គណៈកម្មការសាងសង់ចាប់ផ្តើមចុះត្រួតពិនិត្យស្ថានភាពផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប

ដោយៈ រ៉ាណេត

សៀមរាបៈ ក្រុមការងារគណ:កម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាបបានចុះពិនិត្យពីស្ថានភាពផ្លូវនៅក្នុងក្រុងសៀមរាប បន្ទាប់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងទេសចរណ៍មួយនេះ ។

ក្រោមកិច្ចដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា​រណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការអន្ដរក្រសួងបានចុះពិនិ ត្យមើលស្ថានភាពផ្លូវជាច្រើនខ្សែ នៅក្រុងសៀមរាបរួមមាន ដើម្បីបានជ្រាបច្បាស់ពីស្ថានភាពជាក់ស្ដែង និងរៀបចំគម្រោងសាងសង់ឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។

ផ្លូវដែលត្រូវបានគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យរួមមានដូចជា ផ្លូវហ្សាដឺ ហ្គោល ផ្លូវកូម៉ៃផ្លូវ  ជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងសៀមរាប ផ្លូវអមមាត់ស្ទឹងសៀមរាប ផ្លូវឆ្ពោះទៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា និងផ្លូវសំខាន់ៗជាច្រើនទៀតនៅក្នុងក្រុង ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងក្រុងសៀមរាប បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ បានសរសេរតាមបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការរបស់សម្តេច ដោយបញ្ជាក់ថា ទោះបីពេលនេះប្រទេសជាតិយើង កំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសម្រេចកញ្ចប់ថវិកា១៥០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប ។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំ ដែលមានចំនួន ៣៨ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ នៅក្រោយជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថា នៅចុងឆ្នាំ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ។

សម្តេចបន្ថែមថា “សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណ៦០០លានដុល្លារអាមេរិក សម្រាប់យកមកអភិវឌ្ឍន៍ប្រទេស អរគុណសន្តិភាព”៕

ក្រុមហ៊ុនរចនាប្លង់បារំាងRescubika ដាក់សំណើរសាងសង់អគារកាបូនខ្ពស់បំផុត នៅលើពិភពលោក

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនរចនាប្លង់ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង rescubika បានដាក់សំណើរចុងក្រោយបស់ខ្លួនសាងសង់ អគារកម្ពស់៧៣៧ម៉ែត្រដែលជាអគារចាប់យកការបំភាយកាបូន ពីបរិយាកាសជុំវិញនៅលើកោះ Roosevelt ក្នុងទីក្រុង New York សហរដ្ឋអាមេរិក ។

អគារនេះ ត្រូវបានរចនាប្លង់ឡើងជាប្រភេទលំនៅឋានស្នាក់នៅ ដែលមានទម្រង់នៃរុក្ខជាតិដែលមានរូបរាង្គស្រដៀងទៅនឹងមនុស្ស។ ក្រុមស្ថាបត្យករបានរចនាប្លង់ឡើងជានិមិត្តរូបផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ និងជាការររំលេច ថា “យើងត្រូវតែថែរក្សាបរិស្ថានរបស់យើង ដើម្បីរស់នៅក្នុងភាពស៊ីសង្វាក់គ្នាជាមួយភពផែនដី”។

គម្រោងសាងសង់អគារនេះ ជាការឆ្លើយតបទៅនឹងផែនការពិភពលោក “ទីក្រុងនាថ្ងៃអនាគត” ដែលជាទីក្រុងមួយដែលនឹងរៀបចំឱ្យមានកាបូន និងសម្រេចបាននូវអព្យា​ក្រឹតភាពកាបូននៅឆ្នាំ២០៥០ ។ កាបូននេះ គឺជាអាងស្តុកទឹក ដែលស្រូបយកឧស្ម័នកាបូនិចច្រើនជាងការបញ្ចេញ វាកាត់បន្ថយកាបូនពីបរិយាកាស។ សម្រាប់អាគារប្រភេទនេះក៏អាចត្រូវបានអនុវត្តដោយប្រើវត្ថុធាតុដើម ដែលមាននិរន្តរភាពដែលអាចផ្ទុកកាបូនបានផងដែរ។

បើទោះបី គេមិនទាន់ដឹងអំពីឧបករណ៍ ដែលត្រូវប្រើប្រាស់ក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធអគារនេះយ៉ាងណាក៏ក្តី ក៏ក្រុមហ៊ុនរចនាប្លង់ Rescubika បានស្នើឱ្យប្រើវត្ថុធាតុដើម ដូចជាឈើ ជាដើម និងវិធានការផ្សេងៗទៀត ។ ទាំងនេះរួមបញ្ចូលទាំងការប្រើប្រាស់ថាមពលអកម្ម ដូចជា ឧបករណ៍ផ្លាស់ប្តូរកំដៅដី និងខ្យល់ ដែលប្រើបំពង់ក្រោមដីដើម្បីជួយក្នុងការចាប់យកកំដៅពីដី។

