រដ្ឋាភិបាលនឹងនឹងផ្សព្វផ្សាយពីគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤នៅថ្ងៃទី១៩ខែតុលាខាងមុខនេះ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ។

អនុរដ្ឋលេខាធិការ និងនាយកខុទ្ធការល័យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីគម្រោងសាងសង់ក្រវ៉ាត់ក្រុងទី៤ នឹងចូលរួមពីភាគីពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល។

លោកបន្តថា “អ្នកដែលចូលរួមក្នុងសិក្ខាសាលានេះ រួមមាន អ្នកជំនាញរបស់ក្រ សួងសាធារណការ និងដឹកជញ្ជូន អន្តរក្រសួង ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្តកណ្តាល និងអាជ្ញាធរខេត្តតាកែវ”។

នៅពេលដែលសួរថា តើគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ មានប៉ុន្មានប្រវែងប៉ុន្មាន និងចេញពីចំណុចណាទៅដល់ណា បន្ទាប់ពីសិក្សារួចរាល់? ត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា “គម្រោងនេះស្ថិតនៅក្នុងការសិក្សាលម្អិត និងពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ហើយលទ្ធផលយ៉ាងណាក្រសួង នឹងផ្សព្វផ្សាយនៅពេលក្រោយបន្ទាប់ពីធ្វើសិក្ខាសាលារួចរាល់”។

លោកបន្តថា “ការធ្វើសិក្ខាសាលាផ្សព្វផ្សាយនាពេនេះ លមិនទាន់កំណត់ថា ធ្វើប៉ុន្មានដងនោះទេ អាស្រ័យលើការពិភាក្សារបស់អង្គសិក្ខាសាលា ដែលនឹងធ្វើនៅខាងមុខនេះ “។

លោកថ្លែងថា “យើងចំាមើលលទ្ធផលនៃអង្គសិក្ខាសាលា លើកឡើងដូចម្តេចខ្លះ ? បើមានមតិភាគច្រើនឯកភាពយ៉ាងណា យើងឯកភាពយ៉ាងនោះ ហើយធ្វើនៅក្នុងប៉ុន្មានពេល ហើយធ្វើនៅពេលណា”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកមិញនេះ បានប្រកាសពីការរៀបចំសិក្ខាសិលា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខាមុខនេះ ដើម្បីពន្យល់បងប្អូនប្រជាពលរដ្ឋ ពីសារសំខាន់នៃការកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលត្រូវបានសិក្សាចប់សព្វគ្រប់។

យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូនមួយរូបធ្លាប់បានបង្ហើបឱ្យដឹងនាពេលកន្លងមកនេះថា ផ្លូវក្រវាត់ក្រុងទី៤ អាចនឹងតភ្ជាប់ពីផ្លូវជាតិ៥១ ទៅកាន់ផ្លូវជាតិលេខ៤១ បត់មកឆ្លងកាន់ផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ២ក្បែរគម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល៕

បុរីទេសចរណ៍ផ្តល់រង្វាន់ធំដល់អតិថិជនតាមរយៈការឈ្នះឡាន រហូតដល់២គ្រឿងជាមួយការបញ្ចុះតម្លៃពិសេស

សៀមរាបៈ ក្រោយពីការទទួលបានការគាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងដើម្បីបំពេញបន្ថែមនូវតម្រូវការផ្ទះល្វែង អាជីវកម្ម ក្នុងបុរី ទេសចរណ៍ ខេត្តសៀមរាប។

ក្រុមហ៊ុនបុរីទេសចរណ៍បានប្រកាសបើកលក់គម្រោងផ្ទះល្វែងអាជីវកម្មថ្មីបន្ថែមទៀតជាមួយនឹងការផ្ដល់ជូននូវប្រូម៉ូសិនយក្សទិញផ្ទះឈ្នះឡាន ការបញ្ចុះតម្លៃ 5% ភ្លាមៗ និងរំលោះជាមួយអត្រាការប្រាក់ 0% សម្រាប់ ឆ្នាំទី1 និងការប្រាក់ 0.66% ចាប់ពីឆ្នាំទី2 រហូតដល់ 25 ឆ្នាំ ដែលផ្ដល់ដោយ ធនាគារកាណាឌីយ៉ា ក.អ ដោយមិនតម្រូវឲ្យមានទ្រព្យបញ្ចាំផ្សេងឡើយ។

