អ្នកឧកញ៉ាសៀ រិទ្ធី បញ្ជាក់សក្តានុពលរបស់ក្រុមហ៊ុនថ្មីគ្រប់គ្រងផ្សារទំនើប ក្នុងគម្រោងThe Peak

        ដោយៈប៊ី

ភ្នំពេញៈ ក្រុមហ៊ុនសម្ព័ន្ធBluebell Group បានប្រកាសឈានជើងចូលទីផ្សារកម្ពុជា ដោយទទួលបានឳកាសគ្រប់គ្រងគម្រោងផ្សារទំនើបដ៏ធំ ក្នុងគម្រោងThe Peak នៅក្រុងភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd  និងក្រុមហ៊ុន CapitaLand Retail បានបញ្ចប់ជាស្ថាពរតាមរយៈការព្រមព្រៀងទ្វេរភាគីនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

អ្នកឧកញ៉ាសៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងតំណាងក្រុមហ៊ុនOxley Gem (Cambodia) Co., Ltd បានបញ្ជាក់ឲ្យដឹងនារសៀលថ្ងៃទី១២ មករានេះថា ក្រុមហ៊ុន Capital Mall គ្រាន់តែជាអ្នកផ្តល់ប្រឹក្សា លើការគ្រប់គ្រងផ្សារទំនើប ហើយឥឡូវនេះ ក្រុមហ៊ុនផុតកុងត្រា ក្នុងការផ្តល់ប្រឹក្សាដល់ការរៀបចំផ្សារទំនើប ក្នុងគម្រោង The Peak។

អ្នកឧកញ៉ាសៀ ឫទ្ធីបានថ្លែងបន្តទៀតថា “ក្រុមហ៊ុន BlueBell ដែលយើងទើបតែតែងតាំង គឺអ្នកគ្រប់គ្រងផ្សារទំនើប ហើយBlueBell គឺជាក្រុមហ៊ុនមួយ ដែលចាប់ផ្តើមតាំងពីអំឡុងឆ្នាំ១៩៥០ នៅប្រទេសជប៉ុន និងកូរ៉េ និងជាក្រុមហ៊ុន ដែលមានបណ្តាញក្នុងការទាក់ទាញយកក្រុមហ៊ុនម៉ាកល្បីៗពីប្រទេសក្រៅ ហើយនិងមានចំណូលដល់រាប់ពាន់លានដុល្លារ”។

Bluebell Group ជាក្រុមហ៊ុនឈានមុខគេមានភាពជោគជ័យ ក្នុងការបង្កើតម៉ាកផលិតផលមួយចំនួន នៅទ្វីបអាស៊ីចាប់តាំងពីឆ្នាំ១៩៥៤មក។ ក្នុងនាមជាជំរើសដៃគូអាជី​វកម្មនៅអាស៊ី ក្រុមហ៊ុនសម្ព័ន្ធBluebell Group បច្ចុប្បន្នមានវត្តមាននៅប្រទេសជប៉ុន កូរ៉េខាងត្បូង សាធារណៈប្រជាមានិតចិន ហុងកុង តៃវ៉ាន់ ម៉ាកាវ សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃ។

បណ្តាញចែកចាយរបស់ក្រុមហ៊ុនសម្ព័ន្ធនេះ រួមបញ្ចូលទាំងខ្សែសង្វាក់ផ្សារទំនើបដើម្បីលើកកំពស់ប្រជាប្រិយភាពផលិតផល បណ្តាហាងទំនិញនានា បញ្ជរលក់ទំនិញនានា រចនាបទនៃបណ្តុំម៉ាកផលិតផលរបស់ខ្លួនជាដើម ក៏ដូចជា បណ្តាញបោះដុំដែលបានឆ្លងកាត់ការជ្រើសរើសកំរិតគុណភាពខ្ពស់ រួមនឹងអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងអាជីវកម្ម តាមទីផ្សារដោយផ្ទាល់ទាំងក្នុងស្រុក និងផ្សារទំនើបដែលបំរើការដល់ការធ្វើដំណើរផ្សេងៗ។

ក្រុមហ៊ុនសម្ព័ន្ធនេះ ក៏បានដាក់ឱ្យដំណើរការ នូវប្រភេទផលិតផលមួយចំនួនដូចជា៖ សំភារៈលម្អ ស្បែកជើង សំលៀកបំពាក់ គ្រឿងក្រអូប ផលិតផលថែរក្សាសម្រស់ ភោជនីយអាហារ គ្រឿងអលង្ការ នាឡិកា វ៉ែនតា និងថ្នាំជក់ជាដើម។

ទោះបីជាក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ជាក្រុមហ៊ុនសម្ព័ន្ធមួយមានលក្ខណៈគ្រួសារក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុននេះ មានបុគ្គលិកបច្ចុប្បន្នចំនួនប្រមាណជាង៤,០០០នាក់ ដោយមានទីតាំងលក់ទំនិញចំនួន១.០០០កន្លែង និងចំណូលសរុបប្រមាណ២.៥០០លានដុល្លារអាមេរិក៕

តើក្រុមហ៊ុនCapital Land Retailពង្រីកខ្លួនដូចម្តេចក្នុងវិស័យផ្សារទំនើបនៅនៅអាស៊ី

ដោយៈម៉ាណេត

សឹង្ហបុរីៈ ក្រុមហ៊ុនCapitaLand Retail ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Capital Land មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានដំណើរការផ្សារទំនើបជាច្រើននៅតំបន់ផ្សេងៗទៀត នៅអាស៊ី ដូចជាប្រទេសចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី វៀតណាម និងឥណ្ឌា។

