ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​មួយ នឹង​បង្ហាញ​នូវ​ការព្យាករណ៍​ពី​ទស្សនវិស័យ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ២០២១

ដោយ​គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក CBRE Cambodia នឹង​បង្ហាញ​របាយការណ៍​ស្តីពី ទស្សនវិស័យ​អចលនទ្រព្យ​កម្ពុជា សម្រាប់​ឆ្នាំ២០២១នៅ​ថ្ងៃទី១៧ កុម្ភៈ​ខាងមុខនេះ។

លោកស្រី អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១៥ កុម្ភៈ​កន្លងមក​ថា ពិត​ហើយ​ក្រុមហ៊ុន​នឹង​បង្ហាញ​នូវ​ការព្យាករណ៍ និង​ការវិភាគ​មួយចំនួន​ស្តីពី​ទស្សនវិស័យ សំរាប់​វិស័យ​អចលនទ្រព្យ​កម្ពុជា និង​ថ្នាក់​តំបន់​នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ។ លោកស្រី​បន្តថា របាយការណ៍​ស្តីពី​ទស្សនវិស័យ និង​ការព្យាករណ៍​ពី​ស្ថានភាព​អចលនទ្រព្យ​ឆ្នាំនេះ នឹងមាន​សូចនាករសំខាន់ៗ ដែល​នឹងត្រូវ​លើកមកបង្ហាញ ខណៈ​ទីផ្សារ​កម្ពុជា​ទោះបី​មាន​ភាព​រងគ្រោះ​ដោយ​វិបត្តិ​កូ​វីដ១៩ ប៉ុន្តែ​កម្ពុជា​នៅមាន​ភាពល្អប្រសើរ បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់់។

ក្រុមហ៊ុន CBRE Cambodia តែងតែ​ធ្វើការ​សិក្សា និង​វិភាគ​ពី​ស្ថានភាព​ទ​ទីផ្សារ​អចលនទ្រព្យ​នៅតាម​បណ្តា​ប្រទេស​នានា ជា​រៀងរាល់ឆ្នាំ​ជាមួយនឹង​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ។

លោកស្រី អាន សុធី​តា ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “ទោះបីជា​កម្ពុជា​មាន​ភាព​រងគ្រោះ ប៉ុន្តែ​ទីផ្សារ​នេះ​នឹង​ឆាប់​ងើប​ឡើងវិញ​ពី​វិបត្តិ លឿន​ជាង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់” ។ លោកស្រី​បន្តថា “ការវិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា មាន​ផលចំណេញ​ខ្ពស់​ពី​ការវិនិយោគ ដោយ​អត្រា​ចំណេញ​ប្រចាំឆ្នាំ​ស្ថិតក្នុង​រង្វង់៧ភាគរយ ខណៈ​ប្រទេស​ក្នុង​តំបន់​ដូចជា​ប្រទេស​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​ជាដើម​មាន​ផលចំនេញ​ពី​ការវិនិយោគ​ក្នុង​រង្វង់៤ភាគរយ​ប៉ុណ្ណោះ” ៕

គំរោង​សួន​កំសាន្ត​តម្លៃ ៦០លាន​ដុល្លារ ចាប់ផ្តើម​បើក​ឲ្យ​សាធារណៈជន​ចូលទស្សនា​កំសាន្តបណ្តើរៗ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ សួន​កំសាន្ត EURO Park តម្លៃ ៦០លាន​ដុល្លារ​អាមេរិក ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​បុរី​ប៉េង ហួត ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ បាន​បើក​ឲ្យ​សាធារណៈជន​ចូល​ទស្សនា​កំសាន្តបណ្តើរៗហើយ ប៉ុន្តែ​ការ​សម្ភោ​ធ​បើក​ដំណើរការ​ជា​ផ្លូវការ​មិនទាន់​កំណត់ពេល​ជាក់លាក់​ទេ។

អគ្គនាយក​ក្រុមហ៊ុន​បុរី​ប៉េង ហួត គ្រុប​លោក​ឧកញ៉ា ថៃ ម៉េង​លី បាន​ឲ្យ​ដឹង​តាម​អ៊ីម៉េល​កាលពីពេលថ្មីៗនេះ​ថា គំរោង​អភិវឌ្ឍន៍​នេះ​សួន​កំសាន្ត​លំដាប់ អន្តរជាតិ​នេះ ត្រូវបាន​អភិវឌ្ឍ​នៅលើ​ផ្ទៃដី​ជិត៨ហិកតា ជាមួយនិង​អគារ​សាលប្រជុំ ឬ​សាល​សំរាប់​រៀបចំ​អាពាហ៍ពិពាហ៍។

សួន​កំសាន្ត​នេះ​ត្រូវបាន​រចនា​ឡើង​តាមបែប​អឺរ៉ុប ដែលមាន​សំណង់​អគារ​ពិសេសប្លែកៗ និង​លំអរ​ទៅដោយ​សួន​ដើម​ដើមឈើធំៗ សងខាង​ទន្លេ​ដែល​អាច​ជិះទូក​បាន និង​មាន​ស្ពានស្អាតៗឆ្លងទន្លេ​ចំនូ​ន​បី ភ្ជាប់​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត។ ចំពោះ​ការរៀបចំ​តំបន់​ទៀតសោត យើង​បានរៀបចំ​ជា​តំបន់​អឺរ៉ុបផ្សេងៗគ្នា​ចំនួន ដូចជា តំបន់​ទី១ មាន​អគារ​រចនាបថ​បែប​ប្រទេស​ស្ក​ត់ឡែ​ន និង​អាឡឺម៉ង់​មជ្ឈិមសម័យ។

