តើ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​អំឡុងពេល​បុណ្យទានធំម្តងៗមាន​សភាព​ដូចម្តេច?

ដោយ ​វុត្ថា

ភ្នំពេញ៖ ជាទូទៅ​នៅក្នុង​រដូវ​បុណ្យទានម្តងៗ អ្នកជំនាញ​សង្កេតឃើញថា ទីផ្សារ​អ​ចនទ្រ​ព្យ ទាំង​ការទិញ និង​លក់ មិនសូវ​ជាមាន​ហាងឆេង​ប៉ុន្មាន​នោះទេ ខណៈដែល​ប្រជាជន​ភាគច្រើន បាន​ខ្ចប់​លុយ​ទុក​ធ្វើការ​ចំណាយផ្សេងៗ ដូចជា ការចំណាយ​លើ​ការ​ទិស  ម្ភា​រៈ​ប្រើប្រាស់ ម្ហូបអាហារ និង​ការ​ដំណើរ​កម្សាន្ត។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បាន​មើលឃើញថា វិស័យ​អ​ល​ចលនទ្រព្យ គឺជា​ប្រភេទ​ទ្រព្យ​ដែលមាន​តម្លៃ​ថ្លៃ ដូចជា នៅក្នុង​ខែ​បុណ្យទាន​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម គឺ​តម្លៃ​មិនមាន​ការចុះ​ថ្លៃ​នោះទេ បើទោះបី​មានការ​ផ្សព្វផ្សាយ​ពី​ការ​បញ្ចុះតម្លៃ​ខ្លះ​ដោយ។

លោក​ថា “នៅក្នុង​បុណ្យទាន ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ​អីហ្នឹង វា​មិន​ជំរុញឱ្យមាន​ការប្រែប្រួល​តម្លៃ​អចលនទ្រព្យ​នោះទេ ព្រោះ​វិស័យនេះ នៅពេល​លក់ដូរម្តងៗ ត្រូវការ​ដំណើរការ​និតិ​វិធី​ច្រើន​ដំណាក់កាល” ។

តែ​យ៉ាងណា​លោក​បន្តថា ការទិញ-លក់​នៅក្នុង​វិស័យ​អចលនទ្រព្យ នា​រដូវ​បុណ្យទាន គឺ​ហាក់ដូចជា​មិនសូវមាន​សកម្មភាព​ខ្លាំង​ដូច​ថ្ងៃ​ធម្មតា​នោះទេ (សកម្មភាព​ទិញ-លក់​តិចតួច)  ខណៈដែល​ពលរដ្ឋ​យើង​គាត់​រវល់​ទៅ​វត្ត និង​ទៅ​ដើរលេង​កម្សាន្ត។

ជាមួយគ្នានេះ លោក ឡុង គឹម សួគ៌  អគ្គនាយក​ក្រុមហ៊ុន Century21 Advance បានទទួល​ស្គាល់​ដែរ​ថា នៅក្នុង​អំឡុងពេល​បិ​ណ្យ​ទាន ដូច​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ការទិញ-លក់​ក្នុង​វិស័យ​អចលនទ្រព្យ ហាក់​មាន​សកម្មភាព​ថ​យ​ចុះ​តិចតួច ដោយសារ​ពល​ធ្វើដំណើរ​ទៅកាន់​ទី​វត្ត​អារាម និង​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​គោលដៅ​ទេសចរណ៍ផ្សេង។

លោក​បន្តថា “នៅក្នុង​រដូវ​បុណ្យទាន ម្នាក់ៗ មិនមែន​ទៅ​វត្ត​តែមួយ​នោះទេ ពួកគាត់​បាន​ទៅ​វត្តផ្សេងៗទៀត ដែល​ធ្វើឱ្យ​គាត់​ជាប់រវល់​ច្រើន ដូច្នេះ ពួកគាត់​ដូច​មិនសូវ​បានគិត​គូរ​ពី​ការទិញ-លក់​អចលនទ្រព្យ​នោះទេ” ។

លោក​បន្ថែមថា អ្នក​ខ្លះទៀត ក៏​ទុក​លុយ​សម្រាប់​ធ្វើដំណើរ​ក​ម្សា​ន្ត ទៅកាន់​គោលដៅ​ទេសចរណ៍ផ្សេងៗ ជាមួយ​ក្រុមគ្រួសារ  ដែលជា​កត្តា​ជំរុញឱ្យមាន​សកម្មភាព​ទិញ-លក់​លើ​វិស័យ​អចលនទ្រព្យ មានការ​ថយចុះ​នៅក្នុង​អំឡុងពេល​បុណ្យទាន់ម្តង។

លោកស្រី​តាំង ហួរ នាយិការ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Amatak Property Service បានឱ្យដឹង​ដែរ​ថា ចាប់តាំងពី​ចូល​រដូវ​បុណ្យទានម្តងៗ ជា​រៀងរាល់ឆ្នាំ សកម្មភាព​នៃ​ការទិញ-លក់​នៅក្នុង​វិស័យ​អចលនទ្រព្យ ហាក់​មាន​ស្ថានភាព​ស្ងប់​ស្ង​ត់​បន្តិច៕

ចំណេះដឹង! តើ​ការចុះបញ្ជី​ពាណិជ្ជកម្ម​ត្រូវ​ចំណាយ​ទៅលើ​អ្វីខ្លះ?

