ទុនវិនិយោគជាង២៣០០លានដុល្លារត្រូវបានចាក់បញ្ចូលក្នុងវិស័យសំណង់ ក្នុងរយៈពេល៩ខែ

        ដោយលក្ខិណា

        ភ្នំពេញៈ ទុនវិនិយោគក្នុងវិស័យសំណង់ទោះបីមានការធ្លាក់ចុះ ប៉ុន្តែនៅតែមានទំហំទឹកប្រាក់ច្រើន ដោយក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ រាជធានីភ្នំពេញទទួលបានគម្រោងសាងសង់សំណង់ថ្មីៗជាង១០០០គម្រោង គិតជាទឹកប្រាក់ជាង២,៣ពាន់លានដុល្លារអាមេរិក។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ក្នុងពិធីបើកការ​    ដ្ឋានសាងសង់ផ្សារទំនើបអ៊ីអនម៉លទី៣ នៅមហាវិថីសម្ដេចតេជោហ៊ុន សែន កាលពីព្រឹកថ្ងៃទី០៧តុលា ២០២០នេះថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ បន្តទទួលបានគម្រោងសាងសង់សំណង់ថ្មីប្រមាណជាង១០០០គម្រោង លើផ្ទៃដីសំណង់សរុ​បជាង៥លានម៉ែត្រក្រឡា។ លោកបន្តថា រាជធានីភ្នំពេញមានសំណង់បុរីចំនួន២៦៣កន្លែងនិងអាគារខ្ពស់ចំនួន១៤២៤អគារ។

លោកបន្តថា “កាលពីមុន កម្ពុជាត្រូវបានគេល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ជាទីក្រុងខ្មោច ហើយមនុស្សគ្រប់គ្នានាំគ្នាភ័យខ្លាច តែពេលនេះ បានប្រែក្លាយទៅជាប្រទេសមួយ រាជធានីមួយដែលមានសន្តិសុខពេញលេញ ជាមជ្ឈមណ្ឌលផលិតនិងចែកចាយទំនិញជាបណ្ដុំ នៃការរស់នៅប្រកបដោយប្រណីតភាពនិងជាតំបន់ទេសចរណ៍ដ៏រស់រវើក”។លោកបន្តថា ការរីកចម្រើននេះជាការបង្ហាញឲ្យឃើញ តាមរយៈវត្តមានទីក្រុងរណបអាគារពាណិជ្ជកម្មសំណង់បុរី ខុនដូ និងផ្សារទំនើបត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នៅក្នុងនោះ ជារួមមានសំណង់បុរីចំនួន២៦៣កន្លែងនិងអាគារខ្ពស់ចំនួន១៤២៤អគារ”។

លោកបន្តថា ការរីកចម្រើននេះ នឹងជំរុញកាលានុវត្តន៍ភាពបន្ថែមទៀត ដោយធ្វើ ឲ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្ដាលទីក្រុងនៃប្រទេសក្បែរខាងនិងតំបន់អាស៊ីអាគ្នេយ៍ឡើយ។

លោក ឃួង ស្រេងបានបន្ថែមថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងទៅនេះ ផ្ដើមចេញពីកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជនប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេ នៅលើពិភពលោក តាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយ ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងការកើនឡើងនូវផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ ពីប្រមាណជា៧៣៨ដុល្លារ នៅឆ្នាំ២០០៨ដល់១៧០៦ដុល្លារនៅឆ្នាំ២០១៩ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅពេលអនាគត៕

