វិភាគ៖ តើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋជារឿងចាំបាច់សំរាប់កម្ពុជាបែបណា?

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្ម ចំពោះការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស រួមទាំងគម្រោងកែលម្អគម្រោងហេដ្ឋរចនាសម្ព័ន្ធផេងៗនៅតាមបណ្តាខេត្ត និងជនបទជាដើម ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន។

ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើន នៃតាមផ្លូវជាតិ និងផ្លូវខេត្ត ដែលជាលទ្ធផល ពិតជាបានជួយកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

ការចំណាយលើការដឹកជញ្ជូននៅប្រទេសកម្ពុជា នៅតែមានកម្រិតខ្ពស់នៅឡើយ ទោះបីជាមានភាពប្រសើរច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ផ្លូវថ្នល់ជាមធ្យោបាយដឹកជញ្ជូននាំមុខគេនៅក្នុងប្រទេស ហើយចាំបាច់ត្រូវមានការវិនិយោគច្រើន ជាពិសេសនៅតាមតំបន់ជនបទ។ផ្លូវជនបទមានជាង៧៥ភាគរយនៃបណ្តាញផ្លូវសរុបទូទាំងប្រទេសប៉ុន្តែមានតែ៥ភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ។

ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យមានភ្លៀងនិងទឹកជំនន់ធំៗ បង្កហានិភ័យខូចខាតកាន់តែខ្លាំងដល់ប្រព័ន្ធផ្លូវនៅជនបទ។

ការវិភាគអំពីស្ថានភាពប្រើប្រាស់របស់ផ្លូវជនបទ បានបង្ហាញថា ក្នុងរដូវទឹកជំនន់ជាង២៦ភាគរយ នៃប្រជាជនរស់នៅក្នុងតំបន់របស់គម្រោង ប្រឈមនឹងហានិភ័យគ្មានផ្លូវប្រើប្រាស់ សម្រាប់ទៅរកសេវាបន្ទាន់ផ្នែកសុខភិបាល និងសាលារៀន។ នេះបើយោងតាមការស្រាវជ្រាវរបស់ World Bank

ក្រៅពីនោះប្រជាជន១៨ភាគរយទៀតត្រូវចំណាយពេល៣០នាទីឬច្រើនជាងនេះសម្រាប់ធ្វើដំណើរទម្រាំទៅដល់មន្ទីរពេទ្យដែលជាស្ថានប្រឈមនឹងភាពស្លាប់រស់មួយ។

ដូចដែលយើងដឹងហើយថា ការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីពង្រីកសសៃឈាមសេដ្ឋកិច្ច ក៏ដូចជាការចូលរួមចំណែកកាត់ថ្លៃ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន ដើម្បីឈានដល់ការប្រកួតប្រជែងក្នុងតំបន់ទៀតផង។

ជាមួយគា្ននេះដែរ កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗចំនួន៤ លើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងត្រីមាស១ ឆ្នាំ២០២០ ខណៈកម្ពុជាបានចំណាយប្រាក់៥០០,៣៦លានដុល្លារ លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤ មានដូចជា ទី១ ផ្លូវជាតិលេខ៥៥ ទី២ ផ្លូវជាតិលេខ១០ ទី៣ ផ្លូវជាតិលេខ៥៨ និងទី៤ ផ្លូវជាតិលេខ២ និងលេខ២២។

នៅក្នុងពេលចុះទៅពិនិត្យ ការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ «ព្រៃវល្លិ» ស្ថិតក្នុងខេត្តស្វាយរៀងព្រំដែនកម្ពុជាវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ ខែកញ្ញា នេះលោក ស៊ុន ចាន់ថុល បាននិយាយថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅគ្រប់ទីកន្លែង ព្រមជាមួយនឹងការបន្តរៀបចំបើកច្រកទ្វារព្រំដែនជាបន្តបន្ទាប់។

លោកបន្តថា នៅពេលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកន្លែងឆ្លងកាត់ទំនិញមានភាពងាយស្រួល វានឹងរួមចំណែកជួយលើកកម្ពស់ កំណើនសេដ្ឋកិច្ចជាតិកម្ពុជាបានមួយចំណែកបន្ថែមទៀត

លោកប្រាប់ទៀតថា ក្នុងមហិច្ឆតាប្រែក្លាយមុខមាត់ ប្រទេសលើឆាកអន្តរជាតិ ព្រមទាំងបង្កើនកម្រិតប្រាក់ចំណូល ក្នុងសេដ្ឋកិច្ចជាតិនោះ គម្រោងសាងសង់ហេដ្ឋារចនាស ម្ព័ន្ធថ្មីៗបានលេចឡើងជាបន្តបន្ទាប់ ទោះបីសេដ្ឋកិច្ចពិភពលោក កំពុងធ្លាក់ក្នុងបរិបទនៃការឆ្លងរាលដាលកូវីដ១៩ ក៏ដោយ។

លោកស៊ុន ចាន់ថុលបានថ្លែងថា ទោះបីជំងឺកូវីដ ១៩ កំពុងបន្តការរីករាលដាលក៏រដ្ឋាភិបាលមិនបានផ្អាក ឬលុបចោលគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗណាមួយនោះទេ។ លោកបន្តថា រដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាកត្តាដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើន»