ដោយ​ វុត្ថា

ភ្នំពេញៈ រាល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំ​អស់ ដែល​ត្រូវបាន​បង្កើតឡើង​ហើយ​បាន​ប្រកប​ពាណិជ្ជកម្ម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​កាតព្វកិច្ច​ចុះបញ្ជី​ញ​ណិ​ជ្ជ​កម្ម​នៅ​ក្រសួងពាណិជ្ជកម្ម។

យោ​ទៅតាម​ប្រកា​សលេខ ១៦៣ MoC/M ២០០៤ ចុះ​ថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០០៤ របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹ​ថា អ្នកដាក់ពាក្យសុំ​ទាំងអស់ ត្រូវបំពេញ​ពាក្យសុំ​ចុះបញ្ជី​ពាណិជ្ជ​ពាណិជ្ជកម្ម និង​សំណុំ​ឯកសារ​ទាំងអស់ នៅ​ការិយាល័យ​ចុះបញ្ជី​ពាណិជ្ជកម្ម នាយកដ្ឋាន នីតិកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម ។

អភិបាល ឬ ម្ចាស់​ក្រុមហ៊ុន ត្រូវ​ចុះហត្ថលេខា​លើ​សំណុំ​ឯកសារ​ទាំងអស់ នៅ​ចំពោះមុខ​មន្ត្រី​នៃ​នាយកដ្ឋាន​នីតិកម្ម ដើម្បី​ភ្ទៀ​ង​ផ្ទាត់​ថា បន្ទាប់ពី​បាន​បំពេញ និង​ដាក់​សំណុំ​ឯកសារ ជូន​ការិយាល័យ​ចុះបញ្ជី​ពាណិជ្ជកម្ម អភិបាល ឬ ម្ចាស់​ក្រុមហ៊ុន​ត្រូវ​បង់​នូវ​តម្លៃ​សេវាកម្ម​ដូចខាងក្រោម (តម្លៃ​តាម​ប្រកា​សលេខ ១៦៣ MoC/M ២០០៤ ចុះ​ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០០៤ របស់​ក្រសួងពាណិជ្ជកម្ម)៖

១- ថ្លៃបង់​ទៅ​រតនាគារ ៧០ដុល្លារ

២- ថ្លៃ​អាករ​ចុះបញ្ជី​ពាណិជ្ជកម្ម៣០ ដុល្លារ

៣- ការស្រាវជ្រាវ​ព័ត៌មាន​ផ្ទៀងផ្ទាត់​ឈ្មោះ​ក្រុមហ៊ុន ៥ដុល្លារ

៤- បង់​លេខ​ចុះបញ្ជី​ពាណិជ្ជកម្ម៥ដុល្លារ

៥- សភា​ពា​ជ្ជ​កម្ម ២០ដុល្លារ

៦- ចុះផ្សាយ​ក្នុង​ព្រឹ​តិ្ត​ពាណិជ្ជកម្ម  ១០ដុល្លារ

៧- ត្រា​ក្រុមហ៊ុន១២ដុល្លារ

៨- ចុះផ្សាយ​ក្នុង​ពាណិជ្ជកម្ម​ព្រឹ​ត្តឹ​ប័ត្រ​រាជកិច្ច ៥ដុល្លារ

៩- មន្ទីរ​ពាណិជ្ជកម្ម​ក្រុង ២០ដុល្លារ

តម្លៃ​សរុប​នៃ​ការចុះបញ្ជី​ពា​ណិ​កម្ម៖ ១៧៧ដុល្លារ

តម្លៃ​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​ខាង​លើ​នេះ ជា​តម្លៃ​ទៅតាម​ផ្លូវច្បាប់​តែប៉ុណ្ណោះ ហើយ​មិនដែល​បាន​អនុវត្ត​ជាក់ស្តែង​ចំពោះ​ក្រុមហ៊ុន​ទេ។ ជាធម្មតា​អភិបាល ឬ ម្ចាស់​ក្រុមហ៊ុន​ដែល​បានមក​ទំនាក់ទំនង សុំ​ដាក់ពាក្យ​ចុះបញ្ជី​ពាណិជ្ជកម្ម​ដោយផ្ទាល់ ជាមួយ​មន្ត្រី​ទទួលបន្ទុក​គ្រប់គ្រង​ក្រុមហ៊ុន នៃ​ក្រសួងពាណិជ្ជកម្ម ត្រូវ​បង់ថ្លៃ​ចុះបញ្ជី​ពាណិជ្ជកម្ម​ចំនួន៣៧០ដុល្លារ ទោះជា​ក្រុមហ៊ុន​នោះបាន​បង្កើត ឬ​ធ្វើ​សំណុំ​ឯកសារ​ណាមួយ​ដោយ​ខ្លួន​ឯក​រួចហើយក៏ដោយ៕

