តម្លៃ​ដីធ្លី​នៅតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ កើន​ដល់​ជាង ២០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ការ៉េ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តម្លៃ​ដីធ្លី​នៅ​តំបន់​តាមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ឬ ផ្លូវ៣០ម៉ែត្រ ដែល​កំពុង​ត្រូវបាន​ស្ថាបនា​នា ពេលបច្ចុប្បន្ន​នេះ មានតម្លៃ​ចន្លោះ​ពី២០០ ទៅ ២៥០ ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​កាលពីមុន​ប្រកាស​សាងសង់​ផ្លូវ​នេះ ដី​នៅ​តំបន់​ដដែល​មានតម្លៃ​ប្រមាណ ២០ ទៅ ២៥ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ។

លោក គា​ម សៀក​ឡុង អគ្គនាយក​ក្រុមហ៊ុន Century21 Dream Property បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា តំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៅក្នុង​តំបន់​មួយចំនួន​កាលពីមុន​ជា​ប្រ​ភ​ទ​ដីស្រែ ហើយ​ម្លៃ​វិញ​គឺ​មិនសូវ​ថ្លៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​ចាប់តាំងពី​មានការ​ស្ថាបនា​ផ្លូវ បានធ្វើឱ្យ​ដី​នៅ​តំបន​នេះ មានតម្លៃ​ចាប់ពី២០០ ទៅ ២៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក​ថ្លែងថា “នៅពេលដែល​មិនទាន់មាន​ផ្លូវ ដី​វា​នៅ​ជា​ដីស្រែ​នៅឡើយ​ទេ  តម្លៃ​ប្រមាណ​តែ២០ ទៅ២៥ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​ពេល​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទៅដល់ ដី​នៅ​ទីនោះ​មានតម្លៃ​បច្ចុប្បន្ន មានតម្លៃ២០០ ទៅ២៥០ ដុល្លារ​អាមេរិក” ។

លោក​សៀក​ឡុង​បន្តថា ការវិនិយោគ​លើ​វិស័យ​ដីធ្លី គឺមាន​ឱកាស​ចំណេញ​ខ្ពស់​បែបនេះ ប៉ុន្តែ​ត្រូវ​វិនិយោគ​នៅ​តំបន់​ណា ដែលមាន​ការអភិវឌ្ឍ​ន៍ ដូចជា​ដី​នៅតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ​ជាដើម។ លោក​បន្ថែមថា នៅពេល​ទិញ​ទុក​កាន់តែ​យូរ នឹងធ្វើ​ឱ្យ​តម្លៃ​កាន់តែ​មានតម្លៃ​ខ្ពស់ ព្រោះ​យើង​មើលឃើញ​មានការ​អភិវឌ្ឍ​នៅក្នុង​តំបន់​នោះ។

ជាមួយគ្នានេះ លោក ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន ឡាក់​គី រៀល​ធី បានឱ្យដឹង​ដែរ​ដែរ​ថា តម្លៃ​ដី​នៅតាម​បណ្តោយ​ផ​លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ មានការ​កើនឡើង​ប្រមាណ១៥ ទៅ ២០ ភាគរយ​កាលពី​ឆ្នាំ ២០២០នេះ បើ​ទោះ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩ យ៉ាងណាក្តី។

លោក​បន្តថា នៅតាម​បណ្តោយ​ផ្លូវ​នេះ គម្រោង​ជាច្រើន​បាន និង​កំពុង​ចាប់ផ្តើម​អភិវឌ្ឍន៍​ដូច​កន្លែង​លក់ទំនិញ រោងចក្រ តំបន់ឧស្សាហកម្ម ឃ្លាំង​ស្តុក​ទំនិញ និង​លំនៅឋាន​ជាដើម  ដែល​ធ្វើឱ្យ​តម្លៃ​ដី​នៅ​ទីនោះ​មានកា​រើ​ន​ឡើង បន្ទាប់ពី​មាន​គម្រោង​ទាំងអស់នេះ​កំពុង​ចេញ​រូបរាងបណ្តើរ។

បើតាម​លោក ច​ណ្ណា ដី​នៅតាម​ផ្លូវ​ក្រវាត់ក្រុង​ទី៣ ត្រូវបាន​ចែកជា ៤ តំបន់ គឺ​តំបន់​នៅ​ចន្លោះ​ពី​ស្ពាន​ព្រែក​ព្នៅ ទៅដល់​ផ្លូវជាតិ​លេខ៤ ដី​មានតម្លៃ​ជា​មធ្យម​ចន្លោះ​ពី ២០០-២៥០ ដុល្លារ​ក្នុង១ម៉ែត្រការ៉េ។ តំបន់​ចន្លោះ​ផ្លូវជាតិ​លេខ៣ និង​លេខ៤ ដី​មានតម្លៃ​ពី ១៥០-២០០ ដុល្លារ។ តំបន់​ចាប់ពី​ផ្លូវជាតិ​លេខ៣ ទៅ​ផ្លូវជាតិ​លេខ២១ ដី​មានតម្លៃ​ពី ១០០-១៥០ដុល្លារ និង​ចាប់ពី​ផ្លូវជាតិ​លេខ២១ ទៅ​ផ្លូវជាតិ​លេខ១ មានតម្លៃ​ចន្លោះ​ពី ៥០-១០០ ដុល្លារ។

លោក​បន្តទៀតថា ដោយសារ​ក្រុងភ្នំពេញ​កាន់តែ​រីក​ធំ​នោះ ដូច្នេះ​តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី៣ ក៏​នឹង​កើនឡើង​ទៅតាម​នោះដែរ។