ចំណែក​តំបន់​ទី២ មាន​អគារ​រចនាបថ​បែប​ហូ​ឡង់ និង​បារាំង​សម័យកាល​រស់​ឡើងវិញ​នៃ​អរិយធម៌​រុងរឿង តំបន់​ទី៣ មាន​អគារ​រចនាបថ​បែប​អ៊ីតាលី​នៃ​ទន្លេ​វេ​នី​ស និង​តំបន់ផ្សេងៗទៀត។ អាគារនីមួយៗ ស្ថិត​នៅក្បែរ​មាត់ទន្លេ​នេះ នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ភោ ជនី​យ​ដ្ឋា​ន សម្បូរបែប មាន​អាហារ​អឺរ៉ុប ចិន ជប៉ុន ខ្មែរ។ល។ អ្នកទស្សនា​អាច​សម្រាកលំហែ និង​ពិសារ​អាហារ​ដ៏​មានឱជារស់​គ្រប់​ប្រភេទ​បាន​នៅទីនេះ។

លោក​ឧកញ៉ា ថៃ ម៉េង​លី ធ្លាប់បាន​បន្តថា ដោយ​សារភាព​ច្នៃប្រឌិត​ខ្ពស់ និង​ធ្វើឡើង​ដោយ​វិស្វករ និង​ស្ថាបត្យករ​ជាតិ និង​អន្តរជាតិ បានធ្វើ​ឲ្យ​គំរោង​នេះ​ទទួលបាន​ពាន​ចំនួន​ពីរ គឺ​ពានរង្វាន់​ផ្នែក​ស្ថាបត្យកម្ម​ឌិ​ហ្សា​ញ​សួន​លំហែរ ដែល​ល​ជាងគេ​លំដាប់​ផ្កាយ​ប្រាំ​នៅ​ឆ្នាំ២០១៦ និង​ពានរង្វាន់​ផ្នែក​អភិវឌ្ឍ​សួន​លំហែរ ដែល​ល្អ​ជាងគេ​នៅ​កម្ពុជា ប្រចាំឆ្នាំ២០១៧ ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អន្តរជាតិ ដែលមាន​ការិយាល័យ​នៅ ប្រទេស​អង់គ្លេស។

លោក​បន្តថា “គំរោង​នេះ​នឹង​បើក​ដំណើរការ​ស្វាគមន៍ អ្នក​ដែល​រស់នៅក្នុង​បុរី​ប៉េង​ហួត និង​សាធារណៈជន​ទូទៅ ដែល​ស្វែងរក​កន្លែង​សម្រាកលំហែរ និង​ញ៉ាំ​អាហារ​ប្រកបដោយ​ផាសុកភាព។ លោក​ឧកញ៉ា​បន្តថា “ក្រុមហ៊ុន​ចាប់​អារ​ម្ម​ណ៏​ក្នុងការ​វិនិយោគ​ឡើង​គឺ​ក្នុង​គោលបំណង ផ្ដល់​ទីកន្លែង​ស្អាត​សំរាប់​លំហែ​កំសាន្ត ញ៉ាំ​អាហារ​ដល់​អ្នក​រស់នៅក្នុង​បុរី​ប៉េង​ហួត និង​សាធារណៈជន​ទូទៅ និង​ជាពិសេស​គឺ​ដើម្បី​ចូល​រូ​ម​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ ដោយ​នាំមក​នូវ​គំរោង​ថ្មី​ស្អាត ដែល​មិនដែល​ធ្លាប់​មាននៅ​ស្រុក​ខ្មែរ​ពីមុន ជូន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ។

ចំពោះ​ការ​ចូលមក​ទស្សនា និង​កំសាន្ត ក្នុង​គំរោង​នេះ​នឹងមិន​តម្រូវ​ឲ្យ​មាន​ការទិញ​សំបុត្រ​ទេ។

អ្នកនាង Grace Rachny Fong នាយិកា​គ្រប់គ្រង​ទូទៅ​នៃ Century21 Cambodia បាន​ថ្លែងថា កាលពីពេលថ្មីៗនេះ អ្នកនាង​បាន​នាំ​អ្នក​អភិវឌ្ឍន៍​មកពី​អូស្ត្រាលី ចូលមក​មើល​បុរី​នេះ ហើយ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​នឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដែល​បានរៀបចំ​យ៉ាង​ល្អ​របស់​បុរី​ប៉េង ហួត។ ដូច្នេះ​នៅពេល​ពួកគេ​វិនិយោគ​សួន​កំសាន្ត​បន្ថែម​ក្នុង​បុរី​នេះ នឹងធ្វើ​ឲ្យ​បុរី​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ផ្តល់​ផាសុខភាព​ក្នុងការ​រ​រស់នៅ​ដល់​អតិថិជន ដែល​បាន​ទិញ​លំនៅដ្ឋាន​ក្នុង​គំរោង​នេះ។

អ្នកនាង​បន្តថា “ការវិនិយោគ​លើ​សួន​កំសាន្ត​នេះ ជា​យុ​ទ្ឋ​សាស្ត្រ​របស់​ម្ចាស់​បុរី​នេះ ដើម្បី​បង្កើន​ភាព​ទាក់ទាញ ហើយ​ពេលអនាគត​ខ្ញុំ​ជឿថា តម្លៃ​លំនៅដ្ឋាន​ក្នុង​បុរី​នេះ​នឹង​បន្ត​កើនឡើង​បន្ថែមទៀត” ៕

កម្ពុជា​មិនទាន់មាន​ក្រុមហ៊ុន​អាកាសចរណ៍​ប្រកាស​ក្ស័យ​ទុន​នៅឡើយ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្នុង​រយៈពេល​ជិត១ឆ្នាំ ដែល​កើតមាន​វិបត្តិ​សេដ្ឋកិច្ច ជា​សាកល​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ១៩ ដែល​ប៉ះពាល់​ដល់​ប្រតិបត្តិការ​អាកាសចរណ៍​គ្រប់​ប្រទេស​នោះ ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា នៅ​មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​ប្រកាស​ពី​ការដួលរលំ ឬ​ក្ស័យ​ទុន​នៅឡើយ​នោះទេ។

