ឧកញ៉ាផន វណ្ណិត៖ តើដីឡូត៍ជួយអ្វីខ្លញដល់ការអភិវឌ្ឍន៍សង្គម និងប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គ្រប់​គម្រោង​អភិវឌ្ឍន៍​ដីឡូត៍​ដែល​ស្របច្បាប់ គឺជា​ចំណែក​មួយ​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​ទ្រទ្រង់​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ហើយ​ក៏បាន​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​សង្គមជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ។

លោក​ឧកញ៉ា ផន វ​ណ្ណិ​ត អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ថា ដីឡូត៍​ស្របច្បាប់​គឺ​បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ដល់​សង្គមជាតិ តាមរយៈ​ការបង់ពន្ធ​ទៅលើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ដែលជា​ម្ចាស់​គម្រោង និង​ផ្តល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ ដែលមាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម​អាច​ទិញ​ដី សម្រាប់​សាងសង់​លំនៅដ្ឋាន​កម្មសិទ្ធិ​បាន​យ៉ាង​ប្រសើរ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ចំណុច​ពិសេស​របស់​ដីឡូត៍​ស្របច្បាប់ ដែល​កំពុង​ប្រតិបត្តិការ​នៅលើ​ទីផ្សារ​រួម​នាពេល​បច្ចុប្បន្ន មានដូចជា ៖

ទី១- ផ្តល់​ភាពងាយស្រួល​សំរាប់​ប្រជាពលរដ្ឋ ដែល​មិនសូវ​មានលទ្ធភាព​ក្នុង​ការទិញ ឬ​កាន់កាប់​ដីធំៗធ្វើជា​កម្មសិទ្ធិ តាមរយៈ​ការបង់​រំលស់​ប្រចាំខែ នៅក្នុង​តម្លៃ​មួយ​ដែល​សមរម្យ ស្របទៅនឹង​ចំណូល​ប្រចាំខែ​របស់​ពួកគាត់។

ទី២- ចូលរួម​ក​ក្នុងការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា​ការស្ថាបនា​ផ្លូវថ្នល់ រៀបចំ​បណ្តាញ​បង្ហូរទឹក (លូ) និង​ដាក់​បង្គោល​ភ្លើង រួម​ជាមួយនឹង​ការតភ្ជាប់​បណ្តាញ​អគ្គិសនី ដែល​ពាក់ព័ន្ធ​ទៅនឹង​គម្រោង ស្របតាម​ការកំណត់រ​បស់​ក្រសួង​ពាក់ព័ន្ធ ដើម្បី​អាច​ធានា​នូវ​គុណភាព និង​បង្ក​ភាពងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន មានបំណង​សាងសង់​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ​អចិន្ត្រៃយ៍។

ទី៣- ផ្តល់​ការងារ និង​ចំណេះដឹង​បន្ថែម​ផ្នែក​ទីផ្សារ​ដល់​ប្រជាជន​ក្នុងស្រុក ជាពិសេស​យុវជន និង​យុវនារី​ក្នុងនាម​ជា​ភ្នាក់ងារ​លក់ ឬ​បុគ្គលិក​ក្រុមហ៊ុន​ពេញសិទ្ធិ កាត់បន្ថយ​ការ​ចំណាកស្រុក ជាមួយនឹង​ការ​ផ្តល់នូវ​ប្រាក់ចំណូល​សមរម្យ។

ទី៤- ផ្លាស់ប្តូរ និង​កែប្រែ​តំបន់​ដែល​ធ្លាប់តែ​ស្ងប់ស្ងាត់ តំបន់​លិច​ទឹក ឬ​តំបន់​ដែល​គ្មាន​ផ្លូវ​ធ្វើដំណើរ ឱ្យទៅជា​តំបន់​ដែលមាន​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទាញ​កំណើន​ប្រជាពលរដ្ឋ​ឱ្យ​ចូលទៅ​រស់នៅ និង​អាចបង្កើត​ទៅជា​តំបន់​ទីប្រជុំជន មានការ​សាងសង់​លំនៅដ្ឋាន​ក្នុង​តំបន់ ដែល​អាច​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​បាន។ និយាយ​ជារួម​គឺ​ធ្វើការ​កែប្រែ​ពី ដី​ដែល​មិនសូវមាន​សក្តានុពល​ឱ្យក្លាយ​ជា​តំបន់​មានការ​អភិវឌ្ឍន៍។

ទី៥- ចូលរួម​ក្នុងការ​គ្រប់គ្រង​ដី និង​ការប្រមូល​ពន្ធ​ជូន​រដ្ឋាភិបាល​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​ជាង​មុន ហើយក៏​ជាការ​ចូលរួមចំណែក ក្នុង​ការជួយ​ទ្រទ្រង់​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ។

លោក​ឧកញ៉ា​ផន វ​ណ្ណិ​ត បាន​បន្តថា ជាមួយគ្នានេះ យើង​ក៏មាន​ក្ដីបារម្ភ​ចំពោះ​គម្រោង​ដីឡូត៍​មួយចំនួន​តូច ដែល​មិនបាន​អនុវត្ត និង​គោរព​តាម​ការណែនាំ​របស់​ក្រសួង​ពាក់ព័ន្ធ ដែល​អាច​បង្កឱ្យមាន​ផលប៉ះពាល់​ដល់ទី​ផ្សារ​រួម​ផងដែរ។ លោក​ឧកញ៉ា​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​ទាំងអស់ អនុវត្ត​គម្រោង​ស្របទៅតាម​ច្បាប់​ដែលមាន​កំណត់ ជៀសវាង​ទទួលរង​នូវ​ការខាតបង់​ទាំង​ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និង​ពេលវេលា ជាពិសេស​ធ្វើឱ្យ​អតិថិជន​បាត់បង់​ទំនុកចិត្ត៕

 

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបញ្ចប់ការសាងសង់ជាផ្លូវការនៅចុងត្រីមាសទី៣ឆ្នាំ២០២២

ដោយ: លក្ខិណា
ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ សម្រេចបានការសាងសង់ប្រមាណ៣១,១៩ភាគរយហើយ និងគ្រោងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

នេះបើតាមលោកស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំនៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២១នេះ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ បើទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩ក្ដី តែការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុមិនមានការកែប្រែទេ ពោលការសាងសង់នៅតែដំណើរដដែល ព្រោះថវិកាដែលសាងសង់គម្រោងនេះជាគម្រោងរបស់ចិន ហើយក៏បានអនុម័តរួចរាល់ដែរ វាមិនប៉ះពាល់ដល់ការងារសម្រាប់សាងសង់នោះឡើយ។បើតាមលោកវ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនក៏បាននិយាយផងដែរថា ការសម្រេចបានភាគរយតិចក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែបាតគ្រឹះត្រូវប្រើពេលយូរ ហើយត្រូវដោះស្រាយផលប៉ះពាល់ផងដែរ។