ផ្លូវ​ក្រវាត់ក្រុង​ផ្លូវជាតិ​លេខ​ទី៣ មាន​ប្រវែង៥៣គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៦ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ៤ លេខ៣ លេខ២១ មុននឹង​ឆ្លងទន្លេ​បាសាក់ ត​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ១ ត្រូវបាន​កសាង​ឡើងជា ៤គន្លង ដែលមាន​ទទឹងផ្លូវ២៥ម៉ែត្រ និង​ចំណាយ​ថវិកា ប្រមាណ ២៧៣លាន​ដុល្លារ ជា​ហិរញ្ញប្បទាន សម្បទាន​របស់​ប្រទេស​ចិន និង​ថវិការ បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។ ផ្លូវ​នេះ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទៅ ១៤ ខែមករា ឆ្នាំ២០១៩ ដោយ​គ្រោង​នឹង​បញ្ជ​ប់​នៅ​ចុងឆ្នាំ២០២១ ។

ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ គឺជា​ផ្លូវ​ដ៏​សំខាន់ ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ។ ម្យ៉ាងទៀត​គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ចសំខាន់ៗរបស់​មហា​អនុតំបន់​មេគង្គ រួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី ដែល​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍន៍​ថែមទៀត​ផង៕

កម្ពុជា-វៀតណាម កំពុង​សិក្សា​លម្អិត​លើ​គម្រោង​ត​ភ្ជាប់​ផ្លូវដែក និង​ផ្លូវ​ល្បឿន​លឿន

ដោយៈ​សហការី

ភ្នំពេញៈ តាម​ផែនការ​ប្រទេស​កម្ពុជា និង​វៀតណាម​នឹងមាន​គម្រោង​ត​ភ្ជាប់​ផ្លូវដែក និង​ផ្លូវ​ល្បឿន​ឆ្លងកាត់​ព្រំដែន នៃ​ប្រទេស​ទាំង​នាពេល​ខាងមុខនេះ ប៉ុន្តែ​ផែនការ​នេះ​ទាមទា​ឱ្យមាន​ពេលវេលា​យូ​បន្ថែមទៀត ដើម្បី​ពិភាក្សា​និង​សិក្សា​លំអិត។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ា​ស៊ីម សូរិយា បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា ផែនការ​នៃ​ការតភ្ជាប់​ផ្លូវដែក និង​ផ្លូវ​ល្បឿន​លឿ​នេះ ឆ្លងកាត់​ព្រំដែន​នេះ តម្រូវឱ្យមាន​ការសិក្សា​លំអិត​បន្ថែមទៀត  ខណៈ​វៀ​មណា​ម ក៏​បង្ហាញ​ពី​ឆ​ន្ទះ​ក្នុង​ការតភ្ជាប់​នេះ​ផងដែរ។

លោក​បាន​ថ្លែងថា “យើង​ត្រូវ​ការសិក្សា​ពី​ផែនការ​លម្អិត និង​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម បន្ថែមទៀត ជាមួយគ្នានេះ​ភាគី​វៀ​ណា​ម ក៏បាន​ស្នើសុំ​ឱ្យមាន​ការ​ភា​ក្សាប​ន្ថែ​ម​ទៀតផង​ដែរ​ថា តើ​យើង​ត​ភ្ជាប់​ផ្លូវ​ល្បឿន យើង​ត​នៅ​កន្លែង​ណា ហើយ​ផ្លូវដែក យើង​ត​ភ្ជាប់​នៅ​កន្លែង​ណា ព្រោះ​ការងារ​នេះ យើង​ត្រូវធ្វើ​ទាំងសងខាង” ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កិច្ចប្រជុំ​ទ្វេភាគី​ស្ដីពី ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា ប្រទេស​វៀតណាម​បាន និង​កំពុង​សិក្សា​គម្រោង​ត​ភ្ជាប់​ផ្លូវ​ល្បឿន និង​ផ្លូវដែក​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​ខិតខំ​ប្រឹងប្រែង​ព​ន្លឿ​ន​គម្រោង​នេះ ឱ្យបាន​ឆាប់​ចេញ​ជា​រូ​បរា​ឡើង​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ។

លោក​បញ្ជាក់ថា “កម្ពុជា​បាននិងកំពុង​សាងសង់ ពង្រីក និង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ជា​ប្រព័ន្ធ​ទាំង​ផ្លូវគោក ផ្លូវទឹក និង​កំពង់ផែ ដើម្បី​ត​ភ្ជាប់​ប៉ូល​ពាណិជ្ជកម្មសំខាន់ៗរបស់​កម្ពុជា​ទៅកាន់​ច្រកទ្វារព្រំដែន” ។

តួយ៉ាង​ដូចជា៖ ផ្លូវជាតិ​លេខ១ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិ​លេខ៣៣ ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ និង​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ជាដើម ដើម្បី​ធានា​ខ្សែសង្វាក់​ដឹកជញ្ជូន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

លោក​បញ្ជាក់ទៀតថា ជាមួយគ្នា​នោះ​ផងដែរ ខាង​ភាគី​វៀតណាម ក៏បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន របស់ខ្លួន​ផងដែរ ដោយហេតុថា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កាន់​តែមាន​សន្ទុះ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ៕

បើ​ខុន​ដូ​អ្នករស់នៅ​ជួប​ការដួលរលំ ឬ​ភ្លើង​ឆេះ តើ​អ្នក​ត្រូវ​ដឹង​រឿង​អ្វីខ្លះ?