ផ្សារទំនើបAEON Mall3បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ផ្សារទំនើបលំដាប់អន្តរជាតិAEON MALL3ស្ថិតនៅលើមហាវិថីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី៧ តុលានេះ។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន​សាងសង់ជាផ្លូវការនូវផ្សារទំនើបAEON MALL3ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលបានបណ្ដាក់ទុនបន្ថែមសាងសង់ផ្សារទំនើបគម្រោងទី៣ នៅរាជធានីភ្នំពេញនាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ព្រោះថាផ្អែកតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានកំណត់ថា ជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលបានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណីតៗ និងការអភិវឌ្ឍន៍ទីក្រុងរណប ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្កានុពលដែលមានស្រាប់ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (MASAHIRO MIKAMI)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍លើកឡើងផងដែរថា ផ្សារទំនើបអ៊ីអន ម៉លជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ទុនរកស៊ីនៅស្រុកខ្មែរ ហើយតាមរយៈ អ៊ីអន ម៉ល ទី១និងទី២ក្នុង១ខែៗ ផ្សារទំនើបនីមួយៗ បានទទួលអតិថិជនបានប្រមាណ១លាននាក់។

លោកបានបញ្ជាក់ថា “ការរីករាលដាលនៃជំងឺកូវី–១៩ វាពិតណាស់ថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច មិនដូច ការរំពឹងទុករបស់យើងនោះទេ”។ លោកបន្តថា “ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តនូវវគម្រោងទី៣របស់ខ្លួននៅក្នុងការកសាងនៅផ្សារទំនើបអ៊ីអនម៉លគម្រោងទី៣នេះថែមទៀត”។

លោកជឿជាក់ថា គម្រោងកសាងផ្សារទំនើបអ៊ីអនម៉លគម្រោងទី៣នេះ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកអោយដំណើរការ វានឹងមានអតិថិជនប្រមា​ណជា១២លាននាក់ក្នុងមួយឆ្នាំ៕

 

សម្តេចតេជោ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់នៅទូទាំងប្រទេសទំាងអស់នៅតែបន្តសកម្មភាព

ដោយ ៖ វុឌ្ឈនៈ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ទាំងអស់នៅទូទាំងប្រទេស នៅតែបន្តសកម្មភាពរបស់ខ្លួន ដែលបានផ្តល់នូវឱកាសការងារជូនដល់ពលរដ្ឋនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺ Covid-19 នេះ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះឱ្យដឹងថា ការបន្តធ្វើសកម្មភាពរបស់ក្រុមហ៊ុនសំណង់នាពេលនេះ គឺជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការទ្រទ្រង់នូវកំលាំងពលកម្មជូនពលរដ្ឋកម្ពុជា។

សម្តេចតេជោថ្លែងថា “ខ្ញុំឃើញថា ក្រុមហ៊ុនសំណង់នានានៅតែបន្តធ្វើ ហើយបើខ្ញុំសួរទៅ គឺគម្រោងលំនៅឋានដែលបានបើកភ្លាម មានអ្នកកក់ ឬទិញភ្លាម”។ សម្តេចតេជោបន្ថែមថា “ការធ្វើបែបនេះ ដើម្បីធ្វើយ៉ាងណាឱ្យកម្មកររបស់យើងមានការងារធ្វើ ដើម្បីមានប្រាក់ចំណូលខ្លះ ដោយមិនទំលាក់ញ្ហាសង្គមនេះដល់រដ្ឋាភិបាលខ្លាំងនោះទេ”។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនថាក្រុមហ៊ុនសំណង់នោះទេ វិស័យឯកជននៅទូទាំងប្រទេស បាននឹងកំពុងចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការទទួលខុសត្រូវសង្គមដែលកំពុងប្រឈមនឹងវិបត្តិជំងឺ Covid-19 ដោយមានមិនមានការផ្អាក ឬបិតអាជីវកម្មរបស់ខ្លួន។

សម្តេចតេជោ បញ្ជាក់ទៀតថា បើទោះបីមានរោងចក្រមួយចំនួនបានប្រកាសបិទសង្វាក់ផលិតកម្មនាពេលកន្លងមកនេះ ក៏មានរោងចក្រមួយចំនួនទៀត បានបើកថ្មី និងប្តូរទិសដៅសង្វាក់ផលិតកម្មរបស់ខ្លួនផងដែរ ដែលទាំងនេះបាន និងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាជាច្រើននៅក្នុងវិបត្តិសេដ្ឋកិច្ចសកលនេះ៕