លោកថា ៖«សំណង់គ្រប់ប្រភេទគឺយឺតយូរនៅពេលដំបូង ដោយសារតែត្រូវការចាក់គ្រឹះឱ្យរឹងមាំ ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុនេះជាដើម ក៏ត្រូវការធ្វើបាតគ្រឹះធ្វើស្ពានឆ្លងកាត់ជ្រោះ ឆ្លងកាត់ផ្លូវជាដើម ដូច្នេះហើយទើបត្រូវប្រើពេលយូរបន្តិច។ នៅពេលសាងសង់គ្រឹះរួចរាល់ការងារបន្តគឺលឿនទេ ដូច្នេះហើយវានឹងអាចបញ្ចប់ទៅតាមការគ្រោងទុកតាំងពីដើមមក»។
លោកបន្តថា ក្នុងឆ្នាំ២០២០ វាមិនមានអ្វីដែលប៉ះពាល់ដល់ការអភិវឌ្ឍផ្លូវល្បឿនលឿននោះទេ តែក៏មានការរាំងស្ទះបន្តិចសម្រាប់កម្មករដែលមកពីចិន ដោយតម្រូវឱ្យធ្វើចត្តាឡីស័កមួយរយៈ តែមិនមានផ្អាកដំណើរការ ការដ្ឋានសំណង់ទាំងស្រុងនោះឡើយ ។

អ្នកជញ្ជូនទំនិញកម្ពុជា លោស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជាបានលើកឡើងថា នៅពេលផ្លូវល្បឿនលឿនសាងសង់រួច នឹងធ្វើឱ្យក្រុមអ្នកដឹកជញ្ជូនទទួលបានផលចំណេញជាច្រើន ដូចជាចំណេញពេលវេលា ចំណេញក្នុងការចំណាយទៅលើប្រេងសម្រាប់ដឹកមួយជើងៗជាដើម ព្រោះថាផ្លូវបច្ចុប្បន្ននេះមានការកកស្ទះចរាចរណ៍ផង និងឆ្ងាយផង ដូច្នេះត្រូវប្រើពេលយូរដើម្បីដឹកមកដល់គោលដៅ។ លោកថា ៖«នៅពេលផ្លូវនេះធ្វើហើយ ហើយតម្រូវឱ្យបង់កម្រៃសេវាក៏អ្នកដឹកជញ្ជូនព្រមបង់ជូនដែរ ព្រោះធ្វើឱ្យពួកគេចំណេញពេលវេលាបានច្រើនជាងមុន និងអាចសន្សំលើការចំណាយផ្សេងទៀតផងដែរ » ៕

តើអ្វីទៅជាតម្លៃស្នូលរបស់សាលាអន្តរជាតិ ចុង អុីង ក្នុងការនាំសិស្សឲ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត

ដោយ: គង់ សូរិយា

ភ្នំពេញៈ គោលដៅសិក្សាច្បាស់លាស់ពិតជាមានសារៈសំខាន់ណាស់ ដែលមាតាបិតាត្រូវគិតគូរសម្រាប់បុត្រធីតា ព្រោះថាវាជាព្រលឹងនៃការអប់រំឆ្ពោះទៅកាន់ភាពជាបុគ្គលជោគជ័យ និងជាអ្នកដឹកនាំដ៏ល្អនាពេលអនាគត។

ជាមួយនឹងទស្សនវិស័យ បេសកកម្មច្បាស់លាស់ សាលាអន្តរជាតិ ចុងអុីង បានប្រកាន់យកគតិពេចន៍ “កសាងអនាគតអ្នកដឹកនាំសម្រាប់ពិភពលោក” ជាត្រីវិស័យបង្ហាញទិសដ៏សំខាន់សម្រាប់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

លោកសេង វណ្ណារិទ្ធ ស្ថាបនិក និងជាអគ្គនាយកសាលាអន្តរជាតិ ចុងអុីង បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សាលាអន្តរជាតិ ចុងអុីង មិនត្រឹមតែជាថ្នាលអប់រំស្តងដារអន្តរជាតិនោះទេ ថែមទាំជាកន្លែងកសាងធនធានមនុស្សឲ្យក្លាយជាអ្នកដឹកនាំថែមទៀតផង ដោយយើងជឿជាក់ថា មានតែអ្នកដឹកនាំទេ ដែលអាចជួយខ្លួនឯង ជួយគ្រួសារ ជួយសហគមន៍ និងជួយពិភពលោកឲ្យមានភាពរីកចម្រើន និងសន្តិភាព។

លោកបន្តថា “ដើម្បីសម្រេចទស្សនវិស័យ បេសកកម្ម និងគតិពេចន៍ សាលាអន្តរជាតិ ចុងអុីង បានបង្កើតវប្បធម៌នៃការអប់រំមួយដ៏ល្អ តាមរយៈតម្លៃស្នូលចំនួន៩គឺ សុវត្ថិភាព បរិស្ថាន សុខភាព វិន័យ សីលធម៌ ក្តីស្រឡាញ់ សប្បាយរីករាយ គុណភាព និងភាពជាអ្នកដឹកនាំ”។

លោកក៏បានបកស្រាយលើតម្លៃស្នូលនីមួយៗ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

តម្លៃស្នូលទី១៖ សុវត្ថិភាពរបស់សិស្សានុសិស្ស ព្រោះលោកជឿថាលោកឳពុក អ្នកម្តាយបញ្ជូនកូនចៅមកសាលា ដើម្បីចង់ឲ្យកូនរៀនចេះ មានអនាគតល្អ ក៏ប៉ុន្តែមុននឹងទទួលបានអ្វីៗទាំងអស់នេះ គឺត្រូវមានសុវត្ថិភាពជាអាទិភាព។ អញ្ចឹងយើងត្រូវថែរក្សាសិស្សានុសិស្សរបស់យើងឲ្យដូចគ្រាប់ពេជ្រ មិនឲ្យមានអ្វីកើតឡើងដល់ពួកគាត់នោះទេ ពោលគឺយើងថែរក្សាបុត្រធីតារបស់គាត់ឲ្យបានល្អបំផុត។

តម្លៃស្នូលទី២៖ បរិស្ថានជាអ្វីដែលយើងយកចិត្តទុកដាក់បំផុតផងដែរ ព្រោះថាបន្ទាប់ពីសុវត្ថិភាព គឺយើងផ្តោតលើបរិស្ថានដែលមានអនាម័យ ធ្វើឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរបស់យើងមានផាសុកភាព អារម្មណ៍ល្អ កម្លាំងកាយ និងកម្លាំងចិត្តខ្ពស់ក្នុងការផ្ទេរ និងទទួលយកចំណេះដឹង។

