ដោយៈ រ៉ាណេត 
ភ្នំពេញៈ អ្នកជំនាញផ្នែកខុនដូបានអះអាងថា កូវីដពិតជាបានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ប្រយោជន៍ក្នុងការធ្វើជំនួញ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ ជាពិសេសខុនដូ កំពុងផ្តល់ឱកាសដល់អ្នកវិនិយោគធំៗ ក្នុងការពង្រីកធនធានរបស់ខ្លួនបានយ៉ាងប្រសើរ ហើយក៏ជាឱកាសល្អដែលកម្រកើតមាននោះដែរ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គា បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះថា ទោះជាស្ថិតនៅក្នុងបរិបទ នៃសម័យកាលកូវីដនេះក៏ដោយ ទីផ្សារខុនដូកម្ពុជានៅតែអាចរក្សាបាននូវស្ថានភាពល្អប្រសើរនៅឡើយ។ ផ្ទុយទៅវិញនៅក្នុងសម័យកាលដែលកំពុងញាំញីដោយកូវីដនេះ អ្នកជំនួញធំៗបានឆក់យកឱកាសនេះ ដើម្បីពង្រីកធនធានរបស់ខ្លួនខណៈដែលតម្លៃអចលនទ្រព្យ ក៏ដូចជាខុនដូបានផ្តល់ឱកាសចំណេញយ៉ាងច្រើនសម្រាប់ពួកគេ រាប់ទាំងលក្ខខណ្ឌនៃការទិញកាន់តែមានភាពងាយស្រួល។
-->
 
 
លោកបន្តថា “នៅក្នុងដំណាក់កាលនេះ ដោយសារក្ដីបារម្ភពីកត្តាសុខវត្ថិភាព ជាពិសេសក្រោមការចូលរួមអនុវត្តន៍ តាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល មនុស្សភាគច្រើន កាត់បន្ថយការចេញក្រៅបើមិនចាំបាច់ ប៉ុន្តែមិនមែនមានន័យថា ប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារខុនដូនោះទេ”។ លោកបន្តថា “ទីផ្សារខុនដូមិនធ្លាក់នោះទេ ខ្ញុំជាអ្នកដែលស្ថិតនៅក្នុងវិស័យនេះស្រាប់ ជាក់ស្ដែងថ្ងៃនេះ ខ្ញុំទទួលបានការចរចារហូតដល់ចំនួន៣ជាន់ មិនមែន៣យូនីតនោះទេ”។
លោកខន គង្គារ បញ្ជាក់ទៀតថា នៅក្នុងបរិបទនេះ យើងឃើញថា អតិថិជនដែលទិញសម្រាប់តម្រូវការស្នាក់នៅ ជាក់ស្ដែងដែលជាជនជាតិខ្មែរនៅតែបន្តមាន ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺអតិថិជនដែលអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ ដែលពួកគេមើលឃើញពីឱកាសនៃការទទួលផលចំណេញ។ ពួកគេទិញ សម្រាប់ទុកវិនិយោគក្រោយពេលវិបត្តិជំងឺឆ្លង ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយនឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តជាតិរូបនេះបានបង្ហាញពីរំពឹងថា នៅពេលឆាប់ៗខាងមុខនេះ វិបត្តិកូវីដនឹងត្រូវបានកាត់បន្ថយជាមិនខាន បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ជាពិសេសការនាំយកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឱកាសវិនិយោគ និងឆក់យកផលចំណេញនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសទីផ្សារខុនដូដូចពេលបច្ចុប្បន្ននេះ មានមិនច្រើននោះទេ ខណៈដែលលក្ខខណ្ឌទិញ ក៏ដូចជាការផ្ទេរហិរញ្ញវត្ថុក៏មានភាពងាយស្រួលផងដែរនោះ៕