ដោយ​គង់ សូរិយា

ភ្នំពេញៈ លំនៅ​ដ្ឋា​បប​សហកម្ម​សិ​ទ្ឋ កាន់តែ​មាន​ភាព​ពេញនិយម​ក្នុង​ស្រទាប់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ពួកគេ​ភាគច្រើន​ទំនងជា​មិនទាន់​បានដឹង ពី​ករណី​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង ដូចជា ករណី​អាគារ​ដួលរលំ ឬ​ភ្លើង​ឆេះ​ខ្ទេច តើ​ត្រូវធ្វើ​បែបណា​ឡើយ។

ករណីបែបនេះ ទំនងជា​មិនត្រូវ​បាន​ពន្យល់​លំអិត ដោយ​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​លំអិត​នៅឡើយ​ទេ​ដោយសារ​វា​ជា​ករណី​រសើប​បំផុត។

គេហទំព័រ Propertyarea.asia សូម​លើកយក​ចំណេះដឹង​មួយចំនួន ដើម្បី​ជាការ​ចែករំលែក​ចំណេះដឹង​ដល់​អ្នកវិនិយោគ ឬ​អ្នក​ចង់​រស់នៅក្នុង​អាគារ​សហកម្ម​សិ​ទ្ឋ។

ទិញ​អាគារ​ខុន​ដូ​ដែលមាន​ការធានារ៉ាប់រង

សម្រាប់​ក្រុមហ៊ុន​ដែលមាន​ស្តង់ដា​អន្តរជាតិ ពិតប្រាកដ ពួកគេ​ប្រាកដជា​បាន​ទិញ​ធានារ៉ាប់រង​លើ​អាគារ​ខុន​ដូ ឬ​អាគារ​បែប​សហកម្ម​សិ​ទ្ឋ​របស់​ពួកគេ ដើម្បី​បង្ការ​ហានិភ័យ​ណាមួយ​កើតឡើង ពួកគេ​នឹង​ទទួលបាន​សំណង​សម្រាប់​គំរោង​របស់​ពួកគេ និង​ងាយ​ដោះស្រាយ​បញ្ហា​ជាមួយ​ម្ចាស់​លំនៅដ្ឋាន​និមួយ។

គំរោង​ខុន​ដូ​នៅ​កម្ពុជា មួយចំនួន​មិនបាន​ទិញ​ធានារ៉ាប់រង​ទេ ដោយសារ​វា​ជាទី​ផ្សារ​ថ្មី ដែល​ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា​របស់​រដ្ឋាភិបាល​មិនបាន​ពង្រឹង ឬ​រៀបចំ​នៅឡើយ ដោយសារ​វិស័យ​ឯកជន​បាន​ដើរ​លឿន​ជាង ការអភិវឌ្ឍ​ពី​ផ្នែក​ឯកជន។

អ្នក​គួរ​សិក្សា​ពី​កំពស់​នៃ​ធ្នឹម​និមួយៗ     

ធ្នឹម​និមួយៗ ឬ​កំពស់​ពី​ជាន់​មួយ​ទៅជា​ន់​មួយទៀត ឲ្យ​បានច្បាស់លាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា អ្នក​មិន​រស់នៅក្នុង​ប្រអប់ ដែល​ធ្វើ​ឲ្យ​បរិយាកាស​ហប់ ពិបាក​ដកដង្ហើម និង​មិន​ផ្តល់​ផាសុខភាព​ដល់​អ្នករស់នៅ។

លោក អ្នក​ក៏​គួរ​សិក្សា​ពី​ប្រវត្តិ សាវតា​របស់​ក្រុមហ៊ុន​សាងសង់​ផងដែរ ព្រោះ​ក្រុមហ៊ុន ដែល​គ្មាន​ស្តង់ដា​អន្តរជាតិ ពួកគេ​គិតតែ​ផលចំណេញ ដោយ​មិន​គិតពី​សុខមាលភាព​អ្នករស់នៅ​ឡើយ។

បើ​ភ្លើង​ឆេះ​ឬ​ដួលរលំ​អាគារ​ត្រូវធ្វើ​ដូចម្តេច?

ករណី​បើ​អ្នកវិនិយោគ​ចំ​លើ​ខុន​ដូ ដែលមាន​ការទិញ​ធានារ៉ាប់រង​ត្រឹមត្រូវ អ្នកនឹង​ទទួលបាន​ខុន​ដូ​ឡើងវិញ បើសិនជា​អ្នកទិញ​ខុន​ដូ​ចាប់ពី៦០ភាគរយ ឡើងទៅ​យល់ព្រម​ឲ្យ​មានការ​សាងសង់​ឡើងវិញ ប៉ុន្តែ​ប្រសិនជា​ម្ចាស់​ខុន​ដូ មាន​ចំនួន​តិចជាង៦០ភាគរយ យល់ព្រម​សាងសង់​ឡើងវិញ វា​នឹងមាន​ការជជែក​គ្នា​បន្ថែមទៀត នៅពេល​ករណី​មាន​ករណី​ប្រធាន​ស័ក្តិ​ណាមួយ​កើតឡើង។

ហេតុនេះ​អ្នក​ត្រូវតែ​ប្រាកដថា ក្រុមហ៊ុន​វិនិយោគ​ខុន​ដូ​ដែល​អ្នក​បាន​ទិញ ជា​ក្រុមហ៊ុន​មាន​ស្តង់ដា ជា​ក្រុមហ៊ុន​គោរព​តាម​បទដ្ឋាន​អភិវឌ្ឍន៍​ជា​លក្ខណៈ​អន្តរជាតិ និង​ជា​ក្រុមហ៊ុន​ដែល​ផ្តោតលើ​ផលប្រយោជន៍​អតិថិជន​ផងដែរ ជាជាង​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន៕

