កម្ពុជាទទួលបានជំនួញពីសហរដ្ឋអាមេរិកជិត១៣០លានដុល្លារនៅក្នុងឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមរយៈប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថានៅក្នុងឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយហិរញ្ញប្បទានសរុបជិត១៣០លានសម្រាប់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹងនៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ក្នុងនោះ ហិរញ្ញប្បទានចំនួន ៤៣,៣ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ និងចំនួន ២២,៩ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩២រហូតមកដល់ឆ្នាំ២០១៩ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៥ពាន់លានដុល្លារ សមមូលនឹង ៦,១០ភាគរយ នៃទំហំហិរញ្ញប្បទានសរុបដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយផ្តោតសំខាន់លើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតរយ្យ និងកម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន័ជាតិឆ្នាំ២០១៩-២០២៣៕

ធនាគារវិនិយោគអឺរ៉ុបផ្តល់ហិរញ្ញប្បទាន៨០លានអឺរ៉ុសម្រាប់កែលម្អហេដ្ឋារចនា សម្ព័ន្ធទឹកនៅកម្ពុជា

ដោយៈណេត

ភ្នំពេញៈ ធនាគារវិនិយោគអឺរ៉ុប(EIB) ដែលជាធនាគាររបស់សហភាពអឺរ៉ុប នឹងវិនិយោគទឹកប្រាក់៨០លានអឺរ៉ូ នៅក្នុងគម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តកសិកម្ម ដើម្បីពង្រី​កបណ្តាញផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្រ្តនៅក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសមួយរបស់សហភាពអឺរ៉ុប ទទួលបានពេលថ្មីៗនេះបាន ឱ្យដឹងថា គម្រោងនេះ អនុញ្ញាតឱ្យប្រទេសកម្ពុជា បង្កើតនូវមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹក ដែលមានសារៈសំខាន់ណាស់ក្នុងរយៈពេលវែង សម្រាប់សមត្ថភាពរបស់ប្រទេស ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុទៅលើការផ្គត់ផ្គង់ទឹកនិងកសិកម្ម។

លោកChristian Kettel Thomsen អនុប្រធាន EIB ទទួលបន្ទុកប្រតិបត្តិការនៅកម្ពុជាបានមានប្រសាសន៍ថា ធនាគារអ៊ឺរ៉ុបកំពុងវិនិយោគ លើអនាគតរីកចម្រើនប្រកបដោ​យសុវត្ថិភាព និងនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជា។

លោកបានថ្លែងថា “ជាមួយដៃគូរបស់យើងមកពីធនាគារអភិវឌ្ឍន៍អាស៊ី និងសហភាពអឺរ៉ុប កំពុងចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច តាមរយៈវិស័យកសិ​កម្ម និងបង្កើនអាកាសធាតុ និងភាពធន់នឹងគ្រោះមហន្តរាយនៅក្នុងប្រទេស”។

ជាមួយគ្នានេះ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាមានប្រសាសន៍ថា ក្នុងនាមទូតអឺរ៉ុបនៅកម្ពុជា សូមស្វាគមន៍ចំពោះការបង្កើនគំនិតផ្ដួចផ្ដើម ចូលរួមរបស់EIB នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្តល់ថវិកាដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំទីបី ក្នុងរយៈពេលតិចជាងពីរឆ្នាំ។

គម្រោងនេះនឹងជំរុញផលិតកម្មកសិកម្ម និងបង្កើនភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ហើយនឹងផ្តល់ឱ្យប្រទេសកម្ពុជា នូវការចូលរួមបច្ចេកទេសសំខាន់ៗនិងឧបករណ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចទឹករបស់ខ្លួន។ ជាមួយនឹងគម្រោងថ្មីនេះ អឺរ៉ុបបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ១៩។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតអូន ព័ន្ធមុនី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍ ចំពោះការវិនិយោគរបស់អឺរ៉ុបដែលជាជំហ៊ានដ៏សំខាន់ ឆ្ពោះទៅរកការកែលម្អជីវភាពរស់នៅ និងផលិតកម្មកសិកម្មនៅក្នុងប្រទេស។

លោកបានថ្លែងទៀតថា គម្រោងនេះក៏នឹងអនុញ្ញាតឱ្យប្រទេសកម្ពុជា សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងកែលំអរវិធីដែលយើងគ្រប់គ្រងទឹករបស់យើងសម្រាប់គោលបំណងកសិកម្ម និងការអនុវត្តកសិកម្ម។ គម្រោងនេះ គឺជាគំរូដ៏ល្អមួយនៃរបៀប ដែលដៃគូផ្សេងៗគ្នាអាចបង្រួបបង្រួមគ្នា លើចក្ខុវិស័យតែមួយ និងធ្វើការឆ្ពោះទៅរកប្រទេសកម្ពុជា ដែលមានភាពធន់និងរីកចម្រើនជាងមុន៕

