ប្រទេស​ថៃ​ចាប់ផ្តើម​សិក្សា​ជា​ផ្លូវការ​នូវ​គម្រោង​ផ្លូវដែក​តម្លៃ ៣,១ពាន់​លាន​ដុល្លារ​ដើម្បីត​ភ្ជាប់​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​របស់​ថៃ (SRT) បាន​ជួល​អ្នកពិគ្រោះ​យោបល់ ដើម្បី​ធ្វើការ​សិក្សា លើ​គម្រោង​ផ្លូវដែក​តម្លៃ ៩៦,៧ពាន់​លាន​បាត (៣,១ ពាន់​លាន​ដុល្លារ) ដើម្បី​ភ្ជាប់​ផ្លូវ​រវាង​ទីក្រុង Mae Sot និង Nakhon Sawan ដោយ​កំណត់ពេល​សិក្សា​បញ្ចប់​នៅ​ឆ្នាំក្រោយ។

គម្រោង​នេះ ជា​ផ្នែក​ដំបូង​នៅក្នុង​គម្រោង​ផ្លូវ​ស្ថិត​តាម​បណ្តាញ ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត និង​ខាងលិច ដែល​នឹង​គាំទ្រ​ដល់​ការដឹកជញ្ជូន ទៅ​ប្រទេសជិតខាង​កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម។

លោក Niruj Maneepun អ្នកគ្រប់គ្រង​ក្រុមហ៊ុន SRT បាន​និយាយថា ក្រុមប្រឹក្សា​ក្រុមហ៊ុន SRT កាលពី​សប្តាហ៍​មុន បានអនុម័ត​ការតែងតាំង​ក្រុមហ៊ុន Tesco Co សាកលវិទ្យាល័យ Chulalongkorn និង​ក្រុមហ៊ុន​Design Concept Co ជាមួយនឹង​ថវិកា​ចំនួន ១៦១លាន​បាត ដើម្បី​សិក្សា​លើ​គម្រោង​នេះ។

ក្រុមការងារ​រួមគ្នា​នេះ ត្រូវបាន​ផ្តល់​រយៈពេល៣៦០ថ្ងៃ ដើម្បី​ធ្វើការ​សិក្សាការ​រចនា​ល​ម្អិ​ត និង​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន (EIA) សម្រាប់​ផ្លូវដែក​ថ្មី២៥៦គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ទីក្រុង Mae Sot ខេត្ត Kamphaeng Phet និង​ទីក្រុង Nakhon Sawan។

បន្ទាប់ពី​ការសិក្សា​រួច គំរូ​វិនិយោគ និង​ថវិកា​សម្រាប់​ការ​សាង​ស ង់​នឹងត្រូវ​បានអនុម័ត។

លោក Niruj បាន​និយាយថា ក្រុមហ៊ុន SRT នឹងត្រូវ​ការ​ដី ដើម្បី​សាងសង់​ផ្លូវ​ថ្មី​នេះ ដែល​នឹង​គាំទ្រ ដល់​ការដឹកជញ្ជូន​ពី​ព្រំដែន តាម​បណ្តោយ​ច្រករបៀង​ខាងកើត និង​ខាងលិច។

លោក​បាន​បន្ថែមថា “ភ្លើង​ខៀវ​សម្រាប់​ការសិក្សា​គម្រោង​នេះ បានបញ្ជាក់​ចំណុច​ចាប់ផ្តើម​សំខាន់​មួយ សម្រាប់​ផ្លូវដែក​ភាគ​ខាងកើត និង​ខាងលិច ដោយសារ​គម្រោង​ស្ថាបនា​ផ្លូវ​ពី​ទីក្រុង Nakhon Sawan ទៅ​ទីក្រុង Ban Phai ក្នុង​ខេត្ត Khon Kaen នៅតែ​ស្ថិតនៅក្រោម​សិក្សា” ។

ផ្លូវដែក​ខាងកើត និង​ខាងលិច​ចែកចេញជា៣ផ្នែក គឺ​ផ្លូវ​ប្រវែង២៥០គីឡូម៉ែត្រ​ពី​ខេត្ត Tak ទៅ​ទីក្រុង Nakhon Sawan ចម្ងាយ២៩១ គីឡូម៉ែត្រ​ពី Nakhon Sawan ទៅដល់ Ban Phai និង​ផ្លូវ ៣៥៥ គីឡូម៉ែត្រ​ទៅ​ខេត្ត Nakhon Phanom។

ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន SRT បានទទួល​ស្គាល់​គំរូ​អភិវឌ្ឍន៍ ពាណិជ្ជ​កម្មនេះ សម្រាប់​មជ្ឈមណ្ឌល​រថ​ភ្លើង ប្រើប្រាស់​ចម្រុះ​នៅ​ទីក្រុង​បាងកក។

ផ្ទៃដី ៥២ហិកតា នឹងមាន​មជ្ឈមណ្ឌល​តាំងពិព័រណ៍ និង​លំនៅដ្ឋាន​របស់​បុគ្គលិក​ក្រុមហ៊ុន ដោយ​វិនិយោគិន​ឯកជន​រួម បានផ្តល់​សម្បទាន​រយៈ​ពេល ៥០ឆ្នាំ ដើម្បី​គ្រប់គ្រង​ទីតាំង​នេះ ដោយ​បែង​ចែកជា៤ឆ្នាំ​សម្រាប់​ការសាងសង់ និង​រយៈពេល ៤៦ឆ្នាំ​សម្រាប់​ការគ្រប់គ្រង។

