សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បង្កើត​គណៈ​ក​ម្មារ​អន្តរក្រសួង ដើម្បី​ជំរុញ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​ថ្មី ខ្នាត់​តំបន់ នៅ​ខេត្តមណ្ឌលគិរី

ដោយ៖ ប៊ី

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បង្កើត​គណៈ​ក​ម្មារ​អន្តរក្រសួង ដើម្បី​ដឹកនាំ សម្របសម្រួល និង​ជំរុញ​ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​ថ្មី ខ្នាត់​តំបន់ នៅ​ខេត្តមណ្ឌលគិរី។

សេចក្តីសម្រេច​នេះ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបាន​ចុះហត្ថលេខា ដោយ​សម្តេច​តេ​ជោ កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេច​ជ្រើសរើស​ក្រុមហ៊ុន Powerchina International Group ជា​ដៃគូ​ឯកជន​ក្នុង​ការសិក្សា និង​អភិវឌ្ឍន៍​សំណើរ​គំរោង​សាងសង់​អាកាសយាន ដ្ឋា​ន​ថ្មី​ខ្នាត​តំបន់ នៅ​ខេត្តមណ្ឌលគិរី។

ជាមួយគ្នានេះ រដ្ឋាភិបាល​ក៏បាន​អនុញ្ញាត​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្រប​ខ័​ណ្ធ Framework  Agreement ជាមួយ​ក្រុមហ៊ុន Powerchina International Group តាម​និតិ​វិធី​ជា​ធរមាន​ដូច​បាន​អនុវត្តន៍​កន្លងមក សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ និង​គំរោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត​ផងដែរ។

ខេត្តមណ្ឌលគិរី ជា​ខេត្ត​ភូមិភាគ​ឦសាន ដែលមាន​សក្តានុពល​ខ្ពស់​លើ​ផ្នែក​ទេសចរណ៍ និង​កសិកម្ម។ រាជរដ្ឋាភិបាល ធ្លាប់បាន​កំណត់​ខេត្ត​តំបន់​ភូមិភាគ​ឦសាន​ជា​ប៉ូល​សេដ្ឋកិច្ច​ទី៤របស់​កម្ពុជា៕


ក្រុមហ៊ុន​ចិនធំៗចំនួន​ពីរ​ប្រកាស​បោះទុន​រួមគ្នា​វិនិយោគ​លើ​គម្រោង​ផ្ទះ​វីឡាទំនើប​នៅ​កម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្រុមហ៊ុន​វិនិយោគទុន​មកពី​ប្រទេស​ចិន​ចំនួន​ពីរ បានរួម​គ្នា​បង្កើត​គម្រោង​អភិវឌ្ឍន៍​វីឡា​មួយ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ខណៈ​ជំនាញ​លើកឡើងថា ការផ្គត់ផ្គង់​លំនៅឋាន​ក្នុងប្រទេស​កម្ពុជា មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​នៅឡើយ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ទាំងពីរ​នេះ​បានឱ្យដឹងថា ការបង្កើត​ផ្ទះ​វីឡា រួមគ្នា រវាង​ក្រុមហ៊ុន​ Morgan Group និង​ក្រុមហ៊ុន Javan Group និង​ការបង្កើត​គម្រោង​នេះ​ឡើង ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ គឺ​ដើម្បី​សម្រេច​នូវ​ក្ដី​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប ទាំង​ប្រជាជន​កម្ពុជា និង​ប្រជា​ជនបរទេស​រស់នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

សេចក្តីប្រកាស​ដដែល​នេះ​បានឱ្យដឹងថា គម្រោង​ដែល​នឹង​បង្កើត​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​មាន​ឈ្មោះថា Morgan Park Villa ស្ថិតនៅ​ប៉ែក​ខាងកើត នៃ​រាជធានី​ភ្នំពេញ និង​ស្ថិតនៅ​តំបន់​មាត់ទឹក នៃ​ដង​ទន្លេមេគង្គ​ដែលជា​តំបន់​ពេញនិយម សម្រាប់​អភិវឌ្ឍន៍​លំនៅឋាន​ទំនើប។

លោក Ding JoungJun អគ្គនាយក​ក្រុមហ៊ុន​ Morgan Group បាន​លើកឡើងថា ទោះ​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​វិបត្តិ​កូ​វីដ១៩ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​រង្គោះរង្គើ​ក្ដី តែ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​នេះ នៅតែ​បន្ត​អភិវឌ្ឍន៍​គម្រោង ដែល​នៅ​សេសសល់ និង​បង្កើត​គម្រោងថ្មីៗបន្តបន្ទាប់​ទៀត ដើម្បី​ផ្ដល់ជូន​នូវ​អតិថិជន ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាជន​សាសន៍​ដទៃទៀត ដែល​ចូលមក​រស់នៅ និង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​ថ្លែងបន្តថា ជាក់​សម្ដែង​គម្រោង​ Morgan មួយ​ស្ថិតនៅ​ទីក្រុង​រណប​កោះ​ពេជ្រ បានបញ្ចប់​ការសាងសង់ និង​បន្ត​អភិវឌ្ឍន៍​គម្រោង​ Morgan នៅ​តំបន់​ជ្រោយចង្វារ​នេះ ដើម្បី​បញ្ចប់​ទៅតាម​គម្រោង​ដែល​បាន​សន្យា ជាមួយ​អតិថិជន​កាលពី​ដើមឡើយ។

លោក​នៅតែមាន​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​បាន​គ្រប់គ្រង​បានល្អ​នូវ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ ដែល​ធ្វើអោយ​វិនិយោគិន​ដទៃ នៅតែ​បន្ត​ដាក់ទុន និង​ត្រៀម​ដាក់ទុន​នៅក្នុង​ឆ្នាំ២០២១នេះ​បន្តទៀត។