 

ប្រព័ន្ធនេះ ផ្តល់នូវបរិយាកាសក្នុងក្នុងលំនៅឋាន ដ៏កក់ក្តៅក្នុងរដូវរងារ និងជួយធ្វើឱ្យអគារមានភាពត្រជាក់នៅក្នុងអំឡុងខែរដូវក្តៅផងដែរ។

គម្រោងសាងសាង់អគារនេះ ក៏ឆ្លុះបញ្ចាំងពីគំនិតនយោបាយមួយដែលគេហៅថា ‘energy sobriety’ ដែលនឹងផ្សព្វផ្សាយឱ្យមានការផ្លាស់ប្តូររបៀបរស់នៅ និងការផ្លាស់ប្តូរសង្គមដើម្បីទទួលបានអព្យាក្រឹតភាពនៃកាបូន។ ជាមួយនឹងគំនិតនេះបន្ទប់នីមួយៗនឹងមានបន្ទប់ការិយាល័យដែលអាចធ្វើការពីផ្ទះបាន ដោយកាត់បន្ថយចរាចរណ៍របស់អ្នកធ្វើដំណើរ។

អគារកំពស់១៦០ជាន់នេះ ជាប្រភេទអគារលំនៅឋាន ដែលប្រើប្រាស់បំពង់ខ្យល់ចំនួន៣៦ ដើមឈើចំនួន១៦០០ដើម ជញ្ជាំងរុក្ខជាតិចំនួន២៤.៥០០ ម៉ែត្រការ៉េ និងកាំរស្មី photovoltaic ចំនួន៧០០០ម៉ែត្រការ៉េផងដែរ៕

ក្រុមហ៊ុនទេសចរណ៍នៅអូស្ត្រាលីដាក់រូបប្រាសាទអង្គរសំគាល់ប្រទេសវៀតណាម ក្រសួងទេសចរណ៍កំពុងជំរុញឲ្យកែសម្រួល

        ដោយគង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» បានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជាទៅដាក់សំគាល់ថា ស្ថិតនៅលើប្រទេស​វៀតណាម ភ្លាមៗនេះក្រសួងទេសចរណ៍បានស្នើឲ្យក្រុមហ៊ុននេះកែតម្រូវ។

«Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយ របស់ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសកម្ពុជាជាញឹកញាប់។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្ត ដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។ ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុសឆ្គង ដោយអចេតនាមួយ គឺនៅនៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម។

ប្រជាពលរដ្ឋកម្ពុជាបានផ្ទុះការរិះគន់ជុំវិញបញ្ហានេះ ទន្ទឹមនឹងនោះ មហាជន ក៏បានស្នើសុំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងទេសចរណ៍កម្ពុជា ចេញចំណាត់ការឱ្យបានម៉ឺងម៉ាត់ចំពោះកំហុសឆ្គងនេះ។

ក្រោយទទួលបានដំណឹងនេះហើយ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍បានទាក់ទ​ងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបានស្នើឱ្យទីភ្នាក់ងារ «Wendy Wu Tours» កែសម្រួលកំហុសឆ្គងនៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់។

លោកប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ បានថ្លែងនាព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា ក្រសួងបានទាក់​ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។

លោកបន្តថា ទីភ្នាក់ងារក៏បានសម្ដែងនូវការសូមអភ័យ ទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យVIETNAM មកដាក់ថា SOUTHEAST ASIA វិញ។

លោក ប្រាក់ វុទ្ធី បានពន្យល់ថា មូលហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជាCAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឱ្យតំបន់អាស៊ីអាគ្នេយ៍ លើនៅគេហទំព័ររបស់ខ្លួន ពី​ព្រោះប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។

ទោះបីជាទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខនៃគេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀត ដែលក្រុមហ៊ុនមិនទាន់បានកែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំងBrochures គេនៅឃើញមានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ៕

ការវិនិយោគចាប់ផ្តើមសម្លឹងឆ្ពោះទៅកាន់ខេត្តព្រះសីហនុសារជាថ្មី

ដោយ ហ្សូលី

ភ្នំពេញៈ ការវិនិយោគលើវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកបានកំពុងឆ្ពោះទៅកាន់ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដោយវិនិយោគិនទាំងនោះបានសម្លឹងឃើញពីសក្តានុពលដ៏ខ្លាំងក្លា រួមទាំងស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។

