ប្រធាន CVEA ប្រាប់ថា មុន​សម្រេចចិត្ត​ទិញ​លំនៅឋាន គួរ​ពិចារណា​លើ​ចំណុច ៥យ៉ាង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តម្រូវការ​លំនៅឋានរ​បស់​ពលរដ្ឋ​កម្ពុ​ជាមាន​សន្ទុះ​យ៉ាងខ្លាំង ជាពិសេស​គូរ​ស្វាមី ដែល​ទើប​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មីថ្មោង ដែល​គិត​ជា​មធ្យម​ប្រមាណ៥ម៉ឺន​ខ្នង​ក្នុង​មួយឆ្នាំ ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ។

ជាមួយនឹង​កំណើន​នៃ​តម្រូវការ​ទាំងនេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​លើកឡើងថា នាពេល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ជាច្រើន​កំពុងមាន​ភាព​មមាញឹក ក្នុងការ​សាងសង់​លំនៅឋាន ដូចជា​បុរី បណ្ដុំ​ផ្ទះល្វែង និង​ខុន​ដូរ​ជាដើម ដើម្បី​ផ្តល់​ជា​ជម្រើស​សម្រាប់​អ្នក ដែល​ប្រាថ្នា​ចង់បាន​លំនៅដ្ឋាន​ជា​កម្មសិទ្ធិ ប៉ុន្តែ​អ្វីដែល​សំខាន់​នៅត្រង់ថា មុនពេល​សម្រេចចិត្ត​គួរ​ពិចារណា​ទៅលើ​ចំណុច​ទាំង៥ជា​ចម្បង​ជាមុនសិន។

លោក​បាន​បញ្ជាក់ថា  សម្រាប់​អតិថិជន​ដែលជា​អ្នកទិញ ដើម្បី​ជៀសវាង​នូវ​ហា​នី​ភ័យផ្សេងៗ ក្រោយពេល​ទិញ​ក៏​ត្រូវតែ​យល់ដឹង​គន្លឹះខ្លះៗ មុននឹង​សម្រេចចិត្ត​ទិញ​ដូចជា

លំនៅឋាន​នៅ​ជិត​ផ្សារ និង សាលារៀន

លោក-អ្នកទិញ​លំនៅដ្ឋាន ត្រូវ​គិតដល់​ទីតាំងនៅ​ឋាន​ដែល​ជិត​ផ្សារ និង​សាលារៀន​ដើម្បី​មាន​ភាពងាយស្រួល​ក្នុង ធ្វើដំណើរ​ទៅ​ផ្សារ​ទិញ​របស់របផ្សេងៗ និង​មាន​ភាពងាយស្រួល​ជូន​កូន​ទៅ​សាលារៀន កុំ​ឲ្យ​មាន​ហានិភ័យ​ទៅ​ថ្ងៃក្រោយ។

២ លំនៅឋាន​នៅ​ជិត​កន្លែងធ្វើការ

លោក-អ្នកទិញ​លំនៅដ្ឋាន​ត្រូវ​គិតដល់​ទីតាំងនៅ​ឋាន ដែល​នៅ​ជិត​កន្លែងធ្វើការ​របស់​អស់លោក អ្នក ដើម្បី​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ដំណើរ និង​ចំណាយពេល​តិច ព្រោះថា​បច្ចុប្បន្ន​បញ្ហា​កកស្ទះ​ចរាចរណ៍​បង្ករ ឪ្យ​អស់លោកអ្នក​ខាត​ពេល និង​ចំណាយ​ច្រើន​ជាដើម។

៣ លំនៅឋាន​នៅជាប់​នឹង​ផ្លូវធំ

លំនៅឋាន​នៅជាប់​នឹង​ផ្លូវធំ​មាន​ភាពងាយស្រួល ក្នុង​បង្កើត​មុខរបរ​អាជីវកម្មផ្សេងៗ ព្រោះ​មាន​មនុស្ស​ចេញចូល និង​ធ្វើដំណើរ​ឆ្លងកាត់​ច្រើន។

៤ លំនៅឋាន​មាន​សុវត្ថិភាព

បញ្ហា​សុវត្ថិភាព គឺជា​រឿង​ចម្បង​របស់​មនុស្ស​ចឹ​ង​ទេ លោកអ្នក​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ល្អិតល្អន់ ទៅលើ​ការសាងសង់​លំនៅឋាន​មាន​លក្ខណៈ​គ្រប់គ្រាន់ និង​បច្ចេកទេស​ត្រឹមត្រូវ​តាម​ស្តង់​ស្តារ រួមទាំង​ប្រព័ន្ធ​លូ ទឹក​និង​ភ្លើង​ដែរឬទេ? ម្យ៉ាងទៀត​ត្រូវ​មើល​ជុំ​ហ្នឹង​មាន​បញ្ហា​ចោរកម្ម និង​បញ្ហាផ្សេងៗទៀត​ដែល​បង្ករ​ឪ្យ​មាន​ហានិភ័យ​ទៅ​ថ្ងៃក្រោយ។

៥ បរិយាកាស​គួរអោយ​ចង់​រស់នៅ និង​មាន​តំលៃ​សមរម្យ

ចំណុច​ក្រោយនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អស់លោកអ្នក​មានបំណង​ក្នុង​ការទិញ​លំនៅឋាន ត្រូវ​គិតពី​បរិយាកាស និង​បរិស្ថាន​ជុំវិញ​ល្អ​គួរ​ឲ្យ​ចង់​រស់នៅ​ដែរ​ទេ? សម្រាប់​តម្លៃ​លំនៅឋាន​វិញ សាក​សម​ជាមួយនឹង​លទ្ធភាព នៃ​ចំណូល​របស់​យើង​ដែរឬទេ?៕

អ្នកជំនាញ៖ ការវិនិយោគ​លើ​ទីផ្សារ​ដីធ្លី នៅតែមាន​ឱកាស​ចំណេញ

ដោយៈ រ៉ា​ណេ​ត 

ភ្នំពេញៈ នៅក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​បែង​ចែកចេញជា​ផ្នែកផ្សេងៗជាច្រើន ដែល​ក្នុងនោះ​អ្នកវិនិយោគ​បាន​សំឡឹង​ឃើញ ពី​ឱកាស​ដែល​អាច​ទទួលបាន​ផលចំណេញផ្សេងៗគ្នា មិន​ថា​ផ្នែក​សំណង់ ដីធ្លី ការអភិវឌ្ឍន៍​លំនៅដ្ឋាន ក៏ដូចជា​ការសាងសង់​អគារ​សម្រាប់​ជួល។