ក្រុមហ៊ុន CapitaLand Limited (CapitaLand) គឺជាក្រុមអចលនទ្រព្យចម្រុះដ៏ធំបំផុតមួយនៅអាស៊ី។ ដោយមានការិយាល័យកណ្តាល និងបានចុះបញ្ជីនៅប្រទេសសិង្ហបុរី ក្រុមហ៊ុនជាម្ចាស់ និងគ្រប់គ្រងផលប័ត្រសកលតម្លៃ ប្រមាណ១៣៣,៣ពាន់លានដុល្លារសិង្ហបុរី គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ផលប័ត្ររបស់ក្រុមហ៊ុន CapitaLand មានអចលនទ្រព្យចម្រុះ ដូចជា អចលនទ្រព្យបែបពាណិជ្ជកម្ម ផ្សារទំនើប ឧស្សាហកម្ម និងភស្តុភារ ការអភិវឌ្ឍចំរុះ ការអភិវឌ្ឍទីក្រុង ក៏ដូចជាកន្លែងស្នាក់នៅ និងលំនៅដ្ឋាន។

ដោយមានវត្តមាននៅទូទាំងទីក្រុងចំនួន២២០ ក្នុងប្រទេសជាង៣០ ក្រុមហ៊ុននេះផ្តោតសំខាន់លើសិង្ហបុរី និងចិន ដែលជាទីផ្សារស្នូលរបស់ខ្លួន ខណៈក្រុមហ៊ុនេះនៅតែបន្តពង្រីកទីផ្សារដូចជាប្រទេសឥណ្ឌា វៀតណាម អូស្ត្រាលី អឺរ៉ុប និងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនCapitaLand មានអាជីវកម្មគ្រប់គ្រងអចលនទ្រព្យធំជាងគេបំផុតមួយនៅទូទាំងពិភពលោក។ ក្រុមហ៊ុន គ្រប់គ្រងការវិនិយោគលើអចលនទ្រព្យចំនួន៦ (REITs) ដែលបានចុះបញ្ជី និងអាជីវកម្មជាច្រើនទៀត របស់មូលនិធិឯកជនជាង២០ផងដែរ។

ក្រុមហ៊ុន CapitaLand បានបើកដំណើរការ REIT ដំបូងនៅសិង្ហបុរីក្នុងឆ្នាំ២០០២ ហើយបច្ចុប្បន្ន ក្រុមហ៊ុនCapitaLand មានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចក្រុមហ៊ុនCommercial​Trust ក្រុមហ៊ុន Ascendas Real Estate Investment Trust ក្រុមហ៊ុន Ascott Residence Trust ក្រុមហ៊ុន CapitaLand Retail China Trust ក្រុមហ៊ុន Ascendas India Trust និងក្រុមហ៊ុន CapitaLand Malaysia Mall Trust។

ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យ ប្រកបដោយការទទួលខុសត្រូវ ក្រុមហ៊ុនCapitaLand ចូលរួមចំណែកដល់ការជួយបរិស្ថាន និងសុខុមាលភាពសង្គមរបស់សហគមន៍ ដែលខ្លួនធ្វើប្រតិបត្តិការ ព្រោះវាផ្តល់តម្លៃសេដ្ឋកិច្ចរយៈពេលវែងដល់ម្ចាស់ភាគហ៊ុនរបស់ខ្លួន។

កន្លងមកនេះ CapitaLand Retail ក៏ធ្លាប់ជាក្រុមហ៊ុនទទួលបានការតែងតាំងជាអ្នកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុនសម្ព័ន្ធ ដែលមានទីតាំងស្ថិតនៅអគារ The Peak នៃរាជធានីភ្នំពេញ។

ប៉ុន្តែក្រុមហ៊ុន Oxley Gem (Cambodia) Co. , Ltd និងក្រុមហ៊ុន CapitaLand Retail បានបញ្ចប់ជាស្ថាពរ តាមរយៈការព្រមព្រៀងទ្វេរភាគីនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ៕

CVEA សម្រេចតែងតាំងបុគ្គលដែលមានសក្ដានុពលក្នុងវិស័យអចលនទ្រព្យចំនួន៦រូបជាអនុប្រធានសមាគម

ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានសម្រេចតែងតាំងបុគ្គលដែលមានសក្ដានុពលនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាចំនួន៦រូបធ្វើជាអនុប្រធានសមាគមសម្រាប់អាណត្តិទី៧ ឆ្នាំ២០២១-២០២២។

បុគ្គលដែលមានសក្ដានុពល និងមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែលត្រូវបានតែងតាំងជាអនុប្រធានរួមមាន ៖

-លោក សន សៀប ជាអនុប្រធានប្រតិបត្តិសមាគម ទទួលបន្ទុកការងារវាយតម្លៃអចលនវត្ថុ ។

-លោក ម៉ាន់ ច័ន្ទឌី ជាអនុប្រធានសមាគម ទទួលបន្ទុកការងារវិនិយោគ និងអភិវឌ្ឍន៍។

-លោក គុយ ញ៉េន ជាអនុប្រធានសមាគម ទទួលបន្ទុកការងារគៀងគរថវិកា ។

-លោក ពឹង សេរី ជាអនុប្រធានសមាគម ទទួលបន្ទុកការងារទំនាក់ទំនងសាធារណៈ ។

-លោក ឡុង គឹមសួគ៌ ជាអនុប្រធានសមាគម ទទួលបន្ទុកការងារភ្នាក់ងារអចលនវត្ថុ ។

-លោក ហុន ម៉េងហៀង ជាអនុប្រធានសមាគម ទទួលបន្ទុកការងារបណ្តុះបណ្តាលវិជ្ជាជីវៈអចលនវត្ថុ ។