មិនត្រឹមតែលេចធ្លោនៅក្នុងក្រុងតែមួយមុខឡើយ តែខេត្តព្រះសីហនុទាក់ទាញស្ទើរគ្រប់ទីកន្លែងរួមទាំងកោះ និងជាយទីរួមខេត្ត។ ខេត្តនេះអំណោយផលជាច្រើនផ្នែកដូចជា ទេសចរណ៍ អចលនទ្រព្យ កន្លែងកម្សាន្ត បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធពាណិជ្ជកម្មសម្រាប់ប្រទេសទាំងមូល។ កាលពីពាក់កណ្តាលខែកញ្ញានេះ ស្ថានភាពអច​លនទ្រព្យប្រចាំខេត្តព្រះសីហនុ ហាក់កម្រើកដំណើរការអភិវឌ្ឍឡើងវិញ ខណៈរដ្ឋាបាលខេត្តបានប្រាប់ពីសកម្មភាព សាងសង់ទៅលើគម្រោងនានា ទាំងចាស់ ទាំងថ្មី ដែលម្ចាស់គម្រោងច្រើនតែជាវិនិយោគិនក្នុងស្រុក។

លោក ច្រឹក សុខនីម ប្រធានសមាគមនវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុបានមានប្រសាសន៍ថា ខេត្តព្រះសីហនុនឹងទាក់ទាញការវិនិយោគបន្ថែមទៀត ទៅលើវិស័យទេ​សចរណ៍ ជាពិសេសវិស័យអចលនទ្រព្យ ខណៈពេលដែលប្រមុខរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ៣០០លានដុល្លារ រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសីហនុ។ ភាពកម្រើកនៃការវិនិយោគនេះ នឹងជម្រុញវឌ្ឍនភាពនៃគោលនយោបាយអភិវឌ្ឍន៍ ខេត្តព្រះសីហនុជាខេត្តសេដ្ឋកិច្ចគំរូ។

ជាក់ស្តែងដូចជា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទឹកជ្រៅ ក្រុងព្រះសីហនុ ក្រោមកិច្ចសហប្រតិបត្តិការសាងសាង់ជាមួយប្រទេសជប៉ុន (JICA) កំពុងស្ថិតក្នុងដំណាក់កាលទី១ និងទី២។ នាថ្ងៃអនាគតនឹងចូលរួមជួយការនាំចេញ នាំចូលទំនិញរបស់ប្រទេសកម្ពុជារហូតដល់៧០ភាគរយ។ នេះគឺជាគុណសម្បត្តិដ៏ពិសេស សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចខេត្ត និងប្រទេស។

បន្ថែមពីនេះ ក្រុមហ៊ុនណាហ្គា ខប មានគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុផងដែរ ដោយសារខេត្តនេះ ជាតំបន់មានសក្តានុពលក្នុងការអភិវឌ្ឍកន្លែងកម្សាន្ត និងទទួលបានផលចំណេញ។ នេះបើតាមឱ្យដឹងពីរបាយការណ៍ចំណូលរបស់ក្រុមហ៊ុន ណាហ្គា ខប ចេញផ្សាយកាលពីចុងខែ សីហា ឆ្នាំ ២០២០នេះ។

តាមគោលនយោបាយ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ផ្អែកលើសក្តានុពលធម្មជាតិ ខេត្តមានឆ្នេរសរស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរ ផ្តើមចេញពីសក្តានុពលខេត្តមានផ្លូវជាតិលេខ៤ តភ្ជាប់ទៅរាជធានីភ្នំពេញ ទទួលបានប្រជាប្រិយជាបន្តបន្ទាប់ ជំរុញដំណើរការកសាងនិងអភិវឌ្ឍសង្គមជាតិ ៕

តម្លៃដីនៅតំបន់កោះពេជ្យបច្ចុប្បន្ននេះកើនជាង ៥០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ

ដោយវុត្ថា

ភ្នំពេញ៖ តំបន់ទីក្រុងកោះពេជ្យបានក្លាយជាតំបន់ពាណិជ្ជកម្មដ៏ទំនើប និងទាន់សម័យសម្រាប់អ្នកដែលមានធនធានរស់នៅ ឬប្រកបអាជីវកម្ម ដែលធ្វើតម្លៃដីធ្លីនៅក្នុងតំបន់នេះនាពេលបច្ចុប្បន្នកើនជាង ៥០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា តម្លៃដីធ្លីនៅតំបន់ទីក្រុងកោះពេជ្យនាពេលបច្ចុប្បន្ននេះ ជាមធ្យមកើនដល់ ៥០០០ ទៅ ៦០០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ខណៈតំបន់នេះ ក៏ពុំមានដីគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ និងវិនិយោគផងដែរ។

លោកស្រីបន្តថា នាពេលបច្ចុប្បន្ននេះ តម្លៃធ្លីនៅក្នុងកណ្តាលទីក្រុងភ្នំពេញ ក៏ដូចជានៅកោះពេជ្យ វាមិនឡើងនោះទេ ខណៈដែលកម្ពុជា ក៏ដូចពិភពលោកកំពុងជួបបញ្ហាប្រឈមទៅនឹងជំងឺកូវីដ ១៩ ដែលជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចសកល។

