ក្រុមហ៊ុនយក្សPrinceគ្រោងកសាងទីក្រុងថ្មីមួយនៅលើកោះតាគៀវ ខេត្តព្រះសីហនុ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group កំពុងរៀបចំផែនការកសាងទីក្រុងថ្មីមូយ នៅលើកោះតាគៀវ ខេត្តព្រះសីហនុ ដែលកោះនេះស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រពីតំបន់ឧទ្យានជាតតិរាម។

ថ្នាក់ដឹកនាំក្រុមហ៊ុនលំដាប់យក្សនេះ គ្រោងពង្រីកទុនវិនិយោគរហូតដល់២០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅកម្ពុជា លើគម្រោងអចលនទ្រព្យជាង៤ពាន់លាន ដុល្លារអាមេរិករួចហើយ។ 

កោះតាគៀវមានទំហំសរុប៦,៧គីឡួម៉ែត្រក្រឡា មានកំពស់ពីនីវូទឹកសមុទ្រ៤,៤គីឡូម៉ែត្រ វាជាកោះធំមួយក្នុងចំណោមកោះជាច្រើននៅក្រុងព្រះសីហនុ។ កោះនេះមានចម្ងាយប្រមាណ១គីឡូម៉ែត្រពីឧទ្យានជជាតិរាម។

គេហទំព័រPropertyarea.asia មិនអាចទាក់ទងលោកលី មីនដើម្បីអាចបញ្ជាក់ព៌តមានលំអិតថា គំរោងនេះនឹងចំណាយទុនប៉ុន្មានរយលានដុល្លារ និងចាប់ ផ្តើមសាងសង់នៅពេលណានៅឡើយទេ។

ប៉ុន្តែយោងតាមប្រភពជាន់ខ្ពស់ ពីមន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុនPrince Real Estate Groupបានទទួលសិទ្ឋសម្បទានវិនិយោគគំរោងនេះ នៅលើកោះតាគៀវពីរដ្ឋាភិបាលរួចហើយ។

បុគ្គលិកផ្នែកលក់ជាន់ខ្ពស់ ដែលកំពុងលក់គម្រោងPrinceជាច្រើន នៅក្រុងព្រះសីហនុបានបង្ហើបឲ្យដឹងផងដែរថា ក្រុមហ៊ុនPrinceពិតជាកំពុងរៀបចំផែនការ ដើម្បីអភិវឌ្ឈន៍គំរោងថ្មីនៅកោះតាគៀវ ឲ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់លំហែរកាយលំដាប់ពិភពលោកនៅពេលខាងមុខនេះពិតប្រាកដមែន។

លោកបន្តថាតាមអ្វីខ្ញុំដឹងគម្រោងនេះធំណាស់ និងមានសណ្ឋានជាទីក្រុងវិស្សមកាលដ៏ទាក់ទាញមួយសំរាប់តំបន់ និងពិភពលោក

លោកលី មីន ថ្លែងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីចុះហត្ថលេខា ជាមួយក្រុមហ៊ុនបី ក្នុងការបើកដំណើរការហាងនៅក្នុងPrince Plaza International កាលពីដើមឆ្នាំមុនថា ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត នឹងឈរលំដាប់កំពូល ជាក្រុមហ៊ុនអន្តរជាតិវិនិយោគនៅក្នុងប្រទេសកម្ពុជា  ដោយបានវិនិយោគនៅគម្រោងអចលនទ្រព្យធំៗជាច្រើនៅកម្ពុជា។

ជាក់ស្ដែងគម្រោងព្រីនស៍ផ្លាហ្សានៅបណ្ដោយផ្លូវព្រះនរោត្តមគម្រោងព្រីនស៍ផ្លាហ្សាអ៊ីនធើណេតសិនណលនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីនិងគម្រោងមួយចំនួនទៀតនៅក្នុងខេត្តព្រះសីហនុជាដើម។

លោកបន្តថាចាប់តាំងពីយើងបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា យើងបានបោះទុនវិនិយោគសរុប ជាង៤ពាន់លានដុល្លារអាមេរិកមកហើយ ហើយយើងនឹងបន្ថែមទុនតាមតែអាចធ្វើបាន

ដោយមើលឃើញពីសក្ដានុពលទាំងនេះហើយ ក្រុមហ៊ុននឹងបន្ថែមទុនវិនិយោគឲ្យបាន២០ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុនបានរៀបចំនូវគម្រោងរបស់ខ្លួនរួចស្រេចហើយ ក្នុងនោះខេត្តព្រះសីហនុ  ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុងបណ្ដាក់ទុនវិនិយោគបន្ថែម៕

តើការទិញដីឡូតិ៍ប្រភេទលំនៅឋានទុកចោលជាប់ពន្ធដែរទេ?