ការតែងតាំងខាងលើនេះ ដើម្បីបន្ដផ្ដល់សេវាកម្ម លើកកម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យអចលនវត្ថុ ជួយដល់សមាជិក-សមាជិកាទាំងអស់ឱ្យទទួលបានភាពរីកចម្រើន និងជោគជ័យក្នុងអាជីវកម្មនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា៕

ទីផ្សាអាផាតមុិនចាប់ផ្តើមមានសញ្ញាល្អឡើងវិញនៅដើមឆ្នាំ២០២១នេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្រដៀងគ្នាទៅនឹងផ្នែកផ្សេងៗនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាដែលទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ចសាកល សម្រាប់ទីផ្សារអាផាតមុិនក៏ទទួលរងនូវផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែស្ថានការអាចនឹងចាប់ផ្តើមកើនឡើងវិញក្នុងឆ្នាំ២០២១នេះ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Town City លោកវន ចាន់ថន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា ទីផ្សារអាផាតមុិនដែលមានការធ្លាក់ចុះកាលពីពាក់កណ្តាលឆ្នាំ២០២០នោះ បានចាប់ផ្តើមកម្រើកឡើងវិញជាបណ្ដើរៗ ខណៈដែលតម្លៃនៃការជួលក៏មានការកើនឡើងផងដែរ។

លោកបន្តថា “ស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងជំងឺកាលពីពេលកន្លងទៅ សម្រាប់ទីផ្សារអាផាមុិនក៏មិនសូវខុសពីផ្នែកដទៃទៀតនោះដែរ។ ការជួលអាផាតមុិនភាគច្រើនត្រូវបានចុះកុងត្រាជួលក្នុងរយៈពេលយូរ ប៉ុន្តែអ្វីដែលសំខាន់គឺភាគច្រើនជាជនបរទេសច្រើនជាងអ្នកនៅក្នុងស្រុក អត្រាចំនួននៃការជួលអាចមានច្រើន ប៉ុន្តែចំពោះតម្លៃគឺធ្លាក់ចុះ ដោយសារតែម្ចាស់អគារបានជួយសម្រួលទម្លាក់ចុះនូវតម្លៃក្នុងចន្លោះពី២០-៣០ភាគរយទៅដល់អតិថិជនរបស់ខ្លួនដែលជាអ្នកក្នុងស្រុកផ្ទាល់ ដោយឡែកសម្រាប់អតិថិជនជាជនជាតិបរទេសនៅមិនទាន់បានវិលចូលប្រទេសកម្ពុជាវិញនោះទេ”។

លោកបានបន្តថា “ដោយឡែកសម្រាប់ដើមឆ្នាំ២០២១នេះ ខណៈពេលដែលស្ថានភាពនៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរមនុស្សចាប់ផ្តើមចេញដើរប្រកបមុខរបរ និងធ្វើជំនួញ និងបំពេញការងារឡើងវិញ តម្រូវការទីផ្សាមួយនេះក៏បានចាប់ផ្តើមប្រែរកស្ថានភាពល្អជាបណ្តើរៗ ហើយតម្លៃទៀតសោតក៏បានកើនឡើងវិញផងដែរ។ ខ្ញុំគិតថា មិនយូរទេ ទីផ្សារអាផាតមិននឹងងាកមករកភាពល្អប្រសើរវិញខណៈបណ្តាប្រទេសមួយចំនួនចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង ជាពិសេសប្រទេសចិន ដែលមានប្រជាជនជាច្រើនចូលមករស់នៅ និងប្រកបការងារនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅក្នុងអគារអាផាតមុិន”។

នាយិការប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ថា នៅឆ្នាំ២០២១នេះផ្នែកជាច្រើននៅក្នុងវិស័យអចលនទ្រព្យនឹងចាប់ផ្តើមមានកំណើនឡើងវិញ ប៉ុន្តែនៅមិនទាន់ខ្លាំងក្លានោះទេ ដែលយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល៦ខែទៀត។

លោកស្រីបានបន្តថា “ទីផ្សារអាផាតមុិនកាលពីពេលកន្លងទៅក៏ទទួលរងនូវផលប៉ះពាល់ធ្ងន់ដែរ ដោយសារតែអតិថិជនភាគច្រើនជាជនបរទេសច្រើនជាងខ្មែរដែលនៅក្នុងស្រុក”។

លោកស្រីបញ្ជាក់ថា ពេលនេះសម្រាប់អ្នកដែលចូលទៅរស់នៅក្នុងអាផាតមុិនគឺភាគច្រើនជាជនជាតិខ្មែរ ដោយឡែកសម្រាប់អតិថិជនបរទេសនៅមិនទាន់វិលមកវិញនោះទេ ដោយសារតែប្រទេសនីមួយៗនៅមិនទាន់បើកទូលាយឱ្យធ្វើដំណើរចេញចូលនៅឡើយ។ ទីផ្សារមួយនេះអាចដំណើរការល្អវិញបាន យ៉ាងហោចណាស់ពាក់កណ្តាលឆ្នាំ២០២១ បន្ទាប់ពីការប្រើប្រាស់វ៉ាក់សាំងមានប្រសិទ្ធភាព និងជាសាកល ដែលអាចទប់ស្កាត់ការចម្លងជំងឺបាន១០០ភាគរយ ហើយវិនិយោគិន ក៏ដូចជាកម្លាំងជំនាញរបស់ជនបរទេសវិលមកប្រកបជំនួញ ឬបម្រើការងារនៅក្នុងប្រទេសកម្ពុជាវិញបាន៕

