ខេត្តព្រះសីហនុ មានលទ្ធភាពផលិតអគ្គិសនីបាន ១០០០មេហ្គាវាត់ សម្រាប់ផ្គត់ផ្គង់ក្នុងតំបន់ និងចែកតាមបណ្តាខេត្ត

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ នៅក្នុងខេត្តព្រះសីហនុ មានសមត្ថភាពខ្ពស់ក្នុងការផលិតថាមពលអគ្គិសនីសរុបរហូតដល់ប្រមាណ១០០០មេហ្គាវាត់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅទូទាំងខេត្ត និងចែកចាយបន្តទៅតាមបណ្តាខេត្តផ្សេងតាមរយៈអនុស្ថានីយ៍ និងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ និងខ្សែបណ្តាញបញ្ជូនអាកាសតង់ស្យុងខ្ពស់នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា បច្ចុប្បន្នខេត្តព្រះសីហនុ មានតម្រូវការប្រើប្រាស់អគ្គិសនីប្រមាណជាង ១០០មេហ្កាវ៉ាត់ តែខេត្តព្រះសីហនុ តែខេត្តផលិតផលថាមពលអគ្គិសនីបាន ១,០០០មេហ្កាវ៉ាត់។

លោកបន្តថា “ភ្លើងដែលនៅសល់ត្រូវបញ្ជូនតាមបណ្តាញខ្សែមេទៅខ្សែបណ្តាញខ្សែជាតិ ទោះបីការអភិវឌ្ឍផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ មានផលប៉ះពាល់ដល់អគ្គិសនី យើងបានរួមគ្នាដោះស្រាយប្រកបដោយតម្លាភាព និងទាន់ពេលវេលា “។

លោកបន្តថា “រាជរដ្ឋាភិបាលផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលសហការពីអគ្គិសនីកម្ពុជា ធ្វើឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន ។ រាជរដ្ឋាភិបាលបានកំណត់អាទិភាពក្នុងការអភិវឌ្ឍប្រទេសគឺកត្តាធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជាការឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍជំុរុញកំណើនសេដ្ឋកិច្ចជាតិ ម្យ៉ាងទៀតអគ្គិសនីក៍បានចូលរួមក្នុងការប្រកួតប្រជែងកំណើនសេដ្ឋកិច្ចស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ៩០ភាគរយ មានអគ្គិសនីប្រើប្រាស់។ ខេត្តព្រះសីហនុ មានមោទនភាពជាខេត្តផលិតអគ្គិសនីចែកចាយទៅបណ្ដាញមេរបស់អគ្គិសនីកម្ពុជា និងបញ្ជូនទៅកាន់បណ្តាខេត្តមួយចំនួន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានមានប្រសាសន៍ថា ការអភិវឌ្ឍអគ្គិសនីធ្វើឱ្យភ្លើងចុះថ្លៃនៅទូទាំងប្រទេស។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគារធំៗយ៉ាងគំហុកបរិមាណការប្រើប្រាស់អគ្គិសនីមានការកើនឡើង ចំណុចសំខាន់យើងត្រូវធ្វើការដោះស្រាយអគ្គិសនីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកវិនិយោគ ។

ជាមួយគ្នានេះ លោកក៏បានស្នើសុំឱ្យអាជ្ញាធរខេត្តជួយសម្របសម្រួលក្នុងការតបណ្តាញគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ ស្យុងខ្ពស់ ១១៥គីឡូវ៉ុល នឹង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះសីហនុ ដើម្បីធានាថាប្រជាជន និងក្រុមហ៊ុនវិនិយោគក្នុងខេត្តព្រះសីហនុ មានភ្លើងប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវកានៅពេលខាងមុខ ៕

សមាគម IATA ៖ ការដឹកជញ្ជួនវ៉ាក់សាំង COVID-19 នឹងត្រូវការយន្តហោះខ្នាតធំរហូតដល់ទៅ ៨០០០គ្រឿង

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ការដឹកជញ្ចូនវ៉ាក់សាំងជំងឺកូវីដ១៩ (COVID-19) ជុំវិញពិភពលោកនឹងក្លាយជាបញ្ហាប្រឈមនៃការដឹកជញ្ជូនធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមលើកឡើងរបស់សមាគមឧស្សាហកម្មអាកាសចរណ៍អន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសស្វីស។