គម្រោងសាងសង់ព្រលានយន្ដហោះខេត្តបាត់ដំបងស្ថិតនៅក្នុងដំណាក់កាល សិក្សាពីផលប៉ះពាល់នៅឡើយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នគម្រោងសាងងសង់ព្រលានយន្ដហោះខេត្តបាត់ដំបង ត្រូវបានក្រុមហ៊ុនជំនាញបន្តការសិក្សា ពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍នៅឡើយ ខណៈដែលទីតាំង និងតំបន់ព្រំដីព្រលានត្រូវបានកំណត់ទំហំរួចរាល់ហើយនោះ។

អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា គម្រោងស្ថាបនាព្រលានយន្តហោះខេត្តបាត់ដំបង នៅពេលត្រូវបានមន្ត្រីជំនាញ និងក្រុមការងាររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងតែយកចិត្តទុកដាក់ក្នុងការសិក្សា។

លោកបញ្ជាក់ឱ្យដឹងទៀតថា “មន្ត្រីជំនាញផ្នែកបច្ចេកទេសអាកាសចរស៊ីវិល រួមជាមួយក្រុមហ៊ុនជំនាញក្នុងស្រុក ពួកគាត់កំពុងតែសិក្សាលម្អិតពាក់ព័ន្ធ ទៅនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដែលពាក់ព័ន្ធទៅនឹងស្ដារ និងស្ថាបនាបន្ថែមទៅលើទីធ្លានៃព្រលានចាស់”។ លោកបន្តថា ការសិក្សានេះផ្តោតលើថាតើគួរតែរក្សាទំហំព្រលានចាស់ ឬត្រូវធ្វើថ្មីនិងពង្រីក ហើយការស្ដារឬស្ថាបនាឡើងវិញក្នុងទំហំប៉ុណ្ណានោះ គឺត្រូវសិក្សាឱ្យច្បាស់ពីតម្រូវការជាក់ស្ដែង និងពិតប្រាកដនៅក្នុងស្រុក”។

លោកបានបញ្ជាក់ថា គម្រោងស្ថាបនាមួយនេះជាគម្រោងថ្នាក់ជាតិ ដែលមិនមែនជាលទ្ធភាពរបស់ថ្នាក់ខេត្តនោះទេ ប៉ុន្តែតាមដែលខ្ញុំដឹង គឺក្រុមហ៊ុនជំនាញកំពុងសិក្សាយ៉ាងលម្អិតទៅលើទីធ្លា សម្រាប់ទីចំណតរបស់យន្តហោះក្នុងស្រុក ក៏ដូចជាទីសម្រាប់រថយន្តចូលចត សម្រាប់ដឹកអ្នកដំណើរ និងសម្រាប់ដឹកទំនិញផងដែរ។

លោកបន្តថា “ពាក់ព័ន្ធទៅនឹងពេលវេលា នៃការចាប់អនុវត្តគម្រោងជាក់លាក់នៅពេលណា ហើយចំណាយថវិកាអស់ប៉ុន្មាន ខ្ញុំមិនបានដឹងនោះទេ”។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានមានប្រសា​សន៍ប្រាប់តាមទូរស័ព្ទ កាលពីពេលថ្មីៗកន្លងទៅនេះថា បច្ចុប្បន្នគម្រោងនៃការស្ថាបនាព្រលានយន្ដហោះខេត្តបាត់ដំបង គឺកំពុងបន្តអនុវត្ត និងស្ថិតនៅក្នុងដំណាក់កាលសិក្សាពីផលប៉ះពាល់ និងដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជាប់ពាក់ព័ន្ធទៅនឹងទីតាំងគម្រោង។

លោកបានបញ្ជាក់ថា “ឥឡូវហ្នឹងយើងបានដាំបង្គោលកំណត់ទំហំដី និងទីតាំងរួចរាល់ហើយ ហើយនៅបន្តដោះស្រាយផលប៉ះពាល់សិន។ ទាល់តែការដោះស្រាយផលប៉ះពាល់រួចរាល់ ទើបយើងស្វែងរកក្រុមហ៊ុនដៃគូមកសិក្សា ដើម្បីឈានដល់ការកំណត់ពេលចាប់ផ្តើមដំណើរការសាងសង់”។

លោកបន្តថា នៅក្នុងគម្រោងនេះ ជាជំហ៊ានដំបូងយើងគិតថា ត្រូវស្ដារឡើងវិញ ដើម្បីឱ្យបានគ្រប់ស្ដង់ដារសុវត្ថិភាពត្រឹមកម្រិត3C ដែលយើងអាចទទួលចុះចតយន្តហោះក្នុងស្រុកប្រកបដោយសុវត្ថិភាព។ បន្ទាប់មកទៀត យើងពិនិត្យមើលផែនការអភិវឌ្ឍន៍របស់នគរូបនីយកម្មនៅខេត្តបាត់ដំបង ដែលបានបង្ហាញពីភាពសមស្រប ទៅនឹងផែនការនៃការអភិវឌ្ឍ និងយល់ស្របក្នុងការកែសម្រួល និងស្តារអាកាសយានដ្ឋានមួយនេះឡើងវិញសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី និងមធ្យម ប៉ុន្តែសម្រាប់រយៈពេលវែង គឺចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរទីតាំងថ្មី៕