ក្រសួងនិងរដ្ឋបាលខេត្តចាប់ផ្តើមបើកកិច្ចពិភាក្សាលើកទី១ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប

ដោយវុត្ថា

សៀមរាប៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តសៀរាប បានចាប់ផ្តើមជាផ្លូវការបើកកិច្ចប្រជុំពិភាក្សាលើកទី១ ស្តីពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។

យោងតាមលទ្ធផលដែលត្រូវផ្សព្វផ្សាយនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០នេះ ភាគីទាំងពីរ បានពិភាក្សានេះ នឹងសិក្សាលើប្រការដែលចាំបាច់បំផុតគឺ ពិនិត្យស្ថិរភាពផ្លូវថ្នល់ រក្សាបរិស្ថានធម្មជាតិនៃទីក្រុងជាមួយស្ទឹងសៀមរាប លើកកិត្តិយសជាទីក្រុងវប្បធម៌ ប្រវត្តិសាស្រ្ត ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបញ្ជ្រាបសុខុមាលភាពនៃតំបន់ដែលត្រូវអភិវឌ្ឍន៍ ។

របាយការណ៍ដដែលបន្តថា គម្រោងអភិវឌ្ឃន៍នេះ ជាចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងក្តីរំពឹងទុកជាវិជ្ជមាន សម្រាប់តំបន់អង្គរ-សៀមរាប ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ នាពេលអនាគត ក្រោយវិបត្តិកូវីត១៩ ពិសេសនោះ ការស្ថាបនាផ្លូវ ត្រូវតែជាបណ្តាញផ្លូវប្រទាក់ក្រឡាសមាហរណកម្មជាមួយនឹងបណ្តាញផ្លូវដែលមានស្រាប់ បម្រើឲ្យការរំដោះលំហូរចរាចរណ៍នៃយានយន្ត ដែលត្រូវកើនឡើងនាពេលខាងមុខ រួមទាំងការបន្ស៊ីគ្នាជាមួយគម្រោងប្រព័ន្ធលូទឹកកខ្វក់ របស់គម្រោងដៃគូអភិវឌ្ឍ គឺគម្រោងរបស់ធនាគាពិភពលោកនិងកូរ៉េ ដើម្បីធានាបាននូវប្រព័ន្ធចែកដាច់ពីគ្នា រវាងទឹកភ្លៀងនិងទឹកកខ្វក់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសផ្ដល់ថវិកាចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាបរួមមក សម្តេចតេជោ បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយបានប្រគល់តួនាទីជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ ជាប្រធាន អមដោយអនុប្រធានម្នាក់ អនុប្រធានអចិន្ដ្រៃយ៍ម្នាក់ និងសមាជិក១៥រូប។

គណៈកម្មការអន្ដរក្រសួងនេះ ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូង នៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលពិភាក្សាលើគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន៣៨ខ្សែ នៅទីរួមខេត្តសៀមរាប ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ-១៩ ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្ដរក្រសួង បានប្ដេជ្ញាយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងទីក្រុងសៀមរាប ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក ដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអន្តរក្រសួង ព្រមទាំងអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ ៕

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១,២លាននាក់ ក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ

ដោយ៖ ប៊ី

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១,២ លាននាក់ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២០ ធ្លាក់ចុះ ៦៨,៧ ភាគរយពី ៣,៨៤ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយចេញដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

របាយការណ៍បាននិយាយថា ប្រទេសចិន វៀតណាម និងថៃគឺជាប្រភពធំបំផុតនៃអ្នកទេសចរណ៍ដែលមកកាន់កម្ពុជា ក្នុងអំឡុងពេលពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ។

របាយការណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ជនជាតិចិនចំនួន ២៨៣.០៦៣បានមកធ្វើទស្សនាកម្ពុជាក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះនាក់ ធ្លាក់ចុះ ៨១ ភាគរយ វៀតណាមចំនួន ១៧៩.៧៨៤ នាក់ នាក់ ធ្លាក់ចុះ ៦២ ភាគរយ និងថៃចំនួន ១៧១.៦៧៧ ធ្លាក់ចុះ ១៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងខែកក្កដា កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសតែ ២០.៦៨៩ នាក់ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះ ៩៦ ភាគរយពី ៥០២.៤២១ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការធ្លាក់ចុះដ៏ធំនៃចំនួនភ្ញៀវអន្តរជាតិមកកម្ពុជា គឺដោយសារតែជំងឺរាតត្បាត COVID-19 ដែលបានធ្វើឱ្យ ប្រទេសកម្ពុជាដាក់កម្រិតលើការធ្វើដំណើរអ្នកដំណើរបរទេសទាំងអស់ចាប់តាំងពីខែមីនា។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានព្យាករណ៍ថា កម្ពុជាអាចខាតបង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃចំនួនភ្ញៀវអន្តរជាតិ។