រថយន្ត Ford Ranger 2020 និង Toyota Rush 2020 អាចជារបស់លោកអ្នក ។ ក្លាយជាម្ចាស់ផ្ទះ និងម្ចាស់រថយន្តទំនើបភ្លាមៗ ដោយគ្រាន់តែកក់ផ្ទះណាមួយដែលលោកអ្នកពេញចិត្ត ចាប់ពីថ្ងៃនេះតទៅ នោះលោក អ្នកនឹងទទួលបានសន្លឹកឆ្នោត ដើម្បីចាប់រង្វាន់រថយន្ត និងរង្វាន់ដ៏ទៃទៀត។ រួសរាន់ឡើង កុំអោយឱកាស ពិសេសនេះកន្លងផុត ទៅអោយសោះ ។

បុរីទេសចរណ៍មានទីតាំងនៅក្នុងខេត្តសៀមរាប ជាទឹកដីអច្ឆរិយ តាមបណ្ដោយផ្លូវជាតិលេខ 6 ជាប់នឹងផ្សារទំនើប MAKRO (ម៉ាក្រូ) ដែលមានចម្ងាយត្រឹមតែ 3នាទី ប៉ុណ្ណោះពីផ្សារលើ ដែលអភិវឌ្ឍន៍លើផ្ទៃដី 66 ហិចតា។ បុរី ទេសចរណ៍ ជាគម្រោងទី 1 ក្នុងខេត្តសៀមរាបដែលផ្ដោតលើការរស់នៅជាមួយនឹងបរិយាកាសបែប ធម្មជាតិ អមដោយ សួនច្បារចម្រុះពណ៌ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ និងមានស្រះទឹកទំហំ 1​ ហិចតា ដើម្បីកាត់បន្ថយ ភាពតានតឹង ប្រចាំថ្ងៃរបស់អ្នកស្នាក់នៅ។ ការអភិវឌ្ឍន៍ជា សហគមន៍ថ្មី ដែលមានការអភិវឌ្ឍន៍ លំនៅដ្ឋានអាជីវកម្ម ផ្ទះវីឡា ផ្សារ សាលារៀន និងនៅជិតមន្ទីពេទ្យ ផ្សារទំនើប ដែលបង្ករភាពងាយស្រួល ដល់ អ្នករស់នៅ និងការប្រើប្រាស់់ ប្រចាំថ្ងៃ។

ការរស់នៅកាន់តែទំនើប ស៊ីវីល័យ និងមានសុភមង្គលទ្វេរដង គឺមានតែបុរី ទេសចរណ៍ តែប៉ុណ្ណោះ។   

ទំនាក់ទំនងមកកាន់
077​ 266 ​209
070​ 765 222

ការិយាល័យលក់

ខេត្តសៀមរាប: ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ 6 ជាប់ផ្សារ ម៉ាក្រូខេត្តសៀមរាប (https://goo.gl/maps/RB2gDNstKjGrheSL9)

រាជធានីភ្នំពេញ: ខណ្ឌ 7 មករា ទល់មុខរង្វង់មូលសំពៅមាស (https://goo.gl/maps/M5nfdeGaaE1cRi9Y8)

គំរោងវិនិយោគសំណង់បុរីលំនៅដ្ឋានក្នុងរាជធានីភ្នំពេញកើនឡើងដល់២៦៣ទីតាំង

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងការអភិវឌ្ឍន៍ក្នុងវិស័យសំណង់ នៅទូទាំងរាជធានីភ្នំពេញ បច្ចុប្បន្នកំណើន នៃចំនួនគម្រោងសាងសង់សំណង់បុរីលំនៅដ្ឋាន បានកើនឡើងរហូតដល់ដល់២៦៣ទីតាំង ដោយក្នុងនោះមួយចំនួនធំ ត្រូវបានបង្ហាញរូបរាងនៅតាមតំបន់ជាយក្រុង។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ានួនរិទ្ធីដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី៧ខែតុលាឆ្នាំ២០២០ថាតម្រូវការទីផ្សារលំនៅដ្ឋាននៅតែបន្តមានជាពិសេសនៅតាមតំបន់ជាយក្រុងដែលកំពុងមានតម្រូវការខ្ពស់។

លោកឧកញ៉ាបន្តថា កំណើននៃចំនួនគម្រោងអភិវឌ្ឍន៍ នៅទូទាំងរាជធានីភ្នំពេញ ទី១ គឺបណ្តាលមកពីភាពមានតម្រូវការជាក់ស្ដែង និងពិតប្រាកដរបស់ប្រជាពលរដ្ឋ ហើយទី២ បណ្តាលមកពីការពង្រីកតំបន់គ្រប់គ្រងរដ្ឋបាល របស់រាជធានីភ្នំពេញកាន់តែធំទូលាយជាងមុន

