រដ្ឋាភិបាលចិន ផ្តល់ជំនួយសម្ភារៈបរិក្ខាអគ្គិសនីសម្រាប់បំភ្លឺទូទាំងក្រុងព្រះសីហនុ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ រដ្ឋាភិបាលចិនបានសម្រេចផ្តល់នូវសម្ភារៈបរិក្ខាអគ្គិសនីជាច្រើនពាន់គ្រៅងសម្រាប់ដាក់បំភ្លឺនៅតាមផ្លូវ និងទីសាធារណៈនានាក្នុងក្រុងព្រះសីហនុ និងអាចមានលទ្ធភាពក្នុងកាត់បន្ថយការប្រើប្រាស់ថាមពើអគ្គិសនី និងជួយការពារបរិស្ថានក្រុងប្រកបដោយនិរន្តរភាព។

តាមរយៈសេចក្តីរាយការណ៍របស់មន្រ្តីទទួលបន្ទុកកិច្ចការក្នុងក្រសួងបរិស្ថាននៃកម្ពុជានៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០បានបង្ហាញថា រដ្ឋាភិបាលចិនដែលមានមិត្តដែកថែមជាមួយកម្ពុជា បានដឹកជញ្ជូននូវគ្រឿងបរិក្ខារដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) មួយចំនួនធំ ដែលជាអំណោយជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងបានមកដល់កំពង់ផែក្រុងព្រះសីហនុតាំងពីថ្ងៃទី២២ ខែវិច្ឆិកា ចុងសប្ដាហ៍កន្លងទៅនេះ។

នៅក្នុងសេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ថា សម្ភារៈបរិក្ខារទាំងនេះរួមមានដូចជាអំពូលសូឡាចំនួន ២៨០០អំពូល ផ្ទាំងកញ្ចក់សូឡាចំនួន២០០ផ្ទាំង និងម៉ូតូអាគុយចំនួន២០០គ្រឿង។ បរិក្ខារទាំងនេះនឹងត្រូវបានប្រើ និងដំឡើងនៅតាមទីសាធារណៈនៃខេត្តព្រះសីហនុ ដូចជាសាលារៀន សួនច្បារជាដើម ក្នុងគោលបំណងជួយកាត់បន្ថយការបំភាយសារធាតុកាបូន បង្កើនការយល់ដឹងជាសាធារណៈស្តីអំពីការការពារបរិស្ថាន និងការកសាងទីក្រុងប្រកបដោយនិរន្តរភាព ស្អាត និងបរិស្ថានបៃតង។

គិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ សមិទ្ធផលនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុងព្រះសីហនុ ដែលវិនិយោគដោយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនសោភ័ណភាព និងលើកកម្ពស់ក្រុងក្នុងនាមជាគោលដៅទេសចរណ៍កម្រិតខ្ពស់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ដែលជាប៉ូលសេដ្ឋកិច្ចពិសេសប្រចាំប្រទេសនោះ សម្រេចបានជាង៩០ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ។

នៅក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ស្តីពីការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលការងារចាក់បេតុងផ្លូវសម្រេចបាន ១០០ភាគរយ , ការងារដាក់លូតាមផ្លូវ ១០០ភាគរយ, ការងាររៀបចំប្រព័ន្ធលូរណប ៩២,៨១ភាគរយ , ការងាររៀបខឿនក្រានីត ៩០,២៧ភាគរយ, ការងាររៀបចំកម្រាលក្រានីត ៧៥,០៥ភាគរយ, ការងារដំឡើងបង្គោលភ្លើង តាមដងផ្លូវ ៩៨,០៥ភាគរយ, ការងារបំពាក់អំពូលភ្លើង តាមដងផ្លូវ ៩១,២៥ភាគរយ និងការងារដាំដើមឈើ ៦០,០៩ភាគរយ៕

ក្រសួងសេដ្ឋកិច្ចអនុម័តការបង្កើតសាជីវកម្មធានាឥណទានដល់សហគ្រាសខ្នាតតូចនិងមធ្យម

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយសម្រួលដល់ក្រុមហ៊ុននិងម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ដែលជួបបញ្ហាប្រឈមក្នុងវិបត្តិជំងឺសកល កូវីដ-១៩។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទានកម្ពុជានេះ គឺជាយន្តការឆ្លើយតបបន្ទាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិ។