លោកបានមានប្រសាសន៍ថា “សម្រាប់ឆ្នាំ ២០២០ ដោយសារវិបត្ដិCOVID-19 ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាអាចនឹងធ្លាក់ចុះ ៧០ ភាគរយ”៕ Xinhua

អគារជួលលក់រាយ៣ទីតាំងបន្ថែមទៀត នឹងបើកដំណើរការនៅមុនដំណាច់ឆ្នាំ ២០២០

ដោយ៖ ប៊ី

ភ្នំពេញ៖ តាមការព្យាកររបស់ CBRE Cambodia នៅមុនដំណាច់ឆ្នាំ ២០២០ នេះនឹងមានអគារជួលលក់រាយ ៣ ទីតាំងបន្ថែមទៀតបើកដំណើរការដោយនឹងមានផ្ទៃក្រឡាសរុបជិត ៥០ ០០០ ម៉ែត្រការ៉េ ខណៈផ្ទៃក្រឡាកន្លែងជួលលក់រាយក្នុងរាជធានីភ្នំពេញគិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំ ២០២០ មានចំនួន ៣២៦ ០០០ ម៉ែត្រការ៉េ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានថ្លែងប្រាប់គេទំព័រ Propertyarea.asia កាលពីថ្មីៗនេះថា ផ្អែកតាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ យើងឃើញថា មនុស្សជាច្រើនចាប់ផ្តើមមានសកម្មភាព និងចេញដើរឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺឆ្លងនៅក្នុងប្រទេសកម្ពុជាមានភាពស្ងប់ស្ងាត់ ជាពិសេស បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យអាជីវកម្មកម្សាន្តមួយចំនួនចាប់ដំណើរការឡើងវិញ ប៉ុន្តែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

លោកស្រីបានបន្តទៀតថា “នៅក្នុងឆមាសទី១ ក្រៅពីវិស័យឧស្សាហកម្ម គឺវិស័យសណ្ឋាគារ (Hotel) និងវិស័យផ្សារទំនើប (Retail) ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែនៅក្នុងឆមាសទី២នៃឆ្នាំនេះ យើងរំពឹងថានឹងមានកំណើនឡើងវិញបន្តិច”។ លោកស្រីបន្តថា “ការអនុញ្ញាតឱ្យចាប់បើកដំណើរការឡើងវិញនូវអាជីវកម្មផ្នែកកម្សាន្ត និងសេវាកម្មមួយចំនួនរបស់រាជរដ្ឋាភិបាលពិតជាបានចូលរួមជួយធ្វើវិស័យទាំង២ខាងលើនេះមានភាពល្អប្រសើរ ប៉ុន្តែកំណើននៃតម្រូវការទីផ្សារគឺនៅមានកម្រិតនៅឡើយ”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកស្រី អាន សុធីតា បានធ្វើការព្យាករណ៍ថា សម្រាប់វិស័យ Retail នៅក្នុងឆមាសទី២នេះ ការផ្គត់ផ្គង់នឹងមានការកើនឡើង ដោយសារមានការបើកសម្ភោធផ្សារទំនើបបែបសហគមន៍ថ្មីមួយ គឺ Khalandale Mall នៅតំបន់បឹងកក់ ដែលបានបន្ថែមបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារសរុបប្រមាណ ៣,៧១ ភាគរយ ឬស្មើនឹងប្រមាណ ២៤ភាគរយ នៃបរិមាណការផ្គត់ផ្គង់លើផ្សារបែបសហគមន៍ ប៉ុន្តែសម្រាប់កំណើននៃតម្រូវការជួលហាក់មានកម្រិតទាប។

លោកស្រី បានបន្តថា ដោយឡែកសម្រាប់វិស័យសណ្ឋាគារ (Hotel) គឺមានភាពល្អប្រសើរជាង ដែលផ្តើមចេញពីតម្រូវការក្នុងស្រុកបន្ទាប់ពីទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមចេញដើរកម្សាន្តឡើងវិញនៅតាមតំបន់កម្សាន្តឡើងវិញជាបណ្ដើរៗ។

របាយការណ៍ CBRE Cambodia បានឱ្យដឹងថា ផ្ទៃក្រឡាកន្លែងជួលលក់រាយ (The total areas of retail) ក្នុងរាជធានីភ្នំពេញគិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំ ២០២០ មានចំនួន ៣២៦ ០០០ ម៉ែត្រការ៉េ កើនឡើង ៤ ភាគរយ បើធៀបនឹងដំណាច់ឆ្នាំ ២០១៩ កន្លងមក។

គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញមានទីតាំងសម្រាប់ជួលលក់ទំនិញនៅតាមផ្សារទំនើប ឬអគារធំៗសរុប ២៣ ដែលស្មើនឹងផ្ទៃក្រឡាសរុប ៣២៦ ០០០ ម៉ែត្រការ៉េ កើនពីចំនួន ៣១៤ ០០០ ម៉ែត្រការ៉េ កាលពីចុងឆ្នាំ ២០១៩។ ក្នុងនោះផ្ទៃក្រឡារបស់ Shopping Mall មានចំនួន ៥១ ភាគរយ Shopping Center មានចំនួន ២៥ ភាគរយ Community Mall មាន ១៤ ភាគរយ និង Retail Podium មាន ១០ ភាគរយ។

សម្រាប់ផ្ទៃក្រឡាមិនប្រើប្រាស់មានប្រមាណ ១០,២ ភាគរយនៅក្នុងឆមាសទី ១ ឆ្នាំ ២០២០ ធ្លាក់ចុះពី ១០,៦៣ ភាគរយកាលពីចុងឆ្នាំ ២០១៩។

ការសិក្សានោះក៏រកឃើញដែរថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០ កន្លែងជួលលក់ទំនិញប្រភេទ Prime Shopping Mall មានតម្លៃជួលជាមធ្យម ២៨,៤៦ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់រយៈពេល ១ ខែ ធ្លាក់ចុះ ១២ ភាគរយបើធៀបទៅនឹងចុងឆ្នាំ ២០១៩, ប្រភេទ Prime Retail Podium មានតម្លៃ ២៦,០៣ ដុល្លារ ធ្លាក់ ១៣ ភាគរយ និងប្រភេទ Community Mall មានតម្លៃ ២២,២៣ ដុល្លារធ្លាក់ចុះ ៤ ភាគរយ ខណៈប្រភេទ Prime High Street មានតម្លៃ ២៦,២៣ ដុល្លារ កើនឡើង ១ ភាគរយ៕

វិស័យអចលនទ្រព្យនឹងកាន់តែរីកចំរើនខ្លាំងនៅក្នុងក្រុងសៀមរាប ខណៈរដ្ឋាភិបាលដាក់ចេញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មី

ដោយវុត្ថា

ភ្នំពេញ៖ វិស័យអចលនទ្រព្យនៅក្នុងក្រុងសៀមរាបនឹងកាន់តែរីកចំរើនខ្លាំងបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីនៅក្នុងក្រុងចំនួន ៣៨ខ្សែ ឱ្យមានសោភ័ណភាព និងម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន ។

លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការដាក់ចេញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលនាពេលកន្លងមកនេះ គឺសញ្ញាមួយល្អដែលជំរុញឱ្យមានស័យនានាឱ្យមានការរីកចំរើន រួមជាមួយនឹងវិស័យអចលនទ្រព្យផងដែរ ។
លោកបន្តថា “ដោយឡែកចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមក៏វានឹងជួយជំរុញឱ្យវិស័យអលចនទ្រព្យរីកចំរើនផងដែរជាពិសេសអចលនទ្រព្យប្រភេទសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូងផងដែរ”។

លោកបន្តថា “បន្ទាប់ពីមានហេដ្ឋារចនាសម្ព័ន្ធល្អច្រើន ហើយមានបន្ថែមផ្លូវថ្មី វានឹងជួយលើកស្ទួយតម្លៃដីធ្លីមានការកើនឡើង និងមានគម្រោងថ្មីៗផ្សេងក៏នឹងកើនឡើងផងដែរ ខណៈបច្ចុប្បន្ននេះ តម្លៃដីនៅតាមតំបន់មួយចំនួននៅក្នុងក្រុងសៀមរាបមានតម្លៃ ចាប់ពី ១៨០០ ទៅជាង ២០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។

លោកបន្ថែមថា “ខេត្តសៀមរាបគឺជាខេត្តទេសចរណ៍វប្បធម៌ដ៏សំខាន់បស់កម្ពុជា ក្រោយពីមានហេដ្ឋារចនាសម្ព័ន្ធល្អហើយនោះ វិស័យអចលនទ្រព្យបែបសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូជាដើម កាន់តែមានការរីកចំរើន ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ”។

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានឱ្យដឹងដែរថា ជាធម្មតា នៅពេលមានការអភិវឌ្ឍន៍គឺមានការរីកចំរើនលើវិស័យអចលនទ្រព្យ ជាមួយគ្នានេះ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាបដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ នឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យនៅក្នុងក្រុងទាំងមូលកាន់តែមានការរីកចំរើនបន្ថែមទៀត។

