ចំណេះដឹង! តើអ្វីជាំគោលនយោបាយសារពើពន្ធ?

ដោយវុត្ថា

ភ្នំពេញៈ គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធនិងវិធីរកចំណូលផ្សេងៗទៀតនិងចំណាយរបស់រដ្ឋ ដោយបែងចែកធនធានសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គោលនយោបាយសារពើពន្ធរដ្ឋ ត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា៖

. ប្រសិទ្ធភាពនៃការគ្រប់គ្រង និងគៀងគរចំណូល

. ការធ្វើវិចារណៈកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈឲ្យបានសមស្រប។

គោលនយោបាយសារពើពន្ធរបស់ប្រទេសនីមួយៗ គួរតែមានគោលដៅជាគោលការណ៍ចំនួនបួនគឺ៖ () ការបែងចែកធនធាន () ស្ថេរភាពវូបនីយកម្ម ()កំណើន () ការបែងចែកនៃប្រាក់ចំណូលនៃទ្រព្យសម្បត្តិឲ្យស្មើគ្នា។

តាមរយៈពន្ធ និងចំណាយសាធារណៈរដ្ឋាភិបាល បានដើតួនាទីសំខាន់ក្នុងការបែងចែក បណ្តាធនធាននៅក្នុងសេដ្ឋកិច្ច និងជំរុញខ្សែសង្វាក់ផលិតកម្មឲ្យកើនឬមិនកើនឡើង៕

ADB ផ្តល់ឥណទាន ៨០លានដុល្លារ ដើម្បីជម្រុញល្បឿនការអភិវឌ្ឍន៍ក្រុងប៉ោយប៉ែត

ដោយវុត្ថា

បន្ទាយមានជ័យ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)សម្រេចផ្តល់ទឹកប្រាក់ដំបូងប្រមាណ ៨០លានដុល្លារអាមេរិក នៃទំហំទឹកប្រាក់សរុបប្រមាណ ១១៨លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្នុង “គម្រោងទីក្រុងគួរឱ្យចង់រស់នៅ” ដែលនឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២១។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅក្នុងកិច្ចប្រជុំមន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត ជាមួយនឹងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ទំហំថវិកានេះ ផ្តោតលើគម្រោងសំខាន់ៗដូចជា៖ ១-ការគ្រប់គ្រងសំណល់រឹងរាវ ២-ប្រព័ន្ធលូរំដោះទឹកភ្លៀង ៣-ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងក្រុង ៤-ប្រព័ន្ធទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់។

លោកបន្តថា តារមយៈផែនការនេះ ក្រុងប៉ោយប៉ែតនឹងប្រែក្លាយជាទីក្រុងដែលចង់រស់នៅនៅឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ ក្រុងដែលជាប់ព្រំដែនកម្ពុជា-ថៃ មួយនេះ បាននឹងកំពុងស្តារ និងអភិវឌ្ឍន៍នូវប្រព័ន្ធហេដ្ឋារចនសម្ព័ន្ធ និងមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនកំពុងលេចឡើងនៅក្នុងទីក្រុងមួយនេះ។

ធនាការអភិវឌ្ឍន៍អាស៊ី កាលពីកន្លងមកនេះ បានកំណត់គម្រោងអភិវឌ្ឍន៍សរុបចំនួន២១ នៅប្រទេសកម្ពុជាំ ក្នុងរយៈពេល៣ឆ្នាំ ដែលរួមមានប្រាក់កម្ចីសម្បទានចំនួន១.២៥ពាន់លានដុល្លារ ក្នុងនោះជំនួយឥតសំណងចំនួន៧០,៤លានដុល្លារ និងសហហិរញ្ញប្បទានចំនួន១៩៣លានដុល្លារ។

អគ្គនាយកធនាគារអភិវឌ្ឍអាស៊ី ADB លោក Sunniya Durrani-Jamal បាននិយាយថា ផែនការថ្មីត្រូវគិតពិចារណាពីផលប៉ះពាល់ ដែលបង្កដោយជំងឺកូវីដ១៩ ហើយរួមបញ្ចូលទាំងគម្រោង និងកម្មវិធីថ្មីៗ ដើម្បីគាំទ្រដល់ការងើបឡើងវិញ របស់ប្រទេសកម្ពុជា៕

បណ្ឌិត គីម ហ៊ាង! កម្ពុជាគួរធ្វើច្បាប់ពិសេសមួយឱ្យអ្នកមានលុយផ្ញើនៅក្រៅស្រុកយកមកវិនិយោគក្នុងស្រុក ក្រោយចប់កូវីដ-១៩