លោក​បន្ថែមថា ក្រុមហ៊ុន MORGAN គ្រុប ជា​ក្រុមហ៊ុន​កម្រិត​អន្តរជាតិ ដែលមាន​បទពិសោធន៍​ដប់​បី​ឆ្នាំ​ក្នុង​វិស័យ​មួយ​នេះ គោរព​លើ​គំនិត​អភិវឌ្ឍន៍ ការបង្កើត​ថ្មី​សម្រាប់​ជីវភាព​រស់នៅ​ឥត​ដែន​កំណត់ បាន​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា អស់​រយៈពេល​យូរ​មកហើយ បាន​ចូលរួម​បង្កើត​គម្រោង​កម្រិត​ទីតាំង​គំរូ​ជាច្រើន ដែលមាន​ឈ្មោះ​បោះ​សម្លេង និង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងប្រទេស​កម្ពុជា មានដូចជា MORGAN Tower, MORGAN EnMaison, MORGAN New City Walk និង​សំណង់​ទីតាំង​គំរូ​ក្នុង​រាជធានី​ផ្សេងទៀត ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ពិភពលោក។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹងថា តំបន់​ប៉ែក​ខាងកើត​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​មើលឃើញថា មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ជាពិសេស​ទៅលើ​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទំនើប ដូចជា​ខុន​ដូ និង​បុរី​លំនៅដ្ឋាន ដែលមាន​ដូចជា​វីឡា​និង​ផ្ទះល្វែង​ជាដើម៕

តើ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិចិន​មាន​ឥទ្ធិពល​យ៉ាងដូចម្តេច​នៅលើ​ពិភពលោក?

ដោយៈ ប៊ី

ភ្នំពេញៈ បុណ្យចូលឆ្នាំ​ចិន ឬ​ហៅ​ម្យ៉ាង​ទៀតថា បុណ្យ​នា​និ​ទាឃ​រដូវ ដែលជា​ថ្ងៃ​ឈប់សំរាក​ដ៏​សំខាន់បំផុត សម្រាប់​ជនជាតិ​ចិន ត្រូវ​ប្រារព្ធ​លើ​ឡើងជា​រាងរាល់ឆ្នាំ ខណៈ​មាន​ប្រជាជន​មួយចំនួន ជាពិសេស​ជនជាតិ​ចិន​នៅក្រៅ​ប្រទេស បាន​ហៅ​ពិធីបុណ្យ​នេះ​ថា បុណ្យចូលឆ្នាំ​ច័ន្ទ​គតិ​ថ្មី។

ជា​ប្រពៃណី​ពិធីបុណ្យ​នេះ ចាប់ផ្ដើម​នៅ​ថ្ងៃ​ទីមួយ នៃ​ខែ​ទីមួយ​តាម​ច័ន្ទ​គតិ  ក្នុង​ប្រតិទិន​ចិន ហើយ​បញ្ចប់​ទៅវិញ នៅ​ថ្ងៃទី១៥ ដែល​គេ​ហៅ​ថ្ងៃនេះ​ថា ពិធីបុណ្យ​បង្ហោះគោម។ ពេល​ល្ងាច នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ត្រូវគេ​ឲ្យ​ឈ្មោះថា ជូ​ស៊ី  ហើយ​ពាក្យ​ជូ​ស៊ី សម្រាប់​ប្រើ​ក្នុងប្រទេស​តៃវ៉ាន់។ ពាក្យ​នេះ​មានន័យថា “ពេល​ល្ងាច​ឆ្លង​ឆ្នាំ” ។

ពិធីបុណ្យ​នេះ​ត្រូវ​ប្រារព្ធ​ឡើង នៅ​តំបន់​ដែលមាន​ចំនួន​ប្រជាជន ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដូចជា​ប្រទេស​កម្ពុជា យើង​ជាដើម។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន ត្រូវបាន​ចាត់ទុកជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ប្រជាជន​ចិន ហើយ​វា​ក៏មាន​ឥទ្ធិពល ទៅលើ​ពិធីបុណ្យ​ចូលឆ្នាំថ្មី របស់​ប្រទេសជិតខាង​ផងដែរ ជាពិសេស​ចំណង​វប្បធម៌ ជាមួយ​ប្រជាជន ដែល​ជនជាតិ​ចិន​ធ្វើ​អន្ត​រកម្ម​ជាមួយ។

ប្រទេស​ទាំងនោះ រួមមាន ប្រជាជន​ដើម​នៃ​ជនជាតិ​តៃវ៉ាន់ ជនជាតិ​កូរ៉េ ជនជាតិ​ម៉ុង​ហ្គោល ជនជាតិ​នេ​ប៉ាល់ ជនជាតិ​ប៊ូ​តង់ ជនជាតិ​យួន និង​អតីត​ជនជាតិ​ជប៉ុន នៅមុន​ឆ្នាំ១៨៧។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន ក៏បាន​ប្រារព្ធ​ធ្វើ​ផងដែរ នៅក្នុង​ប្រទេស​សិង្ហ​បុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភី​លី​ពី​ន ថៃ កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃទៀត ដែលមាន​ប្រជាជន​ចិន​រស់នៅ​ដោយ​ស្របច្បាប់ ភាគច្រើន គឺ​ប្រទេស​ស្ថិតនៅ​ក្បែរ​សមុទ្រ​ចិន។

ពិធីបុណ្យ​នេះ នឹងត្រូវ​ផ្លាស់ប្ដូរ​កំរិត ហើយ​ក្លាយទៅជា​ផ្នែក​មួយ នៃ​វប្បធម៌​ប្រពៃណី របស់​ប្រទេស​ទាំងនោះ។ នៅក្នុង​ប្រទេស​កាណាដា ទោះបីជា​ពិធីបុណ្យ​ចូលឆ្នាំ​ចិន មិនមែនជា​ថ្ងៃ​ឈប់សំរាក​ជា​ផ្លូវការ​ក៏ដោយ ក៏​ប្រជាជន​ចិន​ជាច្រើន នៅតែ​ប្រារព្ធ​ពិធី​នេះ យ៉ាង​ទូលំទូលាយ ហើយ​ប្រៃសណីយ​យ៍​នៃ​ប្រទេស​កាណាដា បាន​ចែកចាយ​តែម​សម្រាប់​ប្រើ​នៅ​ឆ្នាំ​ថ្មី នៅតាម​គេហដ្ឋាននីមួយៗផងដែរ។