តម្លៃស្នូលទី៣៖ យើងផ្តោតលើសុខភាពជាពិសេស។ គណៈគ្រប់គ្រងសាលាអន្តរជាតិ ចុងអុីង បានប្រឹក្សាជាមួយវេជ្ជបណ្ឌិតផ្នែកចំណីអាហារ  ដើម្បីធានាថាកុមារមានសុខភាព និងរាងកាយលូតលាស់បានល្អ ពោលគឺការញាំអាហារពោរពេញដោយអាហារូបត្ថម្ភត្រឹមត្រូវ។  សិស្សានុសិស្សត្រូវញាំទឹកដោះគោឆៅ ទឹកផ្លែឈើស្រស់ និងអាហារផ្សេងៗដែលធ្វើឲ្យសុខភាពល្អ និងកាយរឹងមាំ។

តម្លៃស្នូលទី៤៖ សិស្សានុសិស្សសិក្សានៅសាលាអន្តរជាតិ ចុងអុីង ត្រូវតែគោរព និងមានវិន័យខ្ជាប់ខ្ជួន។ វិន័យត្រូវតែតឹងរឹង ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាទីស្រលាញ់របស់យើង។

តម្លៃស្នូលទី៥៖ សីលធម៌គឺជាសកម្មភាពទាំងឡាយណា ដែលវៀរចាកឆ្ងាយពីអំពើអបាយមុខ អំពើអាក្រក់។ យើងអប់រំសិស្សានុសិស្សរបស់យើងឲ្យធ្វើតែអំពើល្អ ពោលគឺកាយល្អ វាចាល្អ និងចិត្តល្អ។

តម្លៃស្នូលទី៦៖ មនុស្សមួយចំនូនអប់រំឲ្យបុត្រធីតាពូកែ ជោគជ័យ តែមិនបានអប់រំពីក្តីស្រឡាញ់។ អញ្ចឹងគាត់ចេះដឹងមែន តែគាត់មិនសូវមានក្តីស្រឡាញ់។ មាតាបិតា អ្នកអាណាព្យាបាលមួយចំនួនបានសំដែងនូវការបារម្ភខ្លាំងនៅពេលដែលកូនបានទៅបន្តការសិក្សានៅក្រៅប្រទេស។ ពេលពួកគេទៅរស់នៅសម្របខ្លួនតាមជនជាតិគេ បែរជាព្រងើយកន្តើយនឹងឪពុកម្តាយ មិនសូវមានក្តីស្រលាញ់ចំពោះឪពុកម្តាយ ប៉ុន្តែបើសិនជាពួកគេរៀននៅ ចុងអុីង មិនមានបញ្ហានេះទេ គឺយើងបណ្តុះនូវក្តីស្រលាញ់ កត្តញ្ញូចំពោះឪពុកម្តាយ និងប្រទេសរបស់ខ្លួន។

តម្លៃស្នូលទី៧៖ សេចក្តីរីករាយ មានន័យថាគណៈគ្រប់គ្រងសប្បាយរីករាយក្នុងការបំពេញការងារ បុគ្គលិកសប្បាយក្នុងការអនុវត្តការងារ នោះនឹងនាំឲ្យកូនសិស្សរបស់យើងសប្បាយក្នុងការក្រេបជញ្ជក់យកចំណេះដឹង។ ភាពសប្បាយរីករាយមានសារៈសំខាន់ណាស់ ហេតុនេះយើងបណ្តុះឲ្យអ្នកនៅទីនេះ មានភាពសប្បាយរីករាយ គឺសប្បាយដោយធម៌ មិនមែនសប្បាយដោយអបាយមុខនោះទេ។

តម្លៃស្នូលទី៨៖ គុណភាពជាលទ្ធផលរំពឹងទុករបស់យើង។ គណៈគ្រប់គ្រងត្រូវដឹកនាំឲ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ បុគ្គលិកបំពេញការងារឲ្យមានគុណភាព។ លោកគ្រូ អ្នកគ្រូបង្រៀនសិស្សឲ្យមានគុណភាព។ សិស្សានុសិស្សរៀនឲ្យមានគុណភាព។ អាណាព្យាបាលជាអាណាព្យាបាលមានគុណភាព។

លោកសេង វណ្ណារិទ្ធ បានបន្តថា “ឪពុកម្តាយដឹកដៃស្តាំ គ្រូដឹកដៃឆ្វេង ដើម្បីឲ្យកូនរបស់គាត់ទៅកាន់ទីកន្លែង ដែលឪពុកម្តាយ លោកគ្រូ អ្នកគ្រូចង់ឲ្យបុត្រធីតា សិស្សានុសិស្សរបស់ពួកគាត់ចង់ឲ្យគាត់ទៅដល់”។ លោកបន្តថា “ហេតុនេះនៅ ចុងអុីង មិនមែនបង្រៀនតែកូនសិស្សទេ គឺបង្រៀនអ្នកពាក់ព័ន្ធទាំងអស់ ដោយយកចិត្តទុកដាក់បំផុតដូចជា បង្រៀនគណៈគ្រប់គ្រងឲ្យចេះបំពេញការងារក្នុងភាពជាគណៈគ្រប់គ្រងរបស់សាលា។  បង្រៀនលោកគ្រូ អ្នកគ្រូឲ្យចេះបង្រៀនសិស្សានុសិស្សប្រកបដោយគរុកោសល្យខ្ពស់។ បង្រៀនកូនសិស្សឲ្យចេះរៀន ព្រោះយើងមិនបង្រៀនតែមុខវិជ្ជាទេ តែចំណុចកំពូលនៃការបង្រៀនគឺឲ្យគាត់ចេះរៀន ចូលចិត្តរៀន និងចុងក្រោយគឺយើងបង្រៀនទាំងអាណាព្យាបាលសិស្ស ព្រោះនៅទីនេះយើងមានមេរៀនបង្រៀនអាណាព្យាបាលអំពីភាពជាគ្រូជំនួយ ភាពជាអាណាព្យាបាលឆ្នើម ដើម្បីជួយកូនឲ្យទទួលបានជោគជ័យ។

លោកសេង វណ្ណារិទ្ធបានពន្យល់ថា បើមានតែការជួយពីសាលារៀន ឪពុកម្តាយមិនជួយ មិនខិតខំ ទោះបីសាលារៀនធ្វើបានល្អបែបណាក៏ដោយ ក៏បានតែ៥០ភាគរយទេ ដោយសារឪពុកម្តាយដែលបានផ្តល់កំណើតគឺជាគ្រូទី១ សាលារៀនគឺជាគ្រូទី២  ហើយពេលចេញទៅបំពេញការងារក្នុងសង្គម មេ ឬថ្នាក់ដឹកនាំរបស់គាត់គឺជាគ្រូទី៣។