សម្តេចតេជោប្រកាសពីគម្រោងសាងសង់ផ្លូវជាតិសំខាន់ៗចំនួន ៣ខ្សែបន្ថែមទៀត

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាស សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣ គម្រោង បន្ថែមទៀត រួមមានផ្លូវលេខ៤១ តភ្ជាប់លេខ៤ ទៅកំពត ផ្លូវលេខ៣១ និងផ្លូវលេខ៣៣ នៅខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលនាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងសាងសង់ផ្លូវទាំង ៣ ខ្សែនេះ នឹងត្រូវស្នើសុំកម្ចីថវិកាពីរដ្ឋាភិបាលចិន។

សម្តេចតេជោ ថ្លែងថា “នៅថ្ងៃម្សិលមិញនេះសម្តេចបានសម្រេចឱ្យសាងសង់ផ្លូវចំនួន៣គម្រោងទៀត រួមមានផ្លូវលេខ៤១ តភ្ជាប់លេខ៤ ទៅកំពត ផ្លូវលេខ៣១ និងផ្លូវលេខ៣៣ នៅខេត្តកំពត”។ សម្តេចតេជោបន្តថា “គម្រោងទាំងនេះនឹងសុំខ្ចីថវិកាពីរដ្ឋាភិបាលចិន”។

ទាក់ទិននឹងការស្នើសសុំកម្ចីពីរដ្ឋាភិបាលចិននេះ សម្ដេចបានថ្លែងថា មានអ្នកខ្លះឃើញចិនមកជួយធ្វើផ្លូវ និងផ្ដល់ជាជំនួយឥតសំណង ផ្ដល់ជាប្រាក់កម្ចីឲ្យកម្ពុជា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទស បែជាគេចោទថា កម្ពុជារណបចិន ជ្រើសរើសយកចិន ហើយចោលមហាអំណាចនេះ មហាអំណាចនោះ ។

សម្តេចតេជោបន្តថា “ខ្ញុំចង់សួរត្រឡប់ទៅវិញថា បើផ្លូវហ្នឹងស្ពាននឹងចិន មិនបានធ្វើទេតើអ្នកមកធ្វើជំនួស? ពិតមែនហើយយើងក្រឡេក ទៅមើលមានផ្លូវស្ពាន មួយចំនួនជប៉ុនកំពុងធ្វើ ដូចជាស្ពានអ្នកលឿង ប៉ុន្តែដល់តភ្ជាប់ចេញពីភ្នំពេញ ចេញពីស្ពាន ព្រែកក្តាមចិនជាអ្នកធ្វើ (ផ្លូវលេខ៥) និងផ្លូវជាតិលេខ៦ទៅទល់នឹងខេ ត្តសៀមរាបចិនជាអ្នកធ្វើ ទាំងស្ពានព្រែកតាមាក់ និងផ្លូវលេខ៨ បនិងផ្លូវតភ្ជាប់គ្នាជារ ឡេមួយចំនួនទៀត” ។

សម្តេតេជោបន្តទៀតថា “តើសួរថាបើចិនមិនជួយធ្វើ តើអ្នកណាជួយសូមឆ្លើយមក បើ អ្នកឯង ឆ្លើយជាមួយខ្ញុំបាន ខ្ញុំអាចនិយាយបានថាគួរចុះចេញពីតំណែង។ ឲ្យតែអ្នកឯក និយាយថា អ្នកនេះធ្វើបាន! អ្នកនោះធ្វើបាន ប៉ុន្តែពួកគេបានតែត្រឹមថា តែពួកគេបានប្រើ ប្រាស់ផ្លូវដែរ គេមិនបាននិយាយដល់ទេ។ គេលើកតែយករឿងអាក្រក់ជា មួយចិ នប៉ុណ្ណោះ ថាកម្ពុជាទៅជាមួយចិន”។

តែយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបញ្ជាក់ពីទំហំទឹកប្រាក់ដែលត្រូវស្នើកម្ចីពីរដ្ឋាភិបាលចិនចំនួនថវិកាប៉ុន្មាននោះទេក្នុងការយកមកកសាងផ្លូវទាំង ៣ គម្រោងនេះ ហើយសុំណើរនេះបានចុះហត្ថលេខារួចហើយដោយលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕

សម្តេចតេជោនឹងអញ្ជើញទៅបើកការដ្ឋានសាងសង់ផ្លូវ៣៨ ខ្សែនៅក្នុងខេត្តសៀមរាបនៅអំឡុងខែវិច្ឆិកាខាងមុខនេះ

ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សារជាថ្មី ថា នឹងអញ្ជើញទៅបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០២០នេះ ខាងមុខនេះខណៈដែលរដ្ឋបានខេត្តបាននឹងកំពុងសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលមានសំណង់ប៉ះពាល់ពីគម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងគេនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ឱ្យដឹងថា ការបើករដ្ឋានស្ថាបនាផ្លូវទាំង ៣៨ ខ្សែនៅក្នុងក្រុងសៀមរាបនាពេលខាងមុខនេះ ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាដែលបានបង់ការងារដែលបង្ករឡើងដោយជំងឺកូវីដ ១៩។

សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលសម្រេចទម្លាក់កញ្ចប់ថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិក ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភណភាពខេត្តទេសចរណ៍កាន់តែទាក់ទាញបន្ថែមទៀត។

សម្តេចតេជោបន្ថែមថា ជាមួយនឹងការបើករដ្ឋានសាងសង់ផ្លូវនេះ គឺផ្តល់ឱកាសការងារជូនពលរដ្ឋ ហើយទទួលបានចំណូលពីថវិកា ១៥០ លានដុល្លាររបស់រាជរដ្ឋាភិបាល ដើម្បីយកទៅលើកកម្ពស់ជីវភាពកាន់តែប្រសើរនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវី ១៩ ខណៈជំងឺនេះ ស្ថិតនៅក្នុងភាពមិនប្រកដប្រជា។

រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងធ្វើការវាយតម្លៃខ្ពស់អំពីផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាប ដែលទទួលបានផ្លូវ៣៨ខ្សែ ដែលសម្រេចដោយអន្តរក្រសួង ក្រោមការផ្តល់កញ្ចប់ថវិកាពីប្រមុខរាជរដ្ឋាភិបាល ហើយក៏ជាឱកាសសម្រាប់ខេត្តប្រវត្តិសាស្ត្រធ្វើកិច្ចអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងពេលដែលនៅលើ ពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ១៩។

រដ្ឋបាលខេត្តសៀមរាបឱ្យដឹងថា ម៉ក្រោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះរួច ក្រុងសៀមរាបនឹងកាន់តែមាននូវ សោភណ្ឌភាពស្រស់ត្រកាល ក្នុងការទាក់ទាញដល់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ព្រមទាំងបាន ជំរុញដល់ក្រុមការងារកំណត់ជើងម៉ែត្រ ធ្វើការពិនិត្យឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប ថា ផ្លូវទាំង៣៨ខ្សែនេះ គឺផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាបមួយ ក្រោមការឧបត្ថម្ភគាំទ្រនិងការផ្តល់នូវកញ្ចប់ថវិការបស់សម្តេចនាយករដ្ឋមន្ត្រី ដើមី្បធ្វើការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ក្នុងទីក្រុងទេសចរណ៍ប្រវត្តសាស្ត្រ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលឡើង ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រៅពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ខេត្តក៏មានលើក នូវគម្រោងស្ថាបនាផ្លូវមួយចំនួនទៀតក្នុងក្រុងសៀមរាប ហើយចំពោះគម្រោងផ្លូវនៅថ្នាក់ស្រុក ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ អាជ្ញាធរអប្សរាគ្រប់គ្រង គឺជាភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ៕

