ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងថា រដ្ឋាភិបាលកំពុងខិតខំស្វះស្វែងរកអ្នកវិនិយោគក្នុង និងក្រៅប្រទេស ដើម្បីវិនិយោគលើ«រោងចក្រចម្រាញ់ប្រេងកាត»។ការស្វែករកនេះ បន្ទាប់ពីកម្ពុជាប្រកាសទទួលបានដំណក់ប្រេងដំបូង កាលចុងឆ្នាំ២០២០។
លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១កន្លងមកថា បច្ចុប្បន្នកម្ពុជាមានតែក្រុមហ៊ុនKrisenergyតែប៉ុណ្ណោះ ដែលកំពុងធ្វើការផលិតប្រេងនៅក្នុងប្លុកA ហើយក៏ពុំមានក្រុមហ៊ុនណាធ្វើសកម្មភាពទៀតទេ ដោយសារបញ្ហាកូវីដ១៩។
ទោះជាយ៉ាងណាក៏កម្ពុជា កំពុងតែជំរុញទាក់ទាញអ្នកវិនិយោគ ឲ្យមកដាក់ទុនវិនិយោគនៅក្នុងវិស័យនេះថែមទៀត ហើយខាងក្រសួងរ៉ែ និងថាមពលនឹងជួយសម្រួលដល់ក្រុមហ៊ុនដែលចង់មកវិនិយោគ និងធ្វើការសិក្សានៅកម្ពុជាផងដែរ។
លោកជៀប សួរបានបន្តថា បច្ចុប្បន្ននេះកម្ពុជាមានក្រុមហ៊ុនតែពីរប៉ុណ្ណោះ ដែលមានកិច្ចព្រមព្រៀងប្រេងកាត ទីមួយគឺក្រុមហ៊ុនKrisenergy ដែលកំពុងធ្វើការផលិត ប្រេង នៅក្នុងប្លុកA និងទីពី គឺក្រុមហ៊ុនមួយទៀត ដែលបានកិច្ចព្រមព្រៀងប្រេងកាតធ្វើការសិក្សាស្រាវជ្រាវនៅក្នុងប្លុកD ប៉ុន្តែក្រុមហ៊ុននេះ មិនទាន់អាចដំណើរការការសិក្សាស្វែងរុករកបាននៅឡើយទេដោយសារបញ្ហាកូវីដ១៩។
ទោះជាកម្ពុជាកំពុងផលិតប្រេងឆៅមែន តែកម្ពុជាក៏ពុំទាន់មានរោងចក្រចម្រាញ់ប្រេងកាត ដែលអាចចម្រាញ់ប្រេងលក់ នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាបាននៅឡើយទេ។ ដូចនេះតម្លៃប្រេងដែលនាំចូលមកពីប្រទេសផ្សេងៗ យកមកលក់នៅក្នុងប្រទេសកម្ពុជា គឺវាអាស្រ័យទៅលើថ្លៃទីផ្សារជាអន្តរជាតិ ដែលប្រទេសនានានៅលើពិភពលោកក៏ជួបប្រទះដូចប្រទេសកម្ពុជា។
តាមរបាយការណ៍របស់ក្រុមហ៊ុន krisenergy ការផលិតប្រេងជាមធ្យមបានចំនួនប្រមាណ២.៨០០បារ៉ែលក្នុងមួយថ្ងៃ ហើយខាងក្រសួងកំពុងធ្វើការងានេះ ជាមួយក្រុមហ៊ុនKrisenergy ដើម្បីរកទីផ្សារលក់ប្រេងឆៅដែលផលិតបានទាំងនេះ។
ក្រសួងរ៉ែ និងថាមពលបានសម្តែងសុទិដ្ឋិនិយមថា ប្រេងឆៅដែលផលិតបាននេះនឹងជួយជំរុញអភិវឌ្ឍន៍វិស័យប្រេងកាត នៅក្នុងប្រទេសកម្ពុជាឲ្យរីកចំរើន ជួយទាក់ទាញអ្នកវិនិយោគបន្ថែមទៀត និងជាពិសេសគឺវានឹងបង្កើតចំណូល ដល់រាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសវិស័យអាទិភាពគឺសុខាភិបាលនិងវិស័យអប់រំ៕