លោក Niruj មានប្រសាសន៍ថា “អ្នកពិគ្រោះ​យោបល់​ប៉ាន់​ស្មានថា តម្លៃ​បច្ចុប្បន្ន​សុទ្ធ (NPV) នៃ​គម្រោង​គឺ ១៦,៨ពាន់​លាន​បាត” ។ លោក​បាន​បន្តថា ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន SRT បានទទួល​ស្គាល់​គំនិត​នេះ ប៉ុន្តែ​នឹង​រង់ចាំ​ការបង្កើត​ក្រុមហ៊ុន​គ្រប់គ្រង​មួយ មុននឹង​បញ្ជូនបន្ត ទៅ​គណៈរដ្ឋមន្ត្រី​សម្រាប់​ការអនុម័ត” ៕

ចំណេះដឹង! អ្វី​ជា​បដិវត្តន៍​ឧស្សាហកម្ម ៤.0?

ដោយ​វុត្ថា

ភ្នំពេញៈ បច្ចេកវិទ្យា​ជំរុញ​ផលិតភាព​កំពុង​ធ្វើ​ឲ្យ​ពិភពលោក ដែល​យើង​កំពុង​រស់នៅ​បច្ចុប្បន្ន មានការ​ប្រែប្រួល​ដូចជា របៀប​ដែល​យើង​ផលិត និង​ប្រើប្រាស់​ជាដើម។ នេះ​គឺជា​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ដែល​គេ​ហៅ​កាត់​ម្យ៉ាង​ទៀតថា (ឧស្សាហកម្ម ៤.០) ។

ឧស្សាហកម្ម ៤.០ សំដៅលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា ជឿនលឿន​មួយចំនួន​ដូចជា ការបោះ​ពុ​ម្ភ 3D បច្ចេកវិទ្យា​មនុស្ស​យន្ត បច្ចេកវិទ្យា​ជីវសាស្ត្រ quantum computing ទំនើបកម្ម​លើ​បណ្ដាញ​ទូរគមនាគមន៍ និង​ចំណេះធ្វើថ្មីៗអំពី​ការគ្រប់គ្រង​ផលិតកម្ម។

បច្ចេកវិទ្យា​ទាំងនេះ ក៏​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់​ដំណើរការ​ផលិតកម្ម ដែល​នាំ​ឲ្យ​មានការ​ចោទសួរ​អំពី ទស្សនទាន​សេដ្ឋកិច្ច​ជា​មូលដ្ឋាន​មួយចំនួន ក៏ដូចជា​ការបែងចែក​កម្លាំង​ពលកម្ម និង​ឧត្ដមភាព​នៃ​ការប្រកួតប្រជែង​ជាដើម។

មានន័យថា នឹងមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដល់​ផលិតកម្ម ការរៀបចំ​សេដ្ឋកិច្ច និង​ការដឹកជញ្ជូន ដោយសារតែ​មានការ​បង្កើត​យ៉ាង​ឆាប់រហ័ស​នូវ​ផលិតភាព តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម និង​ការបង្កើន​គុណភាព​ផលិតផល។

បដិវត្តន៍​ឧស្សាហកម្ម​ទី៤ បាន​លេច​ឡើងជា​ប្រធានបទ​សំខាន់​មួយ ដែល​បាននិងកំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​មេដឹកនាំ​ពិភពលោក អ្នកសិក្សា អ្នកអនុវត្ត អ្នកជំនាញ អ្នកបង្កើត​គោលនយោបាយ និង​សាធារណៈជន​ទូទៅ ហើយ​ត្រូវបាន​រំពឹងទុក​ថា ឥទ្ធិពល​របស់​វា​នឹង​លាត​ស​ន្ធឺ​ង​លើ​ស្ទើរតែ​គ្រប់​ជ្រុង និង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​មនុស្ស៕

រោងចក្រផលិតដែកថ្មីមួយនៅក្នុងស្រុកឧត្តុងនឹងដាក់ឱ្យដំណើរការឆាប់ៗនេះ

ដោយវុត្ថា

ភ្នំពេញ៖ រោងចក្រផលិដែកថ្មីមួយដែលកំពុងវិនិយោគដោយក្រុមហ៊ុនចិន នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺនឹងដាក់ឱ្យដដំណើរការឆាប់ៗខាងមុខនេះ ដោយបឋមប្រើប្រាស់ការរំលាយដែកអេតចាយជាសំណល់រឹងនានាក្នុងប្រទេស និងអាចនាំដែកដុំជាវត្ថុធាតុដើមពាក់កណ្តាលសម្រេចមកផលិតជាដែកសំណង់។

លោក កែវ រតនៈ ប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយអគ្គិសនីកម្ពុជា បានឱ្យដឹងបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយនិយោជិត-កម្មករ និងការចុះទស្សនកិច្ចការងារនៅក្រុមហ៊ុន HONG DE SHENG STEEL ( CAMBODIA) Co.LTD នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០នេះ ។

លោកបន្តថា ជាមួយនឹងដាក់ឱ្យដំណើរការរោងចក្រផលិតដែកនាពេលខាងមុខនេះ អគ្គិសនីកម្ពុជាជួយផ្តល់ប្រភពអគ្គិសនីពី៣០ ទៅ ៥០ មេហ្កាវ៉ាត់ជូនក្រុមហ៊ុនតាមតម្រូវការ ដើម្បីកាត់បន្ថយការនាំដែកពីបរទេសចូល និងបង្កើតការងាររាប់រយកន្លែងជូនប្រជាពលរដ្ឋខ្មែរ។

