ជប៉ុនផ្តល់ជំនួយឥតសំណងជិត១១លានដុល្លារដល់គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវានៅខេត្តព្រះសីហនុ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ សម្រេចអនុម័តផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ១០,៨លានដុល្លារ ដើ​ម្បីអនុវត្តន៍គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ការចុះហត្ថលេខាងលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ ត្រូវបានធ្វើឡើងដោយលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃ១ ខែមីនា ឆ្នាំ២០២១នេះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេសបានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលបជ៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្រសួងបានបញ្ជាក់ទៀតថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមទប់ស្កាត់ ការផ្ទុះឡើងនៃការឆ្លងជំងឺកូវិដ១៩ នៅក្នុងសហគមន៍ ឬហៅថាព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ភាគីទាំងពិរងធ្វើការចុះហត្ថលេខា លើលិខិតប្តូរសារនេះ នៅទីកន្លែងរៀងៗខ្លួន។មន្ត្រី

ជាន់ខ្ពស់របស់កម្ពុជាលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសជប៉ុ​នកើតឡើងតាំងពីឆ្នាំ១៩៥៣មកម្ល៉េះ រហូតមកដល់ឆ្នាំ២០១៣កន្លងទៅ កម្ពុជា និងជប៉ុនបានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយគ្នា។

ជប៉ុនបានជួយជ្រោមជ្រែងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការស្តាឡើងវិញនូវហេ​ដ្ឋារចនាសម្ព័ន្ធរូបវន្ត បណ្តុះបណ្តាលធនធានមនុស្ស ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពា​ណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងវិនិយោគជាដើម។

វិនិយោគិនជប៉ុន បានបោះទុនវិនិយោគជាង២៧៩២លានដុល្លារ នៅកម្ពុជាក្នុងរយៈពេល២៧ឆ្នាំចុងក្រោយ គិតចាប់ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២០ ដោយបានចូលរួមចំ​ណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់កាលចុងសប្តាហ៍កន្លងមកនេះ វិនិយោគិនជប៉ុន ជាមធម្មតា ទាមទារនៅលក្ខខណ្ឌចំនួនមួយ ក្នុងទី១ គឺតម្លាភាព និងទី២គឺភាពច្បាសលាស់លើច្បាប់វិនិយោគផ្សេង។

លោកបានឱ្យដឹងទៀតថា “នៅពេលវិនិយោគិនជប៉ុនកើនឡើងនៅកម្ពុជា វាអាចបង្កើតជាអត្តសញ្ញាណមួយល្អ សម្រាប់វិនិយោគបរទេសដទៃទៀត មានទំនុកចិត្ត ក្នុងការមកបណ្តាក់ទុននៅកម្ពុជា ព្រោះប្រជាជនលើពិភពលោក”។លោកបន្តថា“គេទទួលស្គាល់ហើយថា នៅពេលវិនិយោគិនជប៉ុន វិនិយោគក្នុងប្រទេសណាមួយ នោះជាសញ្ញាណមួយ ក្នុងការទាក់ទាញវិនិយោគិនបរទេសដទៃទៀត”៕

រដ្ឋាភិបាលបោះទុន២លានដុល្លារសាងសង់ផ្សារនៅតំបន់ព្រែកចាក ព្រំប្រទល់កម្ពុជា វៀតណាម

ដោយគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលបានវិនិយោគទឹកប្រាក់២លានដុល្លារ ដើម្បីសាងសង់ផ្សារមួយ នៅតំបន់ព្រែកចាក ជាប់ព្រំប្រទល់ប្រទេសកម្ពុជា វៀតណាម ដែលគំរោងនេះបាននិងកំពុងដំណើរការ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជាវ តាយអភិបាលខេត្តកំពតបានចុះចុះពិនិត្យទីតាំង សាងសង់ផ្សារគំរូ ព្រំដែន ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកកាលពីចុងសប្តាហ៍មុន។

ទីតាំងគម្រោងអភិវឌ្ឍសាងសង់ ផ្សារគំរូព្រំដែននេះគឺស្ថិតនៅ ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត លើផ្ទៃដីចំនួន ២ ហ.ត ជាជំហានដំបូង តាមគម្រោងផែនការគឺក្នុងទំហំផ្ទៃដីសរុប៥០ ហ.ត។ គម្រោងនេះទៀតសោត គឺជាគម្រោងអាទិភាពទី២ បន្ទាប់ពីផ្សារគំរូព្រំដែនបានកសាងរួចរាល់នៅក្នុងខេត្ត ត្បូងឃ្មុំ ក្នុងចំណោមខេត្តនានាជាប់ព្រំដែនវៀតណាម។