សហភាពអឺរ៉ុប និងដៃគូបានផ្តល់ហិរញ្ញប្បទានសរុប៤២០០លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍប្រទេស

ដោយៈ រ៉ាណេត

ភ្នំពេញៈ សហភាពអឺរ៉ុប និងដៃគូអឺរ៉ុបដែលមានសមាជិកចំនួន១០ប្រទេស ព្រមទាំងសហព័ន្ធស្វីស បានផ្តល់ហិរញ្ញប្បទានសរុបចំនួន៤២០០លានដុល្លារ ដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ប្រទេស។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា សហភាពអឺរ៉ុប និងប្រទេសដៃគូអឺរ៉ុប គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ហើយក៏ជាទីផ្សារយ៉ាងសំខាន់របស់កម្ពុជាផងដែរ។

ចន្លោះឆ្នាំ១៩៩២-២០២០ ដៃគូអឺរ៉ុប (សហភាពអឺរ៉ុប និងប្រទេសសមាជិកចំនួន ១០ ព្រមទាំងសហព័ន្ធស្វីស ) បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសរុបប្រមាណ៤ ២០០លានដុល្លារ សមមូលនឹង១៩នៃហិរញ្ញប្បទានសរុប ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់បានផ្តល់ដល់កម្ពុជា។

ដោយឡែក សម្រាប់ផែនការយុទ្ធសាស្ត្រ សម្រាប់សហប្រតិបត្តិការនៃសហភាពអឺរ៉ុប និងដៃគូអឺរ៉ុបនៅកម្ពុជា សម្រាប់កិច្ចអភិវឌ្ឍន៍នៅកម្ពុជាឆ្នាំ២០២១-២០២៧ ក៏ត្រូវបានលើកយកមកពិភាក្សា និងអនុវត្តបន្តផងដែរ។

ភាគីពាក់ព័ន្ធបានឯកភាពជាគោលការណ៍ លើអាទិភាពសម្រាប់យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ដូចមានចែង ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន និងការងារ និងការអភិវឌ្ឍប្រកប​ដោ​យចីរភាព និងបរិយាប័ន្ន។

លោកឈៀង យ៉ាណារ៉ាបានបញ្ជាក់ថា “ការអនុវត្តនូវយុទ្ធសាស្ត្ររួមគ្នារបស់អឺរ៉ុបស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ២០១៤-២០២០ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបឆ្នាំ២០១៤-២០២០ ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាគឺប្រព្រឹត្តទៅបានដោយរលូន ជាមួយនឹងការទទួលបានលទ្ធផល គួរឱ្យកត់សម្គា​ល់”។

តំណាងដៃគូអឺរ៉ុបដែលមានចំនួន៥ប្រទេសដូចជា ឆែក បារាំង អាល្លឺម៉ង់ ស៊ុយអ៊ែត និងស្វីស បានវាយតម្លៃយ៉ាងខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ និងសម្រេចបានតាមរយៈវឌ្ឍនាភាពវិស័យអាទិភាពចំនួន៤រួមមាន ទី១ ការអភិវឌ្ឍវិស័យសង្គមកិច្ច ទី២ ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងចីរភាព ទី៣ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង និងជនបទ និងទី៤ អភិបាលកិច្ច និងអន្តរវិស័យ។

សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាបន្តគាំទ្ររបស់សហភាពអឺរ៉ុប និងប្រទេសជាសមាជិកសហភាពអឺរ៉ុប ក៏ដូចជាសហព័ន្ធស្វីស សម្រាប់ដំណើរការនៃកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ តំណាងដៃគូអឺរ៉ុបក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងគ្រប់ដៃគូអឺរ៉ុបទាំងអស់ប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

អ្នកជំនាញ: កម្ពុជាមានសណ្ឋានដីល្អសម្រាប់ការសាងសង់ ទោះមានការប្រែប្រួលអាកាសធាតុលើពិភពលោក

ដោយៈម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការប្រែប្រួលអាកាសធាតុលើពិភពលោក មិនបានបង្កប៉ះពាល់ដល់ការសាងសង់សំណង់ ឬសំណង់គ្រឹះនៅកម្ពុជានោះទេ ដោយសារតែកម្ពុជាមានភាពអំណោយផលចំពោះអាកាសធាតុ និងមានសណ្ឋានដីល្អសម្រាប់ការសាងសង់។

លោកសាស្ត្រាចារ្យទួស សាភឿន អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាបានថ្លែងប្រាប់Propertyarea.asia នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះថា ប្រទេសកម្ពុជាមានភាពអំណោយផលលើការអាកាសធាតុ ដោយសារកម្ពុជាមានប្រព័ន្ធអេកូឡូស៊ី និងមានដើមឈើច្រើន ហើយបានលក់កាបូនជាច្រើន ដើម្បីរក្សាព្រៃឈើ ដែលធ្វើឱ្យមានលំនឹងអាកាសធាតុ។