ដូច្នេះរាល់ការពង្រីកតំបន់រដ្ឋបាល រួមជាមួយនឹងការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាដែលវិនិយោគដោយរដ្ឋាភិបាល គឺជំរុញឱ្យមានតម្រូវការលើការអភិវឌ្ឍលំនៅ  ដ្ឋានផងដែរ។

លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បន្តទៀតថា រាល់ការអភិវឌ្ឍគឺសុទ្ធតែពាក់ព័ន្ធទៅនឹងផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។លោកបន្តថា ក្នុងការពង្រីកនូវសក្ដានុពលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងវិស័យថាមពល ដែលក្រៅពីការតភ្ជាប់ពីតំបន់ខាងកើតទៅតំបន់ប៉ែកខាងលិចនោះទេ ប៉ុន្តែថែមទាំងបានអនុវត្ត និងតភ្ជាប់នូវផ្នែកខ្លះទៀតនៃទីក្រុង និងជនបទតាមរយៈការសាងសង់ផ្លូវ ស្ពានជាដើម

លោកបន្តថា ជាក់ស្ដែងនៅតំបន់ប៉ែកខាងកើត នៃតំបន់កៀនស្វាយដែលពីមុនធ្លាប់តែជាតំបន់ដាច់ស្រយាល់ចំណុះខេត្តកណ្តាល បច្ចុប្បន្ននេះ មួយចំណែកនៃស្រុកនេះត្រូវកាត់មកចំំណុះរាជធានីភ្នំពេញ ហើយចំណែកនៃតំបន់ខ្លះទៀត កំពុងមានការអភិវឌ្ឍយ៉ាងសកម្មដែលបម្រើដល់វិស័យលំនៅដ្ឋាន និងវិស័យឧស្សាហកម្មផងដែរ 

លោកម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន PREMIUM GROUP បានមានប្រសាសន៍ថា មិនថាពេលនេះ ឬបន្តទៅថ្ងៃខាងមុខនោះទេ វិស័យលំនៅដ្ឋាននៅតាមតំបន់ជាយក្រុងនៅតែមានតម្រូវការ ដោយសារតែកំណើនប្រជាជន ចូលមករស់នៅរាជធានីភ្នំពេញកាន់តែកើនឡើងជាលំដាប់ ជាក់ស្ដែងនិយាយត្រឹមតែវត្តមានរបស់និស្សិត ដែលមកពីតាមបណ្តាខេត្តនានា ដើម្បីសិក្សាបន្ត និងបម្រើការងារមានរហូតជិតដល់៥ម៉ឺននាក់ក្នុងមួយឆ្នាំ។

លោកបានបន្តទៀតថា កំណើននៃចំនួននិស្សិត លំហូរនៃចំនួនប្រជាជនចំណូលថ្មីមកកាន់រាជធានីភ្នំពេញ សុទ្ធតែមានតម្រូវការស្នាក់នៅ ខណៈដែលកំណើននៃចំនួនសំណង់លំនៅដ្ឋាននៅពេលបច្ចុប្បន្ន នៅមិនទាន់គ្រប់តម្រូវការនៅឡើយនោះទេ។លោកបន្តថា លំនៅដ្ឋានដែលមានទីផ្សារ និងតម្រូវការខ្ពស់បច្ចុប្បន្ននេះ ជាប្រភេទលំនៅដ្ឋានតម្លៃមធ្យម ដែលស្ថិតនៅក្នុងចន្លោះ ជាង៦ម៉ឺន ទៅ៨ម៉ឺនជាង

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិ៤៨បាននិងកំពុងដាក់ដេញថ្លៃ ដើម្បីស្ថាបនាពេលខាងមុខ

ដោយវុត្ថា

ភ្នំពេញៈ គម្រោងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ផ្លូវជាតិលេខ៤៨ប្រវែង១៥០គីឡូម៉ែត្រ ពីផ្លូវបំបែកស្រែអំបិល ទៅទីរួមខេត្តកោះកុង បាននឹងកំពុងដាក់ឱ្យដេញថ្លៃជាមួយនឹងក្រុមហ៊ុនរបស់កូរ៉េ ដើម្បីចាប់ផ្តើមស្ថាបនាពេលខាងមុនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិសំខាន់ៗ នៅក្នុងប្រទេសកម្ពុជាមួយចំនួន ត្រូវបានស្ថាបនាបញ្ចប់ និងមួយចំនួនទៀត កំពុងស្ថានបនា រួមជាមួយនឹងកំពុងសិក្សា និងសិក្សារួចរាល់  ខណៈដែលគម្រោងធ្វើឱ្យផ្លូវជាតិលេខ៤៨ ត្រូវបានដាក់ដាក់ដេញថ្លៃ។