នៅក្នុងជំហានដំបូងនេះដែរ គម្រោងនេះអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ មានការកសាងតភ្ជាប់ផ្លូវ ក្នុងតំបន់ព្រំដែនរវាងកម្ពុជា វៀតណាម អគារផ្សារកម្ពស់២ជាន់រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលប្រមាណ២លានដុល្លារ និងអាចសាងសង់បញ្ចប់នៅដើមឆ្នាំ ឬពាក់កណ្ដាលឆ្នាំ២០២២ខាងមុខនេះ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសនោះក៏បាន ស្នើដល់ អភិបាលខេត្ត ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ជួយសម្រួលនិងសហការបានល្អ ជាមួយនឹងក្រុមហ៊ុនសាងសង់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការគម្រោងសាងសង់នេះ បានសម្រេចលទ្ធផលជោគជ័យឆាប់រហ័ស តាមគោលការណ៍របស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល។

លោកជាវ តាយ អភិបាលខេត្ត បានសំដែងការអបអរសាទរ និងគាំទ្រ សហការ ព្រមទាំងសង្ឃឹមថា សមិទ្ធផលនៃគម្រោងនេះ បន្ទាប់ពីកសាងរួចរាល់ហើយ នឹងអាចធ្វើ   ឱ្យការដោះដូរទំនិញតាមព្រំដែន មានលក្ខណៈកាន់តែល្អប្រសើរថែមទៀត នឹងធ្វើឲ្យជីវ​ភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងមួយកំរឹតទៀត៕

ចំណេះដឹង! តើអ្នកអភិវឌ្ឍអចលនទ្រព្យត្រូវដាក់ប្រាក់តម្កល់ប៉ុន្មានភាគរយ?

ដោយៈរ៉ាណេត

ភ្នំពេញៈ អ្នកអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលស្នើសុំអាជ្ញាបណ្ណឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន២ភាគរយ នៃតម្លៃសំណង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗ ទៅតាមវិធីសាស្រ្តណាមួយដូចខាងក្រោម។

ក. តម្កល់ជាសាច់ប្រាក់ ក្នុងគណនីទោលរតនាគារជាតិ ដែលបើកនៅធនាគារជាតិនៃកម្ពុជា ឬនៅធនាគារពាណិជ្ជក្នុងស្រុកណាមួយ។

ខ. លិខិតធានាពីធនាគារពាណិជ្ជក្នុងស្រុកណាមួយដែលមានតម្លៃស្មើ។

ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិអាចដកវិញបានលុះត្រាតែគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិនោះសាងសង់ បានចាប់ពី៧០%(ចិតសិបភាគរយឡើង ឬចប់ជាស្ថាពរដោយមានលិខិតបិទការដ្ឋានសាងសង់ និងលិខិតបញ្ជាក់គុណភាពសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង/ ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែង ពីមន្ត្រីជំនាញរបស់នាយកដ្ឋានឬមន្ទីរ។

ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិមានច្រើន ដំណាក់កាល ឬអ្នកអភិវឌ្ឍមាន គម្រោងថ្មីមួយផ្សេងទៀត ប្រាក់តម្កល់ធានាអាជីវកម្មនេះអាចធ្វើការផ្ទេរពីមួយដំណាក់កាលទៅមួយដំណាក់កាល ឬពីមួយគម្រោងទៅមួយគម្រោងទៀតបាន បន្ទាប់ពីដំណាក់កាលមុន ឬគម្រោងមុនសាងសង់បាន៥០%(ហាសិប)ភាគរយឡើង។

ប៉ុន្តែចំនួនទឹកប្រាក់តម្កល់នោះ អាចមានការប្រែប្រួលទៅតាមទំហំជាក់ស្តែង នៃការវិនិយោគរបស់គម្រោង ឬដំណាក់កាលបន្ទាប់។ ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍដីឡូត៍ អាចដកវិញ បានលុះត្រាតែអ្នកអភិវឌ្ឍដីឡូត៍ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ រួមទាំងការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ជ្ជនអ្នកទិញទៅតាមកិច្ចសន្យា និង/ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ៕

អ្នកជំនាញដីធ្លីម្នាក់ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជាឧកញ៉ា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងទីផ្សារដីធ្លី និងអចលនទ្រព្យនៅកម្ពុជាម្នាក់ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ាតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកកាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Land Station ដែលគេស្គាល់ថាជាអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា«ឧកញ៉ា»តាមរយៈព្រះរាជក្រឹត្យដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ៕