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការដាក់ចេញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋាភិបាលនាពេលកន្លងមកនេះ គឺសញ្ញាមួយល្អ ដែលជំរុញឱ្យមានស័យនានាឱ្យមានការរីកចំរើន រួមជាមួយនឹងវិស័យអចលនទ្រព្យផងដែរ ។

លោកបន្តថា ចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏វានឹងជួយជំរុញឱ្យវិស័យអលចនទ្រព្យរីកចំរើនផងដែរ ជាពិសេសអចលនទ្រព្យប្រភេទសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូងផងដែរ

ទោះពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចសកលកម្ពុជានៅតែផ្តោតលើអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

គម្រោងវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងអស់ របស់រដ្ឋាភិបាល និងវិស័យឯកជននៅតែប្រព្រឹត្តិទៅតាមផែនការ និងនការគ្រោងទុក ពោលគឺមានបញ្ហាអ្វីដែលជំរុញឱ្យមានការរះស្ទះនោះទេ។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ Propertyarea.asia ថា មកដល់ពេលនេះ បើទោះបីមានវិបត្តិជំងឺ Covid-19 ក៏គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលបានអនុវត្តកាលពីកន្លមកនេះ នៅតែដំណើរការធម្មតា។

លោកបន្តថា គម្រោងទាំងនោះ ដូចជាគ្មានអ្វីប្រែប្រួលទេ ពោលគឺអាចនិយាយថា ប្រព្រឹត្តិទៅតាមផែនការ

តែយ៉ាងណាលោកថា វាក៏មានភាពរអាក់រអ៊ួលខ្លះ ទៅលើកម្មកំលាំងពលករខ្មែរ និងកម្មករចិនមួយចំនួនតិចតួចបំផុតដែរ។ លោកបន្តថា ម្យ៉ាងទៀត ក៏មានបញ្ហាលើការចចារកញ្ចប់គម្រោងវិនិយោគថ្មី ជាមួយដៃគូអភិវឌ្ឍន៍ផងដែរ ព្រោះរាល់កិច្ចប្រជុំធ្វើឡើងតាមរយៈអនឡាញ ដែលពិបាកក្នុងការសម្រេចិត្តដូចជាការជួបប្រជុំដោយផ្ទាល់

លោកបន្ថែមថា និយាយរួមកញ្ចប់គម្រោងវិនិយោគថ្មីៗ ហាក់ដូចជាមានភាពយឺតយ៉ាវបន្តិច ព្រោះយើងពិភាក្សា និងទាក់ទងទៅគ្នាតាមរយៈវីដេអូខនហ្វ្រេន និងអ៊ីម៉ែល។ លោកបញ្ជាក់ថា គម្រោងវិនិយោគថ្មីៗ ដែលមានបញ្ហាយ៉ឺតយ៉ាវនេះ ជាគម្រោងវិនិយោគសម្រាប់ឆ្នាំក្រោយៗទៀត។

គម្រោងវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅកម្ពុជា ត្រូវបានវិនិយោគតាមរយៈកម្ចីហិរញ្ញប្បទាន និងសម្បទាន ដោយប្រទេសជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈការបញ្ជូនក្រុមហ៊ុនសាងសង់របស់ខ្លួនមកកាន់កម្ពុជា ដូចជាចិន ជប៉ុន កូរ៉េ និងប្រទេសមួយចំនួនទៀត។

សេដ្ឋវិទូកម្ពុជាក៏បានលើកឡើងពីបញ្ហាប្រឈមនេះ ដោយវាជាបញ្ហាដែលត្រូវដោះស្រាយបន្ទាន់មួយរបស់រដ្ឋាភិបាល។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមធំមួយ ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀត ដែលរដ្ឋាភិបាលត្រូវដោះស្រាយ និងវិនិយោគក្នុងរយៈពេលវែង ព្រោះវាជាផ្នែកមួយនៃការប្រកួតប្រជែងរបស់កម្ពុជាជាមួយខ្លួនឯងផងនិងជាមួយបណ្តាប្រទេសក្នុងតំបន់ផង។

លោកបន្តថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋត្រូវចំណាយប្រាក់ច្រើន ប៉ុន្តែវាជារឿងចាំបាច់ត្រូវតែដោះស្រាយ ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាទៅកាន់កម្រិតថ្មីមួយទៀត

អ្នកជំនាញនិយាយពីបញ្ហាប្រឈមនៃការវិនិយោគផ្សារទំនើបក្នុងបរិបទនៃការប្រកួតប្រជែង

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះគម្រោងផ្សារទំនើបថ្មីៗជាច្រើនដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅត្រឹមចុងឆ្នាំ២០២០នេះត្រូវបានគេមើលឃើញថាត្រូវបានពន្យារពេលជាបន្តបន្ទាប់ក្រោមហេតុផលប្រឈមនឹងការជាប់គាំងទីផ្សារនិងអាចជួបហានិភ័យខ្ពស់។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនCBRE Cambodia លោកស្រីអានសុធីតាបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០កន្លងមកថាផ្សារទំនើបដែលមានដំណើរការនៅពេលនេះគឺជាផ្សារដែលបើកតាំងពីឆ្នាំចាស់ដោយឡែកសម្រាប់គម្រោងផ្សារទំនើបថ្មីៗមួយចំនួនធំដែលនឹងត្រូវដាក់ចូលទីផ្សារនៅត្រឹមចុងឆ្នាំ២០២០នេះត្រូវបានពន្យារពេល។