ដោយវុត្ថា

ភ្នំពេញ ឆ្លើយតបទៅនឹងចម្ងល់របស់ពលរដ្ឋ ដែលបានទិញដីឡូតិ៍ប្រភេទលំនៅឋានទុកចោល ដោយមិនបានរស់នៅ ឬមិនមានការអភិវឌ្ឍន៍ដែលកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា ត្រូវបានមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជាអះអាងថា  បើជាប្រភេទដីដែលជាប់ពន្ធ ត្រូវតែប្រកាសបង់ពន្ធ តែបើមិនជាប់ពន្ធ គឺមិនត្រូវបង់នោះទេ។

លោករស់ សារ៉ាក់ ប្រធានការិយាល័យពន្ធអចលនទ្រព្យកម្ពុជា នៃអគ្គនាយកដ្ឋារ  នៅក្នុងកម្មវិធីឆ្លើយសំនួររបស់ពលរដ្ឋស្តីពី ពន្ធដារកម្ពុជា កាលពីម្សិលមិញនេះបានពន្យល់ថា ចំពោះការទិញដីឡូត៍ប្រភេទ លំនៅឋានទុកចោលនេះ អាចនឹងជាប់ពន្ធក្នុងកម្មវត្ថុទៅលើដីមិនប្រើប្រាស់  ដែលម្ចាស់ដីដែលទិញហើយមិនមានការអភិវឌ្ឍន៍ ឬការបង្កើតកម្លាំងសេដ្ឋកិច្ច។

លោកពន្យល់ថា រដ្ឋាភិបាលប្រមូលពន្ធលើដីមិនបានប្រើប្រាស់ គឺដើម្បីជំរុញឱ្យម្ចាស់ដីទាំងអស់ ធ្វើការអភិវឌ្ឍន៍ដើម្បីបង្កើនសេដ្ឋកិច្ច និងពលកម្មដល់ពលរដ្ឋ។ ជាពិសេសការទិញដីប្រភេទលំនៅឋាននេះ ក៏ជាកម្មវត្ថុនៃការជាប់ពន្ធផងដែរ បើសិនជាតម្លៃអលនទ្រព្យទាំងនោះលើស១០០លានរៀល

យោតាមច្បាប់ពន្ធដារកម្ពុជាបង្ហាញថា ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំង ឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ត្រូវបង់ដោយកម្មសិទ្ធិករ។

មូលដ្ឋានកំណត់ពន្ធ គឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡាកំណត់ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់យ៉ាងយឺតបំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។

ពន្ធនេះត្រូវកំណត់តាមអត្រា២%លើមូលដ្ឋានកំណត់ពន្ធដែលបានចែងក្នុងមាត្រា ៣០។

កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធមានភារកិច្ច ត្រូវគណនាប្រាក់ពន្ធតាមគំរូលិខិតប្រកាសផ្តល់ដោយអង្គការពន្ធ និងត្រូវបង់ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗជូនទៅផ្នែកពន្ធនៅកន្លែង ដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ដីធ្លីជាប់ពន្ធ នីមួយៗត្រូវធ្វើលិខិតប្រកាស១ច្បាប់៕

ADB ផ្តល់កម្ចី១២៧,៨លានដុល្លារ ដើម្បីជួយពង្រីកបណ្តាញបញ្ជូនថាមពលអគ្គិសនីនៅកម្ពុជា

ដោយប៊ី

ភ្នំពេញ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ប្រាក់កម្ចី១២៧,៨ លានដុល្លារគាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដើម្បីជួយឱ្យរាជធានីភ្នំពេ និងខេត្ត៣ ផ្សេងទៀតនៃប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយ ស្ថេរភាពនិងអាចទុកចិត្តបាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលចេញផ្សាយនៅព្រឹកថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២០។

គម្រោងនេះ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយ ខ្នាតធំដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដោយប្រើថវិកាចំនួន៦.៧លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង,៧ លានដុល្លារ ពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ(Strategic Climate Fund)នៃការពង្រីកការអនុវត្ត កម្មវិធីថាមពល កកើតឡើងវិញនៅក្នុងប្រទេសដែលមានចំណូលទាប និង២លានដុល្លារពីមូលនិធិថាមពលស្អាត(Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត (Clean Energy Financing Partnership Facility)។ មូលនិធិទាំងពីរត្រូវបានគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ីមានប្រសាសន៍ថា គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្ត រួមជាមួយជំនួយជាបន្ត របស់ធនាគារអភិវឌ្ឍន៍ អាស៊ីដល់ប្រទេសកម្ពុជ ក្នុងការរៀបចំផែនការបណ្តាញថាមពល បង្ហាញថាការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់អាចទុកចិត្តបាន និងមាននិរន្តរភាពបរិស្ថាន អាចត្រូវបានផ្តល់ជូន ក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយសមធម៌

ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ នឹងបង្ហាញពីរបៀប ដែលការអភិវឌ្ឍខ្នាតធំនៃការអនុវត្ត បច្ចេកវិទ្យាច្នៃប្រឌិតថ្មី អាចត្រូវបានប្រើ ដើម្បីដំណើរការបណ្តាញអគ្គិសនី ក្នុង ប្រទេសកម្ពុជានាពេលអនាគត និងដើម្បីបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀត។

រាជរដ្ឋាភិបាល បានកំណត់ការអភិវឌ្ឍវិស័យថាមពល ជាអាទិភាពរបស់ជាតិ ព្រោះថាការផ្គត់ផ្គង់អគ្គិសនីកាន់តែរឹងមាំ នឹងជួយជំរុញផលិតភាពសេដ្ឋកិច្ច និងគុណភាពជីវិត។ ខណៈពេលដែលកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកការផលិតថាមពលតម្លៃទាប ក្នុងរយៈពេល១៥ឆ្នាំកន្លងមកហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត ដែលមានស្រាប់ កំពុងឈានដល់ការប្រើប្រាស់អស់សមត្ថភាព ហើយត្រូវការ ការពង្រីកនិងពង្រឹងបន្ថែម ដើម្បីចៀសវាងការរំខានដល់ការផ្គត់ផ្គង់។

គម្រោងនេះនឹងជួយដល់ អគ្គិសនីកម្ពុជា (EDC) ដែលស្ថាប័នអគ្គិសនីជាតិ របស់ប្រទេសកម្ពុជា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់បណ្តាញ បញ្ជូន១១៥-២៣០ គីឡូវ៉ាត់ ចំនួន ៤ និងអនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ ខេត្តកំពង់ ឆ្នាំង  កំពង់ចាម និងតាកែវ។

គម្រោងផ្ទុកថាមពលដោយអាគុយ សាកល្បង ដែលមានទីតាំងស្ថិតនៅក្បែរឧទ្យានថាមពលព្រះអាទិត្យមានកម្លាំង១០០ មេហ្គាវ៉ាត់ ដែលគាំទ្រដោយ ADB នឹងរួមបញ្ចូល នូវការបណ្តុះបណ្តាល បច្ចេកទេសផងដែរ។ រាជរដ្ឋាភិបាលគ្រោង នឹងបង្កើនសមត្ថភាពផលិតចរន្តអគ្គិសនី ថាមពលព្រះអាទិត្យដល់៤១៥ មេហ្គាវ៉ាត់នៅឆ្នាំ ២០២២ ពោលគឺកើនឡើងពី ១៥៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ ២០១៩ ។ ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ ដែលគាំទ្រដោយគម្រោងនេះ មានសមត្ថភាពសន្សំថាមពលអគ្គិសនី១៦ មេហ្គាវ៉ាត់ម៉ោង និងផ្តល់លទ្ធភាពដើម្បីជួយរួមបញ្ចូល ថាមពលកកើតឡើងវិញ ការបន្ថយការកកស្ទះ ការបញ្ជូនចរន្ត និងធ្វើតុល្យាការនៃការផ្គត់ផ្គង់និងតម្រូវការផងដែរ។

លោកស្រី Daniela Schmidt អ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ ADB មានប្រសាសន៍ថា តាមរយៈការផ្តល់ហិរញ្ញប្បទាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចន្តចាំបាច់ សម្រាប់ ការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយនិរន្តរភាព នឹងជម្រុញផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជា សមត្ថភាព ប្រកួតប្រជែង និងការធ្វើពិពិធកម្មនានា បង្កើតការងារ និងគាំទ្រដល់ការងើបឡើងវិញ របស់ប្រទេស ពីវិបត្តិនៃការរាតត្បាតនៃ COVID-19។ គម្រោងនេះនឹងបង្កើតការងារដោយផ្ទាល់ចំនន១៣០០ នៅក្នុងវិស័យសំណង់ ជាមួយនឹងការផ្តល់ជាប្រយោជន៍ ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

វាក៏នឹងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អគ្គិសនីកម្ពុជា(EDC) ក្នុងការលើកកម្ពស់បរិយាប័ន្ន និងសមភាពយេនឌ័រ នៅកន្លែងធ្វើការនិងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យថាមពល។

ជំងឺរាតត្បាតCOVID-19 គម្រាមកំហែងកាត់បន្ថយកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដែល មានអត្រាជាមធ្យម,១% ជារៀងរាល់ឆ្នាំ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងធ្លាក់ចុះក្នុងរង្វង់ -៥,៥ ភាគរយនៅឆ្នាំ ២០២០ ដែលអាចជំរុញប្រជាពលរដ្ឋប្រមាណ,៣ លាននាក់បន្ថែមទៀតឱ្យធ្លាក់ចូលក្នុង ភាពក្រីក្រ។ រាជដ្ឋាភិបាល កំពុងអនុវត្តកម្មវិធីជំនួយ ដើម្បីកាត់ បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកសង្គមនិងសេដ្ឋកិច្ច។

