តើ​ក្រុង​កំពង់ចាម​មាន​សក្ដានុពល​វិនិយោគ​លើ​វិស័យ​អ្វីខ្លះ​ទាក់ទង​នឹង​អចលនទ្រព្យ?

ដោយៈ​គង់ សូរិយា

កំពង់ចាមៈ មាន​ប្រជាជន​រស់នៅ​ច្រើនជាង ១លាន​នាក់ ខេត្តកំពង់ចាម​ហាក់​មិនសូវ​មានការ​នឹក​នាំ​ដល់​ច្រើន​នៅឡើយ ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​វិស័យ​សំណង់ និង​អចលនទ្រព្យ ប៉ុន្តែ​វា​ជា​ខេត្ត​មាន​សក្តានុពល​ច្រើន​ផ្នែក​សេដ្ឋកិច្ច។

មាន​ចម្ងាយ ១២៤គីឡូម៉ែត្រ ពី​រាជធានី​ភ្ន​ម​ពេញ ខេត្តកំពង់ចាម​ត្រូវបាន​គេ​មើលឃើញថា មាន​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​ជាង​បណ្តា​ខេត្ត​ជិតខាង​មួយចំនួន ដូចជា​ខេត្តព្រៃវែង ខេត្ត​កំពង់​ឆ្នាំ និង​ត្បូងឃ្មុំ និង​ខេត្តកំពង់ធំ​ជាដើម ខណៈដែល​វត្តមាន​របស់​ក្រុមហ៊ុន​វិនិយោគ និង​អភិវឌ្ឍន៍​លើ​វិស័យ​សំណង់​លំនៅដ្ឋាន បានបង្ហាញ​វត្តមាន​រួចជាស្រេច។

អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា  បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត កំពុងតែ​យកចិត្តទុកដាក់​ទៅលើ​ការរៀបចំ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ ដោយ​គ្រប់​ផ្លូវ​តូចធំ​នៅក្នុង​ក្រុង និង​តំបន់​ជាយក្រុង​សុទ្ធតែ​ត្រូវបាន​ស្ថាបនា​ជា​ផ្លូវ​បេតុង និង​ចាក់​កៅស៊ូ​ទាំងអស់ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ និង​បម្រើ​ដល់​វិស័យ​ដឹង​ជញ្ជូន។

លោក​បន្តថា “ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើនប្រជាជន មានការ​កើនឡើង​ជាប្រចាំ ជាក់ស្ដែង​ពេលនេះ ចំនួន​ប្រជាជន​នៅ​ទាំង​ខេត្ត មាន​ចំនួន​រហូតដល់​ជាង ១.១លាន​នាក់ ខណៈដែល​នៅក្នុង​ក្រុង​កំពង់ចាម​មាន​ចំនួន​ជាង៤ម៉ឺន​នាក់ ជាមួយ​ផលទុនជាតិ​សរុប​សំរាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​ឆ្នាំមាន​ចំនួន១៦៤៨ ដុល្លារ” ។

វិស័យសេដ្ឋកិច្ច ដែល​ឈានមុខ​គេ​ប្រចាំ​ខេត្តកំពង់ចាម ត្រូវបាន​លោក​អភិបាលខេត្ត​បញ្ជាក់​ប្រាប់ថា “វិស័យ​កសិឧស្សាហកម្ម​បាន​ដើរ​ឈានមុខ​គេ ដែលមាន​រោងចក្រ​កាត់ដេរ​កំ​បូ​ង​ដំណើរ​ចំនួន១៧ រួមជាមួយ​នឹ​សហគ្រាស​តូចធំ​ផ្សេងទៀត ចំនួន​ជាង២០០ទីតាំង ដែល​ចំនួន​នេះ​នៅ​មិនទាន់​រាប់បញ្ចូល​សហគ្រាស​ខ្នាតតូច ដែល​មិនទាន់​ចុះបញ្ជី​នោះទេ” ។

ងាក​មក​ចាប់អារម្មណ៍​ជាមួយ នឹង​ភាព​រីកចម្រើន​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ ខេត្តកំពង់ចាម​ក៏មាន​កំពុង​សមាន​សក​ម្ម​ភាព អភិវឌ្ឍន៍​គំរោង​លំនៅដ្ឋាន​បែប​ទាន់សម័យ​ផងដែរ ដែល​ក្នុងនោះ​រួមមាន​បុរីធំៗចំនួន២ (បញ្ចប់​គម្រោង​រួចរាល់) គម្រោង     បណ្តុំ​លំនៅដ្ឋាន​បែប​បុរី ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​នៅ​ម្ដុំ​បឹង​ស្នាយ និង​សំណង់​លំនៅដ្ឋាន​បែប​ទំនើប​ដែល​អភិវឌ្ឍន៍​ឡើងជា​លក្ខណៈ​ឯកជន។

ពាក់​ព័​ន្ឋ​នឹង​សក្តានុពល​របស់​ខេត្តកំពង់ចាម អ្នកជំនាញ​និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ​ក៏​មិនសូវ​បង្ហាញ​សុទិដ្ឋិនិយម​ផងដែរ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ លោក​ឧកញ៉ា នួន រិទ្ធី មានប្រសាសន៍ថា ភាព​រីកចម្រើន និង​ការអភិវឌ្ឍន៍​ក្នុង​វិស័យនេះ​ពិតជា​មាន​មែន ប៉ុន្តែ​ហាក់​នៅ​មិនទាន់​ខ្លាំងក្លា​នោះទេ ទោះជា​ប្រជាជន​នៅក្នុង​ខេត្ត​នេះ​មាន​ចំនួន​ច្រើន ប៉ុន្តែ​ទំហំ​ផ្ទៃដី​ក៏មាន​វិសាលភាព​ធំធេង​ណាស់ដែរ ខណៈដែល​តម្រូវការ​នៃ​ការប្រើប្រាស់​ដី​នៅមានកម្រិត​នៅឡើយ” ។