លោកស្រីបានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២០ គម្រោងថ្មីៗហាក់ត្រូវបានពន្យារពេលស្ទើរតែទាំងអស់ ដែលការពន្យាពេលនេះ ក៏ព្រោះតែអ្នកអភិវឌ្ឍន៍បានមើលឃើញពីភាពប្រឈមខ្ពស់ និងគ្មានអតិថិជនជួល។ លោកស្រីបន្តថា ផ្សារទំនើប គឺមានផែនការទីផ្សារខុសពីផ្នែកដទៃ ទៀតនៃវិស័យអចលនទ្រព្យ ខុសប្លែកពីទីផ្សារលំនៅដ្ឋាន ទីផ្សារខុនដូ ឬទីផ្សារការិយាល័យជួល ដែលអាចបើកដំណើរការគម្រោងមុនពេលមានកំណើនតម្រូវការបាន ប៉ុន្តែសម្រាប់ទីផ្សារទំនើប គឺយ៉ាងហោចណាស់ត្រូវមានអតិថិជននៅក្នុងដៃ៨០ភាគរយ ទើបអាចបើកដំណើរការគម្រោងបាន

ពាក់ព័ន្ធទៅនឹងការពន្យារពេល របស់គម្រោងផ្សារទំនើបមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងដូចជាគម្រោងផ្សារទំនើប Phnom Penh Mega Mall ជាដើម ត្រូវបានលោកស្រីបញ្ជាក់ប្រាប់ថា ជាទូទៅគ្រប់ម្ចាស់គម្រោង និងអភិវឌ្ឍន៍ទាំងអស់ គ្មានអ្នកណាចង់ពន្យាពេលនោះទេ ពួកគេចង់ឱ្យគម្រោងរបស់គេមានដំណើរការ ប្រកបដោយភាពជោគជ័យ ដើម្បីអាចទទួលបានភាគលាភពីការវិនិយោគ ប៉ុន្តែបើគេមើលឃើញពីពីប្រឈមច្បាស់នៅចំពោះមុខ គេក៏មិនបង្ខំចេញដើរនោះដែរ

ទោះជាយ៉ាងណា លោកស្រី អាន សុធីតា បានបង្ហាញពីក្ដីរំពឹងថា ទីផ្សារទំនើបនៅកម្ពុជា នឹងអាចប្រែមកស្ថានភាពល្អប្រសើរឡើងវិញ នៅត្រឹមឆ្នាំក្រោយនេះ បន្ទាប់ពីបញ្ហានៃការគំរាមកំហែងជំងឺឆ្លងត្រូវបានបញ្ចប់ ខណៈដែលមានបណ្តាប្រទេសមួយចំនួនបានអះអាងថា បានរកឃើញ និងផលិតថ្នាំបង្ការ ឬវ៉ាក់សាំងរួចហើយនោះ ៕

ចំណេះដឹង! តើគោលនយោបាយដីធ្លីត្រូវបានបែងចែកដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ ចក្ខុវិស័យស្តីពីគោលនយោបាយដីធ្លីនៅកម្ពុជា គឺដីធ្លីត្រូវបានគ្រប់គ្រង រៀបចំ និងបែងចែកតាមរបៀបមួយ ដើម្បីរួមចំណែកធ្វើឱ្យសម្រេចនូវគោលដៅជាតិដ៏ទូលំទូលាយក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចប្រកបដោយសមធម៌ អភិបាលកិច្ចល្អនៅក្នុងសង្គមប្រជាធិតេយ្យ ដែលតម្រង់ទិសទៅរកទីផ្សារដូចបានពិពណ៌នា នៅក្នុងសេចក្តីប្រកាសស្តីពីគោលនយោបាយដីធ្លី។

យោងតាមឯកសាររបស់ក្រសួងរៀបចំដី នគរូបនីយកម្មនិងសំណង់ស្តីពី ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃគោលនយោបាយដីធ្លីបានឱ្យដឹងថា ចក្ខុវិស័យនេះ ត្រូវបានបែកនៅក្នុងទិដ្ឋភាពធំៗ៣គឺ៖

) ដីត្រូវបានគ្រប់គ្រងតាមវិធី ដែលធ្វើឱ្យសិទ្ធិលើអចលនទ្រព្យមានភាពច្បាស់លាស់ និងមានសុវត្ថិភាព ធ្វើឱ្យការផ្ទេរជាផ្លូវការនូវសិទ្ធិទាំងនោះ មានភាពងាយស្រួល និងល្មមអាំចំណាយបាន។ វិវាទនឹងថយចុះជាលំដាប់ ហើយចំពោះករណីណាដែលមានលទ្ធភាពអាចដោះស្រាយ បាននិងដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ។