លោកបានថ្លែងថា “ការប្រែប្រួលអាកាសធាតុនេះ កើតឡើងនៅប្រទេសគេ ដូច្នេះវាមិនបង្កផលប៉ះពាល់ដល់ការសាងសង់សំណង់ ឬគ្រឹះសំណង់នៅកម្ពុជានោះទេ”។លោកបានថ្លែងថា “ខ្ញុំមើលឃើញថា ស្រទាប់ដីនៅក្នុងទីផ្សារក្រុងភ្នំពេញ ដូចជាព្រះប្រទានពរឱ្យ ព្រោះស្រទាប់ដីចាប់៣០ម៉ែត្រចុះទៅក្រោម គឺរឹងល្អសម្រាប់ការសាងសង់ ហើយចាប់ពី៤០ទៅ៥០ម៉ែត្រកាន់តែល្អ ដូច្នេះការសាងសង់កាន់តែខ្ពស់ គឺត្រូវខួងឱ្យចំណុច៤០ ទៅ៥០ម៉ែត្រ ដោយសារដីមានភាពរឹងមុំាល្អ ដូច្នេះការសាងសង់គ្រឹះអាគារនៅទីក្រុងភ្នំពេញមិនធ្វើឱ្យមានការព្រួយបារម្ភទេ”។

ជប៉ុនធ្លាប់ធ្វើការសិក្សាពីតំបន់បន្ទុះភ្នំភ្លើងនៅតំបន់អាស៊ី ក្នុងនោះ ថៃ ឡាវ និងមីយ៉ានម៉ាធ្លាប់ប្រវត្តិផ្ទុះភ្នំភ្លើង និងរញ្ជួយដី ហើយចាប់ពីឆ្នាំ១៩៣០ ដល់បច្ចុប្បន្ន បន្ទាត់ភ្នំភ្លើងគឺស្ថិតនៅជំវុញប្រទេសកម្ពុជា ប៉ុន្តែប្រទេសកម្ពុជាមិនស្ថិតនៅលើបន្ទាប់នោះទេ។

លោកសាស្ត្រាចារ្យបានថ្លែងថា “ទោះបីជាយ៉ាងណាក៏ដោយ អាគារខ្ពស់ៗរបស់យើងបច្ចុប្បន្ននេះ ក៏ត្រូវបានយកចិត្តទុកខ្ពស់ដែរក្នុងការសាងសង់ ហើយអាគារនិមួយៗត្រូវការទប់លំនឹងនៃអាគារខ្លួនឯង ដែលគេហៅថា “បន្ទុករស់ បន្ទុកងាប់”។

លោកបានពន្យល់ថា បន្ទុករស់ បន្ទុកងាប់ មានន័យថា បើគណនាពីរឿងគ្រឹះ គ្រឹះត្រូវសាងសង់ ដើម្បីទ្រទម្ងន់អាគារខ្លួន ដែលគេហៅបន្ទុករស់ ហើយទម្ងន់អាគារខ្លួនឯងនេះ គេហៅថា បន្ទុកងាប់។

លោកសាស្រ្តាចារ្យទួស សាភឿនបានពន្យល់ថា ឧទាហរណ៍ អាគារមានកម្ពស់៥០ជាន់ ស្មើនឹង៥០ម៉ឺនតោន ដែលជាបន្ទុកងាប់ ដូច្នេះគ្រឹះ (បន្ទុករស់) ត្រូវសាងសង់ដើម្បីទ្របានលើស៣០ភាគរយ នៃបន្ទុកងាប់ (អាគារទាំងមូល)៕

រដ្ឋបាលរាជធានីភ្នំពេញបន្តសិក្សាពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាកថ្មីដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីបន្ថែមទៀតដើម្បីកាត់បន្ថយជំនន់នៃការកក់ស្ទះចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃនៅផ្លូវជាតិលេខ១ និងតំបន់ទីប្រជុំជនច្បារអំពៅចូលមករាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបង្ហើបប្រាប់នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការគ្រប់គ្រង និងដឹកនាំដោយលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានបង្កើតគណៈកម្មការសិក្សាពីគម្រោងនៃការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត ដែលនឹងត្រូវធ្វើការតភ្ជាប់ពីតំបន់ព្រែកប្រាខណ្ឌច្បារអំពៅ មកកាន់ត្រើយម្ខាងស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីដដែលបានបញ្ជាក់ថា “បើតាមគម្រោងក្នុងជំហានបឋមរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតគណកម្មការសិក្សាពីគម្រោងសាងសង់ស្ពាននេះតាមរយៈសេចក្ដីប្រកាសលេខ ៣៨១/១៩ សសរ.រ ចុះហត្ថលេខាដោយលោកអភិបាលរាជធានីភ្នំពេញតាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ដោយមានសមាសភាពចំនួន២១នាក់ដែលជាមន្ត្រីជំនាញ និងមន្ត្រីអជ្ញាធរដែលពាក់ព័ន្ធ ប៉ុន្តែរហូតមកដល់ពេលនេះអាចនឹងមានការកែប្រែ និងបន្ថែមសមាសភាពមន្ត្រីជំនាញខ្លះទៀតតាមភាពជាក់ស្ដែងនៃតម្រូវ”។

គម្រោងសាងសង់ស្ពាននេះអាចនឹងដាក់គល់ស្ពាននៅក្បែរតំបន់សិប្បកម្មផលិតទឹកកកក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ហើយត្រៀងម្ខាងនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយភ្ជាប់មកកាន់ផ្លូវ៦០ម៉ែត្រ ប៉ុន្តែនៅតំបន់នេះមានឧបសគ្គច្រើនដែលត្រូវដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋច្រើនគ្រួសារ។