តំបន់ជុំវិញភ្នំឧដុង្គចាប់ផ្តើមទាក់ទាញជាមួយគំរោងលំនៅដ្ឋាននិងរមណីយដ្ឋានទេសចរណ៍ថ្មីៗកាន់តែច្រើន

        ដោយរ៉ាណេត

កណ្តាលៈ តំបន់ឧដុង្គ ដែលមានកេរ្តិ៍ឈ្មោះល្បីថា ជាតំបន់រមណីយដ្ឋានប្រវត្តិ​សាស្រ្ត បច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងលឿន ជាមួយគំរោងលំនៅដ្ឋាន បុរី និងរមណីយដ្ឋានទេសចរណ៍ថ្មីៗ កំពុងលេចរូបរាងជាបណ្តើរៗ ដែលជំរុញឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញ និងសក្តានុពល។

នាយកទីផ្សារ និងផ្នែកលក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុន វិមានអចលនទ្រព្យ លោក អុិត វាសនា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ធ្នូនេះថា ស្ថិតតំបន់ជុំវិញឧដុង្គ ជាពិសេសនៅប៉ែកខាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥១ គឺមានគម្រោងអភិវឌ្ឍន៍ជាច្រើនគម្រោង ហើយគម្រោងទាំងអស់នេះ គឺកើតមានតាំងពីអំឡុងចុងឆ្នាំ២០១៩ ប៉ុន្តែដោយសារតែបញ្ហានៃជំងឺរាតត្បាត សកម្មភាពទិញលក់ និងអភិវឌ្ឍន៍គម្រោងនានាត្រូវបានផ្អាកមួយរយៈ។

លោកបន្តថា ដោយសារការអភិវឌ្ឍយ៉ាងលឿននេះ បានធ្វើឲ្យសកម្មភាពនៃការទិញលក់ចាប់ផ្តើមកម្រើកឡើងវិញ ហើយសកម្មភាពនៃការអភិវឌ្ឍន៍ ក៏ចាប់ផ្ដើមមានឡើងវិញ។ ជាក់ស្ដែងតំបន់ស្ថិតនៅប៉ែកខាងលិច ឈៀងខាងជើងភ្នំឧដុង្គ គឺមានសំណង់រោងចក្រ លំនៅដ្ឋានជាច្រើនកំពុងសាងសង់ជាបន្តបន្ទាប់ ហើយការពុះដីឡូតិ៍ក៏ឃើញមានច្រើនគម្រោងដែរ”។

លោក អុិត វាសនា បានបញ្ជាក់ទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានធំៗមួយចំនួនក៏បានទិញដី សម្រាប់គម្រោងលំនៅឋានតម្លៃសមរម្យរួចហើយដែរ (នៅប៉ែកខាងផ្លូវជាតិលេខ៥) ដូចជាគម្រោងរបស់លោកឧកញ៉ាលី ហួរ ជាដើម ហើយនៅប៉ែកខាងផ្លូវជាតិលេខ៥១ គឺមានគម្រោងខ្លះកំពុងតែមមាញឹកក្នុងការសាងសង ដូចជាគម្រោងបុរី អូរ៉ូរ៉ា និងគម្រោងបណ្តុំលំនៅដ្ឋានផ្សេងៗមួយចំនួនទៀត ហើយមិនយូរប៉ុន្មាន ការអភិវឌ្ឍទាំងអស់នេះនឹងធ្វើឱ្យតំបន់ជុំវិញភ្នំឧដុង្គ ក្លាយជាបណ្តុំលំនៅដ្ឋានមិនចាញ់ តំបន់ភ្នំបាសិតនោះទេ។

សម្រាប់ការសាកសួរព័ត៌មានបន្ថែម ពីការអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុន វិមានអច​លនទ្រព្យ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០៨៨ ៦៩៩ ៨៥៥ ៣/ ០៨៧ ៧៦០ ៥២៩ / ០៦១ ៨៩០ ៨០៨ ៕

ធនាគារហត្ថា ម.ក បរិច្ចាកថវិកា ២០០លានរៀលជូនសម្តេចតេជោហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារហត្ថា ម.កកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានបរិច្ចាគថវិកា ២០០លានរៀល ជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សម្តេចតេជោហ៊ុន សែន នៅល្ងាចថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហ៊ានដំបូងចំនួន១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

ជាមួយគ្នានេះដែរ ក្នុងនាមជាថ្នាក់គ្រប់គ្រង បុគ្គលិកធនាគារហត្ថា និងប្រជាពលរដ្ឋកម្ពុជា សុំចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយសម្តេច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​១៩ នៅក្នុងប្រទេសកម្ពុជា។