លោកបន្តថា “អញ្ចឹងបើកូនសិស្សរបស់យើងមានសំណាងបានកើតក្នុងគ្រួសារដែលមានឪពុកម្តាយល្អ បានរៀននៅសាលាដែលមានលោកគ្រូ អ្នកគ្រូល្អ ហើយបានបំពេញការងារនៅកន្លែងដែលមានមេដឹកនាំល្អក្នុងថ្ងៃអនាគតគឺជាសំណាងរបស់គាត់ ហើយគាត់នឹងទទួលបានជោគជ័យក្នុងជីវិត”។

តម្លៃស្នូលទី៩៖ យើងទាំងអស់គ្នានៅទីនេះត្រូវតែមានភាពជាអ្នកដឹកនាំ ទាំងគណៈគ្រប់គ្រង លោគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់។

លោកសេង វណ្ណារិទ្ធ បានបញ្ជាក់ចុងក្រោយថា “ទាំងនេះជាតម្លៃស្នូលរបស់សាលាអន្តរជាតិ ចុងអុីង ដែលយើងហ៊ានធានាថា យើងនឹងធ្វើឲ្យកូនៗ សិស្សានុសិស្សរបស់យើងទៅដល់កន្លែងដែលគាត់ចង់ទៅដល់។ យើងជួយពួកគាត់ឲ្យជោគជ័យនៅក្នុងជីវិត ប៉ុន្តែជោគជ័យកម្រិតណា និងបែបណា អាស្រ័យលើតម្រូវការ និងវិថីដែលពួកគាត់ជ្រើសរើសប្រកបដោយក្រមសីលធម៌”៕

លោកឃួង ស្រេង ៖ មហាវិថីថ្មីទំហំ៣០ម៉ែត្រក្នុងខណ្ឌឫស្សីកែវគឺជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ

ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ មហាវិថីថ្មីដែលមានប្រវែងសរុបជិត៦០០០ម៉ែត្រ និងទទឹងទំហំ៣០ម៉ែត្រ កំពុងសាងសង់សម្រេចបានលទ្ធផលប្រមាណ៨០ភាគរយនឹងក្លាយជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញបន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលមានស្រាប់ជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងដំណើរចុះត្រួតពិនិត្យការស្ថាបនាមហាវិថីថ្មីកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះបានមានប្រសាសន៍ថា មហាវិថីដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជិត៦០០០ម៉ែត្រនេះ មានសួនច្បារកណ្តាល ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអ៊ីអនម៉លសែនសុខ )ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ស្ថាបនាសម្រេចបានប្រមាណពី ៧០ទៅ៨០ភាគរយហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

ការដ្ឋាននេះបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដោយរត់ត្រង់ជួរភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ និងជាប្រភេទផ្លូវភ្លោះមានប្រវែង ៥.៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាផ្លូវបេតុងអាមេ កម្រាស់២០សង់ទីម៉ែត្រ។ ក្នុងនោះផ្លូវសងខាង១២ម៉ែត្រ សួនកណ្តាល២ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង២ម៉ែត្រ ផ្លូវទ្វេទិសមាន៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រប្រវែង ១១.៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវចំនួន៨កន្លែងផងដែរ។

លោកបានបន្តថា មហាវិថីនេះ ត្រូវស្ថាបនាឡើងជា២ដំណាក់កាល ដោយដំណាក់ទី១ ចាប់ពីផ្លូវលេខ ១០០៣ រហូតដល់មុខហ្គ្រេនភ្នំពេញ និងបន្តពីហ្គ្រេនភ្នំពេញរហូតទៅដល់ផ្លូវមហាវិថីឈ្នះឈ្នះ ដែលមានទទឹង៣០ម៉ែត្រ មានសួនច្បារនៅកណ្ដាលជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ ។

ជាមួយគ្នានេះ លោកឃួង ស្រេងក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌឫស្សីកែវត្រូវធ្វើការដោះស្រាយបញ្ហាប៉ះពាល់លើប្រជាពលរដ្ឋ២០០គ្រួសារឱ្យបានលឿនបំផុតក្នុងរយៈពេលពីរសប្តាហ៍ទៀត ហើយក្នុងករណីដោះស្រាយមិនចេញត្រូវរាយការណ៍បន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ។

លោកបញ្ជាក់ថា “ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ទាំង២០០គ្រួសារនេះ រដ្ឋបាលរាជធានីភ្នំពេញមានជម្រើសពីរដើម្បីឱ្យពួកគាត់ធ្វើការជ្រើសរើស ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងផ្ដល់ដីទំហំ ៤,២ម៉ែត្រ គុណ១៥ម៉ែត្រ នៅទីតាំងពីរកន្លែង គឺនៅ 7NG ក្នុងខេត្តកណ្តាល (ដែលត្រៀមនឹងកាត់ចូលមកភ្នំពេញ) និងនៅតាមបណ្ដោយផ្លូវលេខ ៥១ ក្នុងខណ្ឌព្រែកព្នៅ៕

តើខណ្ឌទួលគោកមានសក្តានុពលអ្វីខ្លះដែលបាននិងកំពុងចាប់យកចំណែកទីផ្សារសំណង់អគារខ្ពស់ៗ?

ដោយ៖ ប៊ី

ភ្នំពេញ៖ តំបន់ទួលគោក កំពុងមានការអភិវឌ្ឍលើសំណង់អគារខ្ពស់ៗ ដូចជាខុនដូ អគារការិយាល័យ និងផ្សារទំនើបជាដើម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះគម្រោងធំៗមួយចំនួនក៏បាននិងកំពុងសាងសង់ និងអភិវឌ្ឍន៍បណ្ដើរៗ ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី។

អ្នកជំនាញអចលនទ្រព្យជាច្រើនបានឱ្យដឹងថា ទួលគោក គឺជាតំបន់ទាក់ទាញមួយសម្រាប់អភិវឌ្ឍន៍ខុនដូ និងអគារខ្ពស់ៗ បន្ទាប់ពីតំបន់បឹងកេងកង។

ប្រធានសមាគមអចលនទ្រព្យសកលលោកសំ សុខនឿន បានប្រាប់កាលពីថ្មីៗនេះថា ពីមុនបើនិយាយពីខុនដូ គឺគេសំដៅលើតំបន់បឹងកេងកេង តែបច្ចុប្បន្ននេះគេ ឃើញថា តំបន់ផ្សេងៗក៏ទាក់ទាញនូវគម្រោងខុនដូ និងអគារពាណិជ្ជកម្ម ក្នុងនោះទួលគោកក៏ជាតំបន់ ដែលមានការអភិវឌ្ឍខុនដូច្រើនជាងគេមួយ នៅរាជធានីភ្នំពេញ។