មហា​យក្ស​ចិន​ក្លាយជា​អ្នកវិនិយោគ​ធំ​បំផុត​ក្នុង​ពិភពលោក​លើ​អចលនទ្រព្យ​ឆ្លងដែន

ដោយៈ​សុខុម

ប្រទេស​ចិនៈ បណ្ដា​វិនិយោគិន​ចិន បាន​លៃ​ទុក​ថវិកា​រហូតដល់​ទៅ​ជាង២ទ្រី​លាន​ដុល្លារ​អាមេរិក សម្រាប់​ការវិនិយោគ និង​សំណង់​នៅ​បរទេស ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Sean Post ចុះផ្សាយ​កាលពី​ថ្ងៃទី១២ កុម្ភៈ។

យោងតាម Juwai IQI ដែលជា​ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ​អន្តរជាតិ និង​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យដឹងថា ទិន្នន័យ​បាន​ពី​ប្រភព​ឧស្សាហកម្ម និង​រដ្ឋាភិបាល​បានបង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០២០ ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ​ចិន បាន​ទិញយក អចលនទ្រព្យ​ប្រភេទ​លំនៅដ្ឋាន​នៅ​បរទេស គិត​ជា​ទឹកប្រាក់​សរុប​ជាង ២០២,៨ពាន់​លាន​ដុល្លារ​អាមេរិក។

យោងតាម​ទិន្នន័យ​របស់​សហរដ្ឋអាមេរិក​បង្ហាញថា ពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ២០២០ ការវិនិយោគ​លើ​អចលនទ្រព្យ ពាណិជ្ជកម្ម​ឆ្លងដែន​របស់​ចិន មាន​ទំហំ​សរុប​មិនតិចជាង ១០៤,៨ ពាន់​លាន​ដុល្លារ​អាមេរិក​ឡើយ។

ឥណទាន​សាងសង់ និង​កិច្ចសន្យា​សាងសង់​អចលនទ្រព្យ បែប​ពាណិជ្ជកម្ម​ត្រូវបាន​បែងចែក​ជា​ប្រភេទ​ដាច់ដោយឡែក​ពីគ្នា។ ទិន្នន័យ​ដដែល​បង្ហាញថា ការចំណាយ​លើ​ការសាងសង់​អចលនទ្រព្យ បែប​ពាណិជ្ជកម្ម​មាន​ទំហំ​សរុប៨៧,៣ ពាន់​លាន​ដុល្លារ​អាមេរិក គិតពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ២០២០ ។

ដូច្នេះ​ការវិនិយោគ​របស់​ចិន លើ​អចលនទ្រព្យ​ផ្នែក​លំនៅដ្ឋាន ការវិនិយោគ​លើ​អចលនទ្រព្យ​ពា​ណិ​ញ្ជ​កម្ម និង​ការសាងសង់​អចលនទ្រព្យ​ពាណិជ្ជកម្ម នៅ​បរទេស​ពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ២០២០ មាន​ទំហំ​សរុប​មិនតិចជាង៣៩៣,៩ ពាន់​លាន​ដុល្លារ​អាមេរិក ឡើយ។ ដោយសារ​សមត្ថ​ភាពមិន​ពេញលេញ នៅក្នុង​ការតាមដាន​រាល់​ការវិនិយោគ ទំហំ​វិនិយោគ​សរុប ជាក់ស្ដែង​ប្រហែលជា​ខ្ពស់ជាង​នេះ​ឆ្ងាយ។

ប្រទេស​ចិន គឺជា​ប្រភព​ធំ​បំផុត​នៃ​អ្នកវិនិយោគ​អចលនទ្រព្យ ផ្នែក​លំនៅដ្ឋាន​ឆ្លងដែន​ក្នុង​ពិភពលោក។ បណ្ដា​វិនិយោគិន​ចិន បានធ្វើឱ្យ​ទីផ្សារ និង​គំរូ​អភិវឌ្ឍន៍​អចលនទ្រព្យ​ផ្លាស់ប្ដូរ​នៅ​គ្រប់​ទ្វីប​ទាំងអស់។

ទោះជា​យ៉ាងណា ការវិនិយោគ​លើ​អចលនទ្រព្យ ផ្នែក​លំនៅដ្ឋាន​ឆ្លងដែន​របស់​ចិន បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆ្នាំ២០២០ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ដូច​មជ្ឈដ្ឋាន​មួយចំនួនធំ​ព្រួយបារម្ភ​ឡើយ។ ការវិនិយោគ​គួរតែ​ងើប​ឡើងវិញ​ខ្លាំង ខណៈ​ការឆ្លង​រាតត្បាត​ថមថយ ហើយ​សេដ្ឋកិច្ច​របស់​ចិន កំពុង​បន្ត​ងើបឡើង​ពី​ការធ្លាក់ចុះ​នៅ​ដើមឆ្នាំ២០២០ ។

