លោក​បណ្ឌិត​គឹម ហ៊ាងៈ​បង្ហើប​ប្រាប់​យុវជន​ចង់​ប្រឡូក​ក្នុង​ទីផ្សារ​ដីធ្លីត្រូវធ្វើ​អ្វី​ជាមុន

0

ដោយៈ​ដែន បុរី

ភ្នំពេញៈ មនុស​ជាច្រើន​តែង​យល់ថា ការចូល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​ផ្តើមចេញពី​ការងារ​ជា​ភ្នាក់ងារ​លក់ អាច​នឹងមាន​ឱកាស​រី​ក​ចម្រើន និង​កើន​ទ្រព្យ​ក្លាយជា​អ្នកមាន​ស្តុកស្តម្ភ​ក្នុង​រយៈពេល​ដ៏​ខ្លី។

ប្រការនេះ លោក​បណ្ឌិត​គឹម ហ៊ាង ប្រធាន KW Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា កុំ​សង្ឃឹម​ខ្លាំងពេក​អី ព្រោះ​ភាពជោគជ័យ នៅក្នុង​វិស័យនេះ​បានមក​មិន​ងាយស្រួល​នោះទេ។ លោក​បណ្ឌិត​បន្តថា ភាពមានបាន​ដូចដែល​មនុស្ស​ទូទៅ​ចង់បាន​គ្រប់គ្នា មិនមែន​សុទ្ធតែ​អាច​ដើរ​ផ្លូវ​កាត់​ទាំងអស់​នោះទេ ដែល​វា​ចាំបាច់​ត្រូវការ​បំពេញបន្ថែម​នូវ​ចំណេះដឹង ចំណេះធ្វើ ឬ​ជំនាញ បទពិសោធន៍ រួម​នឹង​ពេលវេលា​ផងដែរ។

លោក​បញ្ជាក់ថា “យុវជន​ដែលមាន​ទំនោរ​ចិត្ត និង​ស្រឡាញ់​ក្នុង​ដីធ្លី ហើយ​ចង់​ចូលប្រឡូក​នៅក្នុង​ទីផ្សារ​មួយ​នេះ ជា​ជំ​ហ៊ាន​ដំបូង គួរតែ​ស្វែងរក​ក្រុមហ៊ុន​អចលនទ្រព្យ​ផ្លូវការ​មួយណា ដែលមាន​អាជ្ញា​បណ្ណ​ស្របច្បាប់​ត្រឹមត្រូវ និង​មាន​គោលការណ៍​ចក្ខុវិស័យ​ច្បាស់លាស់” ។ លោក​បន្តថា “សុំ​គេ​ចូលធ្វើការ​ដោយ​សន្សំ​ចំណេះដឹង​បន្ថែម និង​មានបទពិសោធន៍​ចាប់ពី២-៣ឆ្នាំ​ឡើងទៅ ហើយ​បើ​ចង់​បញ្ចប់​កិច្ចការងារ​ឱ្យគេ និង​ចង់​ចេញ​រកស៊ី​ដោយ​ខ្លួនឯង ក៏​វា​មិនទាន់​យឺត​ពេល ប៉ុន្តែ​កុំ​ចង់​ដើរ​ផ្លូវ​កាត់​ដោយ​ត្រឹម១-២ អាច​ក្លាយជា​អ្នកមាន វា​ជា​រឿង​មិនអាច​នោះទេ” ។

លោក​ឧកញ៉ា​បន្តថា “ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​មួយចំនួន​អះអាងថា អាចមាន​លទ្ធភាព​បង្រៀន​មនុស្ស​ផ្សេងទៀត ឱ្យ​ចេះ​រកលុយ​រហូតដល់១លាន​ដុល្លារ ក្នុង​រយៈពេល​ត្រឹម១ឆ្នាំ ឬ២ឆ្នាំ ដោយ​សូម្បីតែ​ខ្លួនឯង​ជា​អ្នក​បង្រៀន មិន​ទាំង​មាន​លុយ​ផង​នោះ ”។ លោក​បន្ថែមថា “ជាទូទៅ​មានការ​បំផុស​នៅតាម​បណ្តាល​ទំនាក់ទំនង ការធ្វើសិក្ខាសាលា​ក្រោម​ខ្លឹមសារ​ចំណាយពេល​រៀន​តិច ប៉ុន្តែ​អាចមាន​ឱកាសរ​កមាន​លុយ​ច្រើន និង​ក្លាយជា​អ្នកមាន​ក្នុងពេល​ដ៏​ខ្លី។ នេះ​គឺជា​ក្ដីបារម្ភ​របស់ខ្ញុំ” ។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឧកញ៉ា គឹម ហ៊ាង ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ឯង​ផងដែរ​ថា លោក​បានដឹងថា ពួកគាត់​ដែលជា​អ្នក​បង្រៀន​ទាំងនោះ មាន​វិធីសាស្ត្រ​អាច​រកលុយ​បាន​ពិតប្រាកដ​មែន ប៉ុន្តែ​បានមក​តាមរយៈ​បង្រៀន​នេះឯង ដែល​វា​មិនមែនជា​ការចេញ​រកស៊ី​ដោយផ្ទាល់ ហើយ​ប្រមូល​លុយ​ចំណេញ​ពី​ការរកស៊ី​នោះទេ។

លោក​បណ្ឌិត​បន្តថា “យុវជន​គួរតែ​គិត​លើ​ចំណុច​នេះ ហើយ​កុំ​ចំណាយពេល ចំណាយ​ថវិកា ហើយ​គ្មាន​លទ្ធផល។ លើ​លោក​នេះ​គ្មាន​លុយ​ណា​ធ្លាក់​ពីលើ​មេឃ​នោះទេ ប៉ុន្តែ​បានមកពី​ការ​សន្សំ។ លោក​បន្តថា “មាន​មនុស្ស​ធ្លាប់​សួរ​ខ្ញុំ​ថា ធ្វើយ៉ាងណា​អាច​រកលុយ​បាន១លាន​ដុល្លារ ខ្ញុំ​ប្រាប់​គាត់​ថា បើ​ចង់បាន១លាន ប្អូន​ត្រូវ​ទៅ​ខំ​រកលុយ​ឱ្យបាន១ពាន់​ដុល្លារ នៅ​ខែក្រោយ​ហើយ​មកជួប​ខ្ញុំ” ។

លោក​បន្តថា លោក​នឹង​ប្រាប់​គាត់​ទៀតថា ត្រូវ​ខំ​រកលុយ​ឱ្យបាន១ម៉ឺន​ដុល្លារ​នៅ​ខែក្រោយ​ហើយ​មកជួប​លោក ហើយ​ព្យាយាម​ខិតខំ​រកស៊ី​ឱ្យបាន១០ម៉ឺន -២០ម៉ឺន-៥០ម៉ឺន លុះ​ពេល​បន្ទាប់​ទៀត​លុយ ១លាន​ដុល្លារ ដែល​ប្រាថ្នា​នោះ​វា​នឹង​អាច​ទទួលបាន។

លោក​បន្ថែមថា “មានន័យថា​គាត់​បាន​ពី​ការព្យាយាម​សន្សំ ចាប់ពី​ចំណុច​តូច​រហូតដល់​ចំណុច​ធំ​កំពូល។ នេះ​ជា​រឿង​ពិត​នៃ​ការរកស៊ី និង​សន្សំ​ធ្វើជា​អ្នកមាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here