លោក LIN XIANGRONG ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន HONG DE SHENG STEEL ( CAMBODIA) Co.LTD
បានថ្លែងថា ក្រុមហ៊ុនរបស់លោក បានមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩មក ។ លោក បន្តថា ដោយសារតែ កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ បានបង្កលក្ខណៈ អំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន នៅក្នុងនោះមានក្រុមហ៊ុនលោកមួយដែរ។

លោកបន្តថា កម្ពុជាបានបើកចំហនិងលើកទឹកចិត្តដល់ការវិយោគពីបរទេស ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច អភិវឌ្ឍន៍ប្រទេសជាតិ ពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋធ្វើ រស់នៅក្នុងជីវភាពសមរម្យ ប្រទេសជាតិមានសុខសន្តិភាព។

ក្រុមហ៊ុន HONG DE SHENG STEEL ( CAMBODIA) Co.LTD គឺជាគម្រោងទី១របស់ ហុង ឌី សេងគ្រុប ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានបង្កើតឡើងក្នុងឆ្នាំង២០១៩។ ក្រុមហ៊ុននេះ មានមូលដ្ឋាន និងទីតាំងស្ថិតនៅរាជធានីភ្នំពេញដែលមានផ្ទៃដីប្រមាណ១២ហិចតា។

ក្រុមហ៊ុននឹងចាប់ផ្តើមផលិតជាផ្លូវការនៅឆ្នាំ២០២០ ផលិតផលសំខាន់ៗក្នុងក្រុមហ៊ុនមានដូចជា ដែកថ្នាំងអំពៅ និង ដែកកង ហើយគំរោងផលិតក្នុងលើកទីមួយប្រមាណជា៥០ម៉ឺនតោន៕

ក្រសួងដែនដី ចេញសេចក្ដីប្រកាសពាក់ព័ន្ធទៅនឹងការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណ៨០០នាក់មកពីខេត្តកោះកុង

ដោយ ៖ សំណាង

ភ្នំពេញ ៖ ក្រោយទទួលបានពាក្យបណ្ដឹងពីសំណាក់ប្រជាពលរដ្ឋសរុបប្រមាណ៨០០នាក់មកខេត្តកោះកុង ដោយទាមទារឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជួយរកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគេដែលអះអាងថាមានវិវាទជាមួយក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិវិនិយោគ និងអភិវឌ្ឍន៍នោះ ក្រសួងរៀបចំដែនដីបានសម្រេចចេញសេចក្ដីប្រកាសព័ត៌មាន ដែលបង្ហាញពីកិច្ចមិនគាំទ្រទៅលើការស្នើសុំទាំងស្រុងទៅលើពាក្យបណ្ដឹងនោះឡើយ។

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅមុខទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រជាពលរដ្ឋសរុបប្រមាណ៨០០នាក់ បានលើកគ្នាមកសុំការដោះស្រាយជូនពួកគេ ក្រោមហេតុផលពាក់ព័ន្ធទៅនឹងបញ្ហានៃវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនចំនួន២ផ្សេងគ្នា ហើយក្នុងចំណោមប្រជាពលរដ្ឋទាំងនេះ ក៏មានអ្នកខ្លះដែលក្រីក្រមិនមានដីធ្លីសម្រាប់ស្នាក់នៅ និងបង្កបង្កើនផល ស្នើសុំដីសម្បទានសង្គមកិច្ច។

នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតបទៅនឹងការស្នើសុំរកដំណោះស្រាយពីសំណាក់ប្រជាពលរដ្ឋសរុបប្រមាណ៨០០នាក់មកពីខេត្តកោះកុង ដែលអះអាងថាមានវិវាទដីធ្លីកម្មសិទ្ធិរបស់ពួកគាត់ជាមួយក្រុមហ៊ុនឯកជន ដែលទទួលបានសិទ្ធិវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងភូមិ ឃុំ មួយចំនួន នៃស្រុកស្រែអំបិល ខេត្តកោះកុង។

នៅក្នុងសេចក្ដីប្រកាសដដែលនេះបានបង្ហាញថា សំណើភាគច្រើនត្រូវបានក្រសួងដែនដីបដិសេធមិនទទួលដោះស្រាយនោះឡើយ ដោយហេតុថា ធ្លាប់បានធ្វើការដោះស្រាយចប់រួចរាល់កាលពីពេលកន្លងទៅ ហើយការស្នើសុំពីសំណាក់ប្រជាពលរដ្ឋខ្លះទៀតមិនសមហេតុផល និងមិនមានឯកសារដែលបញ្ជាក់ពីការកាន់កាប់ដីនោះឡើយ។

សេចក្ដីសម្អិតនៃការសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទដីធ្លីខាងលើនេះមាននៅខាងក្រោមនេះ ៖

សេដ្ឋវិទូកម្ពុជា៖ ការបើកច្រកព្រំដែនអន្តរជាតិរបស់កម្ពុជាបន្ថែម នឹងជួយជំរុញលំហូរពាណិជ្ជកម្ម