បើ​និយាយ​ពី​ឱកាស​ចំណេញ ដែល​អាច​ទទួលបាន​ពី​ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​អ្នកប្រតិបត្តិ​នៅក្នុង​វិស័យនេះ​អះអាងផ្សេងៗពីគ្នា ដោយ​ការ​លើកយក​ហេតុផល​មក​បញ្ជាក់​ផងដែរ។

ដោយឡែក​សម្រាប់​លោក ម៉ាន់ ច័ន្ទ​ឌី​អគ្គនាយក​ក្រុមហ៊ុន PREMIUM Group ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជំនួញ ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ និង​ច្រើន​ផ្នែក​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា សម្រាប់​ទស្សនៈ​របស់លោក ផលចំណេញ​ពី​ការវិនិយោគ នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​អាច​ទទួលបាន​ចមណេញ​ច្រើន គឺ​ការទិញ​លក់​ដី។

លោក​បន្តថា “នៅក្នុង​វិស័យ​អចលនទ្រព្យ ខ្ញុំ​បាន​វិនិយោគ​ទៅក្នុង​ផ្នែក​ជាច្រើន ដូចជា​ការវិនិយោគ​ទៅលើ​ការអភិវឌ្ឍន៍ បណ្តុំ​លំនៅដ្ឋាន​កម្រិត​សមរម្យ ការវិនិយោគ​ទៅលើ​ការ​នាំចូល​គ្រឿងសំណង់ ការវិនិយោគ​ទៅលើ​ការផ្តល់​កម្ចី សម្រាប់​ទិញ​លំនៅដ្ឋាន ក៏ដូចជា​ការវិនិយោគ​ទៅលើ​ផ្នែក​ដីធ្លី ទាំង​ដី​សម្រាប់​ជួល និង​ដី​សម្រាប់​លក់​ចេញ​យកចំណេញ” ។ លោក​បាន​បញ្ជាក់ថា “តាម​ការកត់សម្គាល់ និង​ជា​ទស្សនទាន​របស់ខ្ញុំ ឱកាស​នៃ​ការទទួលបាន​ផលចំណេញ​ច្រើនជាងគេ នៅក្នុង​ចំណោម​មុខ​ជំនួញ​ខាងលើ គឺ​ការវិនិយោគ​ទៅលើ​ដីធ្លី(ទិញ-លក់) ដែល​ក្នុង​រយៈពេល​ដ៏​ខ្លី យើង​អាច​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​ស្ទើរតែ ១X ២ ឬ ១X៣ ក៏មានដែរ អាស្រ័យ​ទៅតាម​ទីតាំង និង​តម្រូវការ​ជាក់ស្ដែង​រប​ស់​ទីផ្សារ” ។

នៅពេល​សំណួរ​សួរថា បើ​វិនិយោគ​ទៅលើ​ដីធ្លី អាច​ទទួលបាន​ចំណេញ​ច្រើនជាងគេ តើ​ហេតុអ្វី​លោក​ត្រូវធ្វើ​ការវិនិយោគ​ទៅលើ​ផ្នែក​ដទៃទៀត?

លោក ម៉ាន់ ច័ន្ទ​ឌី បញ្ជាក់ថា “ថ្វី​ត្បិត​ការវិនិយោគ​ទៅលើ​ដីធ្លី អាច​ទទួលបាន​ប្រាក់ចំណេញ​ច្រើន ប៉ុន្តែ​យើង​ក៏ត្រូវ​ការ​ផ្នែក​ដទៃទៀត មក​ធ្វើការ​រួមផ្សំ​ផងដែរ។ លោក​បន្តថា “ខ្ញុំ​ទិញ-លក់​ដី បើ​ចំណេញ​ច្រើន​ខ្ញុំ​នឹង​លក់​ចេញភ្លាមៗ បើ​ចំណេញ​តិច ឬ​អាច​វិនិយោគ​ទៅ​ផ្នែក​ដទៃទៀត ដែល​អាច​ទទួល​ចំណេញ​ច្រើនជាង ដូចជា​ការសង់​ផ្ទះ​លក់​ជាដើម ខ្ញុំ​ក៏ត្រូវ​ពិចារណា” ។

លោក​បាន​បន្ត​ពន្យល់ថា “បើ​ត្រូវ​សាងសង់​ផ្ទះ​លក់ លោក​ក៏មាន​ក្រុមហ៊ុន​សាងសង់ បើ​ត្រូវការ​គ្រឿងសំណង់ លោក​ក៏មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់ ហើយ​បើ​ត្រូវការ​ស្ថាប័នហិរញ្ញវត្ថុ​សម្រាប់​ជួយ​ជ្រោមជ្រែង ដល់​ការផ្តល់​លក្ខខណ្ឌ​បង់​រំលស់​លោក​ក៏មាន ដូច្នេះ   អ្វីៗទាំងអស់នេះ ជា​បណ្តុំ​នៃ​មុខ​ជំនួញ​ពាក់ព័ន្ធ​របស់ តែប៉ុណ្ណោះ។

លោក​បន្ថែមថា “ប៉ុន្តែ​បើ​សួរថា មួយណា​ចំណេញ​ជាង ខ្ញុំ​នៅតែ​អះអាងថា​ការទិញ-លក់​ដី​គឺមាន​ឱកាស​ចំណេញ​ច្រើន និង​ក្លាយជា​អ្នកមាន​លឿន​ជាងគេ” ៕

សូចនាករឆ្នាំឆ្នាំ២០២១ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញធ្វើពិពិធកម្មពាណិជ្ជកម្ម ដើម្បីជម្រុញកំនើនសេដ្ឋកិច្ច

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងធំៗដែលជាយុទ្ធវិធីនៃការជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអនុវត្ត ដើម្បីធ្វើយ៉ាងអាចសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក។

ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ធំៗជាច្រើន បាននឹងកំពុងដំណើរការយ៉ាងរលូន ដែលក្នុងនោះរួមមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេសដូចជាផ្លូវជាតិសំខាន់ៗ ការពង្រីកកំពង់ផែទឹកជ្រៅ គម្រោងសាងសង់អាកាសយានដ្ឋាន ការចុះកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរី រួមជាមួយនឹងការធ្វើវិសោធនកម្មច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជាជាដើម។

លោកបណ្ឌិតហុង វណ្ណៈ អ្នកវិភាគ និងស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា គ្រប់គម្រោងទាំងអស់ដូច ដែលបានលើកឡើងខាងលើនេះ គឺជាយុទ្ធវិធីយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើង និងកំពុងអនុវត្តទៅតាមជំហានដែលគ្រោងទុក ក្នុងគោលបំណងកែប្រែ និងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពល្អប្រសើរ។