លោកបានថ្លែងទៀតថា កត្តា ដែលធ្វើឱ្យតំបន់ទួលគោក ទាក់ទាញការវិនិយោគលើខុនដូ គឺតម្លៃដីនៅមានកម្រិតបើធៀបនឹងតំបន់ដែលមានសក្ដានុពលនៃការអភិវឌ្ឍខុនដូ ហើយទួលគោកក៏ប្រៀបបាននឹងតំបន់កណ្ដាលក្រុងមួយ ងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ទិសនៃរាជធានីភ្នំពេញ ដូច្នេះហើយទើបវិនិយោគិនចាប់អារម្មណ៍លើការអភិវឌ្ឍខុនដូនៅតំបន់ទួលគោក។

លោកបានថ្លែងបន្តថា “ទួលគោកជាតំបន់មួយ ដែលមានការអភិវឌ្ឍលឿន ក្នុងនោះមានសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ និងអាជីវកម្មចម្រុះ”។

លោកបន្តថា នៅក្នុងចំណុចវិជ្ជមានក៏មានចំណុច ហើយអវិជ្ជក៏មានសម្រាប់វិស័យខុនដូ ក្នុងតំបន់ទួលគោកនេះ ព្រោះវិនិយោគិនអភិវឌ្ឍន៍ខុនដូភាគច្រើន គឺផ្ដោតតែលើជនបរទេស និងអ្នកមានចំណូលខ្ពស់ មានន័យថា ខុនដូ ភាគច្រើននៅទួលគោក គឺមានតម្លៃខ្ពស់ ដែលធ្វើឱ្យអ្នកមានជីវភាពមធ្យម មិនមានលទ្ធភាពទិញ ជាក់ស្ដែង នៅពេលមានបញ្ហាដោយសារតែកូវីដ១៩ ធ្វើឱ្យការលក់ខុនដូ សម្រាប់ជនបរទេស និងអ្នកមាន គឺជួបបញ្ហាប្រឈមដូច្នេះ។

លោកបណ្ឌិតគីម ហ៊ាងប្រធានក្រុមហ៊ុន KW Cambodia ធ្លាប់មានប្រសាសន៍ថា ការអភិវឌ្ឍនៅកម្ពុជា នៅតែមានសក្ដានុពល បើធៀបនឹងប្រទេសជិតខាងក៏ដូចជាប្រទេសក្នុងតំបន់។ អ្វី ដែលគេមាននៅពេលនេះ កម្ពុជានៅមិនទាន់មាននៅឡើយ ដូច្នេះ៥ឆ្នាំ ឬ១០ឆ្នាំក្រោយ កម្ពុជានឹងមានដូចគេដែរ ហើយការអភិវឌ្ឍផ្សេងៗ នឹងដើរទៅតាមក្រោយជាបន្តបន្ទាប់៕

ផ្លូវជាតិលេខ៧ ត្បូងឃ្មុំ-ក្រចេះ នឹងត្រូវស្ថាបនាកែលម្អឡើងវិញក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៧ (ខេត្តត្បូងឃ្មុំ-ក្រចេះ) ដែលមានប្រវែងសរុប១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ ខែ សាងសង់ដោយក្រុម​ហ៊ុន​ចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិកក្រោមហិរញ្ញប្បទាន​របស់​ធនាគារពិភពលោក។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំការងារគម្រោងជួសជុល និងសាងសង់ផ្លូវជាតិលេខ៧(ត្បូងឃ្មុំ-ក្រចេះ) ដោយក្នុងនោះក៏មានកិច្ចប្រជុំពីគម្រោងសាងសង់ និងកែលម្អផ្លូវជាតិលេខ៣(កំពត-វាលរេញ)ផងដែរ ក្រោមហិរញប្បទានរបស់ធនាគារពិភពលោក នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរាយការណ៍ ពិគ្រោះយោបល់ ក៏ដូចជាស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដើម្បីរិះរកនីតិវិធីជួសជុល និងសាងសង់ផ្លូវទាំងពីរខ្សែ គឺផ្លូវជាតិលេខ៣(កំពត-វាលរេញ) និងផ្លូវជាតិលេខ៧(ត្បូងឃ្មុំ-ក្រចេះ)។

លោកបានបញ្ជាក់ថា “ក្រសួងបានសម្រេចដកបុគ្គលិករបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសចំនួន៨រូប ព្រមទាំងបានដាក់បន្ថែមមន្ត្រីបច្ចេកទេសពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនទាំងពីរ សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់”។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីក៏បានស្នើស្នើសុំអនុសាសន៍ពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏ដូចជាមតិយោបល់ពីអង្គប្រជុំទាំងមូល ដើម្បីរិះរកនីតិវិធីជួសជុល និងសាងសង់ផ្លូវ ទាំងពីរខ្សែនេះឱ្យមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង។

គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៧មានប្រវែងសរុប ១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិក។

ដោយឡែកគម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង៥៤,៣០គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ដោយប្រើប្រាស់រយៈពេល៥៤ខែ ចំណាយថវិកាប្រមាណ ១២.០៦១.៦៨៨,០៥ ដុល្លារ ក្រោមគម្រោងឥណទាន IDA Credit លេខ.៥៧៨៩-Kh៕

ប្រទេស​ចិន​វ៉ា​ដាច់​សហរដ្ឋអាមេរិក ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប

ដោយៈ​សុខុម

ព្រុស​សែ​ល:  ទីភ្នាក់ងារ​ស្ថិតិ Eurostat របស់​សហភាព​អឺរ៉ុប បានបញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ ទី១៥ កុម្ភៈ​ថា ប្រទេស​ចិន កាលពី​ឆ្នាំមុន​បាន​វ៉ា​ដាច់​សហរដ្ឋអាមេរិក ដោយបាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល។

ទីភ្នាក់ងារ​នេះ​លើកឡើង​ទៀតថា សហរដ្ឋអាមេរិក បាន​ធ្លា​ក់មក​ត្រឹម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី២ របស់​សហភាព​អឺរ៉ុប ហើយ​ប្រទេស​អង់គ្លេស ដែល​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប ទៅហើយនោះ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី៣ ។

ការ​វ៉ា​ដាច់​សហរដ្ឋអាមេរិក​នេះ​បានកើត​ឡើង ក្រោយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ទទួលរង​ផលប៉ះពាល់​ខ្លាំង ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ អំឡុង​ត្រីមាស​ទី១ ប៉ុន្តែ​បាន​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ដោយនៅ​ដំណាច់ឆ្នាំ២០២០ តម្រូវការ​ប្រើប្រាស់​បាន​កើនឡើង​លើស​កម្រិត​ក្នុង​ឆ្នាំ២០១៩ ទៅទៀត។