លោកបន្តថា បន្ទាប់ពីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចរាល់នឹងធ្វើឱ្យតម្លៃដីធ្លីនឹងកើនឡើង តែយ៉ាងណា គ្រាន់តែមានការផ្សាយផ្សាយពីផែនការអភិវឌ្ឍន៍នៅក្នុងក្រុងបច្ចុប្បន្ននេះ វាធ្វើឱ្យតម្លៃដីធ្លី ឬវិស័យអចលនទ្រព្យផ្សេងទៀតមានការកើនឡើងរួចទៅហើយ។

លោកបញ្ជាក់ថា “តម្លៃវិស័យអចលនទ្រព្យនឹងបន្តកើនឡើងកាន់តែខ្លាំងបន្ថែមទៀតនាពេលខាងមុខ ព្រោះថា រដ្ឋាភិបាលមិនមែនអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះ ព្រមទាំងដាក់ចេញផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបផងដែរដើម្បីបង្កើនចំណូលដល់ពលរដ្ឋ នៅមូលដ្ឋាន និងជាតិ”។

រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ចំនួន៣៨ខ្សែ ក្រោមកញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ១៥០លានដុល្លារអាមេរិក នៅក្រុងសៀមរាប ខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ និងកែលម្អផ្លូវចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។

សម្តេចតេជោបានមានប្រសាសន៍ថា “ការសម្រេចសាងសង់ផ្លូវទាំង៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះ មិនត្រឹមតែជាការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលជួបវិបត្តិកូវីដ១៩នេះផងដែរ”៕

បច្ចុប្បន្នភាពៈ រដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន ៥ ភ្ជាប់ជើងហោះនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ ដែលប្រតិបត្តិការជើងហោះហើរពីប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីទៅកាន់ប្រទេសចិន ត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរជើងហោះហើរនៅក្រកម្ពុជា និងបំពេញប្រេងឥន្ធនៈ។

លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់គេទំព័រPropertyarea.asia ថា ការបើកឱ្យមានការផ្លាស់ប្តូរជើងហោះហើរនៅកម្ពុជាសម្រាប់ក្រុមហ៊ុនទាំង៥នេះ នឹងជួយបង្កើនសកម្មភាពហោះហើរបន្ថែម ខណៈភាគច្រើន អ្នកដំណើរតាមជើងហោះហើរជាអ្នកធ្វើការ និងអ្នកធុរកិច្ច។

លោកបានថ្លែងថា ការបើកឱ្យមានការផ្លាស់ប្តូរជើងហោះហើរ គឺដើម្បីជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ និងព្រលានយន្តហោះរបស់យើងមានសកម្ម ដូច្នេះបានជាយើងអនុញ្ញាតឱ្យការចុះចត តែយើងត្រូវដាក់វិធានការតឹងតែង ដើម្បីត្រួតពិនិត្យបញ្ហាសុខភាពសាធារណ

លោកបានបន្តថា ស្ថានភាពជើងហោះហើរបច្ចុប្បន្ន នៅតែមានស្ថានភាពដដែល ដោយសារយើងមានវិធានការតឹងតែង។ យើងសង្ឃឹមថា ដំណើរជើងហោះហើរនឹងចាប់ ផ្តើមមានបណ្តើរៗឡើងវិញ ហើយចប្ចុប្បន្នសឹង្ហបុរីបានពាក្យមកកម្ពុជា ដើម្បីភ្ជាប់ជើងហោះហើរនៅខែកញ្ញានេះ ហើយបន្ទាប់ពីវាយតម្លៃការហោះហើរ គាត់ខាតបង់ច្រើន ប៉ុន្តែគាត់បើកជើងហោះហើរបែប Chartered Flight នៅពេលណាមានអ្នកដំណើរទើបគាត់បើកការហោះហើរ។

យោងតាមលិខិតចុះនៅថ្ងៃទី៧ ខែកញ្ញា របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនCambodia Angkor Air ក្រុមហ៊ុន Cambodia Airways ក្រុមហ៊ុន Lanmei Airlines ក្រុមហ៊ុន JC (Cambodia) International Airlines និងក្រុមហ៊ុន Sky Angkor Airlines

លិខិតបានឱ្យដឹងថា ក្រុមហ៊ុនអាកាចរណ៍នានា មិនត្រូវអនុញ្ញាតឱ្យអ្នកដំណើរចេញព្រលាន និងចូលមកប្រទេសកម្ពុជាឡើយ។លិខិតដដែលបានឱ្យដឹងថា ក្រុមហ៊ុនត្រូវឱ្យអ្នកបម្រើ តាមជើងហោះហើរទាំងអស់ពិនិត្យ និងតេស្តរកជំងឺCOVID-19 ដោយអនុវត្តវិធានការណ៍បង្ការរបស់ក្រសួងសុខាភិបាល

កាលពីខែមុនរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ដោយប្រកាសផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរពីប្រទេសហ្វីលីពីន ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១៣ ខែសីហាបន្ទាប់ពីជនជាតិចិន១៣នាក់ ត្រូវបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់យន្តហោះអាយឌីអាយ១៩ បន្ទាប់ពីបានហោះហើរពីប្រទេសហ្វីលីពីន។