លោក​ឧកញ៉ា​បន្តទៀតថា “ឱកាស​នៃ​ការវិនិយោគ ដើម្បី​ទទួលបាន​ចំណេញ​ត្រឡប់មកវិញ​ក្នុង​រយៈពេល​ខ្លី​នៅក្នុង​ខេត្ត​នេះ គឺ​នៅមានកម្រិត ហើយ​អ្នកវិនិយោគ​ក៏មាន​ការប្រយ័ត្នប្រយែង​ផងដែរ” ។

បច្ចុប្បន្ន​តម្លៃ​ដី និង​អចលនទ្រព្យ នៅក្នុង​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ខេត្ត​អាច​ស្ថិតក្នុង​ចន្លោះ ២ ០០០ទៅ៣០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ដោយឡែក​ដី​លំនៅដ្ឋាន​អាច​ត្រឹម៧០០ដុល្លារ​ចុះក្រោម​ក្នុង​មួយ​ម៉ែត្រការ៉េ  ហើយ​សម្រាប់​ដី​លំនៅដ្ឋាន​នៅតាម​ភូមិ​ឃុំ អាចមាន​តម្លៃ៥០-៧០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តម្លៃ​ដីស្រែ​ចម្ការ គឺមាន​កម្រិត​ស្រដៀង​គ្នា​ទៅនឹង​ខេត្ត​ដទៃទៀត​ដែរ៕

គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗថ្នាក់ជាតិ​ចំនួន៧ កំពុង​សាងសង់​យ៉ាងសកម្ម

ដោយ​គង់ សូរិយា

ភ្នំពេញៈ គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ថ្នាក់ជាតិ​ចំនួន៧ បាននិងកំពុង​ស្ថាបនា​និង​សាងសង់​យ៉ាងសកម្ម​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​ការជួយ​ព​ន្លឿ​ន​កំនើន​សេដ្ឋកិច្ចជាតិ។

យោងតាម​ប្រសាសន៍​របស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​សន្និបាត បូកសរុប​ការងារ​ឆ្នាំ២០២០ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ២០២១ កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប (ថវិកាជាតិ) គិត​រហូត​មកទល់ពេលនេះ សម្រេចបាន ១១,៦៨ភាគរយ។

ចំណែក​គម្រោង​ស្ថាបនា​ផ្លូវ​ចំនួន១១ខ្សែ នៅ​ក្រុងព្រះសីហនុ​សម្រេចបាន ៣១,១៥ភាគរយ ព្រមទាំង​ការងារ ស្តារ​អូរ​ប្រឡាយ​ធម្មជាតិ​ចំនួន៥ខ្សែ ដែលមាន​ប្រវែង​សរុប២៧,៥៤៧គីឡូម៉ែត្រ​សម្រេចបាន៩៦,៦២ភាគរយ នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ក្របខណ្ឌ​នៃ​កញ្ចប់​ថវិកា​សន្សំ​របស់​ជាតិ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅដល់​ខេត្ត​ព្រះសីហនុ ក្រោម​លក្ខខណ្ឌ​កិច្ចសន្យា​សាងសង់-អាជីវកម្ម-ផ្ទេរ (BOT) សម្រេចបាន៣១,១៩ភាគរយ។ រីឯ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង ១ ១៣១ម៉ែត្រ សម្រេច បាន ៩៦,៤៩% ។

របាយការណ៍​របស់​ក្រសួង​សាធារណៈការ បាន​ឲ្យ​ដឹង​ទៀតថា បន្ថែម​ពីលើ​នេះ គម្រោង​សាង់សង់​ផ្លូវជាតិ​លេខ៣ រាជធានី​ភ្នំពេញ-បែក​គូស (៤ គន្លង​ផ្លូវ) និង​បែក​គូស ខេត្តកំពត ពង្រីក​ដល់១២ម៉ែត្រ​សម្រេចបាន៨៧ភាគរយ។ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៥ ព្រែក​ក្តាម-ក្រុង ប៉ោយ ប៉ែត ពង្រីក​ជា៤គន្លង​ផ្លូវ ក្នុងនោះ ១-(ព្រែក​ក្តាម-ធ្លា​ម្អម) ប្រវែង១៣៥,២៥គ.ម សម្រេចបាន៣៥,៦២ភាគរយ។ កំណាត់​ផ្លូវជាតិ​ដដែល​នេះ​ត​ភ្ជាប់​ពី​បាត់ដំបង-សិរីសោភ័ណ ប្រវែង៨៤,៧៤គ.ម សម្រេចបាន ៨៩,៧៥ភាគរយ និង​កំ

ណាត់​ទី៣-(ធ្លា​ម្អម-បាត់ដំបង)ប្រវែង១៣៤,២៥គ.ម សម្រេចបាន២៣,០២% និង (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៤,៤គ.ម កំពុង​ជ្រើសរើស​ក្រុមហ៊ុន​ម៉ៅការ​សាងសង់។

ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​បន្តថា ក្រសួង​បាន​ទិញ​គ្រឿងចក្រ​ចំនួន២២២គ្រឿង សម្រាប់​ផ្តល់ជូន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន២៥ រាជធានី-ខេត្ត និង​អគ្គនាយកដ្ឋាន ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​បានទទួល​ជំនួយឥតសំណង ជា​គ្រឿងចក្រ​សម្រាប់​កែច្នៃ​គ្រឹះ​ផ្លូវ​ឡើងវិញ (Stabilizer) ចំនួន ១៥គ្រឿង​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់ JICA ។