ដោយវុត្ថា

ភ្នំពេញ៖ លោក បណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានផ្តល់យោបល់មួយដល់រដ្ឋាភិបាលឱ្យរៀបចំច្បាប់ពិសេសមួយ ដើម្បីឱ្យអ្នកមានធនធានច្រើនរបស់កម្ពុជា ដែលផ្ញើនៅក្រៅប្រទេសអាចឱ្យយកមកវិនិយោគនៅក្នុងស្រុកវិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បន្ទាប់ពីជំងឺកូវីដ ១៩ត្រូវបានបញ្ចប់ទាំងស្រុង ។

លោកបណ្ឌិត គីម ហ៊ាង ដែលមានបទពិសោធន៍រកស៊ីក្នុងវិស័យអចលនទ្រព្យជិត ២០ឆ្នាំ កន្លងមកនេះ បានគូសបញ្ជាក់ថា ជំងឺកូវីដ ១៩ បានជំរុញឱ្យមានផលប៉ះពាល់លើវិស័យជាច្រើននៅទូទាំងពិភពលោក ជាមួយគ្នានេះ កម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ខ្លាំងទាំងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ។

លោកបណ្ឌិត បានថ្លែងថា “តើយើងគួរធ្វើអ្វីនៅពេលចប់ជំងឺកូវីដ ១៩? ជាយោបល់របស់ខ្ញុំ កម្ពុជាគួរមានច្បាប់ពិសេសមួយ ហើយច្បាប់ពិសេសនេះ ត្រូវបានប្រទេសជាច្រើន គេធ្វើរួចហើយ” ។ លោកបន្ថែមថា “ខ្ញុំអាចនិយាយបានថា ជាង ៥០ឆ្នាំមុន នៅពេលដែលប្រទេសឥណ្ឌូនេស៊ីផ្លាស់ប្តូររបបនយោបាយ គេចង់ជំរុញកំណើនសេដ្ឋកិច្ចឱ្យរីកចំរើន គឺគេបង្កើតច្បាប់មួយ ជំរុញឱ្យអ្នកមានលុយដែលផ្ញើនៅក្រៅប្រទេស ឱ្យយកមកចូលក្នុងប្រទេសគេវិញ”។

លោកបន្ថែមថា “អ៊ីចឹង អ្វីដែលខ្ញុំស្នើឱ្យមានច្បាប់ពិសេសនេះ គឺចង់ជំរុញឱ្យអ្នកមានខ្មែរ ដែលផ្ញើរលុយនៅក្រៅស្រុក ឱ្យយកចូលមកក្នុងស្រុកវិញ”។ លោកបន្ថែថា “មូលហេតុដែលខ្ញុំចង់ឱ្យ អ្នកមានខ្មែរយកលុយចូលស្រុកវិញនេះ ពាក់ព័ន្ធនឹងកត្តា ៣ យ៉ាងសំខាន់ៗ គឺ ទី១ ខ្មែរវិនិយោគនៅក្នុងស្រុក ទី២ បរទេសមកវិនិយោគនៅក្នុងស្រុកខ្មែរ និងទី៣ ខ្មែរទៅវិនិយោគនៅក្រៅប្រទេស ដែលទាំងនេះ ជាកត្តាជំរុញឱ្យចរន្តសេដ្ឋកិច្ចដើរទៅមុខ”។
លោកពន្យល់ថា “ពីដើមមក យើងរំពឹងតែវិនិយោគមកពីខាងក្រៅ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ខ្ញុំមើលនិន្នាការមួយចំនួន ដែលតាំងពីដើមមក មានខ្មែរច្រើនណាស់យកលុយទៅផ្ញើនៅបរទេស”។

លោកបណ្ឌិតដាក់ជាសំនួរថា ហេតុអ្វីបានជាខ្មែរយកលុយទៅផ្ញើនៅក្រៅប្រទេសច្រើនម្លេះ ? ហើយបច្ចុប្បន្ននេះ ស្របពេលដែលមិនមានបរទេសមកវិនិយោគ ហើយកម្ពុជាក៏មិនមែនជាប្រទេសផលិត តែជាប្រទេសប្រើប្រាស់ ហើយបើយកលុយទាំងនោះមកវិនិយោគនៅក្នុងស្រុកវានឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។

លោកថ្លែងថា “តាមខ្ញុំដឹងមានអ្នកមានខ្មែរច្រើនណាស់ ផ្ញើរលុយនៅបរទេស បើរាជរដ្ឋាភិបាលមានវិធីសាស្ត្រល្អ ជំរុញដល់ការលើកទឹកចិត្ត ឱ្យខ្មែរផ្ញើលុយនៅក្រៅស្រុក យកមកវិនិយោគនៅក្នុងស្រុក វាគឺការល្អបំផុតសម្រាប់សេដ្ឋកិច្ចកម្ពុជា”៕