កាលពីដើមខែសីហា រដ្ឋាភិបាលក៏បានហាមឃាត់ជាបណ្តោះអាសន្ន នូវរាល់ជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតដល់សាធារណជន៕

សម្តេចតេជោៈកម្ពុជា-ឥណ្ឌាមានកិច្ចសហប្រតិបត្តិការស្ទើតែគ្រប់វិស័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយវុត្ថា

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថាកម្ពុជានិងឥណ្ឌាមានកិច្ចសហប្រតិបត្តិការស្ទើតែគ្រប់វិស័យទៅហើយហើយវិស័យនីមួយៗសុទ្ធតែវិស័យសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវManika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា កម្ពុជាឥណ្ឌាគប្បីណាលើកកម្ពស់អនុស្សារណៈដែលយើងបានចុះហត្ថលេខារួចមកឱ្យទៅជាកិច្ចព្រមព្រៀងហើយកិច្ចព្រមព្រៀងដែលបានចុះជាមួយគ្នាគប្បីណាជំរុញការអនុវត្តដើម្បីឈានឆ្ពោះទៅការជោគជ័យលើរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយនោះ។

សម្តេតេជោថា អ្វីដែលយើងបានចុះហត្ថលេខា យើងគប្បីណាពិនិត្យមើលបន្ថែមទៀត ក្នុងការពង្រឹងតួនាទី សហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីទៅពង្រីកវិសាលភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត

លោកជំទាវManika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតបានថ្លែងថា កម្ពុជាបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ដែលរហូតមកដល់ថ្ងៃនេះអ្នកជំងឺកូវីដ១៩នៅកម្ពុជា បានជាសះស្បើយទាំងស្រុង ។

លោកជំទាវបានបន្តថា  លើសពីនេះទៅទៀត ក៏មានការធ្វើដំណើរមកប្រទេសកម្ពុជារបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា រដ្ឋមន្ត្រីការពារជាតិឥណ្ឌាផងដែរ ដែលសកម្មភាពទាំងអស់នេះ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកដុះដាលប្រសើរឡើងជាលំដាប់។

លោកជំទាវបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនីមួយៗ មានការចុះហត្ថលេខាលើអនុស្សារណៈ កិច្ចព្រមព្រៀងលើការអភិវឌ្ឍគម្រោងផ្សេងៗផងដែរ ដែលជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអោយកាន់តែល្អបន្ថែមទៀត។

លោកជំទាវបានបន្ថែមថា ជាសាក្ខីភាពទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ ក្នុងន័យនេះដែរលោកជំទាវ ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា តាមអ្វីដែលលោកជំទាវបានកត់សម្គាល់ គឺក្នុងរយៈពេលជាង២ឆ្នាំកន្លះនេះ កម្ពុជា និងឥណ្ឌាបានធ្វើសហប្រតិបត្តិការរវាងគ្នា និងគ្នាស្ទើរតែគ្រប់វិស័យទាំងអស់៕

គំរោងខុនដូតម្លៃ៧០លានដុល្លាររបស់ជប៉ុនបានចាប់ផ្តើមលក់ដំណាក់កាលទី២

ដោយគង់ ម៉ាលីន

ភ្នំពេញៈលំនៅឋានបែបសហកម្មសិទ្ឋអារ៉ាខាវ៉ា (Arakawa Residence) លំនៅឋានស្តង់ដាជប៉ុនទី១នៅកម្ពុជា ដែលមានទីតាំងនៅកណ្ដាលក្រុង និងមានតម្លៃសមរម្យ បានប្រកាសចាប់ផ្តើមបើកលក់ដំណាក់ទី២ហើយ។

គំរោងខុនដូដំណាក់ទី១របស់Arakawa ដែលបានប្រកាសបើកលក់ចំនួន១,៦៨០យូនីត កាលពីចុងឆ្នាំ២០១៩ ត្រូវបានអតិថិជនគាំទ្រយ៉ាងពេញទំហឹង និងបានទិញអស់មុន ផែនការកំណត់ ហើយដំណាក់កាលទី២នេះ មានចំនួនតែ១,២៨០ យូនីតប៉ុណ្ណោះ។

លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ដែលមានម្ចាស់ភាគហ៊ុនធំជា ជនជាតិជប៉ុន បានចំណាយទុនវិនិយោគប្រមាណ៧០លានដុល្លារ ដើម្បី សាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ ភាពងាយស្រួល និងមានបរិស្ថានល្អសម្រាប់ពលរដ្ឋខ្មែរដែលមានចំណូល ទាបនិងមធ្យម ហើយមានបំណងចង់រស់នៅផ្ទះបែបស៊ីវីល័យ ថ្លៃថ្នូរនៅ កណ្ដាលក្រុងភ្នំពេញ។

លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុនអារ៉ា ខាវ៉ា បានថ្លែងថា លំនៅឋានបែបខុនដូនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណង ឲ្យប្រជាជនកម្ពុជា ដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋក្រីក្រ បើទោះជាពួកគាត់មានចំណូល ទាបនិងមធ្យមក៏ដោយក៏អាចទិញលំនៅឋាន ខុនដូររបស់អារ៉ាខាវ៉ាបាន និងបានទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិ និងរស់នៅសមរម្យ ក្នុងខុនដូរទំនើប កណ្ដាលទីក្រុងភ្នំពេញ

ជាមួយគ្នានេះលោកអៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ាបានថ្លែងថាយើងខិតខំធ្វើយ៉ាងណា ដើម្បីបង្កើតលំនៅឋានមួយដ៏សមរម្យ ប្រកបដោយគុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និងបង្កើតឲ្យមានទម្លាប់រស់នៅ ក្នុងអគាររួម និងការថែទាំរួម

លោកសុធារ៉ា បានបញ្ជាក់បន្ថែមថា អតិថិជនដែលទិញយូនីតក្នុងលំនៅឋានអារ៉ាខារ៉ា នឹងទទួលបានបណ្ណកម្មសិទ្ធិតកូនតចៅ

Arakawa Residence ជាក្រុមហ៊ុនទី១នៅកម្ពុជា ដែលប្រើទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងការសាងសង់ទាំងស្រុង ដោយមិនប្រើថវិការរបស់អតិថិជន យកមកសាងសង់ ហើយក៏ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលអតិថិជនអាចទិញ ដោយពុំចាំបាច់បង់ប្រាក់កក់ ហើយអាចបង់រំលស់ដោយមិន មានការប្រាក់ពោលគឺអាចបង់ប្រាក់ប្រចាំខែចាប់ពី២៩៧ដុល្លារឡើងទៅ។

Arakawa Residence សាងសង់លើផ្ទៃដីជាង១.៣ហិចតា មានសំណង់ អគារសរុបចំនួន១៦ និងមានកម្ពស់២១ជាន់ស្មើៗគ្នា។

គំរោងនេះបានផ្តោតលើបរិស្ថានធម្មជាតិ ដោយផ្ទះទាំងអស់បែរមុខទៅទិសខាងជើង និងខាងត្បូង ដើម្បីងាយស្រួលក្នុងការស្រូបយកពន្លឺ និងខ្យល់អាកាសគ្រប់រដូវកាល និង បញ្ចៀសកម្ដៅដែលជួយសន្សំសំចៃ ដល់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអគ្គិសនី។

គម្រោងArakawa Residence ត្រូវបានរចនាឡើងសម្រាប់ពលរដ្ឋខ្មែរ ដែលមានសមាជិកគ្រួសារតិច ចង់បានលំនៅឋានប្រណិត មានបរិកាសល្អ តម្លៃសមរម្យ ស្ថិតនៅជាប់ផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិតសាលារៀន និងសាកលវិទ្យាល័យនានា និងនៅក្បែរផ្សារទំនើប ងាយស្រួលក្នុងការធ្វើ ដំណើរឬរកការងារធ្វើ។ ពលរដ្ឋដែលមានចំណូលចាប់ពី៦០០ដុល្លារឡើង ទៅអាចទិញបានផ្ទះមួយ ជាប្រភេទស្ទូឌីយោ ឬផ្ទះមានពីរបន្ទប់៕

រដ្ឋបាលរាជធានីភ្នំពេញកំពុងគិតគូរដាក់ឱ្យដំណើរការឡើងវិញនូវរថយន្តក្រុងសាធារណៈជាថ្មី

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងគិតគូរដាក់ឱ្យដំណើរការឡើងវិញនូវរថយន្តក្រុងសេវាសាធារណៈ (City Bus) នាពេលខាងមុខនេះ បន្ទាប់ពីត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយព្រួយបារម្ភពីការចម្លងនូវនូវជំងឺ Covid-19

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី  ១១ ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡាដាក់ឱ្យមានការដំណើរការ សាលារៀនមួយចំនួនឡើងវិញ នាកន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញក៏កំពុងគិតគូរ ដាក់ឱ្យដំណើរឡើងវិញនូវរថយន្តក្រុងសេវាសាធារណៈផងដែរ។

លោកថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញកំពុងគិតបញ្ហានេះ តែមិនទាន់មានការកំណត់ពេលវេលាជាក់លាក់នៅឡើយទេ

យោងតាមសេចក្តីជំដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាក ការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ ១៩ (Covid-19) បានធូរស្បើយ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បច្ចុប្បន្នមេរោគកូវីដ ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩មួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានចាត់វិធា នការទប់ស្កាត់ការចម្លង និងការរីករាលដាល នៃមេរោគកូវីដ១៩នេះផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ដូចនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្ននំពេញ សម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ ១៩ (Covid-19) បានធូរស្បើយ៕