កត្តា​នេះ​បាន​ជួយ​ជំរុញ​ការលក់​ផលិតផល​អឺរ៉ុប ជាពិសេស​នៅក្នុង​វិស័យ​រថយន្ត និង​ទំនិញ​ប្រណីត  ខណៈ​ការនាំចេញ​របស់​ប្រទេស​ចិន ទៅកាន់​អឺរ៉ុប ទទួលផល​ពី​តម្រូវការ​ឧបករណ៍​វេជ្ជសាស្ត្រ និង​គ្រឿង​អេឡិចត្រូនិក​កើនឡើង​ខ្លាំង។

ការធ្លាក់​តំណែង​របស់​សហរដ្ឋអាមេរិក ពី​ឋានៈ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប កើតមានឡើង ខណៈ​សហភាព​អឺរ៉ុប និង​ប្រទេស​ចិន កំពុង​ស្វះស្វែង​ផ្ដល់​សច្ចានុមតិ (អនុម័ត) កិច្ចព្រមព្រៀង​វិនិយោគ​រយៈពេល​វែង​មួយ ដែល​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​នានា​របស់​សហភាព​អឺរ៉ុប ចូលមកក្នុង​ទីផ្សារ​ចិន​កាន់តែ​ទូលំទូលាយ។

ទីភ្នាក់ងារ​ស្ថិតិ Eurostat និយាយថា ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ចិន បាន​ឈានដល់ ៥៨៦ ពាន់​លាន​អឺរ៉ូ (៧១១ ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​ឆ្នាំ២០២០ បើ​ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ដែលមាន​ត្រឹម៥៥៥ពាន់​លាន​អឺរ៉ូ (៦៧៣ ពាន់​លាន​ដុល្លារ​អាមេរិក) ។

ទីភ្នាក់ងារ​នេះ​បាន​បន្តថា ការនាំចេញ​របស់​សហ​ភាព​អឺរ៉ុប បាន​កើនឡើង២,២% ដល់២០២,៥ពាន់​លាន​អឺរ៉ូ (២៤៥,៥ ពាន់​លាន​ដុល្លារ) ហើយ​ទន្ទឹមនេះ​ការនាំ​ចូល​ពី​ប្រទេស​ចិន បាន​កើនឡើង៥,៦% ដល់ ៣៨៣,៥ ពាន់​លាន​អឺរ៉ូ (៤៦៥ ពាន់​លាន​ដុល្លារ​អាមេរិក) ។

ការនាំចេញ​របស់​សហ​ភាព​អឺរ៉ុប ទៅកាន់​សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ ១៣,២% ក្នុង​រយៈពេល​ដូចគ្នា ហើយ​ការ​នាំចូល​ធ្លាក់ចុះ៨,២% ។

ទីភ្នាក់ងារ​ស្ថិតិ Eurostat និយាយថា ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អង់គ្លេស បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆ្នាំ២០២០ ជា​ឆ្នាំ​ដែល​ប្រទេស​អង់គ្លេស បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប ជា​ផ្លូវការ ប៉ុន្តែ​ត្រូវ​ស្ថិតក្នុង​រយៈពេល​អន្តរ​កាល​រហូតដល់​ថ្ងៃទី៣១ ធ្នូ។ ការនាំចេញ​របស់​សហ​ភាព​អឺរ៉ុប ទៅកាន់​ប្រទេស​អង់គ្លេស បាន​ធ្លាក់ចុះ១៣,២% ចំណែកឯ​ការនាំ​ចូល​ឆ្លង​ព្រែកជីក​អង់គ្លេស បាន​ធ្លាក់ចុះ ១៣,៩% ៕

Bluebell ក្រុមហ៊ុន​ផ្សារ​ទំនើប​បែប​គ្រួ​សារបាន​ត្រៀម​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារ​ទំនើប​បែប​លក្ខណៈ​គ្រួសារ Bluebell បាននិងកំពុង​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា ជាមួយនឹង​ការត្រៀម​ផ្តល់​សេវាកម្ម​ផ្សារ​ទំនើប នៃ​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​មួយ​នៅ​ក្រុងភ្នំពេញ។

គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ ដំបូង​ឡើយ​គ្រោង​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏​ល្បី​នៅ​សឹង្ហ​បុរី The Capital ប៉ុន្តែ​ការសហការ​នេះ​ទំនងជា​បាន​លុបចោល ដោយសារ​គម្រោង​នេះ បាន​ពន្យា​ពេល​សាងសង់ ដោយ​មិន​បញ្ចប់​តាម​ផែនការ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Bluebell Group ទោះជា​ក្រុមហ៊ុន​មាន​លក្ខណៈ​គ្រួសារ​ក្តី ប៉ុន្តែ​ត្រូវបានគេទទួលស្គាល់​ថា ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ នៅក្នុង​វិស័យ​អាជីវកម្ម​ផ្សារ​ទំនើប រយៈពេល​ជាង៦០ឆ្នាំ​មកហើយ។ តាមរយៈ​ការដាក់​ដំណើរការ នូវ​ផលិតផល​ម៉ាកប្រណីតៗ ជា​លក្ខណៈ​សកល ១៥០ម៉ាក និង​ស្រប​តាមរបៀប​រស់នៅ​បែប​ស៊ី​វិ​ល័យ នៅ​ទូទាំង​ទ្វីបអាស៊ី ទាំង​ក្នុង​វិស័យ​អាជីវកម្ម​ផ្សារ​ទំនើប​ក្នុងស្រុក និង​វិស័យ​អាជីវកម្ម​ផ្សារ​ទំនើប ដែល​បម្រើការ​ដល់​ការធ្វើដំណើរ​នានា និង​លើ​គ្រប់​ប្រភេទ​ផលិតផល​ផងដែរ។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Bluebell Group លោក Ashley Micklewright បានឱ្យដឹងថា បណ្ដូល​អាជីវកម្ម​ស្នូល​របស់ខ្លួន ក្នុងនាម​ជា​អ្នកថែរក្សា និង​ប្រតិបត្តិ គឺ​ស្ថិតនៅលើ​ការយកចិត្តទុកដាក់​ស្គា​ល់ពី​ពេលវេលា ទីកន្លែង វិធីសាស្ត្រ និង​តម្រូវការ​របស់​អតិថិជន។

លោក​បន្តថា រួមជាមួយ​ការ​ទាញ​ចូល​នូវ​បណ្ដា​ម៉ាក ផលិតផលចំបងៗជា​លក្ខណៈ​សាកល​ចូលមកក្នុង​ទ្វីបអាស៊ី និង​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង​ម៉ាក​ទាំងនេះ អស់​រយៈពេល​ជាង៦ទសវត្សរ៍​កន្លងទៅ លើ​ផ្សារ​ទំនើប​ចំនួន១០ ៕

