ចំណេះដឹង! តើ​ស្ថាប័ន​ណា​ជា​អ្នក​ផ្សះផ្សា និង​ដោះស្រាយ​វិវាទ​ក្នុង​វិស័យ​អ​ល​ចនទ្រ​ព្យ?

ដោយ វុត្ថា

ភ្នំពេញ៖ វិវាទ​រវាង​អ្នក​អភិវឌ្ឍ​អចលនវត្ថុ និង​អ្នកទិញ​ពាក់ព័ន្ធ​កិច្ចសន្យាលក់ ទិញ​អចលនវត្ថុ អាចជា​កម្មវត្ថុ​នៃ​ការសម្រុះសម្រួល និង​ផ្សះផ្សា​ដោយ​ក្រសួង ឬ​មន្ទីរ។ ក្រសួង ឬ​មន្ទីរ​សម្រុះសម្រួល និង​ផ្សះផ្សា​វិវាទ តាម​ការស្នើសុំ​របស់​ភា​គី​វិវាទ​ក្នុង​រយៈពេល ០២(ពីរ) ខែ យ៉ាងយូរ។

ការផ្សះផ្សា​វិវាទ អាចឈាន​ទៅដល់​ការចុះ​កិច្ចព្រមព្រៀង​ផ្សះផ្សា ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​គូភាគី​វិវាទ និង​មាន​ការទទួល​ដឹងឮ​ដោយ​នាយកដ្ឋាន ឬ​មន្ទីរ។ កិច្ចព្រមព្រៀង​ផ្សះផ្សា មាន​អានុភាព​អនុវត្តភ្លាមៗ ចំពោះ​គូភាគី។

គូភាគី​វិវាទ ដែល​មិន​ពេញចិត្ត​ចំពោះ​សេចក្តីសម្រេច ឬ​វិធានការផ្សេងៗរបស់​ក្រសួង ឬ​មន្ទីរ មាន​សិទ្ធិ​ដាក់ពាក្យ​បណ្តឹងតវ៉ា​មក​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មុន នឹង​អនុវត្ត​ដី​តិ​វិធី​បណ្តឹង​ទៅ​តុលាការ លើកលែងតែ​រឿង​ព្រហ្មទណ្ឌ។

ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ដោះស្រាយ​បណ្ដឹង​ក្នុង​រយៈពេល ៩០ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ក្រោយពី​ទទួលបាន​ពាក្យ​បណ្តឹងតវ៉ា ឬ​ក្នុង​រយៈពេល​មួយ​សមស្រប។ក្នុងការ​ដោះស្រាយ​វិវាទ ក្រុមប្រឹក្សា​នីតិកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាច​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​វិវាទ ដើម្បី​សាកសួរ ឬ​ផ្តល់​ភស្តុតាង តាម​ការចាំបាច់។

សេចក្តីសម្រេច​ស្តីពី​ការដោះស្រាយ​វិវាទ ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍​អក្សរ ដោយមាន​បញ្ជាក់​អំពី​អង្គហេតុ សំអាង​ហេតុ និង​ការសន្និដ្ឋាន។ក្នុងករណី​មិន​ពេញចិត្ត​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​នីតិកម្ម ភាគី​វិវាទ​អាចដាក់​ពាក្យបណ្តឹង​តវ៉ា​ទៅ​តុលាការ​មាន​សមត្ថកិច្ច ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន៕

គណៈកម្មការបែងចែកដីធ្លី ព្រមានដកហូតដីពីពលរដ្ឋដែលទទួលបានសម្បទានវិញ បើមិនមានការប្រើប្រាស់

ដោយ ៖ រ៉ាណេត

ក្រចេះ ៖ គណៈកម្មការបែងចែក និងប្រើប្រាស់ដីធ្លីថ្នាក់ខេត្តក្រចេះបានធ្វការព្រមានដល់ពលរដ្ឋទាំងឡាយដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល ហើយទុកដីចោលមិនបានប្រើប្រាស់ នោះត្រូវបានដកហូតយកវិញដើម្បីប្រគល់ជូនពលរដ្ឋក្រីក្រដែលមានតម្រូវការពិតប្រាកដ។