លោកទេសរដ្ឋមន្ត្រីថ្លែងថា ផ្លូវជាតិលេខ៤៨តភ្ជាប់ពីផ្លូវស្រែអំបិល ទៅកាន់ខេត្តកោះកុង បាននិងកំពុងដាក់ដេញថ្លៃជាមួយក្រុមហ៊ុនកូរ៉េរួចហើយ។ នៅពេលបញ្ចប់ការដេញថ្លៃ យើងនឹងចាប់ផ្តើមធ្វើនាពេលខាងមុខនេះ

លោកស៊ុន ចាន់ថុលថ្លែងថា ផ្លូវជាតិលេខ៤៨នឹងត្រូវលើកកម្រិត ពីផ្លូវកៅស៊ូពីរស្រទាប់ ទៅជាផ្លូវបេតុងកៅស៊ូ AC  និងពង្រីកទទឹងផ្លូវពី១០ម៉ែត្រ មក១១ម៉ែត្រ។ លោក ស៊ុន ចាន់ថុលបន្តថាសង្ឃឹមថាឆ្នាំ២០២០ យើងនឹងបើកការដ្ឋានពង្រីកផ្លូវនេះទៅ១១ម៉ែត្រដោយប្រើថវិកាកម្ចីពីកូរ៉េ

តាមផែនការ ការស្ថាបនាផ្លូវជាតិលេខ៤៨នេះ នឹងត្រូវចំណាយទឹកប្រាក់៧៥លានដុល្លារ ដែលជាកម្ចីពីរដ្ឋាភិបាលកូរ៉េ៦៧លានដុល្លារ និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាចំនួន៨លានដុល្លារ។ ផ្លូវជាតិលេខ៤៨នេះ ក៏ត្រូវបានកែលម្អជាបណ្ដោះអាសន្នរួចរាល់ម្តងហើយ សម្រាប់ទទួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យសមុទ្រនៅខេត្តកោះកុងនាខែធ្នូឆ្នាំ ២០១៩កន្លងមកនេះ៕

ឧកញ៉ាលី ហួរៈ សមាគមចំនួនបីបានដាក់សំណើរសុំពន្យាការបង់ពន្ឋមូលធនទៅរដ្ឋាភិបាល

ដោយគង់ សូរិយា

ភ្នំពេញៈ សមាគមធ្វើការពាក់ព័ន្ឋវិស័យអចលនទ្រព្យ បានដាក់សំណើរមួយទៅរ  ដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំពន្យាពេលការបង់់ពន្ឋមូលធនក្នុងរយៈពេលមួយតាមការសមគួរ។

សមាគមទាំងបីនោះរួមមានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាសមាគមអ្នកសាងសង់កម្ពុជានិងសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។

លោកឧកញ៉ាលីហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី៧តុលានេះថាសមាគមទាំងបីបានជួបប្រជុំគ្នាហើយបានមូលមតិគ្នាក្នុងការដាក់សំណើរទៅរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីសុំពន្យាពេលលើការបង់ពន្ឋមូលធនប៉ុន្តែសំណើរនេះមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ។

លោកឧកញ៉ាបានបន្តថាខ្ញុំគិតថារដ្ឋាភិបាលប្រហែលជាយោគយល់ និងមិនជំទាស់សំណើរនេះទេ ដោយសារស្ថានភាពកំពុងជួបផលលំបាក ហើយការទិញលក់អចលទ្រព្យមានការធ្លាក់ចុះ បន្ទាប់ពីការប្រកាសយកពន្ឋមូលធនពីរដ្ឋាភិបាល។លោកបន្តថា យើងមិនជំទាស់នោះទេចំពោះការយកពន្ឋនេះ ព្រោះប្រទេសណាក៏យកពន្ឋបែបនេះដែរ តែចាំពេលសេដ្ឋកិច្ចយើងរីកចម្រើនឡើងវិញ ចាំយកក៏ជាការប្រសើរ

លោកប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានរូបនេះបានបន្តថាថ្នាក់ដឹកនាំសមាគមទាំងបីមិនបានស្នើសុំក្នុងពេលវេលាកំណត់ណាមួយថាសុំប៉ុន្មានឆ្នាំឬប៉ុន្មានខែនោះទេអ្វីៗជាការសម្រេចរបស់រដ្ឋាភិបាលដែលគួរយកក្នុងពេលវេលាសមស្របណាមួយវិស័យឯកជនមិនជំទាស់នោះទេ៕