សមាគមដឹកអ្នកដំណើរតាមអាកាសអន្តរជាតិ (IATA) បានឱ្យដឹងថា យន្ដហោះប៊ូអ៊ីញប្រភេទ 747s ចំនួន ៨០០០ គ្រឿងនឹងត្រូវការជាចាំបាច់។
បច្ចុប្បន្ន ទោះមិនទាន់មានវ៉ាក់សាំង Covid-19 នៅឡើយក្តី ប៉ុន្តែសមាគម IATA បាននិងកំពុងធ្វើការរួចហើយជាមួយក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន អង្គភាពសុខភាពពិភពលោក និងក្រុមហ៊ុនផលិតថ្នាំពេទ្យជាច្រើន ស្តីពីផែនការដឹកជញ្ជួនវ៉ាក់សាំងតាមហោះហើរជាសកល។
កម្មវិធីចែកចាយវ៉ាក់សាំងនេះត្រូវបានសន្មតថានឹងចែកចាយមួយដូសសំរាប់មនុស្សម្នាក់ប៉ុណ្ណោះ ដែលត្រូវការ។

លោក Alexandre de Juniac ប្រធានប្រតិបត្តិរបស់សមាគម IATA មានថ្លែងថា “ការផ្តល់វ៉ាក់សាំង Covid-19 ប្រកបដោយសុវត្ថិភាពនឹងក្លាយជាបេសកកម្មប្រចាំសតវត្សរ៍ សម្រាប់ឧស្សាហកម្មដឹកជញ្ជួនតាមផ្លូវអាកាសពិភពលោក។
ការដឹកជញ្ជួនវ៉ាក់សាំងកាន់តែមានភាពស្មុគស្មាញច្រើន ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍បានផ្លាស់ប្តូរពីការដឹកជញ្ជួនមនុស្សមកការរដឹកទំនិញ ដោយសារការធ្លាក់ចុះនៃអ្នកដំណើរ។

មិនមែនយន្តហោះទាំងអស់ ដែលសមស្របសម្រាប់ការដឹកជញ្ជួនវ៉ាក់សាំងទេ ព្រោះយន្តហោះត្រូវការកំរិតសីតុណ្ហភាពធម្មតាចន្លោះពី ២ ទៅ ៨ អង្សាសេសម្រាប់ដឹកជញ្ជូនវ៉ាក់សាំង។ វ៉ាក់សាំងខ្លះអាចត្រូវការសីតុណ្ហរហូតត្រជាក់កក ហើយយន្តហោះភាគច្រើនមិនមានសមត្ថភាព ដើម្បីឆ្លើយតបនឹងការដឹកជញ្ជួននេះទេ។

ប្រធានផ្នែកដឹកទំនិញនៃឧស្សាហកម្មនេះ លោក Glyn Hughes បានបន្ថែមថា “យើងដឹងពីដំណើរការនៃការដឹកជញ្ជួននេះយ៉ាងច្បាស់”។ អ្វីដែលយើងត្រូវធ្វើគឺបង្កើនទំហំដឹកជញ្ជួនទៅតាមទំហំដែលត្រូវការ”។
លោកបានបន្ថែមថា ការហោះហើរទៅកាន់តំបន់មួយចំនួននៃពិភពលោករួមទាំងតំបន់មួយចំនួននៃអាស៊ីអាគ្នេយ៍នឹងជាបញ្ហាសំខាន់ ព្រោះពួកគេខ្វះសមត្ថភាពផលិតវ៉ាក់សាំង៕ BBC

ជើងហោះហើរត្រង់ជប៉ុន-កម្ពុជាបន្តផ្អាករហូតដល់ថ្ងៃទី៣១ ខែតុលា និងរំពឹងចាប់ផ្តើមនៅដើមខែវិច្ឆិកា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា ដោយសារការរីករាលដាលជំងឺCovid-19 ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន  ALL NIPPON AIRWAYS (ANA) បានប្រកាសផ្អាកជើងហោះហើរណារីតាភ្នំពេញណារីតា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះបានឱ្យដឹងថា ដោយសារតែបញ្ហាដែលកើតមានឡើងក្រោមវិបត្តិនៃជំងឺ Covid-19 ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បានសម្រេចបន្តការពន្យាពេលហោះហើររបស់ខ្លួនមកកាន់កម្ពុជារហូតដល់ថ្ងៃទី៣១ខែតុលាហើយអាចនឹងចាប់ដំណើរការឡើងវិញនៅក្នុងដំណាក់កាលសមស្របនៅដើមខែវិច្ចិការឆ្នាំ២០២០ខាងមុខនេះ។

កាលពីពេលកន្លងទៅថ្មីៗនេះ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា គ្រោងចុះញ្ញាតិរួមគ្នា ដើម្បីស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុន បន្តប្រតិបត្តិការនៃជើងហោះហើរត្រង់មកកាន់កម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យទេសចរណ៍ វប្បធម៌ និងធុរកិច្ចរវាងប្រទេសកម្ពុជាជប៉ុន។ ជាមួយគ្នានេះ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវ និងសំណូមពរសុំការគាំទ្រ ពីសំណាក់សមាជិករបស់ខ្លួននៅកម្ពុជា ស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បន្តធ្វើការហោះហើរត្រង់រវាងភ្នំពេញណារីតាឡើងវិញ មុនពេលកំណត់ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានប្រកាសផ្អាកដំណើរការ។

