ដោយៈ រ៉ាណេត
ភ្នំពេញៈ កាន់តែធ្ងន់ធ្ងរជាងកាលពីអំឡុង ត្រីមាសទី១ដើមឆ្នាំ២០២១ បើទោះជាស្ថិតនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ ការទិញលក់អចលនវត្ថុមួយចំនួននៅតែបន្តមាន ប៉ុន្តែចូលមកដល់ត្រីមាសទី២ ទីផ្សារមួយនេះកាន់តែស្ងប់ស្ងាត់ខ្លាំង និងឈានទៅរកវិបត្តិកាន់តែធ្ងន់ធ្ងរ ប្រសើនបើបញ្ហារាលដាលនៃជំងឺនៅតែបន្ត ហើយរដ្ឋាភិបាលផ្អាកចរាចរណ៍នៅតាមតំបន់មួយចំនួនបន្ថែមទៀត។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោកវិន ឈុនហ៊ាត បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា ចាប់តាំងពីផ្ទុះឡើងនូវការរាលដាល នៃជំងឺកូវីដ១៩ក្នុងសហគមន៍ កាន់តែខ្លាំងរហូតដល់មានការផ្អាកចរាចរណ៍នៅតំបន់នានា ក៏ដូចជា ចេញចូលខេត្តក្រុងមួយចំនួនបានធ្វើឱ្យទីផ្សារនៃ ការទិញលក់មានការធ្លាក់ចុះស្ទើរ ដល់កម្រិតសូន្យក្នុងរយៈពេលប្រមាណ១ខែចុងក្រោយនេះ។
លោកបានបន្តថា “នៅក្នុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ បើទោះជាមានព្រឹត្តិការណ៍២០កុម្ភៈ ប៉ុន្តែការទិញលក់មួយចំនួន ជាពិសេសផ្នែកដីធ្លីបើទោះជាមិនមមាញឹកក៏មានមួយៗដែរ ប៉ុន្តែចាប់តាំងពីចូលដល់ត្រីមាសទី២នេះគឺមានការធ្លាក់ចុះយ៉ាងខ្លាំង” ។
លោកបន្តថា និយាយទៅក្នុងរយៈពេល១ខែចុងក្រោយខែនេះ កុំថាឡើយការទិញដីធ្លីក្នុងទ្រង់ទ្រាយធំ និងមធ្យម សូម្បីតែគម្រោងដីឡូតិ៍ ក៏ស្ទើរតែគ្មានភ្ញៀវសួរនាំផង ព្រោះនៅក្នុងដំណាក់កាលនេះ មនុស្សភាគច្រើនមិនអាចចេញដើរក្រៅ ឬប្រកបអាវកម្មដើម្បីរកចំណូលបាននោះទេ ដូច្នេះពួកគេទុកលុយសម្រាប់ប្រើប្រាស់ ឬផ្គត់ផ្គង់គ្រួសារដែលជារឿងចាំបាច់ជាមុនសិន។
លោកបន្តថា “ខ្ញុំជឿថាក្នុងពេលនេះ បើទោះជាអ្នកមានលុយច្រើន ក៏គេមិនចង់បញ្ចេញទិញនោះដែរ លើកលែងតែមើលឃើញពីឱកាសចំណេញច្រើន ដែលម្ចាស់អចលនវត្ថុមួយចំនួនតូចបង្ខំចិត្តលក់ចេញ ក្នុងតម្លៃទាបបំផុតទើបពួកគេបញ្ចេញលុយទិញទុកលក់យកចំណេញនៅឆ្នាំបន្ទាប់ ឬក្រោយបញ្ចប់បញ្ហាកូវីដដែលកំពុងរាតត្បាតនេះ” ។
លោកស្រីអាន សុធីតា ជាអតីតនាយិកាក្រុមហ៊ុនភ្នាក់ងារអន្តរជាតិ ដែលមានជំនាញច្បាស់ផ្នែកទីផ្សារអចលនទ្រព្យ បានមានប្រសាសន៍ក្នុងដំណាក់នេះ អ្នកវិនិយោគអចលនទ្រព្យភាគច្រើន មិនចង់បញ្ចេញកញ្ចប់ថវិកាវិនិយោគនោះឡើយ លើកលែងតែអ្នកអភិវឌ្ឍន៍ដែលនៅបន្តគម្រោងចាស់តែប៉ុណ្ណោះ។
លោកស្រីបញ្ជាក់ថា “ទិន្នន័យនៃការទិញលក់ ឬកំណើននៃការផ្គត់ផ្គង់ផ្នែកផ្សេងៗ នៅក្នុងវិស័យអចលនទ្រព្យនៅពេលនេះ ខ្ញុំមិនបានដឹងច្បាស់នោះទេ ព្រោះខ្ញុំបានសម្រាកពីទីផ្សារមួយនេះមួយរយៈហើយ” ។
កាលពីពេលកន្លងទៅ លោកស្រីអាន សុធីតា បានមានប្រសាសន៍ថា “ដោយសារតែបញ្ហាជំងឺឆ្លងកំពុងតែប្រឈមខ្លាំង ហើយម្នាក់ៗក៏កំពុងព្យាយាម អនុវត្តន៍តាមការណែនាំរបស់រារដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺឆ្លង ដូច្នេះពួកគេភាគច្រើន នៅក្នុងផ្ទះកាត់បន្ថយការចេញក្រៅ ដែលធ្វើឱ្យសកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យ ដែលធ្លាប់តែសកម្មត្រូវបានកាត់បន្ថយ ដូច្នេះវានឹងធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពស្ងប់ស្ងាត់បន្តិចហើយ” ៕