ក្រសួងទេសចរណ៍ចុះអនុស្សរណៈជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍តាមទីក្រុង

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងស្រុក និងការងារទីក្រុងស្អាត កម្ពុជាស្អាត ជាមួយនឹងការជំរុញការអភិវឌ្ឍសមត្ថភាពអាជីវករ ប្រកបរបរសេវាកម្មទេសចរណ៍ខ្នាតតូច ក្រសួងទេសចរណ៍ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា និងសារព័ត៌មានថ្មីៗ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)មួយ។

ការអនុស្សារណៈ ស្តីពី «ភាពជាដៃគូលើការលើកកម្ពស់វិស័យទេសចរណ៍ ទីក្រុងស្អាត និងការអភិវឌ្ឍសមត្ថភាពអាជីវករលក់ដូរនៅតាមផ្លូវ (Street Food Vendors) នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក DAVID WIGGLESWORTH នាយកក្រុមហ៊ុន កូកា-កូឡា, លោក គី សុខលីម ស្ថានិកសារព័ត៌មានថ្មីៗ រួមទាំងនាក់ពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត ផថដែរ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំង៣ បានឯកភាពគ្នាលើ៤ចំណុចសំខាន់ៗរួមមាន ទី១ ចូលរួមកម្មវិធីអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការប ណ្តុះបណ្តាលអាជីវកម្ម តាមផ្លូវខ្នាតតូចនៅតាមមូលដ្ឋាន ទី២ ចូលរួមធ្វើផែនការរួម ដើម្បីផ្តល់វគ្គបណ្តុះបណ្តាល និងការគាំទ្រនានាដល់ស្រ្តីជាម្ចាស់អាជីវកម្មខ្នាតតូច ទី៣ ចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបង្រៀនអនឡាញ សម្រាប់បណ្តុះបណ្តាលអាជីវករខ្នាត មីក្រូ និងកម្រិតគ្រួសារ ក្នុងការបង្កើនគុណភាពចំណីអាហារ អនាម័យ និងអភិវឌ្ឍន៍អាជីវកម្ម

និងទី៤ ផ្តល់វាគ្មិនទៅវិញទៅមក ដើម្បីចែករំលែកបទពិសោធន៍ពាក់ព័ន្ធវិស័យទេសចរ​ណ៍ទីក្រុងស្អាត ភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងសហគិ្រនភាព។

ភាគីទាំងពីរបានឯកភាពគ្នា ផ្តួចផ្តើមគំនិត និងសិក្សាលើយន្តការ ឬកម្មវិធីផ្លាស់ប្តូរ និងផ្តល់ជូនជាផលិតផល កូកា កូឡា ជាមួយនឹងការប្រមូលសំរាមដែលជាសំណល់ផ្លាស្ទីក។

លោកណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេ​ខាធិការនៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា គឺដើម្បីចូលរួមជួយជាគម្រោ​ងគំរូ និងសហការគ្នាចុះទៅបណ្តុះបណ្តាល ជំរុញការអប់រំការយល់ដឹង បណ្តុះបណ្តាលការរៀបចំអនាម័យ ដល់ប្រជាពលរដ្ឋលក់នៅតាមវិថីម្ហូបអាហារ ឱ្យកាន់តែមានភាពល្អប្រសើរឡើង និងអនុវត្តត្រឹមត្រូវតាមវិធាន របស់ក្រសួងទេសចរណ៍ ដើម្បីត្រៀមទទួលយកភ្ញៀវទេសចរនៅពេលដែលជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។

លោកបន្តថា “វិថីម្ហូបអាហារនៅពេលបច្ចុប្បន្ននេះ ពិតជាមានសារសំខាន់ណាស់ ព្រោះភ្ញៀវទេសចរ នៅពេលទៅកាន់គោលដៅទេសចរណ៍ គឺត្រូវការស្វែងយល់ពីអ្វីដែលជាម្ហូបអាហារនៅក្នុងតំបន់នោះ ហើយម្ហូបអាហារនៅតាមដងផ្លូវនេះ គឺជាភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមួយផងដែរ”។

លោកបានបន្តថា ដើម្បីលើកកម្ពស់វិថីម្ហូបអាហារនេះ នៅពេលខាងមុខក្រសួងនឹងរៀបចំការប្រឡងប្រណាំង ខេត្តមួយវិថីម្ហូបអាហារមួយ ដើម្បីធ្វើយ៉ាងណាបំផុសឱ្យទៅជាផលិតផលទេសចរណ៍មួយ សម្រាប់ទាំងទេសចរជាតិ និងអន្តរជាតិ ហើយដើម្បីឱ្យវិថីម្ហូបអាហារនេះអាចទាក់ទាញទេសចរណ៍ បានវាគឺត្រូវទាមទារឱ្យ មានការអនាម័យស្អាត នឹងមានស្ទង់ដារមួយត្រឹមត្រូវផងដែរ៕

សម្ដេចតេជោហ៊ុន សែនជំរុញការអនុវត្តគម្រោងសាងសង់ព្រលានយន្ដហោះខេត្តមណ្ឌលគីរីឱ្យបានឆាប់

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដឹកនាំសម្របសម្រួល និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះថ្មី ខ្នាតតំបន់នៅក្នុងខេត្តមណ្ឌលគីរី ដែលត្រូវបានទទួលសិទ្ធិអភិវឌ្ឍ និងវិនិយោគដោយក្រុមហ៊ុន Power China International Group ។

គណៈកម្មការដែលត្រូវបានបង្កើត ដើម្បីជំរុញការអនុវត្តគម្រោងសាងសង់ព្រលានយន្ដហោះថ្មីខ្នាតតំបន់ ដែលស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរីនេះ មានសមាសភាពសំខាន់ៗចំនួន១៣រូប ដោយមានលោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាប្រធានដឹកនាំ។

