ឱនភាពថវិកាជាតិរបស់សហរដ្ឋអាមេរិកកើនឡើងដល់ ៣ទ្រីលានដុល្លារ

ដោយ៖ ប៊ី

អន្តរជាតិ៖ ឱនភាពថវិការបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតគឺជាង ៣ ទ្រីដុល្លារអាមេរិក ដោយសារការចំណាយដ៏ច្រើនរបស់រដ្ឋាភិបាលលើការផ្តល់ជំនួយសង្គ្រោះប្រទេស ដើម្បីចាកចេញពីវិបត្តិ COVID-19។

ក្រសួងរតនាគារ បានឱ្យដឹងថា រដ្ឋាភិបាលបានចំណាយប្រាក់ច្រើនជាង ៦ ទ្រីដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ រួមបញ្ចូលទាំងការចំណាយ ២ ទ្រីដុល្លារសម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងជំងឺCOVID-19។

តួលេខនេះមានចំនួនច្រើនជាងប្រាក់ចំនួន ៣ ដុល្លារដែលខ្លួនបានទទួលពីពន្ធ។ (ឱនភាពថវិកា គឺជាចំនួនថវិកាដែលរដ្ឋបានចាយលើសចំណូល)
ឱនភាពនេះគឺច្រើនជាងទ្វេដងនៃកំណត់ត្រាពេញមួយឆ្នាំ ដែលបានកំណត់នៅក្នុងឆ្នាំ ២០០៩។ នៅពេលនោះ ទីក្រុងវ៉ាស៊ីនតោនកំពុងតែដោះស្រាយជាមួយនឹងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។

មុនពេលមានរោគរាតត្បាតកើតឡើង សហរដ្ឋអាមេរិកនៅលើផ្លូវត្រូវក្នុងការរក្សាឱនភាពត្រឹមជាង ១ ទ្រីលានដុល្លារក្នុងឆ្នាំនេះ ដែលជាទំហំធំតាមស្តង់ដារជាប្រវត្តិសាស្ត្ររបស់ខ្លួន។
ប៉ុន្តែការចំណាយដែលបានអនុម័ត ដើម្បីព្យាយាមដោះស្រាយផលប៉ះពាល់ហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺCOVID-19 បានធ្វើឱ្យប៉ះពាល់ដល់ឱនភាពថវិកា។

ការិយាល័យ Congressional Budget Office ក្នុងខែនេះ បានព្យាករណ៍ថា សហរដ្ឋអាមេរិកទំនងជានឹងមានឱនភាពប្រចាំឆ្នាំពេញចំនួន ៣,៣ ទ្រីលានដុល្លារអាមេរិក ដែលច្រើនជាងការកើនឡើង ៣ ដង បើប្រៀបធៀបនឹងឆ្នាំមុន។

ទីភ្នាក់ងារខាងលើនេះ បាននិយាយថា ខ្លួនរំពឹងថាបំណុលសរុបរបស់សហរដ្ឋអាមេរិកនឹងកើនឡើងដល់ ២៦ទ្រីលានដុល្លារ៕

បណ្ឌិត តាន់ មុនី្នវណ្ណ ស្នើឱ្យវិស័យឯកជនរាយការណ៍ពីផលប៉ះពាល់ជំងឺ Covid-19 ដើម្បីស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាល

ដោយវុត្ថា

ភ្នំពេញ៖ វិស័យឯកជនមានតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺង Covid-19 ក៏ដូចជាចូលរួមកាត់បន្ថយផលវិបាកមកលើវិស័យសេដ្ឋកិច្ច តាមរយៈការផ្តល់នូវព័ត៌មានពិតនិងទាន់ពេលវេលាអំពីផលប៉ះពាល់របស់ជំងឺងកូវីដ-១៩ មកលើអាជីវកម្ម និងស្នើសុំអន្តរាគមន៍ទាន់ពេលវេលាពីរដ្ឋាភិបាល។

បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងយ៉ាងដូច្នេះនៅក្នុង “សន្និសីទភាពជាអ្នកដឹកនាំអន្តរជាតិ” តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ម្សិលមិញនេះ ដែលរៀបចំឡើងដោយសហព័ន្ធសន្តិភាពសកល ក្រោមមូលបទថា “ឱកាសនិងក្ដីសង្ឃឹមក្នុងអំឡុងវិបត្តិសកល៖ ការពឹងផ្អែកគ្នាទៅវិញទៅមក វិបុលភាពរួម និងគុណតម្លៃសកល” ។