ការទិញ​អចលនទ្រព្យ​ផ្នែក​លំនៅដ្ឋាន​របស់​ចិន បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆមាស​ទី១ ដើមឆ្នាំ២០២០ នៅពេល​គម្រោង​ទិញ​ជាច្រើន​ត្រូវបាន​លុបចោល ឬ​ពន្យារពេល​ដោយសារ​ស្ថាន​ភាពមិនប្រាកដប្រជា បង្កឡើង​ដោយ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល ការវិនិយោគ​សរុប​បាន​ងើបឡើង​ឆាប់រហ័ស ជាង​ការរំពឹងទុក​ដោយសារ​កត្តា​ចំនួន២ ។ កត្តា​ទី១ គឺ​ដោយសារ​អតិថិជន មាន​សុទិដ្ឋិនិយម​ខ្លាំង​ជាង​មុន នៅពេល​សេដ្ឋកិច្ច​របស់​ចិន​បាន​ងើបឡើង​វិញ ហើយ​ពលរដ្ឋ​ស៊ាំ​នឹង​ស្ថានភាព​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ កត្តា​ទី២ ការឆ្លើយតប​ឆាប់រហ័ស នៅក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​ចំពោះ​បម្រាម​ធ្វើដំណើរ។

ក្រុមហ៊ុន​នានា ដូចជា ក្រុមហ៊ុន Juwai IQI ជាដើម​បាន​ប្រើប្រាស់​បច្ចេកវិទ្យា ដែល​ធ្វើឱ្យ​អ្នកទិញ​អាច​ស្រាវជ្រាវ ពិនិត្យ​ផ្ទៀងផ្ទាត់​ចរចា ទិញ និង​គ្រប់គ្រង​អចលនទ្រព្យ​នៅ​បរទេស​តាម​អន​ឡាញ​ទាំងស្រុង៕

អ្នកជំនាញ​ណែនាំ​ឱ្យមាន​ការទិញ-លក់​អចលនទ្រព្យ​តាម​ភ្នាក់ងារ​ដើម្បី​កុំឱ្យខាតបង់​ផលប្រយោជន៍

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បាន​លើកទឹកចិត្ត ដល់​ស្វែងរក​ទិញ-លក់​ក្នុង​វិស័យ​អចលនទ្រព្យ​គួរ​ជ្រើស​រើសយក​ភ្នាក់ងារ​ក្នុង​ការចចារ និង​រៀបចំ​ឯក​បទដ្ឋាន​គតិ​យុ​ត្តិ ដើម្បី​ជៀសវាង​ហានិភ័យ និង​មាន​សុវត្ថិភាព​ទាំង​គូរ​ភាគី ខណៈ​ការវិនិយោគ​លើ​វិស័យនេះ ត្រូវ​ប្រើប្រាស់​ធនធាន​យ៉ាង​ធំ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម ពន្យល់ថា ភ្នាក់ងារ​អចលនវត្ថុ គឺជា​អ្នក​ប្រឹក្សា​យោបល់​ដល់​អ្នកលក់ និង​អ្នកទិញ​ដើម្បី​ឱ្យមាន​យល់ដឹង​កាន់តែច្បាស់​ពី​វិស័យ​អចលនទ្រព្យ និង​ដឹក​ពី​ព័ត៌មាន​ក្នុង​អចលនទ្រព្យ​ព្រមទាំង​ដឹង​ពី​ប្រភព​អចលនទ្រព្យ និង​ប្រភព​មូលនិធិ ដែល​នឹង​យកមកប្រើ​ប្រាស់​ក្នុង​វិស័យ​អចលនទ្រព្យ ។

លោក​បន្តថា“ភ្នាក់ងារ​អចលនទ្រព្យ​មាន​ព័ត៌មាន​សម្បូរបែប ហើយ​អាច​ទទួលយកបាន​តាម​រយៈ ការផ្តល់​នូវ​ព័ត៌មាន និង​ឱកាស​វិនិយោគ​ប្រកបដោយ​ចីរភាព” ។ ម្យ៉ាងទៀត ភ្នាក់ងារ​អចលនទ្រព្យ គឺជា​បុគ្គល​ដែលមាន​សក្តានុពល​ក្នុង​ការចចារ ពីព្រោះ​ពួ​គេ​ធ្វើការ​ដោយផ្ទាល់​ជាមួយនឹង​អ្នកលក់ ហើយ​ដឹង​ពី​លក្ខខណ្ឌ​នៃ​តម្រូវការ ជាក់ស្តែង​នៃ​អ្នកលក់ ជា​ការលក់​ប្រញាប់ លក់​ធម្មតា ឬ លក់​ក្នុង​កម្រិត​ក្នុងការ​ទទួលយក​ប្រាក់​ចំណូល​ខ្ពស់” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្ថែមថា  ជាមួយគ្នានេះ ភ្នាក់ងារ​អចលនវត្ថុ​ជា​បុគ្គល​កណ្តាល ក្នុង​រៀបចំ​កិច្ចសន្យា​ទិញ-លក់ និង​ការធ្វើឱ្យមាន​ស្របច្បាប់ សម្រាប់​អ្នកលក់​នៅក្នុង​ដំណើរការ​នៃ​ទិញ-លក់។ បន្ថែម​ពីនេះ ភ្នាក់ងារ​ក៏​ជា​អ្នកធ្វើការ​យ៉ាង​ជិតស្និត​ជាមួយនឹង​ធនាគារ ដែល​អាច​ជួ​លស​ម្រ​ប់​សម្រួល​ដល់​អ្នកទិញ ដែលមាន​បំណង​ខ្ចី​នៅក្នុង​លក្ខខណ្ឌ​ណាមួយ។

លោក​ច្រឹ​ក សុខ​នី​ម បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​អ្នកទិញ-អ្នកលក់​អចលនវត្ថុ ប្រើប្រាស់​ភ្នាក់ងារ​របស់​សមាគម ដែលមាន​ជាង១០០ក្រុមហ៊ុន និង​ភ្នាក់ងារ​ជាង ៣០០០នាក់ ដែល​កំពុង​បំរើ​នៅក្នុង​ទីផ្សារ និង​មាន​វិជ្ជាជីវៈ​ដោយ​រងចាំ​ជួយ​សម្របសម្រួល ដើម្បី​ជៀសផុត​ពី​ហានិភ័យ​ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ៕

ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា-បណ្តា​ប្រទេស​សមាជិក​អាស៊ាន​សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង ១១ពាន់​លាន​ដុល្លារ

ដោយ៖ ប៊ី

ភ្នំពេញ៖ ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង១១ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ២០២០ ខណៈ​ទំហំ​ពាណិជ្ជ​កម្មនេះ​នៅតែមាន​ការកើនឡើង ធៀប​នឹង​ឆ្នាំ២០១៩ បើទោះបី​ជាមាន​វិបត្តិ​កូ​វីដ១៩ ដែល​ធ្វើឱ្យ​មានការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​តាម​ច្រកព្រំដែន​ក៏ដោយ។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មាន​ទំហំ​ទឹ​ចំនួន ១១,៣៣ពាន់​លាន​ដុល្លារ កើនឡើង ២២,៤២ភាគរយ ធៀប​នឹង ៩,២៥ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៩។ នេះ​បើ​យោងតាម​ទិន្នន័យ​ចុងក្រោយ​បាន​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា។

យោងតាម​របាយការណ៍​បានឱ្យដឹងថា ការនាំចេញ​សរុប​របស់​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ សម្រេចបាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣,៧២ពាន់​លាន​ដុល្លារ កើនឡើង ១៨៦ភាគរយ ខណៈដែល​ការនាំ​ចូល​របស់​ពី​កម្ពុជា មាន​ទំហំ​ទឹកប្រាក់ ៧,៦០ពាន់​លាន​ដុល្លារ ធ្លាក់ចុះ៤,៣៣ភាគរយ។

បើទោះបីជា​ទិន្នន័យ​បង្ហាញថា ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ាន​នៅតែមាន​កំណើន ប៉ុន្តែ​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ មានការ​ថមថយ ដោយសារ​វិបត្តិ​កូ​វីដ១៩ ដែល​បណ្តាលឱ្យ​សេដ្ឋកិច្ចពិភពលោក មានការ​ធ្លាក់ចុះ។

អាស៊ាន កាលពី​ចុង​ឆ្នាំមុន បង្ហាញ​គោលដៅ​រួមគ្នា ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ស្ថាប័ន ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ ការស្តារ និង​ងើប​ឡើងវិញ​នៃ​សង្គម-សេដ្ឋកិច្ច។

ការបង្ហាញ​គោលដៅ​រួមគ្នា​នេះ ត្រូវបាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​បានចាប់ផ្តើម​ដំណើរការ​កិច្ចប្រជុំ កាល​ចុង​ឆ្នាំមុន តាមរយៈ​ប្រព័ន្ធ​វីដេអូ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច បាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ផ្តោត​ការពិភាក្សា ទៅលើ​ផលប៉ះពាល់​ទៅលើ​វិស័យ​សុខភាព​សាធារណៈ និង​សង្គម-សេដ្ឋកិច្ច​របស់​ប្រទេស​នៅក្នុង​តំបន់ ដែល​បណ្តាលមកពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ការកំណត់​ទិសដៅ​បន្ទាប់​ក្នុងការ​ស្តារ និង​រក្សា​ស្ថិរភាព​សង្គម-សេដ្ឋកិច្ច​របស់​ប្រទេស​ជា​សមាជិក និង​តំបន់ នៅពេលដែល​វិបត្តិ​នេះ​ត្រូវ​បញ្ចប់៕

រដ្ឋាភិបាល​សម្រេច​គាំទ្រ និង​អនុម័ត​លើ​គម្រោង​វិនិយោគថ្មីៗចំនួន ៣ទៀត មាន​ទុនវិនិយោគ​សរុប​ប្រមាណ៧០លាន​ដុល្លារ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​គាំទ្រ និង​អនុម័ត​លើ​គម្រោង​វិនិយោគថ្មីៗចំនួន៣ទៀត ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ៧០លាន​ដុល្លារ និង​អាចបង្កើត​ការងារ​ជិត២០០០កន្លែង។

តប​តាម​ការស្នើសុំ​វិនិយោគ​ពី​វិស័យ​ឯកជន នៅ​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន៣ដូចខាងក្រោម៖

១៖ ONION MOBILITY CO., LTD គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​តម្លើង​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ប្រើ​ដោយ​ថាមពល​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សុវណ្ណ​ភូមិ ខេត្តកណ្តាល, មាន​ទុនវិនិយោគ​ប្រមាណ២០លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ បាន​ចំនួន៣៨០កន្លែង។

២៖ SHANE (CAMBODIA) FURNITURE CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​សា​ឡុង គ្រែ និង​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ប្រមាណ ៤៧.៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ បាន​ចំនួន៨២០កន្លែង។

៣ ៖ ក្រុមហ៊ុន XIN JELLY INDUSTRY AND TRADING CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ក្រណាត់​ទ្រនាប់​សម្លៀកបំពាក់​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២.៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៦៤កន្លែង៕

