គម្រោងអភិវឌ្ឍន៍ដីឡូតិ៍បន្ទាយស្រី តម្លៃត្រឹម ៣០០០ដុល្លារផ្តល់ឱកាសចំណេញ ៧០០ដុល្លារភ្លាមៗដល់អតិថិជនដែលទិញផ្ទាល់

ដោយៈ រ៉ាណេត

សៀមរាបៈ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍បន្ទាយស្រីដែលស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍន៍ទៅជាក្រុងថ្មីមួយទៀត ស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន បន្ទាប់ពីក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីពិសេសដោយការបញ្ចុះតម្លៃចំនួន២០០ដុល្លារ បន្ថែមពីលើការបញ្ចុះថ្លៃដើម៥០០ដុល្លារ សម្រាប់អ្នកដែលមកទិញដោយផ្ទាល់មិនមែនតាមរយៈការណែនាំរបស់ភ្នាក់ងារ។

ស្ថិតនៅលើផ្លូវធំហាយវេ៦៦ ដែលមានចរាចរណ៍យ៉ាងមមាញឹក និងស្ថិតនៅក្បែរតំបន់ទេសចរណ៍ជាច្រើន គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ អចលនទ្រព្យបន្ទាយស្រី បាន និងកំពុងលក់ក្នុងតម្លៃកាន់តែពិសេសត្រឹម៣០០០ដុល្លារ ក្នុងមួយឡូតិ៍ ជាមួយនឹងការទួលបានការបញ្ចុះតម្លៃជាច្រើន ដែលកាន់តែផ្តល់ឱកាសចំណេញយ៉ាងច្រើន រួមជាមួយនឹងលក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួល។

តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ អចលនទ្រព្យបន្ទាយស្រី លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ នៅក្នុងស្រុកបន្ទាយស្រី មានគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសទៅលើហេដ្ឋារចនាសម្ព័ន្ធនានា ដែលកាន់តែជំរុញវិស័យដីធ្លី នៅក្នុងតំបន់មានតម្រូវការ និងកើនតម្លៃជាបន្តបន្ទាប់។ ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ របស់លោកស្រីទើបតែចាប់ផ្តើមបើកលក់តែប៉ុណ្ណោះ ប៉ុន្តែលទ្ធផលនៃការលក់គឺទទួលបានជិត ៤៥ភាគរយនៃគម្រោង។

 

លោកស្រីបានបន្តថា “ហេតុផលដែលជំរុញឱ្យអតិថិជនគាំទ្រមកលើគម្រោង ព្រោះពួកគាត់បានមើលឃើញពីឱកាសចំណេញពីការទិញយ៉ាងច្រើន ដូចជាតម្លៃដីក្នុងមួយឡូតិ៍ ចាប់ពី ៣០០០ដុល្លារឡើងទៅតែប៉ុណ្ណោះ ហើយសម្រាប់អតិថិជនដែលទិញដោយការបង់ផ្តាច់នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០០ដុល្លារភ្លាមៗ ជាពិសេសសម្រាប់អតិថិជនដែលមកទិញដោយខ្លួនឯងផ្ទាល់នឹងទទួលបានការបញ្ចុះតម្លៃបន្ថែមពីលើ ចំនួន ២០០ដុល្លារទៀត ពោលគឺមួយឡូតិ៍នៅត្រឹមតែ ២៣០០ដុល្លារតែប៉ុណ្ណោះ ខណៈដែលនៅក្នុងគម្រោងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ដូចជាបណ្តាញអគ្គិសនី បណ្តាញបង្ហូរទឹក ជាពិសេសផ្លូវគ្រប់ខ្សែមានទំហំ ១០ម៉ែត្រ និងក្រាលថ្មមិចរួចរាល់ ។

គម្រោងមួយនេះ ស្ថិតនៅទីតាំងដែលមានសក្ដានុពលល្អ មិនជាប់ពាក់ព័ន្ធនឹងតបន់អប្សរា និងប៉ះពាល់តំបន់អភិរក្សធម្មជាតិនោះទេ ពោលគឺនៅជាប់ផ្លូវធំហាយវេ៦៦ និងមានផ្លូវរដ្ឋទំហំ ១៥ម៉ែត្រ នៅជាប់ចំហៀងដីគម្រោង ងាយស្រួលក្នុងការធ្វើដំណើរ មានចម្ងាយត្រឹម៣គីឡូម៉ែត្រពីរង្វង់មូល ដែលបំបែកទៅកាន់តំបន់ទេសចរណ៍កម្សាន្តផ្សេងៗ ដូចជា ភូមិព្រះដាក់ តំបន់ប្រាសាទបន្ទាយស្រី ភ្នំគូលេន តំបន់ រមណីយដ្ឋាន ក្បាល ស្ពាន ដែល មាន សួនសត្វជាច្រេីនប្រភេទ និងមានចម្ងាយត្រឹម៧គីឡូម៉ែត្រ ពីផ្លូវ ឆ្ពោះ ទៅ ព្រលានយន្តហោះថ្មី ក៏ដូចជាចេញទៅតាមបណ្តាខេត្តនានាផងដែរ។

✅ពត៌មានលម្អិតពីគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ អចលនទ្រព្យបន្ទាយស្រី សូមទាក់ទងតាមទូរស័ព្ទលេខ ៖ 016 999 995 / 017 812 345 / 097 8 123 456 ៕

គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥ តម្លៃ ៥០០លានដុល្លារ នឹងបញ្ចប់ក្នុងឆ្នាំ ២០២៣