លោកស្រីបន្ថែមថា “តម្លៃដីធ្លីនៅក្នុងកណ្តាលក្រុងភ្នំពេញ មានសភាពទ្រឹងស្ទើតែគ្រប់ទីកន្លែង ដោយសារតែ គ្មានប្រតិបត្តិការទិញលក់ វិនិយោគ និងអភិវឌ្ឍន៍គម្រោង មិនដូចនៅជាយក្រុងនោះទេ”។ លោកស្រីបន្តថា “ដីនៅទីក្រុភ្នំពេញបច្ចុប្បន្ននេះ កំពុងខ្វះអ្នកអភិវឌ្ឍន៍ ដូច្នេះ តម្លៃដីធ្លីសម្រាប់ឆ្នាំនេះ គឺមិនឡើងនោះទេ”។

តំបន់ទីក្រុងកោះពេជ្យបានក្លាយជាតំបន់ពាណិជ្ជកម្ម ដែលមានផ្សារទំនើបតូចៗ លំនៅនៅឋានប្រណិត ខុនដូ អគារការិយាល័យ និងអគារពាណិជ្ជកមក្មជាច្រើន ដែលបាននកកំពុងរីកស្គុះស្គាយនៅក្នុងតំបន់នេះ ដែលធ្វើឱ្យតំបន់នេះ កាន់តែមានភាពមមាញឹក និង ទាក់ទាញការវិនិយោគ៕

ស្ថានីយផលិតថាមពលអគ្គិសនីកើតឡើងវិញកម្លាំងសរុប ៤៥០មេហ្គាវាត់ នឹងដាក់ឱ្យដំណើរនៅត្រឹមឆ្នាំ២០២២

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោយការអនុម័ត និងគាំទ្រទៅលើគម្រោងវិនិយោគ និងអភិវឌ្ឍលើការបង្កើតរោងចក្រ និងស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យនៅតាមបណ្តាខេត្តសំខាន់ៗចំនួន៣ ដែលមានកម្លាំងសរុបរហូតដល់ប្រមាណ ៤៥០មេហ្គាវាត់ កាលពីពេលកន្លងទៅនេះ តាមផែនការគ្រោងនឹងអនុញ្ញាតឱ្យដំណើរការទាំងអស់នៅត្រឹមឆ្នាំ២០២២ខាងមុខនេះ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា នៅក្នុងចំណោមគម្រោងនៃការបង្កើតរោងចក្រ និងសាងសង់ស្ថានីយផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យដែលមានកម្លាំងសរុបប្រមាណ៤៥០មេហ្គាវាត់ ពេលនេះស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ៣០មេហ្កាវ៉ាត់ថ្មី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានដាក់ឱ្យដំណើរការ ដោយភ្ជាប់ជាមួយបណ្តាញជាតិពីឃុំស្នាអន្សា ទៅឃុំស្វាយស ដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។

លោកបញ្ជាក់ថា “ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ៣០មេហ្កាវ៉ាត់ថ្មីនេះ ជាអនុភាពថ្មី ក្នុងចំនួនសរុប២០០មេហ្កាវ៉ាត់ នៃថាមពលស្អាត ដែលត្រូវតភ្ជាប់ជាមួយបណ្តាញជាតិមុនដាច់ឆ្នាំ២០២២ ដែលនៅពេលនោះថាមពលពីពន្លឺព្រះអាទិត្យសរុប នឹងកើនដល់យ៉ាងតិច៤៥០មេហ្កាវ៉ាត់”។