នៅក្នុងសេចក្ដីសម្រេច ដែលត្រូវបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ គណៈកម្មការខាងលើនេះនឹងត្រូវដឹកនាំ និងចរចាលើការរៀបកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ជាមួយក្រុមហ៊ុនPower China International Group ដើម្បីអនុវត្តន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី ខេត្តមណ្ឌលគីរី ព្រមទាំងដឹកនាំ ត្រួតពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍លើការសិក្សាទាំងឡាយណា ដែលពាក់ព័ន្ធដល់គម្រោ​ងហេដ្ឋារចនាសម្ព័ន្ធ ដោយសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

បន្ថែមពីនេះ គណៈកម្មការក៏ត្រូវដឹកនាំ និងចរចាលើការរៀបចំកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រួតពិនិត្យ វាយតម្លៃ ជំរុញ និងតាមដានកាតព្វកិច្ច សមិទ្ធកម្ម និងវឌ្ឍនភាពនៃការអនុវត្តន៍ គម្រោងការសាងសងហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានរបស់ក្រុមហ៊ុន Power China International Group រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធរហូតគម្រោងនេះត្រូវបានបញ្ចប់ជាស្ថាពរ។

ជាមួយគ្នានេះ ត្រូវពិនិត្យវាយតម្លៃ និងសម្រេចដាក់ចេញអនុសាសន៍ណែនាំចាំបា​ច់នានាដើម្បីដោះស្រាយបញ្ហាប្រឈម។ ក្នុងករណីមានវេទយិតភាព ត្រូវស្នើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងធ្វើរបាយការណ៍ និងលើកយោបល់ជូនរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញដំណើរការអនុវត្តគម្រោងការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយាន   ដ្ឋានថ្មីខ្នាតតំបន់ ខេត្តមណ្ឌលគីរីឱ្យបានជោគជ័យ៕

ក្រុមហ៊ុនអូស្ត្រាលីអះអាងថា តំបន់មេមត់ ខេត្តត្បូងឃ្មុំសក្តានុពលខ្ពស់ក្នុងការទាញយករ៉ែមាស

ដោយៈ ប៊ី

ត្បូងឃ្មុំៈ ក្រុមហ៊ុនRenaissance Minerals (Cambodia) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនEmerald Resources របស់អូស្ត្រាលីបានអះអាងថា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានសក្តានុពលខ្ពស់ក្នុងការទាញយករ៉ែមាស បន្ទាប់ពីក្រុមហ៊ុននេះទទួលបានជោគជ័យ ក្នុងការស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែមាសក្នុងតំបន់នេះ។ នេះបើយោងតាមលើកឡើងរបស់ក្រុមហ៊ុនកាលពីថ្មីៗនេះ។

គម្រោងរ៉ែមាសក្នុងស្រុកមេមត់ គ្របដណ្តប់លើផ្ទៃដីទំហំ១០៧គីឡូម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅ៩៥គីឡូម៉ែត្រ នៅទិសខាងកើតនៃគម្រោងរ៉ែមាសអូរខ្វាវ។

ក្រសួងរ៉ែ និងថាមពលកម្ពុជា បានផ្តល់ការយល់ព្រមដំបូង ដល់ក្រុមហ៊ុន ដើម្បីធ្វើការរុករករ៉ែមាស ហើយអាជ្ញាប័ណ្ណនឹងត្រូវបានចេញជាផ្លូវការ បន្ទាប់ពីការបញ្ចប់ឯកសារបទដ្ឋាន ហើយក្រុមហ៊ុនក៍ទទួលបានការវាយតម្លៃ ផលប៉ះពាល់បរិស្ថានការរុករក ដែលត្រូវបានអនុម័ត ដោយក្រសួងបរិស្ថានកម្ពុជាផងដែរ។

លោកMorgan Hart នាយកគ្រប់គ្រងក្រុមហ៊ុនបានថ្លែងថា គម្រោងមេមត់នឹងបំពេញបន្ថែមផលប័ត្រវិនិយោគ ដែលមានស្រាប់របស់ក្រុមហ៊ុន ហើយស្របនឹងគោលបំណង ក្នុងការបង្កើនការរុករកធនធានរ៉ែ នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនិងអភិវឌ្ឍន៍ធនធាន និងទុនបំរុងបច្ចុប្បន្នបន្ថែម របស់យើង។

លោកបានថ្លែងថា “វត្តមាននៃការងារសិប្បកម្ម ដែលកំពុងធ្វើការយ៉ាងសកម្ម ក្នុងតំបន់ថ្មី និងការចង្អុលបង្ហាញ នៃការផលិតរ៉ែមាសពីកំណត់ត្រាប្រវត្តិសាស្រ្ត ផ្តល់ឱ្យក្រុមហ៊ុននូវតំបន់អាជ្ញាប័ណ្ណរ៉ែមាស ដែលមានសក្តានុពលខ្ពស់មួយផ្សេងទៀត ដើម្បីបង្កើតធនធាន និងទុនបម្រុងបន្ថែមរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា”៕

ទីផ្សារដីធ្លីក្នុងក្រុងបាវិតនឹងចាប់ផ្តើមមានសន្ទុះឡើងវិញនៅចុងឆ្នាំ២០២១

ដោយៈរ៉ាណេត

ស្វាយរៀងៈ ទីផ្សារអចលនទ្រព្យនៅក្នុងក្រុងបាវិត នៃខេត្តស្វាយរៀងរហូតមដល់ពេលនេះនៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង ដែលបង្កឡើងដោយវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តស្វាយរៀងបានរំពឹងថា អាចនឹងងើបឡើងវិញនៅពេលខាងមុខឆាប់ៗនេះ ជាពិសេសទីផ្សារដីធ្លី ខណៈដែលគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើមគម្រោងក៏កំពុងបង្ហាញវត្តមាន។

លោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានប្រាប់ឱ្យដឹងកាលពីថ្ងៃចុងស ប្ដាហ៍កន្លងទៅនេះថា ខេត្តស្វាយរៀង គឺជាតំបន់អភិវឌ្ឍន៍ និងរួមចំណែកក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសច្រកព្រំដែនអន្តរជាតិ ដែលបម្រើដល់ការផ្លាស់ប្ដូរទំនិញជាច្រើនប្រភេទ។ ដោយឡែក សម្រាប់ទីផ្សារអចលនទ្រព្យ នៅក្នុងខេត្តកាលពីពេលកន្លងទៅ ក៏មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ មិនចាញ់បណ្តាខេត្តក្រុងមួយចំនួនរបស់កម្ពុជានោះទេ។

លោកបន្តថា “ដោយសារតែបញ្ហាកូវីដ ទីផ្សារអចលនទ្រព្យហាក់នៅទ្រឹងបន្តិច ប៉ុន្តែខ្ញុំជឿជាក់ថា វាមិនធ្លាក់ចុះខ្លាំងប៉ុន្មាននោះទេ គ្រាន់តែវានៅទ្រឹង ហើយបើយើងមើលពីស្ថានភាពបច្ចុប្បន្ននេះ វាមិនជាអីនោះទេ គ្រាន់តែថានៅពេលដែលវាដំណើរការឡើងវិញ វានឹងដើរលឿនតែម្តង ជាពិសេសចុងឆ្នាំ២០២១”។លោកថា “សម្រាប់ទីផ្សារដីធ្លីនៅក្នុងក្រុងបាវិតនេះ នឹងដំណើរទៅមុខលឿន ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែងនៃការរីកចម្រើននេះ បានធ្វើឱ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភ ហើយចេញលិខិតជូនដំណឹងមួយដល់ពលរដ្ឋកុំឱ្យទិញដីឡូតិ៍ណា ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ព្រោះវាមានហានីភ័យ។ រដ្ឋបាលខេត្តធ្វើនេះ គឺសំដៅចំពោះអ្នកដែលមិនត្រឹមត្រូវ សម្រាប់អ្នកដែលត្រឹមត្រូវគឺមិនអីទេ”។

លោកសុខ ប៊ុនធឿន ម្ចាស់គម្រោងដីឡូតិ៍នៅក្រុងបាវិតបានឱ្យដឹងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេស បានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងក្រុងបាវិតនៃខេត្តស្វាយរៀង បានបានស្ថានភាពស្ងប់ស្ងាត់ ហើយគម្រោងដីឡូតិ៍របស់លោក ក៏លក់មិនចេញដែរ។

លោកបន្តថា “នៅពេលដែលមានជនជនចិន ចូលមករស់នៅក្នុងតំបន់នេះ បានធ្វើឱ្យដីធ្លី ហើយអចលនទ្រព្យផ្សេងទៀតក៏មានសន្ទុះរីកចំរើន”។

ប្រជាពលរដ្ឋក្នុងតំបន់បានជួលផ្ទះទៅឱ្យពួកគេ ហើយបានលុយមកទិញដីទុក អ្នកខ្លះបាននាំគ្នាទិញដីទុក សម្រាប់សាងសង់អគារទុកជួលឱ្យជនជាតិចិន ប៉ុន្តែពេលនេះស្ងប់ស្ងាត់បន្តិច។

ទោះជាយ៉ាងណា លោកសុខ ប៊ុនធឿន រំពឹងថាទីផ្សារអចលនទ្រព្យ និងដីធ្លីនៅក្នុងក្រុងបាវិតនឹងមានសន្ទុះឡើងវិញ បន្ទាប់ពីកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយមានជនជាតិចិនត្រឡប់មករស់នៅ និងរកស៊ីក្នុងប្រទេសនាពេលខាងមុនេះ៕

សម្តេចតេជោចាប់ផ្តើមដាក់ចេញវិធានការណ៍៍ក្តៅចំពោះអ្នកគេចវេសមិនចូលរួមធ្វើចត្តាឡីស័ក

ដោយ:គង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តន៍វិធានការច្បាប់តាម “អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល” ឱ្យបានតឹងរឹងបំផុតចំពោះអ្នកព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ពិនិត្យឡើងវិញ ពីកម្រិតពិន័យនៅក្នុងអនុក្រឹត្យនេះផងដែរ ព្រោះវានៅទាបដែលនាំឱ្យបុគ្គលខ្លះមិនខ្លាចរអា។

បទបញ្ជា និងការណែនាំដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ បទបញ្ជា និងការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពលករខ្មែរ ឆ្លងមកពីប្រទេសថៃមួយចំនួន បានព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារសំឡេងយ៉ាងដូច្នេះ “ទន្ទឹមនឹងពិនិ  ត្យឃើញបងប្អូនភាគច្រើន ដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ ក៏មានបងប្អូនយើងមួយចំនួនបានធ្វើដំណើរគេចវេសពីតំបន់ ដែលត្រូវធ្វើចត្តាឡីស័កចូលមកផ្ទៃ ក្នុងប្រទេស ដែលជារឿងមួយ ដែលមិនអាចនឹងមិនយកវិធានការផ្លូវច្បាប់បានទេ។ សម្តេចបន្តថា “”នោះគឺនៅត្រង់ថា ប្រសិនបើយើងបណ្តែតបណ្តោយតទៅទៀត គឺនឹងមានរឿងកាន់តែធ្ងន់ធ្ងរ ហើយល្ងាចម្សិលមិញនេះដើម្បីចៀសវាងការធ្វើចត្តាឡីស័ក ហើយដើម្បីគេចចេញពីកម្លាំងល្បាត នៅតាមព្រំដែនមានពលរដ្ឋខ្មែរយើងម្នាក់ បានឆ្លងព្រំដែនហើយជាន់មីនដាច់ជើងនៅឯខេត្តបន្ទាយមានជ័យ

សម្តេចតេជោបានបន្តថា បើសិនជាយើងនៅបន្តតទៅទៀត អាចនឹងមានបងប្អូនមួយចំនួនគ្រោះថ្នាក់រហូតដល់ស្លាប់ ឬពិការដូចជាម្សិលមិញនេះច្បាស់ ជាពិការហើយ ព្រោះជើងនោះអាចនឹងត្រូវកាត់។ បន្ថែមលើនោះក៏អាចនឹងចម្លងមេរោគកូវីដ១៩ ពីក្រៅប្រទេសចូលមកក្នុងប្រទេស ដែលអាចនាំមកនូវគ្រោះមហន្តរាយសាជាថ្មី សម្រាប់ប្រទេសកម្ពុជារបស់យើង