អ្នកជំនាញ៖ ខេត្ត​ចំនួន៥ នៅតែ​បន្ត​មាន​តម្រូវការ​ទីផ្សារ​ដីធ្លី​ក្នុងស្ថានភាព​វិបត្តិ Covid-19

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ទោះជា​កំពុងស្ថិត​នៅក្នុង​ស្ថានភាព នៃ​វិបត្តិ​ជំងឺ Covid-19 យ៉ាងណាក៏ដោយ សម្រាប់​ខេត្ត​ក្រុង​ចំនួន៥រួមមាន ខេត្ត​កែប កំពត កោះកុង កំពង់ស្ពឺ និង​ខេត្ត​មណ្ឌល​គី​រី នៅតែ​បន្ត​មាន​តម្រូវការ​ទីផ្សារ​ដីធ្លី និង​មាន​សកម្មភាព​ទិញ​លក់​ដដែល ខណៈដែល​នៅក្នុង​រាជធានី​ភ្នំពេញ​កំពុង​ជួប​ភាពស្ងប់ស្ងាត់។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ​ថា ទោះ​ជាមាន​បញ្ហា​ប្រឈម ទៅនឹង​ព្រឹត្តិការណ៍​ជាច្រើន ប៉ុន្តែ​សម្រាប់​សកម្មភាព​នៃ​ការទិញ​លក់​ដីធ្លី​នៅតាម​តំបន់​ជាយក្រុង ជាពិសេស​នៅ​ខេត្ត​គោលដៅ​ទេសចរណ៍​មួយចំនួន ដែល​កំពុងមាន​គម្រោង​អភិវឌ្ឍន៍ ពី​វិស័យ​ឯកជន​នៅតែមាន​សកម្មភាព គ្រាន់តែ​មិនសូវ​មមាញឹក​ខ្លាំង។

លោកស្រី​បាន​បន្តថា “សម្រាប់​នៅ​រាជធានី​ភ្នំពេញ ហាក់​មាន​ភាពស្ងប់ស្ងាត់​បន្តិច ប៉ុន្តែ​នៅតាម​ខេត្ត​មួយចំនួន ដូចជា កំពត កែប កោះកុង កំពង់ស្ពឺ ក៏ដូចជា​មណ្ឌល​គី​រី គឺ​នៅ​បន្តសកម្មភាព​ទិញ​លក់ ប៉ុន្តែ​មិនសូវ​មមាញឹក​ខ្លាំង​ដូចដើម​ឆ្នាំ​នោះទេ ហើយ​ភាគច្រើន​អ្នកទិញ​គឺជា​អ្នក​អភិវឌ្ឍន៍​គម្រោង​នានា ដូចជា​គម្រោង​តំបន់​កម្សាន្ត​ជាដើម” ។

លោកស្រី​បាន​បន្តថា ខេត្ត​ទាំងអស់នេះ គឺមាន​សក្ដានុពល​ដូចគ្នា ទៅលើ​ផ្នែក​ទេសចរណ៍ ដូច្នេះ​ការទិញ​ភាគច្រើន គឺ​សម្រាប់​អភិវឌ្ឍន៍​ជា​តំបន់​កម្សាន្ត ផ្ទះ​លំហែរ ឬ​បឹង​ហ្គា​ឡូ​ជាដើម ប៉ុន្តែ​សម្រាប់​តម្លៃ​ហាក់​មិនមាន​ការឡើង​នោះទេ” ។

ជាមួយគ្នានេះ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បាន​ប្រសាសន៍ថា “តាម​ការមើលឃើញ​រប​ស់​ខ្ញុំ ក្នុងតំណាក់កាល​នេះ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ ទាំង​នៅតាម​បណ្តា​ខេត្ត​នានា គឺមាន​ភាពស្ងប់ស្ងាត់​ប​ន្តិ​ច លើកលែងតែ​ខេត្ត​ក្រុង​ដែលជា​គោលដៅ​ទេសចរណ៍ ដែល​នៅមាន​បន្ត​ការទិញ​លក់” ។

លោក​បាន​បន្តថា សកម្មភាព​នៃ​ការទិញ​លក់​នេះ​ទៀតសោត ក៏​មិនមាន​ទំហំ​ធំដុំ​នោះដែរ ដោយសារតែ​ចរន្ត​នៃ​ការវិនិយោគ​ទ្រង់ទ្រាយ ធំ​ពី​សំណាក់​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​បរទេស​ត្រូវ​បាន​កាត់បន្ថយ ជាពិសេស​ការ​អវត្តមាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ជំងឺ​ដែល​កំពុង​កើតមាន។

លោក វ៉ា វីរៈ បាន​មានប្រសាសន៍ថា “នៅពេល​ដែលមាន​អ្នកវិនិយោគធំៗចុះ​ទិញ​ដីធ្លី​សម្រាប់​អភិវឌ្ឍន៍​ក្នុង​គម្រោង​ណាមួយ វា​នឹង​បន្ត​ជះឥទ្ធិពល​ល្អ ដល់​អ្នកវិនិយោគ​បន្ទាប់​ដែលមាន​ទំហំ​តូច​ជាង ប៉ុន្តែ​នៅពេលដែល​អវត្តមាន​ក្រុមហ៊ុន​ធំ ដូច្នេះ​ការទិញ​លក់​មួយចំនួន​ទៀត​ការ​ត្រូវបាន​កាត់បន្ថយ” ។ លោក​បន្តថា “ប៉ុន្តែ​សម្រាប់​ខេត្ត​ទាំង៥ដូចដែល​បានលើកឡើង​ខាងលើនេះ ភាគច្រើន​ជាការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក សម្រាប់   រយៈពេល​វែង​តែប៉ុណ្ណោះ” ៕

តើ​ស្ថាបត្យកម្ម​សំណង់​រចនាបទ​ខ្មែរ​មាន​ការវិវត្ត និង​រីកចម្រើន​យ៉ាងដូចម្តេច?

