ដោយ ៖ រ៉ាណេត
កំពត ៖ បន្ទាប់ទទួលបានការស្នើសុំកាត់ឆ្វៀលដីធ្វើជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋសរុបចំនួន៣៣៨៦គ្រួសារ នៅក្នុងតំបន់ឧទ្យានជាតិមុនីវង្សបូកគោ ស្មើនឹង៣៩១៣ក្បាលដី ស្ថិតក្នុងស្រុកទឹកឈូ នឹងស្រុកឈូក ខេត្តកំពត ក្រុមការងារ និងមន្ត្រីបានចុះសិក្សា និងត្រួតពិនិត្យលេចចេញជាលទ្ធផលកំណត់អត្តសញ្ញាណកម្មដីទំហំត្រឹម៦៦៤៩ហិកតាតែប៉ុណ្ណោះដែលនឹងត្រូវការឆ្វៀល។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ក្រុមការងារស្រាវជ្រាវ និងមន្ត្រីជំនាញបានការចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីថ្នាក់ខេត្តរបស់ខេត្តកំពត គឺមានតែពលរដ្ឋដែលបាននឹងកំពុងកាន់កាប់ដីអាស្រ័យផលជាក់ស្ដែងក្នុងឧទ្យាន ជាតិមុនីវង្សបូកគោប៉ុណ្ណោះ ដែលនឹងត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ។
នៅក្នុងចំណោមប្រជាពលរដ្ឋចំនួន៣៣៨៦គ្រួសារ ដែលបានដាក់ពាក្យសុំវាស់វែងដីធ្លី មានតែ២១៣៨គ្រួសារប៉ុណ្ណោះ ដែលបាននឹងកំពុងកាន់កាប់ដីអាស្រ័យផលជាក់ស្ដែងក្នុងឧទ្យានជាតិមុនីវង្សបូកគោ ដែលមានក្បាលដីចំនួន២៥០០ក្បាលដី ទំហំស្នើនឹង៦៦៤៩ហិកតា។
លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារសិក្សាស្រាវជ្រាវអត្តសញ្ញាណមនុស្ស និងអត្តសញ្ញាណដីនៅខេត្តកំពតលើកឡើងផងដែរថា ធាតុចូលសំខាន់ៗដើម្បីរកដំណោះស្រាយមានទី៣សំខាន់ៗ រួមមានទី១ ដីដែលប្រជាពលរដ្ឋមានដំណាំដាំដុះជាក់ស្តែង និងអាស្រ័យផលយូរណាស់មកហើយ ទី២ ដីព្រៃគ្មានដាំដំណាំដាំដុះ ទី៣ ដីដែលស្ថិតនៅក្នុងឧទ្យានបូកគោ ហើយមានទំនាស់ និងទី៤ ដីព្រៃដែលបាននឹងកំពុងរានថ្មីៗ។
លោកអនុរដ្ឋលេខាធិការក៏បានបញ្ជាក់ផងដែរថា ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងការឆ្វៀលដីចេញពីតំបន់ការពារជូនប្រជាពលរដ្ឋត្រូវពិនិត្យឱ្យបានហ្មត់ចត់ លើដីដែលអាស្រ័យផលជាក់ស្តែង រួមមានដំណាំដាំដុះយូរណាស់មកហើយត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ។
លោកបញ្ជាក់ថា នៅក្នុងដែនឧទ្យានជាតិ មានដីពីរប្រភេទ ដែលក្រសួង និងរដ្ឋបាលខេត្តកំពត មិនអាចអនុញ្ញាតឱ្យធ្វើការវាស់វែងចេញប័ណ្ណកម្មសិទ្ធ បាន គឺដីព្រៃ មិនដែលធ្លាប់អាស្រ័យផលពីមុន និងដីទំនាស់។
លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ដែរថា កិច្ចការងារឆ្វៀលដីជូនប្រជាពលរដ្ឋ គឺ ជារឿងសំខាន់ណាស់ ដើម្បីឲ្យប្រជាពលរដ្ឋដែលកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងជាយូរមកហើយ នោះ ទទួលបានផ្តល់ប័ណ្ណកម្មសិទ្ធិ ហើយអាចប្រើប្រាស់ដីរបស់ខ្លួនឲ្យអស់លទ្ធភាព និងសក្ដានុពល ដោយគ្មានការភ័យខ្លាច ហើយការផ្តល់ជូនប័ណ្ណកម្មសិទ្ធិក្នុងគោលបំណងដើម្បីរួមចំណែកកាត់បន្ថយភាព ក្រីក្រ និងធ្វើឱ្យប្រសើរដល់ជីវភាពរស់នៅរបស់ពលរដ្ឋ៕