សម្តេចតេជោនឹងអញ្ជើញបើកការរដ្ឋានសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រទៅកោះនរាហ៍ នៅថ្ងៃទី ២៦ ខែតុលា ខាងមុខនេះ

ដោយវត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាហ៍នៅថ្ងៃទី ២៦ ខេតុលា ឆ្នាំ ២០២០ខាងមុខនេះ ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងគេនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ ឱ្យដឹងថា នៅថ្ងៃទី ២៦ខែនេះ ថា “ខ្ញុំនឹងទៅបើកការដ្ឋានស្ថាបនាស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាហ៍ ដើម្បីសម្រួលចរាចរណ៍ពីស្រុកគៀនស្វាយទៅកាន់ទីក្រុងភ្នំពេញ”។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនOCIC ធ្លាប់បានឱ្យដឹងដែរថា “គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ”។ លោកបន្តថា “ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាបមានប្រវែងប្រមាណ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់៣២ខែ ដោយប្រើថវិកាប្រមាណជាង៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាបថបែបខ្មែរ ”។

លោកបន្តថា ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ។

លោក ទូច សំណាង ក៏បានបញ្ជាក់ផងដែរថា សម្រាប់ការចរាចរណ៍ឆ្លងកាត់ស្ពានមួយនេះនឹងត្រូវបានកំណត់ប្រភេទរថយន្ត ដោយអាចនឹងមិនអនុញ្ញាតប្រភេទរថយន្តធុនធំ ឬដឹកទំនិញធ្ងន់ឆ្លងកាត់នោះឡើយ ប៉ុន្តែករណីនេះកំពុងសិក្សា។

លោកបន្តថា តាមផែនការពីដំបូង ក្រុមហ៊ុនមានជម្រើសពីរក្នុងការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា ដោយជំរើសទី១សាងសង់ស្ពានក្រោមទន្លេ និងជម្រើសទី២សាងសង់ស្ពានលើទឹក ប៉ុន្តែការសម្រេចចុងក្រោយគឺជ្រើសរើសស្ពាននៅលើទឹកជំនួសវិញ ដែលស្ពាននេះមិនត្រឹមតែសម្រួលចរាចរណ៍នោះទេ តែក៏ជាផ្នែកមួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ៕

សម្តេចតេជោនឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសួនកំសាន្តធំជាងគេនៅជាយក្រុងភ្នំពេញ

ដោយគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធទី៧ ខែតុលា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងគ្របដដណ្តប់៨៨ភាគរយ។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយ បន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានគម្រោងកម្សាន្តដូចជា ការកម្សាន្តបែបផ្សងព្រេង រំភើប កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ក៏មានកងវិលកម្ពស់ ៨៨ម៉ែត្រ ដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ផ្តល់ការកម្សាន្តជូនដល់អ្នកទេសចរគ្រប់វ័យ ពោលគឺមានកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យទាំងអស់។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានសេវាកម្មកម្សាន្តដូចជា៖ ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិល ទូកចោរសមុទ្រ រថយន្តបុកគ្នា ឌីស្កូក្រឡាប់ចាក់ រថយន្តប្រណាំង កន្ត្រកវិល និងសួនទឹកជាដើម។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» បើកទ្វារពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។ តម្លៃសំបុត្រ មានចាប់ពី ៤ដុល្លារ រហូតដល់ ៤០ដុល្លារ។ សម្រាប់សំបុត្រតម្លៃ ៤០ដុល្លារ គឺអ្នកទេសចរអាចលេងរាល់ឧបករណ៍កម្សាន្តដែលមាននៅក្នុងមណ្ឌលកម្សាន្តមួយនេះ៕

គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផ្តល់លក្ខខណ្ឌកាន់តែងាយស្រួលក្នុងការទិញ-លក់