លោកបន្តថា កិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជាជាមួយបណ្ដាសមាគម និងសភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបន្ថែមថា ការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា រួមនិងវិធានការរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

បណ្ឌិត តាន់ មុនី្នវណ្ណ ស្នើដល់គ្រប់ភាគីពាក់ព័ន្ធឲ្យជួយគាំទ្រគ្នាទៅវិញទៅមកទៅតាមលទ្ធភាព ជាពិសេស ការផ្ទេរបច្ចេកវិទ្យា និង ការចែករំលែកការអនុវត្តល្អៗ ដើម្បីរួមគ្នាដោះស្រាយវិបត្តិជាសាកលនេះ ឆ្ពោះទៅរកវិបុលភាពរួម និងបានស្នើសុំឲ្យមានការអនុវត្តពេញលេញនូវអនុសាសន៍ដ៏មានប្រយោជន៍របស់អង្គសន្និសីទ ជាពិសេសធាតុចូលវិស័យឯកជន។

ស្ថិតក្នុងវិបត្តិការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ សន្និសីទភាពជាអ្នកដឹកនាំអន្តរជាតិ ត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញជាលើកដំបូង ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈមនានា និងលើកឡើងជាដំណោះស្រាយជាក់លាក់ និងការអនុវត្តល្អ ដោយផ្ដោតលើគោលការណ៍៣៖ ១)ការពឹងផ្អែកគ្នាទៅវិញទៅមក ២)វិបុលភាពរួម និង ៣)គុណតម្លៃសកល៕

គម្រោងខុនដូប្រណីត AGILE SKY RESIDENCE កំពុងទទួលបានប្រជាប្រិយភាព និងចំណែកទីផ្សារយ៉ាងច្រើន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងខុនដូដ៏ប្រណីត ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្មនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក រាជធានីភ្នំពេញ កំពុងតែទទួលបាននូវប្រជាប្រិយភាព និងទទួលបានចំណែកទីផ្សារយ៉ាងច្រើន ខណៈដែលលទ្ធផលនៃការលក់ទទួលបានជាង៥០ភាគរយរួចទៅហើយ។

នាយកទីផ្សារ និងការលក់គម្រោងខុនដូដ៏ទំនើបមួយនេះបានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍នៃការលក់បញ្ចុះតម្លៃពិសេសកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ថា AGILE SKY RESIDENCE គឺជាគម្រោងដ៏ល្អបំផុត និងស័ក្ដសមសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរបទពិសោធន៍ការរស់នៅបែបទាន់សម័យ ខណៈដែលតម្លៃលក់នៅលើទីផ្សារនៃគម្រោងមួយនេះមានភាពសមរម្យ បើប្រៀបធៀបទៅនឹងតម្លៃនៃគម្រោងខុនដូផ្សេងទៀតដែលស្ថិតនៅទីតាំងរួមគ្នា។

លោកបានបន្តទៀតថា នៅតំបន់ដែលគម្រោង AGILE SKY RESIDENCE កំពុងសាងសង់នៅពេលនេះ ស្ថិតនៅចន្លោះបឹងកេងកង១ បឹងកេងកង៣ ដែលជាតំបន់មានសក្ដានុពលជាងគេនៅក្នុងរាជធានីភ្នំពេញ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកពាក់ព័ន្ធទៅនឹងតម្លៃដែលត្រូវបានដាក់លក់នៅលើទីផ្សារ និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនដែលភាគច្រើនជាជនជាតិខ្មែរនោះគឺត្រឹម១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ហើយតម្លៃនេះនឹងបន្តឡើងថ្លៃបន្ថែមទៀត ដែលកាន់តែជាឱកាសចំណេញយ៉ាងច្រើនសម្រាប់អតិថិជននៅពេលបច្ចុប្បន្ន។

អគារខុនដូដ៏ទំនើប AGILE SKY RESIDENCE មានកម្ពស់ ៤៤ជាន់ស្មើនឹងប្រមាណ ៩៦៣យូនីត ដោយត្រូវចំណាយរយៈពេលសាងសង់ចំនួន៣ឆ្នាំ និងមានបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ និងទីកម្សាន្តនានាជាច្រើន ដើម្បីផ្តល់ជូននូវផាសុកភាពដល់ការរស់នៅបែបទាន់សម័យ រួមជាដូចជា សួនច្បារ Sky Garden ចំនួន៤ មានកន្លែងហាត់ប្រាណ មានហាងកាហ្វេ មានមណ្ឌលកម្សាន្តសម្រាប់កុមារ បណ្ណាល័យ រួមជាមួយនឹងផ្សារទំនើបផងដែរ៕