លោក​ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃ​ដើម​សប្ដាហ៍​នេះ​ថា នៅក្នុង​អំឡុង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ១៩ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បានធ្វើ​កិច្ច​អន្ដរាគមន៍​ដល់​ក្រុមហ៊ុន ដែល​ប្រកប​របរ​លើ​វិស័យ​អាកាសចរណ៍ បើទោះជា​ការអន្ដរាគមន៍​នេះ​នៅមានកម្រិត​កដោយ។

លោក​បន្តថា “យើង​មិនទាន់​ឃើញ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយណា ប្រកាស​ពី​ការ​ក្ស័យធន​របស់ខ្លួន​ឡើយ ពោលគឺ​មានតែ​វិធីសាស្ត្រ​កាត់បន្ថយ​បុគ្គលិក កាត់បន្ថយ​ប្រាក់ខែ​បុគ្គលិក ដើម្បី​សម្រាល​ការលំបាក​របស់ខ្លួន” ។ លោក​បាន​បន្តថា “មើល​ពី​ស្ថានភាព​ជាក់ស្ដែង​កម្រិត​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុ​ជា នៅមានកម្រិត​នៅឡើយ ដូច្នេះ​ប្រសិនបើ រដ្ឋាភិបាល​ផ្តល់​ទំនុកបម្រុង​លើ​វិស័យ​ឯកជន​ទាំងអស់ កម្ពុជា​នឹង​ប្រឈម​ការខ្វះខាត និង​ជួប​បញ្ហា​ជាច្រើន” ។

លោក​បន្តថា ថ្វី​ត្បិត​បែបនេះ​ក៏ពិតមែន ប៉ុន្ដែ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា មិន​លែងដៃ​នោះទេ ដោយបាន​ផ្ដល់​អន្ដរាគ​មន៍​មួយចំនួន ដែល​អាចឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ទទួលយកបាន។

លោក​ស៊ិន ចាន់​សិរី​វុត្ថា​បានបញ្ជាក់​ទៀតថា យើង​ដឹង​ហើយ​ថា​ក្នុង​វិបត្តិ​កូ​វីដ១៩នេះ រាជរដ្ឋាភិបាល​បានផ្ដល់​កិច្ច​អន្តរាគមន៍ ចំពោះ​ក្រុមហ៊ុន​ដែល​ទទួលរង ផលប៉ះពាល់​នៅក្នុង​វិស័យ​អាកាសចរណ៍​នេះ ប៉ុន្តែ​សម្រាប់​ការអន្តរាគមន៍​នេះ គឺ​នៅមានកម្រិត​នៅឡើយ ដោយសារ​ប្រទេស​យើង​នៅមានកម្រិត។ ជាទូទៅ​យើង​មិនទាន់​ឃើញ​មាន​ក្រុមហ៊ុន​ណា​ប្រកាស​ក្ស័យធន​នៅឡើយ ប៉ុន្តែ​យើង​ឃើញ​មានការ​លំបាក​របស់​ក្រុមហ៊ុន ដូចជា​កាត់បន្ថយ​បុគ្គលិក កាត់បន្ថយ​ប្រាក់ខែ មាន​បំណុល​ច្រើន​ជាមួយ​អ្នកផ្ដល់​សេវា​គាំទ្រផ្សេងៗជាមួយ​គាត់ ប៉ុន្តែ​មិនទាន់​ក្ស័យធន និង​កំពុងមាន​ការលំបាក​ក្នុង​ការធ្វើ​អាជីវកម្ម។

តាម​តួលេខ​របស់​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល (SSCA) បានឱ្យដឹងថា អ្នកដំណើរ​ឆ្លងកាត់ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន៣របស់​កម្ពុជា ក្នុង​ឆ្នាំ២០២០កន្លងទៅ សរុប​មាន​ចំនួន២លាន១សែន​នាក់ ធ្លាក់ចុះ៧៩ភាគរយ​បើ​ប្រៀបធៀប នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ។

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួលបាន​អ្នកដំណើរ១,៣លាន​នាក់ ធ្លាក់ចុះ៧៦ភាគរយ។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ទទួលបាន​អ្នកដំណើរ​ចំនួន ៦១៨,៦៦៣នាក់ ធ្លាក់ចុះ៨៣ភាគរយ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ ទទួលបាន​អ្នកដំណើរ​ចំនួន២១៤,៩៦៩នាក់ ធ្លាក់ចុះ៨៦.៣ភាគរយ៕

ក្រសួងឧស្សាហកម្មចាប់ផ្តើមប្រកាសទទួលពាក្យស្នើសុំបញ្ជាក់គុណភាពទំនិញ

ដោយ: គង់ សូរិយា

ភ្នំពេញ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលរបស់ម្ចាស់រោងចក្រ សហគ្រាស សិប្ប​កម្ម ចាប់ពីពេលនេះតទៅដោយមិនគិតថ្លៃសេវា។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព ចុះថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើការជម្រាបដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មនៅទូទាំងប្រទេសកម្ពុជាថា ដើម្បីជំរុញលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយះការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណងការជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអតិថជន។

សេចក្តីប្រកាសដដែលបានបន្តថា ពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ ចូលតែមួយរបស់ក្រសួងឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហើ​យការស្នើសុំបញ្ជាក់ផលិតផលកម្ពុជា មានគុណភាព និងសុវត្ថិភាព ជាសេវាស្ម័គ្រចិត្ត។