គម្រោងអភិវឌ្ឍន៍ទីក្រុងពាណិជ្ជកម្មភ្នំតូចចាប់ផ្តើមបើកការដ្ឋានសាងសង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ និងសាងសង់ទីក្រុងពាណិជ្ជកម្មភ្នំតូច ស្ថិតនៅតំបន់ផ្លូវ៥១ លើផ្ទៃដីទំហំ ១០០ហិកតា ដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកបានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការ ស្ថិតនៅឃុំភ្នំតូច ស្រុកឧដ្ដុង ខេត្តកំពង់ស្ពឺ។

 

អគ្គនាយកក្រុមហ៊ុន KH Land លោក ថុន បូរ៉ា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ថា ទីក្រុងពាណិជ្ជកម្មភ្នំតូច មានទីតាំងស្ថិតនៅឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុង និងកំពុងមានការអភិវឌ្ឍជាច្រើនរបស់រដ្ឋនិងឯកជន ព្រមជាមួយនិងកត្តាភូមិសាស្ត្រនិងប្រជាសាស្ត្រ។

លោកបន្តថា “មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ ក៏នៅជិតផ្លូវជាតិលេខ៥១ ដែលជាផ្លូវក្រវាត់ក្រុង និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ តភ្ជាប់គ្នារវាងផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ដែលអាចដឹកជញ្ជូនទំនិញទៅមក ពីខេត្តកំពត ខេត្តព្រះស៊ីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និង ច្រកព្រំដែនកម្ពុជាថៃ”។

លោក ថុន បូរ៉ា បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំសូមជម្រាបថា ចក្ខុវិស័យដ៏វែងឆ្ងាយ និងច្បាស់លាស់នៃគំរោងក្រុងពាណិជ្ជកម្មភ្នំតូច គឺដើម្បីបំពេញតំរូវការអាជីវកម្មដែលផ្គត់ផ្គង់ដល់វិសាលភាពនៃតំបន់ឧស្សាហកម្ម សួនឧស្សាហកម្មកាណាឌីយ៉ា ៥០០ហិកតា ដែលត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងទីផ្សារឧស្សាហកម្មពិភពលោក”។

លោកបញ្ជាក់ថា “បន្ទាប់ពីការបើកជាផ្លូវការឱ្យតំណើរការសួនឧស្សាហកម្មកាណាឌីយ៉ា និងតំបន់ឧស្សាហកម្មពិសេសនៅជុំវិញគំរោង នឹងមានរោងចក្រប្រហែលចំនួន ១ ៥០០ និងមានកម្មករប្រមាណ ៣០ម៉ឺននាក់ ។ តាមការអភិវឌ្ឍដ៏ច្រើនឥតឈប់ឈររបស់រដ្ឋនិងឯកជន ព្រមទាំងកំណើនប្រជាជនដ៏លឿនរហ័សបែបនេះ បានធ្វើឱ្យមានតំរូវការចំបាច់ជាច្រើនដូចជា ការស្នាក់នៅ សំលៀកបំពាក់ ចំណីអាហារ អេឡិចត្រូនិក បច្ចេកវិទ្យា ការកំសាន្ត សាលារៀន និងមន្ទីរពេទ្យជាដើម។ ដោយឡែក ឧស្សាហកម្មធន់តូច មធ្យម និងធំ ក៏មានតម្រូវការជាច្រើនផងដែរ ដូចជា ការផ្សព្វផ្សាយជាមួយដៃគូពាណិជ្ជកម្ម (Branding) ការផ្សព្វផ្សាយទៅកាន់អតិថិជន ការជួបជុំលើកទឹកចិត្តបុគ្គលិក ការផ្ដល់បរិយាកាសការស្នាក់នៅនិងរីករាយរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ការអភិវឌ្ឍរីកចំរើនឆាប់រហ័សនេះ នឹងធ្វើឱ្យគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ក្លាយទៅជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងបង្កើតឱកាសជាច្រើនសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិព្រមទាំងប្រជាពលរដ្ឋផងដែរ”។

ជាមួយនឹងការអភិវឌ្ឍគម្រោងទីក្រុងពាណិជ្ជកម្មនេះ នឹងជំរុញឱ្យមានការប្រកបរបរអាជីវកម្មផ្សេងៗរបស់ប្រជាជនរស់នៅក្នុងតំបន់ និងជុំវិញ ដូចជា ការតាំងលក់ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន និងអាជីវកម្មផ្សេងៗ គ្រឿងសំណង់ និងឧបករណ៍ សម្ភារៈផ្សេងៗ នឹងមានតំរូវការកាន់តែខ្ពស់ កំណើនប្រាក់ចំណូលប្រជាជន នឹងបង្កើនតំរូវការនានា ជាមួយនឹងការអភិវឌ្ឍ ផ្សារ ផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ ទីធ្លាធំទូលាយសម្រាប់រៀបចំកម្មវិធីនិងការតាំងពិព័រណ៍ទំនិញ និងដីឡូតិ៍។

