វិភា​គៈ១៤ថ្ងៃ​ពេលវេលា​នៃ​ការទទួលខុសត្រូវ និង​សេចក្តី​មរណៈ

0

ដោយ​យិន លាង​គង់ៈ​ស្ថាបនិក​និង​អគ្គនាយក​គេហទំព័រ Propertyarea

ភ្នំពេញៈ មនុស្ស៣៨នាក់​ហើយ​បាន​បាត់​បង់ជីវិត ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩សរុប៥៤៨០នាក់ គិត​រហូត​មកទល់ពេលនេះ ខណៈ​ការឆ្លង​ជំងឺ​នេះ​ក្នុង​សហគមន៍៍​នៅតែមាន​សភាព​ធ្ងន់ធ្ងរ ដោយនៅ​ថ្ងៃទី១៦ មេសា​នេះ ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​មាន​ចំនួន​រហូតដល់២៦២នាក់។

ដោយ​មើលឃើញ​ស្ថានភាព​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ប​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ចំនួន១៤ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី១៤ដល់២៨មេសា​ខាងមុខនេះ។

ការបិទ​ខ្ទប់​នេះ វា​ជា​ពេលវេលា “នៃ​ការទទួលខុសត្រូវ កាតព្វកិច្ច ដែល​ប្រជា​ពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូលរ​រួម​អនុវត្តន៍ ចូលរួម​ទទួលខុសត្រូវ​លើ​វាសនា​របស់ខ្លួន ក្រុមគ្រួសារ​របស់ខ្លួន សង្គម និង​ប្រទេសជាតិ​របស់ខ្លួន” ។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​រាត្រី​ថ្ងៃទី១៤ មេសា​កន្លងមក​ថា ការបិទ​នេះ មិនមែន​មានន័យថា​ជាការ​ធ្វើបាប​ប្រជាពលរដ្ឋ​នោះដែរ តែ​កំឡុងពេល​បិទ​ខ្ទប់​នេះ នឹង​ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញពី​លំនៅដ្ឋាន ក្នុងករណី​មិនចាំបាច់” ។

សម្តេច​បន្តថា “យើង​កំពុង​ស្ថិតនៅលើ​មាត់ជ្រោះ​មរណៈ​ហើយ បើ​មិន​ប្រឹងរ​រួមគ្នា​នឹង​ឈានទៅរក​មរណៈ” ។

សារ​ដ៏​ច្បាស់លាស់​នេះ បាននិងកំពុង​បង្ហាញ​សញ្ញា​ថា ពេលវេលា​នៃ​អន្តរកាល​នេះ ស្ថិតនៅលើ​មាត់ជ្រោះ​នៃ​សេចក្តីស្លាប់ និង​ការទទួលខុសត្រូវ​លើ​ជីវិត​របស់ខ្លួន ដែល​យើងម្នាក់ៗ ត្រូវតែ​រួមចំណែក​លើ​បញ្ហា​សង្គមជាតិ និង​ឆាកជីវិត​របស់ខ្លួន និង​រួមគ្នា​ដើម្បី​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​សោកសៅ​នេះ។

ប្រវត្តិសាស្ត្រ

សម្រាប់​ម​ជ្ឈឹ​ម​វ័យ ដែល​កើតមុន និង​បាន​ធំ​ដឹងក្តី​លើ​ព្រឹត្តិការណ៍៍១៧ មេសា ឆ្នាំ១៩៧៥ ពិតជា​បានដឹង​ពី​វិនាសកម្ម​និង​សោកនាដកម្ម នៃ​កល​យុគ​នោះ។ ប៉ុន្តែ​អ្នក​មិនបាន​ហែល​ឆ្លង​ព្រឹត្តិការណ៍​នោះ មិនបាន​ចងចាំ​ពី​សោកនាដកម្ម ដែល​កន្លងផុត​រយៈពេល៤៦ឆ្នាំ​កន​ន្ល​ង​មកនេះ​នោះទេ ប៉ុន្តែ​ព្រឹត្តិការណ៍​បិទ​ខ្ទប់​រាជធានី និង​ក្រុង​តាខ្មៅ​ក្នុង​រាត្រី​ថ្ងៃទី១៤ មេសា ដែលជា​ពេលវេលា​អំណរ​ឆ្នាំ​ថ្មី​របស់​ប្រជាពលរដ្ឋ ក៏បាន​ស្លោក​ស្រពោន និង ក្លាយជា​ពេលវេលា​ដ៏​សោកសៅ ដោយសារ​រដ្ឋាភិបាល​បិទ​រាជធានី​ទៅវិញ។

“ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញពីផ្ទះ​ក្នុងករណី​មិនចាំបាច់​នេះ មិនមែនជា​ដំណើការ​ធ្វើ​ឲ្យ​ប្រជាជន​ស្លាប់ និង​រង​ការលំបាក​នោះដែរ” ។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន។

រដ្ឋមន្ត្រីក្រសួង​ព៌​ត​មាន​លោក​ខៀវ កា​ញ៉ា​រិ​ទ្ឋ​បាន​មានប្រសាសន៍ថា “១៧មេសា ឆ្នាំ១៩៧៥ជាការ​ចុះ​នរក ១៧មេសា ឆ្នាំ២០២១ ជាការ​ទប់​កុំ​ឲ្យ​ធ្លាក់​នរក” ។

ជាមួយនឹង​ការកើនឡើង​នូវ​ការឆ្លង​រាលដាល ដែលមាន​ល្បឿន​លឿន និង​មិនអាច​ប៉ាន់ប្រមាណ​បាន​នេះ ការបិទ​ខ្ទប់​រយៈពេល១៤ថ្ងៃ អាច​នឹងមាន​ប្រ​សិ​ទ្ឋ​ភាព​ឬ​យ៉ាងណា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ចូលរួម​ដោយផ្ទាល់ និង​ការចូលរួម​របស់​អាជ្ញា​ធរ​ដោយ​ប្រយោល។

ការបិទ​ខ្ទប់​អាច​នឹង​អូស​បន្លាយពេល?

ការដាក់ចេញ​វិធានការណ៍​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈពេល​ពី​រស  ប្តា​ហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី១៤ ដល់២៨មេសា​ខាងមុខ ជាការ​សាកល្បង​មួយ ដើម្បី​ធ្វើ ឲ្យ​ប្រាកដថា ការរីក​រាលដាល​ជំងឺ​កូ​វីដ​ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍២០ កុម្ភៈ​អាច​គ្រប់គ្រង​បាន ហើយ​បើអ្វីៗមាន​ស្ថានភាព​ល្អប្រសើរ ការបិទ​ខ្ទប់​នឹង​បញ្ចប់់ ប៉ុន្តែ​បើ​ស្ថានភាព​នៅតែមាន​ការរីក​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ អ្វីៗអាច​នឹងមាន​ការពន្យា​ពេល។

អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​ក្នុង​សន្និសីទសារព៌តមាន​កា​លពី​រាត្រី​ថ្ងៃទី១៥ មេសា​កន្លងមក ដោយ​ព្រមាន​ថា ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​អាច​នឹង​ពន្យា​ពេល ប្រសិនជា​ការរីក​រាល​ជំងឺ​កូ​វីដ​នៅតែ​បន្ត​ធ្ងន់ធ្ងរ ដោយសារ​គ្មាន​ការចូលរួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ជាមួយគ្នានេះ លោក​បន្ត​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ និង​អនុវត្តន៍៍​តាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល ពិសេស​វិធាន​ណែនាំ​របស់​ក្រសួងសុខាភិបាល គឺ “៣កុំ ៣ការពារ” ។

ហេតុនេះ​ការបិទ​ញ្ច​ប់​ព្រឹត្តិការណ៍២០កុម្ភៈ និង​ការបិទ​ខ្ទប់​រយៈពេល១៤ថ្ងៃ​អាច​បញ្ចប់​តាម​ពេលវេលា​កំណត់​ឬ​យ៉ាងណា អាស្រ័យ​លើ​ការចូលរួម​អនុវត្តន៍៍​វិធានការណ៍​តឹងរ៉ឹង និង​ម៉ឺន​មាត់​របស់​អាជ្ញាធរ រាជធានី និង​ក្រុង​តាខ្មៅ ពិសេស​ការចូលរួម​ដោយ​ការទទួលខុសត្រូវ​រប​ស់​ប្រជាពលរដ្ឋ ពិត​ជាមាន​សារៈសំខាន់​មិនអាច​ខ្វះ​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here