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ ៥ នៅតែបន្តការកែលម្អតាមផែនការ ទោះបីជាមានការរាំងស្ទះដល់វិបត្តិកូវីដ១៩ក្តី ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៥០០លានដុល្លារ នឹងគ្រោងបញ្ចប់ការសាងសង់អំឡុងឆ្នាំ ២០២៣។

លោក ហ៊ាង សុទ្ធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការនឹងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា គម្រោងកែលម្អផ្លូវជាតិលេខ ៥ នេះ នឹងធ្វើឱ្យប្រសើរនូវចម្ងាយផ្លូវប្រមាណ ៣៦៦ គីឡូម៉ែត្រ ដែលបែងចែកចេញជា ៣ ដំណាក់កាលធំៗ គ្រោងនឹងរួចរាល់នៅឆ្នាំ ២០២៣ និងត្រូវចំណាយថវិកាសរុប ៥០០លានដុល្លារអាមេរិក។

លោកបន្តថា តំណាក់កាលបែងចែកចំនួន ៣ ធំៗនោះមានដូចជា តំបន់ភាគខាងជើង តំបន់កណ្តាល និងតំបន់ភាគខាងត្បូង។ សម្រាប់តំបន់ភាគខាងជើងត្រូវបែកចែកជា ២ផ្នែកផ្សេងទៀត ដែលផ្នែកទី ១ សម្រេចបានប្រមាណ ៨២ ភាគរយ និងផ្នែកទី ២ សម្រេចបាន ៨៦ ភាគរយហើយ លើចម្ងាយផ្លូវ ៨៤ គីឡូម៉ែត្រ លាតសន្ធឹងលើខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

អ្នកនាំពាក្យរូបនេះបន្តថា ចំណែកតំបន់ផ្នែកខាងត្បូងចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ មានប្រវែងសរុបជាង ១៣៥ គីឡូម៉ែត្រ កំពុងស្ថិតនៅក្នុងដំណាក់កាលកែលម្អយ៉ាងសកម្ម រីឯតំបន់កណ្តាលវិញចាប់ពីធ្លាម្អម ខេត្តពោធិ៍សាត់ ដល់ខេត្តបាត់ដំបងវិញ មានប្រវែងសរុប ១៤៦ គីឡូម៉ែត្រ ក៏ស្ថិតនៅក្នុងតំណាក់កាលកែលម្អដែរ គ្រាន់តែដំណើរការយឺតជាងគេបន្តិច។

គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ ៥ ឬហៅថាផ្លូវអាស៊ានហាយវេលេខ ១ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ លាតសន្ធឹងក្នុងខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ដោយចាប់ពីរាជធានីភ្នំពេញគឺជាគម្រោងក្រោមឥណទាន សម្បទានរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។

ផ្លូវនេះត្រូវពង្រីកលើផ្លូវដែលមានស្រាប់ចំនួន ២ គន្លង ទៅជា ៤គន្លង មានទទឺង ២៣ ម៉ែត្រជាប្រភេទផ្លូវកៅស៊ូ AC និងមានសួនច្បារចំកណ្តាល ដែលត្រូវចំណាយរយៈពេលសាងសង់ចំនួន ៤៨ ខែ ពោលគឺនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣៕

ប្រមុខដឹកនាំ៖ កម្ពុជា-វៀតណាមនឹងជម្រុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេរទិសរវាងប្រទេសទាំងពីរ

ដោយ ៖ ហ្សូលី

ភ្នំពេញ៖ កម្ពុជា-វៀតណាម នឹងខិតខំជម្រុញទំហំពាណិជ្ជកម្ម រួមទាំងការវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក ប្រមុខដឹកនាំវៀតណាម នៅក្នុងជំនួបតាមរយៈប្រព័ន្ធវីដេអូអនឡាញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរចំពោះលទ្ធផលប្រកបដោយជោគជ័យនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP ដោយសម្តេចឯកភាពទៅនឹងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការមានស្រាប់កាន់តែស៊ីជម្រៅ និងស្ថិតស្ថេរយូរអង្វែង។

លោក ង្វៀន សួនហ្វ៊ុក បានកោតសរសើរកម្ពុជាក្នុងការថែរក្សាស្ថិរភាពសេដ្ឋកិច្ច និងសង្គមអំឡុងការរិករាលដាលនៃវិបត្តិជំងឺសកល។ កម្ពុជានិងវៀតណាម នឹងពន្លឿនការដោះស្រាយខ្សែព្រំដែននៅសេសសល់ចំនួន ១៦ ភាគរយ ក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនមានកិច្ចសហប្រិបត្តិកា ការអភិវឌ្ឍ សន្តិភាព និងមានស្ថិរភាព។

ប្រមុខដឹកនាំប្រទេសទាំងពីរបានសង្កត់ធ្ងន់នូវក្នុងការជម្រុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ការអនុវត្តវិធានការដោះស្រាយបញ្ហានានាតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ឱ្យបានទាន់ពេលវេលា។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពី សារសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី ១៨ គ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីទាំងពីរប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគាំទ្រគ្នា ទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងពហុភាគីដូចជា អនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ ។

កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ក្នុងបរិយាកាសស្និទ្ធសា្នលបំផុតឆ្លុះបញ្ចាំងពីសាមគ្គីភាពជាភាតរភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ៕

មន្ត្រីជំនាញប្រជុំត្រៀមរៀបពិធីចាក់បេតុងតភ្ជាប់ស្ពានមិត្តភាពកម្ពុជា -ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រុមមន្ត្រីជំនាញនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រជុំត្រៀមរៀបចំពិធីចាក់បេតុងតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បានមានប្រសាសន៍ថា សមាជិកសមាជិកាគណៈកម្មការ និងអនុគណៈកម្មការត្រូវទទួលបន្ទុកត្រៀមរៀបចំពិធីនេះបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការចាត់តាំង និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រព្រឹត្តទៅដោយរលូនតាមផែនការដែលបានគ្រោងទុក។

លោកបានបញ្ជាក់ថា “ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន នឹងត្រូវរៀបចំឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។

ស្ពាននេះស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គម្រោងសាងសង់ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ពាននេះសម្រេចបាន៩៦,៤ភាគរយ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ៕

ចំណេះដឹង! អ្វី​ជា​ភតិសន្យា​ពិសេស?