សាជីវកម្មធានាឥណទានកម្ពុជា មានតួនាទីផ្តល់សេវាធានាឥណទានដល់ក្រុមហ៊ុនអាជីវកម្មធុរកិច្ចនៅក្នុងវិស័យអាទិភាព ដែលទទួលរងផលប៉ះពាល់ពីវិបត្តិ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ជាទុនបង្វិលរបស់ខ្លួន សំដៅបន្តនិរន្តភាពអាជីវកម្ម និងសម្របទៅបរិបទនៃធុរកិច្ចថ្មី។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា យន្តការធានាឥណទាន គឺជាការចែករំលែកហានិភ័យ ដែលក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជា ត្រូវពិនិត្យលទ្ធភាពរួមគ្នាជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបើកឱកាសដល់ក្រុមហ៊ុនធុរកិច្ច ជាពិសេសសហគ្រាសធុនតូច និងមធ្យម អាចទទួលបានឥណទានពិសេសក្រៅពីយន្តការដែលមានស្រាប់។

ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា គឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយទៀត សម្រាប់កំណត់ត្រាប្រវត្តិសាស្រ្តនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ គំនិតនេះនឹងទំលុះរបាំងដែលរាំងស្ទះដល់ដំណើរការនៃការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងផ្តល់ឱកាសថ្មីៗ ក្នុងការពង្រីកវិសាលភាពមូលដ្ឋានអតិថិជនរបស់ខ្លួន។

ទន្ទឹមនេះ សាជីវកម្មធានាឥណទានកម្ពុជា ក៏នឹងបង្កើនលទ្ធភាពទទួលហិរញ្ញប្បទានរបស់ក្រុមហ៊ុនធុរកិច្ច ជាពិសេស សហគ្រាស ធុនតូចនិងមធ្យម ដែលជួបការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន ដោយសារបញ្ហាប្រឈមចម្បងកន្លងមកគឺតម្រូវ ឱ្យមានទ្រព្យបញ្ចាំតែមួយមុខគត់។

ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា នឹងនាំមកនូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា រួមមានជំរុញបរិយាបន្នហិរញ្ញវត្ថុ, គាំទ្រប្រភពកំណើនថ្មី, និងពិពិធកម្មសេដ្ឋកិច្ច ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម, ឆ្លើបតបបញ្ហាប្រឈរមក្នុងទីផ្សារឥណទាន បំពេញតម្រូវការ និងបញ្ហាក្នុងសេដ្ឋកិច្ចនិងសង្គម, ព្រមទាំងបង្កបរិយាកាសក្នុងការបង្កើតផលិតផលកម្ចីថ្មីៗ និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងរយៈពេលវែង៕

ទឹកប្រាក់ជាង៩១លានដុល្លារ នឹងត្រូវចំណាយសម្រាប់ជួសជុលផ្លូវជនបទនៅទូទាំងប្រទេស

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលនឹងត្រូវចំណាយថវិកាប្រមាណជាង៩១លានដុល្លារអាមេរិក សម្រាប់ការស្ដារ និងជួសជុលផ្លូវជនបទ ដែលរងការខូចខាតដោយសារទឹកជំនន់នៅទូទាំងប្រទេសសរុបចំនួន ៦៧០ខ្សែ ស្មើនឹងប្រវែង ៥,៣៨៩.៥៩ គីឡូម៉ែត្រ ដោយក្នុងនោះ ផ្លូវរងការខូចខាតប្រវែង ៣១,៥៤.៤២គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប ចំនួន២២៩កន្លែង។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ចាន់ ដារ៉ុង បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ យ៉ាងហោចណាស់ ក្រសួងត្រូវការថវិកាប្រមាណជាង ៩១លានដុល្លារសម្រាប់ចំណាយក្នុងស្ដារផ្លូវជនបទដែលទទួលរងការខូចខាតដោយទឹកជំនន់។

លោកបានបញ្ជាក់ថា ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥នេះ ក្រសួងរកឃើញថា មានខេត្តចំនួន៩ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងនោះ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពងស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង ឧត្តរមានជ័យ។ ប៉ុន្ដែក្នុង៩ខេត្តនោះ ក្រសួងជ្រើសរើសអាទិភាព ចំនួន៣ខេត្ត ដែលត្រូវជួសជុលជាចាំបាច់មុនគេបំផុត គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់ដំបង។