ស្ថានីយថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ៣០មេហ្កាវ៉ាត់ថ្មីនេះ ស្ថិតក្នុងចំណោមថាមពលដើរពន្លឺព្រះអាទិត្យ ២០០មេហ្កាវ៉ាត់ ដែលនឹងត្រូវដាក់ឲ្យដំណើការពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២២ ត្រូវបានដាក់ឲ្យដំណើរការហើយ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះជាផែនការដែលត្រៀមផលិតថាមពលឱ្យបានច្រើនថែមទៀត សម្រាប់ផ្គត់ផ្គង់នៅឆ្នាំខាងមុខ ពិសេសក្នុងរដូវប្រាំង ហើយក៏ជាផ្នែកមួយក្នុងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គិសនីកម្ពុជា ក្នុងការបង្កើនភាគរយនៃថាមពលកកើតឡើងវិញ និងថាមពលស្អាត (ថាមពលពន្លឺព្រះអាទិត្យ) ឱ្យដល់យ៉ាងតិច៤៥០មេហ្កាវ៉ាត់ មុនដាច់ឆ្នាំ២០២២ ដែលនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា ផែនការអនាគតរបស់រដ្ឋាភបាល គឺនឹងមានការដាក់ពង្រាយថាមពលស្អាតឲ្យបានកាន់តែច្រើន ក្នុងប្រព័ន្ធបណ្តាញជាតិ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ថាមពលដើរដោយពន្លឺព្រឹះអាទិត្យ ៣០មេហ្កាវ៉ាត់ ក្នុងចំណោម២០០មេហ្គាវ៉ាត់ថ្មីនេះ មិនត្រឹមតែជួយផ្នែកថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបង្កើតការងាររាប់រយកន្លែងឲ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាពរកប្រាក់ចំណូលបានក្នុងស្ថានភាពនៃជំងឺកូវីដ១៩ផងដែរ ហើយនេះគឺជាការចូលរួមចំណែកមួយ ក្នុងរយៈពេលចំពោះមុខហើយវែងឆ្ងាយ។ ថាមពលនេះក៏នឹងជួយទ្រទ្រង់សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនបន្តទៀត ជាពិសេសឧស្សាហកម្មកាត់ដេរ ដែលថាមពលស្អាតនេះមានប្រយោជន៍ សម្រាប់ឲ្យឧស្សាហកម្មកាត់ដេរ ទទួលភាគរយនៃថាមពលស្អាតច្រើនឡើង គាំទ្រដំណើរការផលិតកម្មរបស់ខ្លួន”។

កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលបានគាំទ្រទៅលើគម្រោងថ្មីបន្ថែមលើការបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យអានុភាព ៣០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់នេះ ត្រូវបានគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តសម្រេចឱ្យសាងសង់ កាលព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ ស្ថានីយផលិតថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យ៣កន្លែងបន្ថែមទៀត ក៏ត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យសាងសង់ផងដែរ គឺនៅខេត្តបាត់ដំបង ផ្តល់អានុភាព៦០មេហ្កាវ៉ាត់, នៅខេត្តបន្ទាយមានជ័យ ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់ និងនៅក្រុងបាវិត ខេត្តស្វាយរៀង អានុភាព ២០មេហ្កាវ៉ាត់៕

គម្រោងអភិវឌ្ឍខ្សែក្រវាត់បៃតងរបស់ជប៉ុន នឹងប្រែក្លាយកម្ពុជាទៅជាទិសដៅ “កសិទេសចរណ៍”

ដោយ៖ ប៊ី
ភ្នំពេញ៖ គម្រោងអភិវឌ្ឍខ្សែក្រវាត់បៃតងរបស់ក្រុមហ៊ុនជប៉ុន Yamato Green Co.,Ltd ដែលល្បីល្បាញខាងអភិវឌ្ឍន៍វិស័យទេសចរណ៍ នឹងធ្វើឱ្យកម្ពុជាក្លាយទៅជាទិសដៅ “កសិទេសចរណ៍”។

ការលើកឡើងនេះត្រូវបានធ្វើឡើង នៅទីស្ដីការក្រសួងទេសចរណ៍កាលពីម្សិល ក្នុងឱកាសដែលលោករដ្ឋមន្ត្រី ថោង ខុន ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូជប៉ុន ដែលដឹកនាំដោយលោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ (Nabeshima Katsuhito) អគ្គនាយកក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី (Yamato Green Co.,Ltd)។

គោលបំណងរបស់ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ក្នុងជំនួបពិភាក្សាជាមួយក្រសួងទេសចរណ៍នេះ គឺដើម្បីស្នើសុំកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង (Green Belt) នៅប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ ផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។

លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ បានថ្លែងថា “តាមរយៈគម្រោងអភិវឌ្ឍខ្សែក្រវាត់បៃតង ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ខាងលើនេះ ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន នឹងធ្វើឱ្យផលិតផលកសិកម្មរបស់កម្ពុជាក្លាយទៅជា «កសិទេសចរណ៍» ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិអាចទទួលទានអាហារ ដែលមានស្រាប់នៅតាមតំបន់ទេសចរណ៍នីមួយៗ ប្រកបដោយសុវត្ថិភាព”។

លោក បានបន្តថា “ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចចូលរួមទស្សនាបច្ចេកទេសនៃការដាំដុះ និងថែទាំបានដោយផ្ទាល់ផងដែរ”។
ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ក៏បាននិងកំពុងទទួលបានភាពជោគជ័យ និងមានភាពល្បីល្បាញណាស់ដែរ នៅក្នុងការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវិស័យអេកូទេសចរណ៍ នៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។ ដោយសារកត្តានេះហើយ ទើបជំរុញឱ្យក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍ថ្មីជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺខ្សែក្រវាត់បៃតងខាងលើនេះឯង។