ជាមួយគ្នានេះ​ផងដែរ ក្រសួង​បានទទួល​គ្រឿងចក្រ សម្រាប់​ផលិត​បេតុង​កៅស៊ូ និង​ការងារ​អ៊ុត​កៅស៊ូ​ចំនួន២ឈុត ស្មើនឹង១៨គ្រឿង ពី​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) សម្រាប់​ឆ្នាំ២០២០ និង២០២១ ដែល​ក្នុង នោះ​រួមមាន  គ្រឿងចក្រ​ផលិត​បេតុង​កៅស៊ូ​ដែលមាន​សមត្ថភាព អាច​ផលិត​បេតុង​ក្នុង​បរិមាណ១២០តោន/ម៉ោង ចំនួន២គ្រឿង និង​គ្រឿងចក្រ​សម្រាប់​ការងារ​អ៊ុត​កៅស៊ូ​ចំនួន១៦គ្រឿង​ផងដែរ៕

លោក​ស៊ុន ចាន់ថុល៖ ការសាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ស្ទឹងត្រង់ ក្រូចឆ្មារសម្រេចបាន​ជាង ៩៦ភាគរយ

ដោយ​គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល​បាន​ថ្លែងថា ការសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា ចិន ឆ្លងទន្លេ​មេគង្គ​ស្ទឹងត្រង់ ក្រូចឆ្មារ​សម្រេចបាន​ជិត ៩៧ភាគរយ​ហើយ។

លោក​បាន​មានប្រសាសន៍​ក្នុង​សន្និបាត បូកសរុប​ការងារ​ក្រសួង​សាធារណៈការ​ឆ្នាំ២០២០ និង​លើក​ទិសដៅ​ឆ្នាំ២០២១ នា​ព្រឹក​ថ្ងៃទី១៦ កុម្ភៈ​កន្លងមក​ង​ថា គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ត​ភ្ជាប់​ទៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមាន​ប្រវែង ១១៣១ម៉ែត្រ​សម្រេចបាន ៩៦,៤៩ភាគរយ​ហើយ។

ស្ពាន​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន និង​ការធ្វើដំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ឃ្មុំ ដែល​រស់នៅ​យ៉ាងច្រើន​កុះករ នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ទន្លេមេគង្គ ឱ្យបាន​ងាយស្រួល និង​ឆាប់រហ័ស។

តាម​ឯកសារ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹ​ថ​ថា ស្ពាន​នេះ​មាន​ប្រវែង​សរុប ១.១៣១ ម និង ទទឹង ១៣,៥០ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក ហើយ​ត្រូវបាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ជិត ៥៧លាន​ដុល្លារ​សហរដ្ឋអាមេរិក នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន៤២ខែ ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បាន​មានប្រសាសន៍ថា​ស្ពាន​នេះ​ជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​យ៉ាងសំខាន់ សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង ការដឹកជញ្ជូន​និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​រស់នៅ​យ៉ាង ច្រើន​កុះករ​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ទន្លេមេគង្គ ឱ្យបាន​ងាយស្រួល និង​ឆាប់រហ័ស។

គម្រោង​ស្ពាន​នេះ​សាងសង់ឡើង ដោយ​ក្រុមហ៊ុន Shanghai Construction Group និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វាង​ចូ​វ​វ៉ាន​អាន នឹងត្រូវ​ចំណាយ​រយៈពេល​ចំនួន៤២ខែ ចាប់ពី​ខែកុម្ភៈ ឆ្នាំ២០១៨ ៕

ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន​ចាប់ផ្តើម​វិនិយោគ​លំនៅដ្ឋាន​នៅ​តំបន់​ផ្លូវជាតិ​លេខ៥១

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងពេល​វិបត្តិ​កូ​វីដ១៩ នៅតែ​មិនទាន់​បានបញ្ចប់​នៅឡើយ វិនិយោគិន​ក្នុងស្រុក​មួយចំនួន​បានចាប់ផ្ដើម​ដំណើរការ​វិនិយោគ​គម្រោង​ជាបណ្ដើរៗ ដោយមាន​សុ​ទិ​ដ្ឋ​និយម​ថា វិបត្តិ​នឹងត្រូវ​បញ្ចប់​នៅពេលឆាប់ៗ ពោលគឺ​នៅ​ឆ្នាំ២០២១ខាងមុខនេះ។

ជាក់ស្ដែង​វិនិយោគិន​ក្នុងស្រុក​មួយ បានចាប់ផ្ដើម​អភិវឌ្ឍន៍​គម្រោង ១៣០ហិច​តា ដើម្បី​សង់​លំនៅឋាន និង​ដី​ឡូ​ត៏ ហើយ​ក៏បាន​ត្រៀម​ដី​ជាង ៥០០ហិច​តា​រួចហើយ​សម្រាប់​អភិវឌ្ឍន៍​បន្តបន្ទាប់​នៅពេល​ខាងមុខ។

លោក​ឧកញ៉ា​អ៊ឹង គីម​ហុង​វិនិយោគិន​ក្នុងស្រុក​មួយរូប​បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា លោក​បាន​ត្រៀម​ដី​នៅតាម​បណ្ដោយ​ផ្លូវ៥១ ចំនួន​ជាង ៥០០ហិច​តា ដែល​លោក​បាន​ទិញ​ជា​យូរ​មកហើយ ដើម្បី​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​នានា ទោះបីជា​កូ​វីដ១៩មិនទាន់បាន​បញ្ចប់​ក្ដី ។