លោក ចាន់ ដារ៉ុង បានឲ្យដឹងទៀតថា ខេត្តទាំង៣ដែលជាខេត្តអាទិភាព ត្រូវស្ដារឡើងវិញមុនគេនេះ ត្រូវចំណាយថវិកាប្រមាណ១៦លានដុល្លារ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំណាយ៤.៦លានដុល្លារ, ពោធិ៍សាត់ ចំណាយ៤.៦លានដុល្លារ និងបាត់ដំបង ៣.៣លានដុល្លារ។ ហើយនៅពេលនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានទម្លាក់កញ្ចប់ថវិកាចំនួន១៥លានដុល្លារហើយ ដើម្បីក្រសួងអភិវឌ្ឍន៍ជនបទ ដោះស្រាយលើបញ្ហានេះ។

ដោយឡែក ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទ អ្នកនាំពាក្យ ចាន់ ដារ៉ុង បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទ ដែលទទួលរងនូវផលប៉ះពាល់ គឺអណ្ដូងទឹក។ ចំពោះអណ្តូងដែលទទួលរងការខូតខាតមានចំនួនសរុប ៤,១៥៥អណ្តូង។ ចំពោះការចំណាយក្នុងការជួសជុល និងស្ដារអណ្ដូងទឹកដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ទាំងអស់នេះមានចំនួនទឹកប្រាក់សរុបប្រមាណជាង៩០ម៉ឺនដុល្លារអាមេរិក៕

អ្នកជំនាញៈស្រុកឧដុង្គជាទីតាំងស្នូលនៃការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ក្នុងខេត្តកំពង់ស្ពឺ

ដោយ ហ្សូលី

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ស្រុកឧដុង្គ ជាទីតាំងវិនិយោគសំខាន់ក្នុងខេត្តកំពង់ស្ពឺ សម្រាប់ការអភិវឌ្ឍលើវិស័យអចលនទ្រព្យជាច្រើនប្រភេទ ដូចជា បុរីលំនៅដ្ឋាន ដីឡូតិ៍ ពិសេសការបង្កើតរោងចក្រសហគ្រាស់ខ្នាតតូចធំ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃតំបន់អាស៊ាន និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានថ្លែងប្រាប់គេហទំព័រ Propertyareaasiaនៅក្នុងកិច្ចសម្ភាសនៅថ្ងៃទី២៤ វិច្ឆិកានេះថា ខេត្តកំពង់ស្ពឺ គឺជាទិសដៅនៅក្នុងការអភិវឌ្ឍក្រុង សព្វថ្ងៃរាជរដ្ឋាភិបាលបាន និងកំពុងពង្រីកសក្តានុពលនៅក្នុងការអភិវឌ្ឍនៅក្នុងវិស័យអចលនវត្ថុ តាមរយៈការផ្តល់ឱកាសឱ្យប្រជាជនក្នុងតំបន់នោះ។

លោកបន្តថា “រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍ គម្រោងពង្រីកតំបន់ឧស្សាហកម្ម ឬហៅថា Industral Zone ទៅកាន់ខេត្តកំពង់ស្ពឺតែម្តង ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងស្រុកឧដុង្គ។ តំបន់នេះគឺជាតំបន់ដែនឹងត្រូវអភិវឌ្ឍជា Industrial zone នាពេលអនាគត”។

ជាមួយគ្នានេះ ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានថ្លែងថា វិស័យអចលនទ្រព្យក្នុងខេត្តកំពង់ស្ពឺ មានភាពទាក់ទាញកាន់តែខ្លាំងប្រមាណ២ឆ្នាំ ចុងក្រោយនេះ ដោយមានគម្រោងវិនិយោគរោងចក្រ សហគ្រាសនិងលំនៅឋានថ្មីៗជាច្រើនសាងសង់នៅទីនោះ។ ក្នុងនាមជាខេត្តដែលកំពុងមានសក្តានុពលខ្ពស់ លើវិស័យអចលនទ្រព្យ ខណៈបច្ចុប្បន្នមានអ្នកវិនិយោគកាន់តែច្រើន បាននាំគ្នាទៅសង់លំនៅឋានឬពុះដីឡូត៍លក់ជាបន្តបន្ទាប់។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា វិនិយោគិនបានចាប់អារម្មណ៍លើការវិនិយោគជាច្រើន ក្នុងទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេសទីតាំងដែលមានការចាប់អារម្មណ៍ខ្លាំង គឺនៅតាមបណ្តោយជាតិលេខ៤៤ ផ្លូវជាតិ៥១ និងផ្លូវជាតិ៤១ ដែលជាផ្លូវជាតិដ៏មានសក្តានុពលក្នុងការវិនិយោគ និងមានសេដ្ឋកិច្ចល្អ។