ក្រុមហ៊ុន ANA បានប្រកាសកាត់បន្ថយទិសដៅហោះហើរ មួយចំនួនដែលមិនសូវទទួលបានផលចំណេញ និងគុណប្រយោជន៍ ដែលតម្រូវការមានការថយចុះយ៉ាងគំហុក ដោយសារការជះឥទ្ធិពលអវិជ្ជមាននៃជំងឺប្រភេទថ្មី COVID-19

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេធ្លាប់បានឱ្យដឹងថា ជប៉ុនមានបំណងចាប់ផ្តើមពិភាក្សាលើការបន្តអាជីវកម្មជើងហោះហើរ ជាមួយប្រទេសចំនួន១០បន្ថែមទៀត រួមមាន ចិនដីគោក កូរ៉េខាងត្បូង នតៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងម៉ុងហ្គោលីផងដែរ។

ប្រទេសជប៉ុន បានបើកកិច្ចពិភាក្សាស្រដៀងគ្នានេះរួចហើយ ជាមួយប្រទេសវៀតណាម ថៃ អូស្រ្តាលី និងនូវែលហ្សេឡង់ ហើយបានទទួលអ្នកដំណើរជាអ្នកជំនួញជនជាតិជប៉ុនប្រមាណ៤៤០នាក់នៅចុងខែមិថុនា។ ផែនការរបស់ទីក្រុងតូក្យូ សម្រាប់ការបើកឡើងវិញ នូវការធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេស ដែលមានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសជប៉ុន ហើយមានការគ្រប់គ្រងបានល្អ ចំពោះការរីករាលដាលនៃជំងឺ Covid-19

គម្រោងផ្លូវល្បឿនលឿននឹងជះឥទ្ធិពលវិជ្ជមានដល់ការវិស័យអចលនទ្រព្យនៅក្នុងក្រុងបាវិត

ដោយៈប៊ី

ភ្នំពេញៈ បន្ទាប់ពីលទ្ធផលនៃការសិក្សាបច្ចេកទេស នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះ អ្នកជំនាញអចលនទ្រព្យ និងប្រជាជនប្រជាជនលើកឡើងថា ផ្លូវល្បឿនលឿននេះធ្វើឱ្យទីក្រុងបាវិត មានការផ្លាស់ប្តូរមុខមាត់មួយកម្រិត ពិសេសវិស័យអចលនទ្រព្យ។

លោកសោម ម៉ាលីដា អ្នកជំនាញអចលនទ្រព្យមួយរូបនៅទីក្រុងបាវិតបានថ្លែងឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ហា ឆ្នាំ២០២០នេះថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត នឹងជះឥទ្ធិពលវិជ្ជមានដល់ការវិស័យអចលនទ្រព្យ។

លោកបានឡើងថា ពេលនៅដែលមានគម្រោងល្បឿនលឿន ប្រព័ន្ធដឹកជញ្ជួននឹងកាន់តែមានប្រសើរឡើង មិនត្រឹមត្រូវភ្នំពេញបាវិតទេ ប៉ុន្តែវាថែមទាំងតភ្ជាប់ជាមួយប្រទេសវៀតណាម។ លោកបន្ថែមថា “”វាជាកត្តាមួយក្នុងការទាក់ទាញវិនិយោគបន្ថែមដូចជា រោងចក្រ និងគម្រោងវិនិយោគផ្សេង ព្រោះបាតវិតជាតំបន់សេដ្ឋកិច្ចពិសេស តំបន់រោងចក្រ តំបន់ផែស្ងួត

លោកសោម កែវម៉ាលីដាបានថ្លែងថា នៅក្នុងវិស័យអចលនទ្រព្យ កាលពីតែមានការវិនិយោគច្រើន ធ្វើឱ្យវិស័យដីធ្លីនិងតម្រូវការកាន់តែកើនឡើង ហើយវាថែមទាំងបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនស្រុកទេ និងជនបរទេសក៏មកធ្វើការដែរ ដូច្នេះវាធ្វើឱ្យចរន្តនៃការចាយវាយ តម្រូវការកន្លែងស្នាក់នៅកើនឡើង ដែលជះឥទ្ធិពលដល់វិស័យអចលនទ្រព្យផងដែរ

លោកហួត សុផាត ប្រជាជនម្នាក់ដែលរស់ទីក្រុងបាវិត បានប្រាប់គេហទំព័រ Propertyarea.asiaថា បើសិនជាផ្លូវល្បឿនលឿនរវាងភ្នំពេញ និងបាវិតស្ថាបនានាពេលឆាប់ៗខាងមុខវាកាន់តែបង្កើនភាពរីកចម្រើនដល់ទីក្រុងបាវិត។