បន្ទាប់ពីការលើកឡើងនូវបទបង្ហាញរបស់លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ ជាច្រើនរួចមក លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញទឹកមុខរីករាយពេញចិត្តយ៉ាងខ្លាំង និងបានបង្ហាញនូវការស្វាគមន៍ ការឯកភាព និងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍ដ៏ធំរបស់ក្រុមហ៊ុនជប៉ុនមួយនេះ។

លោក ថោង ខុន ក៏បានឧទ្ទេសនាមជូនលោក ណាបិស្ស៉ីម៉ា និងគណៈប្រតិភូជប៉ុនបន្ថែមទៀតថា កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសគឺវិស័យទេសចរណ៍នេះតែម្ដង ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើនសម្បូរបែប ដែលអំណោយសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ ពិសេសគឺវិស័យអេកូទេសចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។

ប្រសិនបើនិយាយអំពីការអភិវឌ្ឍលើវិស័យទេសចរណ៍ទាំង ៣ ប្រភេទខាងលើនេះ ខេត្តសៀមរាប និងខេត្តកំពង់ធំ គឺពិតជាអំណោយផលច្រើនបំផុតសម្រាប់ការវិនិយោគលើវិស័យកសិទេសចរណ៍ និងទេសចរណ៍ជនបទ ពិសេសការកសាងខ្សែក្រវាត់បៃតង ដោយលោក ថោង ខុន ចង់ឱ្យក្រុមហ៊ុនពិចារណាលើការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តទាំងនេះ បន្ទាប់ពីបានវិនិយោគនៅបាត់ដំបង និងខេត្តមណ្ឌលគីរី។ ម្យ៉ាងទៀត ក្រុមហ៊ុនគប្បីកសាងឱ្យបានគំរូមួយក្នុងខេត្តនីមួយៗមុននឹងពង្រីកទៅខេត្តដទៃ។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្នុងបរិបទកូវីដ-១៩នេះ វិស័យអេកូទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ កំពុងត្រូវបានសកលលោកយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តយ៉ាងខ្លាំង។

លោករដ្ឋមន្ត្រី ថោង ខុន និងលោក ណាបិស្ស៉ីម៉ា បានឯកភាពគ្នាថានឹងរៀបចំឱ្យអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី និងរៀបចំឱ្យមានក្រុមការងាររួម មួយដើម្បីឱ្យកិច្ចសហការនេះប្រព្រឹត្តទៅប្រកបដោយភាពរលូនជោគជ័យ នាំផលចំណេញដល់ប្រជាជនកម្ពុជាផង និងដល់ក្រុមហ៊ុនដែលខំចំណាយទុនវិនិយោគផង៕

លោកស្រី ចេវ សុឃុន ៖ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យគួរតែសហការគ្នា ដើម្បីទទួលបានផលប្រយោជន៍រួម

ដោយ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងទីផ្សារអាជីវកម្មអចលនទ្រព្យតែងត្រូវបានគេលើកឡើងថាមានការប្រកួតប្រជែងគ្នាដើម្បីទទួលបាននូវផលប្រយោជន៍រៀងៗខ្លួន រហូតមានអ្នកខ្លះអនុវត្តនូវវិធីសាស្ត្រខុសក្រមសីលធម៌ និងវិជ្ជាជីវៈក៏មាន ខណៈដែលប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលើកឡើងថា ក្នុងនាមជាអ្នកប្រកបអាជីព ឬក្រុមហ៊ុនភ្នាក់ងារគួរតែសហការគ្នាដើម្បីផលប្រយោជន៍រួម និងយូរអង្វែង។ 

លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា ការប្រកួតប្រជែងដោយគ្មានតម្លាភាពមិនមែនជារឿងត្រឹមត្រូវនោះទេ ហើយវាក៏មិនមែនជាជម្រើសសម្រាប់យកមកអនុវត្តនោះដែរ ប៉ុន្តែគួរតែងាកមកចូលរួមសហការគ្នាប្រកបដោយភាពស្មោះត្រង់ ដើម្បីអាចទទួលបាននូវផលប្រយោជន៍រួមទាំងអស់គ្នា និងយូរអង្វែង។ 

លោកស្រីបានបញ្ជាក់ថា “យើងទទួលស្គាល់ថា នៅក្នុងទីផ្សារអាជីវកម្មគ្រប់ប្រភេទគឺត្រូវតែមានការប្រកួតប្រជែងគ្នា ប៉ុន្តែការប្រកួតប្រជែងក៏គួរតែប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សមធម៌ និងមានវិជ្ជាជីវៈ ដោយមិនមែនជាការវាយប្រហារដោយភាពមិនស្មោះត្រង់នោះទេ”។ 