ដោយវុត្ថា

ភ្នំពេញ៖ សេដ្ឋវិទូកម្ពុជា បានលើកឡើងថា ការបើកច្រកព្រំដែនអន្តរជាតិរបស់កម្ពុជាជាមួយនឹងប្រទេសវៀតណាម និងថៃ នឹងជួយជំរុញកំណើននៃការដឹកជញ្ជូនទំនិញ លំហូរពាណិជ្ជកម្ម ទេសចរណ៍និងការវិនិយោគកាន់តែមានភាពងាយទាក់ទាញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិសភាកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងបើកច្រកទ្វារអន្តរជាតិរបស់កម្ពុជានឹងជួយរំលែកនូវការកកស្ទះចរាចរណ៍ និង ការដឹកទំនិញចេញចូលតាមក្រវ៉ាត់ព្រំដែន ។

លោកបន្តថា សម្រាប់ច្រកអន្តរជាតិថ្មីរបស់កម្ពុជាជាមួយនឹងថៃ និងច្រកអន្តរជាតិព្រៃវល្លិ៍ព្រំដែនវៀតណាមគឺជាច្រកដឹកទំនិញ ដែលជាចំណុចដ៏ល្អចំពោះវិស័យសេដ្ឋកិច្ចរបស់កម្ពុជា កុំឱ្យមានការកកស្ទះនៅតាមព្រំដែន ខណៈបច្ចុប្បន្ននេះ ការធ្វើចរាចរណ៍ទំនិញជាមួយនឹងវៀតណាម និង ថៃ មានការកើនឡើងជាលំដាប់ ព្រមជាមួយនឹងមានការពន្យាពេល រហូតដល់មានការរត់ការនៅច្រកព្រំដែនទៀត។

លោកបន្ថែមថា ការបើកច្រកព្រំដែនអន្តរជាតិរបស់កម្ពុជា ជាមួយនឹងប្រទេសជាប់ព្រំដែន នឹងចូលរួមកាត់បន្ថយការរត់ការផ្សេងៗ ដែលកន្លងមកនេះ ធ្វើឱ្យមានការតិះទៀនមកលើកកម្ពុជា ចំពោះបញ្ហានេះ ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា តាមផែនការ រាជរដ្ឋាភិបាលនឹងសម្របសម្រួលជាមួយនឹងភាគីថៃ ដើម្បីបើកច្រកអន្តរជាតិស្ទឹងបត់ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ។

លោកបន្តថា សម្រាប់ច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ដែលឯកឧត្តមទេសរដ្ឋមន្ត្រី ទៅទស្សនកិច្ចកាលពីពេលថ្មី ក៏គ្រោងនឹងបើកឱ្យកាន់តែធំទូលាយបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនពីប្រទេសទី ៣ និងនៅក្នុងតំបន់ ចេញនិងចូលកម្ពុជា ខណៈបច្ចុប្បន្ននេះ ការដឹកទំនិញនៅតាមព្រំដែនកំពុងតែមានការកកស្ទះយ៉ាងខ្លាំង។
លោកបន្ថែមថា ចំពោះការបើកច្រកព្រំដែនអន្តរជាតិរបស់កម្ពុជា នឹងជួយជំរុញកំណើនសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗ កាន់តែមានភាពងាយស្រួល និងទាក់ទាញ ជាមួយនឹងប្រទេសជិតខាង និងនៅក្នុងតំបន់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីកន្លងមកនេះ បានមានប្រសាសន៍ថា កម្ពុជាកំពុងសម្របសម្រួលជាមួយភាគីថៃ ក្នុងការបើកច្រកអន្តរជាតិស្ទឹងបត់ជាបណ្តោះអាសន្ន និងបើកច្រកព្រំដែនអន្តរជាព្រៃវល្លិ៍ជាមួយនឹងវៀតណាមបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកទំនិញ និងកុំឱ្យមានការកកស្ទះចរាចរណ៍ទំនិញចេញចូលកម្ពុជា៕

រាជរដ្ឋាភិបាល ស្នើដល់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់កាត់បន្ថយការចំណាយពាក់កណ្តាលសម្រាប់ឆ្នាំ២០២១

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើ និងធ្វើការណែនាំដល់បណ្តាក្រសួង ស្ថាប័នរដ្ឋទាំងអស់ត្រូវព្យាយាមកាត់បន្ថយការចំណាយនានាឱ្យបានកាន់តែច្រើននៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ពោលគឺឱ្យនៅសល់ត្រឹមពាក់កណ្តាលធៀបទៅនឹងឆ្នាំកន្លងទៅ។

រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានមានប្រសាសន៍ថា សម្រាប់ការគ្រប់គ្រងថវិការបស់រដ្ឋសភានៅក្នុងឆ្នាំ២០២១ខាងមុខនេះ គឺមានភាពប្រែប្រួលខុសគ្នាកាលពីឆ្នាំកន្លងទៅ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានធ្វើការណែនាំដល់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់ ត្រូវធ្វើការកាត់បន្ថយការចំណាយរបស់ខ្លួនឱ្យនៅត្រឹមពាក់កណ្តាលធៀបនឹងឆ្នាំកន្លងទៅ។

ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងប្រជុំពិភាក្សាគ្នានាពេលថ្មីៗកន្លងមកអំពីការគ្រប់គ្រងថវិការបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២១ របស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាដឹកនាំដោយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។