ដើម្បីគាំទ្រដល់យុទ្ធសាស្រ្តរបស់សម្តេច និងជួយសម្រួលដល់សប្បុរសជនទាំងអស់ ដែលមានបំណងបរិច្ចាគថវិកា គាំទ្រដល់ការទិញវ៉ាក់សាំងនេះ ធនាគារហត្ថា ដែលមានបណ្តាញការិយាល័យ សាខាធំលំដាប់ទី២ក្នុងប្រទេសកម្ពុជា បានបង្កើតគណនីសប្បុរសធម៌កូវីដ១៩ សម្រាប់ផ្តល់ភាពងាយស្រួលដល់ អតិថិជនរបស់ធនាគារហត្ថា និងសប្បុរសជនទាំងអស់ ព្រមទាំងនិយោជិតរបស់ខ្លួន ធ្វើការបរិច្ចាគជូនរាជរដ្ឋាភិបាល។

សប្បុរសជនអាចធ្វើការបរិច្ចាគ ដោយផ្ទេរចូលគណនីHattha Bank Covid-19 Contribution Fund របស់ធនាគារហត្ថា ដែលមានលេខគណនី 168000033270 (សម្រាប់ប្រាក់រៀល) និង168000033305 (សម្រាប់ប្រាក់ដុល្លារ) ហើយការបរិច្ចាគអាចធ្វើឡើង តាមរយៈសេវាធនាគារចល័ត ឬនៅបញ្ជរបេឡាសាខាគ្រប់ខេត្តក្រុងរបស់ធនាគារហត្ថា ដោយមិនគិតថ្លៃ។

ធនាគារហត្ថា ទើបតែបានកម្លាយខ្លួនជាផ្លូវការ ទៅជាធនាគារពាណិជ្ជពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា២៦ឆ្នាំ។

បច្ចុប្បន្ន ធនាគារ ហត្ថា មានការិយាល័យសាខាចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើ នសម្បូរបែបដល់អតិថិជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាហិរញ្ញវត្ថុថ្មីៗជាច្រើនបន្ថែមទៀត។

ធនាគារហត្ថា ជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ និងជាសមាជិករបស់សម្ព័ន្ធ ហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុ ដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕

ស្ថាបនាជិតរួចៈតម្លៃដីនៅតំបន់ផ្លូវជាតិលេខ៣ហក់ឡើងជិត៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ

ដោយៈ រ៉ាណេត

ភ្នំពេញៈ តំបន់ស្ថិតនៅលើផ្លូវជាតិលេខ៣ ដែលកំពុងពន្លឿនការស្ថាបនាផ្លូវឱ្យកាន់​តែធំទូលាយល្អប្រសើរងាយស្រួលធ្វើដំណើរ និងគ្រោងបញ្ចប់ក្នុងពេលខាងមុខនេះ បានធ្វើឲ្យតម្លៃដី បានកើនឡើងខ្ពស់រហូត ដល់ប្រមាន៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើពៅនេះក៏មានអាស្រ័យទៅតាមទីតាំង និងតំបន់ទីប្រជុំជន។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show up Real Estate លោកអ៊ិន ណាង ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងពុះលក់ដីឡូតិ៍នៅក្នុងតំបន់ផ្លូវជាតិលេខ៣ បានមានប្រសា​សន៍នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា សកម្មភាពនៃការទិញលក់ទាំងផ្នែកដីធ្លី និងលំនៅដ្ឋាន ស្ថិតនៅតំបនើផ្លូវជាតិលេខ៣ នៅពេលបច្ចុប្បន្ននេះមានការធ្លាក់ចុះបន្តិចបើធៀប ទៅនឹងកាលពីពាក់កណ្តាកឆ្នាំ២០២០ ជាពិសេសក្រោយមានការផ្ទុះឡើងនូវព្រឹត្តិការណ៍២៨វិច្ឆិកា កាលពីពេលថ្មីៗនេះ។

លោកបន្តថា “សកម្មភាពទិញលក់ គឺមានការធ្លាក់ចុះបន្តិច ទាំងដីឡូតិ៍ទាំងលំនៅដ្ឋានថ្មីៗ ដែលទើបសាងសង់ ប៉ុន្តែបើនិយាយពីតម្លៃដីវិញនៅតែខ្ពស់មិនធ្លាក់ចុះនោះទេ”។  រាប់ចាប់គិតពីចំណុចរង្វង់មូលចោមចៅ រហូតចំណុចគីឡូលេខ២០ គឺបើស្ថិតនៅជាប់ផ្លូវជាតិលេខ៣ គឺនៅតែថ្លៃ រហូតនៅទីតាំងខ្លះ ស្ថិតនៅក្នុងចន្លោះ៣៥០-៤០០ដុល្លារក្នុងមួយម៉ែត្រ ឬនៅទីប្រជុំជន ដែលមានការធ្វើអាជីវកម្ម ដោយកន្លែងមានតម្លៃលើសនេះក៏មានដែរ”។