លោក​បន្តថា “សម្រាប់​ជំងឺ​កូ​វីដ១៩នេះ ប្រទេសធំៗ គេ​នឹងមិន​ទុកឱ្យ​វា​នៅ​អូសបន្លាយ​យូរ​នោះទេ ដូច្នេះ​លោក​ជឿជាក់ថា​នៅពេលឆាប់ៗខាងមុខនេះ វា​នឹងត្រូវ​បញ្ចប់ ហើយ​សម្រាប់​កម្ពុជា ក៏​ជា​ប្រទេស​តូច​មួយ​និង​រងគ្រោះ ដោយសារតែ​កូ​វីដ១៩ ក៏​នឹងត្រូវ​បញ្ចប់​វិបត្តិ​នេះ​ដូចគ្នា” ។

លោក​គឹមហុង​បាន​បន្តថា កត្តា​ដែល​លោក​សម្រេច​វិនិយោគ គម្រោង​អចលនទ្រព្យ​នៅ​ផ្លូវ៥១ ដោយសារតែ​លោក​មើលឃើញថា​តំបន់​នេះ ត្រូវបាន​ចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគិន​ជាច្រើន​ទៀត ហើយ​វា​ក៏​ជាទី​តាំង​ដែល​កំពុងអភិវឌ្ឍន៍ ទៅជា​តំបន់​រោងចក្រ​ជាក់ស្ដែង​មាន​គម្រោង​រោងចក្រ​ជាច្រើន បាននិងកំពុង​បាញ​ឆ្ពោះ​មករក​តំបន់​ផ្លូវ៥១ ដូច្នេះហើយ ទើប​លោក​ដាក់ទុន​សាង​សង់​ជា​លំនៅឋាន ឃ្លាំង​រោងចក្រ​និង​ដី​ឡូ​ត៏ ដើម្បី​ពលរដ្ឋ​មាន​ចំណូល​ទាប​ទិញ សម្រាប់​ទុក​នៅពេល​រោងចក្រ​មកដល់​ទីនោះ ។

តំបន់​ផ្លូវជាតិ​លេខ៥១ ក៏​ទាក់ទាញ​នូវ​ការវិនិយោគ​តំបន់ឧស្សាហកម្ម ដ៏​ធំ​របស់​សហគ្រាស​កាណាឌីយ៉ា លើ​ផ្ទៃដី​រាប់រយ​ហិកតា​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស លក្ខណៈ​ឧស្សាហកម្ម​ផងដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បានឱ្យដឹងថា តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ទឹក ភ្លើង តំបន់​នោះ​នឹងមាន​ការទាក់ទាញ​វិនិយោគ​ទៅ​បណ្ដាក់ទុន។ នេះ​គឺជា​ចំនុច​ដ៏​សំខាន់​មួយ សម្រាប់​ទាក់ទាញ​វិនិយោគិន ហើយ​រដ្ឋាភិបាល​ក៏បាន​ខិតខំ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ការវិនិយោគ​របស់​វិនិយោគិន ក៏ដូចជា សម្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ផងដែរ៕

ផ្តល់ជូន​កាន់តែ​ពិសេស​មិន​ធ្លាប់មាន! ដី​ឡូ​តិ៍​ក្នុងស្រុក​បន្ទាយស្រី​តម្លៃ​បង់​ផ្ដាច់​ត្រឹមតែ២០០០ដុល្លារ​តែប៉ុណ្ណោះ

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ ខណៈពេលដែល​រដ្ឋបាល​ខេត្ត កំពុង​យកចិត្តទុកដាក់​ក្នុងការ​រៀបចំ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ទូទាំង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ឱ្យ​ក្លាយជា​តំបន់​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ គម្រោង​ដី​ឡូ​តិ៍​ដែល​ស្ថិតនៅ​ក្នុងភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ត្រូវបាន​ប្រកាស​ដាក់លក់​ក្នុងតម្លៃ​ពិសេស​មិន​ធ្លាប់មាន ពោលគឺ​សម្រាប់​អតិថិជន ដែល​ទិញ​ដី​ឡូ​តិ៍​ដោយ​ការបង់​ផ្តាច់ តម្លៃ​ត្រឹម ២០០០ដុល្លារ​តែប៉ុណ្ណោះ​ក្នុង​មួយ​ឡូ​តិ៍។

គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​បន្ទាយស្រី ដែល​ស្ថិតនៅ​ភូមិសាស្ត្រ ដូច​បានបង្ហាញ​ជូន​ខា​ង​លើ​នេះ បច្ចុប្បន្ន​បាននិងកំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​គម្រោង​របស់ខ្លួន​រួមមាន​ដូចជា​ការដាំ​បង្គោល ត​ភ្ជាប់​បណ្តាញ​អគ្គិសនី និង​ការ​បង្កប់​លូ​ជាដើម ដើម្បី​បង្ក​ភាព​កាន់តែ​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​ទិញ និង​ចង់​សាងសង់​លំនៅដ្ឋាន​ស្នាក់នៅ​កម្មសិទ្ធិ​ក្នុង​គម្រោង។

តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​បន្ទាយស្រី លោកស្រី​ជិន លក្ខិណា បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក​ថា ដើម្បី​បង្ក​ភាពងាយស្រួល​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន និង​កំពុង​ព​ន្លឿ​ន​ការរៀបចំ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​គម្រោង​រួចរាល់ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ដែលមាន​បំណង​ចង់​សាងសង់​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ​ក្នុងពេល​ខាងមុខ​នេះ។