តោះ​ទៅ​មើល​តំបន់ «រាម​សា» នៅ​ខេត្តស្ទឹងត្រែង​ដែលមាន​សម្រស់​ស្អាត​ដូច​ឋានសួគ៌

ដោយ​គង់ សូរិយា

ស្ទឹងត្រែងៈ តំបន់ «រាម​សា» ខេត្តស្ទឹងត្រែង ជា​តំបន់ដីសើម ដែល​ពោរពេញ​ដោយ​ជីវចម្រុះ ដែល​វា​បាននិងកំពុង​ក្លាយជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។

ស្ទឹងត្រែង​ពិតជា​ស្អាត​ដូច​ឋានសួគ៌ នៅ​រដូវ​ទឹកសម្រក ដែលមាន​ឆ្នេរ​ខ្សាច់​ប្រែប្រួល​តាមរ​ដូច​កាល ដោយសារ​កំសួល​ទឹក​ហូរ មាន​ដើមឈើ​ដែលមាន​ឬ​ស​កែវ ពត់ពេន​តាម​ខ្សែទឹក​ហូរ និង​ជា​តំបន់​ដែលមាន​ផ្ទាំងសិលា ទឹក​ហូរតិចៗ ងាយស្រួល​អុំទូក​កា​យ៉ាក់​លំហែរ​កាយ ពេល​វិស្សមកាល។

ស្ទឹងត្រែង​មាន​ចំណុច​ពិសេស​ជាច្រើន ដោយមាន​ទន្លេមេគង្គ ទន្លេសេសាន ទន្លេសេកុង និង​ទន្លេស្រែពក ប៉ុន្តែ​ដោយសារ​ការធ្វើដំណើរ​ឆ្ងាយ ពិសេស​មិនសូវមាន​ការផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍​តំបន់​នេះ បានធ្វើ​ឲ្យ​ខេត្តស្ទឹងត្រែង ជា​ខេត្ត​ដែល​គេ​បំភ្លេច និង​ជា​ខេត្ត​ដែល​គ្រាន់តែ​គេ​ធ្វើដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ។

លោក​ថោង អូន​ម្ចាស់​រមណីយដ្ឋាន​បក្សី​មេគង្គ ដែលមាន​ទីតាំងនៅ​ជិត​ទី​រួម​ខេត្តស្ទឹងត្រែង​ធ្លាប់បាន​មានប្រសាសន៍ថា ការពិត​ស្ទឹងត្រែង​មាន​សក្តានុពល​ទេសចរណ៍​ខ្លាំងណាស់ ព្រោះ​តំបន់​ទន្លេមេគង្គ មាន​ធនធាន​ទេសចរណ៍​ដ៏​សម្បូរបែប ដែល​មិនអាច​កាត់ថ្លៃ​បាន ពិសេស​មាន​សត្វ​ស្លាប មាន​ផ្ទាំងសិលា មាន​តំបន់​រាម​សា មាន​ត្រីធំៗ ដែលមាន​រសជាតិ ពិសេស​មាន​កោះតូចៗនៅលើ​ដង​ទន្លេមេគង្គ ដែល​អាច​សម្រាកលំហែរ​កាយ​បាន​នៅពេល​រាត្រី។

លោក​បន្តថា “អ្នក​បាន​ទៅ​ទស្សនា​តំបន់​ទាំងនេះ មិន​ចង់​ត្រលប់​មកវិញ​ឡើយ ពិសេស​ជនបរទេស ពួកគេ​និយម​ទៅ​បោះតង់​លើ​កោះតូចៗ ដែល​ផ្តល់នូវ​បរិយាកាស​ដ៏​រ៉ូ​មែន​ទិ​ក​សម្រាប់​ពួកគេ” ៕

ចូ បៃ​ឌិន គ្រោង​ប្រើ​យុ​ទ្ឋ​សាស្ត្រ​របស់លោក​ដូ​ណា​ល់ ត្រាំ ដើម្បី​ចាត់ការ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ដែល​បង្ក​ការគំរាមកំហែង​ដល់​អាមេរិក

ដោយៈ​សុខុម

វ៉ាស៊ីនតោនៈ យើង​ដឹង​ហើយ​ថា ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​មហា​យក្ស​ចិន មាន​ភាព​ប្រេះឆា​យ៉ាងខ្លាំង នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​រដ្ឋការ​រប​ស់លោក​ដូ​ណា​ល់ ត្រាំ បាន​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​ចិន។ មជ្ឈដ្ឋាន​ទូទៅ​ព្យាករ​ថា ក្រោម​រដ្ឋការ​ថ្មី​របស់លោក ចូ បៃ​ឌិន ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​នឹង​ធូរស្រាល​ឡើង ប៉ុន្តែ​ប្រហែលជា​មិន​ងាយស្រួល​ដូច្នេះ​ឡើយ។

យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី២៧ កុម្ភៈ ឱ្យដឹងថា រដ្ឋការ​របស់លោក​ចូ បៃ​ឌិន មាន​ផែនការ​អនុញ្ញាតឱ្យ​វិធានការ ក្នុងសម័យ​ដឹកនាំ​របស់លោក ដូ​ណា​ល់ ត្រាំ ចូល​ជា​ធរមាន បើទោះបីជា​មានការ​ជំទាស់​ពី​បណ្ដា​ក្រុមហ៊ុន សហគ្រាស​របស់​សហរ​ដ្ឋ​អាមេរិក​យ៉ាងណាក្ដី។

ក្រសួងពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ ទី២៦ កុម្ភៈ ថា វិធាន​នោះ មាន​គោលបំណង​ចាត់​វិធានការណ៍ លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ណា ដែល​គេ​រកឃើញថា​បង្ក​ការគំរាមកំហែង​មកលើ​សហរដ្ឋអាមេរិក។

ក្រសួង​នេះ បានចេញ​វិធាន​ចុងក្រោយ​ជា​បណ្តោះអាសន្ន​មួយ ក្នុង​គ្រា​ដែល​លោក ដូ​ណា​ល់ ត្រាំ សល់​ពេល​កាន់អំណាច​តែ​ប៉ុន្មាន​ចុងក្រោយ។ វិធាន​នោះ​មាន​គោលបំណង​ដោះស្រាយ​ក្ដីកង្វល់​នានា​អំពី​សង្វាក់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ ហើយ​បាន​បញ្ជាក់ថា វិធាន​នោះ​នឹងមាន​ប្រសិទ្ធភាព​អនុវត្តន៍ បន្ទាប់ពី​សាធារណជន​បញ្ចេញមតិ​យោបល់​រយៈ​ពេល៦០ ថ្ងៃ។

កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានលើកឡើង​តាម    រយៈ​សេចក្ដីថ្លែងការណ៍​ថា ក្រសួងពាណិជ្ជកម្ម នឹង​បន្ត​ទទួលយក​ការបញ្ចេញ​មតិយោបល់រ​បស់​សាធារណជន អំពី​វិធាន​នេះ​រហូតដល់​ថ្ងៃទី២២ មីនា ជា​ពេលដែល​វិធាន​នេះ​ត្រូវ​ចូល​ជា​ធរមាន។

សេចក្ដីថ្លែងការណ៍​ដដែល​មាន​ខ្លឹមសារ​ដូច្នេះ​ថា “បច្ចេកវិទ្យា ព្រមទាំង​សេវា​ព័ត៌មាន និង​ទូរគមនាគមន៍​ដែល​អាច​ជឿ​ទុកចិត្តបាន ពិត​ជាមាន​សារៈសំខាន់​ណាស់​ចំពោះ​សន្តិសុខ​ជាតិ និង​សន្តិសុខ​សេដ្ឋកិច្ច​របស់​យើង ហើយ​វា​នៅតែ​ជា​គោលនយោបាយ​អាទិភាព​កំពូល​សម្រាប់​រដ្ឋការ​លោក ចូ បៃ​ឌិន” ។

សភា​ពាណិជ្ជ​សហរដ្ឋអាមេរិក និង​ក្រុម​តំណាង​ឧស្សាហកម្មសំខាន់ៗ បានលើកឡើង​ពី​ក្ដី​ព្រួយបារម្ភ នៅក្នុង​លិខិត​មួយ​ផ្ញើ​ជូនទៅ​ក្រសួងពាណិជ្ជកម្ម កាលពី​ខែមករា​ថា “វិធាន​នេះ ទទួលបាន​អំណាច​ស្ទើរតែ​គ្មាន​ដែន​កំណត់ នៅក្នុង​ការអន្តរាគមន៍​ក្នុង​ការធ្វើ​ប្រតិបត្តិ​ពាណិជ្ជកម្ម រវាង​ក្រុមហ៊ុន​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​បរទេស​ពាក់ព័ន្ធ​នឹង​ប    ច្ចេក​វិទ្យា ដែលមាន​តិចតួច ឬក៏​គ្មាន​សោះ​នូវ​ដំណើរការ​ត្រឹមត្រូវ គណនេយ្យភាព តម្លាភាព ឬ​ការសម្របសម្រួល​ជាមួយ​កម្ម​វ​ធីផ្សេងៗទៀត​របស់​រដ្ឋាភិបាល” ។

កិច្ចប្រជុំតុមូល​របស់​ក្រុម​តំណាង​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុនធំៗរបស់​សហរដ្ឋអាមេរិក បានលើកឡើង​មុននេះ​ថា វិធាន​នេះ “មិនអាច​ទៅរួច​ឡើយ សម្រាប់​ក្រុមហ៊ុន​សហគ្រាស​សហរដ្ឋ​អាមេរិក បើ​ស្ថិតនៅក្នុង​ទម្រង់​បច្ចុប្បន្ន” ។