លោកអ៊ិន ណាង បានបញ្ជាក់ទៀតថា ដោយសារតែតម្លៃដីនៅជាប់ផ្លូវជាតិលេខ៣មានកម្រិតខ្ពស់ ការពុះឡូតិ៍លក់ហាក់មិនសូវមាននោះទេ ហើយសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានភាគច្រើន បានលើមរំលងមិនចាប់ទិញ សម្រាប់សាងសង់លំនៅដ្ឋានលក់នោះទេ ព្រោះជាទូទៅដីដែលមានតម្លៃ ចាប់ពីជាង៣៥០ដុល្លារក្នុងមួយម៉ែត្រឡើងទៅ ពិបាកក្នុងការទិញ សម្រាប់សាងសង់លំនៅដ្ឋានលក់ ក្នុងតម្លៃត្រឹម១០ម៉ឺនដុល្លារក្នុងមួយខ្នងនោះណាស់។

ស្រដៀងទៅនឹងការលើកឡើងខាងលើនេះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍ថា “ទីតាំងដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៣ ក្នុងរង្វង់គីឡូ២០ ឆ្ពោះមកកាន់រាជធានីភ្នំពេញ មិនសូវមានដីពុះឡូត៍នោះទេ ដោយភាគច្រើនទីតាំងដែលមានសកម្ម​ភាពពុះច្រើន គឺចុះពីផ្លូវជាតិចាប់ពី១០០ម៉ែត្រចូលទៅក្នុងភូមិ ដែលមានតម្លៃចាប់ពី៦៥០០ដុល្លារក្នុងមួយឡូតិ៍ឡើងទៅ ឬថ្លៃជាងនេះសម្រាប់ដីឡូតិ៍ដែលស្ថិតជួរមុខ ឬនៅលើទីតាំងល្អ។

លោកបានបញ្ជាក់ថា “ពេលនេះតម្លៃដីក្នុងតំបន់នេះហាក់នៅទ្រឹង ប៉ុន្តែប្រសិនបើនៅឆ្នាំក្រោយ បញ្ហាកូវីដ១៩ត្រូវបានទប់ស្កាត់បានជោគជ័យខ្ពស់ នោះតម្លៃដីនឹងអាចឡើងថ្លៃជាងនេះបន្តិច ខណៈពេលដែលគម្រោងនៃការអភិវឌ្ឍ និងវិនិយោគពីសំណាក់អ្នករកស៊ីទាំងក្នុង និងក្រៅស្រុកចាប់ផ្តើមមានសកម្មភាពឡើងវិញ”៕

ទីតាំងល្អ តម្លៃសមរម្យអាចប្រកបអាជីវកម្មបានផ្តល់ជូនពីបុរីJRP

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ដោយផ្តោតលើគុណភាព សោភ័ណភាព ជាមួយតម្លៃសមរម្យ និងទីតាំងអាចប្រកបអាជីវកម្មបាន បុរីJRPបាននិងកំពុងផ្តល់នូវវីឡាកូនកាត់ដ៏ស្រស់ស្អាត និងលក្ខខ័ណ្ឌបង់ប្រាក់ដ៏សមស្របសំរាប់អតិថិជន។

លោកស្រីដាលីនម្ចាស់បុរីJRP ស្ថិតនៅក្បែរផ្សារត្រាច និងមានរោងចក្រព័ទ្ឋជុំវិញបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា សំរាប់គំរោងថ្មីនេះ ក្រុមហ៊ុនបានសំរិតសំរាំងម៉ូតផ្ទះបែបវីឡាដ៏ស្រស់ស្អាត ជាមួយទំហំដី៨គុណនឹង២១ម៉ែត្រ និងផ្ទះមានទំហំ៦គុណនឹង១៤ម៉ែត្រ មានបន្ទប់គេងចំនួនពីរ និងបន្ទប់ទឹកមួយ ដែលផ្តល់នូវការរស់នៅប្រកប​ដោយផាសុខភាព និងតម្លៃសមរម្យបំផុត។

លោកស្រីបន្តថា “ផ្ទះនេះបានបើកលក់ហើយ ជាមួយតម្លៃត្រឹម២៣៥០០ដុល្លារប៉ុណ្ណោះសំរាប់ការបង់ផ្តាច់ ប៉ុន្តែបើអតិថិជនបង់រំលស់មានតម្លៃកើនឡើងដល់៣៣៥០០ដុល្លារអាមេរិក ប៉ុន្តែអតិថិជនក៏អាចបង់រំលស់បានត្រឹម២៩០ដុល្លារក្នុងមួយខែ ជាមួយអត្រាការប្រាក់១ភាគរយ”។