លោកស្រីបន្តថា “បច្ចុប្បន្ននេះយើងឃើញមានការបង្កើតសមាគមជាច្រើនក្នុងន័យប្រមូលផ្តុំនូវបណ្តាក្រុមហ៊ុននានាដើម្បីធ្វើជាដៃគូសហការ និងចែករំលែកដើម្បីអាចទទួលបាននូវផលប្រយោជន៍ទាំអស់គ្នា ហើយការសហការគ្នានេះទៀតសោត ក៏ជាយុទ្ធសាស្ត្រមួយដ៏ល្អនៅក្នុងដំណើរប្រតិបត្តិការអាជីវកម្មយូរអង្វែងផងដែរ”។ 

បច្ចុប្បន្ននេះ សម្រាប់សមាគមនៅក្នុងវិស័យអចលនទ្រព្យ គេឃើញមានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា សមាគមអចលនទ្រព្យសកល សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា សមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា  និងក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជា ដែលទើបតែចង់ក្រងឡើង។

លោកស្រី ចេវ សុឃុន បានបញ្ជាក់ថា “គ្រប់សមាគមទាំងអស់ សុទ្ធតែមានគោលនយោបាយ និងបទវិន័យផ្ទៃក្នុងទាំងអស់ ដែលត្រូវបានកំណត់ក្នុងន័យរក្សានូវផលប្រយោជន៍រួម បញ្ចៀសនូវរាល់បញ្ហានានាដែលអាចកើតមានវិវាទរវាងសមាជិក និងសមាជិក។ ក្នុងករណីដែលកើតមានវិវាទណាមួយកើតឡើង គឺមានក្រុមប្រឹក្សាភិបាលជាអ្នកតាមដាន និងពិនិត្យទៅលើអង្គហេតុដែលបង្ក ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាននៅក្នុងសមាគម”៕

រដ្ឋាភិបាលព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

 

ដោយវុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងរៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) ក្នុងការលើកស្ទួយចំពោះការដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទាក់ទាញការវិនិយោគិនបរទេស។ 

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ នេះ ដើម្បីពិនិត្យ និងពិភាក្សាលម្អិតក៏ដូចជាប្រមូលធាតុចូលបន្ថែមទៀតពីគ្រប់ស្ថាប័នពាក់ព័ន្ធ សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយអាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីថ្លែងថា “មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញគឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងថ្លៃ និងសេវាកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០”។ 

លោកទេសរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរចំពោះការផ្ដល់ធាតុចូលដ៏មានតម្លៃបំផុតរបស់អង្គប្រជុំ ក្នុងបុព្វហេតុឱ្យការរៀបចំកិច្ចព្រមព្រៀងនេះមានសង្គតភាពទៅនឹងបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគតវែងឆ្ងាយ ព្រមទាំងបានណែនាំក្រុមការងារចំពោះកិច្ចធ្វើការងារនេះឱ្យបានស្អិតរមួតជាមួយភាគីពាក់ព័ន្ធនិងក្រុមហ៊ុនវិនិយោគ សំដៅឱ្យគម្រោងនេះមានដំណើរការរលូនស្របតាមកាលវិភាគដែលបានគ្រោងទុក៕

ក្រុមហ៊ុន Wärtsilä របស់​ហ្វាំ​ង​ឡង់​ទទួល​សិទ្ធិ​ថែទាំ​រោងចក្រ​ថាមពល២០០មេ​ហ្គា​វ៉ា​ត់​នៅ​កម្ពុជា

ដោយ វុត្ថា

ហ្វាំ​ង​ឡង់ៈ ក្រុមហ៊ុន​បច្ចេកវិទ្យា Wärtsilä របស់​ប្រទេស​ហ្វាំ​ង​ឡង់ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ថែ​រទាំ​រោងចក្រ​ថាមពលអគ្គីសនី ២០០មេ​ហ្គា​វ៉ា​ត់ នៅ​កម្ពុជា​រយៈពេល ៥ឆ្នាំ ចំពោះ​រោងចក្រ​អគ្គិសនី C7  គ្រប់គ្រង​ដោយ​អគ្គិសនី​កម្ពុជា (EDC) ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ។

យោងតាម​គេហទំព័រ www.powerengineeringint.com ចុះផ្សាយ​ថា កិច្ចព្រមព្រៀង​នេះ គឺ​ត្រូវបានធ្វើ​ជាមួយ​ក្រុមហ៊ុន SchneiTec ដែលជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​ក្នុងការ​ថែរក្សា​រោងចក្រ​ថាមពល។ កិច្ចព្រមព្រៀង​រយៈពេល៥ឆ្នាំនេះ គាំទ្រ​ដល់​ដំណើរការបាន និង​ភាពជឿជាក់​នៃ​ម៉ាស៊ីន​ប្រើ​ប្រេងឥន្ធនៈ ៥០DF  របស់​ក្រុមហ៊ុន Wärtsilä ចំនួន១២គ្រឿង ដែល​បង្កើត​ថាមពល​សរុប ២០០មេ​ហ្គា​វ៉ា​ត់ទៅ​បណ្តាញ​អគ្គិសនី​ជាតិ។