ជាមួយគ្នានេះដែរ លោកបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងបាវិតបាននិងកំពុងត្រូវបានស្ថាបនា ហើយរយៈ២ឬ៣ឆ្នាំខាងមុខ ទីក្រុងបាវិតនៅកាន់តែមានភាពទាក់ទាញបន្ថែម។

លោកបន្តថា បច្ចុប្បន្នបើទោះបីជាមានភាពស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែរយៈពេល ២ ឬ៣ឆ្នាំខាងមុខ ខ្ញុំសង្ឃឹមថា បាវិតនឹងត្រឡប់មករកប្រសើរឡើងវិញ ព្រោះហេដ្ឋរចនាស ម្ព័ន្ធ នឹងត្រូវបានរៀបចំកាន់ប្រសើរឡើង

កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០កន្លងមក លោកសូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើរបាយកាណ៍ស្តីពីលទ្ធផល នៃការសិក្សាបច្ចេកទេស នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលលើកឡើងដោយក្រុមហ៊ុនChina Railway International Group Co., Ltd ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំថ្នាក់បច្ចេកទេសនេះរៀបចំឡើង ក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន China Railway International Group Co., Ltd អំពីរបាយការណ៍ស្តីពីលទ្ធផលសិក្សាផ្នែកបច្ចេកទេសលើ គម្រោងហេដ្ឋរចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ក៏ដូចជាវេទិកាសួរដេញដោល ផ្ដល់មតិយោបល់ សំណូមពរ និងដំណោះស្រាយពីភាគីពាក់ព័ន្ធ សំដៅឱ្យរបាយការណ៍នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញថាគម្រោងសាងសង់ផ្លូវនេះមានបីជម្រើសផ្អែកតាមទីតាំងភូមិសាស្ត្រនិងផលប៉ះពាល់ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូម៉ែត្រក្នុងមួយម៉ោងស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជានិងវៀតណាម។

លោកបានឱ្យដឹងថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាល ត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ ជ្រុងជ្រោយលើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថា តើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេសក្រសួងរង់ចំាលទ្ធផល របាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។

លោកបានបន្តថា ការជ្រើសរើសយកជម្រើសណាមួយនោះ ត្រូវផ្ដោតជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់។

លោករដ្ឋលេខាធិការបានស្នើឱ្យភាគី និងស្ថាប័នពាក់ព័ន្ធ បន្តចូលរួមកិច្ចប្រជុំប្រចាំខែលើការពិនិត្យ វឌ្ឍនភាពគម្រោងនេះ ដើម្បីផ្ដល់កិច្ចសហការ និងជួយដោះស្រាយនូវបញ្ហាមួយចំនួនដែលក្រុមហ៊ុនមិន អាចដោះស្រាយបានសំដៅឱ្យគម្រោងនេះ មានដំណើរការរលូន៕

កូរ៉េកំពុងបន្តសិក្សាពីការសាងសង់ស្ពានតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅតំបន់ស្វាយជ្រុំ

ដោយគង់ សូរិយា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណៈការបានអះអាងថា បច្ចុប្បន្នអ្នកជំនាញកូរ៉េកំពុងសិក្សាលើលទ្ឋភាពសាងសង់ស្ពាន តភ្ជាប់រវាងតំបន់ជជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ ក្នុងស្រុកល្វាឯមហើយ។

លោកវ៉ាស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១០កញ្ញានេះថាបច្ចុប្បន្នអ្នកជំនាញការមកពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការនៃសាធារណៈរដ្ឋកូរ៉េ(KOICA) បាននិងកំពុងសិក្សាពីលទ្ឋភាពសាងសង់ស្ពាននេះហើយ ប៉ុន្តែលទ្ឋភាពសាងសង់នាពេលណា និងបញ្ចប់ការសិក្សានៅពេលណា កូរ៉េមិនទាន់បានដាក់របាយការណ៍ជូនក្រសួងនៅឡើយទេ។

លោកបន្តថាយើងមិនទាន់ដឹងថា ការសិក្សានឹងបញ្ចប់នៅពេលណាទេ ហើយនឹងចាប់ផ្តើមសាងសង់នៅពេលណានោះដែរ។លោកបន្តថា ស្ពាននេះអាចមានប្រវែងវែងជាងស្ពានជ្រោយចង្វារសព្វថ្ងៃ

លោកវ៉ាស៊ីមសូរិយាបានបន្តឲ្យដឹងទៀតថាតាមធម្មតាសិក្សាតែងតែធ្វើនៅទីតាំងពីរឬបីដើម្បីមានជម្រើសច្រើនក្នុងការស្ថាបនាហេតុនេះយើងមិនទាន់ដឹងច្បាស់ថាស្ពាននេះនឹងតភ្ជាប់ចេញពីតំបន់ណានៅឡើយទេ។