លោកស្រីបានបន្តថា អ្វីកាន់តែពិសេសនោះទីតាំងរបស់បុរីនេះ មានរោងចក្រ សហ​គ្រាសជាច្រើនព័ទ្ឋជុំវិញ ដែលមានកម្មករ និយោជិតរាប់ពាន់នាក់ធ្វើការ។ ហេតុនេះវា​មានភាពអំណោយផលបំផុត ដល់អ្នកទិញផ្ទះក្នុងគម្រោងរបស់យើង ដែលអាចរស់នៅផង​ និងប្រកបអាជីវកម្មប្រចាំថ្ងៃផង។លោកស្រីបន្ថែមថា ការសាងសង់វីឡាលក់ក្នុងតម្លៃ ដ៏សមរម្យនេះ ធ្វើឡើងក្នុងចំនួនមានកំណត់ ហេតុនេះអតិថិជនមិនគួររង់ចាំយូរនោះទេ ដោយសារផ្ទះជាច្រើនត្រូវបានកក់ជាបន្តបន្ទាប់។

គម្រោងបុរី ជេ អរ ភីនេះ ស្ថិតនៅជិតផ្សារត្រាច ចម្ងាយពីរគីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនស្រុកឧត្តុង។ បុរិនេះសាងសង់នៅជាប់ផ្លូវរដ្ឋទំហំ៣០ម៉ែត្រ តភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិ លេខ៥២១ ហ៊ុមព័ទ្ធជុំវិញទៅដោយរោងចក្រ សហគ្រាសតូចធំច្រើនជាង២០ទីតាំង ដែលកំពុងមានដំណើរការស្រាប់ មានមន្ទីរពេទ្យ វត្តអារាម សាលារៀនរដ្ឋ និងឯកជន រួមជាមួយនឹងផ្ទះស្នាក់របស់កម្មករ-កម្មការិនី រោងចក្រផងដែរ។

លោកស្រីដាលីនបានបន្តថា គម្រោងនេះ ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវមានបណ្តាញ ទឹកស្អាត អគ្គិសនី បណ្តាញបង្ហូរទឹក មានសួនច្បារសម្រាប់ហាត់ប្រាណ សួនកុមារ និងការបង្កើតតំបន់បៃតង ដែលជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន និងផ្តល់ភាពងាយស្រួលដល់ការរស់នៅផងដែរ។

អតិថិជនចាប់អារម្មណ៍សសូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨៥ ៦០០០ ៩១, 093 714 807, 087 7000 49 និងលេខ 077 7000 49៕

 

ដំណឹងល្អៈសម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យថ្នាក់ប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៩-២០២០ជាប់មិនបាច់ប្រឡង

        ដោយរ៉ា ណេត

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះឡើយ។

ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មូលហេតុដែលសម្ដេចជ្រើសរើសមធ្យោបាយនេះ ព្រោះកម្ពុជាជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសុំយោគយល់ពីសិស្សានុ​សិ​ស្ស ដែលមិនទាន់មានលទ្ធភាពអនុញ្ញាតឲ្យប្រឡង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នោះទេ”។ សម្តេចបន្តថា “យើងត្រូវទទួលយកនូវអ្វីដែលវាបានកើត សម្រាប់ប្រទេសរបស់យើង សម្រាប់ពិភពលោក, គុណភាពអប់រំធ្លាក់ចុះបន្ដិចហើយ ហើយខ្ញុំពិតជាឃើញការលំបាកអំពីការមិនបានប្រឡង បែរជាអ្នកនេះជាប់ អ្នកនេះធ្លាក់ ខ្ញុំឃើញការលំបាក។ ប្រសិនបើការលំបាកអញ្ចឹង ឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅឆាប់ចប់ ឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅ ហើយកុំឲ្យក្មេងៗភ័យ”។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ការសម្រេចបែបនេះ សម្ដេចមិនខ្វល់ពីការប្រមាថមើលងាយ របស់មនុស្សមួយចំនួនតូចនោះទេ ព្រោះសម្ដេចគ្មានជម្រើ​សណាផ្សេងល្អជាងនេះឡើយ។ សម្ដេចអះអាងថា សម្ដេចមិនទុកឲ្យមនុស្សផ្សេងទៀតឆ្លងជំងឺកូវីដ-១៩ ចេញពីការរៀបចំប្រឡងបាក់ឌុបនោះទេ ហើយនេះបង្ហាញពីការទទួលខុសត្រូវរបស់សម្ដេច ក្នុងនាមជានាយករដ្ឋមន្ដ្រី។

បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។

លោករស់ សុវាចា បានបញ្ជាក់ទៀតថា ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)។ ដោយឡែក ចំនួនមណ្ឌលវិញ មាន២១០មណ្ឌល (កើន៨មណ្ឌល) និងចំនួនបន្ទប់ ៤,៨៨៧បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ មាន៧០មណ្ឌល ១,៦៥៤បន្ទប់ និងថ្នាក់វិទ្យាសស្ដ្រសង្គម មាន១៤០មណ្ឌល ៣,២៣៣បន្ទប់៕ ប្រភពFreshnews៕