លោកបានបញ្ជាក់ថា “ដូចដែលយើងបានឃើញហើយថា នៅក្នុងយុទ្ធវិធីក៏ដូចជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាអាចបង្កភាពងាយស្រួល ដល់បណ្តាវិនិយោគិនទាំងអស់ ដែលមានបំណងចងសម្ព័ន្ធវិនិយោគ ពាណិជ្ជកម្មជាមួយកម្ពុជាតាម       រយៈការយកចិត្តទុកដាក់ លើការសម្រួលដល់ច្បាប់វិនិយោគថ្មី ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូន ការចងសម្ព័ន្ធជាដៃគូយុទ្ធសាស្ត្រ ជាមួយបណ្តាប្រ​ទេ​សនាននៅក្នុងតំបន់ ក៏ដូចជានៅលើសាកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”។

លោកបន្តថា នៅក្នុងឆ្នាំ២០២១នេះ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួន ដូចជា មហាអំណាចសេដ្ឋកិច្ចចិន កូរ៉េ ជប៉ុន ឥណ្ឌ ក៏ដូចជាចក្រភពអង់គ្លេង ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូសាកល(RCEP) ដែលជាទីផ្សារដ៏ធំជាសាកល រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់លើការស្ថាបនាផ្លូវជាតិសំខាន់ៗជាច្រើន ដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ៣៣ លេខ៤១ លេខ២ ក៏ដូចជាផ្លូវនៅទូទាំងក្រុងព្រះសីហនុ និងផ្លូវ៣៨ខ្សែនៅក្រុងសៀមជាដើម។

បន្ថែមពីនេះនៅមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមជាមួយនឹងផ្លូវដែកឆ្លងប្រទេសផងដែរ។

លោកបណ្ឌិតហុង វណ្ណៈ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រៅពីគម្រោងខាងលើនេះ បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងអភិវឌ្ឍន៍ពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានជាច្រើនទីតាំង រួមមាន អាកាសយានដ្ឋានភ្នំពេញអន្តរជាតិថ្មី អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាកាសយានដ្ឋានកងកេង គម្រោងអាកាសយានដ្ឋានចំនួន២នៅខេត្តកោះកុង គម្រោងអាកាសយាដ្ឋាននៅខេត្តបាត់ដំបង រួមជាមួយនឹងគម្រោងអាកាសយានដ្ឋាន ក្នុងតំបន់ខេត្តមណ្ឌលគីរី ដែលកំពុងទទួលសិទ្ធិសិក្សាដោយក្រុមហ៊ុនចិននាពេលបច្ចុប្បន្ន។

ហេដ្ឋារចនាសម្ព៏ន្ឋទាំងអស់នេះ គឺជាផ្នែកមួយនៃគម្រោងផែនការរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ឱ្យកាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា សម្រាប់តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈការធ្វើពិពិធកម្ម នៃការផលិតសម្រាប់នាំចេញ ថែមទាំងអាចអាចទាក់ទាញប ណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើនមកកាន់កម្ពុជាផងដែរ។

លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងសិក្សាទៅលើសេច​ក្ដីព្រាងច្បាប់វិនិយោគថ្មីនៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល ក៏ដូចជាជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិនានានៅលើសាកលលោក ឱ្យចូលមកកាន់កម្ពុជាបន្ថែម តាមរយៈការកាត់បន្ថយនូវនិតិវិធីកាត់បន្ថយពេលវេលា និងផ្តល់ឱកាសចំណេញច្រើន”។

លោកឧកញ៉ាលឹម ហេងបានបន្តថា អ្វីដែលកាន់តែជាឱកាសមាស ចំណេញលើចំណេញទៀតនោះគឺ ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិន ដែលមានទីផ្សាររហូតដល់ប្រមាន១៤០០លាននាក់ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងអាស៊ាន ដែលមានប្រជាជនជាង ៦០០លាននាក់។

បន្ថែមពីនេះ ក៏មានការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងដូចជា ប្រទេសកូរ៉េខាងត្បូង ជប៉ុន ហុងកុង និងឥណ្ឌា ជាដើម ដែលទាំងអស់នេះ សុទ្ធតែជាចំណុចខ្លាំងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិទាំងអស់៕

តើវឌ្ឈនភាពនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេច បានបែបណាហើយ

ដោយៈលក្ខិណា

ភ្នំពេញៈ គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ តាំងពីអំឡុងខែមីនាឆ្នាំ២០១៩ កន្លងទៅ  គឺមានរយៈពេលជិត២ឆ្នាំហើយ តែលទ្ធផលដែលសម្រេចបានលើគម្រោងមួយនេះ គឺទើបតែបានជាង៣០ភាគរយប៉ុណ្ណោះ គិតត្រឹមដើមឆ្នាំ ២០២១នេះ។

លោកវ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារការ និងដឹកជញ្ជូនបានឱ្យដឹងតាម​ទូរស័ព្ទនារសៀលថ្ងៃទី១១ មករានេះថា កត្តាមួយចំនួនដែលធ្វើឱ្យគម្រោងផ្លូវនេះ ទើបតែសម្រេចបានជាង៣០ភាគរយ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ។

លោកបន្តពន្យល់ថា “ការសាងសង់ផ្លូវឬអ្វីមួយ ពិបាកបំផុតនិងយូរនោះ គឺបាតគ្រឹះរបស់វា ហើយនៅពេលបាតគ្រឹះត្រូវបានធ្វើរួចរាល់ វាប្រើពេលមិនយូរទេ ក្នុងការស្ថាបនា ។ ជាក់ស្ដែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក៏ត្រូវពង្រឹងគុណភាពបាតគ្រឹះផងដែរ ទើបក្នុងរយៈពេលជិត២ឆ្នាំមកនេះ សម្រេចបានជាង៣០ភាគរយ”។

លោកសូរិយាបានបន្តថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជានិងពិភពលោកក៏បានជួបវិបត្តិ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ផងដែរ ហើយកម្មករមួយចំនួនក៏ត្រូវបានដាក់ធ្វើចត្តាឡីស័ក ដែលធ្វើឱ្យខ្វះកំលាំងក្នុងការស្ថាបនា តែយ៉ាងណាក៏មិនបានផ្អាកគម្រោងដែរ គឺនៅតែបន្តទៅមុខជាលំដាប់ ដើម្បីឱ្យបញ្ចប់នៅតាមការគ្រោងទុក របស់ក្រុមការងារ ។ នៅពេលគេធ្វើបាតគ្រឹះរួចរាល់ ជំហានបន្ទាប់គឺនឹងលឿនជាងធម្មតា។

គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ក្រុងព្រះសីហនុ បានចំណាយទឹកប្រាក់ប្រ​មា​​ណជិត២ពាន់លានដុល្លារអាមេរិក ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រ។ នៅពេលគម្រោងនេះស្ថាបនារួចរាល់ សសៃឈាមសេដ្ឋកិច្ចនេះ នឹងជំរុញការដឹកជញ្ជូន ការធ្វើដំណើរបានឆាប់រហ័សរវាងភ្នំពេញ និងក្រុងព្រះសីហនុ។

បើតាមអ្នកជំនាញបច្ចេកទេសផ្លូវនេះបានឲ្យដឹងថា ពេលដាក់ដំណើរការ នឹងអនុ​ញ្ញាតសម្រាប់តែយានយន្ត ដែលមានកំលាំងម៉ាស៊ីនលើសពី១២៥ សេសេឡើងទៅចរាចរណ៍លើវិថីនេះ ក្រៅពីនោះមិនអនុញ្ញាតឡើយ៕

ទីផ្សារជួលអគារទូទៅអាចនឹងវិលរកស្ថានភាពល្អប្រសើរជាបណ្ដើរៗវិញនៅ ពាក់កណ្តាលឆ្នាំ២០២១

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងការមើលឃើញពីការងើបឡើងវិញ នូវតម្រូវការទីផ្សារអចលនទ្រព្យគ្រប់ប្រភេទនាដើមឆ្នាំ២០២១ សម្រាប់តែទីផ្សារជួលអគារទូទៅ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យនេះលើកឡើងថា អាចនឹងចំណាយពេលដល់អំឡុងពាក់កណ្តាលឆ្នាំ ឬក្នុងឆមាសទី២នៃឆ្នាំនេះទើបអាចមានសកម្មភាពឡើងវិញ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី១១ មករានេះថា មិនចំពោះតែទីផ្សារជួលអគារការិយាល័យ ឬទីផ្សារជួលទីតាំងសម្រាប់លក់រាយនោះទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺនៅតែមានការធ្លាក់ចុះ ហើយការធ្លាក់ចុះអាចនឹងបន្តរហូត ដល់ពាក់កណ្តាលឆ្នាំ២០២១។

លោកស្រីបានបន្តថា“ទាំងទីផ្សារការិយាល័យ ទាំងទីផ្សារជួលទីតាំងលក់រា​យ​នៅតាមបណ្តាផ្សារទំនើប ឬផ្សារសហគមន៍ គឺនៅបន្តជួបបញ្ហាឱនភាពដូចគ្នា”។ លោកស្រីបញ្ជាក់ថា “សម្រាប់តែទីផ្សារជួលការិយាល័យគ្រប់កម្រិត គឺនៅស្ថិតក្នុងសញ្ញាអវិជ្ជមានទាំងកម្រិតA កម្រិតB និងកម្រិតC ព្រោះតម្រូវការអគារការិយាល័យភាគច្រើនជាក្រុមហ៊ុនមកពីក្រៅស្រុក ហើយគម្រោងដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺគម្រោងដែលទើបបញ្ចប់ និងដាក់បញ្ចូលទៅក្នុងទីផ្សារនៅក្នុងអំឡុងឆ្នាំ២០២០”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកស្រីអាន សុធីតា បានបញ្ជាក់ថា ទម្រាំទីផ្សារជួលអគារ អាចវិលត្រឡប់ទៅរកភាពល្អប្រសើរវិញ យ៉ាងហោចណាស់ត្រូចំណាយពេលរហូតដល់ឆមាសទី២ ឬឈានចូលដល់ចុងឆ្នាំ២០២១ខាងមុខនេះ។

 

ដោយឡែក លោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ TOWN CITY បានមានប្រសាសន៍ថា ទីផ្សារនៃការជួលអគារមិមែន ប៉ះពាល់ធ្ងន់ធ្ងរទាំងអស់នោះទេ នៅក្នុងនោះក៏មានទីផ្សារជួលអគារខ្លះ នៅតែមានតម្រូវការទីផ្សារ បើទោះជាស្ថិតនៅក្នុងកំឡុងពេលប្រឈមវិបត្តិក្នុងឆ្នាំ២០២០ក៏ដោយ។

លោកបន្តថា “ខ្ញុំទទួលស្គាល់ថា ទីផ្សារជួលអគារពិតមានទទួលនូវផលប៉ះពាល់ ប៉ុន្តែមិនធ្ងន់ធ្ងរទាំងអស់នោះទេ ក្នុងនោះដូចជាសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានប្ដូរយុទ្ធសាស្ត្ររបស់ខ្លួន ពីការជួលក្នុងរយៈពេលខ្លី ទៅជាការជួលរយៈពេលវែង និងជួលជាកញ្ចប់តែម្ដង”។ លោកបន្តថា “ក្រៅពីនេះ ដូចជាទីផ្សារជួលអគារអាផាតម៉ិន ក៏នៅតែមានតម្រូវការ គ្រាន់តែម្ចាស់អគារអាចបាត់បង់ចំណូលបន្តិចបន្តួច តាមរយៈការបញ្ចុះតម្លៃជូនអតិថិជនរបស់ខ្លួន ដែលរងគ្រោះដោយសារវិបត្តិសាកលចាប់ពី២០-៣០ភាគរយ”។

លោកវ៉ន ចាន់ថនបានបញ្ជាក់ថា “ទីផ្សារជួលអគារដែលរងគ្រោះធ្ងន់ធ្ងរ គឺផ្នែកជួលទីតាំងលក់រាយ ដូចជាតំបន់ក្បែរមាត់ទន្លេរ ដែលជាបណ្តុំអាហារដ្ឋាន កន្លែងស្នាក់នៅរយៈពេលខ្លីដែលផ្តោតសំខាន់លើជនបរទេស។ តំបន់ទាំងនេះ ទោះជានៅដើមឆ្នាំ២០២១ កម្ពុជាមានភាពធូរស្រាលពីកត្តាប្រឈមក្ដី ប៉ុន្តែនៅមិនទាន់អាចដំណើរការល្អនៅឡើយនោះទេ ពោលគឺយ៉ាងហោចចាប់ពីពាក់កណ្តាលឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ខណៈដែលប្រសិទ្ធិភាព នៃការប្រើប្រាស់វ៉ាក់សាំងទទួលបានលទ្ធផលល្អ គ្រប់គ្រាន់ ហើយនៅតាមបណ្តាប្រទេសនានា នៅលើសាកលចាប់ផ្តើមបើក ឱ្យមានការធ្វើដំណើរឆ្លងកាត់យ៉ាងទូលាយវិញ”៕