ក្រុមហ៊ុនធានារ៉ាប់រងជប៉ុនចុះMOUជាមួយមិត្តហ្វូនដើម្បីប្រើប្រាស់បច្ចេកវិទ្យាលើវិស័យធានារ៉ាប់រងអាយុជីវិត

ដោយនីតា

ភ្នំពេញៈ ក្រុមហ៊ុនដាយអ៊ិឈិឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) . (ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍) បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថលលើវិស័យធានារ៉ាប់រងអាយុជីវិត ជាមួយក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ី  អិលធីឌី (មិត្ដហ្វូន)និងក្រុមហ៊ុន អ៊ីម៉ាន់នី ផេម៉ិន សឹលូសិន ម. (អ៊ីម៉ាន់នី)

លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) .ក លោក ហ្វុង វ៉ានគឿង អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូន និងលោក ផាម ស៊ុងគឿង អគ្គនាយក នៃក្រុមហ៊ុន អ៊ីម៉ាន់នីបានចូលរួមក្នុងពិធីចុះអនុស្សរណៈ(MOU)រួមគ្នា ដែល តាមរយៈអនុស្សរណៈយោគយល់នេះ នឹងជួយឱ្យក្រុមហ៊ុនទាំងបីសហការគ្នា យ៉ាងជិតស្និទ្ធ ដើម្បីផ្តល់អត្ថប្រយោជន៍ជាវិជ្ជមាន ដល់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល។

មិត្ដហ្វូន និងអ៊ីម៉ាន់នី នឹងសហការគាំទ្រដល់ ដាយអ៊ិឈិ ឡាយហ្វ៍តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា (អាយស៊ីធី) និងបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ និងផលិតផលធានារ៉ាប់រងដល់ប្រជាជនកម្ពុជា និងធ្វើអោយជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសកម្ពុជា។

លោក ហ្វុង វ៉ាន់ខុង អគ្គនាយក នៃក្រុមហ៊ុន វៀតធេល (ខេមបូឌា)  ភីធីអ៊ិ អិលធីឌី មានប្រសាសន៍ថា ក្រុមហ៊ុនមិត្តហ្វូន និងអ៊ីម៉ាន់នី នឹងផ្គត់ផ្គង់សេវាកម្មប្រមូលបុព្វលាភធានារ៉ាប់រងដែលអតិថិជនបង់ជូនដល់ ដាយ អ៊ិឈិ ឡាយហ្វ៍ តាមរយៈប្រព័ន្ធទូទាត់ឆាប់រហ័សតាមរយៈ អ៊ីម៉ាន់នី ឬ គណនីទូរស័ព្ទចល័ត។ អ៊ីម៉ាន់នី អាចផ្តល់នូវសេវាទូរទាត់ប្រាក់របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដើម្បីឱ្យ ដាយ អ៊ិឈិ ឡាយហ្វ៍ ទូរទាត់ប្រាក់ ទៅអតិថិជនរបស់ខ្លួន លើសពីនេះទៀតការផ្សាយពាណិជ្ជកម្ម នូវសេវាកម្មធានារ៉ាប់រងនៅលើកម្មវិធី អ៊ីម៉ាន់នី និងកម្មវិធី ម៉ាយមិត្តហ្វូន (My MetFone)

លោកបន្តថា ខ្ញុំជឿជាក់ថាក្នុងកិច្ចព្រមព្រៀងនេះ អតិថិជន និងប្រជាជន នឹងទទួលបាននូវការគាំទ្រពីសំណាក់ មិត្តហ្វូន ដាយអ៊ិឈិ ឡាយហ្វ៍ និងអ៊ីម៉ាន់នី ក្នុងលក្ខខណ្ឌការផ្តល់ដំណោះស្រាយ និងសេវាកម្មអតិថិជន ដែលជួយសន្សំពេលវេលា និងការខិតខំប្រឹងប្រែងរបស់អតិថិជន តាមរយៈការទទួលបានសេវាធានារ៉ាប់រង ដែលមានភាពងាយស្រួល និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង

ជាមួយគ្នានេះ លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ឲ្យដឹងផងដែរថា នេះគឺជាកិច្ចសហប្រតិបត្តិការជាដៃគូ ដ៏ពិសេសមួយ ដែលធ្វើឱ្យ ដាយ អ៊ិឈិ ឡាយហ្វ៍ អាចផ្តល់ជូនសេវា ធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃសមរម្យ និងមានភាពប្រកួតប្រជែង ព្រមជាមួយនឹងវិធីសាស្រ្តក្នុងការទូទាត់ប្រាក់ សម្រាប់ប្រជាជនកម្ពុជាយ៉ាង តាមរយៈបណ្តាញយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន មិត្តហ្វូន និងបច្ចេកវិទ្យាទូទាត់តាមរយៈក្រុមហ៊ុន អ៊ីម៉ានី។