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើឱ្យកម្ពុជា-ជប៉ុនបង្កើនទំហំពាណិជ្ជកម្ម

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាស្នើឱ្យមានការពង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ជប៉ុន ឱ្យកាន់តែមានទំហំធំធេងថែមទៀត ឲ្យសមស្របនឹងសក្ដានុពលសេដ្ឋកិច្ចនៃប្រទេសទាំង២ ព្រមទាំងវិនិយោគជប៉ុននៅកម្ពុជា។

លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើបែបនេះនៅក្នុងឱកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០នេះ ។

ឧបនាយករដ្ឋមន្ត្រីថ្លែងថា ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងជប៉ុនតាំងពីថ្ងៃ០៩ មករា ១៩៥៣ គឺ១០ខែមុនកម្ពុជាបានទទួលឯករាជ្យពីបារាំង ហើយកម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនៅឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៥៩ កម្ពុជា និងជប៉ុន ក៏បានចុះហត្ថលេខាកិច្ចព្រមប្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេសរយៈពេល២១ឆ្នាំ លោកឧបនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាយ៉ាងច្រើនលើកិច្ចព្រមព្រៀងអំពីជំនួយរបស់ជប៉ុនដល់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា រហូតមកដល់សព្វថ្ងៃនេះប្រទេសយើងទាំងពីរមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ហើយរដ្ឋាភិបាលជប៉ុនតែងតែផ្ដល់ការគាំទ្រ និងជំនួយដល់កម្ពុជាលើគ្រប់វិស័យដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថាទោះជានាយករដ្ឋមន្ត្រីថ្មីណាក៏ដោយដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងកម្ពុជានិងជប៉ុនក៏នៅតែបន្ដរីកចម្រើនលើគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន តែងតែផ្ដល់ជំនួយដល់កម្ពុជា ដូចជា៖ ជំនួយឥតសំណង និងកម្ចីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ផ្ដល់អាហាររូបករណ៍ដល់មន្ត្រី និងនិសិត្សកម្ពុជាយ៉ាងច្រើនទៅសិក្សានៅប្រទេសជប៉ុន ផ្ដល់ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ថ្លែងថា ក្នុងរយៈពេលមួយឆ្នាំដែល បានមកបំពេញការងារនៅកម្ពុជា បានកត់សម្គាល់ និងកោតសរសើរទៅលើការទប់ស្កាត់នឹងជម្ងឺCovid-19 ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបបាលកម្ពុជា ។

ជាពិសេសលោកឯកអគ្គរាជទូត ក៏បានកោតសរសើរកម្ពុជាដែលមានសន្ដិភាពនិងស្ថេរភាពនយោបាយ ធ្វើអោយមានការរីកចម្រើនសេដ្ឋកិច្ចនិងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា៕

អគារការិយាល័យថ្មីមួយទៀតតម្លៃ ៣០ លានដុល្លារ នឹងបង្ហាញខ្លួននៅខណ្ឌដូនពេញ

ដោយវុត្ថា

ភ្នំពេញ៖ អគារការិយាល័យថ្មីមួយទៀតដែលមានកំពស់១៥០ ម៉ែត្រ និង ៣៨ ជាន់ និងមានតម្លៃ៣០ លានដុល្លារអាមេរិកដែលកំពុងសាងសង់លើផ្ទៃដីសរុប ៤០.០០០ ម៉ែត្រការ៉េ នឹងបង្ហាញខ្លួនៅតាមបណ្តោយលេខ៧០ និងមហាវិថី PPCC ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អគារការិយាល័យនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Benrich Real Estate Development Co., Ltd ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំរយៈ ២ ឆ្នាំ និងសាងសង់ដោយក្រុមហ៊ុន ចិន Nantong Daxin Engineering Company Limited។ អគារ Benrich Tower នេះ គឺជាគម្រោងអគារការិយាល័យលំដាប់ A ថ្មីមួយដែលសាងសង់តាមស្តង់ដារអន្តរជាតិ។