ទោះជា​យ៉ាងណា ខណៈ​ក្រសួងពាណិជ្ជកម្ម​អាម​រិ​ក កំពុង​ទទួលយក​មតិ​យោបល់​ពីសា​ធារ​ជន​នៅឡើយ ក្រសួង​ប្រហែលជា​អាច​កែប្រែ​វិធាន​នេះ​លើ​ចំណុច​ខ្លះ ដោយ​ផ្អែក​តាម​ការជំទាស់​ពី​ក្រុមហ៊ុន​សហគ្រាស និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត៕

ផ្ទះ​ជាង ៣០០ត្រូវបាន​លក់​ក្នុង​កម្មវិធី​បើកសម្ពោធ​ជា​ផ្លូវការ គម្រោង​ថ្មី​បែប​អេកូ​ធម្មជាតិ៣ គម្រោង​ព្រម​គ្នា “សុភមង្គល​ថ្មី​បែប​ធម្មជាតិ”

ដោយៈ សហការី

ភ្នំពេញៈ បុរី ប៉េង ហួត ទើបតែ​ប្រកាស​បើក​លក់​ជា​ផ្លូវការ​គម្រោង​ថ្មី បែប​អេកូ​ធម្មជាតិ៣គម្រោង​ព្រម​គ្នា ជា​គម្រោង​ដែល​អតិថិជន​ទន្ទឹងរង់ចាំ ហើយ​ចង់បាន​ការរស់នៅ​បែប​អេកូ​ធម្មជាតិ។

អ្វីដែល​នឹកស្មាន​មិន​ដល់ គម្រោង​ថ្មី​ទាំង៣នេះ ពិតជា​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន ព្រោះគិតមកដល់ត្រឹមតែថ្ងៃទី1ប៉ុ​ណ្ណោះ គឺ​លក់បាន​ជាង 300ផ្ទះ។ ប៉ុន្តែ​អតិថិជន​ទាំងអស់ នៅតែ​អាច​អញ្ជើញ​មក​ចូលរួម​សាកសួរ​ព័ត៌មាន ព្រោះ​ទីតាំង ល្អៗ កំពុង​រង់ចាំ​លោកអ្នក​នៅឡើយ ហើយ​ការបើក​លក់​នៅសល់​រយៈ​ពេល២ថ្ងៃ​ទៀត។

មូល​ហេតុដែល​អតិថិជន ពេញចិត្ត​ចំពោះ​គម្រោង​ដ៏​ថ្មី​សន្លាង​នេះ ព្រោះថា​គម្រោង​ថ្មី ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ រ៉ូ​មែន​ស៍ និង ដឹ​ស្តា ផ្លា​ទី​នី​ម អេកូ វេ​រ៉ា​ន់​ដា គឺជា​គម្រោង​អភិវឌ្ឍ​ជា​សហគមន៍​ទំនើប​ធម្មជាតិ​ពណ៌​បៃតង​មួយ ដែល​ផ្តល់ជូន​នូវ​បទពិសោធន៍​រស់នៅ​ដ៏​អស្ចារ្យ ជាមួយនឹង​ប្រភេទ​វីឡា​ទំនើប​ចម្រុះ​រាប់ពាន់​ខ្នង ឧទ្យាន​ដ៏​ធំ​អស្ចារ្យ​អម​ទៅដោយ​រុក្ខជាតិ​ចម្រុះ​ខៀវស្រងាត់ ទីធ្លា​កម្សាន្ត ហ៊ុមព័ទ្ធ​ដោយ​បឹង ផ្លូវ​ជិះ​កង់ និង​ផ្លូវ​រត់ Marathon  កន្លែង​ក្មេង​លេង ដែល​ពោរពេញ​ទៅដោយ​បរិយាកាស​បែប​ធម្មជាតិពិតៗ ហើយ​ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី​ប្លែក ទៅតាម​បែបផែន​នៃ​ការរស់នៅ​ជាមួយ “សុភមង្គល​ថ្មី​បែប​ធម្មជាតិ”

ចំណែកឯ​គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ សាន់​រ៉ា​យ ជា​គម្រោង​ដែលមាន​ប្រភេទ​ស្សប​ហោ​ស៍ សម្រាប់​ការធ្វើ​អាជីវកម្ម​ខ្នាតតូច និង​ខ្នាត​ធំ​គ្រប់​ប្រភេទ។ គម្រោង​នេះ នឹង​ក្លាយជា​ភូមិសាស្ត្រ​អាជីវកម្ម ដ៏​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយសារតែ​ទីនេះ គឺជា​តំបន់​ពាណិជ្ជកម្ម ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ របស់​អ្នករស់នៅ​ក្នុង​គម្រោង ហ្គ្រេ​ន​ស្តា ផ្លា​ទី​នឹម វគ្គ២ អេកូ​ខ​ល​ឡិ​កសិន ជាពិសេស​អ្នក​ដែល​រស់នៅ​ជុំវិញ​ផងដែរ។