លោកបន្តថា “សម្រាប់ខេត្តកំពង់ស្ពឺវិញ គឺមិនថយចុះនៃការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យឡើយ ដោយទទួលបានការទាក់ទាញ គម្រោងវិនិយោគលើវិស័យអចលនទ្រព្យជាច្រើនពីអ្នកអភិវឌ្ឍន៍”៕

បុរីថ្មីមួយតម្លៃរាប់សិបលានដុល្លារ កំពុងរួមចំណែកធ្វើឱ្យស្រុកពញាក្រែកកាន់តែមានភាពទាក់ទាញ

ដោយ ៖ រ៉ាណេត

ត្បូងឃ្មុំ ៖ គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបទាន់សម័យដ៏ធំលើកដំបូងនៅក្នុងខេត្តត្បូងឃ្មុំ ដែលកំពុងមានសកម្មភាពសាងសង់ជាបណ្តើរៗនាពេលបច្ចុប្បន្ននេះ នឹងចូលរួមកែប្រែសោភ័ណភាពខេត្ត ជាពិសេសស្រុកពញាក្រែកដែលមានប្រជាជនរស់នៅច្រើនជាងគេ ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញប្រចាំតំបន់។

ស្ថិតនៅលើផ្លូវជាតិលខ៧ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ គម្រោងសាងសង់បុរីលំនៅដ្ឋានបែបទាន់សម័យ និងធំជាងគេប្រចាំខេត្តត្បូងឃ្មុំ បុរី ក្រែក ស៊ីធី ហ្គាឌិន (Krek City Garden) នឹងជួយកែប្រែសោភ័ណភាព និងសេដ្ឋកិច្ចនៅក្នុងតំបន់ឱ្យកាន់តែមានភាពល្អប្រសើរ ស្ថិតនៅភូមិ ហួចលិច ឃុំក្រែក ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ។

លោកបណ្ឌិត តេង រិទ្ធី ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍មួយនេះ បានមានប្រសាសន៍ប្រាប់ភ្នាក់ងារគេហទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា បុរី ក្រែក ស៊ីធី ហ្គាឌិន (Borey Krek City Garden) គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំជាងគេនៅក្នុងខេត្ត ជាពិសេសនៅក្នុងស្រុកពញាក្រែក លើផ្ទៃដីទំហំជាង១៦ហិកតា ស្មើនឹងប្រមាណ ៧០០ខ្នង ដោយមានការបែងចែកជាប្រភេទ ផ្ទះអាជីវកម្ម (ប្រភេទ២ជាន់ និង៣ជាន់, ) វីឡាទោល រួមជាមួយនឹងការអភិវឌ្ឍផ្សារសហគមន៍បែបទំនើបដែលមានរហូតដល់ប្រមាណ៤០០ស្ដង់។

លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍បន្តថា “នៅទីនេះ គឺជាទីតាំងដែលប្រមូលផ្តុំទៅដោយប្រជាពលរដ្ឋ ហើយក៏ជាតំបន់សេដ្ឋកិច្ចដ៏មមាញឹកជាងគេប្រចាំខេត្តត្បូងឃ្មុំ ដោយមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនតភ្ជាប់ទៅកាន់បណ្តាខេត្តផ្សេងៗដូចជាខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង ក៏ដូចជាតភ្ជាប់ជាមួយរាជធានីភ្នំពេញតាមរយៈផ្លូវជាតិ ៧ និងផ្លូវជាតិលេខ៨ តភ្ជាបជាមួយផ្លូវជាតិលេខ៦A ហើយក៏ជាផ្លូវឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ដែលជាតំបន់ផ្លាស់ប្ដូរទំនិញផងដែរ”។

អ្វីដែលជាលក្ខណៈពិសេសរបស់គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបទាន់សម័យមួយនេះ គឺមានការផ្តល់ជូននូវជម្រើសក្នុងការក្លាយខ្លួនជាម្ចាស់លំនៅដ្ឋានបានយ៉ាងងាយស្រួល ដោយរាល់ការទិញបង់ផ្តាច់នឹងទទួលបានការបញ្ចុះតម្លៃ ១០ភាគរយភ្លាមៗ។ ដោយឡែកសម្រាប់ការទិញដោយបង់រំលោះ អតិថិជនគ្រាន់តែបង់ចំនួន៣០ភាគរយលើកដំបូង ហើយធ្វើការបង់រំលោះប្រចាំខែដោយគ្មានការប្រាក់រហូតដល់ចំនួន២ឆ្នាំ ជាមួយនឹងការផ្តល់នូវទំនុកចិត្តខ្ពស់បង់រំលោះជាមួយក្រុមហ៊ុនក៏បាន ឬជាមួយធនាគារក៏បាន។