ដើម្បីទប់ស្កាត់ចលនាគេវេសពីការធ្វើចត្តាឡីស័កនេះ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា ការអនុវត្តន៍វិធានការច្បាប់តាម “អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូលគឺជាយន្តការមួយក្នុងការទប់ស្កាត់ចលនាគេចវេសនេះ។

អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដែលបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ជំពូកទី៥ ស្តីពីទណ្ឌកម្ម ក្នុងមាត្រា៨ បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណា ដែលគេចវេសមិនឱ្យមន្ត្រីចត្តាឡីស័ក ធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តន៍វិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ២០ម៉ឺនរៀល ទៅ១លានរៀល ទៅតាមទំហំនៃបទល្មើស និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។

ក្នុងមាត្រានេះ បានចែងទៀតថា ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុត ពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេសពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រសួងសុខាភិបាល និងមន្ត្រីនៅតាមមូលដ្ឋានអនុវត្តន៍នូវវិធានការច្បាប់នេះឱ្យបានតឹងរឹង។ សម្តេចបន្តថា “ដូច្នេះខ្ញុំសូមស្នើឱ្យក្រសួងសុខាភិបាល ក៏ដូចជាមន្ត្រីមូលដ្ឋានអនុវត្តន៍នូវមាត្រា៨ ទាក់ទងនឹងការផាកពិន័យអន្តរកាលសម្រាប់អ្នកដែលគេចវេសពីការធ្វើចត្តាឡីស័កនេះឱ្យខាងតែបាន”។

ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យពិនិត្យកែប្រែមាត្រា៨នេះផងដែរ ព្រោះកម្រិតនៃការផាកពិន័យនៅទាប ដែលអាចនាំឱ្យជនមានធនធានមិនខ្លាចរអា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើយ៉ាងដូច្នេះថា ពិន័យនេះគឺវាជាវិធានការស្រាលណាស់ ប្រសិនបើមានបញ្ហាកើតឡើងពាក់ព័ន្ធទៅនឹងជំងឺឆ្លង ក៏ប៉ុន្តែយើងចាត់ទុកថា រឿងនេះ គឺតម្រូវចៀសវាងមិនបាន។ ខ្ញុំគិតថា ស្នើសុំរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាចធ្វើការកែតម្រូវ ធ្វើវិសោធនកម្មមាត្រា៨ឡើងវិញ ដោយបង្កើនចំនួនការពិន័យនេះឱ្យមានការកើនឡើង ព្រោះថាការពិន័យតិចតួចយ៉ាងនេះ គឺអាចធ្វើឱ្យអ្នកមានប្រាក់ចំណូលច្រើនគួរសមនោះ មិនខ្លាចជាមួយការបង់ប្រាក់នោះទេ។ សុំឱ្យពិនិត្យទៅលើបញ្ហាដទៃទៀតជាមួយក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ហើយនឹងក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្ម ឬក៏រៀបចំអនុក្រឹត្យស្តីអំពីចត្តាឡីស័ក អំពីវិធានការសុខាភិបាល ដែលយើងបានមានរួចមកហើយនេះ។ ប៉ុន្តែពង្រឹងចំណុចទាក់ទិនជាមួយបញ្ហាការធ្វើចត្តាឡីស័កបន្ថែមទៀត ដើម្បីធានាថា យើងអនុវត្តន៍ទៅគឺមានប្រសិទ្ធភាព។

តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់អនុវត្តន៍ឱ្យមានម៉ឺងម៉ាត់ លើមេខ្លោងដែលនាំមនុស្សឆ្លងព្រំដែន ហើយគេចពីការធ្វើចត្តាឡីស័កផងដែរ។

សម្តេចតេជោ បានរំលឹកថា មានមន្ត្រីនគរបាលម្នាក់នៅច្រកឡែម មានការឃុបឃិតដោះលែង ក្រុមនាំពលករឆ្លងដែនគេចពីការធ្វើចត្តាឡីស័ក។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ “ក្រៅពីនោះខ្ញុំសូមចេញបទបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះពួកមេខ្លោងដែលបាននាំមនុស្សឆ្លងកាត់ព្រំដែនដោយគេចផុតពីការធ្វើចត្តាឡីស័ក

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពលករឆ្លងពីថៃ ហើយចូលធ្វើចត្តាឡីស័កគិតត្រឹមយប់ថ្ងៃទី១៤ ខែកុម្ភៈ មានចំនួន ៣៥,៦៦៥នាក់។ ក្នុងនោះអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនទាំង៧ មានចំនួន ១១,៨៥៧នាក់។ក្នុងចំណោមអ្នកឆ្លងដែនពីប្រទេសថៃនេះ រកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ៨៩នាក់។

សម្រាប់អ្នកធ្វើចត្តាឡីស័កនេះ ក្នុងមួយថ្ងៃទទួលបានការឧបត្ថម្ភថវិកា២ម៉ឺនរៀល ដោយមិនគិតពីការឧបត្ថម្ភទឹកបរិសុទ្ធ ឬមី ក៏ដូចជាសម្ភារប្រើប្រាស់ដទៃទៀតនោះឡើយ៕

ឧកញ៉ានួន អកៈកំពតហាក់បានក្លាយជាខេត្តមានការអភិវឌ្ឍន៍លំនៅដ្ឋានធម្មជាតិឈានមុខគេ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ បច្ចុប្បន្នកំណើនវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា​ក្នុងនោះនិន្នាការនៃវិស័យលំនៅដ្ឋានបានកំពុងផ្លាស់ប្តូរគួរអោយកត់សម្គាល់ពោលទាំងតម្រូវការ និងស្តង់ដារនៃការរស់នៅមានលក្ខណៈកាន់តែប្រសើរឡើង។

