ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់យ៉ាងដំណំ ពីវិបត្តិសេដ្ឋកិច្ចសាកលដែលបណ្តាលមកពីជំងឺឆ្លងនៅក្នុងឆ្នាំ២០២០ សម្រាប់ឆ្នាំ២០២១នេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា វាគឺជាពេលវេលាដ៏ល្អមួយ ចំពោះអ្នកដែលមានលុយគ្រប់គ្រាន់វិនិយោគ ក៏ដូចជាធ្វើការអភិវឌ្ឍគម្រោងរបស់ខ្លួនបានយ៉ាងល្អប្រសើរបំផុត។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅល្ងាច ថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ឆ្នាំ២០២១ គឺជាពេលវេលាមួយដែលស័ក្ដិសមបំផុត សម្រាប់អ្នកដែលមានដើមទុន និងចរន្តសាច់ប្រាក់គ្រប់គ្រាន់ក្នុងការវិនិយោគ ឬចាប់ផ្តើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន សម្រាប់ដាក់បញ្ចូលទៅក្នុងទីផ្សារនៅអំឡុងចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ បន្ទាប់ពីវិបត្តិនៃជំងឺត្រូវបានបញ្ចប់ក្រោយមានការប្រើប្រាស់វ៉ាក់សាំងជាសាកល។
លោកបន្តថា “ពេលនេះនៅតាមបណ្តាប្រទេសធំៗមួយចំនួន ចាប់ផ្តើមប្រើវ៉ាក់សាំងជាបណ្តើរៗ ហើយនឹងបន្តនាំចែកចាយទៅតាមបណ្តាប្រទេសផ្សេងៗ ដែលក្នុងនោះកម្ពុជា ក៏ត្រៀមនឹងនាំយកមកប្រើប្រាស់នៅក្នុងប្រទេសដែរ។លោកបន្តថា“ដូច្នេះក្រោយពេលមានការប្រើប្រាស់វ៉ាក់សាំងជាសាកល និងមានប្រសិទ្ធភាពខ្ពស់ ពេលនោះដំណើរការនៃចរន្តសេដ្ឋកិច្ចនឹងចាប់ផ្តើមឡើងវិញ ហើយទីផ្សារអចលនទ្រព្យក៏នឹងផ្តើមវិលទៅរកភាពល្អប្រសើរវិញដែរ” ។
លោកសុខនីមបានបន្តថា នៅក្នុងឱកាសនេះសម្រាប់អ្នកលុយគ្រប់គ្រាន់ គួរទិញដី ឬផ្ទះទុក លក់ ឬជួលយកចំណេញក្រោយពេល តម្លៃចាប់ផ្តើមឡើងថ្លៃនៅឆ្នាំក្រោយ ឬឆ្នាំបន្ទាប់។ ដោយឡែកសម្រាប់អ្នកដែលមានលុយជាកញ្ចប់ គួរទិញគម្រោងខុនដូដែលមានតម្លៃសមរម្យ និងស្ថិតទីតាំងល្អ ព្រោះខុនដូបានផ្តល់ឱកាស ក្នុងការបង់រំលស់រយៈពេលយូរ ហើយក្រោយការបញ្ចប់គម្រោង អាចលក់ចេញវិញបានតម្លៃថ្លៃ ឬអាចជួលបានក្នុងតម្លៃខ្ពស់។ ប៉ុន្តែមុនពេលទិញត្រូវប្រាកដថា ទិញពីក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងដែលមានកេរ្តិ៍ល្អត្រឹមត្រូវ ជៀសវាងទិញចំគម្រោងស្អុយ មិនដំណើររលូន ដែលអាចបង្កជាការខាតបង់។
នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Key Real Estate លោក សន សៀប បានមានលើកឡើងថា នៅក្នុងឆ្នាំ២០២១នេះ សម្រាប់ខេត្តដែលមានសក្ដានុពលក្នុងទិញដីវិនិយោគ ឬអភិវឌ្ឍន៍គម្រោងផ្សេងៗ គួរសម្លឹងទៅកាន់ខេត្តជាប់មាត់សមុទ្រចំនួន២ គឺខេត្តកំពត និងខេត្តកែប ដែលមានសក្ដានុពលផ្នែកទេសចរណ៍។
លោកបានបន្តថា “ខេត្តកែប និងខេត្តកំពត បានក្លាយជាតំបន់គោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ពីសំណាក់ទេសចរក្នុងស្រុក ជាពិសេសក្រោយពេលផ្លូវជាតិលេខ៣ ត្រូវបានបញ្ចប់ការសាងសង់នោះ វានឹងកាន់តែជំរុញឱ្យទេសចរធ្វើដំណើរទៅកាន់តំបន់កម្សាន្តនានា នៅក្នុងខេត្តជាប់មាត់សមុទ្រទាំងពីរនេះ” ។
លោកបន្តថា សម្រាប់ការវិនិយោគ ក្នុងវិស័យដីធ្លីនៅក្នុងខេត្តទាំង២នេះ គឺនៅមានឱកាសទទួលបានចំណេញ ដោយសារតែវិសាលភាពនៃដីទំនេរនៅមានច្រើន ហើយតម្លៃក៏មានទាន់ឡើងខ្ពស់ខ្លាំងនោះដែរ ដូច្នេះឱកាសវិនិយោគ នៅតែមានជាពិសេសដីដែលស្ថិតនៅតាមតំបន់ជិតភ្នំ តំបន់ជាប់ព្រែក ដែលស័ក្ដិសមនឹងការអភិវឌ្ឍន៍ជាតំបន់កម្សាន្ត ឬលំនៅដ្ឋានលំហែរ។ ប៉ុន្តែសម្រាប់ការទិញដីទុក ក៏មិនសូវទទួលបានផលច្រើន ដែល ទាល់តែទិញសម្រាប់គម្រោងអភិវឌ្ឍ ទៅជាតំបន់ទេសចរណ៍កែច្នៃផ្សេងៗ ទើបអាចមានសក្ដានុពលល្អ” ៕