ដោយៈ តារា

ភ្នំពេញៈ ភតិសន្យា​ពិសេស គឺជា​កិច្ចសន្យា​មួយ​ដែល​ភាគី​ម្ខាង​ហៅថា​ភ​តិ​ប​តី​ឱ្យ​ភាគី​ម្ខាង​ទៀត​ដែលជា​កម្មករ សិស្ស និស្សិត ហៅថា​ភ​តិក ប្រើប្រាស់​ក្នុងការ​ស្នាក់នៅ​ដោយ​យក​ថ្លៃ។

បើ​និយាយ​ឱ្យ​ងាយ​យល់ ភតិសន្យា​ពិសេស​នេះ គឺជា​កិច្ចសន្យា​រវាង​ម្ចាស់​អចលនទ្រព្យ​ដែលមាន​ដូចជា ម្ចាស់​ផ្ទះជួល ឬ​ម្ចាស់​បន្ទប់​ជួល និង​កម្មករ សិស្ស និស្សិត ក្នុង​ការជួល​បន្ទប់ សម្រាប់​ការប្រើប្រាស់​ស្នាក់នៅ​ដោយ​យក​ថ្លៃឈ្នួល។

លក្ខណៈពិសេស​នៃ​ភតិសន្យា​នេះ​គឺ៖

ក. ភាគី​នៃ​កិច្ចសន្យា (មាត្រា៣)

ភ​តិ​ប​តី(អ្នក​ឱ្យ​ជួល) អាចជា​ម្ចាស់​បន្ទប់​ជួល ឬ​អ្នកយក​ថ្លៃឈ្នួល​លើ​បន្ទប់​ជួល​ជា​លក្ខណៈ​អាជីប។ ខុសពី​ភតិសន្យា(កិច្ចសន្យាជួល) ដែល​មានចែង​ក្នុង​ក្រមរដ្ឋប្បវេណី(ហៅថា កិច្ចសន្យា​ធម្មតា)ព្រោះ​នៅក្នុង​ភតិសន្យា​ទូទៅ មិន​កំណត់​ចំពោះ​អ្នក​ម្ចាស់​បន្ទប់​ជួល​នោះទេ។

ភ​តិកៈ(អ្នក​ជួល)៖ កម្មករ សិស្ស និស្សិត ដែលមាន​ការលំបាក​ខ្លាំង​ក្នុងការ​ទ្រទ្រង់​ជីវភាព។ ខុសពី​ភតិសន្យា​ធម្មតា​ត្រង់​ថា ភតិសន្យា​ធម្មតា​មិន​កំណត់ លក្ខណៈ​របស់​អ្នក​ជួល​ទេ នរណា​ក៏​អាច​ក្លាយជា​អ្នក​ជួល​បានដែរ។

ខ. កម្មវត្ថុ​នៃ​កិច្ចសន្យា

បន្ទប់​ជួល​ស្នាក់នៅ(មាត្រា៣)។ មិនមែនជា ដី ឬ​អគារ​ពាណិជ្ជកម្ម ជាដើម។ ខុសពី​ភតិសន្យា​ធម្មតា​ត្រង់​ថា កម្មវត្ថុ​នៃ​ភតិសន្យា​ទូទៅ អាចជា​ចលនវត្ថុ ឬ​អចលនវត្ថុ។

គ.លក្ខណៈ​នៃ​កិច្ចសន្យា

ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍​អក្សរ និង​មាន​សេចក្តីបញ្ជាក់​របស់​មេឃុំ ឬ​ចៅសង្កាត់។ មានន័យថា មិនអាច​ឡើង​ដោយ​មាត់ទទេរ​បានទេ(មាត្រា៥)។ នៅក្នុង​ភតិសន្យា​ធម្មតា ភាគី​អាចបង្កើត​កិច្ចសន្យា ដោយ​គ្រាន់តែ​មានការ​ព្រមព្រៀង​រវាង​គូភាគី​ប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​តតាំង​ជាមួយ​តតិយជន​បាន ដែល​គាត់​ត្រូវ​កាន់កាប់ និង​ប្រើប្រាស់​វត្ថុ​ជួល​នោះ(មាត្រា៥៩៧ និង៥៩៨ នៃ​ក្រមរដ្ឋប្បវេណី​ឆ្នាំ២០០៧) ។

ឃ.អត្ថិភាព​នៃ​កិច្ចសន្យា

មិនតិចជាង២ឆ្នាំ ទោះបីជា​មិនបាន​កំណត់ ឬ​កំណត់​តិចជាង២ឆ្នាំ​ក៏ដោយ ត្រូវ​ចាត់ទុកថា​មាន​អត្ថិភាព២ឆ្នាំ(មាត្រា៦) ក្នុង​គោលបំណង​មិនឱ្យ​ម្ចាស់​បន្ទប់​ជួល​តម្លៃ​ថ្លៃឈ្នួល​ក្នុងអំឡុងពេល២ឆ្នាំ (មាត្រា៨)។