ជា​ទំនៀម​ទំលាប់ ទោះបីជា​ប្រតិទិន​ចិន មិនបាន​បង់​លេខ​ឆ្នាំ​បន្ត​ក៏ដោយ ក៏​ឥលូវ​ឆ្នាំ​របស់​វា​ត្រូវបាន​គេ​រាប់បញ្ចូល ចាប់ពី​រជ្ជកាល​នៃ​ស្ដេច ហ៊ូ​ង​ឌី នៅក្រៅ​ប្រទេស​ចិន។ ប៉ុន្តែ​ឥលូវ​នេះ​ការរាប់​បី​ឆ្នាំ​ខុសគ្នា​យ៉ាងតិច ជា​លេខ១ ត្រូវ​អ្នកនិពន្ធនីមួយៗ យកទៅ​ប្រើប្រាស់ ពី​ព្រោះតែ​ឆ្នាំ​ចាប់ផ្ដើម​នៅ​ឆ្នាំ២០០៨ គឺ​ឆ្នាំ៤៧០៦ ៤៧០៥ ឬ៤៦៤៥ ។

ប្រតិទិន​ចិន​តាម​ច័ន្ទ​គតិ និង​សុរិយគតិ ដែល​គេ​ប្រើប្រាស់​ជា​គោល​មួយ សម្រាប់​កំណត់​កាលបរិច្ឆេទ នៃ​បុណ្យចូលឆ្នាំ​ចិន។ ប្រតិទិន​នេះ ក៏ត្រូវ​បាន​ប្រើ​នៅក្នុង​ប្រទេស ដែល​យល់ព្រម​ទទួល ឬក៏​បានទទួល​ឥទ្ធិពល​ពី​វប្បធម៌ នៃ​ជនជាតិ​ហាន (ជាពិសេស ប្រជាជន​តៃវ៉ាន់ ជនជាតិ​កូរ៉េ ជនជាតិ​ជប៉ុន និង​ជនជាតិ​យួន) ហើយ​ប្រហែល​ជាមាន​ពូជពង្ស​ដ៏​សម​ញ្ញ​មួយ ជាមួយនឹង​ពិធីបុណ្យ​ចូលឆ្នាំ ស្រដៀង​គ្នា​ដែរ នៅក្រៅ​តំបន់​អាស៊ី​ខាងកើត (ដូចជា ប្រទេស​អ៊ីរ៉ង់ និង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​នៃ​ប៊ុល​កា)។

នៅក្នុង​ប្រតិទិន​គ្រី​កូ​រី (ប្រតិទិន​ដែល​ប្រើ​ក្នុងប្រទេស​កម្ពុជា​យើង និង​នៅ​ប្រទេស​មួយចំនួនធំ​ទៀត) បុណ្យចូលឆ្នាំ​ចិន ស្ថិតនៅ​ថ្ងៃខុសៗគ្នា​រៀងរាល់ឆ្នាំ គឺ​នៅ​ចន្លោះ​ថ្ងៃទី២១ ខែមករា ដល់​ថ្ងៃទី២០ ខែកុម្ភៈ។ នេះ​មានន័យថា ជានិច្ចកាល ថ្ងៃបុណ្យ​ស្ថិតនៅ​ថ្ងៃទី​ពីរ​កើត (កំ​រ៉​នឹង​ថ្ងៃទី​បី​ណាស់) បន្ទាប់​ពីថ្ងៃ​ដែល​ខ្លី​ជាងគេ​ប្រចាំឆ្នាំ។ នៅក្នុង​វប្បធម៌​ប្រពៃណី​ចិន លី​ចុន គឺជា​ពេលវេលា​សម្រាប់​ព្រះអាទិត្យ ចាប់ផ្ដើម​និ​ទាឃ​រដូវ ដែល​កើតឡើង​នៅ​ថ្ងៃទី៤ ខែកុម្ភៈ។

កាលបរិច្ឆេទ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ចាប់ពី​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ ២០១៩ (តាម​ប្រតិ​ទីន​គ្រី​កូ​រី) នៅ​ខាងស្ដាំ​ដៃ​នេះ គឺ​ធ្វើ​ទៅតាម​ចក្ររាសី នៃ​ឆ្នាំ​របស់​សត្វ​នៅក្នុង​តំរា​ទាំង១២ និង​មែកធាង​លោកិយ​របស់​វា។ ឈ្មោះ​នៃ​មែកធាង​លោកិយ មិនមែនជា​ការបកប្រែ​ឈ្មោះ​សត្វ​ជា​ភាសា​ចិន​ទេ។ នៅក្បែរ​រង្វង់១២ឆ្នាំ នៃ​ចក្ររាសី​សត្វ​ក្នុង​តំរា មាន​រង្វង់១០ឆ្នាំ​នៃ​មែកធាង​ឋានសួគ៌។

មែកធាងនីមួយៗ នៃ​មែកធាង​ឋានសួគ៌​ទាំង​ដប់ ត្រូវបាន​បញ្ចូល​គ្នា​ជាមួយ​ធាតុ​មួយ ក្នុងចំណោម​ធាតុ​ទាំង៥នៃ​ហោរាសាស្ត្រ​ចិន ដែលមាន​ដូចជា ធាតុឈើ ធាតុភ្លើង ធាតុដី ធាតុដែក និង​ធាតុទឹក។

ធាតុ​ទាំងនោះ ត្រូវ​បង្វិល​ចុះឡើង ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ម្ដង នៅពេលដែល​ការចូល​រួមមួយ​នៃ​ធាតុ​ញី និង​ធាតុ​ឈ្មោល ឆ្លាស់គ្នា​រៀងរាល់ឆ្នាំ។ ធាតុប្លែកៗ រួមមាន៖ ធាតុឈើ​ឈ្មោល ធាតុឈើ​ញី ធាតុភ្លើង​ឈ្មោល ធាតុភ្លើង​ញី ជាដើម។ ធាតុ​ទាំងអស់នេះ បង្កើត    ឲ្យ​មាន​រង្វង់​រួមផ្សំ​មួយ ដែល​កើតឡើង​រៀងរាល់៦០ឆ្នាំ​ម្ដង។

ជា​ឧទាហរណ៍ ឆ្នាំជូត​ធាតុភ្លើង “ឈ្មោល” កើតឡើង​នៅ​ឆ្នាំ១៩៣៦ និង​នៅ​ឆ្នាំ ១៩៩៦ ដែលមាន​គំលាត​គ្នា៦០ឆ្នាំ។