សេវាកម្មធានារ៉ាប់រងអាយុជីវិត កំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ហើយអតិថិជនបានយល់ដឹងកាន់តែច្រើន អំពីអត្ថប្រយោជន៍នៃបច្ចេកវិ   ទ្យា។ មិត្តហ្វូន អ៊ីម៉ាន់នី និង ដាយ អ៊ិឈិ ឡាយហ្វ៍ ជឿជាក់ថាភាពជាដៃគូថ្មីនេះ នឹងក្លាយជាចំណុចស្នូលមួយ ក្នុងការលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការច្នៃប្រឌិតលើបច្ចេកវិទ្យាឌីជីថល និងសេវាកម្មដែលមានគុណភាព។

អំពី ដាយ អ៊ិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) . (ដាយ អ៊ិឈិ ឡាយហ្វ៍)​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនដាយអ៊ិឈិ ឡាយហ្វ៍ ហូលឌីង (DLHD) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ នៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង១១៨ ឆ្នាំជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន ភាពស្ងប់ចិត្ត ក្រោមទស្សនរបស់យើង អតិថិជនជាចម្បង។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

អំពី ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ិ អិលធីឌី

ក្រុមហ៊ុន វៀតធេល (ខេមបូឌា)ភីធីអ៊ិ អិលធីឌី (មិត្តហ្វូន) គឺជាក្រុមហ៊ុនទូរស័ព្ទឈានមុនគេនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងបណ្តាញគ្របដណ្តប់ទូលំទូលាយ គួរឲ្យទុកចិត្តជាងគេនៅក្នុងប្រទេសកម្ពុជា។ មិត្តហ្វូនត្រូវបានដំណើរការដោយជោគជ័យ និងរីកលូតលាស់យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង១០ឆ្នាំមកហើយ។សព្វថ្ងៃនះ មិត្តហ្វូនជាអ្នកផ្តល់សេវាទូរគមនាគមន៍លេចធ្លោមួយនៅក្នុងប្រទេសកម្ពុ​​​​ជា ដែលកំពុងបម្រើសេវាកម្ម ដល់ប្រជាជនជាង៩លាននាក់នៅទូទាំង២៥ខេត្ត។

អំពី ក្រុមហ៊ុន អ៊ីម៉ាន់នី ផេម៉ិន សឹលូសិន . (អ៊ីម៉ាន់នី)

ក្រុមហ៊ុន អ៊ីម៉ាន់នី ផេម៉ិន សឹលូសិន ម. (អ៊ីម៉ាន់នី) គឺជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមរយៈទូរស័ព្ទចល័តឈានមុខគេមួយ ដែលមានសេវាគ្របដណ្តប់ជាង៨០០០ភ្នាក់ងារទូទាំងប្រទេស នៅក្នុងប្រទេសកម្ពុជា៕

រដ្ឋបាលខេត្តកំពង់ឆ្នាំងត្រៀមវិនិយោគរមណីយដ្ឋានធម្មជាតិមួយដើម្បីទាក់ទាញទេសចរណ៍

ដោយ ហ្សូលី

ភ្នំពេញៈ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបង្ហើបឱ្យដឹងពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ធម្មជាតិទឹកធ្លាក់មួយកន្លែងស្ថិតនៅខេត្តកំពង់ឆ្នាំងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្តបន្ថែមទៀត។

លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២០នេះថា តំបន់ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយមួយនេះ មិនទាន់ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងនៅឡើយទេ ដោយសារតែពេលនេះមានភ្លៀងធ្លាក់ច្រើន ដែលនាំឱ្យការធ្វើដំណើរពិបាកជាងមុន។

លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺមានការលំបាកបន្តិច ដោយសារផ្លូវនៅរដូវវស្សានេះ មានភ្លៀងហូរច្រោះកាត់ផ្លូវ ដែលធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរ ប៉ុន្តែដោយសារតែការយកចិត្តទុកដាក់ របស់លោកអភិបាលខេត្ត ដែលលោកធ្លាប់មានការណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួលធ្វើផ្លូវ ហើយនិងធ្វើការស្ថាបនាផ្លូវជាបន្តបន្ទាប់ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរទៅលេងកម្សាន្ត

មន្ទីរទេសចរណ៍រួមទាំងអាជ្ញាធរពាក់ព័ន្ធបានត្រៀមរៀបចំកែលម្អតំបន់ទឹកធ្លាក់អន្លង់ស្វាយនេះបន្ថែមទៀតដូចជារៀបចំកែលម្អកញ្ចុះអង្គុយលេងសេវាកម្មម្ហូបអាហារមានគុណភាពអនាម័យកែលម្អបន្ទប់ទឹកនិងកែលម្អផ្លូវធ្វើដំណើរជាដើម។