អ្នកជំនាញ ៖ លំនៅឋាន​តម្លៃ​ក្រោម ៣០ម៉ឺន​ដុល្លារ នៅតែមាន​ទីផ្សារ​ខ្ពស់

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ មិន​ថា​ស្ថិតនៅក្នុង​បរិបថ​នាពេល​បច្ចុប្បន្ន ឬ​បន្ត​ក្នុង​រយៈពេល ១០ឆ្នាំ​ទៅមុខទៀត ទីផ្សារ​លំនៅឋាន​ប្រណីត​ដែលមាន​តម្លៃ​ក្រោម ៣០ម៉ឺន​ដុល្លារ​ស្ថិតនៅក្នុង​តំបន់​ទីប្រជុំជន​នៅតែមាន​តម្រូវការ ខណៈដែល​ចំនួន​នៃ​ការផ្គត់ផ្គង់​នៅមានកម្រិត​នៅឡើយ។

លោក ឡុង គីម​សួគ៌ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century 21 Advance  បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ថា តាម​ការស្រាវជ្រាវ​លើ​តម្លៃ​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​ក្រុមហ៊ុន​របស់លោក បាន​បង្ហាញថា នាពេល​បច្ចុប្បន្ន លំនៅឋាន​ដែលមាន​តម្លៃ​ក្រោម ៣០ម៉ឺន​ដុល្លារ​ចុះ គឺមាន​ទីផ្សារ​ខ្ពស់ ប៉ុន្តែ​បើ​តម្លៃលើស​ពីនេះ គឺ​មិនទាន់មាន​នៅឡើយ​នោះទេ។

ទោះជា​យ៉ាង​លោក គីម​សួគ៌​បញ្ជាក់ថា តម្លៃ​លំនៅឋាន​នៅក្នុង​ទំហំ​កម្រិត​នេះ ក៏​មិនទាន់មាន​សន្ទុះ​ខ្លាំង​ដូច​ពី​ឆ្នាំ២០១៩ នោះដែរ  ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ចាយ​ក្នុង​កម្រិត​ត្បិតត្បៀត​បំផុត ប៉ុន្តែ​មិនយូរ​នោះទេ វា​នឹងមាន​សន្ទុះ​ឡើងវិញ​នៅ​ចុងឆ្នាំ២០២១នេះ ។

លោក​ឡុង គីម​សួគ៌​បាន​បញ្ជាក់ថា “ប្រពល​រដ្ឋ​ខ្មែរ​មួយចំនួន​បាន​នឹង​កំពុង​ជួប​ប្រឈម​ទៅនឹង​វិ​ប​តិ្ត​បញ្ហា​ចំណូល និង​មិនទាន់​រឹងមាំ​ង​ផ្នែក​ចំណូល ដូច្នេះហើយ​បានជា​ពលរដ្ឋ​យើង​គាត់​ទិញ​ទៅតាម​កម្រិត​ចំណូល​របស់​ពួកគាត់។

លោក​ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក​ក្រុមហ៊ុន Premium Group បានឱ្យដឹងថា សកម្មភាព​នៃ​លក់​គម្រោង​លំនៅឋាន​នៅតែមាន​ដំណើរការ  ហើយ​វា​នឹង​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត បន្ទាប់ពី​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ការពារ និង​ប្រឆាំងនឹង​កូ​វីដ ១៩  ។

លោក​បន្ថែមថា “សម្រាប់​ទីផ្សារ​ទិញ-លក់​ហាក់​មាន​សញ្ញា​ថមថយ​បន្តិច ប៉ុន្តែ​តម្លៃ​លំនៅឋាន​វិញ គឺ​មិនមាន​ការធ្លាក់ចុះ​នោះទេ ជាពិសេស​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ​ចាប់ពី ៥ម៉ឺន​ដុល្លារ ដល់ ៨ ម៉ឺន​ដុល្លារ​អាមេរិក។ ការពង្រីក​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន ទាំង​តម្លៃ​សមរម្យ និង​កម្រិត​ខ្ពស់ នឹង​នៅតែ​បន្ត​ពង្រីក​ទៅតាម​ជាយក្រុង​ថែមទៀត ស្រប​ពេលដែល​ទីក្រុង​ភ្នំពេញ មាន​ភាព​មមាញឹក​ចរាច​រណ៍ និង​បរិយាកាស​បរិស្ថាន​មិនសូវមាន​អំណោយផល​ផងដែរ” ។

លោក​បញ្ជាក់ថា ទោះ​ក្នុង​កាលៈទេសៈ​បែបណា តម្រូវការ​លំនៅឋាន នៅតែ​បន្ត​មាន​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា ហើយ​បញ្ហា​តម្លៃនឹង​កាន់តែ​បន្ត​ឡើង​ខ្ពស់ ខណៈដែល​អ្នក​អភិវឌ្ឍន៍ បាននិងកំពុង​បន្ត​សម្រុក​សកម្មភាព​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​យ៉ាងសកម្ម​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ជាក់ស្ដែង​ប្រមាណ ៥ម៉ឺន​ខ្នង​នៅក្នុង​មួយឆ្នាំ៕

កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ហុងកុង

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ អ្នក​នាំចេញ ត្រូវបាន​ជម្រុញ​ឱ្យប្រើ​សិទ្ធិ​បន្ថែមទៀត ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ហុងកុង (AHKFTA) ខណៈដែល​ប្រទេស​កម្ពុជា​គ្រោងបាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍។

យោងតាម​អ្នកស្រី Aramram Supthaweethum អគ្គនាយក នៃ​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ បានឱ្យដឹងថា​ប្រទេស​កម្ពុជា​គឺជា​សមាជិក​អាស៊ាន​តែមួយគត់ ដែល​មិនបាន​អនុវត្ត​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ។