លោកស្រី​បន្តថា “នៅពេល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ល្អ រួមមាន ការរៀបចំ​ផ្លូវ​សម្រាប់​ចរាចរណ៍​នៅក្នុង​គម្រោង មានការ​រៀបចំ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី ក៏ដូចជា​បណ្តាញទឹក និង​លូ ជាពិសេស មាន​បំពាក់​សូ​ឡា​នៅក្នុង​គម្រោង ដែល​ស្ថិត​នៅជាប់​ផ្លូវ​ហាយ​វេ៦០ម៉ែត្រ វា​កាន់តែ​បង្កើន​នូវ​ភាព​ទាក់ទាញ​ក្នុងការ​វិនិយោគ ក៏ដូចជា​ការទិញ​ទុក​សម្រាប់​សាងសង់​លំនៅដ្ឋាន​ស្នាក់នៅ​ជា​កម្មសិទ្ធិ” ។

ជាមួយគ្នានេះ ជាការ​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ដែល​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​បន្ទាយស្រី ក្រុមហ៊ុន​បាន​ផ្តល់ជូន​នូវ​កម្មវិធី​ពិសេស មិន​ធ្លាប់មាន​ដោយ​ការ​បញ្ចុះតម្លៃ​ពី ៣០០០ដុល្លារ មក​នៅត្រឹម ២០០០ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍ សម្រាប់​អតិថិជន​ទាំងឡាយណា ដែល​ទិញ​ដោយ​ការបង់​ផ្ដាច់ភ្លាម។

លោកស្រី​បញ្ជាក់ថា “ការបញ្ចុះ​តម្លៃ​ជូន​រហូតដល់ ១០០០ដុល្លារ ឬ​តម្លៃ​ដី​នៅត្រឹម ២០០០ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍​នេះ គឺត្រូវធ្វើ​ឡើង​ក្នុង​លក្ខខណ្ឌ​ផ្សេងគ្នា។

ជាធម្មតា​តម្លៃ​ដី​នៅក្នុង​គម្រោង គឺ៣០០០ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​បាន​ទិញ និង​កក់​ប្រាក់៥០ភាគរយ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ៥០០ដុល្លារ ហើយ​សម្រាប់​ការ​កក់​ប្រាក់ ៧០ភាគរយ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ៨០០ដុល្លារ។

ដោយឡែក​សម្រាប់​អតិថិជន ដែល​មក​ទិញ​ដី​ឡូ​តិ៍​ដោយផ្ទាល់ មិនមាន​ឆ្លងកាត់​ភ្នាក់ងារ នឹង​ទទួលបាន​ប្រាក់​លើក​ទឹក​ចំនួន២០០ដុល្លា បន្ថែមទៀត​ផងដែរ។ ដូច្នេះ​មានន័យថា ដី​ដែលមាន​តម្លៃ៣០០០ដុល្លា ក្នុង​មួយ​ឡូ​តិ៍​បញ្ចុះតម្លៃ​នៅសល់​ត្រឹមតែ២០០០ដុល្លា​តែប៉ុណ្ណោះ” ។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង តាមរយៈ​ទូរស័ព្ទ 016 999 995 / 017 8  12345 / 097 8 123 456 ៕

កម្ពុជា-ជប៉ុនជ្រើសរើសយករាជធានី ខេត្តចំនួន៣នៅកម្ពុជាសម្រាប់អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃអាស៊ាន

ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ជប៉ុន បានសម្រេចជ្រើសរើសយកតំបន់ចំនួន៣ក ចូលក្នុងបណ្ដា​ញទីក្រុងឆ្លាតវៃអាស៊ាន ក្នុងនោះមានរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ។ នេះបើតាមប្រសាសន៍លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ថ្លែងនៅក្នុងវេទិការដ្ឋ-ឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ ២០២១។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង ដែលមានបរិស្ថានរស់នៅល្អ ធានាគុណភាព សុវត្ថិភាព សោភណភាព សុខុមាលភាព និងប្រសិទ្ធភាពសង្គម-សេដ្ឋកិច្ច តាមគោលការណ៍ទីក្រុងឆ្លាតវៃ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ផ្សារភ្ជាប់យុទ្ធសាស្រ្តសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទីក្រុង ជាមួយការអភិវឌ្ឍនគរូបនីយកម្ម ។

ជាក់ស្តែង ប្លង់គោលប្រើប្រាស់ដីនិងផែនការរៀបចំដែនដី ថ្នាក់រាជធានីខេត្ត សម្រេ​ចបាន៣រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជន សម្រេចបាន១៧ និងថ្នាក់ឃុំសង្កាត់ សម្រេចបាន៨៧ ។

លោកជា សុផារ៉ាបានបបន្ថែមថា វេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” រៀបចំឡើងក្នុងគោលបំណង បន្តជំរុញបង្កើតឱកាសធុរៈកិច្ច និងវិនិយោគពីប្រទេសជប៉ុន មកប្រទេសកម្ពុជាស្តីពីនគរូបនីយកម្ម ដោយផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតវៃ ។

លោកបន្តថា “ការរៀបចំវេទិការដ្ឋ-ឯកជនលើកទី២នេះ បានបង្ហាញនូវការបន្តជឿជា​ក់របស់អ្នកវិនិយោគជប៉ុន លើសក្តានុពលសេដ្ឋកិច្ចកម្ពុជា។ វេទិកានេះនឹងកាន់តែពង្រឹងបាននូវសាមគ្គីភាពនិងមិត្តភាពនៃប្រជាជាតិយើងទាំងពីរកម្ពុជា-ជប៉ុន”។