ផ្ទុយទៅវិញ​ភតិសន្យា​ធម្មតា អាចធ្វើ​ឡើង​ដោយ​កំណត់ ឬ​មិន​កំណត់​អំឡុងពេល​បាន ប៉ុន្តែ​បើ​អំឡុងពេល​ជួល​លើសពី ១៥ឆ្នាំ នោះ​នឹង​ក្លាយជា​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​វិញ៕

ការព្យាករណ៍៖ ទី​ក្រុ​ចំនួន២ត្រូវបាន​ព្យាករណ៍​ថា​តម្លៃ​អ​ល​ចនទ្រ​ព្យ​កើនឡើង​ខ្ពស់​ជាងគេ

ដោយៈ​វុត្ថា

ពិភពលោកៈ តំលៃ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ចំនួន២ គឺ​ទីក្រុង​ក្រុង Cape Town និង​ទីក្រុង Shanghai  នឹង​កើនឡើង៥ដង​នៅក្នុង​ឆ្នាំ ២០២១ខាងមុខនេះ ព្រោះ​តម្រូវការ លំនៅឋាន​មានការ​កើនឡើង​ខ្ពស់ ប៉ុន្តែ​ការផ្គត់ផ្គង់​នឹង​ស្ថិតនៅក្នុង​សភាព​ទ្រឹង​ក្នុង​ទីក្រុង ​Cape Town និង​ធ្លាក់ចុះ​បន្តិច​នៅ​សៀង​ហៃ។

យោងតាម​ការព្យាករណ៍​ពិភពលោក​ចុងក្រោយ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​ក្រុមហ៊ុន Knight Frank បានអោយដឹងថា នៅ​ឆ្នាំ​ក្រោយនេះ ទីក្រុង​ចំនួន២០ ក្នុងចំណោម​ទីក្រុង២២ ត្រូវបាន​គេ​រំពឹងថា​តម្លៃ​នៅតែមាន​ស្ថានភាព​ដដែល ឬ​កើន២ ភាគរយ។

ទោះបី​ជាមាន​ភាពចលាចល​ផ្នែក​ហិរញ្ញវត្ថុ ដែល​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ១៩ក៏ដោយ ក៏​ទីផ្សារ​អចលនទ្រព្យ​មាន​ភាព​រឹង​មុំ​ា​ង និង​គាំទ្រ​ដោយ​កម្ចី​ដែលមាន​តម្លៃ​ទាប។

របាយការណ៍​ដដែល​ន្ត​ថា នៅក្នុង​ទីក្រុង​ឡុង​ដ៍​នាពេល​បច្ចុប្បន្ននេះ អ្នកទិញ​កំពុង​ទទួលបាន​អត្ថប្រយោជន៍​ពីថ្ងៃ​ឈប់សម្រាក ពន្ធ​ត្រា ដែល​កាត់​បន្ថយពន្ធ​លើ​ការលក់​លំនៅឋាន​រហូត​ដល់ ៥០០,០០០ផោន (៦៦៦,៤២៧ ដុល្លារ​អាមេរិក) មានការ​កើន​កើនឡើង៤ភាគរយ ដែល​ជួយ​ដល់​ការកាត់បន្ថយ​ពន្ធ​បន្ថែម​លើ​តម្រូវការ និង​មូលដ្ឋានគ្រឹះ​ទីផ្សារ​ក្រុមហ៊ុន។

លោក Tom Bill ប្រធាន​ផ្នែក​ស្រាវជ្រាវ​លំនៅដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ នៃ​ក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ទីក្រុង​នេះ​ហួស​រយៈពេល​នៃ​ការកើនឡើង តម្លៃ​អចលនទ្រព្យ និង​ជាពិសេស​ទីក្រុង​នេះ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពីរ​លក នៃ​តម្រូវការ​ពី​អ្នកវិនិយោគ​អន្តរជាតិ​ផងដែរ ដោយសារ​ការធ្វើដំណើរ និង​ការដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ត្រូវបាន​បន្ធូរបន្ថយ។

ដោយឡែក នៅក្នុង​ទីក្រុង Vancouver និង​ទីក្រុង Miami ការកើនឡើង​នៃ​សកម្មភាព​លក់ ដែល​មើលទៅ​ដូចជា​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ធ្វើឱ្យ​ត​តម្លៃ​អចលនទ្រព្យ​កើន ៣ភាគរយ និង ៤ភាគរយ​នៅ​ឆ្នាំ២០២១ នៃ​ទីក្រុង​នីមួយ។

នៅក្នុង​ទីក្រុង Monaco នឹង​កើនឡើង៣ភាគរយ​នៅ​ឆ្នាំ​ក្រោយនេះ ព្រោះ​មានការ​ចាប់អារម្មណ៍​ពី​អ្នកទិញ ប៉ុន្តែ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ នៃ​ទីផ្សារ​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​អ្នកទិញ​អន្តរជាតិ​ជាច្រើន មិនអាច​ធ្វើដំណើរ​បាន ខណៈ​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ញូវយ៉ក ដែល​នៅពេលនេះ​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ធ្លាក់ចុះ៣ភាគរយ និង​បន្ត​ធ្លាក់ចុះ​នៅ​ឆ្នាំ២០២១ ៕

តើ​ស្ត្រី​ចិត្ត​ដែក​ដែល​ចេញមុខ​ប្រឆាំង​ជាមួយ​មេដឹកនាំ​ចិន​យ៉ាង​ស្រូ​ច​ស្រាវ​ជា​អ្នកណា?