លោក វង្សី វិស្សុត បានបញ្ជាក់ថា “មូលហេតុដែលតម្រូវឱ្យមានការកាត់បន្ថយការចំណាយនេះ គឺដោយសារការឆ្លងរីករាលដាល នៃជំងឺ Covid-19 បានធ្វើឱ្យ សេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំងលើការប្រមូលចំណូលចូលថវិកាជាតិ ដូច្នេះរាជរដ្ឋាភិបាល ក៏បានធ្វើការកាត់បន្ថយថវិកាចំណាយតាមបណ្តាក្រសួងស្ថាប័នរដ្ឋនូវការចំណាយមួយចំនួនដែលមិនចាំបាច់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ”៕

សម្តេចតេជោ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទីតាំងផលិតកម្មថ្មីរបស់ក្រុមហ៊ុនអាមេរិក

ដោយ ប៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ សម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសជួបពិភាក្សាការងារមួយចំនួនពាក់ព័ន្ធការវិនិយោគ និងធ្វើធុរកិច្ចជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។

ជំនួបពិភាក្សានេះភាគីក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ត្រូវបានដឹកនាំដោយលោក អាឡិចសាន់ដឺ ហ្វែលម៉េន (Alexzander Feldmen) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីវិធានការ និងចំណាត់ការរបស់កម្ពុជាមួយចំនួន ដើម្បីឆ្លើយតបនឹងវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងសភាពការណ៍កូវីដ១៩ប្រកបដោយប្រសិទ្ធភាព។ មកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ បិទប្រទេសទាំងមូលនោះទេ។ ជាការពិតជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួនជាអាទិ៍ នៅក្នុងវិស័យវាយនភណ្ឌ, វិស័យទេសចរណ៍, វិស័យអាកាសចរណ៍ និង វិស័យសេវាខ្លះទៀត។

សម្តេចតេជោបានគូសបញ្ជាក់ថា ស្ថិតក្នុងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន៥ជុំរួចមកហើយមានដូចជា វិធានការជួយដល់វិស័យសេដ្ឋកិច្ច និង វិស័យសង្គមកិច្ច, សំដៅជួយរក្សាលំនឹងផលិតកម្ម និង អាជីវកម្ម ក៏ដូចជាធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។


ទន្ទឹមនេះ សម្តេចតេជោបានលើកឡើងថា ធុរកិច្ចអាម៉េរិកមួយចំនួន ដែលមានវត្តមាននៅកម្ពុជា ក៏បានទទួលនូវផលប្រយោជន៍ពីវិធានការទាំងនេះ។ ទោះបីជាមានបញ្ហាជំងឺកូវីដក៏ដោយ តែសម្តេចមានមោទនភាពចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលនៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ បានកើនឡើងប្រមាណជិត១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។

សម្តេចតេជោបានលើកឡើងថា ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសនៅពេលជំងឺកូវីដ១៩ មានភាពធូរស្រាលនោះ កម្ពុជាកំពុងរៀបចំកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក, បង្គុំ, កសិឧស្សាហកម្ម, គ្រឿងបន្លាស់, ឧស្សាហកម្មគាំទ្រ និង ឧស្សាហកម្មផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនផងដែរ។ សម្តេចបានបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងជួយទាក់ទាញអ្នកវិនិយោគរបស់អាមេរិកចូលមកកម្ពុជា។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំសង្ឃឹមថា ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ សម្រាប់ក្រុមហ៊ុនអាម៉េរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍។ បន្ថែមលើនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការ កែទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលបណ្ដាវិនិយោគិន និងធុរជន កំពុងជួបប្រទះ ក្នុង គោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើត បរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និង ការវិនិយោគនៅក្នុងប្រទេស»


សម្តេចតេជោ ក៏បានថ្លែងទៅកាន់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានដែរថា ជាទិសដៅទៅមុខ កម្ពុជានឹងដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេល គួបផ្សំនឹងការគិតគូរជាយុទ្ធសាស្ត្រ តាមរយៈការដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយរូបិយវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលបំណងជាអាទិភាពចំនួន២ រួមមាន៖ ការរក្សាលំនឹងសេដ្ឋកិច្ច និង សង្គម និងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

សម្តេចតេជោ បានកត់សម្គាល់ថា ជំនួបពិភាក្សានេះ ជាការបង្ហាញអំពីការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនអាម៉េរិក មកលើកម្ពុជា ក៏ដូចជាបង្ហាញអំពីឆន្ទៈ នៃការចូលរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទាំងមូល។

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យលោក អាឡិចសាន់ដឺ ហ្វលម៉េន និងតំណាងក្រុមហ៊ុនទាំងអស់ មេត្តាផ្សព្វផ្សាយបន្តអំពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងសូមជួយទាក់ទាញវិនិយោគិនអាម៉េរិក មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា។


កម្ពុជា និងចិន ទើបនឹងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាកាលពីពេលថ្មីៗនេះ ហើយរំពឹងថា នឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗខាងមុខរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ មន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា ធ្លាប់បានឱ្យដឹងថា ផលិតផលជាកសិផលរបស់កម្ពុជាជាច្រើនមុខ នឹងត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិនដោយមិនជាប់ពន្ធតាមរយៈកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា ធ្វើឱ្យផលិតផលកម្ពុជាកាន់តែច្រើននឹងមានវត្តមានលើទីផ្សាររបស់ចិន ហើយក៏ជួយទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាផងដែរ៕