គម្រោងក្រុងថ្មីដីមាសសំរោងលើ ក្នុងចំណោមអាជីវកម្មទាំង៨ គឺមានអាជីវកម្មហាងកាហ្វេអារ៉ាប៊ីធា និង ផាប់ភូមិយើង បានសាងសង់រួចរាល់ជាស្ថាពរនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ខណៈដែលអាជីវកម្មចំនួន៦ផ្សេងទៀត កំពុងចរចារ និងកំពុងដំណើរការ។ ចំណែកឯនៅទីក្រុងពាណិជ្ជកម្មភ្នំតូចនេះវិញ ក្នុងចំណោមអាជីវកម្មទាំង១០ គឺមាន ហាងកាហ្វេអារ៉ាប៊ីធា និង ផាប់ភូមិយើងបានកំពុងចាប់ផ្ដើមបើកលក់សាកល្បង ហើយអាជីវកម្មចំនួន៨ទៀត ក៏កំពុងចរចារ និងកំពុងដំណើរការផងដែរ៕

មហាវិថីសម្តេចតេជោ ៦០ ម៉ែត្រ ត្រូវបានកំណត់ល្បឿនមិនឱ្យលើស ៤០គីឡូម៉ែត្រក្នុង១ម៉ោង

ដោយវុត្ថា

ភ្នំពេញ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬ មហាវិថី ៦០ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញកំណត់ល្បឿនយានយន្តបើកបរមិនអោយលើស ៤០គ.មក្នុង១ម៉ោង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈបច្ចុប្បន្ននេះកំណើនគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាច្រើករណី និងបាត់បង់ចំណូលជាតិអស់រាប់រយលានដុល្លារអាមេរិក។

មន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២០នេះ ថា ដោយប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរកើតមានជាញឹកញាប់ដោយការបើកបរលឿន លើដងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ចាប់ពីពេលនេះតទៅ មហាវិថីនេះត្រូវបានកំណត់ល្បឿនយានយន្តបើកបរមិនអោយលើស ៤០គ.មក្នុង១ម៉ោង។

មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ ២០១៧ ដែលមានប្រវែងសរុប ៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។

មហាវិថីនេះ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីសម្តេចតេជោហ៊ុនសែន ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពី ខែ មីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Holding Co., Ltd របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលចំណាយប្រាក់ ៧៦ លានដុល្លារអាមេរិកសម្រាប់ការសាងសង់នេះ។

ផ្លូវធំមួយខ្សែនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួល និងកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅតំបន់ចាក់អង្រែលើ ចាក់អង្រែក្រោម ក៏ដូចជាក្នុងក្រុងតាខ្មៅផងដែរ ហើយអ្នករាជធានីភ្នំពេញក៏អាចធ្វើដំណើរកាត់មហាវិថីនេះឆ្ពោះទៅផ្លូវចំការដូង ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានដោយងាយស្រួលទៀតផង។

បន្ទាប់ពីដាក់ឱ្យដំណើរការនូវមហាវិថីនេះ មានគម្រោងវិនិយោគផ្សារទំនើប លំនៅឋានប្រណិត គគម្រោងខុនដូ និងអគារពាណិជ្ជកម្មជាច្រើនបានទៅបោះទីតាំងនេះ ដែលជំរុញឱ្យតំបន់មហាវិថីនេះមានសក្តានុពលខ្ពស់លើវិស័យអចលនទ្រព្យ និងទៅអនាគតនឹងក្លាយជាតំបន់ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគដ៏មានសក្តានុពលបំផុតរបស់ទីក្រុងភ្នំពេញ៕

គម្រោងសាងសង់ផ្លូវដែកតភ្ជាប់ពីកម្ពុជា-វៀតណាម កំពុងស្ថិតក្នុងដំណាក់កាលសិក្សា

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវដែកតភ្ជាប់ពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាមកំពុងត្រូវបានរដ្ឋាភិបាលកម្ពុជាសិក្សាពីលទ្ធភាពស្ថាបនានៃហេដ្ឋារចនាសម្ព័ន្ធមួយនេះ ខណៈផ្លូវល្បឿនលឿនតភ្ជាប់ពីទីក្រុងភ្នំពេញ-ក្រុងបាវិតក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សាដោយក្រុមហ៊ុន China Railway Internation Co., Ltd។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ក្រុងបាវិតដែលជាច្រកព្រំដែនអន្តរជាតិនេះ អាចនឹងជួយជម្រុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងរឹងមាំមួយកម្រិតទៀត។