Temple Paintផលិតផលថ្មី ប៉ុន្តែត្រូវបានធានាគុណភាពយ៉ាងច្បាស់លាស់ ដល់អតិថិជន

ដោយៈប៊ី

ភ្នំពេញៈ ផលិតផលថ្នាំលាបថេមភល ផេន (Temple Paint) របស់ក្រុមហ៊ុន IMCT Co., Ltd ដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា កំពុងទទួលបានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងអតិថិជនជាច្រើន ដោយសារគុណភាពរបស់ផលិតផលថ្នាំលាបនេះ និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។

លោកធួន ស៊ីណាន ប្រធានក្រុមហ៊ុន IMCT Co., Ltd បានថ្លែងប្រាប់ថា បានថ្លែងថា សម្រាប់ថ្នាំលាប Temple Paint ដែលប្រើប្រាស់រូបមន្តចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាទំនើប មានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដោយសារគុណភាព និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។ ជាពិសេសទៅទៀតនោះគឺបរិមាណ ហើយអត្ថប្រយោជន៍មួយទៀតនោះ គឺគ្មានក្លិនប៉ះពាល់ដល់សុខភាពទៀតផង និងធ្វើឱ្យគេហដ្ឋានរបស់លោកអ្នក មានភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញ។

លោកបន្តថា “ទោះវាជាផលិតផលថ្មី ប៉ុន្តែក្រុមហ៊ុនរបស់យើងសូមធានាគុណភាពយ៉ាងច្បាស់លាស់ និងពិតប្រាកដអាស្រ័យលើផលិតផលណាមួយ ដែលក្រុមហ៊ុនមានបញ្ជាក់នៅតាមប្រភេទថ្នាំនិមួយៗ”។លោកបន្តថា “យើងមានផលិតផលថ្នាំបីប្រភេទ គឺកោះកេរ្ត៍ បន្ទាយស្រី និងនគរវត្ត” ដែលផលិតផលនិមួយៗសុទ្ឋតែមានស្តង់ដាលំដាប់អន្តរជាតិ និងមានរយៈពេលប្រើប្រាស់ខុសៗគ្នា”។

លោកធួន ស៊ីណានបានថ្លែងទៀតថា យើងមានរោងចក្រនៅទីនេះ ដែលមានទីតាំងនៅផ្លូវ២០០៤ ហើយផលិតផលរបស់យើង ដាក់ឱ្យចរាចរណ៍នៅលើទីផ្សាររយៈពេ​លពីបីរខែចុងក្រោយនេះ។ ផលិតផលរបស់យើងចរាចរនៅលើទីផ្សារយៈពេលខ្លីក្តី ប៉ុន្តែយើងទទួលបានការគ្រាំទ្រច្រើនពីអតិថិជន។

លោកបានបន្តថា “ក្រុមហ៊ុនយើងខ្ញុំបាន ទទួលការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រា បច្ចេកទេស និងនវានុវត្តន៍ មានអនុញ្ញាតដំណើរការផលិតផល ថ្នាំលាបស្ពេត្រូជាចំបង”។

ផលិតផលថ្នាំលាបថេមភល ផេន (Temple Paint) ដែលជាផលិតផលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធរបស់ក្រុមហ៊ុន IMCT Co., Ltd បាននិងកំពុងផ្តល់ជម្រើសដល់អតិថិជន នូវផលិតផលចំនួន៣ប្រភេទ ដែលអាចបត់បែនបាន និងស្របតាមតម្រូវការរបស់អតិថិជន។

ទី១ Temple Paint ឈ្មោះ “កោះកេរ្ត៍” ជាថ្នាំដែលមានតម្លៃប្រកួតប្រជែងជាមួយថ្នាំលាបក្នុងស្រុកដទៃទៀត និងមានគុណភាពស្តង់ដាអន្តរជាតិ ទី២ Temple Paint “ម៉ាកបន្ទាយស្រី” ជាផលិតផលមានកម្រិតមធ្យម ប៉ុន្តែស្តង់ដាលំដាប់អន្តរជាតិ និងអាចធានារយៈពេលប្រើប្រាស់បានយូរ និងទី៣ Temple Paintម៉ាក “អង្គរវត្ត” ជាប្រភេទថ្នាំប្រណីត និងអាចប្រើប្រាស់បានរយៈពេលវែង មិនចាញ់ផលិតផលនាំចូលមកពីក្រៅប្រទេសនោះទេ ជាពិសេសធានាគុណភាពប្រើប្រាស់រយៈពេលវែង និងមានការធានាជូនពីរោងចក្រយ៉ាងត្រឹមត្រូវ៕

រដ្ឋាភិបាលជ្រើសរើសទំនិញអាទិភាព៥០មុខដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិនតាមកិច្ចព្រមព្រៀងFTA

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់ និងជ្រើសរើសនូវប្រភេទទំនិញអាទិភាព៥០មុខ ដាក់ក្នុងបញ្ជីនៃការជំរុញនាំចេញ ទៅកាន់ទីផ្សារប្រទេសមហាយក្សចិនឱ្យបានជាអតិបរមាបំផុត។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី៦ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)កាលពី​ចុងសប្តាហ៍មុនថា ទំនិញដែលមានអាទិភាព សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខនេះគឺត្រូវបានកំណត់ចំនួន៥០មុខ។

លោកបានបញ្ជាក់ថា ផ្អែកតាមអនុសាសន៍របស់លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រ​សួ​ងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារបង្កើតតារាងម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញចំនួន៥០មុខ ក្នុងនោះមានទំនិញជាផលិតផលថ្មីចំនួន២០មុខទំនិញ ផលិត​ផលកំពុងលូតលាស់ចំនួន២០មុខទំនិញ និងផលិតផលចាស់ទុំចំនួន១០មុខទំនិញ ដោ​យត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានាដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជម្រុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។