ប្រមុខ​រដ្ឋាភិបាល​អះអាង​នឹង​បន្ត​ប្តេជ្ញា​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច បើ​ទោះ​កំពុងជួប​ព្យុះ​នៃ​វិបត្តិ​កូ​វីដ-១៩

ដោយៈ​ប៊ី

ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អះអាង​សារជាថ្មី នូវ​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបន្ត​ថែរក្សា​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច បើទោះបីជា​កម្ពុជា​កំពុង​ជួប​រលក​ព្យុះ​នៃ​វិបត្តិ​កូ​វីដ-១៩ យ៉ាងណាក៏ដោយ។

យោងតាម​សារលិខិត​របស់ សម្ដេច​តេ​ជោ ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា​ឆ្នាំ២០២០ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ផ្លូវការ​របស់​សម្តេច​ថា រលក​ព្យុះ​នៃ​វិបត្តិ​កូ​វីដ-១៩ បាននិងកំពុង​បក់បោក​មកលើ​សេដ្ឋកិច្ច និង​សង្គម នៅក្នុង​បណ្ដា​ប្រទេស​ស្ទើរ​ទាំ​អស់ នៅ​ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ។

សម្តេច​បន្តថា “ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​នេះ បាន​បង្ក​ការគំរាមកំហែង​យ៉ាងខ្លាំង​ក្លា ដល់​ការអភិវឌ្ឍ​ដែល​កម្ពុជា សម្រេចបាន​ក្នុង​រយៈពេល៣០ឆ្នាំ ចុងក្រោយ​នេះ នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន” ។

តាម​ការប៉ាន់ប្រមាណរ​បស់​សេដ្ឋវិទូ ក៏ដូចជា​ស្ថាប័ន​អន្តរជាតិធំៗបាន​បង្ហាញថា ភាពប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា អាច​នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់-១,៩ភាគរយ នៅ​ឆ្នាំ២០២០នេះ។

សម្ដេច​តេ​ជោ​បន្តថា បន្ថែម​លើ​វិបត្តិ​ដែល​បង្កឡើង ដោយ​ជំងឺឆ្លង​កូ​វីដ-១៩ សភា​ការណ៍​ពិភពលោក នៅតែ​បន្ត​ប្រែប្រួល​វិ​វ​ឌ្ឍ​កាន់តែ​តឹងតែង ស្មុគស្មាញ ប្រកបដោយ​គ្រោះថ្នាក់ បង្កឡើង​ដោយ​ការប្រកួតប្រជែង រវាង​ប្រទេស​មហាអំណាច ដើម្បី​ការពារ​ផលប្រយោជន៍ រក្សា​ឥទ្ធិពល​នយោបាយ យោធា​និង​សេដ្ឋកិច្ច​របស់ខ្លួន។

មហិច្ឆតា​ក្ដោប​ក្ដាប់ និង​ដឹកនាំ​ពិភពលោក​របស់​មហាអំណាច​ខ្លះ តាមរយៈ​ការប្រកាន់យក​នយោបាយ​ឯកតោភាគី​និយម និង​គាំពារ​និយម បាន​ជំរុញ​សណ្ដាប់ធ្នាប់​អន្តរជាតិ ដែល​ផ្អែកលើ​ច្បាប់​និង​ប្រព័ន្ធ​ពហុភាគី​និយម ដែល​បាន​ជួយ​រក្សា​សន្តិភាព និង​វិបុលភាព​ដល់​ពិភពលោក អស់​រយៈពេល​ជិត៧៥ឆ្នាំកន្លងមក​នោះ ទទួលរង​សម្ពាធ​ជាងពេលណាៗទាំងអស់។

នៅក្នុង​បរិបទ​នេះ ប្រទេស​មហាអំណាច​លោកខាងលិច​ខ្លះ បាននិងកំពុង​សហកា​រ​ប្រទាក់ក្រឡា​គ្នា​ជា​ប្រព័ន្ធ ក្នុង​ការដាក់​សម្ពាធ​កៀបសង្កត់​ឱ្យ​កម្ពុជា ដើរ​តាម​គន្លង​នយោបាយ​របស់ខ្លួន ដូចដែល​ពួកគេ​ធ្លាប់បាន​ប្រព្រឹត្ត​មកលើ​កម្ពុជា កាលពី​ទសវត្សរ៍​ឆ្នាំ១៩៧០-១៩៨០ ដោយ​រំលោភបំពាន​លើ​គោលការណ៍ សមភាព​អធិបតេយ្យភាព​រវាង​បណ្ដា​រដ្ឋ និង​គោលការណ៍​មិន​ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ អ.ស.ប និង​នៅក្នុង​ច្បាប់​អន្តរជាតិ។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គូសបញ្ជាក់ថា ទោះជា​ស្ថិត​ក្នុងការ​លៈ​ទេសៈ ណាក៏ដោយ រាជរដ្ឋាភិបាល​អះអាង​សារជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត ក្នុងការ​ថែរក្សា​ឱ្យបាន​នូវ​ភាពជា​ម្ចាស់ការ​លើ​ការងារ​ជា​អាទិភាព​ចម្បង​ពីរ គឺ​ទីមួយៈ ការបន្ត​ថែរក្សា​ស្ថិរភាព​នយោបាយ​ដែលជា​មូលដ្ឋានគ្រឹះ សម្រាប់​គ្រប់គ្រង​ស្ថានការណ៍ និង​ទី​ពី​រៈ ការថែរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អប្រសើរ ទប់ស្កាត់​អតិផរណា​និង​ការឡើង​ថ្លៃទំនិញ​ក្នុង​ទីផ្សារ និង​ការបន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ច្បាស់លាស់ នូវ​ភារកិច្ច​ចំនួន​ប្រាំ ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បី​សន្តិភាព សុវត្ថិភាព សុខមាលភាព​ប្រជាជន និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ។