ក្រសួងឧស្សាហកម្ម បានស្នើរម្ចាស់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់មេត្តារួសរាន់មកដាក់ពាក្យសុំ សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីក្រសួងពិនិត្យសម្រេចផ្តល់និមិត្តសញ្ញានិតិវិធី ដូចបានជូនភ្ជាប់មកជាមួយ សម្រាប់យកទៅបោះពុម្ពលើសំបកវេចខ្ចប់ផលិតផល និងចរាចរផលិតផលនៅលើទីផ្សារទំនើប ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់៕

គម្រោងខុនដូជប៉ុនតម្លៃ៧០លានដុល្លារគ្រោងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ

ដោយ:ស៊ីវ ម៉េង

ភ្នំពេញៈ គំរោងសាងសង់ខុនដូតម្លៃសមរម្យដំបូងគេរបស់ជប៉ុន ដែលវិនិយោគទឹកប្រាក់៧០លានដុល្លារអាមេរិក នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ខណៈគំរោងនេះទទួលបានជោគជ័យលើការលក់។

គិតរហូតមកទល់ពេលនេះ ​ការសាងសង់​ដំណាក់កាល​ទី ១ សម្រេច​បាន​ប្រមាណ ៩០ ​ភាគរយ និង​ដំណាក់កាល​ទី​ ២ បាន​ប្រមាណ ៣០ ​ភាគរយ ខណៈ​គម្រោង​ទាំងមូល​នឹងត្រូវ​បញ្ចប់​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ​ ២០២២​។

លោក អៀង សុធារ៉ា សហស្ថាបនិក​ក្រុមហ៊ុន Arakawa Co., Ltd​ ដែលជាក្រុមហ៊ុនវិនិយោគគម្រោងArakawa Residenceបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុននេះបានសាងសង់Arakawa Resident លើ​ផ្ទៃដី១,៣៦ ហិកតា​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ គម្រោង​ដែល​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ នេះ​ត្រូវបាន​ចែកចេញ​ជា ២ ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ មាន​អគារ​កម្ពស់​ ២១ ​ជាន់​ចំនួន ១០ ​អគារ ស្មើនឹង ១ ៦៨០ យូនីត និង​ដំណាក់កាល​ទី​២ មាន ៦ ​អគារ ស្មើនឹង ១ ៤៨៤ យូនីត​ (​ពីមុន​មាន ១ ២៨០)​។ បន្ទប់​ក្នុង​គម្រោង​នេះ​មាន​ ២ ប្រភេទ គឺ​ទំហំ ២៣ ម៉ែត្រការ៉េ និង​៤៦​ម៉ែត្រការ៉េ​។

លោកអៀង សុធារ៉ាបានមានប្រសាសន៍ឲ្យសារព៌តមានក្នុងស្រុកមួយដឹងកាលពីពេលថ្មីៗនជថា ជាមួយ​នឹង​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ​១០០០​នាក់ ​ក្នុង១​ថ្ងៃ និង​ធ្វើឡើង​ទាំង​ថ្ងៃ-យប់ បច្ចុប្បន្ន​គម្រោង​នេះ​បានបញ្ចប់​ដំណាក់កាល​ទី​១ ​ស្ទើរ​ទាំងស្រុ​ង​ហើយ ដោយ​នៅសល់​តែ​ការរៀបចំ​ខាងក្នុង និង​ការសម្អាត​ប៉ុណ្ណោះ ។ចំណែកខុនដូ​ដំណាក់កាល​ទី​២ បាន​ឡើងដល់​ជាន់​ទី​៧ ហើយ​គ្រោង​នឹង​ឡើងដល់​ជាន់​ទី​២១ នៅក្នុង​ខែមិថុនា ឆ្នាំ​២០២១​។

លោក​បន្តថា “តាម​ការរំពឹង​ទុក អតិថិជន​ក្នុង​ដំណាក់កាល​ទី​១ អាច​នឹង​ចូល​ស្នាក់​នៅបាន​ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១និង​ដំណាក់កាល​ទី​២ នៅ​ពាក់កណ្តាល​ឆ្នាំ​២០២២​​។លោកបន្តថា​ “គំរោងArakawa Residence ជា​គម្រោង​មានតម្លៃ​សមរម្យ ដែល​ត្រូវបាន​សាងសង់​ឡើង​ប្រកប​ដោយ​គុណភាព​កម្រិតស្តង់ដា”។

លោកអៀង សុធារ៉ាបាន​បន្ថែមថា​ ​សម្រាប់​គម្រោង​អគារ​ក្នុង​ដំណាក់កាល​ទី​២ នឹង​ត្រូវ​​រួចរាល់​នៅ​អំឡុង​ខែ​ ៦ ឆ្នាំក្រោយ ដូច្នេះ​ខ្ញុំ​គិតថា ត្រឹម​ពាក់កណ្តាល​ឆ្នាំ​ ២០២២ ការសាងសង់​គម្រោង​ទាំងមូល​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ”​។

កត្តា​ទីតាំង និង​តម្លៃ​បាន​ធ្វើឱ្យ​ការលក់​របស់ Arakawa Residence មាន​ដំណើរការ​ទៅមុខ​យ៉ាង​លឿន ជាក់ស្តែង​មកដល់​ពេល​នេះ ការលក់​ដំណាក់កាល​ទី​១ សម្រេចបាន ១០០ ​ភាគរយ និង​ដំណាក់កាល​ទី​២ បាន​ប្រមាណ២០​ភាគរយ​។