មាន​ភាព​ភាន់ច្រឡំ​ជាច្រើន ជាមួយ​ឆ្នាំ​កំណើត​ចិន នឹង​ឆ្នាំ​កំណើត​គ្រី​កូ​រី (តាម​ប្រតិទិន​គ្រី​កូ​រី)។ ពេលដែល​បុណ្យចូលឆ្នាំ​ចិន ចាប់ផ្ដើម នៅ​ចុងខែ​មករា ដល់​ពាក់កណ្ដាល​ខែកុម្ភៈ កាលបរិច្ឆេទ​ឆ្នាំ​ចិន ពីថ្ងៃ​ទី១ ខែមករា រហូតដល់​ថ្ងៃ​នៅក្នុង​ឆ្នាំ​គ្រី​កូ​រី​ថ្មី នៅសល់ ពី​ឆ្នាំ​គ្រី​កូ​រី​ឆ្នាំមុន ដែល​មិនអាច​ផ្លាស់ប្ដូរ​បាន។

ជា​ឧទាហរណ៍ ឆ្នាំរោង ត្រូវ​នឹង​ឆ្នាំ១៩៨៩ ចាប់ផ្ដើម​នៅ​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៨៦ ។ ប្រជាជន​ខ្លះ បានចាត់ទុក​ឆ្នាំ១៩៩០ជា​ឆ្នាំមមី។ យ៉ាងណាក៏ដោយ ឆ្នាំ១៩៨៩ ដែលជា​ឆ្នាំជូត ត្រូវ​បញ្ចប់​ជា​ផ្លូវការ នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ ១៩៩០ ។

វា​មានន័យថា ការពិត​អ្នកណា ដែល​កើត​នៅ​ចន្លោះ​ថ្ងៃទី១ ខែមករា ដល់​ថ្ងៃទី ២៥ខែមករា ឆ្នាំ១៩៩០ គឺ​ពួកគេ​កើត​ក្នុង​ឆ្នាំរោង មិនមែន​កើត​ក្នុង​ឆ្នាំមមី​ទេ៕ Wikipedia៕

រដ្ឋបាលខេត្ត​ដាក់ចេញ​ផែនការ​ចំនួន៤ ដើម្បី​កែលំអរ​ស្ទឹង​សៀមរាប​ឲ្យ​មាន​ភាពស្រស់​បំព្រង​និង​មិន​បំពុលបរិស្ថាន

ដោយ​គង់ សូរិយា

ភ្នំពេញៈ រដ្ឋបាល​ខេត្តសៀមរាប​បាន​ដឹកនាំ​ប្រជុំ​ពិនិត្យ​វឌ្ឍនភាព និ​ដាក់ចេញ​ផែន ការ​ចំពោះមុខ​ចំនួន៧ ដើម្បី​លើក​កំពស់​សោភ័ណភាព និង​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ស្ទឹង។

កិច្ចប្រជុំ​ពិភាក្សា​លើ​របាយការណ៍ វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA) សម្រាប់ គម្រោង​កែលម្អ​ស្ទឹង​សៀមរាប​ជំហាន២ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី១០ កុម្ភៈ​កន្លងមក បាន​ដឹកនាំ​ដោយ​លោក ង៉ាន់ ភិ​រុណ អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯ​ឧ​ត្ត​ម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត។

ការពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​រួចមក អង្គប្រជុំ​បាន​ឯកភាព​នូវ​ចំណុច​មួយចំនួន​ដូចជា ទី១-ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​ដាំ​ស្តារ​ដើមឈើ សងខាង​ស្ទឹង​សៀមរាប​ឡើងវិញ ក្រោយពី​បញ្ចប់​គម្រោង​កែលម្អ​ស្ទឹង​សៀមរាប ទី២ ត្រូវ​រៀបចំ​ធ្វើ​ផ្លូវ​សងខាង​ស្ទឹង​សម្រាប់​ទុកជា​ចំណត ផ្លូវ​ថ្មើ​ជើង ផ្លូវ​ជិះ​កង់ និង​ផ្លូវ​សម្រាប់​ជនពិការ ទី៣-ត្រូវ​រៀបចំ​ប្រព័ន្ធ​លូរ​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូរ​ទឹកភ្លៀង កុំឱ្យ​ហូរ​ចូលក្នុង​ស្ទឺ​ង​សៀមរាប ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។

៤-មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ត្រូវ​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី នគ​រូបី​យក​ម្ម សំណង់ និង​សុរិយោដី​ខេត្ត ដើម្បី​រៀបចំ​ប្លង់​មេ​ឱ្យបាន​ត្រឹមត្រូវ និង​រៀបចំ​ឱ្យ​គម្រោង​នេះ​ប​ន្សី​គ្នា​ជាមួយ​គម្រោង​ស្តារ​ស្ទឹង​សៀមរាប​របស់​រាជរដ្ឋាភិបាល៕

ចំណេះដឹង​ពាណិជ្ជកម្ម៖ តើ “ប័ណ្ណ​ពាណិជ្ជកម្ម” មានន័យ​ដូចម្តេច?

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប័ណ្ណ​ពាណិជ្ជកម្ម គឺជា​ឧបករណ៍​ទីផ្សារ​លុយ​មួយ​ដ៏​ចំណាស់​បំផុត ដែល​ត្រូវបាន​បង្កើតឡើង ចាប់តាំងពី​សតវត្សរ៍​ទី១៨នៅ​សហរដ្ឋអាមេរិក។

តាម​និយមន័យ​របស់​វា​ប័ណ្ណ​ពាណិជ្ជកម្ម គឺជា​ប័ណ្ណបំណុល​រយៈពេល​ខ្លី​និង​គ្មាន​ការធានា និង​ចេញ​ដោយ​ក្រុមហ៊ុនល្បីៗ ដែលមាន​ហិរញ្ញវត្ថុ​រឹងមាំ និង​លទ្ធភាព​សងបំណុល​ត្រលប់​ទៅវិញ​មាន​អត្រា​ខ្ពស់។

ឧទាហរណ៍៖ មូលនិធិ​ដែល​ប្រមូល​តាម​ប័ណ្ណ​ពាណិជ្ជកម្ម ជាធម្មតា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​រ៉ាប់រង​ដល់​ចំណាយ ប្រតិបត្តិការ​បច្ចុប្បន្ន (Current transactions) ដូចជា ដើម្បី​ទិញ​សន្និធិ បង់ពន្ធ បើកប្រាក់​បៀវត្សរ៍​ឲ្យ​បុគ្គលិក ព្រមទាំង​ទូទាត់​ដល់​ចំណាយ​រយៈពេលខ្លីៗដទៃទៀត ជាជាង​សម្រាប់​ប្រតិបត្តិការ​មូលធន (Capital transactions) ដែល​សំដៅ​ដល់​ការវិនិយោគ​ក្នុង​ដំណើរការ​វែង។