តាមរយៈសេចក្ដីជូនដំណឹងដែលចេញដោយរដ្ឋបាលខេត្តក្រចេះ ដែលចុះហត្ថលេខាដោយលោក វ៉ា ថន អភិបាលខេត្ត កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះបានបញ្ជាក់ថា គណៈកម្មការបែងចែក និងប្រើប្រាស់ដីសម្បទានខេត្តក្រចេះ នឹងចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែងមួយចំនួនដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្នុងស្រុកចំនួន៤ នៃស្រុកចិត្របុរី ដើម្បីដឹងពីលទ្ធភាពនៃការប្រើប្រាស់ដីសម្បទានរបស់ប្រជាពលរដ្ឋដែលទទួលបាន។

ក្នុងន័យនេះ រដ្ឋបាលខេត្តក្រចេះបានបញ្ជាក់ដល់សម្បទានិកដែលទទួលបានដីសម្បទានសង្គមកិច្ចពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិតនៅក្នុងឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ និងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដោយកំណត់ឱ្យបងប្អូនសម្បទានិកចូលប្រើប្រាស់ដីលំនៅឋាន និងដីកសិកម្មគិតចាប់ពីពេលជូនដំណឹងនេះរហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងករណីសម្បទានិកនៅតែមិនចូលមកប្រើប្រាស់ដីរបស់ខ្លួនបានន័យថា សម្បទានិកបានបោះបង់សិទ្ធិក្នុងការទទួលយកដី ហើយគណៈកម្មការបែងចែក និងប្រើប្រាស់ដីថ្នាក់ខេត្តនឹងរៀបចំនីតិវិធី ដើម្បីបែងចែកដីនោះទៅប្រជាពលរដ្ឋក្រីក្រខ្វះដីដើម្បីសង់លំនៅឋានសមរម្យ និងបង្កបង្កើនផល។ អាស្រ័យហេតុនេះ សូមបងប្អូនសម្បទានិកដែលមិនទាន់បានចូលរទៅប្រើប្រាស់ដីនៅក្នុងទីតាំងទាំង៤កន្លែងខាងលើ មេត្តារួសរាន់ចូលទៅប្រើប្រាស់ដីតាមការកំណត់កុំបីខាន៕

តំបន់ជ្រោយចង្វារនឹងបន្តទាក់ទាញការវិនិយោគខុនដូ ខណៈលក្ខខ័ណ្ឌភូមិសាស្រ្តមានភាពអំណោយផល

ដោយស៊ីវ ម៉េង

ភ្នំពេញៈលក្ខខ័ណ្ឌភូមិសាស្រ្ត ភាពអំណោយផលនៃបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ឋបាននិងកំពុងក្លាយជាមេដែកឆក់ដ៏សំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិសម្លឹងទៅកាន់តំបន់នេះ។

ជាមួយនឹងទន្លេព័ទ្ឋជុំវិញនិងស្ពានតភ្ជាប់មានភាពងាយស្រួលពិសេសទេសភាពដ៏ស្រស់ត្រកាលបាននិងកំពុងធ្វើឲ្យតំបន់នេះកាន់តែមានភាពរីកចម្រើននិងក្លាយជាតំបន់ស៊ីវិល័យមួយនាពេលអនាគត។

វិនិយោគិនដែលបាន និងកំពុងជិតបញ្ចប់គមរោងខុនដូរបស់ខ្លួន បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា តំបន់នេះត្រូវបានមនុស្សគ្រប់គ្នាពេញចិត្តចំពោះលក្ខខ័ណ្ឌជាច្រើន ពិសេសអាកាសធាតុមានភាអំណោយផល ដែលមិនរងការបំពុល និងផ្តល់នូវបរិយាកាសធម្មជាតិដ៏ស្រស់ស្រាយនៅគ្រប់រដូវកាល ពិសេសពេលព្រឹកព្រលឹម ដែលអ្នកភ្ញាក់ពីគេងនឹងមានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយអស់នូវស្រ្តេសទាំងឡាយ។

លោកបន្តថា SH Condoរង់ចាំស្វាគមន៍អតិថិជន និងអ្នកវិនិយោគដែលអាចទិញយកចំណេញពីការវិនិយោគ ដោយអាចជួលបានជាមួយម្ចាស់គម្រោង ដែលមានសណ្ឋាគារនៅក្នុងគំរោងនេះ

ខុនដូប្រណីត និងមានតម្លៃសមរម្យបំផុត ស្ថិតនៅតំបន់ជ្រោយចង្វារ SH Condo បានត្រៀមផ្តល់កូនសោចូលស្នាក់នៅដល់អតិថិជន និងលក់បញ្ចប់យូនីជាមួយនឹងតម្លៃពោរពេញដោយភាពប្រកួតប្រជែង។