លោកជា សុផារ៉ាបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់បានក្លាយជាសសរស្តម្ភស្នូល ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល ២០ឆ្នាំ (២០០០-២០២០) មានប្រមាណ ៦០ ៨៧២លានដុល្លារ៕

ភាគីចិនអះអាងថា ខេត្តព្រះសីហនុជាខេត្តមានសក្តានុពលនិងជាខេត្តបងប្អូនរបស់ចិន

ដោយ:គង់ សូរិយា

ភ្នំពេញៈ ប្រធានតំណាងការិយាល័យកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ លោក JIANG WEI មានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តគំរូដែលមានសក្តានុពលជាងខេត្តផ្សេងៗទៀត និងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន។

ក្នុងជំនួបជាមួយលោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ កុម្ភៈនេះលោកJIANG WEIបានមានប្រសាសន៍ថា តាងនាមខ្ញុំតំណាងប្រទេសចិន និងប្រជាជនចិន នឹងបន្តកិច្ចសហការឱ្យទទួលបានជោគជ័យ។ លោកបានឃើញខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿន ដោយសារស្ថានភាពនយោបាយ ការសហការល្អរវាងប្រទេសទាំងពីរ ទោះបីពេលវេលាដ៏លំបាកដោយសារជំងឺកូវីដ-១៩ ក៏យើងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះប្រទេសចិន ក៏បានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាផងដែរ។

លោកបានបន្តថា “ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ និងកិច្ចសហប្រតិបត្តិការក្នុងការជួយជំរុញ ការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ក៏ដូចជាម៉ាស៊ីនវិភាគជំងឺរកមេរោគកូវីដ-១៩”។លោកបន្តថា “ទន្ទឹមនោះយើងត្រូវពង្រីកវប្បធម៌ អរិយធម៌ ពិសេសការទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងពីរ គាំទ្រភាពជាបងប្អូន និងបន្តជំរុញអ្នកវិនិយោគចិនមកខេត្តព្រះសីហនុ ដើម្បីកំណើនការងារសម្រាប់ប្រជាជនខេត្តព្រះសីហនុ និងសន្យាគាំទ្រការបណ្តុះបណ្តាលភាសាចិននៅខេត្តព្រះសីហនុផងដែរ”។

អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានស្នើឲ្យភាគីចិនជួយកសាងផ្លូវរថភ្លើងនៅកម្ពុជា ខណៈប្រព័ន្ឋផ្លូវរថភ្លើងនៅកម្ពុជាមានសភាពចាស់ទ្រុឌទ្រោម ស្របពេលកំពង់ផែទឹកជ្រៅតែមួយគត់កំពុងសាងសង់ ដើម្បីឲ្យកប៉ាល់ដែលមានជម្រៅទឹក១៨ម៉ែត្រចូលចតបាន។

អភិបាលខេត្តបន្តថា ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញចេញ-​ចូលឆ្លងកាត់៧០ភាគរយ នៃទំនិញនៅទូទាំងប្រទេស រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច កន្លងមករាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅដំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣,៥០ ម៉ែត្រ ចូលចត និងផ្តល់ឱកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រ។

រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងអភិវឌ្ឍន៍កំពង់ផែដំណាក់កាលទី៣ និងទី៤ ឱ្យនាវាមានជម្រៅទឹក១៨ម៉ែត្រ ធ្វើចរាចរណ៍តាមសមុទ្រចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ហើយជាឱកាសដល់អ្នកវិនិយោគបង្កើនកំណើនការងារប្រកួតប្រជែង ជាមួយប្រទេសក្នុងតំបន់។

លោកគួច ចំរើនបានបន្តថា ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះធន់ធំចុះចតបាន ក្រុមហ៊ុនកំពុងតែជំរុញសាងសង់ស្ថានីយអ្នកដំណើរ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ។ ខេត្តមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ សម្រេចការសាងសង់បានជាង ៣០ភាគរយ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ ។ ខេត្តមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែវាមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជា។

លោកអភិបាលខេត្ត ក៏បានស្នើឱ្យលោកប្រធានតំណាងការិយាល័យកុងស៊ុលចិន ជួយសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការដូចជា  ទី១ ពន្លឿនការនាំយកម៉ាស៊ីនវិភាគរកមេរោគ កូវីដ-១៩ មកកាន់ខេត្តព្រះសីហនុ ព្រោះយើងកំពុងជម្រុញការសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឱ្យបានឆាប់រួចរាល់។ សព្វថ្ងៃយើងបានយកសំណាកទៅវិភាគនៅរាជធានីភ្នំពេញ វាជួបហានិភ័យច្រើន និងខាតពេលវេលា។

ទី២ ជួយជំរុញទីក្រុងសិនជិន ប្រទេសចិន ក្នុងការរៀបចំប្លង់គោលខេត្តព្រះសីហនុ និងជួយសម្របសម្រួលការបណ្តុះបណ្តាលធនធានមនុស្សក្នុងការធ្វើផែនការបានទៅសិក្សានៅទីក្រុងសិនជិន។ ទី៣ ជួយជំរុញសិក្សាអាងប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ទី៤ សូមរដ្ឋាភិបាលចិនបន្តជួយគាំទ្រ ការសាងសង់មន្ទីរពេទ្យ នៅខេត្តព្រះសីហនុ ដែលមានមន្ត្រីជំនាញបច្ចេកបទេស ចុះមកធ្វើការសិក្សាកន្លងមក ព្រោះវាមានអត្ថប្រយោជន៍ និងគុណតម្លៃដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ៕