ឥណប្រតិទាន​របស់​ប័ណ្ណ​ពាណិជ្ជកម្ម កម្រ​នឹងមាន​រយៈពេល​ច្រើនជាង២៧០ថ្ងៃ ណាស់ ហើយ​ឧបករណ៍​នេះ ជាធម្មតា​ត្រូវបាន​បញ្ចេញ​លក់​នៅក្នុង​អត្រា​អប្បហារ ដោយ​ឆ្លុះ បញ្ចាំង​ពី​អត្រា​ការប្រាក់​ទូទៅ​ដែលមាន​នៅលើ​ទីផ្សារ។

គុណសម្បត្តិ​ធំ​បំផុត​របស់​ប័ណ្ណ ពាណិជ្ជកម្ម​គឺថា វា​មិនចាំបាច់​ចុះបញ្ជី​ជាមួយនឹង​គណៈកម្មការ​ទីផ្សារ​មូលប័ត្រ (Securities and Exchange Commission) ដែល​ហៅ​កាត់​ថា SEC ឲ្យ​តែ​ឥណប្រតិទាន​មិន​ច្រើនជាង៩ខែ (២៧០ថ្ងៃ) ដែល​បណ្តាល​ឲ្យ​វា​ទៅជា​ឧបករណ៍​រៃអង្គាស​ហិរញ្ញវត្ថុ​ដ៏​មាន​ប្រសិទ្ធភាព។ មូលនិធិ​ដែល​ប្រមូលបាន ត្រូវបាន​អនុញ្ញាតិ​ប្រើ​សម្រាប់តែ​ទ្រព្យសកម្ម​ប៉ុណ្ណោះ និង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើ​សម្រាប់​ទ្រព្យអកម្ម​ឡើយ ដូចជា​ការសាងសង់​រោង​ចក្រ​ថ្មី​ជាដើម ដោយ​គ្មាន ការយល់ព្រម​ពី SEC៕ (ដកស្រង់​ចេញពី​សៀវភៅ រូបិយវត្ថុ និង​ធនាគារ)៕

ក្រុមហ៊ុន FedEx ដ៏​ធំ​របស់​អាមេរិក​ប្រកាស​ពី​គម្រោង​ហោះហើរ​ដឹកទំនិញ​ចេញ-ចូល​កម្ពុ​ជានា​ខែមិថុនា​ខាងមុខ

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន FedEx ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានប្រកាស​ពី​គម្រោង​ហោះហើរ​ដឹកទំនិញ​ចេញ-ចូល​កម្ពុជា នៅក្នុង​ខែមិថុនា ឆ្នាំ២០២១ខាងមុខ។ នេះ​បើ​យោងតាម​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល។

គម្រោង​នេះ ត្រូវបាន​លើកឡើង ក្នុង​កិច្ចពិភាក្សា​ការងារ​រវាង លោក​ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល និង​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​តំណាង​ស្ថាប័ន​ស្ថាន​ពាណិជ្ជកម្ម កាលពី​ម្សិល​ម៉ិ​ញ។

លោក​ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​បាន​ប្រាប់​ដល់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា កម្ពុជា​គាំទ្រ​ដល់ សំណើ​របស់​ក្រុមហ៊ុន FedEx ដែលមាន​គម្រោង​ហោះហើរ​ដឹកទំនិញ​ចេញ-ចូល​កម្ពុជា(Cargo/Freight) នៅក្នុង​ខែមិថុនា ឆ្នាំ២០២១ខាងមុខ។

លោក W.Patrick Murphy បានលើកឡើង​ពី​គោលបំណង ដើម្បី​ឈ្វេងយល់​ពី​ការ វិ​វត្ត​នៃ​វិស័យ​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា និង​ការវិវត្ត​នៃ​ការត្រៀមខ្លួន​សម្រាប់​ការចូល ជា​សមាជិក​អនុសញ្ញា​ខេ​ប​ថោ​ន(ស៊ី​ធី​ស៊ី)(Cape Town Convention) ព្រមទាំង​ការទទួលបាន ការគាំទ្រ​ដល់​សំណើរ​របស់​ក្រុមហ៊ុន FedEx ដែលមាន​គម្រោង​ហោះហើរ​ដឹកទំនិញ​ចេញ-ចូល​កម្ពុជា។

ជាការ​ឆ្លើយតប លោក​ម៉ៅ ហាវ​ណ្ណា​ល់ បាន​គូសបញ្ជាក់ថា កម្ពុជា​នឹង​ពិនិត្យឡើងវិញ​លើ​អនុសញ្ញា​ខេ​ប​ថោ​ន(Cape Town Convention)ដោយ​ពិនិត្យ​លើ​ក្រុមការងារ​ត្រូវខិតខំ​បង្កើនល្បឿន ដើម្បីឱ្យ​ទទួលបាន​លទ្ធ​ផល​ជាទី​គាប់ចិត្ត។ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​សុំឱ្យ​ភាគី​សហរដ្ឋអាមេរិក​ជួយផ្តល់​ជំនួយ​បច្ចេកទេស និង​អ្នកជំនាញ​ការជួយ​តម្រង់ទិស​ដល់​ក្រុមការងារ​អាកាសចរ​ស៊ីវិល​ឱ្យសម្រេចបាន​លទ្ធផល​ទៅតាម​ផែនការ​របស់ខ្លួន។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ចំពោះ​ក្រុមហ៊ុន FedEx យើង​បាន​ពិនិត្យ​និង​គាំទ្រ​ឱ្យមាន​ការហោះហើរ​មក​ក​ម្ពុ​ជា​ហើយ ប៉ុន្តែ​ដោយសារ​មានការ​ខ្វះខាត​នូវ​ឯកសារ​មួយចំនួន​ដែល​ត្រូវ​បំពេញបន្ថែម ហើយ​ខាង​ភាគី​សហរដ្ឋអាមេរិក​ក៏បាន​យកទៅ​ពិនិត្យ​ពិចារណា​ហើយ​យើង​នឹង​គាំទ្រ និង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន FedEx៕