ទន្ទឹមនេះ រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ ពិតជាមានសម្រស់ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុង ព្រៃភ្នំដ៏ត្រជាក់ មានទេសភាពល្អប្រណិត មានខ្យល់បរិសុទ្ធមិនចាញ់ទឹកធ្លាក់នៅតំបន់ផ្សេងៗនោះទេ។

ក្រោយពីអភិវឌ្ឍន៍តំបន់រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់អន្លង់ស្វាយនេះរួចរាល់ នឹងមានភ្ញៀវទេសចរមកលេងកម្សាន្ត កាន់តែច្រើនថែមទៀតមិនខានឡើយ។ តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖ កម្ពុជាគួរបង្កើតតំបន់អចលនទ្រព្យពិសេសសម្រាប់ជនបរទេស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រសិនបើចង់ឱ្យតម្លៃអចលនទ្រព្យ និងដីធ្លីនៅក្នុងប្រទេសកាន់តែកើនឡើងខ្ពស់ កម្ពុជាគួរតែបង្កើតឱ្យមានតំបន់អចលនទ្រព្យពិសេស ដែលអាចផ្តល់សិទ្ធិគ្រប់គ្រាន់សម្រាប់ជនបរទេសក្នុងការទិញដី ឬអចលនទ្រព្យជាប់ដីធ្វើជាកម្មសិទ្ធិស្របច្បាប់។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ kw Cambodia ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននៅតែអាចរក្សាបាននូវភាពល្អប្រសើរបើធៀបទៅនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

លោកឧកញ៉ាបានបញ្ជាក់ថា “នៅក្នុងបរិបថនៃសម័យកាល Covid-19 កម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ដូចបណ្តាប្រទេសនានានៅលើសកលលោកដែរ ប៉ុន្តែគ្រាន់តែថា កម្រិតនៃការប៉ពាល់ហាក់ធូរស្រាលជាងគេបន្តបើធៀបទៅនឹងប្រទេសនៅក្នុងតំបន់ ហើយក្នុងនោះវិស័យអចលនទ្រព្យក៏រងនូវឥទ្ធិពលអវិជ្ជមានខ្លះដែរ”។

ពាក់ព័ន្ធទៅនឹងការជួយជំរុញឱ្យវិស័យអចលនទ្រព្យ ជាពិសេសតម្លៃដីធ្លីកាន់តែកើនឡើងខ្ពស់ត្រូវបានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង លើកឡើងថា កម្ពុជា គួរតែបង្កើតឱ្យមានតំបន់អចលនទ្រព្យពិសេសដែលអាចផ្តល់សិទ្ធិដល់ជនបរទេសក្នុងការទិញដីសម្រាប់អភិវឌ្ឍន៍ដោយស្របច្បាប់ ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលបានផ្តល់សិទ្ធិដល់ជនបរទេសក្នុងការកាន់កាន់កម្មសិទ្ធិអចលនទ្រព្យចាប់ពីជាន់ទី១ឡើងទៅតែប៉ុណ្ណោះ ។

លោកឧកញ៉ាបញ្ជាក់ថា “នៅពេលដែលមានការបង្កើតតំបន់អចលនទ្រព្យពិសេសណាមួយដែលអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិក្នុងការទិញដី និងកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់ ដើម្បីធ្វើការអភិវឌ្ឍផ្សេងៗវានឹងជះឥទ្ធិពលល្អដល់តំបន់ដែលស្ថិតនៅក្បែរ ដែលយ៉ាងហោចណាស់ក៏ស្ថិតនៅក្នុងរង្វង់១០គីឡូម៉ែត្រជុំតំបន់អភិវឌ្ឍន៍នោះដែរ”។ លោកបន្តថា “ជាធម្មតាជនបរទេសដែលមកទិញដី ទិញអចលនទ្រព្យនៅប្រទេសណាមួយគឺជាអ្នកមានលុយ ដូច្នេះនៅពេលប្រទេសណាមួយមានអ្នកមានរស់នៅច្រើន កំណើននៃការអភិវឌ្ឍន៍នឹងកើតមាន ហើយការអភិវឌ្ឍនេះទៀតសោតគឺជាចលករមួយដែលជំរុញឱ្យមានតម្រូវការអចលនទ្រព្យ ដែលនឹងធ្វើឱ្យតម្លៃនៅលើទីផ្សារឡើងថ្លៃដោយស្វ័យប្រវត្តិ”៕

