ដោយៈគង់ សូរិយា
ភ្នំពេញៈ ការចេញសារបន្ទាន់របស់ប្រមុខរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី១៦ មេសាកន្លងមកនេះ បានធ្វើអាជ្ញាធររត់ខ្វែងដៃខ្វែងជើង ដើម្បីរឹតបន្តឹងការបិទខ្ទប់់រាជធានីភ្នំពេញ និងក្រុងតាខ្មៅយ៉ាងសកម្ម។
ការសម្រេចបានជោគជ័យ ដើម្បីបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងការបិទខ្ទប់មានប្រសិទ្ឋភាព ត្រូវឈរលើវិធានការណ៍សំខាន់ៗចំនួន៤ ពិតជាមិនអាចខ្វះបាន។
អនុវត្តន៍ច្បាប់
ភាពទន់ភ្លន់របស់អាជ្ញាធរ ជាមនោសញ្ចេតនាជារឿងមួយ ដែលមនុស្សជាតិត្រូវតែមាន ប៉ុន្តែកាលៈទេសៈខ្លះ មិនគួរប្រើប្រាស់មនោសញ្ចេតនាច្រើននោះទេ ប៉ុន្តែគួរអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងបំផុត ចំពោះអ្នកបំពានច្បាប់ និងចាត់វិធានការណ៍បញ្ចូនជនបំពានទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់់។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃម្សិលម៉ិញថា សម្តេចចង់ឃើញ ការចាត់វិធានការណ៍ច្បាប់លើអ្នកបំពានច្បាប់ ហើយសម្តេចលើកទឹកចិត្តចំពោះអ្នកបំពានវិធានការណ៍បិទខ្ទប់។
ការចាប់ខ្លួនយកមកផ្តន្ទាទោស អ្នករត់គេចពីការធ្វើចត្តាឡីស័ក អ្នកមានជំងងឺកូវីដហើយនៅតែមិនចូលខ្លួន តាមការអំពាវនាវរបស់អាជ្ញាធរ គួរតែធ្វើឡើងដោយគ្មានការលើកលែង ដើម្បីព្រមានទៅអ្នកដទៃកុំឲ្យធ្វើតាម ព្រោះបើសិនជាពន្យាពេល និងមិនអនុវត្តន៍ច្បាប់ឲ្យបានតឹងរ៉ឹង និងមានប្រសិទ្ឋភាពទេ វិបត្តិនេះនឹងបន្តអូសបន្លាយ។
វិធានការណ៍ក្តៅដូចភ្លៀងរលឹម
វិធានការណ៍ និងសារពិសេសរបស់សម្តេច គួរត្រូវបានអាជ្ញាធរធ្វើឲ្យដូចភ្លៀងរលឹម មិនមែនដើម្បីល្អមើលឡើយ បើមិនដូច្នេះទេ វានឹងធ្វើឲ្យស្ថានភាពដ៏អាក្រក់នេះកាន់តែអូសបន្លាយ ជីវភាពពលរដ្ឋកាន់តែរងទុក្ខលំបាក អាជីវកម្មនានានឹងឈានទៅរកការដូលរលំកាន់តែច្រើន ដែលផលប៉ះពាល់នេះមិនត្រឹមតែកើត មានលើគ្រួសារនិមួយៗនោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមទាំងមូលផងដែរ។
ការចូលរួមពីប្រពលរដ្ឋ
ប្រជាពលរដ្ឋដើរតួនាទីសំខាន់ណាស់ ដើម្បីចូលរួមបញ្ចប់វិបត្តិដ៏គួរឲ្យភ័យខ្លាចនេះ ព្រោះការចូលរួមពីមនុស្សម្នាក់ៗ ដើម្បីកាត់បន្ថយការចំលងពីខ្លួនឯងទៅអ្នកដទៃ ពីអ្នកដទៃមកខ្លួនឯង វាជាការចូលរួមការពារអាយុជីវិតខ្លួនឯងផង គ្រួសារផង សហគមន៍និងសង្គមជាតិផងដែរ។
ហេតុនេះសូមប្រជាពលរដ្ឋកម្ពុជា ធ្វើខ្លួនផ្លាស់ប្តូរការគិតពីសេរីភាព គ្មានព្រំដែន មករកភាពទទួលខុសត្រូវលើទង្វើ និងសកម្មភាពរបស់ខ្លួន ក្នុងនាមជាប្រជាពលរដ្ឋស៊ីវិល័យមួយរូប។
ការចាត់់វិធានការណ៍តាមផ្លូវច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ចលើជនរូបណាមួយ ដែលបំពានបំរាម បំពានច្បាប់នៃការធ្វើចត្តាឡីស័ក នឹងជាការអនុវត្តន៍ច្បាប់ ដែលច្បាប់មានសិទ្ឋបង្ខំឲ្យមនុស្សគោរព ទោះបីជាមិនចង់គោរពក្តី។
អនុវត្តន៍តាមវិធានសុខាភិបាល
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការចូលរួមអនុវត្តន៍វិធានបីចំណុច នឹងជួយឲ្យកម្ពុជាអាចបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ដោយទី១ អនុវត្តន៍តាមវិធានណែនាំ ៣កុំ ៣ការពារ ទី២ កុំចាកចេញពីផ្ទះ បើគ្មានការចាំបាច់ និងទី៣ ចូលរួមចាក់វ៉ាក់សាំងឲ្យបានលឿន នៅពេលមានឈ្មោះ និងត្រូវបានអញ្ជើញ ចូលរួមចាក់វ៉ាក់សាំងពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីសុខាភិបាល។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា បើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ ហើយបើសិនជាគ្មានការចូលរួម អនុវត្តន៍ពីសមត្ថកិច្ចនគរបាល អាវុធហត្ថ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទេនោះ និងកិច្ចសហការពីប្រជាពលរដ្ឋទេ យើងនឹងមិនទទួលបានជោគជ័យបានទេ” ។
សម្តេចបន្តថា “ការធ្វើបែបនេះ គឺកាត់ផ្តាច់ការចំលងពីផ្ទះមួយទៅផ្ទះមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ” ។ សម្កេចបន្តថា “គ្មានការយោគយល់ទៀតទេ ត្រូវតែអនុវត្តន៍ច្បាប់់ មិនត្រូវមានមនោសញ្ចេតនាទេ បើមនោសញ្ចេតនានោះ បំផ្លាញដល់ប្រទេសជាតិ” ៕