ផ្សារ​ហ៊ុន​នៅក្នុង​ពិភពលោក​ចាប់ផ្ដើម​ហក់​ឡើងវិញ មិន​ធ្លាប់មាន​សាជាថ្មី

ដោយ ​សុខុម

ក្រុង​ឡុង​ដ៍៖ ទីផ្សារ​ភាគហ៊ុន​ពិភពលោក​បាន​ហក់​ឡើង​រយៈពេល ៨ថ្ងៃជាប់ៗគ្នា​ដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន ខណៈ​ទីផ្សារ​មាន​សុ​ទិ​ដ្ឋ​និយម​ដោយសារ​ការ​ក្ដីសង្ឃឹម​ចំពោះ​ការបញ្ចេញ​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​ការ​ចែកចាយ​វ៉ាក់សាំង។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​កាលពី​ថ្ងៃទី១០ កុម្ភៈ ឱ្យដឹងថា ស​ន្ទ​ស្សន៍​ផ្សារភាគហ៊ុន​ពិភពលោក MSCI ដែល​តាមដាន​ភាគហ៊ុន​ក្នុង ៤៩ ប្រទេស​បាន​ហក់​ឡើង ០,៣% ឈានដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន​សាជាថ្មី។

ស​ន្ទ​ស្សន៍​ផ្សារភាគហ៊ុន​អឺរ៉ុប ក៏បាន​ហក់​ឡើង​ដែរ ដោយ​ផ្សារភាគហ៊ុន STOXX 600 ហក់​ឡើង ០,៣% ហើយ​ផ្សារភាគហ៊ុន London’s FTSE 100 ហក់​ឡើង ០,៤% ។

លោក Kiran Ganesh អ្នកធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​ប្រចាំ​នៅ​ធនាគារ​វិនិយោគ​ពហុ​ជាតិ​សាសន៍ UBS លើកឡើងថា “ក្ដីសង្ឃឹម​ចំពោះ​ការទម្លាក់​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​នៅក្នុង​សហរដ្ឋ​អាម​រិ​ក បាន​ជួយ​ជំ​រុញឱ្យ​ទីផ្សារ​ភាគហ៊ុន​ហក់​ឡើង ព្រោះ​ពេលនេះ​លោក ចូ បៃ​ឌិន កំពុងតែ​ជជែក​ចរចា​ជុំវិញ​សេចក្ដីព្រាង​កញ្ចប់​ថវិកា​សេដ្ឋកិច្ច ១,៩ ទ្រី​លាន​ដុល្លារ​របស់លោក ដែល​ស្មើនឹង​ប្រមាណ ៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​សហរដ្ឋអាមេរិក” ។

ធនាគារ​វិនិយោគ UBS រំពឹងថា ក្រោយ​ការជជែក​ចរចា​ជាមួយ​ក្រុមមន្ត្រី​មកពី​គណបក្ស​សាធារណរដ្ឋ កញ្ចប់​ថវិកា​នេះ​អាច​នឹង​ថយចុះ​មក​នៅ​យ៉ាងហោចណាស់​ក៏​ប្រហែល ១,៥ ទ្រី​លាន​ដុល្លារ​ដែរ។

ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ ទី៩ កុម្ភៈ​ថា លោក​បាន​យល់​ស្របតាម​សំណើ​របស់​ក្រុម​សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​សុំឱ្យ​កំណត់​យ៉ាង​តឹងរ៉ឹង​លើ​ប្រាក់ចំណូល​សម្រាប់​អ្នក​ដែល​ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​កូ​វីដ-១៩ ឬក៏​ឈប់​ផ្ដល់ឱ្យ​តែម្ដង​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​ខ្ពស់។

ងាក​មក​មើល​តម្លៃ​ប្រេង​វិញ គឺ​បាន​ឡើងថ្លៃ​រយៈពេល ៩ ថ្ងៃជាប់ៗគ្នា​ដោយសារ​អ្នក​ផលិត​ប្រេង​កាត់បន្ថយ​ការផ្គត់ផ្គង់​ជា​បណ្ដោះអាសន្ន និង​ក្ដី​រំពឹង​ចំពោះ​ការ​ចែកចាយ​វ៉ាក់សាំង។

ដោយឡែក ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​របស់​ចិន បាន​ធ្លាក់ចុះ​ខ្លាំង​ជាង​ការរំពឹងទុក ប៉ុន្តែ​តម្លៃ​ទំនិញ​រោងចក្រ​បាន​កើន​ឡើងជា​លើកដំបូង​ក្នុងពេល ១២ ខែ​ដោយសារ​ការ​ងើបឡើង​នៅក្នុង​វិស័យ​ឧស្សាហកម្ម។

ទន្ទឹមនេះដែរ រូបិយប័ណ្ណ​ដុល្លារ បាន​ធ្លាក់​ថ្លៃ ០,១% ទល់នឹង​រូបិយប័ណ្ណ​មួយចំនួន ដែលជា​កម្រិត​ទាប​ក្នុង​រយៈពេល ២ សប្ដាហ៍៕

ការវិនិយោគ​របស់​ប​រទេស​នៅ​ថៃ ដាំ​ក្បាល​ចុះ​រហូតដល់ ៥៤% ក្នុង​ឆ្នាំ២០២០

ដោយ សុខុម

បាងកក៖ ការវិនិយោគ​របស់​ប​រទេស (Foreign Investment) នៅ​ប្រទេស​ថៃ បាន​ដាំ​ក្បាល​ចុះ​រហូតដល់​ទៅ ៥៤% មក​នៅត្រឹម ២១៣ ពាន់​លាន​បាត (ប្រមាណ ៧,១២ ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​ឆ្នាំ២០២០ ដោយសារ​ក្រុមហ៊ុន​នានា​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ នេះ​បើ​យោង​ការចុះផ្សាយ​របស់​កាសែត Bangkok Post ។

ក្រុមប្រឹក្សា​វិនិយោគ (Board of Investment) របស់​ថៃ បានបញ្ជាក់​តាមរយៈ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ ទី១០ កុម្ភៈ ថា ប្រទេស​ជប៉ុន នៅតែ​ជា​អ្នកវិនិយោគ​ធំ​បំផុត​របស់​ប្រទេស​ថៃ ជាមួយនឹង​ទុនវិនិយោគ ៧៦ ពាន់​លាន​បាត (២,៥៤ ពាន់​លាន​ដុល្លារ​អាមេរិក) ហើយ​ចំណាត់ថ្នាក់​លេខ២ គឺ​ប្រទេស​ចិន ជាមួយនឹង​ទុនវិនិយោគ ៣១ ពាន់​លាន​បាត (១,០៤ ពាន់​លាន​ដុល្លារ​អាមេរិក) ចំណែកឯ​ចំណាត់ថ្នាក់​លេខ៣ គឺ​សហរដ្ឋអាមេរិក ជាមួយនឹង​ទុនវិនិយោគ ២៥ ពាន់​លាន​បាត (៨៤០ លាន​ដុល្លារ​អាមេរិក)។