លោក Han Ze ប្រធានក្រុមហ៊ុន Benrich Real Estate Development Co., Ltd បានឱ្យដឹងថា ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាគឺជាឧស្សាហកម្មដ៏ធំមួយ ហើយចំនួនគម្រោងដែលបានបញ្ចប់ និងកំពុងសាងសង់នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។

លោកបន្តថា ការសាងសង់អគារការិយាល័យ Benrich Tower នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ស្តង់ដារ គុណភាព និងការត្រឡប់មកវិញនៃការវិនិយោគ ដែលកត្តាទាំងនេះនឹងមានសារៈសំខាន់សម្រាប់សហគ្រាសទាំងអស់អាចឱ្យមានការដំណើរការឡើងវិញបាន នៅក្នុងឧស្សាហកម្មវិស័យអចលនទ្រព្យនេះ។

លោកបន្ថែមថា ទោះជាយ៉ាងណាក៏ដោយគម្រោងរបស់យើងត្រូវបានបង្កើតឡើងសម្រាប់តម្រូវការទីផ្សារហើយមិនត្រឹមតែសម្រាប់សហគ្រាសដែលមានមូលដ្ឋាននៅទីស្នាក់ការកណ្តាលប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហគ្រាសធុនតូចផងដែរ។

លោកបញ្ជាក់ទៀតថា លើសពីនេះ ទីក្រុងភ្នំពេញគឺជាទីក្រុងធំរបស់ប្រទេសកម្ពុជាដែលជាទិសដៅសេដ្ឋកិច្ច និងវិនិយោគថ្មីសម្រាប់សហគ្រាសនិមួយៗ ហើយថ្មីៗនេះវាបានក្លាយជាទីក្រុងមួយដែលមានតម្លៃបំផុតនៅលើពិភពលោក។ ក្រៅពីនេះ គោលនយោបាយ និងភាគលាភ ប្រជាសាស្ត្ររបស់ទីក្រុងភ្នំពេញ ត្រូវបានទាក់ទាញដោយវិនិយោគិនបរទេស និងក្រុមហ៊ុនពហុជាតិជាច្រើន៕

រដ្ឋបាលរាជធានីភ្នំពេញ ដាក់អោយប្រើប្រាស់ផ្លូវថ្មី ១ខ្សែភ្ជាប់ពីខណ្ឌទួលគោកទៅខណ្ឌដូនពេញ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយប្រើប្រាស់ផ្លូវថ្មី ១ខ្សែ តភ្ជាប់ពីផ្លូវលេខ ២៨៣ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក មកភ្ជាប់ផ្លូវក្នុងតំបន់គម្រោងបឹងកក់ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០ ឱ្យដឹងថា ផ្លូវថ្មីនេះ ជាផ្លូវអ៊ុតកៅស៊ូ AC ទទឹង ២០ម៉ែត្រ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរនៅដងផ្លូវលេខ៧០ ផ្លូវលេខ ២៧៣ និងមហាវិថី សហព័ន្ឋរុស្ស៊ី។

មន្ទីរសាធារណការ បន្តថា “សូមបងប្អូនអញ្ជើញធ្វើដំណើរតាមផ្លូវថ្មី ភ្ជាប់ចរាចរពីខណ្ឌទួលគោកទៅខណ្ឌដូនពេញ ចាប់ពីពេលនេះតទៅ !” ។

រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងពង្រីក និង សាងសង់ផ្លូវថ្មីជាច្រើនខ្សែ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ចរាចរណ៍ និងធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល ខណៈបច្ចុប្បន្ននេះ នៅតាមបណ្តាមហាវិថី និងផ្លូវមួយចំនួនក្នុងទីក្រុងភ្នំពេញបាននឹងកំពុងមមាញឹក និងកកស្ទះចរាចរណ៍។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ បានបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង៥គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអនម៉លសែនសុខ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ ។

លោកថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនបានធ្វើអោយប្រទេសជាតិ មានសន្តិភាពពេញលេញ មានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនយ៉ាងឆាប់រហ័ស។ ជាក់ស្តែងយើងបានស្ថាបនាឡើងជាផ្លូវថ្មីៗ ជាច្រើនខ្សែដែលអាចជួយកាត់បន្ថយការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញបានយ៉ាងច្រើងផងដែរ៕