ដោយវុត្ថា

ភ្នំពេញៈ គម្រោងអភវិឌ្ឍន៍លើវិស័យអចលនទ្រព្យជាច្រើន បាននឹងកំពុងផ្តល់នូវលក្ខខណ្ឌកាន់តែមានភាពងាយស្រួលដល់ការទិញលក់  ដែលជំរុញឱ្យវិស័យមួយនេះ នៅតែមានសន្ទុះរីកចំរើប បើទោះបីកម្ពុជាប្រឈមទៅនឹងជំងឺកូវីដ១៩ យ៉ាងណាក្តី។

លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រPropertyarea.asia កាលពីកន្លងមកនេះថា  អ្នកភិវឌ្ឍន៍គម្រោងអចលនទ្រព្យជាច្រើនដូចជា គម្រោងខុនដូ គម្រោងលំនៅឋាន គម្រោងបុរី និងគម្រោងដីឡូតិ៍ ជាដើម ត្រូវបានដាក់លក់នៅក្នុងលក្ខខណ្ឌពិសេស ដល់អតិថិជនរបស់ខ្លួន ដែលកាលពីមុនមាននោះទេ។

លោកស្រីថ្លែងថា  មានគេសួរខ្ញុំ តើធ្វើដូចម្តេចដើម្បីលក់ខុនដូ គម្រោងលំនៅឋាន បុរី និងដីឡូតិ៍ឆាប់ដាច់? ខ្ញុំបានឆ្លើយថា យើងត្រូវតែសម្រួលដាក់ការបង់លុយឱ្យមានរយៈពេលយូ ហើយមានភាពងាយស្រួលជាទីបំផុត ទើបអតិថិជនចាប់អារម្មណ៍

លោកស្រីបន្ថែមថា រហូតមដល់ពេលនេះ ស្ទើរតែគ្រប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់ បានកែសម្រួលនូវលក្ខខណ្ឌនៃបង់លុយ  ហើយបានលក់ដាច់ជាហូរហែ និងទទួលបានជោគជ័យចំពោះការលក់គម្រោងរបស់ពួកគេ

លោកស្រីពន្យល់ថា ម្ចាស់គម្រោងអភិវឌ្ឍអចលនទ្រព្យទាំងអស់ បានអនុវត្តនូវគោលការណ៍នេះ (សម្រួលដល់ការបង់ប្រាក់ក្នុងរយៈពេលយូ និង មិនមានការប្រាក់) ហើយមានម្ចាស់គម្រោងខ្លះ បានសម្រួលដល់ការប្រាក់រហូតដល់៥ឆ្នាំ

លោក ម៉ាន់ ចាន់ឌី  អគ្គនាយកក្រុមហ៊ុនPremium Group បានឱ្យដឹងដែរថា បើទោះបីកម្ពុជាស្ថិតនៅក្នុងវិបត្តិជំងឺCovid-19យ៉ាងណាក្តី តែការតម្រូវការលើវិស័យអចលនទ្រព្យ ជាពិសេសលំនៅឋាននៅតែមានជារៀងរាល់ថ្ងៃ ហើយអ្នកដែលស្វែងរកទិញក៏ទទួលបាននូវលក្ខខណ្ឌពិសេសពីម្ចាស់គម្រោង។

លោកបន្តថ្លែងថា តម្រូវការទិញលក់អចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ស្ថិតនៅក្នុងលក្ខណពិសេស ដូចជាទិញដោយគ្មានប្រាក់កក់ ហើយមានរយៈពេលវែង និងមានការថែមនូវសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះបាយ ដូចជាទូទឹកកកជាដើម។លោកបន្តថា ទំាងលក្ខខណ្ឌនៃការបង់រំលស់ផ្ទះ ក៏ស្ថិតនៅក្នុងស្ថានភាពល្អប្រសើរផងដែរ

តើដំណែង«អគារចំណាយទុនថ្លៃជាងគេបំផុត»បានទៅលើប្រទេសណា?