សម្ដេច​តេ​ជោ​សង្កត់ធ្ងន់ថា “កម្ពុជា​ទើបតែ​បាន​សុខសាន្ត រស់នៅក្នុង​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ ក្រោយពី​ការឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម ការបែកបាក់​រងទុក្ខវេទនា​ខ្លោចផ្សា​រក​ទីបំផុត​គ្មាន ជាច្រើន​សតវត្សរ៍​កន្ល​ង​មកហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន” ។

សម្តេច​តេ​ជោ​បាន​បន្ថែមថា បទពិសោធន៍​ដ៏​ជូរចត់​របស់​កម្ពុជា កាលពី​អតីតកាល និង​ការ​អនុវត្តបាន​យ៉ាង​ជោគជ័យ​នូវ «គោលនយោបាយ ឈ្នះ-ឈ្នះ» បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​ពី​តម្លៃ​សន្តិភាព និង​កាន់តែ​យល់​ពី​សារៈសំខាន់ មិនអាច​ខ្វះ​បាន​នៃ​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ គឺ​សន្តិភាព និង​ស្ថិរភាព៕





អ្នកជំនាញៈ ការគ្រប់គ្រង​អចលនទ្រព្យ​ត្រឹមត្រូវ​នឹង​បង្កើន​តម្លៃបន្ថែម​សំរាប់់គម្រោង​អភិវឌ្ឍន៍

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​ពី​ក្រុមហ៊ុន​អន្តរជាតិ​បានលើកឡើង​ថា ការគ្រប់គ្រង​អចលនទ្រព្យ ឬ Property Management ត្រឹមត្រូវ​ដូចជា អគារ​លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម និង​អគារ​ការិយាល័យ នឹង​ជួយ​រក្សា​តម្លៃ ហើយ​ថែមទាំង​បង្កើន​តម្លៃ​អចលនទ្រព្យ​នៅ​នា​ខាង​អនាគត។

លោក James Hodge នាយក​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ការចំណាយ​លើ​សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ នឹង​ជួយ​រក្សាបាន​គុណភាព​អគារ និង​រក្សាបាន​តម្លៃ​អចលនទ្រព្យ​នាពេល​អនាគត។

លោក​បាន​ថ្លែងថា “តើ​អ្នក​ព្យាយាម​ពិនិត្យ​វិធីសាស្ត្រ​អភិវឌ្ឍន៍ របស់​គម្រោង​អចល ន​ទ្រព្យ​ទាំងនេះ​ថា តើ​ពួកគេ​បានគិត​យ៉ាងច្បាស់​អំពី ការគ្រប់គ្រង​អចលនទ្រព្យ (Property Management) ហើយ​តើ​ពួកគេ​កំណត់​ថ្លៃ​សេវាកម្ម​យ៉ាងដូចម្តេច?” ។ លោក បន្ថែមថា “អនាគត​ប្រតិបត្តិការ​ទាំងអស់នេះ គឺ​ការគ្រប់គ្រង​អចលនទ្រព្យ (Property Management) នឹង​ជួយ​រក្សា​គុណភាព​អគារ (ខុន​ដូ) និង​រក្សាបាន​នូវ​តម្លៃ​ខ្ពស់​នៅខាងមុខ” ។

លោក Ross Wheble ប្រធាន​ក្រុមហ៊ុន Knight Frank Cambodia យល់ស្រប​ថា ការគិតថ្លៃ​សេវាកម្ម​លើ​ការគ្រប់គ្រង អចលនទ្រព្យ​គួរតែ​ពិនិត្យ ដោយ​យកចិត្តទុកដាក់ ជាពិសេស​ថា តើ​វា​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​អគារ​នេះដែរ​ឬទេ។

លោក​បាន​បន្តថា វិនិយោគិន​ជាច្រើន​យល់ថា ថ្លៃ​សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ​ទាប​ជាការ​សន្សំ ប៉ុន្តែ​វា​បាន​ក្នុង​រយៈពេល​ខ្លី។ ផលប៉ះពាល់​រយៈពេល​វែង​លើ​ការវិនិយោគ​អាច​នឹង​កើតឡើង ប្រសិនបើ​ថ្លៃ​សេវាកម្ម​មិន​គ្រប់គ្រាន់ សម្រាប់​ចំណាយ​លើ​ត្រួតពិនិត្យ​លើ​គុណភាព និង​សោភ័ណភាព​អគារ​ជាដើម។ ទី​ពីរ តើ​អ្នកណា​នឹង​គ្រប់គ្រង​អចលនទ្រព្យ។

លោក​បន្តថា “កត្តា​ទាំងនេះ(ការចំណាយ​ការគ្រប់គ្រង​អចលនទ្រព្យ​ដូចជា អគារ​ជាដើម និង​ក្រុមហ៊ុន​ជា​អ្នកគ្រប់គ្រង?) ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​រក្សា​តម្លៃ​នាពេល​អនាគត” ។