ក្រុមហ៊ុននាំចូលផលិតផលសម្រស់ដ៏ល្បីមកពីបរទេស ផាលីតាស្គីនឃែរ កាន់តែពង្រីកទីផ្សារយ៉ាងទូលាយ

ភ្នំពេញ ៖ ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក (Phalita Skin Care) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់ដ៏ល្បីឈ្មោះនៅកម្ពុជា បានធ្វើការពង្រីកទីផ្សារតំណាងចែកចាយរបស់ខ្លួនកាន់តែធំទូលាយ ក្រោយពីទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់។

ស្របពេលដែលតម្រូវការទីផ្សារកាន់តែមានការកើនឡើង ក្រោមការទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជនកាន់តែច្រើន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុន Phalita Skin Carea បានសម្រេចផ្តល់សិទ្ធិ និងសម្ពោធទីតាំងតំណាងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់របស់ខ្លួនចំនួនមួយបន្ថែមទៀត ស្ថិតនៅភូមិគគី ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមការចូលរួមពីសំណាក់អគ្គនាយិកាក្រុមហ៊ុន និងបណ្តាភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោកស្រី កែវ ផាលីតា អគ្គនាយិកា ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក (Phalita Skin Care) បានបង្ហាញពីក្ដីរីករាយ សប្បាយចិត្តជាខ្លាំង នៅពេលបានឃើញ និងដឹងច្បាស់ពីសន្ទុះនៃការទទួលបានកិច្ចគាំទ្រ ជឿទុកចិត្តពីសំណាក់បណ្តាអតិថិជន រហូតបានពង្រីក និងបង្កើតទីតាំងតំណាងចែកចាយផលិតផលជាច្រើនកន្លែងក្នុងពេលដ៏ខ្លី។

លោកស្រីបន្តថា “ការបើកដំណើរការទីតាំងតំណាងចែកចាយថ្មី ស្ថិតនៅអាសយដ្ឋានខាងលើនេះ គឺក្នុងគោលបំណងជួយដល់អ្នកដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តី ឱ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយរាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខមានអាចម៍រុយ ស្បែកមុខប្រតិកម្មនឹងផលិតផល ក៏ដូចជាអាកាសធាតុ រួមជាមួយនឹងបញ្ហាស្បែកមុខជាច្រើនប្រភេទទៀត”។

នៅចំពោះមុខបណ្តាភ្ញៀវកិត្តិយសដែលបានចូលរួម លោកស្រីអគ្គនាយិកាក្រុមហ៊ុន ផាលីតា បានមានប្រសាសន៍បន្តទៀតថា “ក្រុមហ៊ុននាងខ្ញុំមានទស្សនៈវិស័យចង់ឃើញបុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយឱ្យបងប្អូនស្រ្តីជាច្រើននាក់ឱ្យរួចផុតពីផ្ទៃមុខដ៏អាក្រក់ ប្រែជាមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់ និងបើកឱកាសដល់តំណាងចែកចាយនៅទូទាំង ២៥ ខេត្តក្រុងផងដែរ”។

បច្ចុប្បន្ននេះដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងចង់ចាប់ដៃគូសហការធ្វើជាតំណាងចែកចាយផលិតផល ក្រុមហ៊ុន ផាលីតា បានសម្រេចបន្ថែមទីតាំងតំណាងចែកចាយជាបន្តបន្ទាប់ ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការប្រើប្រាស់សេវា ទទួលបានការប្រឹក្សាដោយឥតគិតថ្លៃអំពីស្បែកមុខ ក៏ដូចជាការបម្រើសេវាព្យាបាលមុខកើតមុន ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការទិញផលិផលផងដែរ។

លោកស្រីអគ្គនាយិកាបានបញ្ជាក់ថា “បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើននាក់បានមកទទួលយកការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែកមុខរបស់ពួកគាត់ ធ្វើយ៉ាងណាដើម្បីឱ្យមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុន។ តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនទទួលបាននូវភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំងពីការផ្លាស់ប្តូរផ្ទៃមុខរបស់គាត់ឱ្យមានសម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ”។