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានលើកសំណើរសុំជំនួយស្ពាននេះពីសមភាគីរបស់លោកគឺលោកប្រធានាធិបតីម៉ូនជេអ៊ីនប៉ុន្តែសំណើរខាងលើមិនទាន់សម្រេចបែបណាជាក់លាក់នៅឡើយទេ៕

រដ្ឋាភិបាលគ្រោងបើកច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ព្រៃវល្លិ៍ខណៈតំបន់សេដ្ឋកិច្ចថ្មីៗត្រៀមបង្កើតឡើង

ដោយៈ រ៉ាណេត

ស្វាយរៀងៈ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗ នឹងត្រូវបង្ហាញរូបរាងនៅតំបន់ច្រកទ្វារអន្តរជាតិព្រំដែនថ្មីកម្ពុជាវៀតណាមព្រៃវល្លិ៍បន្ទាប់ពីបើកឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងបង្កើនទំហំពាណិជ្ជកម្ម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹងជញ្ជូន បានមានប្រសាសន៍ នៅក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលច្រកទ្វារព្រំដែន កម្ពុជាវៀតណាមព្រៃវល្លិ៍នាព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០នេះថាតាមរយៈការបើកឱ្យដំណើរច្រកទ្វារអន្តរជាតិព្រំដែនមួយនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលប្រទេសទាំង២បានយ៉ាងល្អប្រសើរ។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះ អាគាររដ្ឋបាលនៃច្រកទ្វារព្រំដែនអន្តរជាតិ ដែលចំណាយថវិកាចំនួន៦លានដុល្លារ ក្រោមជំនួយកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី បានប្រើប្រាស់ជាបណ្តោះអាសន្នរួចហើយ នៅឡើយតែថ្ងៃសម្ពោធជាផ្លូវការរួមគ្នាជាមួយនឹងច្រកទ្វារព្រំដែនព្រៃវល្លិ៍ ដែលនឹងគោរពអញ្ជើញវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន កាត់ខ្សែបូរណ៍

ក្នុងពេលជាមួយគ្នានេះលោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានបញ្ជាក់ឱ្យដឹងផងដែរថាដោយសារតែនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតមានការកកស្ទះខ្លាំងលើការដឹកជញ្ជូនដូច្នេះទើបរដ្ឋាភិបាលបានសម្រេចបង្កើតច្រកទ្វារអន្តរជាតិថ្មីមួយនេះដើម្បីជួយលសម្រួលនិងបង្កភាពងាយស្រួល។ក្រោយការបើកដំណើរការច្រកទ្វារព្រំដែនមួយនេះនឹងមានវត្តមាននៃគម្រោងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះផងដែរដែលបម្រើការជាទីតាំងលើកដាក់ទំនិញផ្សេងៗហើយក៏អាចមានរោងចក្រសហគ្រាសនានាផងដែរ។

ការបើកច្រកព្រំដែនព្រៃវល្លិ៍ ដែលស្ថិតនៅខេត្តស្វាយរៀង មានព្រំប្រទល់ជាប់នឹងព្រំដែន Binh Hiep ខេត្ត Long An នៃប្រទេសវៀតណាម មួយនេះ សម្រាប់អនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងកាត់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាក៏នឹងសាងសង់បន្ថែមនូវចំណតរថយន្ត សម្រាប់រថយន្តដឹកជញ្ជូនទំនិញ ហើយតម្រូវឱ្យមន្ត្រីគយត្រូវបែងចែកវេនធ្វើការដោយគ្មានពេលសម្រាកថ្ងៃត្រង់ ដើម្បីអាចដំណើរការបែបបទយ៉ាងឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរទំនិញ៕

ក្រសួងកំពុងពិនិត្យលើការសម្រេចកាត់ឆ្វៀលដីជិត៣០០០ក្បាលដីជូនប្រជាពលរដ្ឋនៅភ្នំបូកគោ

ដោយ ៖ រ៉ាណេត

កំពត ៖ អនុលោមតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពតកំពុងពិនិត្យទៅលើវឌ្ឍនភាពពាក់ព័ន្ធទៅនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្សបូកគោសរុបជិត ៣០០០ក្បាលដី។

ផ្អែកតាមរបាយការណ៍មន្ទីរបរិស្ថានខេត្តកំពតបានបង្ហាញថា ប្រជាពលរដ្ឋបានដាក់ពាក្យកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែង ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្សបូកគោ ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារទទួលបានពាក្យស្នើសុំ នៅតាមទីតាំងចំនួន៣កន្លែង បានចំនួន២,៨៦០ក្បាលដី។

លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋក្នុងខេត្តកំពតកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះថា ពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋនោះ មិនមែនមានន័យថា ដីទាំងនោះត្រូវបានផ្ដល់ជូនជាដីកម្មសិទ្ធិរបស់ពួកគាត់នោះទេ មុននឹងផ្ដល់ជូនពួកគាត់ត្រូវមានការវាយតម្លៃ ពីគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្តថាត្រូវឆ្វៀល ឬមិនត្រូវឆ្វៀលជូនពួកគាត់ ហើយមូលដ្ឋាននៃការវាយតម្លៃ គឺពិនិត្យទៅលើការអាស្រ័យផល ជាក់ស្តែងមានដាំដំណាំ និងកំណត់ចំណោតកម្ពស់ធៀប និងនីវ៉ូទឹកសមុទ្រឱ្យបានច្បាស់លាស់។

ទាក់ទិនទៅនឹងកាលបរិច្ឆេទឈប់ទទួលពាក្យ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានស្នើសុំក្រុមការងារពន្យារពេល ព្រោះថាអាចនៅមានប្រជាពលរដ្ឋច្រើនទៀត នៅសេសសល់មិនទាន់បានដាក់ពាក្យនៅឡើយ។

លោកបញ្ជាក់ថា “ក្រសួងបរិស្ថានទទួលបន្ទុកពិនិត្យ និងឆ្វៀលដី ក្នុងក្របខ័ណ្ឌឧទ្យានជាតិព្រះមុនីវង្យបូកគោ នៅពេលដែលក្រុមការងារបានចុះសិក្សាកំណត់អត្តសញ្ញាណដីរួចរាល់ ដោយមានការយល់ព្រមពីលោកអភិបាលខេត្ត ក្រុមការងារថ្នាក់ជាតិ និងរៀបចំរបាយការណ៍ជូនលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីលើកយោបល់ជូនទៅសម្ដេចតេជោ ហ៊ុន សែន”។

លោក សូត យា ក៏បានស្នើសុំក្រុមការងារខេត្តរៀបចំក្រុមការងារតូចៗ ចុះពិនិត្យសិក្សាលើភូមិសាស្រ្ត ចំនួន៣ក្រុង និងស្រុក ហើយនឹងដាក់បញ្ចូលក្រុមការងារក្រសួង ចុះធ្វើការងារជាមួយនឹងក្រុមការងារនេះ ឱ្យបានឆាប់រហ័ស ដើម្បីស្រង់ទិន្នន័យទំហំក្បាលដី នៅទីតាំងជាក់ស្ដែង និងស្នើសុំលោកអភិបាលខេត្ត និងក្រុមការងារត្រៀមលក្ខណៈសម្របសម្រួល ជាមួយប្រជាពលរដ្ឋប្រសិន បើមានបញ្ហាប្រឈមកើតឡើង ក្នុងបេសកកម្ម ក្រុមការងារ នឹងស្នើសុំលោកអភិបាលខេត្ត បន្ថែមពេលវេលាទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋថែមទៀត៕

កម្ពុជា និងជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារនៅកម្ពុជា

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះហត្ថលេខាជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោង ធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា(ដំណាក់កាលទី២)។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងនៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២០។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា(ដំណាក់កាលទី២)ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង និងគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ និងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាការបើកច្រកទ្វារអន្តរជាតិថ្មីជាមួយប្រទេសជិតខាង គឺជាកម្លាំងចលករលើកកម្ពស់វិស័យភស្តុភារកម្មដែលអាចប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀង ដោយកម្ពុជាបានស្នើភាគីថៃដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ពោលគឺបើកឱ្យរថយន្តដឹកទំនិញ(កុងទីន័រ) ចេញចូលតាមច្រកស្ទឹងបត់ ចំណែកការបំពេញបែបបទឯកសារត្រូវធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកត្តាផ្សេងៗ ដែលចាំបាច់សម្រាប់ទ្រទ្រង់គម្រោងនេះ រួមមានបទដ្ឋានគតិយុត្តិ ប្រភពហិរញ្ញប្បទាន និងការចូលរួមពីវិស័យឯកជន ព្រមទាំងការបង្កើតនូវមជ្ឈមណ្ឌលទិន្នន័យភស្តុភារកម្ម ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាដើម្បីជួយសម្រួលដល់ដំណើរការឯកសារផងដែរ។

ជាមួយគ្នានេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុនបានបង្ហាញការគាំទ្រលើគម្រោងធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន ជាពិសេសការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិនានាជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ឧត្ដមប្រយោជន៍សេដ្ឋកិច្ចជាតិ៕

រដ្ឋាភិបាល​ម៉ាឡេស៊ី​វិនិយោគ​ទឹកប្រាក់ ១០ពាន់​លាន​ដុល្លារ​សាងសង់​ផ្លូវដែកប្រប​ឆ្នេរសមុទ្រ