ធនាគារហត្ថានៅតែរក្សាជំហរយ៉ាងរឹងមាំដោយរកបានចំណូលជិត៥០លានដុល្លារ

ដោយៈប៊ី

ភ្នំពេញៈ ធនាគារ ហត្ថា ម.ក សម្រេចបានចំណូលសរុបមានចំនួនប្រមាណ៤៩លានដុល្លារក្នុងត្រីមាសទី៤ ឆ្នាំ២០២០ កើនឡើងចំនួន២១,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០របស់ធនាគារនេះ ដែលចេញផ្សាយនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

លោកឧញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា បានថ្លែងបានថ្លែងនៅក្នុងរបាយការណ៍ថា ការពិតណាស់ នៅក្នុងឆ្នាំ២០២០នេះ ជំងឺកូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ក៏ដូចជាកំណើនសេដ្ឋកិច្ចកម្ពុជា មានការធ្លាក់ចុះ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ និងអាជីវកម្មនានារបស់ប្រទេសកម្ពុជា។

លោកបានថ្លែងថា ទោះជាយ៉ាងនេះក្តី ធនាគារ ហត្ថា ម.ក អាចឆ្លងផុតពេលវេលាដ៏លំបាកមួយនេះ ដោយសម្រេចបានសមិទ្ធផលធំៗទៅតាមផែនការដូចជា ការកម្លាយខ្លួនដោយជោគជ័យ ទៅជាធនាគារពាណិជ្ជ សមតុល្យប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ និងប្រាក់ចំណេញលើសផែនការ គួរជាទីពេញចិត្ត រីឯឥណទានមិនដំណើរការស្ថិតនៅក្នុងកម្រិតហានិភ័យទាបល្អប្រសើរ។

លោកបានថ្លែងបន្តទៀតថា “សមិទ្ធផលដែលយើងទទួលបានទាំងអស់នេះ គឺសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ធនាគារហត្ថាម.ក នៅតែរក្សាជំហរយ៉ាងរឹងមាំ និងឈានមុខគេនៅលើទីផ្សារហិរញ្ញវត្ថុកម្ពុជា”។

លោកបានឱ្យដឹងទៀតថា យ៉ាងណាម៉ិញសូមអតិថិជនមេត្តាជ្រាបថា ធនាគារ ហត្ថា ម.ក មានផលិតផល /សេវាកម្មដូចជា ធនាគារហត្ថាចល័ត អេធីអឹម សន្សំផលច្រើន (HYSA) សេវាកម្មបែបធនាគារពាណិជ្ជ និងមានផលិតផល/សេវាកម្មទំនើបថ្មីៗ ដែលត្រូវដាក់បម្រើដល់អតិថននាពេលដ៏ឆាប់ខាងមុខ។

លោកឧកញ៉ាហួត អៀងតុងបានបន្តទៀតថា ទន្ទឹមនឹងនេះផងដែរ ដើម្បីចូលរួមទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង ធនាគារ ហត្ថា ម.ក បានបង្កើតគណនីសប្បុរសធម៌កូវីដ១៩ សម្រាប់ឱ្យអតិថិជនសប្បុរសជន និងបុគ្គលិកធនាគារ ហត្ថា ម.កទាំងអស់បរិច្ចាគថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពា​រជំងឺកូវី១៩ ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។

លោកបានមានប្រសាសន៍ទៀតថា នេះគឺជាសកម្មភាពមួយដ៏មានអត្ថន័យបំផុត សម្រាប់ប្រទេសជាតិយើងទាំងមូល។ បន្ថែមពីលើនេះ ធនាគារហត្ថា ម.ក បានចូលរួមបរិច្ចាគ ថវិកាជាប្រាក់រៀលចំនួន ២០០ ០០០ ០០០៛ (ពីររយលានរៀល) ផងដែរ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាត ត្បាតជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ ហត្ថា ម .ក បានទទួលលទ្ធផលល្អប្រសើរដូចខាងក្រោម៖-សមតុល្យប្រាក់កម្ចីលើសផែនការតែចំនួន១១៥លានដុល្លារអាមេរិក។-ប្រាក់បញ្ញើសន្សំលើសផែនការប្រមាណជិត១៧២លានដុល្លារអាមេរិក។-ប្រាក់ចំណេញលើសផែនការប្រមាណជិត ១២ លានដុល្លារអាមេរិក និង-ឥណទានមិនដំណើរការគឺ០,៧០% ទាបជាងផែនការចំនួន១,៤២%៕

រដ្ឋមន្ត្រីកសិកម្មស្នើសភាពាណិជ្ជកម្មអឺរ៉ុបជួយជំរុញការនាំចេញផលិតផលខ្មែរ

ដោយ: គង់់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានស្នើឲ្យប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ជួយសម្រួលដល់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា។

ក្នុងជំនួបជាមួយ លោកប្រធាន Tassilo Brinzerប្រធានសភាពាណិជ្ជកម្មអឺរ៉ុបថ្មីប្រចាំកម្ពុជានាព្រឹកថ្ងៃទី១៦ កុម្ភៈនេះ លោកវេង សាខុនបានជម្រាបជូនប្រតិភូអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់វិស័យកសិកម្មក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលកម្ពុជាធានាបាននូវសន្តិសុខស្បៀង ហើយបាននិងកំពុងជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន កូរ៉េ និងសហភាពអឺរ៉ុប មានជាអាទិ៍៖ អង្ករ ម្រេច ចំណិតដំឡូងក្រៀម គ្រាប់ស្វាយចន្ទីកែច្នៃរួច ចេកអំបូងលឿង ស្វាយកែវរមៀត និងសេរ៉ូស្វាយ។ល។

ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ទីផ្សារអឺរ៉ុប ក្រៅពីអង្ករ បរិមាណកសិផលនាំចេញដទៃទៀត ហាក់ដូចជានៅមានកម្រិតទាប ហេតុនេះ លោករដ្ឋមន្រ្តីបានស្នើសុំលោកប្រធានថ្មីជួយពិនិត្យ ពិចារណាលើកសិផលកម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាអាចនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះ ជួយផ្តល់កិច្ចសហ​ការលើការងារបច្ចេកទេសកសិកម្មសមស្រប ដើម្បីបង្កើនផលិតភាពផលិតកម្ម មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្មកែច្នៃកសិផល ចំណីសត្វ និងចំណីត្រី ការវិនិយោគលើវិស័យធុរកិច្ច និងកែច្នៃកសិកម្ម ដើម្បីប្រមូលកសិផល បែងចែក ត្រួតពិនិត្យ និងវាយតម្លៃគុណភាព ទីណាត់ជួបរវាងអ្នកផលិត និងអ្នកបញ្ជាទិញ បង្កើតការងារ បង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ល។

លោកវេង សាខុនក៏បានជម្រាបជូន លោកBrinzer និងសហការីបន្ថែមទៀតថា ក្រសួងនឹងរង់ចាំផ្តល់កិច្ច សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីរួមគ្នារក្សាបរិយា​កាសវិនិយោគលើវិស័យកសិកម្ម និងការធ្វើធុរកិច្ចកសិកម្មនៅកម្ពុជាឲ្យមានលក្ខណកាន់តែល្អប្រសើរ។

លោកBrinzerបានថ្លែងថា គោលបំណងសំខាន់នៃជំនួបនាព្រឹកនេះគឺដើម្បី ពង្រឹង និងពង្រីកកិច្ចសហការរវាង The EuroCham ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាង ណារួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។

លោកបានសម្តែងសុទិដ្ឋិថា “បើទោះបីកម្ពុជាបាន និងកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអភិវឌ្ឍវិស័យមួយនេះ ឲ្យមានការរីកចម្រើនដូចប្រក្រតី មិនតែប៉ុណ្ណោះវាកំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ធានាបានសន្តិសុខស្បៀង និងជំរុញការនាំចេញ ក្នុងខណ:វិស័យមួយកំពុងមានវិបត្តិ”។ លោកបន្តថា “សហភាពអឺរ៉ុបនឹងនៅតែជាដៃគូសហការជាមួយរាជរដ្ឋសភិបាលកម្ពុជា ពិសេសក្រសួង ក្នុងការជំរុញកំណើនផលិតកម្មកសិកម្មតាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្របតាមតម្រូវការទីផ្សារ ពង្រីកការកែច្នៃកសិផល ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាដល់ការប្រកួតប្រជែង ស្របការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ន”៕

ការស្ថាបនាផ្លូវជាតិលេខ៣ពីភ្នំពេញ ដល់តំបន់បែកគូសសម្រេចបាន៨៧ភាគរយហើយ

ដោយ: គង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានថ្លែងថា រហូតមកទល់ពេលនេះ គម្រោងសាង់សង់ផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ-បែកគូស និងបែកគូស -ខេត្តកំពត ពង្រីកដល់១២ម៉ែត្រសម្រេចបាន៨៧ហើយ។

លោកបានមានប្រសាសន៍ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១នាព្រឹកថ្ងៃទី១៦ កុម្ភៈនេះ ដោយបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនដែលក្នុងនោះ រួមមាន ការលើកកម្ពស់គុណភាពផ្លូវ ពីប្រភេទកៅស៊ូពីរស្រទាប់ស្ដើងទៅជាបេតុកៅស៊ូ ការពង្រីកផ្លូវនិងស្ថាបនាផ្លូវថ្មី ការសាងសង់ផ្លូវល្បឿនលឿន ស្ពាន ការងារផ្លូវដែក ការងារកំពង់ផែ ការងារប្រព័ន្ធចម្រោះទឹកកខ្វក់ ការងារដឹកជញ្ជូន ការដឹក ជញ្ជូនសាធារណៈ ការងារដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្រ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការងារភស្តុភាកម្ម ការងារព័ត៌មានវិទ្យា ការងារកំណែទម្រង់ស្ថាប័ននិងការអភិវឌ្ឍធនធានមនុស្ស ការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផងដែរ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនឱ្យដឹងបន្តថា តាមផែនការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ។ក្រសួងសូមអធ្យាស្រ័យចំពោះផលប៉ះពាល់ និងការរំខាននានា ដែលកើតឡើងអំឡុងសាងសង់នេះ ហើយក្រសួងក៏បានយកចិត្តទុកដាក់តាមដាន និងជម្រុញឱ្យក្រុមហ៊ុនសាងសង់ ធ្វើការស្រោចទឹកជាប្រចាំ ជាពិសេសតំបន់ទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហ៊ុយ) ផងដែរ។

ក្រសួងសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងសប្បាយរីករាយ និងទទួលបានអត្ថប្រយោជនជាច្រើន ពីផ្លូវនេះ ក្រោយការសាងសង់សម្រេចបានជាស្ថាពរនាពេលខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលធ្លាប់បានឱ្យដឹងថាការដ្ឋានពង្រីកផ្លូវជាតិលេខ៣ ពីភ្នំពេញ (ចោមចៅ) ទៅក្រុងកំពត ប្រវែង១៣៤គីឡូម៉ែត្រ នឹងត្រូវប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ។ គម្រោងនេះ បានចំណាយថវិកាប្រមាណជាង ២១៩លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