ទាក់ទង​នឹង​កែសម្រួល​ចំនួន​យូនីត ​ក្នុង​ដំណាក់កាល​ទី២ ដែល​ពីមុន​មាន​ត្រឹម ១ ២៨០ ​យូនីត ហើយ​ត្រូវបាន​កែ​ទៅជា១ ៤៨៤ ​យូនីត​នោះ​លោក​បាន​ប្រាប់ថា ដើម្បី​តម្រូវ​ទៅតាម​ការចង់​បាន​ក្នុង​ទីផ្សារ​។

លោក សុធារ៉ា និយាយថា “​តម្លៃ​របស់ Arakawa Residence បើ​ធៀប​នឹង​តម្លៃ​ដី តម្លៃ​សំណង់ និង​តម្លៃ​ពលកម្ម គឺ​គេ​មិនអាច​រក​ទិញ​គម្រោង​ណា​ ដែល​ល្អ​បែបនេះ​បានទេ​នាពេល​នេះ”៕

 

រដ្ឋាភិបាលកែសម្រួលពន្ធនាំចូលរថយន្តជាថ្មី ខណៈអ្នកនាំចូលមានសុទិដ្ឋិនិយម

ដោយៈ លក្ខិណា

ភ្នំពេញៈ យោងតាមអនុក្រឹត្យមួយ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តន៍ ក្នុងឆ្នាំ២០២១នេះ ឃើញរដ្ឋាភិបាលសម្រេចបន្ធូរបន្ថយ អត្រាអាករពិពេសលើប្រភេទរថយន្តមួយចំនួន។

នេះគឺជាការចង់បានរបស់អ្នកនាំចូលរថយន្តថ្មីៗ មកកាន់ទីផ្សារកម្ពុជា ហើយរំពឹងថា ការនាំចូលរថយន្តថ្មីៗមកកាន់ទីផ្សារប្រទេសកម្ពុជា នឹងកើនឡើងមួយកម្រិត ក្នុងឆ្នាំ២០២១។

លោកងន សាំងអគ្គនាយកក្រុមហ៊ុនអ អិម អេខេមបូឌា បានថ្លែងប្រាប់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា យោងតាមការប្រកាស របស់រដ្ឋាភិបាលក្នុងការបន្ធូបន្ថយពន្ធ អាករពិសេសនេះ នឹងធ្វើឱ្យតម្លៃរថយន្តលក់លើទីផ្សារ ក្នុងប្រទេសនឹងធ្លាក់ចុះបានមួយកម្រិត ហើយនឹងធ្វើឱ្យប្រជាជនកម្ពុជា មានលទ្ធភាពទិញរថយន្តថ្មីៗកាន់តែច្រើន ដូច្នេះក្នុងឆ្នាំ២០២១នេះ ទីផ្សាររថយន្តថ្មីនៅក្នុងប្រទេសកម្ពុជារំពឹងថា នឹងមានកំណើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះក្នុងឆ្នាំ២០២០កន្លងទៅ ដោយសារតែកូវីដ១៩។

លោកបន្តថា “ថ្វីត្បិតតែរដ្ឋាភិបាលមិនបានបន្ធូបន្ថយពន្ធ លើរថយន្តគ្រប់ប្រភេទក្ដី តែក៏បានត្រឹមរថយន្តលក្ខណៈគ្រួសារ ( រថយន្ត SUV) ក៏វានឹងជួយដល់វិស័យឧស្សាហកម្មយានយន្តមួយកម្រិតផងដែរ ដែលនឹងជំរុញឱ្យការប្រើប្រាស់រថយន្តថ្មី នៅក្នុងប្រទេសកម្ពុជា បានកើនឡើងមួយកម្រិតទៀតដែរ”។

លោកងន សាំងបានថ្លែងថា យើងចង់ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន មានលទ្ធភាពក្នុងការប្រើប្រាស់រថយន្តថ្មី ព្រោះរថយន្តថ្មីៗ វាមានសុវត្ថិភាព មិនបង្កគ្រោះថ្នាក់ និងមិនចំណាយច្រើនក្នុងការថែទាំ ឬក៏ជួសជុល ដូច្នេះបើសិនជាពន្ធត្រូវបានកាត់បន្ថយ នោះតម្លៃរថយន្តថ្មីនឹងធ្លាក់ចុះ ហើយពលរដ្ឋនឹងមានលទ្ធភាព ទិញរថយន្តប្រើប្រាស់កាន់តែច្រើន។

លោកបន្តថា កាលពីប៉ុន្មានឆ្នាំមុន ទីផ្សាររថយន្តថ្មី នៅកម្ពុជា មានប្រមាណតែជាង១០ភាគរយប៉ុណ្ណោះ តែចូលដល់ឆ្នាំ២០២០កន្លងទៅ ទីផ្សាររថយន្តថ្មីៗ មានប្រមាណជាង២០ភាគរយ ដែលជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យរថយន្តថ្មីនៅកម្ពុជា ហើយយើងអាចរំពឹងថាអត្រានៃអ្នកប្រើប្រាស់រថយន្តថ្មីៗ នឹងមានកំណើនថែមទៀតនៅឆ្នាំបន្តបន្ទាប់។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា មុខទំនិញរថយន្ត រថយន្តគ្រួសារ ដែលជារថយន្តប្រើថាមពលប្រេងសាំង ឬហ្គាសនិងរថយន្តប្រភេទ Hybrid ចំនួនបន្ទាត់ ត្រូវបានបន្ធូបន្ធយអត្រាអាករពិសេសពី៣០ភាគរយ មកនៅត្រឹម២០ភាគរយ បញ្ចុះអត្រាអាករពិសេស ពី៦០ភាគរយនៅត្រឹម៥០ភាគរយ លើមុខំនិញរថយន្តប្រើថាមពលប្រេងសាំង ឬហ្គាសឬប្រេងម៉ាស៊ូត និងរថយន្តប្រភេទHybrid ចំនួន២៣១បន្ទាត់ពន្ធ បញ្ចុះពី៦៥ភាគរយ មក៥០ភាគរយ លើមុខទំនិញជារថយន្តប្រភេទHybrid ចំនួន២០បន្ទាត់ពន្ធនិងពី៧០ភាគរយ មកនៅ៥៥ភាគរយលើមុខទំនិញ ជារថយន្តប្រើថាម​ពលប្រេងសាំង ហ្គាសឬប្រេងម៉ាស៊ូត ចំនួន៣០បន្ទាត់ពន្ធ និងបញ្ចុះជាច្រើនបន្ទាត់ពន្ធទៀតផងដែរ៕

តើការត្រួតពិនិត្យ និងបញ្ជាក់ពីគុណភាពសំណង់មានសារៈសំខាន់ដូចម្តេច?