ដោយ ហ្សូ​លី

កូ​ឡា​ឡាំ​ពួ​រៈ រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី នឹង​ចរចា​សារជាថ្មី​ជាមួយ​ភាគី​ចិន ពី​ការស្ថាបនា​បណ្តាញ​ផ្លូវដែក នៅ​មាត់សមុទ្រ​ភាគ​ខាងកើត​ប្រទេស ដែលមាន​តម្លៃ​វិនិយោគ​ប្រមាណ ១០ពាន់​លាន​ដុល្លារ។

រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយថា ខ្លួន​គ្រោង​នឹង​ត្រឡប់​ទៅ​ផ្លូវ​ដើម​វិញ សម្រាប់​ការចរចា​ផ្លូវដែក​តម្លៃ ១០.៦ពាន់​លាន​ដុល្លារ​របស់ខ្លួន ហើយនឹង​ពិភាក្សា​អំពី​ផលប៉ះពាល់​ថ្លៃដើម ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​គឺ​ក្រុមហ៊ុន​សំណង់​ចិន China Communications Construction Company (CCCC) ។

អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​បាន​ប្រាប់​សភា​ថា រដ្ឋាភិបាល នឹងធ្វើ​ការចរចា​ឡើងវិញ​ជាមួយ​រដ្ឋាភិបាល​ចិន និង​អ្នកម៉ៅការ​ដ៏​សំខាន់​នៃ​គម្រោង​នេះ ដើម្បី​បញ្ជាក់​ពី​ផលប៉ះពាល់​នៃ​ការចំណាយ​និង​កាលវិភាគ​នៃ​ការអនុវត្ត​គម្រោង។

លោក​បន្តថា “លទ្ធផល​នៃ​ការចរចា​នេះ នឹងត្រូវ​បង្ហាញ​ទៅ​រដ្ឋាភិបាល បន្ទាប់ពីនោះ​ការចរចា​គម្រោង​នេះ​បានបញ្ចប់។ ម៉ាឡេស៊ី​រំពឹងថា​ថ្លៃដើម នៃ​គម្រោង​អាច​នឹង​តិច​ឬ​ច្រើន​ដូចគ្នា​នឹង​ចំនួន​បច្ចុប្បន្ន” ។

ផែនការ​សាងសង់​បណ្តា​ញ​ផ្លូវដែក មាន​ប្រវែង៦៤០គីឡូម៉ែត្រ មិនមាន​កង្វះខាត​ការឯកភាព​គ្នា​ឡើងវិញ​ទេ។

កិច្ចព្រមព្រៀង​សាងសង់ បាន​ត្រូវបាន​ចុះហត្ថលេខា ជា​លើកដំបូង​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០១៦ ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ហើយ​ការងារ​សាងសង់​បានចាប់ផ្តើម​នៅ ខែសីហា ឆ្នាំ២០១៧ ។ នៅពេលនោះ​ការចំណាយ​ត្រូវ​បានដាក់​ចន្លោះ ១៣,១ ពាន់​លាន​ដុល្លារ​ទៅ ១៥,៩ ពាន់​លាន​ដុល្លារ។

បន្ទាប់មក​ដំណើរការ​សាងសង់ ត្រូវបាន​បញ្ឈប់​នៅ​ខែកក្កដា ឆ្នាំ ២០១៨ បន្ទាប់ពី​រដ្ឋាភិបាលរ​ប​ស់លោក Mahathir Mohamed បាន​ឡើងកាន់​អំណាច។  ដំបូង​ឡើយ​ប្រជាជន​ម៉ាឡេស៊ី​បាន​លើកឡើងថា កិច្ចព្រមព្រៀង​នេះ ត្រូវបាន​លុបចោល ប៉ុន្តែ​បន្ទាប់មក​ការ​ពិភាក្សាបាន​នាំឱ្យមាន​មធ្យោបាយ​ថ្មី និង​កាត់បន្ថយ​ថ្លៃដើម។

បណ្តាញ​ត​ភ្ជាប់​នេះ នឹង​ក្លាយជា​គម្រោង​មួយ ក្នុងចំណោម​គម្រោងសំខាន់ៗសម្រាប់​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់១ និង​ផ្លូវ១របស់​ប្រទេស​ចិន។  ការសាងសង់​អាច​នឹង​បញ្ចប់​តាម​ការគ្រោងទុក​នៅ​ឆ្នាំ ២០២៦ ៕

អាគារខ្ពស់ៗនៅ​ទូទាំង​រាជធានី​ភ្នំពេញ​មាន​កំណើន​ជិត ១៥០០អាគារ

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ គិត​មក​ត្រឹម​សប្ដាហ៍​ទី១ នៃ​ខែកញ្ញា ឆ្នាំ២០២០នេះ កំណើន​នៃ​ចំនួន​សំណង់​អាគារខ្ពស់ៗចាប់ពី៥ជាន់ឡើង ទៅ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ បាន​កើនឡើង​ជិត ១៥០០អគារ ខណៈដែល​កាលពី​ឆ្នាំ២០១៨ មាន​ត្រឹម​ជាង ១០០០អគារ​តែប៉ុណ្ណោះ។

