងអចលនវត្ថុ ដែលពាណិជ្ជករ ក្រុមឧស្សាហករ បានរៀបចំឡើងដើម្បីស្វែងរកអតិថិជន។

តើសញ្ញាណរបស់មូលនិធិពាណិជ្ជកម្មមានអ្វីខ្លះ និងប្រតិបត្តិការគតិយុត្តរបស់មូលនីធិនោះធ្វើឡើងយ៉ាងដូចម្ត៉េច?

សញ្ញាណនៃមូលនីធិពាណិជ្ជកម្ម គឺជាសំណុំនៃរូបទ្រព្យ ឬអរូបទ្រព្យដែលពាណិជ្ជករម្នាក់ ឬក្រុមហ៊ុនមួយប្រមូលផ្តុំ និងប្រើប្រាស់ដើម្បីសម្មតិកម្ម នូវសកម្មភាពឧស្សាហកម្ម ឬពាណិជ្ជករ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អតិថិជនមួយ ក្នុងមូលនីធិពាណិជ្ជកម្ម។ ដោយគ្មាននិយមន័យ ដែលកំណត់ដោយច្បាប់មូលនិធិពាណិជ្ជកម្ម ត្រូវបានកំនត់ដោយ សមាសភាពរបស់ខ្លួន ដែលក្នុងនោះមាន អតិថិតាចម្បង ដូច្នេះមូលនីធិពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងដោយចលនទ្រព្យ ដែលពាណិជ្ជករម្នាក់ ឬឧស្សាហករណាម្នាក់រៀបចំឡើង ដើម្បីស្វែរកអតិថិតា។

ក្នុងនោះគេឃើញមានវិបាកមួយចំនួន បានលេចឡើង រួមមាន មូលនីធិពាណិជ្ជកម្មត្រូវជាប់ទាក់ទង និងសកម្មភាពពាណិជ្ជកម្ម ដើម្បីអនុវត្តនៅ សកម្មភាពពាណិជ្ជកម្មមួយបានចាំបាច់ត្រូវមានមូលនីធិពាណិជ្ជកម្មមួយ ហើយសញ្ញាណនេះត្រូវតែខុសប្លែកគ្នា ពីសញ្ញាណសហគ្រាស និងសញ្ញាណរបស់ក្រុមហ៊ុន។

ដោយឡែក សហគ្រាសគឺជាស្ថាប័នស្វយ័តមួយ ដែលប្រមូលផ្តុំដោយកត្តាមនុស្ស និងកត្តាសេដ្ឋកិច្ចដើម្បី ផលិតទ្រព្យ និងសេវាកម្ម។ ដូច្នេះសញ្ញាណនៃសហគ្រាសនេះមានលក្ខណៈទូលំទូលាយជាង សញ្ញាណនៃមូលនីធិពាណិជ្ជកម្ម។ ពាណិជ្ជករដែលដឹកនាំសហគ្រាសឯកបុគ្គល មួយអាចប្រើប្រាស់ បុគ្គលិកបាន ហើយជាញឹកញាប់មានមូលនីធិពាណិជ្ជកម្មតែមួយគត់ និងសហគ្រាសធំៗ អាចមានមូលនីធិពាណិជ្ជកម្មច្រើនខុសៗពីគ្នា។ ចំណែកឯក្រុមហ៊ុនបុគ្គលភាពគតិយុត្ត មានបេតិកភណ្ឌ នាមករណ៍ ទីស្នាក់ការក្រុមហ៊ុន សញ្ជាតិ ដូច្នេះក្រុមហ៊ុនគឺជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច៕