) ដីត្រូវបានរៀបចំតាមវិធីមួយដែលធ្វើឱ្យការប្រើប្រាស់បានល្អប្រកបដោយចីរភាពនិងត្រឹមត្រូវតាមបែបបទបរិស្ថាន។នៅក្នុងតំបន់ច្រើនការប្រើប្រាស់ដីទាមទារឱ្យមានតុល្យភាពរវាងអ្នកប្រើប្រាស់ទាំងឡាយនិងការប្រើប្រាស់ច្រើនគោលដៅទន្ទឹមនេះទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធនានា។

) ដីរដ្ឋត្រូវបានការពារ សម្រាប់ការប្រើប្រាស់ជាសាធារណៈ តាមកន្លែងណាដែលសមនឹងប្រើ ក្រៅពីនោះត្រូវបែអចែកសំរាប់ជាប្រយោជន៍ឯកជន តាមរយៈដំណើរការដែលមានតម្លៃភាព។

ពេលសម្រេចបានចក្ខុវិស័យទាំងនេះ នឹងអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ដីប្រកបដោយប្រសិទ្ធិភាព សម្រាប់គោលដៅសេដ្ឋកិច្ច និងសង្គមកិច្ច និងធ្វើឱ្យមានការដោះដូរដីធ្វើបានដោយសេរី ព្រមទាំងទទួលបានផលចំណេញពីដី ដែលជាបិតិកភណ្ឌសាធារណៈ ៕

ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពុងវិវត្តន៍ជាវិជ្ជមាន

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនChina Road and Bridge  បានបង្ហាញពីការពេញចិត្តចំពោះដំណោះស្រាយពីផលប៉ះពាល់ ទៅលើគម្រោងសាង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ខណៈបច្ចុប្បន្ននេះ កំពុងពីផលវិជ្ជមានក្នុងការដោះស្រាយ។

ក្រុមហ៊ុន China Road and Bridge   នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា គម្រោងសងសាងផ្លូវល្បឿនភ្នំពេញព្រះសីហនុនេះ ភាគីទាំងប្រទេសកម្ពុជា និងចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការដោះស្រាយផលប៉ះពាល់ ក្នុងគម្រោងនេះ។

ថ្នាក់ដឹកនាំក្រុមហ៊ុនបន្តថារដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈគណកម្មការដោះស្រាយផលប៉ះពាល់ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានធ្វើអោយការដោះស្រាយផលប៉ះពាល់មានការរីកចម្រើនខ្លាំង។

ជាមួយគ្នានេះ ក្រុមហ៊ុន China Road and Bridge  បានយកចិត្តទុកដាក់ខ្លាំងលើការងារដោះស្រាយផលប៉ះពាល់ក្នុងគម្រោងនេះក៏ធានាមូលិធិដោះស្រាយផលប៉ះពាល់ក្នុងគម្រោងនឹងដល់កន្លែងឲ្យបានទាន់ពេលវេលា។

ក្រុមហ៊ុនបញ្ជាក់ថាការិយាល័យកណ្តាលដែលស្ថិតនៅក្នុងកម្ពុជានិងស្ថាប័នមូលដ្ឋានពាក់ព័ន្ធក៏បានទំនាក់ទំនងបង្កើតជាក្រុមការងារពិសេសដោយមានការប្រជុំមួយខែម្តងដែលស្តីពីបញ្ហាធំតូចនានាដែលប្រឈមក្នុងដំណើការដោះស្រាយផលប៉ះពាល់។

ក្រុមហ៊ុនបន្ថែមថា នៅក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុក៏មានផ្នែកទំនាក់ទំនងសារធារណៈ ដែលអាចធានាបានថា បញ្ហាដែលជួបប្រទៈក្នុងការដោះស្រាយផលប៉ះពាល់ទទួលបាន នូវដំណោះស្រាយបានឆាប់រហ័ស និងទាន់ពេលវេលា។

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ក្រោមអធិបតីភាពតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោក Kong Xuanyou អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន  ខណៈបច្ចុប្បន្ននេះបាន និងកំពុងសាងសង់យ៉ាងសកម្ម និងឈានទៅរកបញ្ចប់តាមផែនការ។

គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់នៃប្រទេសចិន (China Road and Bridge )តាមរយៈក្រុមហ៊ុនCambodian PPSHV Expressway Co., Ltd  ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសMinconsult SDN BHD ដោយប្រើប្រាស់ថវិកាវិនិយោគប្រមាណជិត ២.០០០លានដុល្លារអាមេរិក និងប្រើប្រាស់ថវិកាបដិភាគ ដែលជាហិរញ្ញប្បទានឥតសំណង ពិសេសរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនប្រមាណ១៥០លានដុល្លារអាមេរិក។

ការសាងសង់ផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តនេះ នឹងត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕

ទីក្រុងរណបតម្លៃ ៣០០០លានដុល្លារ កាន់តែមានសភាពរស់រវើក

ដោយម៉ាលីនណា

ភ្នំពេញៈ ទីក្រុងរណបតម្លៃ៣០០០លានដុល្លារអាមេរិក បាននិងកំពុងចាប់ផ្តើមសកម្មភាពកាន់តែរសរវើកជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ផ្សាររាត្រី កន្លែងកំសាន្ត និងទីតាំងញុំាអាហារដ៏មានឳជារស។