កន្លងមកអតិថិជន ដែលបានមកទទួលសេវាកម្មព្យាបាលពីក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care តែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក ពិតជាមានភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។ ជាមួយគ្នានេះ មានអ្នកខ្លះបានណែនាំមិត្តភ័ក្តិរបស់ពួកគេ ដែលមានបញ្ហាផ្ទៃមុខឱ្យមកទទួលការពិភាក្សាជាមួយ ផាលីតា ស្គីនឃែរ និងទទួលការព្យាបាលឱ្យជាសះស្បើយតាមបែបធម្មជាតិ១០០ភាគរយ។

នៅក្នុងឱកាសនេះផងដែរ លោកស្រី ទីម ចំប៉ា តំណាងចែកចាយប្រចាំតំបន់ ខេត្តកណ្តាល បានមានប្រសាសន៍ផងដែរថា “ខ្ញុំពិតជាមានអារម្មណ៍រីករាយនិងរំភើបដែលបានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុនក្នុងការចែកចាយផលិតផលដែលមានគុណភាព និងល្បីឈ្មោះប្រចាំខេត្តកណ្តាល។ ខ្ញុំជឿជាក់ថា តាមរយៈកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ក្រុមហ៊ុន និងប្រសិទ្ធភាពនៃផលិតផល ពិតជាអាចពង្រីកទីផ្សារកាន់តែទូលំទូលាយបន្ថែមជាក់ជាមិនខាន។ ដោយឡែក សម្រាប់អ្នកដែលចង់ជាវផលិតផលថែរក្សា និងព្យាបាលសម្ផស្សរបស់ក្រុមហ៊ុន ផាលីតា ស្គីនឃែរ អាចមកកាន់ទីស្នាក់ផ្ទាល់ដែលស្ថិតនៅជិតផ្សារគគី ស្រុកកៀនស្វាយ ខេត្តកណ្តាលដោយផ្ទាល់ ឬតាមរយៈទូរស័ព្ទលេខ ៖ 0965174447

ជាកាដូពិសេសសម្រាប់ឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ នេះ ក្រុមហ៊ុនបានបើកឱកាសឱ្យអ្នកលក់ជាច្រើនដោយការពង្រីកទីតាំងតំណាងចែកចាយផលិតផលបន្តទៅតាមបណ្តាខេត្ត និងក្រុងនានាផងដែរ។ សម្រាប់ដែលចង់បានទីតាំងលក់ស្អាត ផលិតផលល្អ និងចំណាយដើមទុនតិច សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សាក្នុងការបើកទីតាំងថ្មី។ ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ ០១២ ៩៩ ៥៦ ៣៨

អ្នកជំនាញ​បង្ហើប​ពី​ប្រភេទ​អចលនវត្ថុ​ដែល​ទទួលបាន​ការគាំទ្រ និង​ចំនេញ​សម្រាប់​ការវិនិយោគ

ដោយ ហ្សូ​លី

ភ្នំពេញ៖ ស្ថានភាព​អចលនទ្រព្យ ការវិនិយោគ និង​ការអភិវឌ្ឍ​លើ​គម្រោង​នានា​ក្នុងប្រទេស​កម្ពុជា នៅតែ​បន្តសកម្មភាព បើទោះបីជា​មេរោគ​រាតត្បាត​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​រួម​ទាំង​កម្ពុជា​ស្ថិតក្នុង​ភាពស្រពេចស្រពិល​ក៏ដោយ។

ជាមួយគ្នា អ្នកជំនាញ​បាន​បង្ហើប​ប្រាប់​ពី​ប្រភេទ​អចលនវត្ថុ​មួយ​ប្រភេទ​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង និង​មាន​ចរន្ត​ទិញ​លក់​ជា​ហូរហែ ជាពិសេស​ចំណាយលុយ​វិនិយោគ​ហើយ​ទទួលបាន​ផលចំណេញ​ខ្ពស់។ អ្នកជំនាញ​អចលនទ្រព្យ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century 21 Advance មានប្រសាសន៍ប្រាប់​គេហទំព័រ Property Area Asia ថា សម្រាប់​ទីផ្សារ​ដីធ្លី​គឺ​នៅតែមាន​លទ្ធភាព​លក់​ចេញ​បាន​គ្រប់ពេល ព្រោះ​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​ទៅមុខ​ជាហេតុ​ធ្វើឱ្យមាន​តម្រូវការ​ខ្ពស់។   លោក​បន្តទៀតថា ការបោះ​ទុនវិនិយោគ​លើ​វិស័យ​ដីធ្លី​គ្រប់​ទំហំ សុទ្ធតែ​ទទួលបាន​ផលចំណេញ អាស្រ័យ​ទៅតាម​ទីតាំង ដោយ​អ្នកខ្លះ​អាច​អភិវឌ្ឍ​ទៅជា​សំណង់​លំនៅឋាន ឬ​ក្នុង​វិស័យ​នានា។