ដោយឡែក គណៈកម្មការដែលចុះសិក្សាត្រូវកំណត់ពីទីតាំងដែលត្រូវសាងសង់ ចុះស្រង់ស្ថិតិប្រជាជនដែលរងនូវផលប៉ះពាល់ទៅនឹងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់មួយនេះរួមជាមួយនឹងការធ្វើរបាយការណ៍សំខាន់ដែលពាក់ព័ន្ធផងដែរ៕

ការ​ព្យាករ៖ ប្រាក់ចំណេញ​ប្រចាំត្រីមាស​របស់​ធនាគារ​អាមេរិកធំៗនឹង​ដាំ​ក្បាលចុះ​ជាថ្មី​ម្តងទៀត

ដោយៈ​សុខុម

ញូវយ៉ក:  នៅពេល​ធនាគារ​អាមេរិកធំៗ បានចាប់ផ្ដើម​បញ្ចេញ​របាយការណ៍​រប​ស់​ខ្លួន​សម្រាប់​ត្រីមាស​ទី៤ កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ជា​លទ្ធផល​មួយចំនួន​បង្ហាញថា ប្រាក់ចំណេញ​របស់ខ្លួន បាន​ធ្លាក់ចុះ​រហូតដល់​ទៅ៤០% គិត​ចាប់តាំងពី​ឆ្នាំ២០១៨ មុនពេល​ផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​កាលពី​ថ្ងៃទី១១ មករា។

ទោះជា​យ៉ាងណា បណ្ដា​វិនិយោគិន​នឹង​ផ្តោត លើ​ការស្វែងរក​វិធី​ធ្វើយ៉ាងណា​ឱ្យប្រាក់​ចំណេញ​កើនឡើង​វិញ​ក្នុង​ឆ្នាំ២០២១ ។

លោក Jason Goldberg អ្នកវិភាគ​ប្រចាំ​ធនាគារ​វិនិយោគ ពហុ​ជាតិ​សាសន៍​អង់គ្លេស Barclays បាន​លើកឡើងថា គួរ​ចាត់ទុក​ត្រីមាស​ទី៤ ជា​ត្រីមាស​អន្តរកាល ហើយ​សម្លឹង​ឆ្ពោះទៅរក​ស្ថានភាព​ប្រសើរឡើង​ក្នុង​ឆ្នាំ២០២១ ។

អ្នកវិភាគ​រូបនេះ​បន្ថែមទៀតថា “ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បានធ្វើឱ្យ​អត្រា​ការប្រាក់ និង​ប្រាក់ចំណេញ​ធ្លាក់ចុះ​ខ្លាំង​មិន​ធ្លាប់មាន” ។ លោក​បន្តថា “ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ក៏បាន​ជំរុញ​ឱ្យ​ធនាគារ​អាមេរិកធំៗ បាន​លៃ​ទុក​ថវិកា​ជាង៦៥ពាន់​លាន​ដុល្លារ សម្រាប់​ការខាតបង់​ឥណទាន​រំពឹងទុក​ផងដែរ។

យោងតាម​ការព្យាករណ៍​របស់​ក្រុមហ៊ុន​ផ្ដល់​ទិន្នន័យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក Refinitiv ប្រាក់ចំណេញ​របស់​ធនា​គារ​នានា នឹង​កើនឡើង​លើស​ទ្វេដង​ក្នុង​ត្រីមាស​ទី១ និង​ត្រីមាស​ទី២ ដើមឆ្នាំ២០២១ ។

ភាគហ៊ុន​របស់​ធនាគា​រ​បាន​ហក់​ឡើង៣៥% គិត​ចាប់​តាំងពីដើម​ខែវិច្ឆិកា ចុងឆ្នាំ២០២។ ចាប់តាំងពី​ពេលនោះ​មក វ៉ាក់សាំង​កូ​វីដ-១៩ ដែលមាន​ប្រសិទ្ធភាព​ត្រូវបាន​ចាប់ផ្តើម​ចែកចាយ ហើយ​ពួក​គណបក្ស​ប្រជាធិបតេយ្យ ក៏បាន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក ដោយ​គណបក្ស​ឈ្នះឆ្នោត បាន​សន្យា​បញ្ចេញ​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​បន្ថែមទៀត។

ធនាគារកណ្ដាល​អាមេរិក​Federal Reserve និយាយថា ខ្លួន​នឹង​អនុញ្ញាតឱ្យ​ធនាគារ​នានា ទិញយក​ភាគហ៊ុន​ឡើងវិញ​ជាថ្មី​ម្តងទៀត ដែល​នឹង​ធ្វើឱ្យ​ប្រាក់ចំណូល​ក្នុង​មួយភាគហ៊ុនៗកើនឡើង។

គិត​ត្រឹម​ថ្ងៃ​សុក្រ សប្ដាហ៍​មុន របាយការណ៍​របស់​ធ​នាគារ​Citigroup Inc បង្ហាញថា ប្រាក់ចំណេញ​របស់ខ្លួន ប្រចាំត្រីមាស​ទី៤ បាន​ធ្លាក់ចុះ៤២% ហើយ​ប្រាក់ចំណេញ​របស់​ធនាគា​រ Wells Fargo & Co បាន​ធ្លាក់ចុះ ៣៩% ចំណែកឯ​ប្រាក់ចំណេញ​របស់​ធនាគា​រ JPMorgan Chase & Co បាន​ធ្លាក់ចុះ​ត្រឹមតែ​ជាង៥% ប៉ុណ្ណោះ។