បច្ចុប្បន្នទីក្រុងនេះបាននិងកំពុងបង្ហាញសមិទ្ឋផលសំខាន់ៗដូចជាអាគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុនOCICបានជិតបញ្ចប់ សួនកំសាន្តថ្មីមួយបានបើកដំណើរការកាលពីពេលថ្មីៗនេះ ហើយសួនកំសាន្តដាយណូស័រក៏ត្រៀមបើកដំណើរការ សាលពិព៌ណលំដាប់អន្តរជាតិបានបញ្ចប់ការសាងសង់ ខណៈFood Palace ហាងអាហារផ្សេងៗបាននិងកំពុងបើកដំណើរការយ៉ាងរសរវើក។

អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានប្រាប់Propertyarea.asiaធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលកន្លងមកថា ទស្សនទាននៃការអភិវឌ្ឍទីក្រុងនេះធ្វើឡើងតាមរបៀបជាទីក្រុង ដែលផ្តោតលើបរិស្ថាន(Smart City)បៃតង និងទស្សនទានអភិវឌ្ឍន៍ថ្មី ពិសេសយើងស្វាគមន៍ការវិនិយោគពីអ្នកវិនិយោជាតិ អន្តរជាតិចូលមកកាន់តំបន់នេះកាន់តែច្រើន។

លោកបន្តថា យើងមានគោលដៅរៀបចំទីក្រុងនេះ ជាតំបន់ពាណិជ្ជកម្មដូចតំបន់ស្ថិតនៅស្របមហាវិថីព្រះមុនីវង្សនាពេលបច្ចុប្បន្ននេះ

ក្រុមហ៊ុនOCIC ក៏បានសាងសង់ផ្ទះល្វែងត ម្លៃចាប់ពី១៥ទៅ២៥ម៉ឺនដុល្លារ និងអាគារពាណិជ្ជកម្មកំពស់១០ទៅ១២ជាន់ និងការិយាល័យកណ្តាលរបស់OCIC កំពស់២០ជាន់នៅទីក្រុងរណបនេះក្នុងដំណាក់កាលទី១ហើយ។ ចំណែកដំណាក់កាលបន្ទាប់ទៀត យើងនឹងធ្វើឡើងបត់បែនស្របតាមការវិវិត្តនៃសេដ្ឋកិច្ច សង្គមកម្ពុជា។

ទីក្រុងរណបជ្រោយចង្វារដំបូងឡើយ មានផ្ទៃដី៣៨៧ហិកតា ប៉ុន្តែក្រោយពេលកាត់ជូនប្រជាពលរដ្ឋ និងកាត់ចេញនូវហេដ្ឋារចនាសម្ព័ន្ឋនានា ផ្ទៃដីទីក្រុងរណបនេះនៅសល់តែ១៤០ហិកតាប៉ុណ្ណោះ ក្នុងនោះផ្ទៃដី១០ភាគរយ នឹងទុកជូនម្ចាស់ដីនៅតំបន់នេះ ដែលពួកគេអាចមកទទួលយកបានគ្រប់ពេល។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកទូច សំណាង។

ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតជាតំបន់ដែលស្ថិតនៅលើទីតាំងដ៏ល្អប្រសើរបំផុត ដោយសារតំបន់នេះមានទន្លេរពីអមសងខាង ដែលផ្តល់នូវលក្ខខ័ណ្ឌអាកាសធាតុដ៏ល្អបំផុត ពិសេសការសាងសង់ទីក្រុងនៅស្របតាមមាត់ទន្លេឬមាត់សមុទ្រ គឺជា ជម្រើសទី១របស់អ្នកវិនិយោគនានា ដើម្បីទាក់ទាញអតិថិជន ក៏ដូចជាអ្នកជំនួញអាចប្រកបអាជីវកម្ម និងរស់នៅប្រកបដោយភាពសុខដុម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ទស្សនទាននៃការអភិវឌ្ឍទីក្រុងថ្មីនេះ ពិតជាមានភាពសមស្រប ហើយវានឹងមានភាពរីកចម្រើន កាន់តែលឿននាពេលអនាគត ដោយសារលក្ខខ័ណ្ឌភូមិសាស្រ្ត ដែលវាជាទីក្រុងមានចម្ងាយជិតជាងគេ បើគិតចេញពីតំបន់ពាណិជ្ជកម្មស្នូលរបស់ទីក្រុង ហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ដោយមានស្ពានចំនួនបីតភ្ជាប់ទៅតំបន់នេះ ពិសេសបរិយាកាសអំណោយផល ពិតជាទាក់ទាញប្រជាជនចូលទៅរស់នៅតំបន់នេះកាន់តែច្រើនថែមទៀត។

លោកបន្តថា ការរៀបចំទីក្រុងនេះ ជាតំបន់ពាណិជ្ជកម្មដូចគ្នា នឹងតំបន់ពាណិជ្ជកម្មលើផ្លូវមុនីវង្ស ពិតជាអាចធ្វើទៅបាន ដោយសារកត្តារីកចម្រើមនសេដ្ឋកិច្ចប្រជាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់នៅតំបន់នេះ