លោកបន្តថា “ជាកិច្ចការបន្ទាប់ក្រុមការងារលេខាធិដ្ឋាន ត្រូវសិក្សាស្រាវជ្រាវបន្ថែមទៀត ដោយត្រូវពង្រីកការសិក្សាស្រាវជ្រាវមុខទំនិញពី HS code ៤ខ្ទង់ ទៅជា HS Code ៦ខ្ទង់ឬ៨ខ្ទង់ និងវាយតម្លៃលើទំនិញណាមួយឱ្យបានច្បាស់លាស់ ដែលអាចផលិតបាននិងមានតម្រូវការទីផ្សារ”។ លោកបន្តថា “ក្រុមលេខាធិការដ្ឋានFTA ត្រូវសហការជាមួយនាយកដ្ឋានគោលនយោបាយ និងអភិវឌ្ឍទីផ្សារក្នុងការជ្រើសរើសមុខទំនិញសម្រាប់រៀបចំ Factsheet និងកំណត់ផលិតផលសក្តានុពល សម្រាប់ជម្រុញការនាំចេញដើម្បីឱ្យស្របតាមគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋាភិបាល”។

ចំពោះមុខទំនិញអាទិភាព ដែលបានកំណត់ក្នុងជំហានដំបូង សម្រាប់នាំចេញទៅកាន់ទៅផ្សារប្រទេសចិន រួមមាន ដូចជាផលិតផលក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង វិស័យតម្លើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យកសិកម្មដូចជាអង្ករ ដំឡូងមី និងកៅស៊ូធម្មជាតិជាដើម៕

ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤កំពុងសាងសង់នឹងពង្រីកសក្តានុពលខេត្តកោះកុង

        ដោយគង់ៈសូរិយា

        កោះកុងៈ ហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិ និងអន្តរជាតិចំនួន៤បាននិងកំពុងសាងសង់ និងពង្រីកសក្តានុពលខេត្តកោះកុង ដែលជាខេត្តមួយប្របតំបន់ឆ្នេរដ៏ស្រស់បំព្រង និងកំពុងលេចឡើង។

គំរោងហេដ្ឋារចនាសម្ព័ន្ឋទាំងនោះរួមមាន ទី១ គំរោងពង្រីកផ្លូវជាតិលេខ៤៨ ជាបួនគន្លងសំរាប់រថយន្ត ដែលមានសួនច្បារកណ្តាល។ ក្រសួងសាធារណៈការបានសម្រេ​ចជ្រើសរើសបានក្រុមមហ៊ុនស្ថាបនា និងកែលំអរផ្លូវនេះរួចហើយ ទី២ ការសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិសាស្រ្តមួយសំរាប់កម្ពុជា ដោយសារផ្លូវនេះតភ្ជាប់ចេញពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ខេត្តពោធិសាត់ មុនភ្ជាប់ជាមួយនឹងខេត្តកោះកុង។

នេះជាផ្លូវថ្មី ដែលតភ្ជាប់ពីភូមិភាគពាយ័ព្យប្រទេស មកកាន់តំបន់ឆ្នេរនាភាគនិរតីតំបូងគេ ដែលនឹងប្រើប្រាស់សំរាប់ការធ្វើដំណើរ ពិសេសការដឹកជញ្ជូនកសិផលដ៏ច្រើនពីតំបន់ភូមិភាគពាយ័ព្យទៅកាន់កំពង់ផែ ក្នុងខេត្តកោះកុង ទី៣ ការសាងសង់កំពង់ផែទឹកជ្រៅ ដែលមានសមត្ថភាពឲ្យកប៉ាល់ធំៗអាចចូលចតបាន និងអាចនាំាំចេញទំនិញ កសិផលពីកម្ពុជាទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង និងទី៤ ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ដែលនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ ដែលព្រលានលំដាប់អន្តរជាតិនេះ អាចមានសមត្ថភាពឲ្យយន្តហោះឆ្លងទ្វីបចុះចតបាន។

គំរោងវិនិយោគព្រលានយន្តហោះ របស់អតីតៈក្រុមហ៊ុនTienjing Union Development Group។ គំរោងនេះនឹងជួយប្រែក្លាយតំបន់នេះ ជាតំបន់វិស្សមកាលកម្រិ​តខ្ពស់ និងធំបំផុតនៅក្នុងតំបន់អាស៊ីតាមគោលដៅរបស់ក្រុមហ៊ុន និងផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាលកម្ពុជា។

ងាកមកតំបន់ត្រពាំងរូង ខេត្តកោះកុង ក៏បាននិងកំពុងទាក់ទាញគំរោងវិនិយោគបណ្តើរៗហើយ ខណៈតំបន់នេះបានបន្សល់ស្លាកស្នាមអនុស្សាវរីយ៍ ក្នុងបទចំរៀងដ៏លន្លង់លន្លោ​ចគឺ “ដៃសមុទ្រត្រពាំងរូង”។

ជាមួយនឹងសក្តានុពលផ្នែកភូមិសាស្រ្ត ធម្មជាតិដ៏ស្រស់បំព្រង ពិសេសជាតំបន់តែមួយគត់ ដែលមានទឹកសាប៦ខែ និងទឹកប្រៃ៦ខែ តំបន់្រពាំងរូងស័ក្តិសមជាទីតាំង សំរាប់ការវិនិយោគលើគំរោងអេកូទេសចរណ៍ និងការសម្រាកកំសាន្តលំហែរដ៏ស្ងៀមស្ងាត់ជាមួយនឹងការរំសាយអស់ទុក្ខកង្វល់។

គំរោងឋានសួគ៌ត្រពាំងរូង កំពុងចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់នេះ ជាមួយនឹងគំរោងសាងសង់ផ្ទះលំហែរកាយបណ្តែតទឹក និងសួនធម្មជាតិ និងការដាំផ្កាដ៏ស្រស់បំព្រង សំរាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលចិត្តដំណើរកំសាន្តបែបផ្សងព្រេង និងរីករាយជាមួយធម្មជាតិ។

ទាក់ទងនឹងផែនការកសាងផ្លូវជាតិលេខ១០ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ស៊ីម សូរិយាបានមានប្រសាសន៍ថា ការស្ថាបនាផ្លូវជាតិលេខ១០របស់រដ្ឋាភិបាល មិនត្រឹមតែជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជានោះទេ តែរដ្ឋាភិបាលកំពុងរុញកម្ពុជាឲ្យមានឯករាជ្យភាពខាងសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង ពិសេសអាចនាំទំនិញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀតបានដោយខ្លួនឯង។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ជាគោលដៅអាទិភាពរបស់រដ្ឋាភិបាល ព្រោះហេដ្ឋារចនាសម្ព័ន្ឋប្រៀបដូចជាសសៃឈាមសេដ្ឋកិច្ច ហេតុនេះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនបន្ថែមទៀត”៕

 

 