វិស័យទេសចរណ៍កម្ពុជា ជាទីផ្សារដ៏ធំមួយដែលបានជួយជម្រុញ ដល់កំណើនវិស័យអចលនទ្រព្យ។ នៅពេលដែលចំនួនអ្នកទេសចរណ៍កើនឡើង ធ្វ្វើឲ្យការវិនិយោគលើវិស័យបដិសណ្ឋារកិច្ចមានការកើនឡើងផងដែរ។ បច្ចុប្បន្នអ្នកអភិវឌ្ឍន៍កំពុងសំឡឹងមើលពីតំបន់ និងឱកាសវិនិយោគនៅកម្ពុជាជុំវិញវិស័យលំ​នៅដ្ឋានលំហែកាយ និងរមណីយដ្ឋានបែបធម្មជាតិ។

លោកបន្តថា “បច្ចុប្បន្នខេត្តកំពត ហាក់បានក្លាយជាខេត្តដែលមានការអភិវឌ្ឍលំ​នៅ​ដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនគឺមកពីខេត្តកំពតដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុត”។ លោកបន្តថា“ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិ ក៏ឃើញថាមានកំណើនឡើង នៅក្នុងខេត្តមួយចំនួ​នទៀតដូចជា ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម”។​

បច្ចុប្បន្នខេត្តកំពត ហាក់បានក្លាយជាខេត្ត ដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន គឺមកពីខេត្តកំពតដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុត។ ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិក៏ឃើញថា មានកំណើនឡើងនៅក្នុងខេត្តមួយចំនួ​នទៀត ដូចជា ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។​

កម្ពុជាមានអំណោយផលស្រាប់ សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។

ឧកញ៉ា​ នួន​ អកបានអះអាងថា “វិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំងដែលសមស្រប បន្ទាប់មកអភិវឌ្ឍឲ្យត្រូវនឹងគោបំណង ដើម្បីបង្កើតជាតំបន់លំហែកាយប្រកប​ដោយនិរន្តរភាព”។លោកបន្តថា បើធៀបកម្ពុជាទៅនឹងសឹង្ហបុរី លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដើម្បីបង្កើតជាតំបន់ធម្មជាតិដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រី​ជាដើមមុននឹងកែច្នៃ តំបន់ណាមួយធ្វើជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។

លោកឧកញ៉ា នួន អក ខេត្ដកំពតបានឱ្យដឹងថា ខេត្តកំពតកំពុងមើលឃើញថាមានកំណើនលឿន សម្រាប់រមណីយដ្ឋានបែបធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

តំបន់នៅតាមបណ្តោយដងព្រែកកំពត មានសក្តានុពលច្រើនសម្រាប់ការ វិនិយោគរមណីយដ្ឋាន​បែបធម្មជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ ដីនៅជុំវិញក្រុងកំពតក្នុងរង្វង់៣០គីឡូម៉ែត្រ ត្រូវបានគេមើលឃើញថា  មានសក្តានុពលប្លែកៗគ្នា ទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំង នីមួយៗ កំពតមានភ្នំ ទឹកស្ទឹង ដងព្រែក និងសមុទ្រជាពិសេសកំពតឋានសួគ៌ាមានចំការផ្កាជាច្រើនហិតា ហើយលោកថាខេត្តកំពត មានសក្តានុពលជាច្រើនដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ។

លោកឧកញ៉ានួន អកបានបន្តថា កំពតមានតំបន់លាក់ខ្លួននិងតំបន់ថ្មីៗជាច្រើនដែលមិនទាន់មានគេស្គាល់នៅឡើយ មានដូចជាកំពតឋានសួគ៌ជាដើម។ ទូទៅរមណីយដ្ឋាន នៅកំពតកំពុងដាក់ជួលក្នុងតម្លៃចន្លោះពី២៥ដុល្លារ ទៅ៣៥ដុល្លារក្នុងមួយយប់។

លោកក៏បានលើកឡើងដែរថា រមណីយដ្ឋាន​បែបធម្មជាតិលក្ខណៈប្រណិតនៅក្នុងប្រទេស អាចមានតម្លៃរហូតដល់៣,០០០ដុល្លារក្នុងមួយយប់។ គឺជំរុញឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ ដើម្បីនាំយកគំនិតថ្មី ​និងប្លែកពីគេដើម្បីទទួលបានភាពជោគជ័យ​ គិតចាប់ពីការរចនា និងការសាងសង់រហូតដល់ម្ហូបអាហារ ភេសជ្ជៈ និងសុវត្ថិភាពសម្រាប់អ្នកមកស្នាក់នៅ៕

ក្រុមហ៊ុនអាមេរិកអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃរហូតដល់១ពាន់លានដុល្លារ ខណៈមានតម្រូវការខ្ពស់

ដោយៈ ម៉ាណេត

ភ្នំពេញៈ ភ្នាក់ងារអចលនទ្រព្យជាច្រើនបានរាយការណ៍ថា តម្រូវការអចលនទ្រព្យលើកោះឯកជន មានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បន្ទាប់ពីវិបត្តិកូវីដ១៩ បានធ្វើឱ្យពិភពលោក មានភាពជាប់គាំង។

ភ្នាក់ងារអចលនទ្រព្យម្នាក់ប្រាប់កាសែតញូវយ៉កថែមស៍ថា លោកមានពេលវេលាមមាញឹកបំផុត ក្នុងរយៈពេល២ខែចុងក្រោយ ក្នុងស្វែងរកអចលនទ្រព្យលើកោះឯកជន សម្រាប់អតិថិជន។

ជាមួយការអភិវឌ្ឍអចលនទ្រព្យបែបប្រណីតអណ្តែតទឹក ដែលចាប់ផ្តើមដំណើរការនៅជិតប្រទេសបាហាម៉ា (Bahamas) ក្នុងឆ្នាំ២០២៥ ចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរទីលំនៅទៅកន្លែងមានសុវត្ថិភាពមួយ នៅកណ្តាលសមុទ្រគឺនៅតែខ្ពស់។