សម្រាប់ប្រភេទលំនៅដ្ឋានអាជីវកម្មដែលមានកម្ពស់២ជាន់ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ ៣៨០០០ដុល្លារឡើងទៅ ហើយប្រភេទផ្ទះអាជីវកម្ម៣ជាន់ មានតម្លៃចាប់ពីជាង ៧ម៉ឺនដុល្លារឡើងទៅ ដោយឡែកប្រភេទផ្ទះវីឡាទោល ត្រូវបានដាក់លក់ត្រឹមតម្លៃជាង ៥ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ ដោយគ្រប់ប្រភេទលំនៅដ្ឋាន និងវីឡា សុទ្ធតែត្រូវបានសាងសង់ឡើងស្របតាមកម្រិតស្ដងដារ ទាំងទំហំផ្ទះ និងទំហំដីផងដែរ។

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងគម្រោង លោកអ្នកអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៧ ៧០ ៥៤ ៨៨៨ / ០៩៧ ៧១ ៥៤ ៨៨៨៕

គម្រោងសិក្សាសាងសង់រថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែត ហាក់ស្ថិតក្នុងមន្ទិល

        ដោយគង់ សូរិយា

        ភ្នំពេញៈ គំរោងសិក្សាសាងសង់រថភ្លើងល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងតភ្ជាប់ទៅកាន់ទីក្រុងប៉ោយប៉ែត ហាក់ស្ថិតក្នុងមន្ទិលឬភាពមិនច្បាស់លាស់នៅឡើយ។

អ្នកនាំាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា គំរោងសិក្សាលើផែនការសាងសង់ខ្សែរថភ្លើងល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងសៀមរាប និងក្រុងប៉ោយប៉ែត លោកមិនមានព៌តមានជាក់លាក់នៅឡើយទេ។

លោកបន្តថា “ទោះបីជាមានក្រុមហ៊ុនសិក្សា ក៏គេមិនទាន់ទម្លាក់ឬបញ្ចេញរបាយ​ការណ៍មកក្រសួងនៅឡើយ ហេតុនេះខ្ញុំមិនទាន់បានទទួលព៌តមាន ពីគំរោងនេះសិក្សាចប់ឬយ៉ាងណាឡើយ”។

ទោះជាយ៉ាងណានាពេលកន្លងមក ក្រុមហ៊ុនចិនមួយចំនួនធ្លាប់បានជួបជាមួយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីស្នើ​សុំសិក្សាគំរោងដ៏ធំ និងទំនើបនេះ ហើយជាលទ្ឋផលក្រសួងបានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិនសិក្សាលើគំរោងនេះ ប៉ុន្តែលទ្ឋផលបែបណាមិនទាន់ មានការបញ្ជាក់ពីលោកទេសរដ្ឋមន្រ្តីថាបានបញ្ចប់ឬយ៉ាងណានៅឡើយទេ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណធ្លាប់​បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលត្រូវការការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ កាន់តែច្រើន ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ជារឿងប្រឈមមួយក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ លោកបន្តថា បញ្ហាហេដ្ឋារចនាសម្ព័ន្ឋបានធ្វើឲ្យការដឹកជញ្ជូនមានតម្លៃថ្លៃនៅកម្ពុជា ធៀបជាមួយប្រទេសក្នុងតំបន់ ហេតុនេះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជារឿងចាំបាច់ ហើយរដ្ឋាភិបាលបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្ម ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋត្រូវការពេលយូរ មិនមែបសង់ចប់មួយខែឬមួយថ្ងៃទេ។

លោកបន្តថា “ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដែលជាតម្រូវការចាំាំបាច់សំរាប់រុញសេដ្ឋកិច្ចកម្ពុជា ទៅកាន់ដំណាក់កាលថ្មីមួយទៀត”៕

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ROYAL Group គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកបុទុមសាគរ ខេត្តកោះកុង

ដោយ ៖ រ៉ាណេត
កោះកុង ៖ ក្រៅពីគម្រោងដ៏មហិមាដែលមានតម្លៃទុនវិនិយោគជាង ១៣៤៤លានដុល្លារក្នុងការបង្កើតរោងចក្រផលិតអគ្គិសនីដើរដោយថាមពលធ្យូងថ្មដែលមានកម្លាំង៧០០មេហ្គាវាត់ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ក៏បាន និងកំពុងបម្រុងទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀតស្ថិតនៅទីតាំងរួមគ្នាក្នុងតំបន់ឧទ្យានបុទុមសាគរ ខេត្តកោះកុង។