ដោយឡែក លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ធ្លាប់បាន​លើកឡើងថា ទីផ្សារ​អចលនទ្រព្យ​មិនមាន​អ្វី​ប្រែប្រួល​នោះឡើយ គឺ​នៅតែ​ដូច​កាលពីដើមឆ្នាំ​ដដែល តែ​យ៉ាងណា សម្រាប់​តម្រូវការ​គឺ​ដីធ្លី ដូច​ជាមាន​សកម្មភាព​ទិញ​លក់។   លោក​ថា ស្ថិតក្នុង​ដំនាក់កាល​ស្រពិចស្រពិល​បែបនេះ ទីផ្សារ​ដីធ្លី​មិនមាន​ការប្រែប្រួល​ឡើងថ្លៃ​អ្វី​ឡើយ ព្រោះ​អត្រាកំណើន​សេដ្ឋកិច្ច​មោ​ន​ទាន់​ខ្ពស់​គ្រប់គ្រាន់​ដែល​អនុញ្ញាត​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​ត្រូវ​ឡើង​តម្លៃ​នោះឡើយ។

បើតាម​ទស្សនវិស័យ​របស់​អ្នកជំនាញ​បង្ហាញថា ការអភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​មិនមែនជា​សកម្មភាព​វិនិយោគថ្មីៗមកពី​បរទេស​ឡើយ ភាគច្រើន​ម្ចាស់​គម្រោង​អភិវឌ្ឍ​ជា​អ្នក​នៅក្នុង​ស្រុក ឬ​ជា​គម្រោង​ចាស់​ដែល​មិនទាន់​បញ្ចប់​គម្រោង៕

រដ្ឋាភិបាល​ចាប់ផ្តើម​ដោះស្រាយ​សំណង់​មិន​រៀបរយ​នៅ​ផ្នែក​មួយ​នៃ​កោះរ៉ុង​សន្លឹម

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាលខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​ពិភាក្សា​ដោះស្រាយ​ផលប៉ះពាល់​សំណង់​មិន​រៀបរយ​នៅលើ​ទីតាំង​វិនិយោគ​នៅ​ផ្នែក​មួយ​នៃ​ភូមិ​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ ដើម្បី​ព​ន្លឿ​ង​ការអភិវឌ្ឍន៍។

លោក​ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នេះ​គឺជា​កិច្ចប្រជុំ​ដោះស្រាយ​ដំបូង ដោយមាន​ការចូលរួម​ពី​តំណាង​មកពី​ក្រសួង​រៀបចំ​ដី រដ្ឋបាលខេត្ត តំណាង​ក្រុង​ម​ហ៊ុន​វិនិយោគ និង​ភាគី​ពាក់ព័ន្ធ​នានា​ធ្វើឱ្យ​យ៉ាងណា​ដោះស្រាយ​សំណង់​ដែល​មិន​រៀបរយ​នៅ​ទីនោះ។

លោក​បន្តថា ចំពោះ​លទ្ធផល​បឋម ភាគី​ទាំងអស់​បានសម្រេច​ចុះទៅ​ប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជាក់ស្តែង​នៅលើ​ទីតាំង​ជាក់ស្តែង និង​កំពុង​អាស្រ័យ​ផល ។

លោក​បន្ថែមថា “ជាមួយគ្នានេះ ក៏​នឹង​ចុះ​ស្រាវជ្រាវ​ចងក្រង​ឯកសារ បទដ្ឋាន​គតិយុត្តិ ពាក់ព័ន្ធ​នឹង ការវិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​នៅលើ​កោះរ៉ុង​នេះ ហើយក៏​នឹង​ដោះស្រាយ​ផលប៉ះពាល់​ទៅលើ​ដីធ្លី ពាក់ព័ន្ធ​នឹង​ស្ថាប័នរដ្ឋ​មួយចំនួនទៀត​ផងដែរ” ។

លោក  ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ បាន​ដឹកនាំ​កិច្ចប្រជុំ ស្ដីពី​ការពិភាក្សា​ដោះស្រាយ​ផលប៉ះពាល់​នៅលើ​ទីតាំង​វិនិយោគ​នៅ​ផ្នែក​មួយ​នៃ​ភូមិ​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ មានការ​ចូលរួម​ពី តំណាង​ក្រសួង​ជំនាញ លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ ។

