ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PAPA & MAMA ដែលមានជំនាញក្នុងការទទួលលក់គម្រោងបុរីប្រណីត បានសហការជាដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន GC Empire Co.,Ltd ជាក្រុមហ៊ុនមានជំនាញ ក្នុងការអភិវឌ្ឍន៍ខុនដូប្រណីត CEO Wyndham Residence និងគម្រោងបុរីណាឌី នៅក្នុងខណ្ឌជ្រោយចង្វារ។
លោកសុខ ជា អគ្គនាយកប្រតិបត្តិរងរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PAPA & MAMA បានមានប្រសាសន៍ នៅក្នុងពិធីចុះហត្ថលេខានៃអនុស្សារណៈយោគយល់(MOU) នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PAPA & MAMA ជាក្រុមហ៊ុនមានជំនាញច្បាស់លាស់ ស្របច្បាប់ត្រឹមត្រូវដែលទទួលស្គាល់ពីក្រសួងពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកបានបន្តថា “សម្រាប់កិច្ចចុះហត្ថលេខា សហការជាដៃគូយុទ្ធសាស្ត្រក្នុងការលក់គម្រោងបុរី ណាឌីនៅពេលនេះ គឺជាសក្ខីភាពដ៏អស្ចារ្យថ្មីមួយទៀតរវាងក្រុមហ៊ុនទាំង២ ដែលក្រៅពីជំរុញការអភិវឌ្ឍន៍ វិស័យសំណង់លំនៅដ្ឋានបែបប្រណីត មានគុណភាពខ្ពស់ នៅក្នុងតំបន់ជ្រោយចង្វារ ដែលកំពុងមានការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត”។
លោកសុខ ជា បានបញ្ជាក់បន្ថែមថា ហេតុផលចម្បងដែលក្រុមហ៊ុន PAPA & MAMA សហការជាដៃគូយុទ្ធសាស្ត្រ និងស៊ីជម្រៅជាមួយក្រុមហ៊ុន GC Empire Co.,Ltd ក៏ព្រោះតែយើងចង់ នាំយកគម្រោងលំនៅដ្ឋានបែបទំនើប និងល្អប្រណិតមកជូនអតិថិជនរបស់ខ្លួន ដោយសារតែនៅក្នុងគម្រោងមួយនេះ មានការច្នៃម៉ូដបែបទាន់សម័យ គិតគូរពីផាសុកភាពដល់អ្នករស់នៅ ទាំងទំហំលំនៅដ្ឋាន លំហូរខ្យល់ចេញចូល សួនច្បារក្នុងសហគមន៍ តំបន់បៃតង និងពន្លឺធម្មជាតិយ៉ាងច្បាស់ល្អ”។
លោក Eric Chong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន GC Empire Co.,Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងបុរី ណាឌី បានមានប្រសាសន៍ថា “នៅក្នុងលំនៅដ្ឋានសហគមន៍ដែលរៀបចំ និងអភិវឌ្ឍន៍ដោយបុរីណាឌី រួមបញ្ចូលទាំងការរស់នៅ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប។ នៅក្នុងបុរី ណាឌី លោកអ្នកអាចរស់នៅក្នុងបរិយាកាសដែល មានសុវត្ថិភាព ស្រស់ស្អាត ធម្មជាតិ ស្ងប់ស្ងាត់ មានផាសុកភាព មានសុខភាពល្អ និងពោរពេញដោយភាពច្នៃប្រឌិត។
លោកបានបន្តថា “ការអភិវឌ្ឍលំនៅឋាននេះ គឺបានផ្ដោតសំខាន់ទៅលើវិស័យសំខាន់ៗចំនួនបីនៅកម្ពុជាគឺ វិស័យអភិវឌ្ឍន៍អចលនទ្រព្យ វិស័យវិនិយោគលើដីធ្លី និងវិស័យហិរញ្ញវត្ថុ។ ការអភិវឌ្ឍលំនៅឋានរបស់យើងនេះ មានលក្ខណៈពិសេសខុសប្លែកពីគេ ដោយការផ្ដោតសំខាន់ ទៅលើការការពារបរិស្ថានធម្មជាតិ និងការរស់នៅរួមគ្នាជាសហគមន៍”។
លោកបានបញ្ជាក់ថា តាមរយៈកិច្ចចុះហត្ថលេខា ភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន GC Empire Co.,Ltd ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍ ជាមួយនឹងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PAPA & MAMA ដែលមានបទពិសោធន៍ និងជំនាញផ្នែកលក់បុរីប្រណីតនៅពេលនេះ ពិតជាអាចជួយជំរុញឱ្យដំណើរការទីផ្សារ ទទួលបានជោគជ័យយ៉ាងប្រាកដ។
បុរីណាឌី ដែលស្ថិតនៅលើផ្ទៃដីទំហំ៣៤ហិកតា ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងនាំមកជូនលោកអ្នកនូវគេហដ្ឋាន ដែលមានការរចនាម៉ូតយ៉ាងទំនើប ស៊ីវីល័យ ទាន់សម័យ និងការរចនាលំដាប់ថ្នាក់អន្តរជាតិ ចំនួន3ប្រភេទគឺ៖ វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះអាជីវកម្មនៅលើផ្លូវរដ្ឋ20ម៉ែត្រ តភ្ជាប់ទៅកាន់ទីក្រុងរណបលីយ៉ុងផាត់។
សម្រាប់គ្រួសារដែលរស់នៅក្នុងបុរីណាឌី ក៏អាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបនៅក្នុងបុរី ដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ ក្លឹបហោស៍ កន្លែងក្មេងលេង សួនផ្កាសាគូរ៉ាខ្មែរ សាលកញ្ចក់សម្រាប់កម្មវិធីមង្គលរបស់លោកអ្នក និងផ្លូវរត់ហាត់ប្រាណជាដើម។ ក្រៅពីសម្រាប់ការរស់នៅយ៉ាងសុខដុមរមនា បុរី ណាឌីស្ថិតនៅក្នុងតំបន់ស្នូលនៃគម្រោងអភិវឌ្ឍន៍ធំៗនានា និងជាតំបន់ដែលមានសក្ដានុពល នៅក្នុងរាជធានីភ្នំពេញ ធ្វើឲ្យទីនេះស័ក្តិសមជាកន្លែងវិនិយោគ ដែលធានានូវផលចំណេញខ្ពស់បំផុតសម្រាប់អ្នកវិនិយោគ៕