អ្នកជំនាញអចលនទ្រព្យជាតិ និងអន្តរជាតិសុទ្ឋតែបានលើកឡើងពីការវិនិយោគនៅកម្ពុជា ជាការវិនិយោគល្អបំផុតសំរាប់ការទាញប្រាក់ចំណេញ បើធៀបជាមួយនឹងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។

អ្នកវិនិយោគខុនដូSH បានបន្តថា ជាមួយនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃតំបន់ជ្រោយចង្វារ ដែលប្រែក្លាយពីតំបន់ក្រៅក្រុងមកជាក្រុងរណបដ៏ទាក់ទាញ សំណង់លំនៅដ្ឋានសហកម្មសិទ្ធិនៃគម្រោងខុនដូ SH ជ្រោយចង្វារ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនដែលប្រាថ្នាការរស់នៅបែបស៊ីវិល័យ។

ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើន គម្រោងខុនដូតម្លៃសមរម្យជាងគេនៅតំបន់ជ្រោយចង្វារ SH Condo កំពស់ ២៨ជាន់ បាន និងកំពុងស្វាគមន៍អតិថិជន ដែលប្រាថ្នាចង់បានជីវិត និងការរស់នៅប្រកបដោយភាពកក់ក្ដៅ ទំនើប ទាន់សម័យ ជាមួយការលក់ក្នុងតម្លៃសមរម្យ និងមានលក្ខខណ្ឌបង់ប្រាក់ល្អប្រសើរបំផុត។

ជាមួយនឹងតម្លៃទាក់ទាញបំផុត អ្នកវិនិយោគខុនដូនេះបាន និងផ្តល់ឱកាសពិសេស លោកអ្នកកក់តែ ៥០០ដុល្លារ នឹងទទួលបានការ បញ្ចុះតម្លៃកាន់តែពិសេស បូករួមទាំង ការផ្តល់ជូននូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើន រួមមានដូចជាទូរទឹកកកទូរទស្សន៏ (Smart TV ) ទូរចង្ក្រានលើក្រោម ម៉ាស៊ីនទឹកក្តៅ (Water Heater 32L)- និងគ្រឿងបរិក្ខារក្នុងបន្ទប់ទឹកដ៏ទាន់សម័យចំនួនមួយឈុតថែមទៀតផង។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia លោក ខន គង្គា ធ្លាប់បានប្រាប់គេហទំព័រ Propertyasia.area តាមទូរស័ព្ទកាលពីពេលកន្លងទៅនេះថា តំបន់ជ្រោយចង្វារវានឹងក្លាយជាតំបន់អភិវឌ្ឍចំរុះ ស្របពេលតំបន់នេះមានការទាក់ទាញច្រើន ហើយគម្រោងអភិវឌ្ឍធំនៅតំបន់នេះច្រើន។

លោកបានឲ្យដឹងថា តំបន់ជ្រោយចង្វាក្នុងពេលនេះ និងអនាគតជាតំបន់ល្អសម្រាប់អ្នកវិនិយោគ និងអ្នកដែលចង់រស់នៅ ព្រោះតំបន់នេះហុំព័ទ្ធដោយទន្លេ ។ លោកបន្តថា សម្រាប់អ្នកដែលចង់គិតគូពីផាសុខភាព អាចផ្លាស់ប្តូរទៅរស់នៅ មកកាន់តំបន់ជ្រោយចង្វារ ដោយសារតំបន់ជ្រោយចង្វាមានការទាក់ទាញច្រើន ហើយគម្រោងអភិវឌ្ឍធំនៅតំបន់នេះច្រើន

សម្រាប់ការសាកសួរព័ត៌មានបន្ថែមពីគម្រោងខុនដូ SH  លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ 089 787 721 Smart 010  725 168 (គីមឈាង) 096 505 6666 017  725  168  ចិន្តា។ 077  725  168  ម៉ារីណែ

-Video Advertisement –

គេហទំព័រ Propertyarea.asia ចាប់ដៃគ្នាជាមួយ Realestate.com.kh លក់អចលនទ្រព្យតាមអនឡាញ