លោក លី បូរិន អនុរដ្ឋលេខាធិកាក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ការសិក្សាគម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធផ្លូវដែកតភ្ជាប់ពីក្រុងភ្នំពេញឆ្ពោះទៅកាន់ក្រុងបាវិតកំពុងដំណើរការសិក្សា ប៉ុន្តែមិនទាន់ដឹងច្បាស់ថា នឹងបញ្ចប់ការសិក្សានៅពេលណានោះទេ។

លោកថា ភាគីវៀតណាមបានស្នើសុំឱ្យកម្ពុជាសិក្សាពីគម្រោងសាងសង់ផ្លូវដែកពីភ្នំពេញទៅកាន់ក្រុងបាវិតជំនួស
គម្រោងផ្លូវដែកតភ្ជាប់ពីខេត្តក្រចេះទៅកាន់ក្រុងបាវិតវិញ រីឯភាគីវៀតណាមនឹងសាងសង់ផ្លូវដែកពីទិក្រុងហូជីមិញឆ្ពោះមកកាន់ក្រុងបាវិតវិញ។

អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ថា ផ្លូវដែកគឺជាអាទិភាពទី ២ របស់រដ្ឋាភិបាល បន្ទាប់ពីផ្លូវថ្នល់ដែលជាការជម្រុញពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសជិតខាងនិងកម្ពុជា។

ទន្ទឹមនេះ លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia នៅព្រឹកនេះឱ្យដឹងថា ការដឹកជញ្ជូនទំនិញនៅតាមព្រំដែនកម្ពុជា-វៀតណាមមានកំណើនខ្ពស់។ កំណើនចរាចរណ៍នៃការដឹកជញ្ជូនទំនិញតាមរយៈរថយន្តធុនធំៗនៅតាមព្រដែនជាមួយភាគីវៀតណាម មានការកើនឡើងច្រើន ប្រៀបធៀបជាមួយនឹងព្រំដែនភាគីថៃ ។ ដូច្នេះហើយបានរាជរដ្ឋាភិបាលមានបំណងចង់បើកច្រកព្រំដែនអន្តរជាតិបន្ថែមទៀត ដើម្បីដោះស្រាយកកស្ទះនៃការដឹកជញ្ជូនទំនិញរថយន្តធុនធំៗ។

របាយការណ៍សិក្សារបស់ក្រុមហ៊ុនសាងសង់បានបង្ហាញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ មានបីជម្រើសផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជានិងវៀតណាម។

ក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើជម្រើស ផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេសក្រសួងរង់ចាំលទ្ធផល របាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋាន ក្នុងការសម្រេចចិត្ត៕

កម្ពុជា៖ ផ្លូវសូត្រសមុទ្រផ្ដល់ផលប្រយោជន៍ជាច្រើនដល់បណ្ដាលប្រទេសពាក់ព័ន្ធ

ដោយ៖ ចរិយា
ភ្នំពេញ៖ ផ្លូវសូត្រសមុទ្រនៅសតវត្សទី២១ បានចាប់ផ្ដើមគម្រោងឡើងនៅក្នុងឆ្នាំ២០១៣ពីប្រទេសចិន បានផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសជាច្រើន និងប្រជាជនរស់នៅតាមគម្រោងផ្លូវនេះទទួលបានសន្តិភាព និងឱកាសអភិវឌ្ឍន៍ជាច្រើនក្នុងតំបន់។ នេះបើយោងតាមអ្នកជំនាញជាច្រើនបានលើកឡើងកាលពីពេលថ្មីៗនេះ។

ការផ្សព្វផ្សាយការស្ថាបនាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ផ្លូវនេះ ប្រទេសចិនបានតស៊ូមតិពហុភាគីនិយមសង្កត់ធ្ងន់លើសហប្រតិបត្តិការឈ្នះ-ឈ្នះ និងអត្ថប្រយោជន៍ទៅវិញទៅមកនិងបង្ហាញពីការជំរុញកម្លាំងចលករដ៏រឹងមាំក្នុងអភិបាលកិច្ចសកល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ត្រូវបានដកស្រង់សម្តីចេញពីសារព័ត៌មាន Xinhua កាលថ្មីៗ ដោយបានមានប្រសាសន៍ថា “វាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសដែលនៅជាប់តាមគម្រោងផ្លូវនេះក្នុងការកសាងខ្សែក្រវ៉ាត់ និងផ្លូវ ជាពិសេសដើម្បីរក្សាបាននូវសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិសេរីបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