ក្រុមហ៊ុនThe Blue Estate Group ទទួលបានសំណើទិញយ៉ាងសន្ធឹកសន្ធាប់ បន្ទាប់ពីបានបង្ហាញគម្រោងអភិវឌ្ឍន៍កោះ Blue Estate ដែលជាកោះសិប្បនិម្មិត (កោះបង្កើតឡើងដោយមនុស្ស) ខណៈតម្លៃអចលនទ្រព្យចាប់ផ្តើមពី១៩៨០០ដុល្លារ និងកើនឡើងដល់ជាង១ពាន់លានដុល្លារ។

ស្ថិតនៅចម្ងាយ២៥នាទី នៃការធ្វើដំណើរតាមយន្តហោះពីរដ្ឋធានី Nassau នៃប្រទេស Bahamas និងចម្ងាយតែ៩០នាទីពីទីក្រុងម៉ៃអាមី (Miami) កោះនេះនឹងមានទំហំ៤.៩២១ហ្វីត គុណ ៣.២៨០ហ្វីត (១.៥០០ម៉ែត្រ គុណ ១០០០ ម៉ែត្រ) មានទំហំពាក់កណ្តាលនៃប្រទេសម៉ូណាកូ និងអាចផ្ទុកអ្នករស់នៅអចិន្រ្តៃយ៍ បានរហូតដល់ទៅ ១៥,០០០នាក់។

យោងតាមក្រុមអ្នកអភិវឌ្ឍន៍បានឱ្យដឹងថា អ្នកដែលចាប់យកទីតាំងមួយនៅឯ “គេ​ហដ្ឋានឯកជនបំផុតលើពិភពលោក” នឹងត្រូវទទួលបានបទពិសោធន៍ ក្នុងការស្រូបយកពន្លឺព្រះអាទិត្យ ច្រើនជាង៣៤០ថ្ងៃជារៀងរាល់ឆ្នាំ ដោយសារលក្ខណៈពិសេសទីតាំងរបស់កោះនេះ។

លោកErik Schmidt ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនBlue Estate Group បានប្រាប់CNN Travel កាលចុងសប្តាហ៍កន្លងមកនេះថា “ដំបូងយើងមានការព្រួយបារម្ភថា តើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន អាចជះឥទ្ធិពលអវិជ្ជមានដល់គម្រោងនេះដែរឬទេ?”។

លោកបានបន្តថា“ប៉ុន្តែជាសំណាងល្អ វាផ្ទុយពីការគិតរបស់យើងទាំងស្រុង តំប​ន់មួយចំនួនក្នុងគម្រោងអភិវឌ្ឍន៍នេះ ត្រូវបានលក់អស់ ហើយក្រុមលក់កំពុងធ្វើវាល្អបំផុត ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណួររបស់អតិថិជន”។

តម្លៃអចលនទ្រព្យ មានចាប់ពី១៩,៨០០ដុល្លារអាផាតម៉ិន សម្រាប់ផ្ទៃខាងក្នុងដែលមានទំហំ២០ម៉ែត្រការ៉េ ផ្ទះអាផាតម៉ិន មានយ៉រមានតម្លៃចាប់ពី១៩៤,៤០០ដុល្លារ អាផាតមិនមានសួនច្បារ និងមាន៥បន្ទប់មានតម្លៃ៥៤លានដុល្លារ និងភូមិគ្រឹះចំនួន២ មានតម្លៃ១,១៥ពាន់លានដុល្លារក្នុងមួយយូនីត៕ CNN៕

កម្ពុជាស្វាគមន៍គម្រោងហោះហើរលើការដឹកទំនិញពីអាមេរិកមកកម្ពុជានៅដើមឆមាសទី២ឆ្នាំ២០២១

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោមការរៀបចំ និងសម្របសម្រួលឱ្យមានភាពងាយស្រួល ពីសំណាក់   រដ្ឋាភិបាលនៃប្រទេសទាំង២ នៅត្រឹមដើមឆមាសទី២ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដំណើរការលើការដឹកជញ្ជូនទំនិញច្រើនប្រភេទ មកកាន់កម្ពុជាតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនFedEx ដើម្បីគាំទ្រដល់វិស័យពាណិជ្ជកម្ម និងពង្រឹងសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅថា កម្ពុជា គឺជាប្រទេសដែលមានការទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ ជាងបណ្តាប្រទេសជិតខាងមួយចំនួន ហើយអាចទ្រទ្រង់បាននូវកំណើនសេដ្ឋកិច្ច ខណៈដែលបណ្តាប្រទេសជាច្រើនជួបបញ្ហានៃការធ្លាក់ចុះ។

លោកបានបន្តថា ចាប់ពីដើមខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ តាមរយៈក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិFedEx សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដំណើរការលើការដឹកជញ្ជូ​នទំនិញ និងផលិតផលជាច្រើនប្រភេទមកកាន់កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មឡើងវិញ ហើយក៏ជាការគាំទ្រដល់ការពង្រឹង នូវកំណើនសេដ្ឋកិច្ចឡើងវិញក្រោយភាពស្ងប់ស្ងាត់នៃវិបត្តិជំងឺកូវីដ១៩ផងដែរ។