ចង់អានព៌តមានវិស័យហិរញ្ញវត្ថុដំបូងគេសូមចូលទៅកាន់Cambodiafiinancialtimes.com

ដោយគង់ ម៉ាលីន

ភ្នំពេញៈ គេហទំព័រព៌តមាន ដែលផ្តោតលើវិស័យហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា បានចាប់ផ្តើមពង្រីកការផ្សព្វផ្សាយជាមួយព៌តមាន និងចំណេះដឹងថ្មីៗទាក់ទងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ប្រមូលផ្តុំដោយអ្នកជំនាញនិងអ្នកសារព៌តមានពោរពេញដោយបទពិសោធន៍លើផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគេហទំព័រនេះនឹងដើរតួនាទីជាផ្នែកមួយក្នុងការរួមចំណែកលើកកំពស់ការយល់ដឹងទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុធនាគារធានារ៉ាប់រង SME អចលនទ្រព្យ Biz Lifestyleជាដើម។

និពន្ឋនាយកគេហទំព័រCambodiafinancialtimes.com និងFacebook Page ឈ្មោះCambodia Financial Times លោកស៊ុំ ម៉ាណេតបានមានប្រសាសន៍ថា ជាមួយនឹងចក្ខុវិស័យច្បាស់លាស់គួបផ្សំនឹងជំនាញវិជ្ជាជីវៈត្រឹមត្រូវនិងក្រមសីលធ៌មគេហទំព័រនេះបាននិងកំពុងពង្រីកនិងត្រៀមពង្រីកការផ្សព្វផ្សាយកិច្ចសម្ភាសន៍វីដេអូខ្លីៗទាក់ទងនឹងវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាតិ។

លោកបន្តថាយើងកំពុងត្រៀមខ្លួនក្លាយជាស្ថាប័ន ដែលឈានមុខគេនៅកម្ពុជាផ្នែកព៌តមានសេដ្ឋកិច្ច ពិសេសយើងផ្តោតសំខាន់លើហិរញ្ញវត្ថុ ដើម្បីលើកកំពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ។លោកបន្តថា ការផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងពីការប្រើប្រាស់ឥណទាន ពីការសន្សំប្រាក់ ពីការវិនិយោគលើផ្នែកពាក់ព័ន្ឋ នឹងជាការរួមចំណែកជាមួយរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព

លោកស៊ុំម៉ាណេតបានបន្តថាការរីកចម្រើនលើវិស័យអ្វីមួយដែលឈ្នះតែអ្នកវិនិយោគឬម្ចាស់ស្ថាប័នណាមួយមិនមែនជារឿងដែលមានគុណតម្លៃសំរាប់សង្គមនោះទេប៉ុន្តែការទទួលបានជោគជ័យទាំងប្រជាពលរដ្ឋនិងអ្នកវិនិយោគជាគោលនយោនបាយឈ្នះឈ្នះដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជា។

លោកបន្តថាយើងខ្ញុំរំពឹងថាស្ថាប័នហិរញ្ញវត្ថុនានានឹងរួមចំណែកផ្តល់ការឧបត្ថម្ភគាំទ្រគេហទំព័រនេះដើម្បីមានលទ្ឋភាពពង្រីកការផ្សព្វផ្សាយចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជួយជំរុញភាពរីកចម្រើន ប្រកបដោយនិរន្តរភាពដល់ស្ថាប័នជាតិ អន្តរជាតិនៅកម្ពុជា។

ម្ចាស់ឬដៃគូពាណិជ្ជកម្មទាំងអស់អាចទាក់ទងបានតាមរយៈលេខ០៧៨៩៥៩៥៦៧និង០៨៦៤៨៥៥ ៦៦៕

គម្រោងកែលំអរផ្លូវជាតិលេខ៧ តម្លៃ៣៦លានដុល្លារអាមេរិកសាងសង់សម្រេចបាន៨០ភាគរយហើយ

ដោយវុត្ថា

ក្រចេះ៖  គម្រោងផ្លូវជាតិលេខ៧ មានប្រវែងសរុប១៦៤គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជាACដែលចំណាយថវិកាសរុបប្រមាណ៣៦លានដុល្លារអាមេរិកបានសាងសង់សម្រេចបានប្រមាណ៨០%ហើយ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយាបានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២០នេះ ថា  គម្រោងនេះត្រូវបានបែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិចុះត្រួតពិនិត្យកាលពីកន្លងមកនេះ  បានសម្រេចមិនទាន់ចេញវិញ្ញាបនបត្របញ្ជាក់ឱ្យក្រុមហ៊ុនសាងសង់ឡើយ ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួន ទាក់ទងនឹងការសាងសង់។ 

លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេទេស និងភាគីពាក់ព័ន្ធសហការគ្នា កែសម្រួលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវអនុវត្តតាមកិច្ចសន្យា និងសៀវភៅបន្ទុកឱ្យបាន១០០%