រដ្ឋាភិបាលចិនបន្តចាត់វិធានការរក្សាទប់តម្លៃលំនៅដ្ឋានបន្ទាប់ពីហក់ឡើង រយៈពេល៣៣ខែជាប់ៗគ្នា

ដោយៈវុទ្ធី

អន្តរជាតិៈ ទីផ្សារលំនៅដ្ឋាននៅប្រទេសចិន បានកើនឡើងក្នុងរយៈពេល៣៣ខែជាប់ៗគ្នាគិតត្រឹមខែវិច្ឆិកា ដែលជាកត្តាជំរុញឱ្យរដ្ឋាភិបាលចិន បន្តអនុវត្តន៍វិធានការ ដើ​  ម្បីទប់ស្កាត់ហានិភ័យ ដែលអាចនាំឱ្យមានវិបត្តិប្រាក់កម្ចី ដូចសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៨។

យោងតាមទិន្នន័យ របស់ការិយាល័យស្ថិតិជាតិបានឱ្យដឹងថា តម្លៃលំនៅដ្ឋានកម្រិ​តមធ្យមនៅខែវិច្ឆិកា នៅទូទាំងទីក្រុងចំនួន៧០ បានកើនឡើង៤ភាគរយ។តម្លៃលំនៅដ្ឋា​នបានកើនឡើង៤,៣ភាគរយ កាលពីខែតុលា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកSong Yulin អ្នកគ្រប់គ្រងជាន់ខ្ពស់នៅទីភ្នាក់ងារ អចលនទ្រព្យBaonuo បានថ្លែងថា “មានសញ្ញាកើនឡើងនៃការទិញផ្ទះថ្មីៗនៅក្នុងក្រុងធំៗ ដូចជា សៀងហៃជាដើម។ អាជ្ញាធរក្នុងតំបន់នឹងអន្តរគមន៍ ដើម្បីរក្សាស្ថិរភាពទីផ្សារ ប្រសិនបើតម្លៃផ្ទះនៅតែឡើងថ្លៃ”។

វិស័យអចលនទ្រព្យ គឺជាកម្លាំងចលករដ៏សំខាន់មួយ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយបានបង្កើតការងាររាប់លាន បង្កើតចំណូលរាប់ពាន់លានយ័ន ពន្ធប្រថាប់ត្រា និងចំណូលលក់ដីធ្លី សម្រាប់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស។ ទោះយ៉ាងណា ក្នុងពេលដំណាលគ្នា លទ្ធភាពនៃការទិញលំនៅដ្ឋាន ជាពិសេសផ្ទះសម្រាប់អ្នកទិញផ្ទះដំបូង និងគូស្វាមីភរិយាវ័យក្មេង គឺជាបញ្ហាដ៏ក្តៅគគុកសម្រាប់គណបក្សកុម្មុយនីស្តកំពុងកាន់អំណាច ដែលសន្យាជាមួយប្រជាជនថាមិនឱ្យតម្លៃផ្ទះកើនឡើងខ្ពស់។

អាជ្ញាធរមូលដ្ឋានកំពុងប្រើវិធានការរដ្ឋបាល ដើម្បីរក្សាតម្លៃលំនៅដ្ឋាន។ អ្នករស់នៅទីក្រុងសៀងហៃ មិនត្រូវបានអនុញ្ញាតឱ្យមានផ្ទះពីរនោះទេ សម្រាប់គ្រួសារនីមួយៗ ហើ​​យត្រូវតែមានយ៉ាងហោចណាស់៧០ភាគរយ នៃតម្លៃនៃទ្រព្យសម្បត្តិទី២របស់ពួកគេ។

យោងតាមទិន្នន័យចុងក្រោយ តម្លៃផ្ទះជាមធ្យមបានកើនឡើង០.១ភាគរយកាលពីខែវិច្ឆិកា បើប្រៀបធៀបទៅនឹងខែមុន ដែលជាការកើនឡើងយឺតបំផុតគិតចាប់ពីខែមីនា។

យោងតាមការសិក្សាដែលធ្វើឡើងរួមគ្នាដោយ អង្គការសហប្រជាជាតិ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន(CASS)ការដំឡើងថ្លៃផ្ទះនៅតាមទីក្រុងធំៗ នឹងគំរាមកំហែ​ងដល់ការប្រកួតប្រជែងរបស់ពួកគេ ពីព្រោះវាពិបាកសម្រាប់ពួកគេ ក្នុងការទាក់ទាញការវិនិយោគ៕

ទីតាំងសក្តានុពលៈ ខុនដូរំដួលស៊ីធីផ្តល់ការរស់នៅនិងផលចំណេញជាមួយ លក្ខខ័ណ្ឌបង់ប្រាក់ពិសេស