ក្រុមប្រឹក្សា​នេះ​លើកឡើងថា កាលពី​ឆ្នាំមុន ទាំង​ការវិនិយោគ​របស់​បរ​ទេស និង​ការវិនិយោគ​ក្នុងស្រុក ជាពិសេស​លើ​វិស័យ​គ្រឿង​អេឡិចត្រូនិក កសិកម្ម និង​កែច្នៃ​ចំណីអាហារ​បាន​ធ្លាក់ចុះ ៣០% ធៀប​នឹង​ឆ្នាំ២០១៩ មក​នៅត្រឹម ៤៨១ ពាន់​លាន​បាត (១៦,០៨ ពាន់​លាន​ដុល្លារ)។ ប៉ុន្តែ​ទន្ទឹមនេះ វិស័យ​សុខាភិបាល​បែរជា​ទទួលបាន​បាន​កំណើន​រហូតដល់​ទៅ ១៦៥% ។

លោកស្រី Duangjai Asawachintachit ប្រធាន​ក្រុមប្រឹក្សា​វិនិយោគ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា “ការផ្ទុះ​វីរុស​កូ​វីដ-១៩ បាន​បង្ក​ផលប៉ះពាល់ ហើយក៏​នាំមក​នូវ​ឱកាស​ផងដែរ” ។ លោកស្រី​លើកឡើងថា ក្រុមប្រឹក្សា​វិនិយោគ​មិនទាន់​កំណត់​គោលដៅ​សម្រាប់​ការវិនិយោគ​ក្នុងឆ្នាំនេះ​ទេ ខណៈ​ស្ថានភាព​កូ​វីដ-១៩ និង​សេដ្ឋកិច្ចពិភពលោក​ស្ថិតក្នុង​ស្ថាន​ភាពមិនប្រាកដ​ប្រជា​ខ្លាំង​នៅឡើយ។

លោកស្រី​បាន​បន្ថែមថា ក្រុមប្រឹក្សា​វិនិយោគ​បាន​បន្ត​ផ្ដល់​គ្រឿង​លើកទឹកចិត្តផ្សេងៗជាច្រើន​ដើម្បី​ជំរុញ​ការចុះបញ្ជី​ក្រុមហ៊ុន​នានា។

ប្រទេស​ថៃ មិនទាន់បាន​ដកចេញ​វិញ​ទាំងស្រុង​នោះទេ​ចំពោះ​វិធានការ​រឹតបន្តឹង​ដែល​ខ្លួន​បានដាក់​កាលពី​ខែមេសា ឆ្នាំមុន​លើ​ការអនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ចេញចូល​ដើម្បី​កាត់បន្ថយ​ការឆ្លង​វីរុស​កូ​វីដ-១៩ ដោយ​ខ្លួន​ទទួល​យកតែ​ភ្ញៀវ​មួយចំនួន​ដែលមាន​ទិដ្ឋាកា​ស្នាក់នៅ​រយៈពេល​យូរ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណាក្ដី ប្រទេស​ថៃ បាន​ទប់​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វីដ-១៩ ឱ្យនៅ​ទាប​ដោយ​ជោគជ័យ ដោយ​គិត​មកទល់ពេលនេះ​មាន​ករណី​ឆ្លង​តែ ២៣.៩០៣ ករណី និង​ស្លាប់ ៨០ ករណី​ប៉ុណ្ណោះ៕

អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​វិស័យ​ឯកជន​អភិវឌ្ឍន៍​សំណង់​ប្រកបដោយ​គុណភាព

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ បើទោះជា​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺឆ្លង ដែល​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​យ៉ាងណា សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​សំណង់​ក្រោម​ការវិនិយោគ​ពី​វិស័យ​ឯកជន​នៅ​កម្ពុជា​នៅតែ​បន្តសកម្មភាព ជាពិសេស​ការអភិវឌ្ឍ​ន៍​វិស័យ​លំនៅដ្ឋាន។

ជាមួយនឹង​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​យ៉ាង​ផុសផុល​ពី​សំណាក់​វិស័យ​ឯកជន លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា គ្រប់ការ​អភិវឌ្ឍ និង​សាងសង់​សំណង់​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅតាម​តំបន់ផ្សេងៗសុទ្ធតែជា​ការចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ និង​ពង្រឹង​កំណើន​សេដ្ឋកិច្ចជាតិ​យ៉ាងសំខាន់។

លោក​បាន​បញ្ជាក់ថា “ការអភិវឌ្ឍ​នូវ​គម្រោង​សាងសង់​សំណង់​នានា បាន​ឆ្លុះ​បង្ហាញ​ពី​ភាពជោគជ័យ​ថ្មី​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ទាក់ទាញ​ការវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស ការខិតខំ​បង្កើន​នូវ​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់​ជូន​ដល់​វិនិយោគិន ធុរជន ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​ស្របទៅនឹង​កំណើន​នៃ​ចំណូល​ប្រចាំខែ​របស់​ពលរដ្ឋម្នាក់ៗ សំដៅ​រួមចំណែក​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ និង​ការអភិវឌ្ឍ​ឱ្យ​កាន់​តែមាន​ភាព​ស៊ី​វិ​ល័យ” ។

លោក​បាន​លើកឡើងថា ចំពោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា រាជរដ្ឋាភិបាល បាន និង​កំពុង​យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ​ផ្នែក​ទន់ ដើម្បី​គាំទ្រ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ផ្នែក​រឹង​ដែល​ត្រូវ​នាំមុខ​ដោយ​វិស័យ​ឯកជន តាមរយៈ​ការកសាង​នូវ​លិខិតបទដ្ឋាន​គតិ​យុត្តសំខាន់ៗបម្រើ​ដល់​វិស័យ​មួយ​នេះ ដូចជា​ច្បាប់​សំណង់ ការគ្រប់គ្រង​បុរី ការផ្តល់​វិញ្ញាបនបត្រ​វិជ្ជាជីវៈ អាជ្ញា​បណ្ណ​ផ្នែក​សេវា​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ រួម​ជាមួយនឹង​សេចក្ដីប្រកាស​ស្ដីពី​ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ​ជាដើម។