តបទៅនឹងសំណើសុំវិនិយោគ និងអភិវឌ្ឍន៍បង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើនេះ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិកមិញនេះ មន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ខេត្តបានបើកកិច្ចប្រជុំពិភាក្សាសិក្សាលម្អិតអំពីទីតាំង ដែលក្រុមហ៊ុន Royal Group Co., Ltd បានស្នើសុំក្នុងឧទ្យានជាតិបូទុមសាគរ ភូមិសាស្ត្រ ឃុំតានូន និងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងដែលបានដឹកនាំកិច្ចប្រជុំ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានឯកភាព និងគាំទ្រឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងឧទ្យានជាតិបូទុមសាគរ ដើម្បីការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ អ្វីដែលត្រូវយកចិត្តទុកដាក់ជាសំខាន់នោះ គឺសុំឱ្យបញ្ចៀសនូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជីវចម្រុះឱ្យនៅកម្រិតទាបបំផុត។ បន្ថែមពីលើនេះ ក្រុមការងារនឹងចុះទៅពិនិត្យទីតាំងទាំងអស់ក្នុងឧទ្យានជាតិបូទុមសាគរ ក្នុងគោលបំណងសិក្សាលម្អិតអំពីស្ថានភាពភូមិសាស្ត្រឱ្យបានជាក់លាក់។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ក៏បានចូលរួមកិច្ចប្រជុំពិភាក្សាថ្មីមួយទៀតស្តីពីការកាត់ឆ្វៀលដីចេញពីឧទ្យានជាតិបូទុមសាគរ និងប្រជុំសិក្សាការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកបូទុមសាគរ របស់ក្រុមហ៊ុន ROYAL Group Co,.Ltd ក្រោមការចូលរួមពីលោក សុខខេង នវិន្ទ រដ្ឋលេខាធិការក្រសួងបរិស្ថានផងដែរ។

កាលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចគាំទ្រការស្នើសុំវិនិយោគរបស់ក្រុមហ៊ុន ROYAL GroupCo,.Ltd ដូចតទៅ ៖
មាត្រា១ ត្រូវបានកំណត់ តំបន់គ្រប់គ្រងលើផ្ទៃដីទំហំ ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិ បុទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុម សាគរ ខេត្តកោះកុង ទៅជាតំបន់ ប្រើប្រាស់ដោយ ចីរភាព ដូចមានផែនទីនិង និយាមកាភ្ជាប់ជាឧប សម្ព័ន្ធ សម្រាប់ផ្តល់ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី ដើម្បីបន្តរៀបចំបំពេញបែបបទ នីតិវិធីជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

មាត្រា២ ត្រូវបានធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នូវដីទំហំ ១៦៨,៨០ហិកតា ដូចមានក្នុងមាត្រា១ នៃអនុក្រឹត្យនេះ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ដែលត្រូវស្ថិតក្រោមការ ចាត់ចែងនីតិវិធីបន្តដោយ ក្រសួងបរិស្ថានជាអាជ្ញាធរ កាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ និងមានកិច្ចសហការជាមួយ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុជាអាជ្ញាធរ គ្រប់គ្រងទ្រព្យសម្បត្តិ របស់រដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាល ថ្នាក់ក្រោមជាតិ ស្របតាម ច្បាប់និងគោលការណ៍របស់រាជរដ្ឋាភិបាល។

ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក បានទទួលបានសម្បទានអនុវត្តគម្រោងសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល មានអនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព ៧០០មេហ្គាវ៉ាត់ សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ប្រវែង ៥០គីឡូម៉ែត្រ។ រោងចក្រនេះ មានអនុភាពដំឡើង ៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជា ធានាទិញថាមពលពីគម្រោង ៨០%ក្នុង១ឆ្នាំ។ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់៣០ភាគរយ និងកម្ចីពីធនាគារ៧០ភាគរយ៕

ក្រុមហ៊ុន CP All ប្រកាសផ្អាកការបើកដំណើរការទំនិញ 7-Eleven នៅកម្ពុជា និងឡាវ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករទទួលបានសិទ្ធិផ្តាច់មុខបើកហាងទំនិញ 7-Eleven នៅក្នុងតំបន់ បានផ្អាកផែនការរបស់ខ្លួនក្នុងការបើកដំណើរការហាងទំនិញ 7-Eleven នៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា ដោយសារតែវិបត្តិ Covid-19។ នេះបើយោងតាមកាសែត The Nation របស់ថៃ ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ។

អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន CP All លោក Kriengchai Boonpoapichart បាននិយាយថា ក្រុមហ៊ុននឹងបន្តផែនការដាក់ឱ្យដំណើរការ នៅពេលដែលស្ថានភាព មានភាពប្រសើរឡើង។

ក្រុមហ៊ុន CP ALL (ខេមបូឌា) និងក្រុមហ៊ុន CP All (ប្រទេសឡាវ) ត្រូវបានផ្តល់សិទ្ធិផ្តាច់មុខ សម្រាប់ការបង្កើតនិងប្រតិបត្តិការហាងទំនិញ 7-Eleven ក្នុងរយៈពេល ៣០ ឆ្នាំ។

ប្រតិបត្តិការនៅប្រទេសថៃរបស់ក្រុមហ៊ុន CP All កំពុងរៀបចំផែនការបើកសាខាចំនួន ៧០០ កន្លែងផ្សេងទៀតនៅក្នុងប្រទេសថៃក្នុងឆ្នាំនេះ ដែលក្នុងនោះមាន ៥១៣ ត្រូវបានបើកនៅខែកញ្ញា។ បច្ចុប្បន្នក្រុមហ៊ុននេះដំណើរការហាង 7-Eleven សរុបចំនួន ១២.២២៥ នៅក្នុងប្រទេសថៃ។

ក្រុមហ៊ុន បានឱ្យដឹងថា ខ្លួននឹងវិនិយោគ ១១,៥ពាន់លានបាត ទៅ១២ពាន់លានបាតនៅឆ្នាំនេះ ដើម្បីបើកម៉ាតថ្មីៗ ជួសជុលម៉ាត ដែលមានស្រាប់ និងបើកដំណើរការគម្រោងថ្មីៗ៕

ចិនបង្ហាញមហិច្ឆតាសាងសង់ស្ថានីយ៍អវកាសរបស់ខ្លួននៅឆ្នាំក្រោយ

ដោយ៖ វុធ្ធី

អន្តរជាតិ៖ លោកQu Yiguangអនុប្រធានគម្រោង Chang Zheng 5 របស់ក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន (CASC) បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិន នឹងចាប់ផ្តើមសាងសង់ស្ថានីយ៍អវកាសរបស់ខ្លួននៅឆ្នាំក្រោយ។

លោកQu Yiguang បាននិយាយថា “ចាប់តាំងពីការលេចចេញនូវគម្រោងយានអវកាស Chang Zheng 5 គម្រោងនេះត្រូវបានកំណត់ថា នឹងអនុវត្តបេសកកម្មនៃការបាញ់បង្ហោះយានអវកាសធំជាងគេរបស់ចិន”។

លោកបានបន្តថា “នៅឆ្នាំក្រោយ យើងនឹងចាប់ផ្តើមអនុវត្តការបាញ់បង្ហោះ ដែលជាផ្នែកមួយនៃបេសកកម្ម ដើម្បីសាងសង់ស្ថានីយ៍អវកាសរបស់ប្រទេសរបស់យើង”។

ស្ថានីយ៍អវកាសនេះ ត្រូវបានគេដាក់ឈ្មោះថា “Tiangong” ដែលមានន័យថាជាភាសារខ្មែរថា វិមាននៅឋានសួគ៌ ហើយមន្ទីរពិសោធន៍អវកាសចិនចំនួនពីរ Tiangong 1 និង Tiangong 2 បានដំណើរការក្នុងគន្លងគោចរ។

អវកាសយានិកចិន ៣នាក់ ឬ៦នាក់ ក្នុងកំឡុងពេលផ្លាស់ប្តូរនាវិក អាចស្ថិតនៅលើស្ថានីយ៍ក្នុងពេលដំណាលគ្នា។ ស្ថានីយ៍នេះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២២ ជាមួយនឹងបេសកកម្មសរុបចំនួន១២។

កាលពីឆ្នាំមុន មន្ទីរពិសោធន៍អវកាសដំបូងបង្អស់របស់ប្រទេសចិន គឺស្ថានីយអវកាស Tiangong-2 ត្រូវបានបង្ហោះដោយជោគជ័យ ដែលបានក្លាយជាឱកាសដំបូងបង្អស់របស់ប្រទេសចិន ដើម្បីធ្វើការពិសោធន៍រុក្ខជាតិរយៈពេលវែងនៅទីអវកាស។