ដោយៈ​ប៊ី

អន្តរជាតិៈ ជាមួយនឹង​ជ័យជម្នះ​ភ្លូក​ទឹក ភ្លូក​ដី​នៃ​ការបោះឆ្នោត​កាលពីដើមឆ្នាំ ដើម្បី​ឈាន​មកកាន់​អំណាច នៅ​អាណត្តិ​ទី២នៃ​ដែនដី​កោះ​តៃវ៉ាន់ ដែល​ចិន​តែងតែ​ចាត់ទុកជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន លោកស្រី​ត្សៃ អ៊ឹង​វិ​ន ជា​មេដឹកនាំ​តៃវ៉ាន់​មាន​ភាព​លេចធ្លោ​ខ្លាំង ដោយសារ​តែមាន​ទំនាក់ទំនង​ជាមួយ​អាមេរិក​យ៉ាង​ជិត​ស្និ​ទ្ឋ និង​តែងតែ​បង្ហាញ​មហិច្ឆតា​ដើម្បី​ឲ្យ​តៃវ៉ាន់​ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​ចិន។

ជា​អ្នកនយោបាយ​ឆ្នើម​មួយរូប លោកស្រី Tsai Ing-wen (កើត​ថ្ងៃទី ៣១ ខែសីហា​ឆ្នាំ ១៩៥៦) គឺជា​អ្នកនយោបាយ និង​ជា​អ្នកសិក្សា​នៅ​តៃវ៉ាន់ ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ទី៧ នៃ​សាធារណរដ្ឋ​ចិន (តៃវ៉ាន់) ចាប់តាំងពី​ឆ្នាំ២០១៦ ។ ជា​សមាជិក​ម្នាក់​នៃ​គណបក្ស Democratic Progressive Party  (DPP) លោកស្រី Tsai គឺជា​ប្រធានាធិបតី​ស្ត្រី​ដំបូងបង្អស់​របស់​តៃវ៉ាន់។

លោកស្រី​ធ្លាប់​ធ្វើជា​ប្រធាន​គណបក្ស DPP ពីមុន​ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១២ និង​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៨ រហូតដល់​ឆ្នាំ២០២០ ។

លោកស្រី Tsai បាន​សិក្សា​ផ្នែក​ច្បាប់ និង​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ក្រោយមក​បានក្លាយ​ជា​សាស្ត្រាចារ្យ​ច្បាប់ នៅ​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ Soochow University និង​សាកលវិទ្យាល័យ​ជាតិ Chengchi បន្ទាប់ពី​ទទួលបាន​សញ្ញាប័ត្រ​ផ្នែក​ច្បាប់ (LLB) ពី​សាកលវិទ្យាល័យ​ជាតិ​តៃវ៉ាន់ និង​អនុបណ្ឌិត​ច្បាប់ (LLM) មកពី​សាលា​ច្បាប់ Cornell ។

លោកស្រី​បាន​សិក្សា​ផ្នែក​ច្បាប់​នៅ​សាលា​សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ទីក្រុង​ឡុង ហើយ​ទទួលបាន​សញ្ញាប័ត្រ​បណ្ឌិត។

នៅ​ឆ្នាំ១៩៩៣ ក្នុងនាម​ជា​អ្នក​ឯករាជ្យ (ដោយ​គ្មាន​ការចូលរួម​ពី​គណបក្ស) លោកស្រី​ត្រូវបានតែងតាំង ក្នុង​តំណែង​ជាច្រើន​របស់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ រួមមាន​អ្នកចរចា​ពាណិជ្ជកម្ម សម្រាប់​កិច្ចការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាដើម។

បន្ទាប់ពី​ប្រធាន​បក្ស DPP ដែល​លោក Chen Shui-bian  បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ២០០០ លោកស្រី Tsai បាន​បម្រើការ​ជា​រដ្ឋមន្ត្រី នៃ​ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​ពេញ​មួយ​អាណត្តិ​ដំបូង​របស់លោក Chen ក្នុងនាម​ជា​អ្នក​មិន​ប្រកាន់បក្ស​ពួកនិយម។

លោកស្រី​បាន​ចូលរួម​ជាមួយ​បក្ស DPP ក្នុង​ឆ្នាំ២០០៤ ហើយ​បាន​បម្រើការ​ជា​សមាជិក ដែល​ត្រូវបានតែងតាំង​ដោយ​បក្ស DPP ។ ចាប់តាំងពី​ពល​បំរើការ​ងារ​នៅ​ទីនោះ លោកស្រី​ត្រូវបានតែងតាំង​ជា​អនុ​ប្រធានាធិបតី ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី Su Tseng-chang ។

លោកស្រី​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស និង​ទទួល​តំណែង​ជា​មេដឹកនាំ​គណបក្ស DPP ក្នុង​ឆ្នាំ២០០៨ បន្ទាប់ពី​គណបក្ស​របស់លោក​ស្រី បាន​ចាញ់​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០០៨ ។ លោកស្រី​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន បន្ទាប់ពី​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១២ ។

លោកស្រី Tsai បាន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង New Taipei ក្នុងការ​បោះឆ្នោត សាលាក្រុង​ខែវិច្ឆិកា ឆ្នាំ២០១០ ប៉ុន្តែ​ត្រូវបាន​បរាជ័យ​ក្រោម​អតីត​ឧបនាយករដ្ឋមន្ត្រី​ម្នាក់ទៀត​គឺ​លោក Eric Chu (KMT) ។