ដោយ៖ ប៊ី

ភ្នំពេញៈ ដើម្បីសម្រួលដល់ការទិញលក់អចលនទ្រព្យនៅកម្ពុជា គេហទំព័រ Propertyarea.asia បានសហការជាមួយគេហទំព័រ realestate.com.kh ក្នុងការដាក់លក់អចលនទ្រព្យតាមប្រព័ន្ឋអនឡាញ (Property Listing) ដែលវាជាផ្នែកដ៏សំខាន់នៃការពង្រីកការធ្វើអាជីវកម្មតាមប្រព័ន្ឋឌីជីថល។

ស្របពេលការវិស័យអចលនទ្រព្យការធ្វើអាជីវកម្មតាមប្រព័ន្ឋឌីជីថលបាននិងកំពុងចូលចំណែកយ៉ាងសំខាន់ដល់វិស័យអចលនទ្រ្យ ខណៈប្រព័ន្ឋឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋបច្ចេកវិទ្យា បានក្លាយជាម៉ូដែលថ្មីមួយនៃបដិវត្តន៍ឧស្សាហកម្មទី៤.០ ដែលកំពុងពង្រីកការគ្របដណ្តប់ទូទាំងសាកលលោក។

អតិថិជនចាប់អារម្មណ៍ទិញ ជួល លក់អចលនទ្រព្យអាចចូលមើល តាមរយៈវេបសាយ Propertyarea.asia បានជារៀងរាល់ថ្ងៃ។

លោក យិន លាងគង់ ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងលោក Tom Osullivanអគ្គនាយកនៃគេហទំព័រ Realestate.com.kh បានសម្តែងនូវក្តីសាទរចំពោះកិច្ចសហការនេះ ដែលធ្វើឡើងក្នុងរូបភាពឈ្នះ ឈ្នះទាំងអស់គ្នា។

លោក យិន លាងគង់ បានបន្តថា “បច្ចេកវិទ្យាជាផ្នែកមួយយ៉ាងសំខាន់នៅតាមបណ្តាប្រទេសរីកចម្រើននានា ក្នុងការផ្តល់សេវាកម្មទិញលក់ ជួលអចលនទ្រព្យ ពិសេសការបង្ហាញពីគម្រោងនានា”។ 

លោកបន្តថា “ការទាន់សម័យកាលស៊ីវិល័យនៃប្រព័ន្ឋបច្ចេកវិទ្យា នឹងជួយឲ្យក្រុមហ៊ុនឬភ្នាក់ងារអចលនទ្រព្យនានា ទទួលបានជោគជ័យលើសេវាកម្មរបស់ខ្លួន”៕

កម្ពុជាស្នើឱ្យក្រុមហ៊ុនអាមេរិកមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបានស្នើ និងលើកទឹកចិត្តឱ្យមានការចូលរួមវិនិយោគពីក្រុមហ៊ុនសាងសង់របស់អាមេរិក ក្នុងគម្រោងសាងសង់ហេដ្ឋារចនា សម្ព័ន្ធនានានៅកម្ពុជា ខណៈកម្ពុជាកំពុងមានតម្រូវការសាងសង់ហេដ្ឋារសម្ព័ន្ធនៅទូទាំងប្រទេស។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីម្សិលមិញនេះក៏លើកឡើងអំពីកំណាត់ផ្លូវជាតិលេខ៤ ដែលបានសាង សង់ក្នុងអំឡុងទសវត្សរ៍ទី៦០ ដែលមានសភាពរឹងមាំជាប់បានល្អដល់សព្វថ្ងៃ និងបានស្នើសុំឱ្យបញ្ជូនជំនាញការមកជួយបណ្តុះបណ្តាលផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រីក៏បានអំពីសកម្មភាពការងារថ្មីៗរបស់ក្រសួងដែលបានអនុវត្តកន្លងមក រួមមានការចុះពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅច្រកទ្វារព្រំដែន “ព្រៃវល្លិ៍” និងការបើកការចរចាជាមួយសឹង្ហបុរី ដែលមានក្រុមហ៊ុនពីរបានចូលរួម គឺ YCH និង Infrastructure Asia (IA) ដើម្បីសិក្សា និងអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។

លោកទេសរដ្ឋមន្ត្រីថ្លែងថា ទោះបីក្នុងស្ថានភាពដែលពិភពលោកកំពុងរាតត្បាតដោយ Covid-19 ក៏ក្រសួងនៅតែបន្តអនុវត្តនូវការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំគ្មានបង្អង់ដៃ ជាក់ស្តែងសកម្មភាពនៃការសាងសង់ផ្លូវ ស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម នៅទូទាំងប្រទេស។

លោកPatrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានធ្វើការកត់សម្គាល់ និងស្ងើចសរសើរចំពោះសមិទ្ធិផលនានារបស់ក្រសួង និងទទួលយកទៅពិចារណាសំណើដែលបានលើកឡើង ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។

លោកបន្តថា ខែកញ្ញានេះ ត្រូវនឹងប្រធានបទពាណិជ្ជកម្មនិងវិនិយោគ ដែលនឹងមានការធ្វើទស្សនកិច្ចការងារនៅកម្ពុជាពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិកនៅថ្ងៃទី២១ ខែកញ្ញានេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមប្រឹក្សាធុរកិច្ច និងត្រៀមផ្តល់ នូវកិច្ចសហការដើម្បីឱ្យទស្សនកិច្ចការងារនេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា៕

ក្រុមហ៊ុនតម្លើងរថយន្តដ៏ធំមួយនឹងបង្ហាញវត្តមាននៅលើកំណាត់ផ្លូវជាតិលេខ៤៤ក្នុងពេលឆាប់ៗនេះ

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ ក្រុមហ៊ុនឯកទេស និងជំនាញក្នុងការផលិតគ្រឿងបង្គុំ និងតម្លើងរថយន្តធុនធំថ្មីមួយទៀត នឹងបង្ហាញវត្តមានរបស់ខ្លួនជាមួយនឹងការបង្កើតរោងចក្រផ្ទាល់ខ្លួនចំនួន២សម្រាប់បម្រើដល់ដំណើរការនៃសង្វាក់ផលិតកម្មស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤៤ នៃទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភព៖ Google

គិតមកដល់ត្រឹមថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ ចុងសប្ដាហ៍នេះ តំណាងក្រុមហ៊ុន និងមន្ត្រីជំនាញរបស់រដ្ឋបាលខេត្តបានចុះធ្វើការសិក្សារួចរាល់ និងឈានទៅរៀបចំរបាយការណ៍វាយតម្លៃទៅលើផលប៉ះពាល់នានាដែលអាចកើតមានដោយសារគម្រោងវិនិយោគ និងអភិវឌ្ឍន៍បង្កើតរោងចក្រផលិតគ្រឿងបង្គុំ និងតម្លើងរថយន្តធុនធំមួយនេះ។

ក្រុមហ៊ុនដែលកំពុងត្រៀមខ្លួនបង្ហាញវត្តជាលើកដំបូងនៅកម្ពុជាមួយនេះមានឈ្មោះថា ហ្សុង ណាន បូ យូ (ខេមបូឌា) អូតូម៉ូបាល មេនូហ្វេកឆឺរីង ឯ.ក បានបណ្តាក់ទុនវិនិយោគសរុបប្រមាណជាង ៣១លានដុល្លារសហរដ្ឋអាមេរិក ហើយបង្កើតឱកាសការងារសរុបជាង៧០០កន្លែង។ វត្តមាននៃគម្រោងទាំង២នេះ បានសរបញ្ជាក់ឱ្យឃើញថា ខេត្តកំពង់ស្ពឺនៅតែទីកន្លែងដ៏ទាក់ទាញមួយរបស់កម្ពុជា នៃការវិនយោគមកពីក្រៅប្រទេស។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបង្ហាញពីក្ដីសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនវិនិយោគ ដែលជ្រើសរើសយកប្រទេសកម្ពុជាធ្វើជាទីតាំងអភិវឌ្ឍន៍របស់ខ្លួន។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា “ស្ទើរតែគ្រប់សប្ដាហ៍ គឺតែងមានការទទួលជួបតំណាងធុរៈកិច្ចជន ជាពិសេសជនជាតិចិន។ ជាក់ស្ដែងនៅថ្ងៃចុងសប្ដាហ៍នេះ ក្រៅពីមានក្រុមហ៊ុនវិនិយោគលើការបង្កើតរោងចក្រផលិតគ្រឿងបង្គុំ និងតម្លើងរថយន្តធុនធំខាងលើនេះ ក៏មានតំណាងក្រុមហ៊ុនចិនដែលវិនិយោគ ក្នុងវិស័យឧស្សាហកម្មផងដែរ”។