ធនាគារ​ទាំងបី​នេះ បាន​បញ្ចេញ​របាយការណ៍​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន។ នៅ​សប្តាហ៍​បន្ទាប់ ប្រាក់ចំណេញ​ប្រចាំត្រីមាស​របស់​ធនាគារ Bank of America Corp ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់ចុះ៣៣% ។

តាម​រំពឹងទុក​ថា ប្រាក់ចំណេញ​របស់​ធនា​គារ Morgan Stanley នឹង​កើនឡើង ១% ហើយ​ប្រាក់ចំណេញ​របស់​ធនាគា​រ Goldman Sachs Group Inc នឹង​កើនឡើង​រហូតដល់៤៣% ដោយសារ​ការឡើង​ថ្លៃ​ភាគហ៊ុន​ក្នុង​ទីផ្សារ​មូលធន៕

សក្តានុពល​ខេត្តពោធិសាត់៖ ផ្លូវ​ត​ភ្ជាប់​ព្រំដែន​ថៃ-កម្ពុជា​ក្នុងស្រុក​វាលវែង​នឹង​ក្លាយជា​ច្រក​សេដ្ឋកិច្ច​ថ្មី​មួយទៀត

ដោយៈ​ប៊ី

ពោធិ៍សាត់ៈ គម្រោង​សាងសង់​ផ្លូវ​មួយ​ខ្សែ ត​ភ្ជាប់​រវាង​ភូមិ​ថា​សេន ឃុំ​ឡែ​មកា​ត់ ស្រុ​ម​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ មកកាន់​ច្រកព្រំដែន​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ របស់​ប្រទេស​កម្ពុជា ក្រោម​ការចំណាយ​របស់​ថៃ​ត្រូវបាន​បញ្ចប់ ការសាងសង់​ជា​ស្ថាពរ​ហើយ។


អភិបាលខេត្ត​ពោធិ៍សាត់ លោក​ម៉ៅ ធនិន បាន​មានប្រសាសន៍​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ​ថា ការតភ្ជាប់​ផ្លូវ​មួយ​ខ្សែ​នេះ ជាការ​បង្កើត​ច្រក​សេដ្ឋកិច្ច​ថ្មី​មួយទៀត​រវាង​ប្រទេស​កម្ពុជា-ថៃ ជាពិសេស​ធ្វើឱ្យ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​សក្តា​នុ​ពេល​សេដ្ឋកិច្ច​ថែម​មួយកម្រិត​ទៀត។

លោក​បាន​ថ្លែងថា “កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រាល​កៅស៊ូ​ប្រភេទ AC មាន​ទឹង១៤ម៉ែត្រ ប្រវែង​ជិត ២០០០ម៉ែត្រ​ចែកចេញជា៤គន្លង” ។

លោក​បន្តថា ការសម្រេច​សាងសង់​កំណាត់​ផ្លូវ​នេះ គឺ​បន្ទាប់ពី​សភា​ថៃ​បានអនុម័ត ក្រោម​កិច្ច​ចុះហត្ថលេខា​របស់លោក​ឆ័​ត្រ​ប្រ​ឆៃ ផន​ម៉ន​ឡឺដ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​ថៃ ឯកភាព​តាម​សំណើ​របស់​អភិបាលខេត្ត​ត្រាត កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ​ពាក់ព័ន្ធ​ការ​ព​ន្លឿ​ន​បើក​ច្រកព្រំដែន​អន្តរជាតិ​នេះ។

លោក​បាន​ឱ្យដឹងទៀតថា “ការតភ្ជាប់​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​ការចង់​ឃើញ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក៏ដូចជា​រដ្ឋបាលខេត្ត​ពោធិ៍សាត់​ផ្ទាល់​តែម្តង ដើម្បី​បង្កើត​នូវ​ចរន្ត​សេដ្ឋកិច្ច​ថ្មី​មួយទៀត​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា” ។

ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែលជា​តំបន់​ដាច់ស្រយាល​មួយ ពី​អតីត​កាលនោះ បាននិងកំពុង​ក្លាយទៅជា​តំបន់ មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម បន្ទាប់ពី​ផ្លូវ​មួយ​ជាតិ​មួយ​ខ្សែ គឺ​ផ្លូវជាតិ​លេខ៥៥ ត្រូវបាន​សាងសង់​រួចរាល់ និង​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​កាលពី​ឆ្នាំ២០២០កន្លងទៅ។

ស្រុក​នេះ​ក៏​ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ មាន​ទឹកជ្រោះ និង​ជួរ​ភ្នំ ខណៈ​ស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ ជា​តំបន់​ទេសចរណ៍​ជាប់មាត់​សមុទ្រ។ ការតភ្ជាប់​ផ្លូវ​ធ្វើដំណើរ​កាន់តែ​ងាយស្រួល រវាង​ខេត្តពោធិ៍សាត់​របស់​កម្ពុ​ជា និង​ខេត្ត​ត្រាត របស់​ថៃ តាម​ច្រក​ថ្មដា នឹង​ទាក់ទាញ​កាន់តែខ្លាំង​លើ​វិស័យ​ទេសចរណ៍​រវាង​ខេត្ត​ទាំងពីរ។