កាលពីឆ្នាំ២០១៨ ប្រទេសចិន បានប្រកាសពីគោលបំណង ដែលប្រទេសនេះបានកំណត់សម្រាប់កម្មវិធីតាមចន្ទគតិ ដោយបានបញ្ជូនមនុស្សទៅឋានព្រះច័ន្ទ ដើម្បីធ្វើបេសកកម្មនេះ និងបង្កើតស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រអចិន្រ្តៃយ៍មួយនៅទីនោះ៕ Sputnik

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្នាតធំចំនួន ៣ បានបញ្ចប់ការសិក្សា នៅឡើយតែកំណត់ថ្ងៃសាងសង់

ដោយ ហ្សូលី

ភ្នំពេញ៖ បច្ចុប្បន្នរដ្ឋាភិបាលបានគិតគូរយកចិត្តទុកដាក់ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលត្រូវចំណាយខ្ទង់លានដុល្លារ ក្នុងការសម្រួលដល់ប្រព័ន្ធដឹកជញ្ជូន និងចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋកម្ពុជាហាក់រង់ចាំមើលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចំនួន ៥ ដែលបានបញ្ចប់ការសិក្សា នៅឡើយសម្រេចថ្ងៃចាប់ផ្តើមសាងសង់។

ផ្លូវក្រវ៉ាត់ក្រុងទី ៤
បើតាមឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថា គម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី ៤នេះបានបញ្ចប់ការសិក្សារួចរាល់ហើយ ប៉ុន្តែពេលណាចាប់ផ្តើមសាងសង់ នៅមិនទាន់កំណតច្បាស់នៅឡើយ។
នៅពេលបញ្ចប់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៤ នេះ វានឹងជម្រុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការធូរស្បើយនៃចរាចរណ៍ និងសម្រួលដល់បណ្តាញដឹកជញ្ជូនទំនិញចេញ-ចូលទីក្រុងភ្នំពេញ ក៏ដូចជាទៅកាន់បណ្តារខេត្តនានា។

ផ្លូវរថភ្លើងអាកាស
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន បានផ្តល់ព័ត៌មានថា សម្រាប់គម្រោងអភិវឌ្ឍរថភ្លើងលើអាកាសនេះ បានដាក់ឱ្យក្រុមហ៊ុនចិនសិក្សារួចមកហើយ គ្រាន់តែត្រូវរង់ចាំលទ្ធផល ព្រោះពេលនេះមានបញ្ហាដោយសារជំងឺកូវីដ១៩។ របាយការណ៍សិក្សានឹងត្រូវបញ្ជូនមកដល់ដៃក្រសួងនៅពេលឆាប់ៗនេះនៅពេលដែលទទួលបាន ក្រសួងនឹងផ្សព្វផ្សាយ។
គម្រោងស្ថាបនាផ្លូវរថភ្លើងលើអាកាសនេះ ត្រូវបានអ្នកនាំពាក្យបង្ហើបថា ទាមទារការសិក្សាលម្អិត ព្រោះក្រុមហ៊ុនល្មមៗមិនអាចធ្វើបានទេ ពិសេសក្រុមហ៊ុនក្នុងស្រុកមិនអាចធ្វើបានទេ លុះត្រាក្រុមហ៊ុនមកពីបរទេស មានបទពិសោធន៍ និងធនធានខ្ពស់ ទើបអាចធ្វើកិច្ចការនេះបាន។

ស្ពានឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅខេត្តក្រចេះ
កម្ពុជាបានស្នើប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀត នៅខេត្តក្រចេះ ដែលមានប្រវែងសរុបប្រមាណ ១,៧៦១ ម៉ែត្រ។ បន្ទាប់ពីពិនិត្យរួចលោកបានរៀបចំគម្រោង សំណើរក្នុងឆ្នាំ ២០២០ ចំណែកការសាង់សង់អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ប៉ុន្តែមិនទាន់កំណត់ថ្ងៃ ខែជាក់លាក់នៅឡើយទេ។ ស្ពាននេះនឹងផ្តល់ភាព ងាយស្រួលដល់ប្រជាពលដ្ឋក្នុងការធ្វើដំណើរពីស្ទឹងត្រែងទៅកាន់ខេត្តកំពង់ធំ ចំណេញពេលវេលា និងថវិកា ច្រើនជាងមុន៕