លោកម៉ៅ ហាវណ្ណ៉ាល់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជា បានគាំទ្រទៅនឹងគម្រោងនៃការដឹកជញ្ជូនឡើងវិញ របស់ក្រុមហ៊ុន FedEx ដែលជាគម្រោងមួយដ៏ល្អប្រសើរក្នុងការពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង២ឡើងវិញ។ លោកបានបន្តថា ក្នុងនាមតំណាងរដ្ឋាភិបាលកម្ពុជានឹងព្យាយាមជួលសម្របសម្រួល និងបង្កភាពងាយស្រួលដល់គម្រោង នៃការដឹកជញ្ជូនរបស់ក្រុមហ៊ុនអន្តរជាតិមួយនេះ ក៏ដូចជាការអភិវឌ្ឍនូវវិស័យអាកាសចរណ៍ ឱ្យកាន់តែល្អប្រ​សើរថែមទៀត។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ពីផែនការនៃការសិក្សាលម្អិត ទៅលើគម្រោង នៃការចុះអនុសញ្ញារវាងទីក្រុងនៅកម្ពុជា និងទីក្រុង Cape Town សហរដ្ឋអាមេរិកផងដែរ។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅរក្សាបានកំណើន១៧ភាគរយ សម្រាប់រយៈពេលជិតមួយឆ្នាំ២០២០ ទោះបីជាប្រទេសទាំងពីរជួបនឹងវិបត្តិកូវីដ១៩ក្តី។ នេះបើតាមទិន្នន័យពីការិយាល័យជំរឿន របស់សហរដ្ឋអាមេរិក ចេញផ្សាយនៅដើមសប្តាហ៍នេះ។

សម្រាប់រយៈពេល១១ខែ រាប់ចាប់ពីខែមករា ឆ្នាំ២០២០ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានប្រមាណ៦.៣ពាន់លានដុល្លារ ដែលមានការកើនឡើងប្រមាណ១៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលមានតែប្រមាណ៥.៤ពាន់លានដុល្លារប៉ុណ្ណោះ។

យ៉ាងណាក៏ដោយចុះទិន្នន័យដដែលនេះ បង្ហាញការនាំចូលទំនិញពីសហរដ្ឋអាមេរិកមកកម្ពុជាវិញបែរ ជាមានការថយចុះប្រមាណ៣៥.៦២ភាគរយ ក្នុងរយៈពេល១១ខែ ពោលគឺការនាំចូលមកកម្ពុជា កាលពីឆ្នាំ២០១៩ មានជាង៤៨៤លានដុល្លារ មកនៅ៣១២លានដុល្លារ ក្នុងឆ្នាំ២០២០កន្លងទៅ។

ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ គឺដោយសារតែមានតម្រូវការនៃទីផ្សារអាមេរិក លើផលិតផលមួយចំនួន ដូចជាសម្លៀកបំពាក់ ស្បែកជើង ការបូប កង់ជាដើម។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លង កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(Generalized System of Preferences -GSP) បានផុតរលត់សុពលភាពរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនិងដែនដី១១៩ទៀត។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់បានលើកឡើងថាការប៉ះពាល់ដោយផ្ទាល់ ពីការផុតសុពលភាព GSP គឺកើតទៅលើអ្នកនាំចូលទំនិញទៅសហរដ្ឋអាមេរិក ដែលត្រូវបង់ពន្ធនាំចូលសិននៅក្នុងពេលអន្តរកាល ពោលគឺនៅមុនពេលកម្មវិធីនេះ ត្រូវសភាអាមេរិកផ្តល់សុពលភាពជាថ្មីឡើងវិញ៕

អ្នកជិះកង់៣៥១នាក់បានចូលរួមព្រឹត្តិការណ៍ជិះកង់កំសាន្តនៅតំបន់ឆ្នេរ

ដោយៈគង់ សូរិយា

ព្រះសីហនុៈ កម្មវិធី “ជិះកង់នៃក្ដីស្រឡាញ់” លើកទី១ នៅក្រុងព្រះសីហនុបានបិទបញ្ចប់ហើយ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីសរុប៣៥១នាក់ មកពី៥ប្រទេស។

ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ រៀបចំឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

លោកបណ្ឌិតថោង ខុន បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ទោះបីនៅតូច តែវាពិតជាបានបង្ហាញនូវការចាប់ផ្តើមសាកល្បងជាបណ្តើរៗ នូវការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តូចៗ ដែលគោរពអនុវត្តន៍តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ហើយដែលអាចជាការចាប់ផ្តើមនូវការបង្ហាញ និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍មួយ ដែលប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍន៍ដ៏ល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបន្ដថា “ខ្ញុំគិតថា ថ្ងៃនេះកីឡាករទាំងអស់ ក៏ដូចជាប្រជាជនយើងទូទាំងប្រទេស ពិតជាមានមោទនភាពណាស់ ចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ទីក្រុងព្រះសីហនុរបស់យើង ដែលជាទីក្រុងដ៏ចំបងមួយនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះ នាទិសនិរតី”។ លោកបន្តថា “រាជរដ្ឋាភិបាល បានដាក់ទុនយ៉ាងច្រើនដើម្បីអភិវឌ្ឍន៍ទីក្រុងនេះ ដើម្បីបង្កើនការទាក់ទាញ អ្នកវិនិយោគ និងទេសចរអោយមកលេងខេត្តនេះបានកាន់តែច្រើនថែមទៀត ដែលរាជរដ្ឋាភិបាលបានកំណត់ថា ជាប៉ូលសេដ្ឋកិច្ចពហុបំណងរបស់ប្រទេសជាតិ”។

ទន្ទឹមជាមួយគ្នានេះ លោកគួច ចំរើន ក្នុងនាមម្ចាស់ផ្ទះបានចាត់ទុកព្រឹត្តិការណ៍ជិះកង់នេះ គឺជាការបំផុសចលនាឲ្យប្រជាពលរដ្ឋលេងកីឡា ដើម្បីពង្រឹងសមត្ថភាពផ្លូវកាយ ផ្លូវចិត្ត ដែលការជិះកង់នេះ ធ្វើឲ្យសរសៃសាច់ដុំ ផ្លូវដង្ហើមមានភាពរឹងមាំ និងសុខភាពល្អ ។ លោកថា ទោះបីព្រឹត្តិការណ៍នេះ មិនមែនជាការអភិវឌ្ឍជំនាញកម្រិតខ្ពស់ ប៉ុន្ដែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាជាមួយនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សម្រាប់វិញ្ញាសាប្រកួត នៃព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» នេះ គឺមាន ៣ រួមមានវិញ្ញាសាអ្នកជិះកង់អាជីពចម្ងាយ ៤០គីឡូម៉ែត្រ វិញ្ញាសាប្រភេទ Fun Ride គឺជាការជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មីចម្ងាយ ២៥គីឡូម៉ែត្រ និងវិញ្ញាសា Family Couple Ride ជិះកង់ជាក្រុមគ្រួសារ និងមិត្តភ័ក្ដ្រចម្ងាយ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងតំបន់ឆ្នេរសមុទ្រ នៃក្រុងព្រះសីហនុ ។ ចំពោះអ្នកចូលរួម គឺមានពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្ដាល រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ព្រមទាំងជនបរទេស ដូចជាឥណ្ឌា ចិន ថៃ ហ្វីលីពីន និងអង់គ្លេសជាដើម៕