លោកបានបញ្ជាក់ថា អ្នកតំណាងក្រុមហ៊ុនជំនាញផ្នែកសាងសង់នៅក្នុងប្រទេសចិនមួយចំនួនក៏បានមកជួបពិភាក្សា និងបង្ហាញពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យរបស់ខ្លួនចូលមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ដោយសារតែពួគគេបានឃើញពីសន្ទុះនៃភាពរីកចម្រើន ជាពិសេសជាតំបន់ដែលប្រមូលផ្តុំទៅដោយរោងចក្រ សហគ្រាសធំៗ ហើយពួកគេជឿជាក់ថា នៅថ្ងៃអនាគតកំពង់ស្ពឺនឹងក្លាយទៅជាខេត្តពាណិជ្ជកម្មដ៏ធំនៅកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ៕

រដ្ឋបាលខេត្តកំពតសម្រេចបង្កើតក្រុមការងារចម្រុះសិក្សាផលប៉ះពាល់លើគម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃជាង២៤លានដុល្លារ

ដោយវុត្ថា

កំពតៈ រដ្ឋបាលខេត្តកំពត បានសម្រេចបង្កើតក្រុមការងារចម្រុះ ដែលមានមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះសិក្សា ទីតាំងជាក់ស្តែងសិក្សាផលប៉ះពាល់ វាយតម្លៃលក្ខណៈភូមិសាស្ត្រ លើគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍តម្លៃ២៤,៨លានដុល្លារអាមេរិក។

លោកជាវ តាយ អភិបាលខេត្តកំពត កិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តលើកទី២ ពិនិត្យលើគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ម្សិលមិញនេះ បានស្នើឲ្យក្រុមហ៊ុនសហការ ជាមួយអង្គភាពជំនាញ ធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ ដើម្បីស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចលើគម្រោងវិនិយោគនេះ។

គម្រោងស្នើសុំវិនិយោគសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍ ដោយគ្រោងបោះទុនវិនិយោគប្រហែល២៤,៨ លានដុល្លាអាមេរិករបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់សំណើសុំវិនិយោគលើផ្ទៃដីទំហំ៤២ហិកតា ជាតំបន់ជាប់មាត់សមុទ្រ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

ខេត្តកំពតជាខេត្តមួយ ដែលមានកំពុងមានសក្តានុពលខ្ពស់ លើការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរ មកពីគ្រប់ទិសទីទាំងជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តនៅក្នុងខេត្តមួយនេះ ដោយសារតែខេត្តមួយនេះ មានអំណោយផលផ្នែកធម្មជាតិ សមុទ្រ ព្រែក ភ្នំ និងសក្តានុពលផ្សេងទៀត ហើយនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ដោយចំណាយពេលធ្វើដំណើរប្រមាណតែ២ ទៅ៣ម៉ោងពីភ្នំពេញ។

ខេត្តកំពត បើទោះបីកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចសកល ដោយសារការរាតត្បាតជំងឺកូវីដ ១៩យ៉ាងណាក្តី កន្លងមកនេះ បានទតទទួលនៅគម្រោងវិនិយោគជាច្រើន តាមរយៈការបោះទុនពីអ្នកវិនិយោគក្នុងស្រុក លើរមណីយដ្ឋាន តំបន់ទេសចរណ៍ វិស័យបដិសណ្ឋារកិច្ច និង អគារពាណិជ្ជកម្មជាច្រើនផ្សេងទៀត៕

ក្រុមហ៊ុន​ចិន​ធំ​មួយ​កំពុង​កែសម្រួល​ផែនកា​មេ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​មាស ឆ្នេរ​ប្រាក់នៅ​ក្រុងព្រះសីហនុ

ដោយ​វ​ឌ្ឈៈ

ព្រះសីហនុៈ ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​បាន និង​កំពុងធ្វើការ​កែសម្រួល​ប្លង់​មេ​សម្រាប់​ផែនកា​មេ​នៃ​តំបន់ឆ្នេរ​មាស ឆ្នេរ​ប្រាក់ មកជា​ទម្រង់​អភិវឌ្ឍន៍​រចនាសម្ព័ន្ធ”ទីក្រុង​ជាយ” នៃ​ផែនការ​ដើម​តំបន់ឆ្នេរ​ប្រាក់ បាន​កែសម្រួល​មកជា​ទម្រង់​អភិវឌ្ឍន៍​គ្រប់​ជ្រុងជ្រោយ “អ័ក្ស១ ខ្សែ​តំបន់២ អនុតំបន់៤” ។