លោក បានថ្លែងបន្តថា “គំនិតផ្ដួចផ្ដើមផ្លូវខ្សែក្រវ៉ាត់នេះ គឺជាការវិវត្តទៅជាសសរស្ដម្ភគន្លឹះក្នុងអភិបាលកិច្ចពិភពលោក។ គម្រោងនេះបាននាំមកនូវឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចចំពោះប្រទេសកម្ពុជា និងការពារតំបន់ និងសន្តិភាពនិងការអភិវឌ្ឍន៍ពិភពលោក”។

ទន្ទឹមនឹងនេះ លោក Cavince Adhere អ្នកស្រាវជ្រាវទំនាក់ទំនងអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសកេនយ៉ា និងការផ្ដោតលើទំនាក់ទំនងចិន-អាហ្រ្វិចកា បានលើកឡើងថា ដើម្បីបញ្ចូលប្រទេសដែលនៅទ្វីបផ្សេងៗគ្នានៅលើគម្រោងនេះជាមួយគ្នា ទើបធ្វើឱ្យគម្រោងផ្លូវខ្សែក្រវ៉ាត់នេះ ពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីនិយម
នៅក្នុងប្រព័ន្ធអភិបាលកិច្ចពិភពលោក ដែលក្នុងនោះអំណាចសំខាន់មួយចំនួនផ្តោតលើសេដ្ឋកិច្ចជាតិនិយម និងមិនគោរពច្បាប់អន្តរជាតិដែលបានបង្កើតឡើង ប៉ុន្តែគម្រោងខ្សែក្រវ៉ាត់ផ្លូវ បានផ្ដល់ឪកាសផ្សេងៗដល់ប្រទេសក្នុងការទទួលការរីកចម្រើន និងផលប្រយោជន៍ជាច្រើនទៀត ភាពស្មើគ្នា និងការបញ្ជូលគ្នានូវប្រព័ន្ធអន្តរជាតិ។

លោក បណ្ឌិត្យKarim al-Omda សាស្ត្រាចារនៅឯសាកលវិទ្យាល័យArab Academy ផ្នែកវិទ្យាសាស្រ្តប ច្ចេកវិទ្យា និងការដឹកជញ្ជូន បានមានប្រសាសន៍ថា “ប្រទេសចិនបានចំណាយថវិកានិងការយកចិត្តទុកដាក់មកលើគំនិតផ្ដួចផ្ដើមផ្លូវខ្សែក្រវ៉ាត់នេះយ៉ាងចិត្តសិ្នទិ្ធដោយការសម្របសម្រួលរវាងការចូលរួមពីបណ្ដាលប្រទេសជាច្រើន និងបានផ្ដល់អាទិភាពអត្ថប្រយោជន៍ទៅវិញទៅមកនៅក្នុងការសហប្រតិបត្តិការជាមួយប្រទេសជាច្រើននោះ”។

លោក បានបន្តថា ចិនបានផ្ទេរបទពិសោធន៍និងបច្ចេកវិទ្យា និងបង្កើតបានការដំណើរការល្អនៅក្នុងប្រព័ន្ធទូរស័ព្ទដៃ និងបច្ចេកវិទ្យា5G ដែលនឹងធ្វើអោយអត្រារីកចម្រើន នៃពិភពលោកកាន់តែប្រសើរឡើង រួមទាំងបង្កើនទំហំពាណិកម្ម ដែលជួបផលលំបាក នៅអំឡុងពេលជំងឺកូវីដ-១៩៕ (Xinhua)

ចៅក្រមអាមេរិកសម្រេចឱ្យកម្មវិធី TikTok រួចផុតពីការហាមឃាត់របស់រដ្ឋាបាល Trump

ដោយ៖ ប៊ី

ភ្នំពេញ៖ កម្មវិធី TikTok បានរួចផុតពីការហាមឃាត់ក្នុងការដាក់ឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដោយចៅក្រមសហព័ន្ធបានសម្រេចថា ទីក្រុងវ៉ាស៊ីនតោនមិនអាចរារាំងកម្មវិធីពី App Store បាននោះទេ។

ម្មវិធីវីដេអូទម្រង់ខ្លីបែបកម្សាន្តនៅតែអាចចូលដំណើរការបាន ប៉ុន្តែជោគវាសនារបស់កម្មវិធីនៅក្នុងប្រទេសនេះគឺនៅតែមានភាពមិនច្បាស់លាស់នៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត័ត៌មាន CNN នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