បច្ចុប្បន្ននេះ​នៅ​ច្រក​ថ្មដា​នេះ នៅ​ខាង​ទឹកដី​កម្ពុជា មានការ​វិនិយោគ​អភិវឌ្ឍ​លំនៅឋាន សណ្ឋាគារ និង​កន្លែង​លំហែកាយ​ជាច្រើន។ ក្រៅតែពី​វិស័យ​ទេសចរណ៍ ការតភ្ជាប់​ខេត្ត​ទាំងពីរ​តាមរយៈ​ច្រក​ថ្មដា នឹង​បង្ក​ភាពងាយស្រួល ក្នុងការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ៕

ខេត្តកំពត​នៅតែ​បន្ត​ភាព​ទាក់ទាញ​លើ​គម្រោង​វិនិយោគធំៗតម្លៃ​រាប់សិប​លាន​ដុល្លារ

ដោយៈ រ៉ា​ណេ​ត 

កំ​ពតៈ ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ប្រែក្លាយ​ខេត្ត​ជាប់មាត់​សមុទ្រ ឱ្យទៅជា​តំបន់​កម្សាន្ត​ដ៏​ទាក់ទាញ​លំដាប់​អន្តរជាតិ ប​ច្ចុ​ប្ប​នេះ ខេត្តកំពត នៅតែ​បន្ត​ភាព​ទាក់ទាញ​លើ​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍ធំៗជាច្រើន​ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

ភ្ជាប់​ជាមួយនឹង​ការទទួលបាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ជាច្រើន​នៅ​ទូទាំង​ខេត្តកំពត លោក​បណ្ឌិត តេង រិទ្ធី ដែលជា​អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ R Investment Group នៅ​ល្ងាច​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញ​ពី​ក្ដី​សាទរ ទៅនឹង​អ្វីដែល​ខេត្តកំពត​ទទួលបាន​នៅពេលនេះ ជាមួយនឹង​ការបញ្ជា​ក់ថា គម្រោង​បណ្តាក់​ទុនវិនិយោគ​ដែលមាន​ទំហំ​ជាច្រើន​លាន​ដុល្លារ​ខាងលើនេះ ដែល​ភាគច្រើន​ជាការ​វិនិយោគ​ទៅលើ​ការបង្កើត​តំបន់​កម្សាន្ត​ទ្រង់ទ្រាយ​ធំ រួម​ជាមួយនឹង​ការសាងសង់​លំនៅដ្ឋាន​បែប​លំហែរ​កាយ។

លោក​បណ្ឌិត​បាន​បន្តទៀត​ថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ។ លោក​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុង​បន្ត​អភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​បណ្ឌិត តេង រិទ្ធី ក៏បាន​បញ្ជាក់ថា សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន បែប​លំហែរ​កាយ​នៅពេល​បច្ចុប្បន្ន ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣-៤ម៉ឺន​ដុល្លារ​ឡើងទៅ​សម្រាប់​លំនៅដ្ឋាន​បែប​លំហែរ​មួយ​ខ្នង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុល បាន​មានប្រសាសន៍​ផងដែរ​ថា សព្វថ្ងៃនេះ​មាន​គម្រោង​វិនិយោគ លើ​វិស័យ​បដិសណ្ឋារកិច្ច​ជាច្រើន នៅក្នុង​ខេត្តកំពត ជាពិសេស គម្រោង​រមណីយដ្ឋាន សណ្ឋាគារ និង​បឹង​ហ្គា​ឡូ នៅតាម​ដងព្រែក​នានារ​បស់​ខេត្តកំពត។

លោក​បន្តថា “នៅពេល​ដែលមាន​គម្រោង​វិនិយោគ ផ្នែក​បដិសណ្ឋារកិច្ច​ច្រើន​នៅក្នុង​ខេត្ត​នាពេលនេះ បាន​ឆ្លុះបញ្ចាំង​នៃ​ភាពល្អប្រសើរ និង​ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំងក្លា នៅក្នុង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា និង​ធានាបាន​នូវ​គុណភាព​ខ្ពស់” ។លោក​បន្ថែមថា “ធម្មតា​នៅក្នុង​ធ្វើ​ពាណិជ្ជកម្ម ឬ​មុខ​ជំនួញ​ណាមួយ​ដែលមាន​ការប្រកួតប្រជែង វា​នឹង​ធានាបាន​នូវ​គុណភាព និង​កម្រិតស្តង់ដារ​មួយ ហើយ​យើង​ក៏​ចង់បាន​ការប្រកួតប្រជែង​បែបនេះ​ឱ្យបាន​ច្រើន ដើម្បី​ជំរុញ​ទៅដល់​ការលើកកម្ពស់​កម្រិត​គុណភាព” ។

លោក​សយ ស៊ី​ណុល បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុជា មិនមែន​មានការ​ប្រកួត​ប្រជែង​តែ​នៅក្នុង​ស្រុក​នៅទេ គឺ​កម្ពុជា​បាននិងកំពុង​ប្រកួតប្រជែង​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក លើ​វិស័យ​បដិសណ្ឋារកិច្ច​នេះ។ ការទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក គឺ​ទាមទារ​ឱ្យមាន​គុណភាព និង​ស្តងដារ​ចាំបាច់​បំផុត ដូច្នេះ នៅពេល​មានការ​ប្រកួតប្រជែង​កាន់តែច្រើន​វា​កាត់​តែ​ល្អ ហើយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ភ្ញៀវទេសចរ និង​ជាតិ​អន្តរជាតិ៕