អ្នកស្រី​បាន​ថ្លែងថា ថ្មីៗនេះ​ប្រទេស​កម្ពុជា បាន​ជូនដំណឹង​ដល់​លេខាធិការដ្ឋាន​អាស៊ាន​ថា ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង AHKFTA មានន័យថា កិច្ចព្រមព្រៀង​នេះ​គ្របដណ្តប់​លើ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ចាប់ពី​ថ្ងៃទី១២ ខែកុម្ភៈ​នេះ តទៅ។

កិច្ចព្រមព្រៀង AHKFTA ត្រូវបាន​ចុះហត្ថលេខា កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ និង​អនុវត្ត កាលពី​ខែមិថុនា ឆ្នាំ២០១៩ សម្រាប់​ទីក្រុង​ហុងកុង និង​សមាជិក​អាស៊ាន​មួយចំនួន។

អ្នកជំនាញ​បាន​ឡើង​ផងដែរ​ថា អ្នក​នាំចេញ​អាស៊ាន រួមទាំង​កម្ពុជា នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ពី​កិច្ចព្រមព្រៀង​នេះ ជាពិសេស​សម្រាប់​ពាណិជ្ជកម្ម​ទំនិញ ដែល​ហុងកុង​បាន​លើកលែង​ពន្ធគយ​រួចហើយ។ ប្រការនេះ​ធ្វើឱ្យ​ការនាំចេញ​របស់​បណ្តា​ប្រទេស​អាស៊ាន ទៅកាន់​ហុងកុង នឹងមាន​ការកើនឡើង។

ជាមួយគ្នានេះដែរ អ្នកស្រី Auramon បាន​ថ្លែងថា សម្រាប់​ពាណិជ្ជកម្ម​សេវាកម្ម ហុងកុង​បាន​បើក​វិស័យ​សេវាកម្ម​ដល់​សមាជិក​អាស៊ាន​ច្រើនជាង​ប្រទេស​នានា ដែល​បាន​ប្តេជ្ញាចិត្ត​ចំពោះ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជាពិសេស​សម្រាប់​ផលិតកម្ម​មាតិកា​សម្រាប់​កម្មវិធី​ផ្សាយ​វិទ្យុ និង​ទូរទស្សន៍​នៅ​ហុងកុង។

អ្នកស្រី Auramon បាន​និយាយថា ជា​លទ្ធផល ប្រតិបត្តិ​ករ​ថៃ ត្រូវបាន​អនុញ្ញាត​ឱ្យកាន់កា​ប់​ភាគហ៊ុន១០០% លើ​អាជីវកម្ម​សេវាកម្ម​នៅ​ហុងកុង។

លើសពីនេះ លោកស្រី​បាន​និយាយថា ទីក្រុង​ហុងកុង បាន​បង្កើត​ការិយាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ហុងកុង​នៅ​ប្រទេស​ថៃ​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជា​ការិយាល័យ​ទី៣ នៅ​អាស៊ាន បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី ដើម្បី​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ស៊ីជម្រៅ​រវាង​ហុងកុង និង​អាស៊ាន៕

ជប៉ុន​បាន​បណ្តាក់​ទុនវិនិយោគ​ជិត ៣០០០លាន​ដុល្លារ​នៅ​កម្ពុជា

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ៖ គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ចុះបញ្ជី​គម្រោង​វិនិយោគ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​របស់​ជប៉ុន​ចំនួន ១៤៤គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ២.៧៩ពាន់​លាន​ដុល្លារ​អាមេរិក។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ស្ដីពី​កិច្ចប្រជុំ​លើក​ទី២១ នៃ​គណៈកម្មាធិការ ចម្រុះ​កម្ពុជា-ជប៉ុន នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​បានឱ្យដឹងថា គម្រោង​វិនិយោគ​ជប៉ុន ទាំង១៤៤ខាងលើនេះ ក្នុងនោះ​មាន​គម្រោង​វិនិយោគ​ចំនួន ៦៦គម្រោង បាន​បោះទីតាំង​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ៣ ៤០លាន​ដុល្លារ​អាមេរិក។

ក្នុងចំណោម​គម្រោង​វិនិយោគធំៗរបស់​ជប៉ុន​នៅ​កម្ពុជា មាន​គម្រោង​វិនិយោគ​ដែល​លេចធ្លោ​រួមមាន​គម្រោង​ផ្សារ​ទំនើប AEON គម្រោង​វិនិយោគ​មន្ទីរ​ពេ​ទ្រ សាន់​រាយ​ស៍ គម្រោង​វិនិយោគ Arakawa និង​គម្រោង​វិនិយោគ​ជាច្រើន​ផ្សេងទៀត ដែល​បានផ្តល់​ឱកាស​ការងារ​ធ្វើ​ដល់​ពល​រាប់ពាន់​កន្លែង ។

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​យ៉ាងសកម្ម​របស់​សហគមន៍​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា ដែលជា​និច្ចកាល​បាន​បន្ត​ជំរុញ​សកម្មភាព​វិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា ឲ្យ​មាន​សកម្ម​ភាពរស់រវើក ទោះបី​មានការ​រំខាន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ក៏ដោយ។

លោក​ថា នេះ​ជា​សក្ខីភាព​មួយ ដែល​អ្នកវិនិយោគ​ជប៉ុន​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត បន្ត​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា និង​ផ្តល់​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​កោតស្ញប់ស្ញែង​ចំពោះ​ការដឹកនាំ ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​បញ្ញាញាណ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុងការ​ទប់ទល់​នឹង​ការ​ញាំញី នៃ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ដោយ​រក្សាបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​តំបន់។

លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​សម្របសម្រួល និង​ចាត់វិធានការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព៕