នៅ​ខែមេសា​ឆ្នាំ ២០១១ លោកស្រី Tsai បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ស្ត្រី​ដំបូងបង្អស់ នៃ​គណបក្ស​ដ៏​ធំ​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ នៃ​សាធារណរដ្ឋ​ចិន បន្ទាប់ពី​បាន​ផ្តួល​អតីត​មេដឹកនាំ​ជាន់ខ្ពស់​របស់លោក​ស្រី គឺ​លោកស្រី Su Tseng-chang ។

លោកស្រី​ធ្លាប់បាន​ចាញ់​បេក្ខជន​គួ​បក្ខ​ដិ​បក្ស ជាតិនិយម​ចិន លោក Ma Ying-jeou  ក្នុង​ង​ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ដោយផ្ទាល់​លើក​ទី៥ ក្នុង​ឆ្នាំ២០១២ ប៉ុន្តែ​ត្រូវបាន​ជាប់​បោះឆ្នោត យ៉ាង​ភ្លូកទឹកភ្លូកដី៤ឆ្នាំ​ក្រោយមក នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ផ្ទាល់​លើក​ទី៦ ក្នុង​ឆ្នាំ២០១៦ ។

លោកស្រី​គឺជា​ប្រធានាធិបតី​ដំបូង ដែល​មិន​ធ្លាប់​កាន់តំណែង​នាយក​ប្រតិបត្តិ​ជាប់ឆ្នោត​មុនពេល​ធ្វើជា​ប្រធានាធិបតី និង​ជា​ប្រធានាធិបតី​ដំបូង ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស ដោយ​គ្មាន​ការ​កាន់តំណែង​ជា​អភិបាលក្រុង​តៃប៉ិ។

លោកស្រី Tsai បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ម្តងទៀត ជាមួយនឹង​ការកើនឡើង​នូវ​សំឡេងឆ្នោត នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០ ។

កាលពីថ្មីៗនេះ រដ្ឋាភិបាល​ប្រទេស​ចិន​បានប្រកាសថា ខ្លួន​នឹងដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន Boeing Defense ក្រុមហ៊ុន Raytheon ព្រមទាំង​បុគ្គល ឬ​ក្រុមហ៊ុន​អាមេរិក​ណាមួយ ដែល​ទាក់ទង​ទៅនឹង​ផែនការ​ផ្គត់ផ្គង់​អាវុធ​របស់​ក្រុង​វ៉ាស៊ីនតោន​ទៅ​កោះ​តៃវ៉ាន់។

ក្រុមហ៊ុន​ទាំង៣នេះ បាន​ចូលរួម​ក្នុង​ការលក់​មី​ស៊ី​ល រត់​ចម្ងាយ​ឆ្ងាយ​ចំនួន១៣៥ ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ចំនួន១២ និង​ប្រព័ន្ធ​ចាប់​សញ្ញា​ឃ្លាំមើល​មួយចំនួន ទៅឱ្យ​កោះ​តៃវ៉ាន់ ដែល​ឧបករណ៍​ទាំងនេះ​មានតម្លៃ​សរុប ១,៨ ពាន់​លាន​ដុល្លារ។

ចិន​បានទាមទារ​ឱ្យ​អាមេរិក​បញ្ឈប់​ការលក់​នេះ ហើយ​បានប្រកាស​ការដាក់ទណ្ឌកម្ម ក្រោយ​ក្រសួងការបរទេស​អាមេរិក​បានអនុញ្ញាត​ឱ្យ​ការលក់ និង​ផ្គត់ផ្គង់​អាវុធ​នេះ​ដំណើរការ​ទៅមុខ។

សហរដ្ឋអាមេរិក ក៏ដូចជា​ប្រទេស​ភាគច្រើន គឺ​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​ទេ ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​មាន​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់ ក្នុងការ​ផ្ដល់ឱ្យ​កោះ​នេះ​នូវ​មធ្យោបាយ​ការពារ​ខ្លួន។

ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ខណៈពេល​ទីក្រុង​ប៉េកាំង បាន​បង្កើន​សកម្មភាព​សមយុទ្ធ​យោធា​របស់ខ្លួន ជាមួយនឹង​សកម្មភាព​របស់​រដ្ឋបាល​លោក Trump ក្នុងការ​បង្កើន​ចំណងទាក់ទង​ផ្នែក​យោធា និង​សេដ្ឋកិច្ច​ជាមួយ​កោះ​តៃវ៉ាន់ ហើយ​ជាពិសេស​ក្រោយពី​ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោកស្រី Tsai Ingwen បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ២០១៦ ដោយ​លោកស្រី​មាន​គោលនយោបាយ ធ្វើឱ្យ​តៃវ៉ាន់​ទទួលបាន​ឯករាជ្យភាព និង​មិន​ទទួលយក​គោលការណ៍​ចិន​តែ១ ៕

តម្រូវការ​លំនៅដ្ឋាន​ទូទាំង​រាជធានី​ភ្នំពេញ​នឹង​កើន​ឡើងដល់​ជិត​កន្លះ​លានខ្នង​នៅ​ឆ្នាំ២០៣០

ដោយៈ​ហ្សូ​លី

ភ្នំពេញៈ នៅ​ឆ្នាំ២០៣០ខាងមុខ តម្រូវការ​លំនៅដ្ឋាន​ទូទាំង​រាជធានី​ភ្នំពេញ នឹង​ហក់​ឡើងដល់​កន្លះ​លាន​ខ្នង។ នេះ​បើតាម​ឱ្យដឹងពី​របាយការណ៍ របស់​ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ Vtrust Appraisal កាលពីថ្មីៗនេះ។