ចាប់តាំងពីឆ្នាំ១៩៩៤ មក ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងជិត២០០លានដុល្លារ ដល់វិស័យថាមពលរបស់ប្រទេសកម្ពុជា និងផ្តល់ជំនួយបច្ចេកទេសប្រមាណ៦លានដុល្លារ។ ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តោតលើការពង្រីកបណ្តាញបញ្ជូន និងចែកចាយចរន្ត និងគាំទ្រដល់កំណែទម្រង់ វិស័យអគ្គិសនី ព្រមទាំងការកសាងសមត្ថភាពស្ថាប័ន។ កាលពីឆ្នាំមុន ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ ៧,៦៤ លានដុល្លារ ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានពន្លឺព្រះអាទិត្យ តាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន រួមជាមួយការបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យផងដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាថា នឹងសម្រេចបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិចំនួន៦៨ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេសមកពីតំបន់នេះ៕

ADB៖ តំបន់អាស៊ីនិងប៉ាស៊ីហ្វិកបានក្លាយជាតំបន់ចូលរួមធំបំផុតដល់GDPរបស់ពិភពលោក

ដោយ៖ ប៊ី

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា តំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានក្លាយជាតំបន់ចូលរួមធំបំផុត ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ហើយក៏បានលើកកម្ពស់ជីវភាពប្រជាជនរាប់លាននាក់ចេញពីភាពក្រីក្រ។

ការបញ្ជាក់របស់ ADB បានធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងការចេញផ្សាយរបាយការណ៍ស្ថិតិប្រចាំឆ្នាំចុងក្រោយបង្អស់របស់ខ្លួន សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ដែលរួមមាន សូចនាករ តំបន់សំខាន់ៗក្នុងឆ្នាំ២០២០) និងការធ្វើបច្ចុប្បន្នភាពលើមូលដ្ឋានទិន្នន័យអនឡាញ ដែលជាមូលដ្ឋានទិន្នន័យសូចនាករសំខាន់ៗ។

សូចនាករសំខាន់ៗឆ្នាំ២០២០ បង្ហាញសូចនាករ សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, សង្គម, និងបរិស្ថាន ដែលមានបញ្ចូលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់សមាជិកក្នុងតំបន់ របស់ធនាគារអភិវឌ្ឍន៍ អាស៊ី ចំនួន៤៩ ដែលឆ្លុះបញ្ចាំងពី ឆ្នាំ២០០០ ដល់ឆ្នាំ២០១៩។ ស្ថិតិសំខាន់មួយនៅក្នុងរបាយការណ៍នេះ បង្ហាញពីរបៀបដែល តំបន់អាស៊ី និងប៉ាស៊ីហ្វិក បានក្លាយជាតំបន់ដែលចូលរួមធំបំផុត ដល់ផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោកពោលគឺ ៣៤.៩% ក្នុងឆ្នាំ២០១៩ ពី ២៦.៣% ក្នុងឆ្នាំ២០០០។

លោក Yasuyuki Sawada ប្រធានក្រុមអ្នកសេដ្ឋកិច្ចរបស់ADB បានថ្លែងថា “តំបន់អាស៊ីនិងប៉ាស៊ីហ្វិក មានវឌ្ឍនភាពការអភិវឌ្ឍយ៉ាងខ្លាំង ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ដោយបានក្លាយ ជាតំបន់ចូលរួមធំបំផុត ដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ហើយក៏បានលើកកម្ពស់ជីវភាពប្រជាជនរាប់លាននាក់ចេញពីភាពក្រីក្រ។ ទិន្នន័យទាន់ពេលវេលា និងត្រឹមត្រូវអាចឲ្យយើងតាមដានវឌ្ឍនភាពនេះនិងពិនិត្យមើលផ្នែកដែលត្រូវការការកែលំអបន្ថែមទៀត”។

លោកបន្ដថា “ការទទួលបានទិន្នន័យកាន់តែទូលំទូលាយ ជាពិសេស នៅពេលដែលមានជំងឺរាតត្បាត (COVID-19) នឹងបន្តចូលរួមចំណែកដល់ វឌ្ឍនភាព ក្នុងតំបន់លើមាគ៌ាឆ្ពោះ ទៅរកការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងចីរភាព។ សូចនាករសំខាន់ៗឆ្នាំ២០២០ រំលេចឥទ្ធិពលដែលកំពុងកើនឡើង នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងការ វិនិយោគ និងពាណិជ្ជកម្មសកល”។