ក្រុមហ៊ុន Wärtsilä នឹង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​តាម​តំរូវការ និង​តាម​ផែនការ​ថែទាំ​ក៏ដូចជា​ការធ្វើ​វិនិច្ឆ័យ​ពី​ចម្ងាយ ការណែនាំ និង​ការដោះស្រាយ​បញ្ហា ក្នុងករណី​មានការ​បិទ​បណ្តោះអាសន្ន​ដែល​មិនបាន​គ្រោងទុក។ រោងចក្រ​អគ្គិសនី C7 របស់​អគ្គិសនី​កម្ពុជា (EDC) កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ឆ្លើយតប​នឹង​កង្វះខាត​អគ្គិសនី​នៅ​កម្ពុជា។

ម៉ាស៊ីន​របស់​ក្រុមហ៊ុន Wärtsilä ផ្តល់នូវ​ភាពបត់បែន និង​លឿន ដើម្បី​ផ្តល់នូវ​ស្ថេរភាព​នៃ​បណ្តាញ​អគ្គិសនី ដែលមាន​តម្រូវការ ខណៈពេល​ប្រទេស​កម្ពុជា​បន្ត​ប្រើប្រាស់​កើនឡើង​នៃ​ថាមពល​កកើត​ឡើងវិញ ជាពិសេស​ថាមពល​ពន្លឺព្រះអាទិត្យ។ ថាមពល​កកើត​ឡើងវិញ ដែល​បំពេញបន្ថែម​ដោយ​រោងចក្រ​ថាមពល​បាស ផ្ទុក​ថាមពល​ដែល​អាច​ផ្លាស់ប្តូរ​បាន​នឹង​ធានា បាន​នូវ​ការផ្គត់ផ្គង់​ថាមពល​មាន​ស្ថេរភាព​ក្នុងតម្លៃ​ទាប​បំផុត។

លោក Tann Tourthang អគ្គនាយក​ក្រុមហ៊ុន SchneiTec Co.Ltd ឱ្យដឹងថា“ លោក​បាន​សម្តែង​ការគាំទ្រ​ពី ក្រុមហ៊ុន Wärtsilä ក្នុង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការថែរក្សា​រោងចក្រ​នេះ” ។ លោក​បន្តថា “ក្នុងនាម​ជា​អ្នកផ្គត់ផ្គង់​ម៉ាស៊ីន ឧបករណ៍​គ្រឿងបន្លាស់​ដើម របស់​ក្រុមហ៊ុន Wärtsilä  ពិតជា​មិនមាន​ហានិភ័យ នៃ​ការធ្វើឱ្យ​ខូច​ដល់​ដំណើរការ ឬ​ភាពជឿជាក់​ឡើយ” ។

លោក Nicolas Leong នាយក​អាជីវកម្ម​ថាមពល​របស់​ក្រុមហ៊ុន Wärtsilä ប្រចាំ​នៅ​អាស៊ី​ខាងជើង និង​អាស៊ីអាគ្នេយ៍​ឱ្យដឹង​ដែរ​ថា  សេវាកម្ម​ពី​ចម្ងាយ​របស់​យើង អាចជួយ​ត្រួតពិនិត្យ​ទិន្នន័យ ដែល​កំពុងដំណើរការ​របស់​ម៉ាស៊ីន និង​កំណត់​អត្តសញ្ញាណ​ភាពមិនប្រក្រតី។

លោក​បន្តថា បន្ទាប់មក​យើង​អាច​ផ្តល់ជំនួយ​សកម្ម ដល់​ក្រុម​ប្រតិបត្តិ​ករ​នៅនឹងកន្លែង ដើម្បី​ធានាថា​ការបង្កើត​ថាមពល​គ្មាន​ការរំខាន និង​រលូន​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន SchneiTec អគ្គិសនី​កម្ពុជា និង​នៅ​សង្គម​កម្ពុជា​ទាំងមូល។

លោក​ថ្លែងថា “យើង​នឹង​ជួយ​ធ្វើឱ្យ​រោងចក្រ​ថាមពល របស់​ក្រុមហ៊ុន Wärtsilä នេះ​ក្លាយជា​រោងចក្រ​ថាមពល​គំរូ ដោយមាន​ប្រតិបត្តិការ និង​ថែទាំ​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា” ។

ក្រុមហ៊ុន Wärtsilä គឺជា​ក្រុមហ៊ុន​ដ៏​ធំ​របស់ ហ្វាំ​ង​ឡង់​ដែល​ផលិត និង​ផ្តល់​ប្រភព​ថាមពល និង​ឧបករណ៍​ផ្សេងទៀត​នៅក្នុង​ទីផ្សារ​អន្តរជាតិ៕