ដោយៈ ប៊ី
សិង្ហបុរីៈ ដោយសារបរិយាកាសពាណិជ្ជកម្មរស់រវើកនៅប្រទេសកម្ពុជា និងកំនើនសេដ្ឋកិច្ច ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបង្ហាញឱកាសវិនិយោគជាច្រើន សម្រាប់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងដៃគូអន្តរជាតិ ដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Straitstimes នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
ឱកាសវិនិយោគទាំងនេះត្រូវបានលើកឡើង កាលពីម្សិលមិញ ក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំឡើងដោយ ក្រុមហ៊ុនYCH Group នៃស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងសិង្ហបុរី ដើម្បីភ្ជាប់ក្រុមហ៊ុនដឹកជញ្ចូនក្នុងស្រុក ជាមួយដៃគូសក្តានុពលក្នុងការអភិវឌ្ឍ និងផ្តល់ហិរញ្ញប្បទានដល់មជ្ឈមណ្ឌលភ័ស្តុភារភ្នំពេញ។
-->
ផែនការសម្រាប់មជ្ឈមណ្ឌលភ័ស្តុភារភ្នំពេញ ដែលត្រូវបានប៉ាន់ប្រមាណថា មានតម្លៃ២០០លានដុល្លារអាមេរិក (២៦៥លានដុល្លារសិង្ហបុរី) រួមបញ្ចូលទាំងមជ្ឈមណ្ឌលប្រតិបត្តិការកំពង់ផែ និងភស្តុភារចម្រុះសាលាបណ្តុះបណ្តាល និងមជ្ឈមណ្ឌល start-up។
កិច្ចព្រមព្រៀងក្របខ័ណ្ឌ ដើម្បីអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភ័ស្តុភារភ្នំពេញ ត្រូវបានចុះហត្ថលេខា កាលពីខែមុនរវាងក្រុមហ៊ុនដឹកជញ្ជូននេះ និងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។
លោក Seth Tan នាយកប្រតិបត្តិស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានថ្លែងថា កត្តាជោគជ័យដ៏សំខាន់មួយគឺការចូលរួម របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍកំពង់ផែ ការរៀបចំប្រជុំផ្សេងៗរវាងក្រុមហ៊ុន YCH និងទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីស្វែងយល់កាន់តែច្បាស់អំពីព័ត៌មានលម្អិតរបស់គម្រោង។
លោកបានមានប្រសាសន៍ថា “កិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនគឺមានភាពទូលំទូលាយណាស់ ហើយវាគឺជាធាតុចូលមួយ ដែលផ្តល់ឱ្យនូវឱកាសជោគជ័យខ្ពស់ និងកាត់បន្ថយការចំណាយផងដែរ”។
ស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលផ្តួចផ្តើមរួមគ្នារបស់សហគ្រាសសិង្ហបុរី និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់រដ្ឋាភិបាលជាមួយអ្នកអភិវឌ្ឍន៍ អ្នកផ្តល់សេវាកម្មជំនាញ និងហិរញ្ញប្បទាន សម្រាប់តម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។

ប្រធានក្រុមហ៊ុន YCH លោក Robert Yap មានប្រសាសន៍ថា “ប្រទេសកម្ពុជាមានកំណើនផលិតផលក្នុងស្រុកសរុបខ្ពស់ ហើយមានសក្តានុពល សម្រាប់ការវិនិយោគនាពេលខាងមុខ”។លោកបានពន្យល់ថា “ហេដ្ឋារចនាសម្ព័ន្ធភស្តុភាររបស់ប្រទេសកម្ពុជាមិនទាន់មានការអភិវឌ្ឍគ្រប់គ្រាន់ នៅឡើយទេនាពេលបច្ចុប្បន្ន។ នេះដែលជាហេតុមានការបង្កើតមជ្ឈមណ្ឌលចែកចាយ របស់ក្រុមហ៊ុនពហុជាតិជាច្រើន ស្ថិតនៅក្នុងប្រទេសផ្សេងទៀតដូចជាថៃ ឬវៀតណាម”។
លោកបានថ្លែងថា ដោយបានពិគ្រោះជាមួយអតិថិជនមួយចំនួនរបស់យើង ដែលកំពុងដំណើរការបណ្តាញផ្គត់ផ្គង់នៅអាស៊ាន ខ្ញុំគិតថាពួកគេនឹងដាក់បណ្តាញចែកចាយរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ប្រសិនបើប្រទេសនេះ មានហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ។ ដូច្នេះនេះគឺជាឱកាសមួយ សម្រាប់ប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងមួយនេះ៕