ដោយ​គង់ សូរិយា

ភ្នំពេញៈ ស្ថាបត្យកម្ម​ខ្មែរ គឺមាន​ការវិវត្ត​និង​រីកចម្រើន​ឥតឈប់ឈរ ពី​សម័យមួយ​ទៅ​សម័យមួយ អាស្រ័យ​លើ​បរិបទ​សេដ្ឋកិច្ច សង្គម លក្ខ​ខ័​ណ្ឌ​អាកាសធាតុ និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ។

លោក​បណ្ឌិតសភា​ចា​រ្យ ស៊ុំ ឈុំ​ប៊ុន នាយក​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អាស៊ី​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង​សិក្ខាសាលា​ស្តីពី​ការវិវត្តន៍ នៃ​សំណង់​ស្ថាបត្យកម្ម​ប្រាសាទខ្មែរ​ថា ស្ថាបត្យករ​ខ្មែរ គឺមាន​ទេពកោសល្យ​ខ្ពង់ខ្ពស់​បំផុត ក្រៅពី​ទេពកោសល្យ​ខាង​ការ​ផ្សែផ្សំ ធ្វើ​សំយោគ​ពី​សិល្បៈ​បរទេស និង សិល្បៈ​ខ្មែរ ជំនាន់​មុន​ស្ថាបត្យករ​ខ្មែរ បាន​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយទៀត ដែលមាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ ស្របតាម​ទស្សនៈ​ខ្មែរ​សុទ្ធសាធ។

លោក​បន្តថា ជាការ​ពិត​ក្នុង​បរិបទ​សាកលភាវូបនីយកម្ម សំណង់​និង​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប ចាប់តាំងពី​សម័យ​អាណានិគមនិយម​បារាំង សម័យ​សង្គមរាស្ត្រនិយម រហូតមកដល់​សម័យ​បច្ចុប្បន្ន ខ្មែរ​តែងតែ​ផ្សារភ្ជាប់​ទៅនឹង​ស្ថាបត្យកម្ម និង ក្បាច់រចនា​បែប​បុរាណ​ខ្មែរ ដែល​បាន​បន្សល់​ទុកជា​មរតក​ដ៏​វិសេសវិសាល តាំងពី​សម័យ​ចក្រភព​អង្គរ បង្កើតបានជា​តម្លៃ​ដ៏​ពិសិដ្ឋ​របស់​ប្រជា​ជាតិខ្មែរ ដែល​ពុំ​អាច​កាត់ថ្លៃ​បាន។

ជាមួយគ្នានេះ លោក​ព្រឹទ្ធាចារ្យ​ឡោ សាន វីរៈ​សិល្បករ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​គូសបញ្ជាក់​អំពី​ទេពកោសល្យ​ដ៏​វិសេសវិសាល របស់​បុព្វបុរស​ខ្មែរ នៅក្នុង​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ និង​ការវិវត្ត និង​រីកចម្រើន​ឥតឈប់ឈរ​នៃ​ស្ថាបត្យកម្ម​ខ្មែរ ពី​សម័យមួយ​ទៅ​សម័យមួយ ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​ទេពកោសល្យ ដ៏​ខ្ពង់ខ្ពស់​របស់​ស្ថាបត្យករ​ខ្មែរ​បុរាណ។

លោក​បណ្ឌិត​បន្តថា “ក្រៅពី​ទេពកោសល្យ​ខាង​ការ​ផ្សែផ្សំ ធ្វើ​សំយោគ​ពី​សិល្បៈ​បរទេស និង​សិល្បៈ​ខ្មែរ​ជំនាន់មុនៗ ស្ថាបត្យករ​ខ្មែរ​បាន​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយទៀត​ដែលមាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ ស្របតាម​ទស្សនៈ​ខ្មែរ​សុទ្ធសាធ​ទៀតផង” ។

លោក​ព្រឹទ្ធាចារ្យ​ឡោ សាន បាន​គូស​បញ្ជាក់បន្ថែម ដោយបាន​លើកឡើង​ជា​ឧទាហរណ៍​ថា នៅ​សម័យ​ភ្នំ​ដា ខ្មែរ​បាន​លុង​ភ្នំ​ធ្វើជា​ប្រាសាទ​តាម​ទម្រង់ នៃ​សិល្បៈ​ឥណ្ឌា តែ​ក្រោយមក​ស្ថាបត្យករ​ខ្មែរ បាន​ច្នៃប្រឌិត​ពី​ជំនឿ​គោរព​នៅលើ​ទី​ខ្ពស់ ដូចជា​ភ្នំ​ធម្មជាតិ​មក​ជំនួស ដោយ​ការកសាង​ប្រាសាទភ្នំ​នៅលើ​ដី​រាប​ទៅវិញ ជាក់ស្តែង​ការសាងសង់​ប្រាសាទ​នៅ​សម័យ​ឧដុង្គ។

ជាការ​ពិតណាស់ ទស្សន​គោរព​ទី​ខ្ពស់​នេះ​ខ្មែរ​មាន​រួចមកហើយ តាំងពី​បុរេប្រវត្តិ​មកម្ល៉េះ ហើយ​លុះដល់​ពេលដែល​ឥណ្ឌា​ចូលមក​ដល់​ស្រុក​ខ្មែរ ក៏​ជំ​រុញឱ្យ​ទស្សនៈ​ទាំងពីរ​ដែល​ស្របគ្នា​នេះ រឹត​តែមាន​ឥទ្ធិពល​ខ្លាំង​ឡើង​ថែមទៀត ហើយ​វប្បធម៌​ដែល​ខ្មែរ​បាន​បង្កើត គឺជា​ការច្នៃប្រឌិត​ទាញយក​អរិយធម៌​បរទេស ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​អាច​ច្របាច់​បញ្ចូល​គ្នា​បាន មក​ធ្វើការ​កែច្នៃ​និង​បង្កើត​ថ្មី ឱ្យ​លក្ខណៈ​ជា​ព្រលឹង​នៃ​វប្បធម៌​ខ្មែរ​តាមបែប​ខ្មែរ។

រាជបណ្ឌិតសភា​នៃ​កម្ពុជា បាន​សិក្ខាសាលា​នេះ​បាន​ផ្សព្វផ្សាយ ជា​អត្ថបទ​ពិគ្រោះ​យោបល់ និង​បានជា​អនុសាសន៍ រួមវិភាគទាន​ដ៏​មានតម្លៃ សម្រាប់​ជា​ប្រយោជន៍ ទៅដល់​ស្ថាបត្យករ ខ្មែរ​ឱ្យមាន​ទេពកោសល្យ ការច្នៃប្រឌិត​ខ្ពស់​មាន​ទេព កោសល្យ​ខាង​ការ​ផ្សែផ្សំ​ធ្វើ​សំយោគ​ពី​សិល្បៈ​បរទេស និង​សិល្បៈ​ខ្មែរ​ជំនាន់មុនៗ ដើម្បី​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយ ដែលមាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ ជា​ប្រទីប​បំភ្លឺ​ផ្លូវ​សង្គម​កម្ពុជា ឱ្យមាន​ការអភិវឌ្ឍ​ឥតឈប់ឈរ ប្រកបដោយ​វឌ្ឍនភាព​រីកចម្រើន និង​សេចក្ដី​រុងរឿង​ជា​និរន្តរ៍៕