ក្រុមហ៊ុនP78ឆ្ពោះទៅមុខជាមួយសុទិដ្ឋនិនិយមជាមួយនឹងការចាប់យកឳកាសពីការរីកចម្រើននៃទីផ្សារខុនដូនៅកម្ពុជា

ដោយៈរ៉ាណេត

ភ្នំពេញៈ បង្កើតឡើងដោយសហស្ថាបនិកចំនូន៦រូប ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យP78 បាននិងកំពុងឆ្ពោះទៅមុខដោយសុទិដ្ឋិនិយម ជាមួយនឹងការសម្លឹងនិងចាប់យកចំណែកទីផ្សារខុនដូ ដែលចាប់ផ្តើមមានការពេញនិយម ពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក។

បង្កើតឡើងនៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុននេះមានសមាជិកសហស្ថាបនិក សុទ្ឋតែជាអ្នកមានជំនាញ ចំណេះដឹងពាក់ព័ន្ធទៅនឹងទីផ្សារអចនទ្រព្យយ៉ាងទូលំទូលាយ ជាមួយ​មូលដ្ឋានក្រមសីលធម៌វិជ្ជាជីវៈ ។

លោកកៅ គយឈឿង សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ P78 បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ចាប់តាំងពីបើកដំណើរការរហូតមកដល់ពេលនេះ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ P78 បានពង្រីកឥទ្ធិពល និងបង្កើនភ្នាក់ងារ បានជាង១០០នាក់នៅលើទីផ្សារមួយនេះ ហើយនៅតែបន្តបង្កើនចំនួនភ្នាក់ងារបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបំពេញតាមតម្រូវការរបស់អតិថិជន ក៏ដូចជាការចង់បានរបស់ម្ចាស់អភិវឌ្ឍន៍គម្រោងផងដែរ។

លោកបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនមានគោលដៅបង្កើនចំនួនភ្នាក់ងារឱ្យបានច្រើននៅទូទាំងប្រទេស និងផ្តល់ជូនការបណ្តុះបណ្តាលជំនាញបន្ថែមដល់ពួកគាត់ រួមជាមួយនឹងការផ្តល់នូវបទពិសោធន៍ ជាក់ស្ដែងនៅក្នុងវិស័យមួយនេះ ដើម្បីធ្វើយ៉ាងណាអាចជំរុញឱ្យភ្នាក់ងាររបស់យើងទាំងអស់ ប្រកបដោយគុណភាព មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបម្រើសេវាកម្ម ដល់អតិថិជនប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

លោកបន្តថា គោលដៅ និងចក្ខុវិស័យរបស់ក្រុមហ៊ុន គឺផ្តោតសំខាន់ទៅលើការលក់គម្រោងខុនដូធំៗ ដោយសារតែយើងបានសម្លឹងឃើញយ៉ាងច្បាស់ ពីទីផ្សារខុនដូនៅកម្ពុជានាពេលបច្ចុប្បន្នមានស្ថានភាពល្អប្រសើរ ជាពិសេសទាក់ទងទៅនឹងកត្តាតម្លៃដែលត្រូវបានដាក់លក់នៅលើទីផ្សារ គឺមានភាពសមរម្យដែលស្របទៅនឹងលទ្ធភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងផ្តោតអារម្មណ៍យ៉ាងសំខាន់ នៅលើទីផ្សារមួយនេះ”។

លោកបានបន្តដោយលើកជាលក្ខខ័ណ្ឌប្រែប្រួលនៃសេដ្ឋកិច្ច សង្គមជាក់ស្តែងមកបញ្ជាក់ថា “ប្រសិនបើពួកគាត់ទិញផ្ទះ ស្ថិតនៅតំបន់ជាយក្រុង នឹងត្រូវចំណាយពេលវេលា ចំណាយធនធានជាច្រើន ក្នុងការធ្វើដំណើរចូលទីក្រុង ដែលជាទីកន្លែងគោលដៅនៃការប្រកបអាជីវកម្ម និងកន្លែងបម្រើការងាររបស់ពួកគាត់”។លោកបន្ថែមថា“មានពេលខ្លះអាចប៉ះពាល់ទៅដល់សតិអារម្មណ៍ នៅពេលមានការកកស្ទះចរាចរណ៍។ ដូច្នេះក្នុងនាមយើងខ្ញុំជាអ្នកជំនាញនៅក្នុងវិស័យនេះ សូមលើកទឹកចិត្តឱ្យពួកគាត់ជ្រើសរើសយកការរស់នៅក្នុងខុនដូ ដែលក្រៅពីជាការផ្លាស់ប្ដូររបៀបរបប នៃការរស់នៅតាមបែបសម័យថ្មី ថែមទាំងជួយសម្រាលភាពលំបាកប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ”។

ទីផ្សារខុនដូនៅពេលនេះ បានផ្តល់ជម្រើសជាច្រើនដល់អតិថិជន ខណៈដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងបង្ហាញខ្លួននៅក្នុងទីផ្សាររួម​ ជាពិសេសនៅក្នុងដំណាក់កាលនេះ ម្ចាស់គម្រោងសុទ្ធតែបានផ្តល់នូវលក្ខខណ្ឌងាយស្រួល ដល់អតិថនរបស់ខ្លួនទាំងបញ្ហានៃតម្លៃ រយៈពេលនៃការបង់រំលោះ ក៏ដូចជាការបន្ថែមជូននូវសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ដែលស្ថិតនៅក្នុងយុទ្ធសាស្ត្រទីផ្សារជំរុញការលក់ ដែលទាំងអស់នេះសុទ្ធតែជាការផ្តល់ឱកាសចំណេញដល់អតិថិជន។

ជាមួយគ្នានេះលោក ឈុត ឆន សហស្ថាបនិកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ P78 (Property 78)បានមានប្រសាសន៍ឲ្យដឹងផងដែរថា វិស័យខុនដូនឹងនៅតែបន្តរីកចម្រើនទៀត ដោយសារតែគម្រោងអភិវឌ្ឍន៍ របស់អ្នកវិនិយោគពីក្រៅស្រុកបន្តចូលមក ហើយតម្រូវការរបស់ប្រជាជនក្នុងក្រុងក៏ចេះតែកើនឡើង។ បច្ចុប្បន្នសម្រាប់រាជធានីភ្នំពេញកាន់តែរីកចម្រើនជាលំដាប់ ដែលជំរុញតម្លៃអចលនវត្ថុកាន់តែឡើងថ្លៃ។