ដោយ ហ្សូលី

ភ្នំពេញៈ ពិភពលោកកំពុងប្រកួតប្រជែងគ្នាយ៉ាងសកម្ម ទៅលើវិស័យអចលនទ្រព្យ។ អគារខ្ពស់ៗស្ទើរគ្រប់ប្រទេស សាងសង់ប្រដេញគ្នា និងបង្អួតការរចនាម៉ូដព្រមទាំងថវិកាចំណាយលើការសាងសង់។

តំណែង «អគារចំណាយទុនច្រើនជាងគេលើលោក» បានទៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលចំណាយថវិកាប្រមាណ១៥ពាន់លានដុល្លារ សាងសង់អគារAbraj Al Bait

អគារនេះមានកម្ពស់រហូតដល់១២០ជាន់ ហើយក៏ជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកផងដែរ។  អគារនេះចំណាយថវិកាអស់១៥ពាន់លានដុល្លារ សម្រាប់ការសាងសង់ និងមានទីតាំងនៅទីក្រុងដ៏បរិសុទ្ធ Mecca នៃប្រទេសអារ៉ាប៊ីសាអូឌីត។

អគារAbraj Al Bait ស្ថិតនៅជិតវិហារអ៊ីស្លាមMasjid al-Haram ធំជាងគេនិងពិសិដ្ឋបំផុត។វាជាអគារដែលបម្រើលើវិស័យបដិសណ្ឋាកិច្ច។ សណ្ឋាគារនេះលាតសន្ធឹលើផ្ទៃដី១,៥០០,០០០ម៉ែត្រការ៉េ និងអាចផ្ទុកមនុស្សបាន១,០០០,០០នាក់។

ក្រុមស្ថាបត្យករ Dar Al-Handasah របស់ប្រទេសលីបង់ បានសាងសង់សណ្ឋាគារប្រណីត ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីតនេះ។  សណ្ឋាគារនេះបានបើកជាផ្លូវការក្នុងឆ្នាំ ២០១២ ។

ការសាងសង់សណ្ឋាគារប្រណីតនេះត្រូវបានចាប់ផ្តើមនៅឆ្នាំ២០០៤ហើយចំណាយពេល៨ឆ្នាំសម្រាប់ការបញ្ចប់។  អគារនេះមានកម្ពស់សរុប៦០១ម៉ែត្រ គឺជាសណ្ឋាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។  វាក៏ជាអាគារខ្ពស់ជាងគេទីបួន នៅលើពិភពលោក។ 

អគារមួយនេះ មានបំពាក់នាឡិកាដែលខ្ពស់ជាងគេ និងធំជាងគេបំផុតនៅលើពិភពលោក។  សណ្ឋាគារនេះក៏មានប៉មអគារចំនួន៦ ដែលជាសាលបួងសួង ដែលមានសមត្ថភាពផ្ទុកមនុស្សបាន៣៨០០នាក់ មជ្ឈមណ្ឌលសន្និបាត ផ្សារទំនើប៥ជាន់និងកន្លែងជំនួយពីរទីតាំង៕

ទីក្រុងបាវិតរង់ចាំឳកាសមាសខណៈផែនការសាងសង់ផ្លូវល្បឿនលឿនកំពុងឆ្ពោះទៅមុខ

ដោយស៊ីវ ម៉េង

ភ្នំពេញ អចលនទ្រព្យទីក្រុងបាវិត ខេត្តស្វាយរៀងបាននិងកំពុងកំរើកឡើងបណ្តើរហើយ ខណៈផែនការមេនៃការសាងសង់ផ្លូវល្បឿនលឿន កំពុងវិវត្តន៍ទៅមុខជាមួយនឹងសកម្មភាពសេដ្ឋកិច្ចនឹងរើបឡើងវិញនៅចុងឆ្នាំនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងដ៏ធំមួយ ដែលមានប្រភពមកពីប្រទេសចិនEmpire World Group បានចុះហត្ថលេខាភាពជាដៃគូ ជាមួយក្រុមហ៊ុន Enterpreneur Reality Partners(Cambodia) Co., Ltd & ក្រុមហ៊ុន Alpha City Co., Ltd លើគំរោងទីក្រុងរណបថ្មីមួយដ៏ធំជាងគេ លើទឹកដីក្រុងបាវិត ខេត្តស្វាយរៀង។ ដោយមានការចូលរួមពី Mr. Chew Teck Kong (Business Consultant) & Mr. Eric Loo (CEO) នៃក្រុមហ៊ុន Empire World Group ផងដែរ។