យោងតាម​របាយការណ៍ ដែល​បង្ហាញ​ដោយ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹងថា គិត​ត្រឹម​ដើមខែ​កញ្ញា ឆ្នាំ២០២០នេះ កំណើន​នៃ​ចំនួន​អគារខ្ពស់ៗ ដែលមាន​កម្ពស់​ចាប់ពី៥ជាន់ឡើង ទៅ​មាន​កំណើន​រហូតដល់ ១៤៨៤អគារ នៅក្នុង ១៤ខណ្ឌ ទូទាំង​រាជធានី​ភ្នំពេញ ដោយ​ក្នុងនោះ​អគារ​ដែលមាន​កម្ពស់ ចាប់ពី ៥ជាន់​ដល់ ៩ជាន់ មាន​ចំនួន ៨១៥អគារ។

ដោយឡែក អគារ​ដែលមាន​កម្ពស់​ចាប់ពី១០ជាន់ ដល់១៩ជាន់​មាន​ចំនួន៤០៦អគារ ហើយ​អគារ​ដែលមាន​កម្ពស់​ចា​ប់​ពី២០ដល់ ២៩ជាន់ មាន​ចំនួន ១០៧អគារ។ អគារ​ដែលមាន​កម្ពស់​ចាប់ពី៣០ដល់ ៣៩ជាន់ មាន​ចំនួន៥៩អគារ និង​អគារ​ដែលមាន​កម្ពស់​ចា​ប់​ពី៤០ជាន់​ឡើងទៅ​មាន​ចំនួន៣៧អាគារ។

លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានបង្ហាញ​ពី​ភាព​មោទន​ចំពោះ​ភាព​រីកចម្រើន ដែល​បញ្ជាក់​ពី​សមិទ្ធផល​នៃ​អនុវត្តន៍​តាម​ប្លង់គោល នៅតាម​ខណ្ឌ​ទាំង ១៤ខណ្ឌ ប្រកបដោយ​ជោគជ័យ។

ដោយឡែក​ចំពោះ​ការបញ្ជាក់​ពី​ទូរលេខ នៃ​ចំនួន​អគារ​ដែលមាន​កម្ពស់​ខ្ពស់​ចាប់ពី ៥ជាន់​ទៅដល់៤០ជាន់ឡើង ដែលមាន​រហូត​ទៅដល់ ១៤៨៤ អគារ​ខាងលើនេះ លោក​ក៏បាន​បង្ហាញ​ពី​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅក្នុង​ចំណោម​អគារ​ចំនួន១៤៨៤ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​គេ​ដឹងផង​ដែរ​ថា មាន​អគារ​ខុន​ដូ ឬ​លំនៅដ្ឋាន​សហកម្មសិទ្ធិ​សរុប៦០គម្រោង និង​អគារ​អា​ផាត​ម៉ិ​ន​មាន​ជាង ៤០០អគារ។

លោក ឡៅ​ទិព្វ សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ធ្លាប់បាន​មានប្រសាសន៍ថា ស្ថានភាព​ទីផ្សារ​វិស័យ​សំណង់ គឺមាន​ភាពល្អប្រសើរ ពិសេស​ទីផ្សារ​ដីធ្លី វិស័យ​លំនៅដ្ឋាន និង​អគារ​ខ្ពស់។ វិស័យនេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ នៅ​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ និង​បាន​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ។

លោក​បញ្ជាក់ទៀតថា “វិស័យនេះ​បាននិងកំពុង​ផ្តល់​ការងារ និង​បទពិសោធន៍ ព្រមទាំង​ចូលរួម​បណ្តុះបណ្តាល​ការងារ​បច្ចេកទេស ដល់​អ្នកជំនាញ​នៅ​កម្ពុជា​បាន​មួយកម្រិត​ធំ” ។ លោក​បន្តថា “សំណង់​អគារខ្ពស់ៗនៅក្នុង​ភ្នំពេញ​សព្វថ្ងៃ បាន​ចូលរួមចំណែក​បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុ​ជា ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សកម្មភាព​ទិញ​លក់​នៅក្នុង​វិស័យ​អ​លន​ទ្រព្យ” ។

លោក​បន្តថា ជាពិសេស​ក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្ពុ​ជាមាន​អគារខ្ពស់ៗកើនឡើង​ច្រើន ដែល​បង្ហាញឱ្យឃើញ​ពី​ជំនឿ​ទុកចិត្ត ចំពោះ​រាជរដ្ឋាភិបាល​ក្រមការ​ដឹកនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី៕