លោកបន្តថា ប្រសិនបើអតិថិជនគាត់មានលុយត្រឹម១០ម៉ឺនដុល្លារ គាត់អាចទិញបានផ្ទះល្វែងជាន់ផ្ទាល់ដីស្ថិតនៅជាយក្រុង ដែលស្ថិតនៅឆ្ងាយពីកន្លែងធ្វើការរបស់គាត់ ប៉ុន្តែបើគាត់យកលុយ១០ម៉ឺនដុល្លារទិញខុនដូ គាត់អាចរស់នៅបានក្នុងកណ្តាលក្រុង ដែលនៅជិតកន្លែងធ្វើការផង នៅជិតសាលារបស់កូនរៀនផង ហើយក៏នៅជិតមណ្ឌលពាណិជ្ជកម្មចំរុះ ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ ដូច្នេះការទិញខុនដូសម្រាប់ស្នាក់របស់ពួកគាត់គឺជាជម្រើសដ៏ល្អបំផុត។

រីឯលោកស្រី ម៉ៅ ច័ន្ទចរិយា សហស្ថាបនិកP78 បានមានប្រសាសន៍ថា នៅថ្ងៃខាងមុខនេះនិន្នាការទីផ្សារដីឡូតិ៍ នឹងជំនួសដោយទីផ្សារខុនដូវិញម្ដង ក្រោមហេតុផលថា ដីឡូត៍ភាគច្រើនច្រើន គឺស្ថិតនៅឆ្ងាយពីក្រុង ដោយឡែកខុនដូស្ថិតនៅក្នុងក្រុង ហើយអ្វីដែលសំខាន់គឺពេលនេះមនុស្សជាច្រើន ជាពិសេសយុវជនជំនាន់ថ្មី គឺពេញនិយមទៅនឹងការរស់នៅបែបទាន់សម័យ និងស៊ីវិល័យ ខណៈដែលខុនដូមានអ្វីៗគ្រប់យ៉ាងស្របទៅនឹងការចង់បានរបស់ពួកគាត់។

លោកស្រីបន្តថា “សម្រាប់ទីផ្សាររួមនៃអចលនទ្រព្យកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ នៅក្នុងរយៈពេលត្រឹម៣ឆ្នាំខាងមុខទៀត ខុនដូ នឹងក្លាយជាផ្នែកមួយឈានមុខគេលើតម្រូវការស្នាក់នៅ ដោយសារតែទីផ្សារលំនៅដ្ឋានក្នុងបុរី ដែលស្ថិតនៅក្រុង ក៏ដូចជាទីផ្សារលំនៅដ្ឋានជាន់ផ្ទាល់ដី នៅតាមតំបន់ជាយក្រុងនឹងបន្តឡើងថ្លៃខ្ពស់ ដូច្នេះទីផ្សារខុនដូនឹងមានប្រជាប្រិយភាពខ្ពស់ជាក់ជាមិនខាន”៕

 

 

ទីផ្សារក្នុងស្រុកបានក្លាយជាកម្លាំងស្នូលក្នុងការជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ អ្នកជំនាញអន្តរជាតិបានអះអាងថា ទីផ្សារក្នុងស្រុកបានក្លាយជាកម្លាំងស្នូល ក្នុងការជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា អំឡុងពេលដែលម្ពុជាប្រឈមវិបត្តិកូវីដ១៩។

លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍កាលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យ បានជួបការលំបាកក្នុងឆ្នាំ២០២០ ប៉ុន្តែទីផ្សារស្រុកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពទិញ-លក់អចលនទ្រព្យនៅកម្ពុជា។

លោកបានថ្លែងថា “តម្រូវការអចលនទ្រព្យគ្រប់ប្រភេទត្រូវបានធ្លាក់ចុះ ហើយមានវិស័យជាច្រើនទៀតបានរងផលប៉ះពាល់ ដោយសារវិបត្តិកូវីដ១៩ ក៏ពិតមែន តែទីផ្សារក្នុងស្រុកបានក្លាយជាកម្លាំងស្នូលនៃវិស័យលំនៅដ្ឋាន ពិសេសដោយសារតែផ្សារបូរី បានចាក់គ្រឹះយ៉ាងរឹងមុំា ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ”។

ទោះយ៉ាងណា គ្រប់វិស័យទាំងអស់ បានទទួលយកគំនិតថ្មីៗ និងសម្របខ្លួនទៅនឹង “ការរស់នៅតាមគន្លងថ្មី” ជាពិសេសយើងបានឃើញថា កញ្ចប់លើកទឹកចិត្តថ្មីៗជាច្រើន ត្រូវបានបង្កើតឡើង ដូចការទទួលយកដំណោះស្រាយបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ ការប្រើប្រាស់ទីភ្នាក់ងារជំនាញវិជ្ជាជីវៈកាន់តែទូលំទូលាយ គំនិតទីផ្សារច្នៃប្រឌិត ការបង្កើនភាពបត់បែននៅក្នុងលក្ខខណ្ឌនៃការទូទាត់ ការផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទាន និងការបញ្ចុះតម្លៃកាន់តែច្រើន ក្នុងកំឡុងពេលចរចាជាដើម។

លោក James Hodge បានថ្លែងថា “ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានសញ្ញាកើនឡើង សម្រាប់វិស័យមួយចំនួន ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យបែបពាណិជ្ជកម្ម និងការវិនិយោគ យើងសង្កេតឃើញមានការកើនឡើងនូវសកម្មភាពពីអ្នកជួល និងអ្នកវិនិយោគ បើទោះអ្នកមកពីបរទេស ដែលមានគម្រោងធ្វើដំណើរមកប្រទេសកម្ពុជា បានពន្យាពេលធ្វើដំណើររបស់គេក្នុងរយៈពេល១២ខែ ចុងក្រោយនេះ”។

វិស័យ ដែលពឹងផ្អែកយ៉ាងខ្លាំងលើជនបរទេស ឬភ្ញៀវទេសចរ នៅតែរងផលប៉ះពាល់ខ្លាំងបំផុត ហើយបញ្ហានេះហាក់ដូចជាមិនមានភាពធូរស្បើយទេ រហូតដល់ការធ្វើដំណើរត្រឡប់មកភាពប្រក្រតីឡើងវិញ។

លោកបានបន្តថា “រហូតដល់ពេលនេះ យើងមិនអាចកំណត់បានថា តើពេលណាវិស័យអចលនទ្រព្យទាំងមូល នឹងវិលត្រឡប់ទៅភាពដើម ដូចមុនវិបត្តិកូវីដ១៩នោះទេ ដោយយើងគ្រាន់តែអាច មើលឃើញថា ផ្នែកមួយចំនួននៅក្នុងវិស័យនេះ នឹងកើនឡើងលឿនគេ”៕