លក្ខណៈពិសេស​របស់​គ​ម្រោ​ង​ថ្មី​ទាំង3 នេះ   គឺ​ផ្តោត​សំខាន់​ទៅលើ ភាពទំនើប​ស៊ី​វិ​ល័យ ប្រណិត​ភាព ឧត្តមភាព ឯកជន​ភាព ផាក​សុកភាព  និង​សុភមង្គល​គ្រួសារ ដែល​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិពិតៗ សម្រាប់​គ្រួសារ​ជាទី​ស្រលាញ់​របស់លោក​អ្នក។

អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត អតិថិជន​នឹង​ទទួលបាន​សំណាងផ្ទួនៗគ្នា ដែល​រួមមាន- ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់ 11% ភ្លាម- ទទួលបាន​កង់​ស្ព័​រ​ម៉ាក​ល្បី Giant ភ្លាមៗចំពោះ​ការទិញ​គ្រប់​ប្រភេទ​ផ្ទះ។ – ចំណេញ​បន្ថែម​រហូតដល់ $20,000

ពិសេស​លើ​ពិសេស ដែល​លោកអ្នក នឹកស្មាន​មិន​ដល់ នោះ​គឺ​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត VVIP ទៅកាន់​កោះ​សង្សារ ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​យ៉ាង​រ៉ូ​មែន​ទិ​ក​ជាច្រើនរង្វាន់។ សូម​រួសរាន់​ឡើង ការផ្តល់ជូន​ពិសេស​នេះ មានកំណត់​ត្រឹមតែ3ថ្ងៃ​តែប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃទី19 ដល់​ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ 2021 ខាងមុខនេះ។

ប្រញាប់​រួសរាន់​ឡើង មក​មុន​បាន​ជម្រើស​មុន ព្រោះ​ចំនួន​មានកំណត់។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​លេខ 098/ 016 / 017 596 789 ឬ រង់ចាំ​តាមដាន​គេហទំព័រ Facebook បុរី ប៉េង ហួត៕

វិនិយោគិននៅតែបន្តអភិវឌ្ឍន៍អចលនទ្រព្យជាមួយក្ដីរំពឺងថាស្ថានភាពនៃវិបត្តិនឹងត្រលប់ទៅភាពដើមវិញ

ដោយៈ សហសេវិក

ភ្នំពេញៈ ថ្វីត្បិតតែ កម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩យ៉ាងណាក្ដី តែគេបានមើលឃើញគម្រោងអភិវឌ្ឍន៍ ដោយមានវិនិយោគិនបន្តដាក់ទុនវិនិយោគ ជាបន្តបន្ទាប់ ជាមួយនឹងក្ដីរំពឹងថា ស្ថានភាពនៃវិបត្តិដោយសារតែកូវីដ១៩ នឹងបានបញ្ចប់ហើយធ្វើឱ្យសេដ្ឋកិច្ចវិលទៅរកភាពដើមឡើងវិញ។

លោកង៉ែត ជូ សេដ្ឋវិទូមួយរូបនៅកម្ពុជា និងជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រ​ព្យ​បានឱ្យដឹងថា វិស័យអចលនវត្ថុកាលពីមុនមានវិបត្តិ គឺមានការកើនឡើងខ្ពស់ និងសកម្មភាពមមាញឹកខ្លាំង ដោយមានវិនិយោគិនក្នុង និងក្រៅប្រទេសជាច្រើនចូលមកបណ្ដា​ក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះនៅពេលមានវិបត្តិដោយសារតែកូវីដ១៩ សកម្មភាពទាំងនោះ មិនបានផ្អាកទាំងស្រុងឬបញ្ឈប់នោះឡើយ ពោលគឺនៅតែមានសកម្មភាពវិនិយោគជាហូរហែ។

លោកបន្តថា ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានច្រើនផ្នែកក្នុងនោះ មានដីធ្លីសម្រាប់កសិកម្ម សំណង់ រោងចក្រ និងការអភិវឌ្ឍអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញជាដើម។ លោកថា អ្នកវិនិយោគដែលគិតតែផលចំណេញ វានឹងពិបាកបន្តិចក្នុងរយៈពេលនេះ តែអ្នកដែលវិនិយោគដែលគិតពីការវិនិយោគយូរអង្វែង គេនៅតែបន្តអភិវឌ្ឍន៍គម្រោងរបស់គេដដែល ដោយរំពឹងថាអ្វីៗនឹងប្រសើរ

ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ថា សកម្មភាពនៃការវិនិយោគលើវិស័យអចលនទ្រព្យ មិនបានផ្អាកនោះទេ ពិសេសគំរោងសាងសង់លំនៅដ្ឋាននានា ព្រោះគំរោងមួយមិនបញ្ចប់រយៈពេលពីរ ទៅបីខែនោះទេ ប៉ុន្តែសកម្មភាពនៃគំរោងវិនិយោគថ្មី អ្នកវិនិយោគហាក់កំពុងរង់ចាំមើលស្ថានភាពថា តើមានសភាពដូចម្តេចលើការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩។

លោកបន្តថា លោកជឿថារដ្ឋាភិបាលនឹងអាចគ្រប់គ្រងស្ថានភាពនេះបាន ព្រោះយើងមានបទពិសោធន៍គ្រប់គ្រងបានល្អនាពេលកន្លងមក

កំណើនតម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្តល់ក្តីសង្ឃឹមឡើងវិញដល់ទីផ្សារការិយាល័យនៅអាមេរិក

ដោយៈ ប៊ី

ញូវយ៉កៈ កំណើនតម្រូវការជួលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជាក្រុមហ៊ុន Amazon.com Inc ក្រុមហ៊ុន Facebook Inc និងក្រុមហ៊ុន Google នៅទីក្រុងញូវយ៉ក បានផ្តល់ឱ្យម្ចាស់អចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យមានសង្ឃឹមថា ទីផ្សារការិយា​ល័យការិយាល័យ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិកូវីដ១៩ នឹងវិលត្រឡប់ទៅសភាពដើមវិញ។

បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះ បាននិងកំពុងសម្លឹងរកអាគារការិយា​ល័យនៅទីរដ្ឋហិរញ្ញវត្ថុដ៏ធំ របស់សហរដ្ឋអាមេរិកមួយ ដែលការណ៍នេះផ្តល់ឱ្យក្តីសង្ឃឹមយ៉ាងខ្លាំងដល់ទីផ្សារការិយាល័យ ក្នុងការងើបឡើងវិញ។ នេះបើយោងតាមការចេញផ្សារយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

ប៉ុន្តែការធ្វើការពីផ្ទះ និងការចាកចេញរបស់ប្រជាជន ពីទីតំបន់ឆ្នេរសមុទ្រ ដែលមា​នតម្លៃនៅរស់នៅថ្លៃៗ នឹងទំនងជាមានផលប៉ះពាល់ដល់តម្រូវការ នៃទីផ្សារការិយាល័យ។

ជាមួយគ្នានេះដែរ តម្លៃលក់អាគារការិយាល័យ នៅតាមបណ្តាទីក្រុងនានារបស់សហរដ្ឋអាមេរិកនៅទ្រឹង ឬឡើងថ្លៃតិចតូចក្នុង កំឡុងពេលមានជំងឺរាតត្បាតនេះ។ ទិន្នន័​យបានបង្ហាញថា ប៉ុន្តែអត្រាជួល និងចំនួនអាគារ ដែលបានលក់ចេញបានធ្លាក់ចុះ។

លោក Joe Gorin ប្រធានគ្រប់គ្រងអចលនទ្រព្យក្រុមហ៊ុន Barings នៅសហរដ្ឋអាមេរិកបានថ្លែងថា ជំងឺរាតត្បាតបានបន្សល់ទុកនូវសំនួរដ៏ធំមួយ ដែលជាប់គាំងនៅក្នុងវិស័យការិយាល័យ។

លោកបានថ្លែងថា ខ្ញុំដឹងថាអ្នកធ្វើការនឹងប្រើសណ្ឋាគារ ឬនៅផ្ទះជំនួសឱ្យកា​រិយាល័យ អំឡុងពេលជំងឺរាតត្បាត។ ហេតុអ្វីបានជាអ្នកធ្វើការនឹងប្រើអគារការិយាល័យ? វានឹងមានផលប៉ពាល់ខ្លះ ពីព្រោះយើងនឹងត្រូវទទួលយកនូវរបៀបថ្មី នៃការប្រើប្រាស់ការិយា​ល័យរបស់អ្នកធ្វើការ

លោកGorin បាននិយាយថា ក្រុមហ៊ុនចាំបាច់ ត្រូវធ្វើឱ្យការិយាល័យកាន់តែមានភាពទាក់ទា​ញ ប៉ុន្តែអាគារ ដែលមិនអាចផ្តល់បរិយាកាសល្អសម្រាប់ការងារ នឹងទទួលរងនូវប៉ពាល់លើតម្រូវការ។