យោងតាម​ឯកសារ​ដែលមាន​ចំណងជើង​ថា “ភ្នំពេញ ឆ្នាំ 2030 ” បាន​បង្ហាញថា លំនៅឋាន​ដែល​បាន​និង កំពុង​សាងសង់​នឹង​កើនឡើង៣ដង ក្នុង​រយៈពេល១៣ឆ្នាំ​ខាងមុខ។ ក្រុមហ៊ុន​វាយតម្លៃ​ខាងលើ​បាន​អះអាងថា បច្ចុប្បន្ន​ចំនួន​លំនៅឋាន​សរុប​មាន​ចំនួន ១៥០,០០០ខ្នង ប៉ុន្តែ​នឹង​កើនឡើង​ដល់ ៤៥០,០០០ខ្នង​នៅ​ឆ្នាំ២០៣០ ។

របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ចំណោម​ខណ្ឌ​ទាំង១៤ នៅ​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន៧បាន និង​កំពុងមាន​សកម្មភាព​ម​មា​ញឹក ក្នុងការ​សាងសង់​សំណង់​លំនៅឋាន ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ ដែល​នឹង​ធ្វើឱ្យ​កើនឡើង​រហូតដល់​ជិត​កន្លះ លាន​ខ្នង​នៅ​ឆ្នាំ២០៣០ ។

កំណើន​នេះ អាច​បណ្តាលមកពី​ការអភិវឌ្ឍ គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​កាន់តែ​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ចេញចូល​ក្រុង ជាពិសេស​ការតភ្ជាប់​ប​ណ្តា​ញ​ផ្លូវ​នានា រួមជាមួយ​លំហូរ​នៃ​ចំនួន ប្រជាសាស្ត្រ​ចូល​កាន់តែច្រើន ។

លោក ង៉ែត ជូ អ្នកជំនាញ​សេដ្ឋកិច្ច បាន​មានប្រសាសន៍​ឱ្យដឹងថា កំណើន​លំនៅ   ដ្ឋា​ន​កាន់តែច្រើនឡើងៗ នឹង​បណ្តាលឱ្យ​តម្លៃ​អចលនទ្រព្យ​កាន់តែ​ខ្ពស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ តម្លៃ​ដីធ្លី​មានការ​កើនឡើង​ចន្លោះ​ពី ៧-១០ភាគរយ​ក្នុង​មួយឆ្នាំ​អាស្រ័យ​ទៅតាម​ទីតាំង។

លោក​បន្តថា “ការផ្គត់ផ្គង់​លំនៅឋាន​តម្លៃ​សមរម្យ​នាពេល​បច្ចុប្បន្ន មិន​ឆ្លើយតប​នឹង​កម្រិតជីវភាព​របស់​កម្មករ​ទេ ព្រោះ​ផ្ទះមួយ​ខ្នង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច២៥,០០០ ដុល្លារ។ វិបត្តិ​នេះ​កើតឡើង​រួចហើយ​នៅ​ហុងកុង ដូច្នេះ​កម្ពុជា​គួរតែ​រៀម​ខ្លួន​ជាមុន” ។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​ផ្សាយ​កាលពីពេលថ្មីៗនេះ​ថា គម្រោង​សំណង់​លំនៅឋាន​នៅតែ​បន្ត មាន​កំណើន​ល្អ​ដែល​នៅក្នុង​រយៈពេល៨ខែ ឆ្នាំ២០២០នេះ មាន​ចំនួន២,៨១៩ គម្រោង ឬ ស្មើនឹង៨៤% នៃ គម្រោង​សាងសង់​សរុប ។ គម្រោង​សំណង់​លំនៅឋាន​នេះ​កើនឡើង ៦.៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន៕

តំបន់​វេ​ង​ស្រេង​នឹង​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម​ទំនើប​នាពេលខាងមុខ

ដោយៈ​វុត្ថា

ភ្នំពេញៈ តំបន់​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​បាន និង​កំពុង​វិវឌ្ឍន៍​ខ្លួនបណ្តើរៗទៅរក​តំបន់​ពាណិជ្ជកម្ម ទំនើប​នាពេលខាងមុខ​ដ៏​ខ្លី បន្ទាប់ពី​មាន​គម្រោង​វិនិយោគ​ផ្សារ​ទំនើប និង​គម្រោងផ្សេងៗទៀត​កំពុងមាន​វត្តមាន​នៅ់​ទីនោះ។

លោក​ឡុង គីម​សួគ៌ អគ្គនាយក​ក្រុមហ៊ុន Century21 Advance  បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០កន្លងមក​ថា តំបន់​ផ្លូវ​វេ​ង​ស្រេង​នាពេល​បច្ចុប្បន្ននេះ កំពុងមាន​តែមាន​សក្តា​នុព​ល​ខ្ពស់ ព្រោះតែ​តំបន់​ជុំវិញ​នេះ​មានការ​ការអភិវឌ្ឍន៍ ដូចជា​គម្រោង​ស្ពាន​អាកាស​ចោម និង​ក្បែរ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ជាដើម។

លោក​បន្តថា “នៅក្នុង​តំបន់​នេះ​នឹង​កាន់តែ​រីកចំរើន ហើយ​នៅ​ថ្ងៃ​ខាងមុខ​វា​នឹង​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម​ទំនើប និង​អាច​ប្រកួតប្រជែង ជាមួយនឹង​តំបន់​ផ្សេងទៀត​របស់​ទីក្រុង​ភ្នំពេញ ដោយសារ​ទីក្រុង​ភ្នំពេញ​នឹង​កាន់តែ​រីក​ធំ ហើយ​តំបន់​នឹង​មិនមែន​ជាយក្រុង​ទៀត​ទេ” ។