ដោយ:គង់ សូរិយា

ភ្នំពេញៈ ការត្រួតពិនិត្យនិងបញ្ជាក់ពីគុណភាពសំណង់ ពិតជាមានសារៈសំខាន់ដែលមានចែងនៅក្នុងច្បាប់ស្តីពីសំណង់កម្ពុជា ដែលជាច្បាប់មួយដ៏មានសារៈសំខាន់ក្នុងការលើកកំពស់គុណភាព បទដ្ឋានសំណង់នានា និងដើម្បីទាក់ទាញការវិនិយោគពីបរទេស។

វិស័យសំណង់នៅកម្ពុជា ក៏ត្រូវបានរឹតបណ្តឹងជាងមុន ក្នុងគោលបំណងដើម្បីរក្សានូវគុណភាណ និងសុវត្ថិភាព ជារួមរបស់គម្រោងនានា។ ក្នុងនោះការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយអ្នកមានវិជ្ជាជីវៈ ឬក្រុមហ៊ុនមានអាជ្ញាបណ្ណ ជាការងារមួយចំាបាច់ណាស់ មុននឹងការសាងសង់ រុះរើ ឬចាប់ផ្តើមប្រើប្រាស់សំណង់។

តើអ្វីជាមូលហេតុចាំបាច់ ដែលត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់? តើសំណង់ប្រភេទណាខ្លះ ទាមទារឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់ឲ្យមានភាពច្បាស់​លាស់?។ ការពិត ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ គឺជាការត្រួតពិនិត្យ ការវិភាគ ការគណនា ការបញ្ជាក់លើគម្រោងប្លង់ ទៅតាមសេចក្តីណែនាំបច្ចេកទេស ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។

ការដ្ឋានសំណង់ និងការងារសាងសង់ ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់សំណង់ មានដូចជា ទី១ គម្រោងប្លង់ប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើ មុនអាជ្ញាធរផ្តល់លិខិតអនុញ្ញាតពាក់ព័ន្ធ ទី២ ការងារសាងសង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាត ទី៣ សំណង់ដែលត្រូវបានសាងសង់ថ្មី ជួសជុល កែប្រែ ឬប្តូរមុខងារ មុនអាជ្ញាធរអនុញ្ញាតឱ្យចូលប្រើប្រាស់ ទី៤ សំណង់ និងបរិក្ខារសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពជាទៀងទាត់។

ទី៥ សំណង់ដែលមានហានិភ័យចំពោះមនុស្ស ទ្រព្យសម្បត្តិ ឬប៉ះពាល់ដល់សន្តិសុខសាធារណៈ និងទី៦ ឯកសារបច្ចេកទេស ការងារសាងសង់ ឬរុះរើសំណង់ដទៃទៀត៊។

យោងតាមឯកសារច្បាប់ដដែលបានឲ្យដឹងថា អ្នកដែលមានសិទ្ធិត្រួតពិនិត្យ និងបញ្ជា​ក់សំណង់ ត្រូវតែជាអ្នកមានវិជ្ជាជីវៈឬក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជា​ក់សំណង់ ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រដ្ឋាភិបាលក៏បានបង្កើតក្រុមការងារពិសេសសម្រាប់ត្រួតពិនិត្យ និងបញ្ជាក់សំណង់ដែលគម្រោងរបស់រដ្ឋ និងស្ថាប័នសាធារណៈដទៃទៀតផងដែរ ប៉ុន្តែក្នុងករណីចំាបាច់ ក្រុមការងារនេះ ក៏អាចត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់ស្ថាប័នឯកជនបានដែរ។

សំណង់ដែលបានសាងសង់មុនច្បាប់ស្តីពី សំណង់ចូលជាធរមាន អាចអនុវត្តការត្រួតពិនិត្យ និងបញ្ជាក់សំណង់បាន ប៉ុន្តែអ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ ត្រូវធ្វើប្លង់សម្រង់សំណង់ និងរបាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ជូនម្ចាស់សំណង់ ដើម្បីដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់៕

ក្រុមហ៊ុនចំនួន១០ និងសហគមន៍កសិកម្ម២សហការគ្នាទិញ និងលក់កសិផល

ដោយ: គង់ សូរិយា

ភ្នំពេញ: ដើម្បីជំរុញកំណើនផលិតកម្មកសិកម្មឲ្យរីកចម្រើន និងឆ្លើយតបតម្រូវការទីផ្សារតំណាងក្រុមហ៊ុនចំនួន១០ និងសហគមន៍កសិកម្មចំនួន២ នឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយកសិករ តំណាងបណ្តុំអាជីវកម្មចំនួន១៦ និងចុះ MoU ចំនួន២ សម្រាប់ការទិញលក់កសិផលជិត៣៤០០តោន ដែលមានតម្លៃសរុបប្រមាណ១,៤ លានដុល្លារ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយចប់ពិធីចុះហត្ថលេខាលើកិច្ចសន្យាចំនួន១៦ និងអនុស្សរណៈនៃការយោគយល់គ្នា(MoU)ចំនួន២ស្តីពីការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១នេះបានឱ្យដឹងថា ការចុះហត្ថលេខាសម្រាប់ការទិញ លក់កសិផលខាងលើ រួមមាន កិច្ចសន្យាចំនួន១៦ (បន្លែ១២ មាន់សាច់២ ស្វាយ១ និងឱឡឹក១។