សេចក្តីសម្រេចរបស់តុលាការគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអាចត្រូវបានប្តឹងឧទ្ធរណ៍ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ សេចក្តីសម្រេចនេះក៏អាចត្រូវបានដកចេញវិញ ដោយវាគ្រាន់តែជាសម្រេចរបស់ចៅក្រម ពីព្រោះ TikTok បានប្តឹងជំទាស់នឹងការហាមឃាត់នេះ ហើយក្រុមហ៊ុនអាចនឹងបាត់បង់រឿងក្ដីរបស់តុលាការ។
រឿងក្ដីតុលាការរបស់ TikTok ជារឿងតែមួយ បង្កព្រួយបារម្ភដល់បញ្ហាសន្តិជាតិរបស់សហរដ្ឋអាមេរិក ខណៈអាមេរិកចង់គ្រប់គ្រងកម្មវិធីនេះអនាគត។

ម្ចាស់ក្រុមហ៊ុន ByteDance ជាជនជាតិចិនរបស់កម្មវិធី TikTok កំពុងចរចារទិញលក់ក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក Oracle (ORCL) និងក្រុមហ៊ុន Walmart (WMT) ដែលអាចគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងកង្វល់របស់រដ្ឋបាល Trump អំពីកម្មវិធីនេះ និងកាត់បន្ថយសម្ពាធរបស់អាមេរិកតែម្តង និងសម្រាប់ទាំងអស់គ្នា។
ការព្យាយាមបិទកម្មវិធីនេះ បានកើតឡើងកាលក្នុងខែសីហានៅ ពេលដែលលោក Trump បានចេញបទបញ្ជាប្រតិបត្តិ ដែលនឹងហាមឃាត់ TikTok នៅសហរដ្ឋអាមេរិកដាច់ខាត។ ក្រោយមកលោកបាននិយាយថា ការហាមឃាត់អាចត្រូវរួចផុត ប្រសិនបើក្រុមហ៊ុនអាមេរិកណាមួយទិញយកកម្មវិធីនេះ។

ទន្ទឹមនេះដែរ TikTok បានបដិសេធតបវិញចំពោះការអះអាងថា ខ្លួនបង្កហានិភ័យសុវត្ថិភាព ដោយនិយាយថា ទិន្នន័យអ្នកប្រើដែលរក្សាទុកលើជនជាតិអាមេរិកត្រូវបានរក្សាទុកនៅអាមេរិក ដោយមានការបម្រុងក្នុងការរក្សាទិន្នន័យនៅសឹង្ហបុរី។ ការតវ៉ាប្រឆាំងរបស់ខ្លួនចំពោះការហាមឃាត់នេះបានជំរុញឱ្យ TikTok ប្តឹងរដ្ឋបាល Trump នៅក្នុងតុលាការសហព័ន្ធ៕

អ្នកជំនាញនៅតែមើលឃើញតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញមានសក្តានុពលខ្ពស់លើការវិនិយោគដីធ្លី

ដោយវុត្ថា

ភ្នំពេញ៖ អ្នកជំនាញនៅតែមើលឃើញតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញមានសក្តានុពលខ្ពស់លើការវិនិយោគវិស័យដីធ្លី ខណៈតំបន់នេះមានគម្រោងអភិវឌ្ឍនធំៗរបស់រាជរដ្ឋាភិបាល និងឯកជនជាច្រើនបាននិងកំពុងលេចចេញជារូបរាងបណ្តើរៗ។

លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នៅទិសទាំង ៤ នៃរាជធានីភ្នំពេញ កំពុងមានសក្តានុពលខ្ពស់ចំពោះការវិនិយោគដីធ្លី តែចាប់តាំងពីប្រមុខនៃរាជរដ្ឋាភិបាលចុះទៅពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅភាគខាងត្បូងនៃរាជធានីភ្នំពេញបានធ្វើឱ្យ វិស័យដីធ្លីនៅតំបន់នេះមានសក្តានុលខ្ពស់។

លោកថ្លែងថា “បើតាមការមើលស្ថានភាពជាក់ស្តែង កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានដឹកនាំគណប្រតិភូចុះទៅពិនិត្យមើលគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ហើយចាប់ពីហ្នឹងមកនេះ វិស័យដីធ្លីហាក់មានកំរើកខ្លាំង”។

លោកបន្តថា “បើនិយាយពីតម្លៃដីធ្លីវិញនៅធូរថ្លៃ បើទិញទុក អាចលក់យកចំណេញបាន តែបើនិយាយពីសក្តានុពលខ្លាំងវិញនៅម្តុំផ្សារទំនើបអ៉ីអន២ ដែលបច្ចុប្បន្ននេះ គេកំពុងធ្វើផ្លូវពីគម្រោងកាំកូស៊ី ទៅគម្រោង ហ្គ្រេនភ្នំពេញ”។

លោកបញ្ជាក់ទៀតថា “អ្នកមួយចំនួនលើកឡើងថា ដីធ្លីនៅម្តុំព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមានសក្តានុពលចំពោះការវិយោគ តែ បើដីនោះមានរូបរាង ឬទ្រង់ទ្រាយមិនល្អ ក៏វាមិនមានតម្លៃថ្លៃផងដែរ”។