ប៉ុន្តែយ៉ាងណាក៏ដោយគំរោងនេះបានពន្យាពេល ដោយសារវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីជំងឺCovid-19

លោកNguyen Phoung Hoang (Jay) តំណាងរបស់ Empire World Group បានមានប្រសាសន៍ឲដឹងថា គំរោងនេះសរុប៨០៣ហិចតា ប៉ុន្តែសម្រាប់ជំហ៊ានដំបូងគឺយើងចាប់ផ្តើមពី៥០ហិចតាសិន ដោយក្នុងនោះមានជា ទី១ Creative Park (មានដូចជា ផ្សារទំនើប អាហារដ្ឋាន ហាងនំ ហាងកាហ្វេ ជាដើម) ទី២ OBC (Online Business Concept) អគារសម្រាប់លក់ ឬជួល ទី៣ Technology Park អគារបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍  ទី៤ E-Sports Stadium កន្លែងកីឡាផ្សេងៗ ទី៥ Apartment អគារស្នាក់នៅទំនើបប្រណិត។

ទី៦ Casino & Hotel កាស៊ីណូអូតែលដ៏ធំ។គំរោងនេះចាប់ផ្តើមដំណើរការពីពេលនេះនិងបញ្ចប់ក្នុងរយះពេល៤ទៅ៦ឆ្នាំខាងមុខ។

ក្រុមហ៊ុនChina Road and Bridgeរបស់ប្រទេសចិនកាលពីពេលថ្មីៗនេះ បានបង្ហាញពីលទ្ឋផល នៃការសិក្សាផ្លូវល្បឿនលឿន ជូនថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងដឹកជញ្ជូនរួចហើយ ដោយផ្តល់ជំរើសចំនួន៣ដល់រដ្ឋាភិបាលពិនិត្យ និងសម្រេចយកជំរើសណាមួយ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសាកល លោកយិន លាងគង់ បានមានប្រសាសន៍ថា ទីក្រុងបាវិតស្ថិតក្នុងផែនការមេអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដើម្បីប្រែក្លាយទីក្រុងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ វាជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន៣ ដែលបានដាក់បញ្ចូលក្នុងគោលនយោបាយនេះ ហើយជាលទ្ឋផលទីក្រុងទាំងនេះទទួលបានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។

ទីក្រុងចំនួនបី ដែលបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ រួមមាន ទីក្រុងបាវិត ទីក្រុងប៉ោយប៉ែត និងក្រុងព្រះសីហនុ។

លោកយិន លាងគង់បានបន្តថាទីក្រុងបាវិតប្រៀបដូចជាកូនក្រមុំស្រស់ស្អាតម្នាក់កំពុងចូលម្លប់ ដែលចាប់ផ្តើមបង្ហាញសម្រស់បណ្តើរៗ ព្រោះទីក្រុងនេះស្ថិតនៅក្នុងផែនការអភិវឌ្ឈត្បូងៗរបស់អាស៊ាន និងប្រទេសក្នុងតំបន់។លោកបន្តថាលក្ខខ័ណ្ឌអំ ណោយផលនៃភូមិសាស្រ្ត ក្នុងការសម្រួលដល់លំហូរពាណិជ្ជកម្ម ជាមួយប្រទេសវៀតណាម និងក្រុងភ្នំពេញមានចម្ងាយជិត និងមានសក្តានុពលខ្លាំង បើធៀបនឹងទីក្រុងប៉ោយប៉ែត