លោក Fu Xian Ting អគ្គនាយក​ក្រុមហ៊ុន យិះ​ចៀ ធូ​រី​ហ្សី​ម ឌី​រេ​ឡុ​ប​មេន ខម​ភេ​នី បាន​មានប្រសាសន៍​ឲ្យ​ដឹង នៅក្នុង​ពិធី​បង្ហាញ​របាយការណ៍​របស់​ក្រុមហ៊ុន ជូន​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០កន្លងមក​បានបញ្ជាក់​ថា ដី​ប្រើប្រាស់​សម្រាប់​ការអភិវឌ្ឍ បែង​ចែកជា​ប្រភេទ​ផែនការ នៃ​ប្រទេស​ជឿនលឿន​ដោយ​បែង​ចែកជា៨ប្រភេទធំៗ និង២៦ប្រភេទ​បន្ទាប់បន្សំ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ការអភិវឌ្ឍ។

លោក​បន្ថែមថា “ការរៀបចំ​បណ្តាញ​ផ្លូវ​ត្រូវបាន​ធ្វើឡើង ដោយ​ផ្អែកលើ​ការវិភាគ​ភូមិសាស្ត្រ​យ៉ាង​ត្រឹមត្រូវ ក្រុមហ៊ុន​បាន​ប្តូរ​បណ្ដាញ​ផ្លូវ​ដែល” ចេញពី​ចំណុចកណ្ដាល”មកជា” បណ្តាញ​ផ្លូវ​ហ៊ុមព័ទ្ធ​តំបន់ភ្នំ​ធម្មជាតិ” មាន​ប្រវែង​សរុប​កើនឡើង៤០ភាគរយ បើ​ធៀប​នឹង​ផែនការ​ដើម” ។

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា រដ្ឋបាលខេត្ត​ចង់ឃើញ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​ត្រូវ​រៀបចំ​ប្លង់គោល នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​គ្នា ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ ផ្តល់​សក្តានុពល​ដល់​ការអភិវឌ្ឍ ដើម្បី​ប្រើប្រាស់​ប្រយោជន៍​រួម ទន្ទឹម​នោះ​ត្រូវ​ពិនិត្យ​សាវតារ​អ្នកកាន់កាប់​ដី​ឱ្យបាន​ត្រឹមត្រូវ។

លោក​អភិបាលខេត្ត​ស្នើថា  ក្រុមហ៊ុន​ត្រូវគោរព​តាម​ប្លង់​មេ របស់​ខេត្ត​ព្រះសីហនុ ព្រោះ​ការអភិវឌ្ឍ​ត្រូវ​ពិនិត្យមើល​ប្រភពទឹក ភ្លើង ផ្លូវ និង​អាង​ប្រព្រឹត្ត​កម្ម ដើម្បី​បំរើឱ្យ​ការងារ​អភិវឌ្ឍន៍​ប្រកបដោយ​តម្លាភាព រក្សា​ធនធានធម្មជាតិ និង​បរិស្ថាន​ល្អ​ក្នុង​តំបន់៕

ស្ថេរភាព​អចលនទ្រព្យ​ជា​កត្តា​ជម្រុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន

ដោយ ហ្សូ​លី

ប៉េកាំងៈ ក្រុមអ្នកវិភាគ​បាន​និយាយថា បន្ទាប់ពី​មានការ​លូតលាស់​យ៉ាង​លឿន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន កំពុង​ឈានចូល​ដល់​ដំណាក់កាល នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ស្ថេរភាព និង​ចីរភាព ហើយនឹង​បន្ត​ជំរុញ​សេដ្ឋកិច្ច។

ទិន្នន័យ​ចុងក្រោយ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​បាន​បង្ហាញថា ទីផ្សារ​លំនៅដ្ឋាន​នៅ​ប្រទេស​ចិន​បន្ត​មាន​ស្ថេរភាព។ ជាទូទៅ​តម្លៃ​ផ្ទះ​នៅក្នុង​ទីក្រុងធំៗ ចំនួន៧០បាន​ចុះបញ្ជី​កំណើន​ពីមួយ​ខែ​ទៅមួយ​ខែ។