លោក​អភិបាល​បាន​បញ្ជាក់ថា “សម្រាប់​វិស័យ​ឯកជន​ដែលជា​ម្ចាស់​គម្រោង​សាងសង់​សំណង់​នានា ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ សូម​មេត្តាជួយ​ថែរក្សា និង​ប្រើប្រាស់​ឱ្យចំ​ទិសដៅ​នូវ​រាល់​សមិទ្ធផល​ទាំងឡាយ​របស់​រដ្ឋ ដើម្បី​ជា​ប្រយោជន៍​រួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​ផង និង​ដើម្បី​ចូលរួម​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​សម្រាប់​ជា​មរតក​ដល់​មនុស្ស​ជំនាន់​ក្រោយ” ។

រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន បាន និង​កំពុង​ជំរុញ​ការអភិវឌ្ឍ​ដោយ​ផ្តោត​យ៉ាងសំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធ​ប្រឡាយ បណ្តាញ​ទឹកស្អាត បណ្តាញ​អគ្គិសនី បណ្តា​ទូរគមនាគមន៍ ការកែលម្អ​សួនច្បារ​សាធារណៈ ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស ដែល​សមិទ្ធផល​ទាំងអស់នេះ​បាន​ក្លាយជា​ធាតុ​យ៉ាងសំខាន់​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​ឱ្យ​ចូលមក​បណ្តាក់​ទុនវិនិយោគ និង​ធ្វើ​អាជីវកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ៕

“ផ្លូវ​ហ្វា​យ​ណាន់​សល – The Financial Street” ផ្លូវ​ថ្មី​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ៧មករា

ដោយ សហការី

ភ្នំពេញ៖ ដឹ អូឡាំព្យា ស៊ីធីគឺជាគម្រោងអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC)   និង​ហិរញ្ញប្បទាន​ដោយ​ធនាគារ​កាណាឌីយ៉ា។ ដឹ អូឡាំព្យា ស៊ីធីជាទីក្រុងដែលមានអគារអភិវឌ្ឍន៍ចម្រុះ រួមមាន អគារ​ខុន​ដូ ផ្ទះ​អាជីវកម្ម ផ្សារ​ទំនើប សណ្ឋាគារ សាលារៀន​អន្តរជាតិ ក្លឹប​ហាត់ប្រាណ ការិយាល័យ មន្ទីរពេទ្យ​ខ្នាត​អន្តរជាតិ ។ល។

បច្ចុប្បន្ន គម្រោង ដឹ អូ​ឡាំ​ព្យា ស៊ី​ធី បាន​នឹង​កំពុងអភិវឌ្ឍន៍​ខ្លួន​បន្ថែមទៀត ដោយ​បើក​ដំណើរការ​ផ្លូវ​មួយ​ខ្សែ​ជា​សាធារណៈ​ដែលមាន​ឈ្មោះថា “ផ្លូវហ្វាណាន់សល “The Financial Street” ដែលមាន​ទំហំ​ទ​ទឺង១៦ម៉ែត្រ ត​ភ្ជាប់​ពី​មហា​វី​ថី​ព្រះ​មុនី​រ៉េត (ផ្លូវ២១៧) ឆ្ពោះទៅកាន់​ផ្លូវ​លេខ ១៦១ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ ការបើកផ្លូវ​ថ្មី​នេះ និង​ផ្តល់​ភាព​ងាយ​ស្រួយ​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត។

ផ្លូវ​ថ្មី​មួយ​នេះ​និង​ព័ទ្ធជុំវិញ​ដោយ​អគារខ្ពស់ៗអម​សងខាង​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ក្នុងនោះ​រួមមាន ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ដំណាក់​ទី២ ដែល​ចាប់ផ្តើម​លេច​រូបរាង​ជាបណ្តើរៗ អគារ​ការិយាល័យ​លំដាប់​ខ្ពស់ សណ្ឋាគារ​លំដាប់​អន្តរជាតិ និង​ជាពិសេស​គឺ​អគារ​ពាណិជ្ជកម្ម​កំពស់១២ជាន់​ដែលជា​គម្រោង​ថ្មី​ទើបនឹង​បើក​លក់។

គម្រោង​ថ្មី​នេះ​លាតសន្ធឹង​តាម “ផ្លូវហ្វាណាន់សល “The Financial Street” មាន​ទំហំ​ផ្ទៃដី​អភិវឌ្ឍន៍​សរុប​ជាង ១០,០០០ម៉ែត្រការ៉េ ដែល​សាងសង់​ឡើងជា​អគារ​ពាណិជ្ជកម្ម​ដែលមាន​កម្ពស់១២ជាន់។ អគារនីមួយៗមាន​ទំហំ​ដី ៨,២ម៉ែត្រ​គុណ​នឹង៤១ម៉ែត្រ និង​ទំហំ​អគារ​ចាប់ពី ៨,២ម៉ែត្រ គុណ​នឹង២៤ដល់២៨ម៉ែត្រ និង​ធ្វើការ​រចនា​ម៉ូត​យ៉ាង​ពិសេស ដោយមាន​បំពាក់​ជណ្តើរយន្ត ចំណត​ក្រោម​ដីឯកជន និង​ទីធ្លា​មុខក្រោយ​អគារ​ធំ​ទូលាយ អំណោយផល​ដល់​ការប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ និង​បើក​ជា​ក្រុមហ៊ុន​គ្រប់​ប្រភេទ។ គម្រោង​អគារ​ពាណិជ្ជ​កម្មនេះ​មាន​សរុប​ចំនួន២៧អគារ ដែល​បាន​នឹង​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន។ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​នូវ​តម្លៃ ព្រមទាំង​លក្ខខណ្ឌ​បង់ប្រាក់​យ៉ាង​ពិសេស​សម្រាប់​ការបើក​លក់​ដំណាក់កាល​ដំបូង​នេះ។

សម្រាប់​ពត៍​មាន​លម្អិត សូម​ទំនាក់ទំនង​ក្រុមការងារ​យើងខ្ញុំ​តាមរយៈ​លេខ​ទូរស័ព្ទ 089/086 985 988 ; 092/093 801 809 ; 099/086 720 727 ឬ ចូល​គេហទំព័រ Facebook របស់ អូ​ឡាំ​ព្យា ស៊ី​ធី (Olympia City)៕