ជាមួយនឹងតំបន់ដែលមានសក្តានុពលវិនិយោគលើវិស័យដីធ្លីនេះ លោកព្រមានដែរថា “អ្នកវិនិយោគត្រូវពិនិត្យមើលពីបច្ចេកទេស លក្ខណៈដីធ្លី និងទីតាំងភូមិសាស្ត្រដីធ្លីឱ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តទិញ ហើយលក់ទៅវិញទើបវាលក់ទៅវិញទទួលបានផលចំណេញ”។

លោកបន្ថែមថា “ យើងមិនអាចចេះតែនិយាយឱ្យដីធ្លីមានតម្លៃ និងសក្តានុពលនោះទេ ខណៈដីដែលនៅតំបន់ដែលមានសក្តានុពល ដូចអ៉ីអន២ ឬ ដីនៅបឹងកេងកង ឬ ទួលគោកក៏មានកន្លែងខ្លះ វាមិនល្អផងដែរ” ។

លោកបញ្ជាក់ទៀតថា “តំបន់ភាគខាងត្បូងនេះ ក៏មានគម្រោងវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវក្រវ៉ាត់ក្រុង) ក៏ជំរុញឱ្យវិស័យដីធ្លីមានសក្តានុពលខ្ពស់ ។ អ្នកវិនិយោគគួរតែគិតគូស្វែងរកដីធ្លីនៅតាមផ្លូវនេះ ដើម្បីទិញទុកលក់យកចំណេញ តែមិនប្រាកដថា វាមានសក្តានុពលខ្ពស់ទាំងអស់ដែរ មុននឹងសម្រេចចិត្តលើការវិនិយោគ ត្រូវពិនិត្យមើលលក្ខណៈទ្រង់ទ្រាយដី ឯកសារពាក់ព័ន្ធផ្សេងៗ និងទីតាំងឱ្យបានច្បាស់លាស់”៕

ពហុកីឡដ្ឋានមរតកតេជោតម្លៃ ១៦០លានដុល្លារ ពន្យាពេលបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ ២០២១

ដោយ ហ្សូលី

ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោដែលមានទុនវិនិយោគប្រមាណ ១៦០លានដុល្លារ ត្រូវបានពន្យាពេលបញ្ចប់ការសាងសង់សារជាថ្មីពោលគឺលើកទៅខែឧសភាព ឆ្នាំ ២០២១ ដោយហេតុផលថា ត្រូវចំណាយពេលបន្ថែមក្នុងការសាងសង់ផ្នែកមួយចំនួនទៀត។

ការពន្យាពេលនេះលើកពេលសារជាថ្មី ដែលលើកមុនថ្នាក់ដឹកនាំបានបញ្ជាក់ថានឹងបញ្ចប់ការស្ថាបនានៅក្នុងខែមេសា ឆ្នាំ ២០២១ ប៉ុន្តែដោយសារបញ្ហាមួយចំនួនតម្រូវឱ្យពន្យាពេលបញ្ចប់ការសាងសង់នៅក្នុងខែឧសភា ឆ្នាំ ២០២១វិញ។ នេះបើតាមឱ្យដឹងពី លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា។

លោកបានបញ្ជាក់ប្រាប់ពីហេតុផលជាក់ស្តែងដែលបណ្តាលឱ្យមានការរាំងស្ទះនិងអូសបន្លាយដល់ការបញ្ចប់សាងសង់នេះ ដោយសារកត្តា ២យ៉ាងមានដូចជា ការបង្ហើយចុងក្រោយរបស់កីឡដ្ឋាន មានការប្រែប្រួលកាលបរិច្ឆេទ ដោយសារក្រុមការងារត្រូវការពេលវេលាតុបតែង ការធ្វើបន្ទប់ ការបំពាក់កញ្ចក់ បំពាក់កៅអី ជាដើម។

លើសពីនេះ ក៏ត្រូវរៀបចំបន្ថែមនូវការតុបតែងផ្នែកខាងក្នុង ទាំងតារាងបាល់ ប្រព័ន្ធខាងក្រោមតារាងបាល់ ទីលានរត់អត្តពលកម្ម និងបន្ទប់វីអាយភី។

ពហុកីឡដ្ឋានមរតកតេជោលំដាប់អន្តរជាតិ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ចិន និងសាងសង់លើផ្ទៃដីសរុបជាង ១៦ ហិកតា។

ពហុកីឡដ្ឋានដ៏ទំនើបនេះជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនសាងសង់លើផ្ទៃដីជាង១៦ហិកតា ដោយគ្រោងចំណាយថវិកា១៥៨លានដុល្លារ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ ចាប់តាំងពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