សេដ្ឋកិច្ចតំបន់ទទួលបានជាងមួយភាគបី នៃការវិនិយោគដោយផ្ទាល់ជាសកលសរុប នៅឆ្នាំ២០១៩ ខណៈដែលការនាំចេញពិភពលោក ក្នុងតំបន់កើនឡើងដល់ ៣៦.៥% ក្នុងឆ្នាំ២០១៩ ពី២៨.៤% ក្នុងឆ្នាំ២០០០។ ជាងពាក់កណ្តាលនៃសេដ្ឋកិច្ចក្នុងតំបន់ដែលបានរាយការណ៍ បានបង្ហាញអត្រាកំណើនផលិតផលក្នុងស្រុកសរុប ៤% ឬខ្ពស់ជាងនេះ ក្នុងឆ្នាំ២០១៩។

ទោះយ៉ាងណាក្តី ការកើនឡើងទាំងនេះ ត្រូវបានគំរាមកំហែង ដោយការរីករាលដាលនៃជំងឺ COVID-19 បង្ករឲ្យភាពអត់ការងារធ្វើកើនឡើង ហើយប្រាក់ចំណូលធ្លាក់ចុះដោយសារការបិទដំណើរការនានាបណ្តាលឲ្យមានការកាត់បន្ថយយ៉ាងខ្លាំងនូវប្រតិបត្តិការអាជីវកម្ម និងសកម្មភាពរបស់ប្រជាជនជាទូទៅ។

របាយការណ៍នេះក៏រួមបញ្ចូលទិន្នន័យបន្ថែមពិសេសបង្ហាញពីរបៀបដែលការប៉ាន់ប្រមាណភាពក្រីក្រ អាចត្រូវបានពង្រឹងតាមរយៈការរួមបញ្ចូលការស្ទង់មតិ និងជំរឿនគ្រួសារជាមួយនឹងទិន្នន័យដែលបាន ដកស្រង់ចេញពីរូបភាពផ្កាយរណប។

របាយការណ៍នេះកំណត់នូវការពិចារណាជាក់ស្តែង និងតំរូវការបច្ចេកទេសសម្រាប់វិធីសាស្រ្តថ្មីនៃការធ្វើផែនទីបែងចែកភាពក្រីក្រនេះ ហើយក៏គូសបញ្ជាក់ការកែលម្អចាំបាច់សម្រាប់ការិយាល័យស្ថិតិជាតិ ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីការបញ្ចូលប្រភពទិន្នន័យ ប្រកបដោយភាពច្នៃប្រឌិតទៅក្នុងកម្មវិធីការងារធម្មតា។

សូចនាករសំខាន់ៗឆ្នាំ២០២០ ក៏បង្ហាញផងដែរនូវ៖

* ព័ត៌មានថ្មីៗស្តីពីសូចនាករ SDG នៅអាស៊ីនិងប៉ាស៊ីហ្វិក

* និន្នាការតំបន់ និងតារាង ដែលរួមបញ្ចូលសូចនាករលើប្រធានបទចំនួន ៨ រួមមាន ប្រជាជន, សេដ្ឋកិច្ចនិងលទ្ធផល, លុយកាក់ ហិរញ្ញវត្ថុនិងតម្លៃ, សាកលភាវូបនីយកម្ម, ការដឹកជញ្ជូននិងការទំនាក់ទំនង, ថាមពលនិងអគ្គិសនី, បរិស្ថាន, ព្រមទាំងរដ្ឋាភិបាលនិងអភិបាលកិច្ច។

* ការវិភាគថ្មីស្តីពីនិន្នាការនៃការផ្លាស់ប្តូរនៅក្នុងការប្រកួតប្រជែងជាសកលរបស់អាស៊ីក្នុងការផ្គត់ផ្គង់ផលិតផលផ្សេងៗ និងទិន្នន័យថ្មីៗស្តីពីខ្សែសង្វាក់តម្លៃពិភពលោក។

* និង ការធ្វើបច្ចុប្បន្នភាពតារាងប្រទេសនីមួយៗសម្រាប់សមាជិកក្នុងតំបន់ចំនួន៤៩ របស់ ADB។
មូលដ្ឋានទិន្នន័យសូចនាករសំខាន់ៗ ដែលបានចាប់ផ្តើមដំបូងនៅ ខែកញ្ញា ឆ្នាំ២០១៩ ផ្តល់ព័ត៌មានងាយស្រួលយល់ អំពីសូចនាករស្ថិតិជាង ១,១០០ ចាប់ពីឆ្នាំ ២០០០។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចបាននូវ វិបុលភាព, បរិយាប័ន្ន, ភាពធន់, និង និរន្តរភាពសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក រួមជាមួយនិង ការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ីគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ហើយមាន៤៩ប្រទេស មកពីតំបន់នេះ៕

រដ្ឋាភិបាលកម្ពុជា-សិង្ហបុរីគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មនៅភ្នំពេញ