លោកស៊ុន ចាន់ថុលបានបន្តថា បើផ្លូវនោះពិនិត្យ មិនមានគុណភាពស្របតាមលក្ខណៈបច្ចេកទេសទេ ក្រសួងនឹងមិនទទួលយកផ្លូវនោះឡើយ ព្រោះក្រសួងឈរលើគោលការណ៍ សាងសង់ផ្លូវឱ្យមានគុណភាព រឹងមាំ ជាប់បានយូរអង្វែង ហើយក្រសួងនឹងធ្វើការត្រួតពិនិត្យជាប្រចាំ តាមការដ្ឋានសាងសង់ទាំងអស់ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងនៅកម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុនម៉ៅការសាងសង់កំពុង កែលម្អលក្ខណៈបច្ចេកទេស ត្រង់ចំណុចទាំងឡាយណា ដែលមិនសមស្របតាមលក្ខណៈបច្ចេកទេស នៅលើកំណាត់ផ្លូវនេះ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងដែរថា គម្រោងសាងសង់ផ្លូវពីក្រចេះទៅទល់ដែនប្រទេសឡាវ (ត្រពាំងក្រៀល) និងស្ពានឆ្លងកាត់ទន្លេមេង្គនៅក្នុងខេត្តក្រចេះ បានសិក្សារួចរាល់ និងកំពុងតែរង់ចាំភាគីចិនសម្រេចតែប៉ុណ្ណោះ៕

OCICកំពុងពន្លឿនផែនការអភិវឌ្ឍន៍ទីក្រុងកោះនរាលើទស្សនទានថ្មី

ដោយ គង់ សូរិយា

ភ្នំពេញៈ សម្លេងគ្រឿងចក្រ និងកប៉ាល់ដឹកខ្សាច់និងថ្មីបានបញ្ចេញសម្លេងយ៉ាងទ្រហឹងអឺងអាប់ នៅតំបន់ការដ្ឋានសាងសង់ទីក្រុងរណបកោះនរា ជាទីក្រុងថ្មីមួយដែលនឹងរួមចំណែកលើកកំពស់សោភ័ណភាពនៅតំបន់ទន្លេចតុមុខ និងជួយជំរុញកំនើនសេដ្ឋកិច្ចជាតិ។

ជាមួយនឹងពង្រាងស្ពានបានបញ្ចប់ការស្ថាបនាស្ពានតភ្ជាប់រវាងទីក្រុងកះពេជ្រនិងកោះនរាកំពុងត្រៀមបើកការដ្ឋានសាងសង់នៅខែតុលាខាងមុខនេះប្រសិនជាគ្មានការប្រែប្រួលទេនោះ។

អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការស្ថាបនាទីក្រុងថ្មីកោះនរារហូតមកទល់ពេលនេះ បាននិងកំពុងដំណើរការយ៉ាងសកម្ម លើផែនការរយៈពេលបីឆ្នាំ ដើម្បីរៀបចំបញ្ចប់ការកសាងហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះទាំងមូល ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក។

លោកបន្តថា ការសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាបានបញ្ចប់គំរូប្លង់រួចហើយ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញមិនទាន់ឲ្យបញ្ចេញនៅឡើយទេលោកបន្តថា វាជាស្ពានយោងដោយខ្សែកាប ដែលមានរចនាបទខ្មែរហើយទំហំស្ពានធំជាងស្ពានតភ្ជាប់រវាងផ្លូវជាតិលេខ៥ ទៅកាន់ទីក្រុងរណបជ្រោយចង្វារ

ការស្ថាបនាស្ពានតភ្ជាប់រវាងទីក្រុងរណបទាំងពីរនេះ គ្រោងចំណាយទឹកប្រាក់៥០លានដុល្លារអាមេរិក ហើយស្ពាននេះនឹងរួមចំណែកសម្រួល ការធ្វើចរាចរណ៍ពីផ្លូវជាតិលេខ១ ដើម្បីតភ្ជាប់មកកាន់រាជធានីភ្នំពេញ។

លោកទូច សំណាងបានបន្តថា ក្រុមហ៊ុននិងរដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីការរៀបចំចរាចរណ៍នៅតំបន់នេះថា តើរថយន្តប្រភេទណាត្រូវឲ្យឆ្លង និងមិនឲ្យឆ្លងស្ពាននេះ ឬបើកឲ្យយានយន្តចរាចរណ៍ធម្មតា។ ផែនការនេះស្ថិតក្នុងការពិចារណានៅឡើយ។

លោកបន្តថា ទីក្រុងរណបកកោះនរា មានទំហំជាង១០០ហិកតា និងស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍ដែលមានភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ

សមាគមអចលនទ្រព្យសកល និងក្រុមហ៊ុន Urban Village ចុះ MOU រួមគ្នាលើការលក់គម្រោង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សមាគមអចលនទ្រព្យសកលដែលត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិកម្ពុជាហៅកាត់ (GRA) បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យលំដាប់អន្តរជាតិ Urban Village ដើម្បីទទួលសិទ្ធិលក់គម្រោងខុនដូបែបប្រណីតភាពរបស់ក្រុមហ៊ុនដែលស្ថិតនៅតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិតខ្ពស់ជាប់ផ្លូវ៦០ម៉ែត្រ។

ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោក សំ សុខនឿន ដែលជានាយកក្រុមហ៊ុនអចលនទ្រព្យ KW Sam Sn Realty Co.,Ltd បានមានប្រសាសន៍នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះថា “សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលក្នុងនោះរាប់ទាំងបញ្ចូលទាំងវិស័យខុនដូផងដែរ នៅតែអាចរក្សាបាននូវស្ថានភាពលល្អប្រសើរ និងមិនទោរទន់ទៅតាមការគំរាមកំហែងនៃវិបត្តិជំងឺឆ្លងនោះទេ”។

លោកបានមានប្រសាសន៍បញ្ជាក់ថា “សម្រាប់ទីផ្សារខុនដូ គឺនៅតែបន្តមានដំណើរការ ខណៈដែលតម្រូវការ និងការផ្គត់ផ្គង់នៅតែមានសន្ទុះ និងដើរទន្ទឹមគ្នា ជាក់ស្ដែងដូចជាគម្រោងខុនដូរបស់ក្រុមហ៊ុន Urban Village បច្ចុប្បន្ននេះនៅតែមានដំណើរការសាងសង់”។

ជាមួយគ្នានេះ លោក សំ សុខនឿន ក៏បានបង្ហាញពីភាពរីករាយក្នុងកិច្ចសហការជាដៃគូ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាទៅលើការលក់គម្រោងខុនដូរបស់ Urban Village នៅពេលនេះ ជាមួយនឹងជំនឿចិត្តយ៉ាងមុតមាំក្នុងការទទួលបានភាពជោគជ័យលើការលក់ផងដែរ។

លោក Ben li ម្ចាស់គម្រោងខុនដូ Urban Village បានមានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាម្ចាស់គម្រោង ពិតជាមានមោទនភាពខ្ពស់ដែលបានទទួលកិច្ចសហការជាដៃគូលក់គម្រោងជាមួយសមាគមអចលនទ្រព្យសកល ដែលមានក្រុមអ្នកជំនាញ និងមានបទពិសោធន៍ច្រើនឆ្នាំទៅលើផ្នែកលក់អចលនទ្រព្យ ជាពិសេសផ្នែកខុនដូយ៉ាងជោគជ័យ”។

លោកបានបញ្ជាក់ថា “ផ្អែកតាមភាពប្រណីតនៃគម្រោងដែលមានលក្ខណៈល្អប្លែកពីគម្រោងដទៃទៀត និងស្ថិតនៅតំបន់ពាណិជ្ជកម្មពិសេសប្រចាំនៅរាជធានីភ្នំពេញ គួបផ្សំជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរបស់សមាគមអចលនទ្រព្យសកល គម្រោងខុនដូនេះ នឹងទទួលបានល្អផលក្នុងរយៈពេលដ៏ខ្លី ហើយក្រុមហ៊ុននឹងបន្តកិច្ចសហការប្រតិបត្តិការភាពជាដៃគូនេះទៅលើគម្រោងថ្មីៗជាច្រើនទៀត” ៕

ក្រុមហ៊ុនសិង្ហបុរី ទិញដីជាង ២២លានដុល្លារ សម្រាប់ការអភិវឌ្ឍអគារប្រើប្រាស់ចម្រុះនៅភ្នំពេញ

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនមហ៊ុនអចលនទ្រព្យ និងកសិកម្ម Hong Lai Huat Group បានចុះកិច្ចព្រមព្រៀងជាមួយ អ្នកជំនួញក្នុងស្រុកម្នាក់ ដើម្បីទិញដីមួយកន្លែងនៅរាជធានីភ្នំពេញ សម្រាប់ការអភិវឌ្ឍអចលនទ្រព្យប្រើប្រាស់ចម្រុះក្នុងតម្លៃទិញ ២២,៥ លានដុល្លារអាមេរិក។

ក្រុមហ៊ុនចុះបញ្ជីនៅសឹង្ហបុរីនេះ បានឱ្យសឹងនៅក្នុងឯកសារផ្សារហ៊ុនកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធអភិវឌ្ឍន៍លំនៅដ្ឋានសាធារណៈ (Public Housing Development) បានទិញដីទំនេរមួយកន្លែងទំហំ ១,២ ហិកតាដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងការសារព័ត៌មានសឹង្ហបុរី Business Times ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងទៀតថា ប្រតិបត្តិការទិញលក់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសអភិវឌ្ឍន៍នៅជុំវិញតំបន់។

ក្រុមហ៊ុន បានបន្តទៀតថា ថ្លៃទិញដីត្រូវបានព្រមព្រៀង បន្ទាប់ពីគិតគូរពីទីតាំង និងចក្ខុវិស័យអភិវឌ្ឍន៍នៃអចលនទ្រព្យ ក្នុងចំណោមកត្តាផ្សេង”ទៀត។

ក្រុមហ៊ុន Hong Lai Huat នឹងផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការនេះ ដោយទុនវិនិយោគផ្ទាល់របស់ខ្លួន និងការខ្ចីប្រាក់ពីធនាគារ។ ប្រតិបត្តិការនេះមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ទៅលើទ្រព្យសកម្ម ឬប្រាក់ចំណូលជាក់ស្តែងរបស់ក្រុមហ៊ុននៅឆ្នាំ២០២០នោះទេ។