លោក​ឡូង គឹមសួគ៌ បាន​បន្ថែមថា ការរីកចំរើន​នេះ ស្របទៅនឹង​ផែនការ​របស់​រដ្ឋា​បាល​ក្នុង​ការពង្រីក​ក្រុង និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង កាន់តែ​ប្រសើរ និង​មាន​សេវា​ដឹកជញ្ជូន​កាន់តែ​ប្រសើរ​ផងដែរ ដែល​ជំរុញ​ការធ្វើដំណើរ​កាន់តែ​មាន​ភាពងាយស្រួល។

លោកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន Amatak Property Service បានឱ្យដឹងថា តំបន់​នេះ លែង​ជា​តំបន់​ជាយក្រុង ដែល​បណ្តុំ​ទៅដោយ​រោងចក្រ សហគ្រាស​ច្រើន​ហើយ វា​បាន​ក្លាយជា​តំបន់​កណ្តាល​ក្រុង និង​ជា​តំបន់​ពាណិជ្ជកម្ម។

លោកស្រី​បន្តថា “យើង​មិនបាច់​ប្រើពេល​យូ​ទៀត​ទេ ដោយ​បច្ចុប្បន្ននេះ វា​បាន​នឹង​កំពុង​ប្រែក្លាយ​បន្តិចម្តងៗ ទៅជា​តំបន់​ស៊ី​វិ​ល័យ នឹង​ទំនើប ហើយអ្វីៗនៅ​តំបន់​នេះ​ទាំង​ដីធ្លី និង​អចលនទ្រព្យផ្សេងៗ នឹង​កាន់តែ​ឡើងថ្លៃ​ខ្ពស់​បន្ថែមទៀត” ។

ទោះជា​យ៉ាងណា​លោកស្រី​បញ្ជាក់ទៀតថា តំបន់​នេះ​មិនអាច​អនុញ្ញាតឱ្យ​សាងសង់​អគារខ្ពស់ៗបាន​នោះទេ ព្រោះ​តំបន់​នេះ ក៏​នៅក្បែ​ព្រលានយន្តហោះ​អន្តរ​ជា​ភ្នំពេញ  ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តំបន់​នេះ​មានការ​រីកចំរើន​ទាំង​វិស័យ​អចលនទ្រព្យ​សំណង់ និង មាន​សក្តានុពល​ខ្ពស់​លើ​វិស័យសេដ្ឋកិច្ច៕

វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​កើតឡើង​រហូតដល់​ជាង១០១៦ករណី

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ការអភិវឌ្ឍន៍​ទៅលើ​វិស័យ​សំណង់​យ៉ាង​ឆាប់រហ័ស និង​មាន​តម្រូវការ​ប្រើប្រាស់​ដី​យ៉ាងច្រើន បានកើត​មាន​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ រួមជាមួយ​នឹង​សំណើ​ពាក់ព័ន្ធ ទៅនឹង​ការគ្រប់គ្រង​របស់​ស្ថាប័ន​នានា​មាន​ចំនួន​រហូតដល់១០១៦ករណី ដែល​រហូតមក​ដល់ពេលនេះ រដ្ឋបាលខេត្ត​កំពុង​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ និង​សម្របសម្រួល។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា គិត​ត្រឹម​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្ត​ព្រះសីហនុ បានទទួល​ឯកសារ​ពាក់ព័ន្ធ​សំណើ​ដីធ្លី និង​វិវាទ​ដីធ្លី​មកពី​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ មក​ដាក់ពាក្យ​ស្នើសុំ​នៅ​រដ្ឋបាលខេត្ត​មាន​ចំនួន ១០១៦ករណី។

លោក​បញ្ជាក់ថា ជាមួយនឹង​ការទទួលបាន​ពាក្យបណ្តឹង និង​សំណើ​ដោះស្រាយ​ទាំងនេះ រដ្ឋបាលខេត្ត​បាន​ឆ្លើយតប ទៅ​ម្ចាស់​សំណើ​បាន​ចំនួន១៨៣ករណី ធ្វើ​របាយការណ៍​ទៅ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន៦០ករណី។ បញ្ជូនទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជា​សមត្ថកិច្ច​ចំនួន៨៤ករណី ដោះស្រាយ និង​សម្របសម្រួល​ចប់​ចំនួន១៥ករណី។ សរុប​មាន​ចំនួន៣៤២ករណី ក្នុងនោះ​បណ្តឹង​មកពី​គណ:ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស២ករណី ដោយ​ករណី​ទី១ ស្ថិតក្នុង​សមត្ថកិច្ច​តុលាការ ហើយ​ទី២ មន្ទីរ​បរិស្ថាន​កំពុង​ពិនិត្យ​ស្រាវជ្រាវ។

លោក​កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​លោក​អភិបាលខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ខិតខំ​បំពេញការងារ​សិទ្ធិមនុស្ស​បានល្អ​ក្នុង​ខេត្ត ថ្វីត្បិតតែ​ពាក់​ព​ន្ធ័​នឹង​បណ្តឹង​មានការ​កើនឡើង គឺ​មហាជន​មាន​ជំនឿ​ទុកចិត្ត​មកលើ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត ក្នុងការ​ដោះស្រាយ​ឆ្លើយតបបាន​ទាន់ពេលវេលា។

លោក​បាន​បន្តថា “ប្រទេសជាតិ​មាន​សន្តិភាព មានការ​អភិវឌ្ឍន៍ បញ្ហា​ទំនាស់​ដីធ្លី​វា​តែងតែ​កើតមាន​ជាក់​ជាមិនខាន” ៕