លោកបន្តថា ប្រសិនបើអ្នកបង្កើតអ្វី ដែលត្រឹមត្រូវ សម្រាប់អាគារការិយាល័យ វានឹងងបង្កើនតម្លៃដល់អាគារនោះ

ទិន្នន័យបានបង្ហាញថា តម្លៃអាគារការិយាល័យលំដាប់ក្រោមកម្រិត A ធ្លាក់ចុះ និងអាចនឹងធ្លាក់ចុះបន្តទៀត ប្រសិនបើការធ្លាក់ចុះនៃតម្រូវការនៅតែបន្តកើតមាន។

សកម្មភាពជួលបានកើនឡើង បន្ទាប់ពីចូលឆ្នាំថ្មី ប៉ុន្តែនៅតែទាបជាងកម្រិត មុនវិបត្តិជំងឺកូវីដ១៩។

លោកSam Isaacson ប្រធានក្រុមហ៊ុន Walker & Dunlop Investment Partners នៅទីក្រុង Denver ក្នុងរដ្ឋColorado និយាយថា វិស័យការិយាល័យគឺពិបាកបំផុតក្នុងការវាយតម្លៃ ពីព្រោះការជួលជាទូទៅមានកុងត្រារយៈពេលវែង។

លោកបានថ្លែងថា ជាមួយគ្នានេះដែរ លំហូរសាច់ប្រាក់ត្រូវតែត្រូវគ្នានឹងការឡើងតម្លៃអចលនទ្រព្យ (ការិយាល័យ) ប៉ុន្តែនៅពេលរឿងនេះមិនកើតឡើង នោះជាពេលដែលយើងនឹងឃើញ ការរងផលប៉ះពាល់យ៉ាងពិតប្រាកដ

រដ្ឋាភិបាលសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន១៤បោះទុនជាង២២៥លានដុល្លារក្នុងខែកុម្ភៈនេះ

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន១៤ ដែលប្រកាសទុនវិនិយោគប្រមាណ២២៥,១លានដុល្លារអាមេរិក និងបង្កើតការងាររាប់ពាន់កន្លែងដល់ប្រជាជនកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ CDC។

ក្រុមហ៊ុន និងគម្រោងទាំង១៤ ដែលក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាអនុម័តគាំទ្រ និងចុះវិញ្ញាបនបត្រជាស្ថាពររួមមាន ទី១- ក្រុមហ៊ុន “CART TIRE CO., LTD” គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។

ទី២- ក្រុមហ៊ុន ONION MOBILITY CO., LTD គម្រោងបង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។

ទី៣- ក្រុមហ៊ុន SHANE (CAMBODIA) FURNITURE CO., LTD គម្រោងបង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ៤៧,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨២០កន្លែង។

ទី៤- ក្រុមហ៊ុន XIN JELLY INDUSTRY AND TRADING CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រណាត់ទ្រនាប់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង។

ទី៥- ក្រុមហ៊ុន MAYCO FURNITURE COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ (ពីឈើនាំចូល) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៨៨កន្លែង។

ទី៦ – ក្រុមហ៊ុន P P C H Y MACHINERY MANUFACTURING CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និងប៊ូឡុងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សី ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

ទី៧ – ក្រុមហ៊ុន KHEMA GLOBAL CO., LTD: គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ចំនួន ៨១គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៨០កន្លែង។

ទី៨- ក្រុមហ៊ុន KHEMA GLOBAL CO., LTD: គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិចំនួន៥៤គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅ ផ្លូវជាតិលេខ៥២៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។

ទី៩- ក្រុមហ៊ុន PRIME ROAD ALTERNATIVE (CAMBODIA) CO., LTD: គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ៣៧,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២កន្លែង។

ទី១០- ក្រុមហ៊ុន SYSG GARMENT COMPANY LIMITED: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A-០៧ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមា​ណ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៥១កន្លែង។

ទី១១- ក្រុមហ៊ុន VELONG (CAMBODIA) INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារ សម្រាប់ចង្ក្រានBBQ ផ្គុំតម្លើងបរិក្ខារអេឡិចត្រូនិក និងអំពូលភ្លើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគប្រមាណ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

ទី១២- ក្រុមហ៊ុន ALLIED MAX INTERNATIONAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល, មានទុនវិនិយោគប្រមា​ណ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៧០កន្លែង។

ទី១៣- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៣០០កន្លែង។

ទី១៤- គម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា របស់ក្រុមហ៊ុន “GLAMOR GLASS CO., LTD” មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង និងមានទុនវិនិយោគប្រមាណ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៩០កន្លែង៕