លោក​មើលឃើញ​ពី​ការកើនឡើង នៃ​ចំនួន​អ្នកវិនិយោគ​មកពី​ហុងកុង​ឥឡូវនេះ​កំពុង​សម្លឹងមើល​ឱកាស​នៅ​កម្ពុជា​ទាំង​អាជីវកម្ម និង​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ខណៈ​ភាគច្រើន FDI ចូលមក​កម្ពុជា​ត្រូវបាន​គាំទ្រ ដោយ​ការវិនិយោគ​ចិន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។

ទោះបី​ការជួល​ក្នុង​ការិយាល័យ​លំដាប់​ខ្ពស់ នៅ​រាជធានី​ភ្នំពេញ​បាន​ធ្លាក់ចុះ២៥ភាគរយ​ចាប់តាំងពី​ដើមឆ្នាំ២០១៧ ដោយសារ​ការផ្គត់ផ្គង់ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​លោក Wheble នៅតែមាន​សុទិដ្ឋិនិយម​ថា “កម្ពុជា​នៅតែ​ជាទី​តាំង​ល្អ​សម្រាប់​វិនិយោគិន​បរទេស​ពិចារណា” ៕

វត្តមាន​សំណង់​អគារខ្ពស់ៗនៅ​កម្ពុជា​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យនាពេល​អនាគត

ដោយ ហ្សូ​លី

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា កំពុងមាន​វឌ្ឍនភាព​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ទោះបី​ជាមាន​វិបត្តិ ឬ​ផលប៉ះពាល់​រាតត្បាត​យ៉ាងណាក្តី។ សញ្ញា​វិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យ​នៅតែ​លោត​ឡើង ដោយសារ​វត្ត​មាននៃ​ការអភិវឌ្ឍ នូវ​គម្រោង​អគារខ្ពស់ៗទាំង​ក្នុង​ទីក្រុង និង​ជាយក្រុង​រាជធានី​ភ្នំពេញ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ​ទិព្វ សីហា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា វត្តមាន​សំណង់​អគារ​ខ្ពស់​នៅក្នុង​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ន បាន​ចូល​រួច​ចំណែក​យ៉ាងសកម្ម​ពី​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា និង​សកម្មភាព​ទិញ​លក់​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​ថ្ងៃ​ខាងមុខ​យ៉ាង​ប្រាកដ។ នេះ​ជា​ភស្តុតាង ដែល​ទាក់ទាញ​វិនិយោគិន​បរទេស ឱ្យ​កាន់​តែមាន​ទំនុកចិត្ត ចំពោះ​ស្ថេរភាព​សេដ្ឋកិច្ចកម្ពុជា​ផងដែរ។

យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ​បានឱ្យដឹងថា គិត​ត្រឹម​ដើមខែ​កញ្ញា ឆ្នាំ២០២០នេះ ចំនួន​អគារខ្ពស់ៗកម្ពស់​ចាប់ពី៥ជាន់ឡើង បាន​កើន​រហូតដល់​ជិត១៥០០អាគារ នៅក្នុង១៤ខណ្ឌ ទូទាំង​រាជធានី​ភ្នំពេញ ដោយ​ក្នុងនោះ​អគារ​កម្ពស់​ចាប់ពី៥ជាន់ ដល់៩ជាន់ មាន​ចំនួន៨១៥អគារ ។ រីឯ​អគារ​កម្ពស់ ចាប់ពី១០ជាន់ ដល់១៩ជាន់ មាន៤០៦អគារ អគារ​កម្ពស់​ចាប់ពី២០ ដល់២៩ជាន់ មាន១០៧អគារ អគារ​កម្ពស់​ចាប់ពី៣០ដល់៣៩ជាន់ មាន​ចំនួន៥៩អគារ និង​អគារ​កម្ពស់​ចាប់ពី៤០ជាន់​ឡើងទៅ​មាន​ចំនួន៣៧អាគារ ។

ភាគច្រើន​សំណង់​អាគារ គឺជា​ការវិនិយោគ​ទៅលើ​គម្រោង​ខុន​ដូ អា​ផាត​មិន​ជួល មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​អគារ​ពហុ​បំណង​ជាដើម។

អ្នកជំនាញ​អចលនទ្រព្យ​លើ​វិស័យ​ខុន​ដូ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ERA លោក​ខន គង្គា បាន​ថ្លែងថា ទីផ្សារ​ខុន​ដូ​កំពុងមាន​កំណើន​គួរឱ្យកត់សម្គាល់ ហើយ​វា​បានចាប់ផ្តើម​មាន​សញ្ញា​វិជ្ជមាន​ចាប់តាំងពី​ត្រីមាស​ទី៣ បន្ត​រហូតមកដល់​ត្រីមាស​ទី៤ និង​ទៅ​អនាគត ដោយសារ​ទំនុកចិត្ត​ដែល​ម្ចាស់​គម្រោង​ផ្តល់ជូន​ទៅកាន់​អតិថិជន។

ទន្ទឹមនេះ​លោកស្រី អាន សុធី​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ព្យាករណ៍​ថា សម្រាប់​ទីផ្សារ និង​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ នៅ​ចុងឆ្នាំ២០២០នេះ នឹងមាន​ភាពល្អប្រសើរ ហើយ​បន្ត​ទៅមុខទៀត​រហូតដល់​ដើមឆ្នាំ២០២១ខាងមុខ៕