ដោយៈ រ៉ាណេត

ភ្នំពេញៈរដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីក្នុងការអនុវត្តលើគម្រោងអភិវឌ្ឍន៍បង្កើតមជ្ឈមណ្ឌលភស្តុភានៅរាជធានីភ្នំពេញដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនិងប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅទីស្ដីការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍ គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីអមខុទ្ធកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទី២ទទួលបន្ទុកការអភិវឌ្ឍនិងហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH

កិច្ចប្រជុំនេះធ្វើឡើង តាមរយៈសន្និសីទវីដេអូពីចម្ងាយ និងមានគោលបំណងដើម្បីបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោងSuperPort+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងពង្រឹងសមត្ថភាពដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា កំណត់លទ្ធផលនិងគោលដៅសំខាន់ៗ ដែលត្រូវសម្រេចឱ្យបាន តាមរយៈការអនុវត្តគម្រោង Phnom Penh SuperPort+ កំណត់ជំហ៊ានបន្តបន្ទាប់ក្នុងការអភិវឌ្ឍ។

លោកទេសរដ្ឋមន្ត្រីបានបង្ហាញថាមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀតដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ដើម្បីឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនេះ រាជរដ្ឋាភិបាលបាននឹងកំពុងធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើ។ លើសពីនោះទៀតលោក ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញកម្ពុជា ជាទីផ្សារ និងមជ្ឈមណ្ឌលភស្តុភារកម្ម បម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេស ក្នុងតំបន់ជាពិសេសប្រទេសថៃ វៀតណាម ឡាវ និងភូមាជាដើម។

មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ត្រូវបានកំណត់ជាផែនការយុទ្ធសាស្ត្រ ទាំងក្នុងផែនការមេភស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពី ការតភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះ បង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូន ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព៕

រដ្ឋាភិបាលកម្ពុជាទទួលបានកញ្ចប់ថវិកាពីធនាគារADB ចំនួន៥៧១លានដុល្លារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ កម្ពុជាមានឱកាសទទួលបានកញ្ចប់ថវិកា ពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ចំនួន៥៧១លានដុល្លារ សម្រាប់អនុវត្តគម្រោងភាពធន់អាកាសធាតុ ខណៈមានការព្យាករណ៍ថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យ GDPនៅកម្ពុជាធ្លាក់ចុះ០,៤ភាគរយនៅត្រឹមឆ្នាំ២០២០នេះ។

ហិរញ្ញប្បទាននេះ បាននិងកំពុងវិនិយោគ លើគម្រោងចំនួន៧សំខាន់ៗមាន ដូចជា ការកសាងសមត្ថភាពដល់ស្រ្តី ឱ្យមានជំនាញវិជ្ជាជីវៈអាចទទួល បានចំណូលទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ វិស័យកសិកម្ម ប្រព័ន្ធ ធារាសាស្ត្រ ការអភិវឌ្ឍ ជនបទ វិស័យសុខាភិបាល វិស័យសាធារណការ និងការបង្កើតមុខរបរដល់ស្ត្រី។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាបូ អូហ្សាណូ បានមានប្រសាសន៍នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០កន្លងមកថា កម្ពុជានឹងមានសមត្ថភាពកាន់តែប្រសើរឡើង ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ សត្វល្អិតចង្រៃ ការកើនឡើងកម្តៅដែលបង្កផលប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរដល់សង្គមជាតិ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ក្រសួងកិច្ចការនារី បានទទួលថវិកាមួយផ្នែកនៃកញ្ចប់ថវិកាពីADBនេះសម្រាប់អនុវត្តលើគម្រោងដែលជួយដល់ស្ត្រីនិងក្រុមងាយរងគ្រោះទទួលបានចំណេះដឹងនិងមានសមត្ថភាពគ្រប់គ្រងជីវភាពពីការប្រែប្រួលអាកាសធាតុ។

លោកស្រីបានបញ្ជាក់ថា ស្ត្រីត្រូវបានចាត់ទុកជាក្រុមងាយរងគ្រោះជាងគេ ដោយហេតុថា ស្ត្រីនៅតាមជនបទភាគច្រើន ពឹងផ្អែកលើធនធានធម្មជា តិសម្រាប់ជីវភាពរស់នៅ និងមិនចេះនូវជំនាញ ឬវិធីសាស្រ្តក្នុងការសង្គ្រោះជីវិត ក្នុងពេលមានគ្រោះមហន្តរាយ

ការសាងសង់ផ្លូវជាតិលេខ៣ភ្ជាប់ភ្នំពេញ-កំពតសម្រេចបាន៨០ភាគរយហើយ

ដោយៈរ៉ាណេត

កំពតៈ គម្រោងសាងសង់ និងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ រហូតមកដល់ពេលនេះ ជាលទ្ធផលសម្រេចបានប្រមាណ៨០ភាគរយហើយ និងកំពុងបន្តសម្រុកសាងសង់សួនច្បារចែកទ្រូងផ្លូវ ដើម្បីបញ្ចប់ទៅតាមគម្រោង និងផែនការដែលបានកំណត់។

រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនលោកខាន់ម៉ាណេតបានមានប្រសាសន៍នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០កន្លងមកថាគម្រោងសាងសង់ផ្លូវជាតិលេខ៣សម្រេចបាន៨០ភាគរយហើយហើយពេលនេះក្រុមហ៊ុនកំពុងសាងសង់សួនចែកទ្រូងផ្លូវនិងស្ពានរំលងផ្លូវ។

ផ្លូវជាតិមួយនេះ ត្រូវបានសាងសង់ឡើងតាមបទដ្ឋានអន្តរជាតិ សម្រាប់ល្បឿនអតិបរមា៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

លោកខាន់ ម៉ាណេបានបញ្ជាក់ថាការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវនេះ មានសារសំខាន់ណាស់ ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានរំលេចនូវសោភណ្ឌភាពដងផ្លូវផងដែរ ហើយតាមលក្ខណៈបច្ចេកទេសការសាងសង់សួនច្បារចែកទ្រូងផ្លូវ គឺត្រូវរក្សាចន្លោះទ្រូងផ្លូវ ត្រង់ចំណុចដែលមានផ្លូវធំឆ្លងកាត់ និងទីតាំងដែលមានការឆ្លងកាត់ច្រើន តែត្រូវរក្សាគម្លាតពីចន្លោះមួយ ទៅចន្លោះមួយទៀតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រនៅក្រៅទីប្រជុំជន និងចន្លោះពី៤០០ម៉ែត្រ ទៅ៧០០ម៉ែត្រនៅក្នុងទីប្រជុំជន

លោកបានសង្កត់ធ្ងន់ថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវ មិនស្របតាមលក្ខណៈបច្ចេកទេស គឺជាបច្ច័យនាំឱ្យល្បឿននៃការបើកបរថយចុះ បង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យខាតបង់ទ្រព្យសម្បតិ្ត ពិការ ឬបាត់បង់មនុស្សជាទីស្រឡាញ់របស់គ្រួសារ និងងាយធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពក្រីក្រជាដើម។

បច្ចុប្បន្ន ផ្លូវជាតិលេខ៣ ជាពិសេសកំណាត់ផ្លូវពីចោមចៅ ទៅបែកគុស គឺជាភូមិសាស្ត្រមានការអភិវឌ្ឍខ្លាំង បច្ចុប្បន្នកំណាត់ផ្លូវនេះ អមដោយឧស្សាហកម្មរោងចក្រ សហគ្រាសតូចៗ និងមធ្យម ទីផ្សារ សាលារៀន និងវត្តអារាម ធ្វើឱ្យមានចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ។

តាមរយៈកំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ នៅថ្ងៃអនាគតតំបន់នេះនឹងក្លាយទៅជាទីប្រជុំជនដ៏ធំមួយ ដែលរាជរដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យស្របតាមលក្ខណៈបច្ចេកទេស កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ និងចក្ខុវិស័យរបស់ខ្លួន ជៀសវាងផលវិបាកនានា ដែលអាចកើតមាននៅពេលកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងនៅតំបន់នេះ៕

រដ្ឋាភិបាលចំណាយថវិកាជិត៨០លានដុល្លារឧបត្ថម្ភជនក្រីក្រអំឡុងកូវីដ១៩

ដោយ ហ្សូលី

ភ្នំពេញៈ រាជរដ្ឋាភិបាលបានចំណាយថវិកាជិត ៨០ លានដុល្លារ ក្នុងការជួយឧបត្ថម្ភជូនគ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ដោយសារជំងឺរាត្បាត Covid-19 ចំនួន៣វគ្គកន្លងមក។

លោកឧបនាយករដ្ឋមន្រ្តីអូន ព័ទ្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ក្នុងឱកាសទទួលជួប សម្តែងការគួរសមជាមួយ លោក Markus Buerli ប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ ២០២០កន្លងមកនេះ។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ចាប់តាំងពីដាក់ឱ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំទ្បុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតមកដល់ត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយលើការបើកប្រាក់ឧបត្ថម្ភសរុបចំនួនជាង៧៨លានដុល្លារ ជូនដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះទាំងចំនួន៣វគ្គ ក្នុងអំទ្បុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។

ឆ្លៀតក្នុងឪកាសនោះ លោក Markus Buerli ប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ប្រចាំនៅកម្ពុជា បានកោតសរសើរ អំពីវិធានការប្រកបដោយប្រសិទ្ធិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩៕

ការសាងសង់ច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-វៀតណាម ម៉ឺនជ័យ សម្រេចបានជាង៩០ភាគរយ

ដោយ ៖ រ៉ាណេត

ព្រៃវែង ៖ ដំណើរការនៃការសាងសង់ច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-វៀតណាម ម៉ឺនជ័យ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម រហូតមកដល់ពេលនេះសម្រេចលទ្ធផលបានជាង៩០ភាគរយ។

អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ នៅក្នុងដំណើរចុះត្រួតពិនិត្យការសាងសង់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានជំរុញដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម ពន្លឿននូវការសាងសង់នេះឱ្យឆាប់រួចរាល់ ព្រោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០២០នេះហើយ។

លោកបានបញ្ជាក់ថា រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានសម្រេចដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) និងត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខដ៏ខ្លី ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម និង សម្រួលដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ព្រមទាំងដឹកជញ្ជូនទំនិញ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាដំឡើងច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារអន្ដរជាតិ ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសជិតខាង និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរលើគ្រប់វិស័យ។

លោកបន្ដថា ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែន ម៉ឺនជ័យ នាពេលខាងមុខនេះ ក្រសួមហាផ្ទៃ ក៏បានចាត់ឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូ ចុះទៅជួបពិភាក្សាការងារជាមួយភាគីវៀតណាមជាច្រើនលើករួចមកហើយផងដែរ៕

បច្ចុប្បន្នភាព៖ ខេត្តកំពតកាន់តែលេចធ្លោក្នុងការទាក់ទាញការវិនិយោគនិងអភិវឌ្ឍលើវិស័យចំនួន ២

ដោយ ហ្សូលី

ភ្នំពេញ៖ ខេត្តកំពតមានលក្ខណៈពិសេសជាច្រើនចំនុច ដែលបណ្តាលឱ្យក្រុមហ៊ុនអន្តរជាតិទាំងក្នុងស្រុកនិងក្រៅស្រុក សម្រេចចិត្តមកបោះទុនវិនិយោគលើវិស័យចំនួន ២ ផ្សេងគ្នា ដែលជាកាតាលិករជម្រុញឱ្យខេត្តកំពតកាន់តែមានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រុមហ៊ុនអន្តរជាតិមួយចំនួនបានបោះទុនជាច្រើនលានដុល្លារក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍នៅជាប់មាត់សមុទ្រ។ ការអភិវឌ្ឍទាំងនេះ ជាឱកាសក្នុងការជ្រោមជ្រែងដល់ទីផ្សារអចលនទ្រព្យក្នុងខេត្តទាំងមូល និងចូលរួមបង្កើនសក្តានុពលទេសចរណ៍យ៉ាងខ្លាំងក្លា។

ជាក់ស្តែង វិនិយោគិនចាប់អារម្មណ៍ទៅលើការវិនិយោគក្នុងវិស័យបដីសណ្ឋារកិច្ចធំៗ ជាហេតុបណ្តាលឱ្យខេត្តកំពតទទួលបានគម្រោងអភិវឌ្ឍលើការសាងសង់សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ និងផ្ទះលម្ហែកាយ។ ដើម្បីឆ្លើយតបទៅនឹងសក្តានុពលទេសចរណ៍ ភូមិសាស្រ្ត និងតម្រូវការរបស់ប្រជានជនកម្ពុជា រួមទាំងភ្ញៀវទេសចរអន្តរជាតិ ខេត្តកំពតបច្ចុប្បន្នមានគម្រោងបង្កើតរមណីយដ្ឋានកែច្នៃជាច្រើនទីតាំងផងដែរ។

ក្រឡេកទៅវិស័យហេដ្ឋារចនាសម្ព័ន្ធដែលជាបណ្តាញទ្រទ្រង់សេដ្ឋកិច្ច និងសក្តានុពលរបស់ខេត្ត ក៏មានការអភិវឌ្ឍឆាប់រហ័ស និងកំពុងដំណើរការសាងសង់ជាច្រើនគម្រោងដូចជា កំពង់ផែទឹកជ្រៅ គម្រោងអភិវឌ្ឍតំបន់ឆ្នេរ ស្ពានឆ្លងកាត់ កំពង់ផែទេសចរណ៍ជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅគឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តដ៏សំខាន់មួយមានគោលដៅតភ្ជាប់ការដឹកជញ្ជូនតាមរបៀងមាត់សមុទ្រក្នុងតំបន់ គឺតភ្ជាប់ពីប្រទេសវៀតណាម ទៅកាន់ប្រទេសថៃ ដោយឆ្លងកាត់ខេត្តចំនួន ៣ របស់កម្ពុជា ក្នុងនោះមានខេត្តកំពត។

កាលពីថ្មីៗនេះ រដ្ឋបាលខេត្តកំពតបានគោរពអនុវត្តតាមគម្រោងនិងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍខេត្តកំពតឱ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រណីតបែបធម្មជាតិ និងរិះរកមធ្យោបាយក្នុងការបង្កើនកំណើនទេសចរឱ្យបាន ២.៥ លាននាក់ នៅឆ្នាំ ២០២៣៕