កោះរ៉ុង​សន្លឹម គឺជា​ដែន​កោះ​មួយ​ដែល​នៅ​មិន​ឆ្ងាយ​ពី​កោះរ៉ុង​ឡើយ ដោយ​កោះ​នេះ ស្ថិតនៅ​ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ  ដែល​បច្ចុប្បន្ននេះ បា​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ​បំផុត​នៅក្នុង​ដែល​សមុទ្រ​របស់​កម្ពុជា។

កោះរ៉ុង​សន្លឹម​មាន​ចម្ងាយ​ពី​ក្រុងព្រះសីហនុ​ប្រវែង ៣៨ គីឡូម៉ែត្រ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៥ភូមិ ដែល​ភាគច្រើន​ប្រកបមុខរបរ​ជា​នេសាទ និង​មាន​ផ្ទៃ​ឌី​ទំហំ ប្រមាណ ៥០០០ ហិកតា និង​មាន​ឆ្នេរ​ខ្សាច់​លាតសន្ធឹង​ជាង ១គីឡូម៉ែត្រ ៕

ការហោះហើរ​ត្រង់​រវាង​ក្រុងភ្នំពេញ-សៀមរាប ចាប់​នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី ១៥កញ្ញា

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន​អាកាសចរ​ជាតិ កម្ពុជា អង្គរ អ៊ែរ បើក​ការហោះហើរ រវាង​រាជធានី​ភ្នំពេញ-សៀមរាប ចាប់ពី​ថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០នេះ​តទៅ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។

ការចាប់ផ្តើម​បើក​ការហោះហើរ​របស់​ក្រុមហ៊ុន​មួយ​អាកាសចរ​ជាតិ​មួយ​នេះ ក៏​លក់​សំបុត្រ​ក្នុងតម្លៃ​ពិសេស​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ថ្លែងថា “ក្នុងនាម​ក្រសួងទេសចរណ៍ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន អាកាសចរណ៍​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ ដែល​បានប្រកាស​ចាប់ផ្តើម​ប្រ​ត្តិ​ប​ត្ត​ការហោះហើរ​ឡើងវិញ​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ។ កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការ​ឡើងវិញ​នេះ គឺ​ស្របទៅនឹង​សំណូមពរ​របស់​ភ្ញៀវទេសចរ​ផ្ទៃ​ក្នង​យើង ដែល​កំពុងមាន​និន្នាការ​កើនឡើង​សព្វថ្ងៃ ក្នុង​បរិបទ​ដែល​កម្ពុជា​យើង​មានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ផ្ទៃក្នុង​បានល្អ” ។

លោក ថោង ខុន បាន​សង្ឃឹមថា ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ​នឹង​ពិចារណា​អំពី​ការបើក​ប្រ​ត្តិ​ប​ត្តិ​ការហោះហើរ​ឡើងវិញ រវាង​ភ្នំពេញ និង​ក្រុងព្រះសីហនុ​ផងដែរ ក្នុងពេលដែល​សព្វថ្ងៃនេះ​ចរាចរណ៍​តាមផ្លូវ​គោក​កាន់តែ​តូចចង្អៀត​ដោយសារ​ចំនួន​រថយន្ត​កាន់តែច្រើន (ធ្វើដំណើរ​ចំណាយ​ច្រើន​ម៉ោង) ដែល​នេះ​ក៏​ជា​សំណូមពរ​របស់​ទេសច​រ​ផ្ទៃក្នុង​ប្រ​ត្តិ​ប​ត្តិ​ករ​ទេសចរណ៍ និង​អ្នកវិនិយោគ​ផងដែរ។

ការបើក​ដំណើរការ​ជើងហោះហើរ​ក្នុងស្រុក​របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ គឺ​ឆ្លើយតប​តាម​តម្រូវការ​របស់​ភ្ញៀវទេសចរ​ណ​ក្នុងស្រុក ដែល​នឹងមាន​ការកើនឡើង ក្នុងឱកាស​ថ្ងៃ​ឈប់សំរាក​បុណ្យ​ប្រពៃណីជាតិ ក៏ដូចជា​ការទទួលបាន​សុខសន្តិភាព​ពេញលេញ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