VIP Gala Dinner ស្វាគមន៍អតិថិជនដើម្បីស្វែងយល់ពីឱកាសវិនិយោគខុនដូ ក្នុងគម្រោង SKY PRIME Urban Village

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រុមហ៊ុនភ្នាក់ងារចលនទ្រព្យ DNZ Realty ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដ៏ល្បីឈ្មោះប្រចាំនៅកម្ពុជា Urban Village នឹងរៀបចំកម្មវិធីជប់លៀងអាហារពេលល្ងាច VIP Gala Dinner និងបង្ហាញពីឱកាសវិនិយោគខុនដូក្នុងគម្រោង SKY PRIME Urban Village ។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DNZ Realty លោក រិន ច័ន្ទរិទ្ធិ បានមានប្រសាសន៍ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី៧ តុលានេះថា កម្មវិធីជប់លៀងទទួលទានអាហារពេលល្ងាច VIP Gala Dinner នេះនឹងរៀបចំនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ នៅសាលជួបជុំក្នុងបរិវេណ FACTORY PHNOM PENH ចាប់ពីម៉ោង៤ល្ងាច រហូតដល់ម៉ោង៨យប់។

លោកបានបញ្ជាក់ថា “នៅក្នុងកម្មវិធីខាងលើនេះ ក្រៅពីការជួបជុំជជែកពិភាក្សាការងារ និងបង្កើនភាពស្និទ្ធស្នាល រាល់ភ្ញៀវកិត្តិយសដែលបានចូលរួម នឹងបានស្វែងយល់លម្អិតពីភាពប្រណីត នៃគម្រោងខុនដូSKY PRIME Urban Village  និងការស្វែងយល់បន្ថែមពីឱកាសនៃការវិនិយោគខុនដូ ដែលអាចទទួលបានចំណេញច្រើនផងដែរ ក្រោមការឡើងធ្វើបទបង្ហាញ ពីសំណាក់អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ ជាច្រើននាក់ ”។

 

លោក រិន ច័ន្ទរិទ្ធិ បានមានប្រសាសន៍បន្តទៀតថា “អ្វីដែលជាឱកាសចំណេញទ្វេដង គឺការផ្តល់ជូនពីគម្រោងអភិវឌ្ឍន៍ខុនដូប្រណីត ស្ថិតនៅទីតាំងដ៏មានសក្ដានុពល SKY PRIME Urban Village ដោយការបញ្ចុះតម្លៃដល់អតិថិជនទាំងអស់ ដែលទិញ និងធ្វើការកក់នៅក្នុងថ្ងៃរៀបចំកម្មវិធីតែម្ដង”។

សូមចូលរួម និងរីករាយជាមួយកម្មវិធីជប់លៀង ទទួលទានអាហារពេលល្ងាចទាំងអស់គ្នា។

សម្រាប់ព័ត៌មានលម្អិតពីកម្មវិធីសូមទាក់ទង តាមរយៈទូរស័ព្ទលេខ ៖ ០១២ ៥៧ ០៥ ៧១ / ០១០ ៥៧ ០៥ ៧១៕

រដ្ឋាភិបាលហ្វាំងឡង់គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា

ដោយវុត្ថា

បាងកកៈ រដ្ឋាភិបាលហ្វាំងឡង់ គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា ឱ្យកាន់​តែប្រសើរថែមទៀត ក្នុងនោះក៏មានត្រូវការពលករបេះផ្លែឈើតាមរដូវកាលផងដែរ ។នេះបើតាមការបញ្ជាក់ពី លោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃឡង់ដ៏។

នៅក្នុងជំនួបជាមួយ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០នេះ លោកJyri Jarviaho បានបង្ហើបពីគម្រោងផ្តល់ជំនួយបច្ចេកទេស និងសម្ភារៈដល់កម្ពុជា ដើម្បីកសាងសមត្ថភាពគ្រូបង្រៀនតាមប្រព័ន្ធអនឡាញ និងគម្រោងកែឆ្នែសំរាមទៅជាថាមពលអគ្គិសនី(Waste Energy)។

លោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្តែងការស្វាគ​មន៍ចំពោះគម្រោងខាងលើ និងបានលើកឡើងពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងហ្វាំងឡង់។

លោកឯកអគ្គរាជទូត បានសន្យាផ្តល់គាំទ្រអស់ពីលទ្ធភាព និងស្នើសុំសមភាគីហ្វាំងឡង់ ជំរុញគម្រោងខាងលើឱ្យបានឆាប់រហ័ស ដើម្បីនាំយកឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន៕