ក្រុមហ៊ុន​ថាមពល​ម៉ាឡេស៊ី​ប្រមូល​ចំណូល​បាន​ជិត ៩លាន​ដុល្លារ​ពី​ទីផ្សារ​កម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុមហ៊ុន PESTECH បង្ហាញថា ចំណូល​សរុប​បី​ខែ នៃ​ការិយបរិច្ឆេទ​ហិរញ្ញវត្ថុ​ចុងឆ្នាំ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០របស់ខ្លួន ត្រូវបាន​កត់ត្រា​ត្រឹម ៣៥,៩២៤លាន​រៀល (ប្រមាណ៨.៩លាន​ដុល្លារ) ថយចុះ​ចំនួន ៨,២២៩លាន​រៀល ឬ១៨.៦% ដោយ​ប្រៀបធៀប​ទៅនឹង ៤៤,១៥៣លាន​រៀល ក្នុង​ត្រីមាស​មុន។ នេះ​បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ ដែល​ក្រុមហ៊ុន​បានដាក់​ជូន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ចុង​សប្តាហ៍​កន្លងមកនេះ។

សម្រាប់​រយៈពេល​ហិរញ្ញវត្ថុ ៦ខែ ដែល​កំពុង​ត្រូវបាន​ពិនិត្យឡើងវិញ ប្រាក់ចំណូល​ដែល​បាន​កត់ត្រា មាន​ចំនួន ១១០,១៥៨លាន​រៀល កើនឡើង ២៣,៧៨២លាន​រៀល ឬ ២៧.៥% បើ​ប្រៀបធៀប​ទៅនឹង ៨៦,៣៧៦លាន​រៀល​ក្នុង​រយៈពេល​មួយឆ្នាំ​មុន។

ចលនា​នៃ​ប្រាក់ចំណូល​សម្រាប់​ត្រីមាស និង​រយៈ​ពេលនេះ​ភាគច្រើន បានមកពី​ដំណាក់កាល​នៃ​ការអនុវត្ត​កិច្ចសន្យា​ដែលមាន​ស្រាប់។

ទោះបី​ជាមាន​ប្រាក់ចំណូល​ខ្ពស់ សម្រាប់​រយៈពេល ៦ខែ នៃ​ការត្រួតពិនិត្យ​ក៏ដោយ ការខាតបង់​មុន​ពន្ធ​នៅក្នុង​ត្រីមាស​បច្ចុប្បន្ន កំពុង​ត្រូវបាន​ពិនិត្យឡើងវិញ​មាន​ចំនួន ១,៦៥៧លាន​រៀល បើ​ប្រៀបធៀប​ទៅនឹង​ប្រាក់ចំណេញ មុន​ពន្ធ​ចំនួន ៣១,១៤៣លាន​រៀល​នៅក្នុង​ត្រីមាស​មុន ថយចុះ ៣២,៨០០លាន​រៀល ឬ ១០៥% ។ នេះ​គឺ​ដោយសារតែ​តម្រូវការ​ហិរញ្ញប្បទាន​របស់​គម្រោង​ផ្ទេរ-សាងសង់។

លោក Lim Pay Chuan ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន PESTECH (PLC) បាន​ថ្លែងថា ក្នុងអំឡុង​ត្រីមាស​ក្រោម​ការត្រួត​ពិនិត្យឡើងវិញ ចាប់ពី ខែតុលា រហូតដល់​ខែធ្នូ ឆ្នាំ២០២០ PCL នៅតែ​បន្ត​ដំណើរការ​ក្រោម​ឥទ្ធិពល ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​សកល ដែល​ជះឥទ្ធិពល​ទូទៅ ដល់​ការធ្វើដំណើ​ជា​អន្តរជាតិ និង​សកម្មភាព​ដឹកជញ្ជូន។

លោក​បាន​ថ្លែងថា “ការអនុវត្ត​ការងារ​របស់​យើង នៅតែ​ទទួលរង​នូវ​ការប៉ះពាល់ខ្លះៗ នៅពេលណា ដែលមាន​តម្រូវការ​ផ្នែក​បច្ចេកទេស ពី​ក្រុម​ជំនាញ​អ្នកផ្គត់ផ្គង់​ឧ​បករ​ណ៏ធំៗអន្តរជាតិ” ។

លោក​បាន​ថ្លែង​ទៀតថា PCLបាន​បន្ត​រុករក​ឱកាស នៅក្នុង​ផ្នែក​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា  និង​ក្នុង​តំបន់​ឥណ្ឌូចិន ដូចដែល​យើង​បានធ្វើ​រោងចក្រ​ថាមពល​បន្ទះ​សូ​ឡា​ខ្នាត​ធំ​ដំបូង​របស់​យើង សង់​ឡើង​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

លោក​បាន​ឱ្យដឹងទៀតថា ក្រុមហ៊ុន​កំពុង​បន្តសកម្មភាព​យ៉ាងសកម្ម នូវ​ទស្សនវិស័យ សម្រាប់​គម្រោង​បន្ទះ​ថាមពល លើដំបូល​ខ្នាត​ឧស្សាហកម្ម ក្នុង​គោលបំណង​ជួយ​ដល់​អ្នកប្រើប្រាស់​ថាមពលធំៗ ក្នុង​ការធ្វើ​ពិពិធ​កម្ម​ប្រភព​អគ្គិសនី ដោយ​រាប់បញ្ចូល​ទាំង​ជម្រើស​ម​ពល​បៃតង៕