ផលិតផលទាំងនោះរួមមាន ១.ក្រុមហ៊ុនអាគ្រីអន និងបណ្តុំអាជីវកម្មបន្លែទួលត្រពាំងស្រស់បំព្រង បន្លែ៧២០តោន ថ្លៃ៣៦០,០០០ដុល្លារ។ ២.ក្រុមហ៊ុន Green Fresh Market និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពស្វាយប្រទាល បន្លែ ១៨,៧តោន ថ្លៃ១៦ ៣០០ដុល្លារ។៣.ក្រុមហ៊ុន Bio Market និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពស្វាយប្រទាល បន្លែ ៣,៨តោន ថ្លៃ ៣ ១៥០ដុល្លារ។ ៤.ក្រុមហ៊ុន Natural Garden និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពពោធិ៍តាប៉ាង បន្លែ ១៩តោន ថ្លៃ ១៦ ៧០០ដុល្លារ។

៥.ក្រុមហ៊ុនGreen Garden និងបណ្តុំអាជីវកម្មបន្លែចំប៉ាព្រៃផ្តៅ បន្លែ ៦៤,៣តោន ថ្លៃ ៦២ ៥០០ដុល្លារ។ ៦.ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ក្រចាប់មានជ័យ បន្លែ១៨,៦តោន ថ្លៃ១៨ ៦០០ដុល្លារ។ ៧.ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព សាមគ្គី ភូមិថ្មីវាលវង់ បន្លែ១២,៦ តោន ថ្លៃ១២ ៦០០ដុល្លារ។ ៨.ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែបៃតងពង្រកងវ៉ា បន្លែ ៦តោន ថ្លៃ៣ ០០០ដុល្លារ។ ៩.ក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ និងបណ្តុំអាជីវកម្មបន្លែបៃតង គោកស្រុក បន្លែ ២៩តោន ថ្លៃ ៧ ២៥០ដុល្លារ។

១០.ក្រុមហ៊ុនមាសបៃតង និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ក្រុងសែនមនោរម្យ បន្លែ ១៦៤ តោន ថ្លៃ ២០៥ ២៥០ដុល្លារ។ ១១.សហគមន៍កសិកម្ម អមលាំង និងបណ្តុំអាជីវកម្មបន្លែ ភូមិដូនទិព្វ បន្លែ ៣៦៥ តោន ថ្លៃ ២៧៣ ៨៦០ដុល្លារ។ ១២.សហគមន៍បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ និងបណ្តុំអាជីវកម្មបន្លែ ភូមិទំពូង បន្លែ ៥០,២ តោន ថ្លៃ ៣៧ ៦៨០ដុល្លារ។ ១៣.ក្រុមហ៊ុន Green Fresh Market ជាមួយបណ្តុំអាជីវកម្មមាន់ស្រែល្ងៀងមានជ័យ មាន់សាច់ ១តោន ថ្លៃ ៦ ៥០០ដុល្លារ។

១៤.ក្រុមហ៊ុន Green Garden និងបណ្តុំអាជីវកម្មមាន់ មរតករុងរឿង មាន់សាច់ទម្ងន់ ១៨,៩ តោន ថ្លៃ១៣៥ ០០០ដុល្លារ។ ១៥. ក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព អូរស្វាយ ផ្លែឪឡឹកសាច់លឿង ១៨០តោន ថ្លៃ ៨១ ០០០ដុល្លារ។ ១៦. ក្រុមហ៊ុនអង្គរ Green និងបណ្តុំអាជីវកម្មស្វាយកែវរមៀតសាមគ្គីតំបែរ ស្វាយ ៩៧តោន ថ្លៃ ៣០ ៣០០ដុល្លារ។ ដោយឡែក MoU ២ផ្សេងទៀត គឺក្រុមហ៊ុន Green Feed និងបណ្តុំអាជីវកម្មដំឡូងមីសូភាស ដំឡូងមី ១ ០៧៥តោន ថ្លៃ ៩៤ ០០០ដុល្លារ និងក្រុមហ៊ុន Green Feed និងបណ្តុំអាជីវកម្មដំឡូងមី ល្វាលើ ដំឡូងមី ៥៥០តោន ថ្លៃ ៤៨ ០០០ដុល្លារ។

ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម បន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់) ធានាបានសន្តិសុខស្បៀង និងធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា “ការផ្សព្វផ្សា យបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE។ASPIRE បានដើរតួនាទីយ៉ាងសំខាន់ ជាអ្នកជួយសម្របសម្រួល រៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផល ជាបណ្តុំអាជីវកម្មសរុបមានចំនួន១ ៩២០ មានសមាជិកចំនួន ៦១ ៧៣៥គ្រួសារ នៅទូទាំង ២៤រាជធានី-ខេត្ត។

មិនតែប៉ុណ្ណោះ ASPIRE ក៏បានជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារដើម្បីធ្វើឲ្យបណ្តុំទាំងនោះ ប្រកបអាជីវកម្មរបស់ខ្លួនពោរពេញ ទៅដោយវិបុលភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ធានាបាននូវនិរន្តរភាពផលិតកម្ម៕

រដ្ឋាភិបាលកំពុងរៀបចំបង្កើតប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែនានា

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងរៀបចំបង្កើតប្រព័ន្ឋផ្លាស់ប្តូរទិន្នន័យអេឡិកត្រូនិកតាមកំពង់ផែនានា ដើម្បីរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាតិ ជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ។

ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ(Port EDI)នឹងចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងការប្រមូល ចំណូលជាតិប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែនិងកាត់ បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រផងដែរ។

លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានបានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលរបាយការណ៍វឌ្ឍនភាព នៃការរៀបចំគម្រោងដំណើរការ ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែក្រោមកិច្ចសហការប្រកបយ៉ាងជិតស្និទ្ធរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ក៏ដូចជា ដើម្បីជំរុញលើកទឹកចិត្តឱ្យក្រុមការងារជំនាញពាក់ព័ន្ធទាំងអស់ខិតខំប្រឹងបំពេញការងាររបស់ខ្លួន ឱ្យទទួលបានលទ្ធផលផ្លែផ្កាតាមការគ្រោងទុក។

បច្ចុប្បន្ននេះ ក្រសួងកំពុងរៀបចំបង្កើតប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ អេឡិចត្រូនិកនៅកំពង់ផែ (Electronic Data Interchange)  ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវការនៃកប៉ាល់ចេញ-ចូលកំពង់ផែកម្ពុជា ក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ។

លោកបន្តថា “ឧត្ដមភាពនៃការប្រកួតប្រជែង នៅក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម មិនមែនអាស្រ័យតែទៅលើហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែដ៏ល្អប្រសើរតែមួយមុខប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏អាស្រ័យទៅលើប្រព័ន្ធគ្រប់គ្រងតាមប្រព័ន្ធឌីជីថលផងដែរ”។

លោកបន្តថា នៅពេលដាក់ឲ្យដំណើរការប្រព័ន្ធនេះ ត្រូវជំរុញលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ប្រព័ន្ធ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសិក្សាស្វែងយល់ប្រព័ន្ធនេះឲ្យបានស៊ីជម្រៅ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ និងចៀសវាងនូវភាពមិនច្បាស់លាស់ធា នាដល់ការគ្រប់គ្រងការប្រមូលចំណូលជាតិ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងជាប្រយោជន៍ជូនសង្គមជាតិផងដែរ៕

ថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាចុះចែកអំណោយដល់កុមារក្នុងថ្ងៃនៃសេចក្តីស្រលាញ់់

ដោយៈសហការី

កំពង់ឆ្នាំងៈ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា សហការជាមួយក្រុមហ៊ុនUTRUST Investment Co, Ltdបានចុះចែកអំណោយដល់កុមារ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ នៅក្នុងខេត្តកំពង់ឆ្នាំង។

កម្មវិធីនេះរៀបចំដោយសមាគមន៏អ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ក្រុមហ៊ុនរាជសន្តសិត និងក្រុមហ៊ុនសម្រស់ធម្មជាតិសាខាពោធិ៏ចិនតុង បាននាំយកនូវអំណោយទៅចែកជូនក្នុងកម្មវិធី “ការចែករំលែកក្ដីស្រលាញ់១៤ កុម្ភៈ” ដល់សិក្សានុសិស្ស និងប្រជាពលរដ្ឋ នៅសាលាបឋមសិក្សា កំពង់ក្រចាប់ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងចំនួន២៨៥គ្រួសារ ស្រីមាន៦៥៨នាក់ ក្នុងនោះមានសាលា១ខ្នងមានសិស្សានុសិស្ស១២៥ស្រី៧៥ផងដែរ។

កម្មវិធីនេះមានការចូលរួមពីសំណាក់ឧកញ៉ា ម៉ន សុខា ជាស្ថាបនិកក្រុមហ៊ុនយូត្រាស់អ៊ីនវេសម៉ិន ឯ ក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមន៍អ្នកអភិវឌ្ឈន៍ដីឡូតិ៏កម្ពុជានិងអ្នកពាក់ព័ន្ឋមួយចំនួនទៀត។

លោកឧកញ្ញ៉ាផន វណ្ណិតជាស្ថបនិកក្រុមហ៊ុនរាជសន្តសិត និងជាអនុប្រធានសមាគ​មអ្នកអភិវឌ្ឈន៍ដីឡូតិ៏កម្ពុជា។លោក អ៊ី ពិសិដ្ធ ជាស្ថាបនិកនិងជាអគ្គនិយកក្រុមហ៊ុនបុរីធីវិសាគម្រោងទី៤ និងបច្ចុប្បន្នជាអគ្គនិយករបស់ក្រុមហ៊ុនអចលនទ្រព្យស្តារីកថេក និងមិនតែប៉ុណ្ណោះ លោកក៏ជាប្រធានតំណាងចែកចាយធំ របស់ក្រុមហ៊នសម្រស់ធម្មជាតិសាខាពោធិ៏ចិនតុងនិងអគ្គនាយិកា សារ៉ុម ពុទ្ធិកាសាខាពោធិ៏ចិនតុង។

ចូរចែករំលែកនូវធនធាន ដែលយើងមានជាមួយមនុស្ស ដែលត្រូវការជំនួយនិងក្តីស្រលាញ់ទៅកាន់ពួកគេដោយក្តីរីករាយ ទោះតិចក្តីច្រើនក្តីតាមលទ្ធភាព។ យើងជាគ្រួ​សារតែមួយ យើងត្រូវតែចេះជួយគ្នានៅគ្រាមានអាសន្ន។ យូត្រាស់តែងតែនៅជិតបងប្អូនជានិច្ចមិនថាជិត ឬឆ្ងាយឡើយ។ យូត្រាស់ជាទីទុកចិត្ត និងនៅតែបំរើពុកម៉ែបងប្អូនផ្នែកអចលនទ្រព្យ៕