ដោយៈរ៉ាណេត

ភ្នំពេញៈ ជាមួយនឹងទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ក្បែរព្រលានយន្តហោះអន្តរជាតិ គម្រោងខុនដូរំដួលស៊ីធី ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Supreme Real Estate Group បាននិងកំពុងត្រៀមបង្ហាញខ្លួ​ន ជាមួយនឹងលក្ខខ័ណ្ឌនៃការរស់នៅ និងការបង់ប្រាក់យ៉ាងពិសេស។

គំរោងដែលអភិវឌ្ឍន៍ ដោយក្រុមហ៊ុនដ៏ល្បីល្បាញមកពីប្រទេសចិន បាននិងកំពុងគិតគូដល់ការរស់នៅបែបសហគមន៍ប្រកបដោយផាសុខភាព និងផ្តល់នូវជម្រើសក្នុងការ​រស់នៅតាមរយៈការបំពាក់សម្ភារៈបរិក្ខា និងសេវាកម្មចម្រុះ ដែលអ្នកវិនិយោគគំរោងនេះ ទទួលបានផលចំណេញ និងអាចរស់នៅជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ។

រំដួលស៊ីធីជាលំនៅដ្ឋានសហកម្មសិទ្ធិ ដែលរួមបញ្ចូលគ្នារវាងបែបបទ នៃជីវិតទាន់សម័យ និងភាពស្រស់បំព្រងនៃធម្មជាតិ និងត្រូវបានបំពាក់ដោយប្រព័ន្ធស្មាតហូម បន្ថែមពីលើការរចនាម៉ូដដ៏ទាក់ទាញ ស្អាតប្លែកក្នុងនាមជាសហគមន៍អេកូធម្មជាតិ ដ៏ធំមួយ ដែលជាបែបផែននៃរស់នៅថ្មីក្នុងរាជធានីភ្នំពេញ។

ទិដ្ឋភាពទូទៅនៃគម្រោង

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍ ទំនើបរំដួលស៊ីធី មានចំនួន៤អគារ កម្ពស់សរុប២១ជាន់ និងមានចំនួនសរុប១១២៩យូនីត ហ៊ុមព័ទ្ធទៅដោយតំបន់សេវាកម្មសំខាន់ៗដ៏ច្រើនដូចជា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្សារទំនើបរតនាផ្លាហ្សា ផ្សារម៉ាក្រូ ផ្សារទំនើបអ៉ីអនសែនសុខ និងសាលារៀនជាអន្តរជាតិល្បីៗជាង២០ ព្រមទាំងស្ថាប័នអប់រំរបស់រដ្ឋ មន្ទីរពេទ្យ និងសហគ្រាសផ្សេងៗទៀត។

ការពិពណ៌នាពីប្រភេទបន្ទប់

រំដួលស៊ីធី ត្រូវបានរចនាម៉ូដយ៉ាងស្រស់ស្អាតទាន់សម័យ តាមបែបប្រទេសសិង្ហបុរី ដែលជាទីតាំងតែមួយគត់ រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ រវាងសោភ័ណ្ឌភាពស្ថាបត្យកម្ម និងគុណតម្លៃនៃជីវិត ក្នុងការរស់នៅដោយយូនីតនីមួយៗ មានទំហំចាប់ពីជាង៤២-៨៧ម៉ែត្រការ៉េ ដែលត្រូវបានបែងចែកកម្រិតប្រណីតភាពផ្សេងគ្នា ដូចជាបន្ទប់គេង ផ្ទះបាយ និងរានហាលនៅខាងក្រៅ សម្រាប់លំហែរយកខ្យល់អាកាសផងដែរ។

ឱកាសចំណេញពីការទិញ

នៅក្នុងឱកាសនៃការបើលក់ ជាផ្លូវការនៃអគារទី១ ក្នុងចំនោមអគារទាំង៤ ដែលកំពុងសាងសង់ដល់ជាន់ទី២០ និងត្រៀមបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ ប្រកាសលក់ក្នុងតម្លៃពិសេសទាបជាងទីផ្សារ ដែលជាការផ្តលឱកាសចំណេញយ៉ាងច្រើន ចំពោះអតិថិជនដែលទិញសម្រាប់ស្នាក់នៅផ្ទាល់ ឬទិញទុកសម្រាប់វិនិយោគបន្ត ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារផងដែរ ជាមួយនឹងតម្លៃត្រឹមជាង១៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ ឬជាង៧ម៉ឺនដុល្លារក្នុងមួយយូនីតតែប៉ុណ្ណោះ។

បន្ថែមពីលើកម្មវិធីបញ្ចុះតម្លៃយ៉ាងច្រើន នៅក្នុងអំឡុងចុងឆ្នាំ២០២០នេះ ក៏មានការផ្តល់ជូននូវការយ៉ាងសន្ធឹកសន្ធាប់ ដូចជា សម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ស្រាប់ ជាពិសេសការផ្តល់ជូននូវ លក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួល និងនៅក្នុងរយៈពេលយូរផងដែរ។

សម្រាប់ព័ត៌មានលម្អិតពីគម្រោងសូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ ០៧០ ៥០ ១៨ ១៨៕