ទិន្នន័យ​បានបង្ហាញ​ថា​តម្លៃ​ផ្ទះ​ថ្មី នៅក្នុង​ទីក្រុង​លំដាប់​ចំនួន​បួន គឺ​ទីក្រុង​ប៉េកាំង សៀង​ហៃ ក្វាង​ចូ​វ និង​ស៊ិន​ជិន បាន​កើនឡើង០,៥ភាគរយ ពោលគឺ​ទាប​ជាង​ខែ​មុន០,១ ភាគរយ។

លោក Guo Shuqing ប្រធាន​គណៈកម្មាធិការ​ធានារ៉ាប់រង​ចិន បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​នាពេលថ្មីៗនេះ​ថា ប្រទេស​ចិន​បាន​ស្តារឡើងវិញ ដោយ​ជោគជ័យ​នូវ​សក្តានុពល​នៃ​ទីផ្សារ​អចលនទ្រព្យ។

វិស័យ​អចលនទ្រព្យ​នៅតែ​បន្ត​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​គាំទ្រ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដែល​ការវិនិយោគ​អចលនទ្រព្យ​កើនឡើង៣,៤ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

របាយការណ៍​ស្រាវជ្រាវ​មួយ​ផ្សេងទៀត​បាន​និយាយថា វិស័យ​អចលនទ្រព្យ​នៅតែមាន​ចន្លោះ គ្រប់គ្រាន់​សម្រាប់​ការអភិវឌ្ឍន៍ ខណៈដែល​រដ្ឋាភិបាល កំពុង​ជំរុញ​នូវ​នគរូបនីយកម្ម​ប្រភេទ​ថ្មី។

តាម​ការប៉ាន់ស្មាន​រប​ស់​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា ប្រជាជន​ចិន​ត្រូវការ​ផ្ទះ​ចំនួន១,១៧ពាន់​លាន​ម៉ែត្រក្រឡា សម្រាប់​ការរស់នៅ​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០៣០ ៕

កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១,២លាន​នាក់​ក្នុង​រយៈពេល ៧ខែ​ដំបូង​ឆ្នាំនេះ

ដោយៈ​ប៊ី

ភ្នំពេញៈ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ១,២លាន​នាក់ ក្នុង​រយៈពេល៧ ខែ​ដំបូង​នៃ​ឆ្នាំ២០២០ ធ្លាក់ចុះ ៦៨,៧ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុន។នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ ចេញផ្សាយ​ដោយ​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ។

របាយការណ៍​បាន​និយាយថា ប្រទេស​ចិន វៀតណាម និង​ថៃ គឺជា​ប្រភព​ធំ​បំផុត​នៃ​អ្នក​ទេសចរណ៍​ដែល​មកកាន់​កម្ពុជា ក្នុងអំឡុងពេល​ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំនេះ។

របាយការណ៍​បានឱ្យដឹងថា ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ចំនួន២៨៣.០៦៣បានមក​ធ្វើ​ទស្សនា​កម្ពុជា ក្នុង​រយៈពេល៧ខែ​ដំបូង​នៃ​ឆ្នាំនេះ ធ្លាក់ចុះ៨១ភាគរយ វៀតណាម​មាន​ចំនួន១៧៩.៧៨៤នាក់ ធ្លាក់ចុះ៦២ភាគរយ និង​ថៃ​ចំនួន១៧១.៦៧៧ ធ្លាក់ចុះ១៤ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

នៅក្នុង​ខែកក្កដា កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​បរទេស២០.៦៨៩នាក់​ប៉ុណ្ណោះ ដែលជា​ការធ្លាក់ចុះ៩៦ភាគរយ ពី៥០២.៤២១ នាក់​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ការធ្លាក់ចុះ​ដ៏​ធំ​នៃ​ចំនួន​ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ដោយសារតែ​ជំងឺ​រាតត្បាត COVID-19 ដែល​បានធ្វើឱ្យ​ប្រទេស​កម្ពុជា ដាក់​កម្រិត​លើ​ការធ្វើដំណើរ​អ្នកដំណើរ​បរទេស​ទាំង​អស់​ចាប់តាំងពី​ខែមីនា។

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ថា កម្ពុជា​អាច​ខាតបង់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ប្រមាណ៣ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំនេះ ដោយសារ​ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​អន្តរជាតិ។

លោក​បាន​មានប្រសាសន៍ថា“សម្រាប់​ឆ្នាំ២០២០ដោយសារ​វិបត្ដិ COVID-19 ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា អាច​នឹង​ធ្លាក់ចុះ៧០ភាគរយ”៕ Xinhua៕