អាល្លឺម៉ង់​នឹងធ្វើ​ការ​ជាមួយ​កម្ពុជា​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ប្រកបដោយ​វិបុលភាព

ដោយៈ​ប៊ី

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​និង​អាល្លឺម៉ង់ បាន​ឯកភាព​ផ្តោត​ចម្បង លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព ដោយ​ប្តូរ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​បែប​លក្ខណៈ​គ្រួសារ។ នេះ​បើ​យោងតាម​ការលើកឡើង របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ។

ការសម្រេច​បែបនេះ បានធ្វើ​ឡើង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​កម្រិត​វិស័យ រវាង​រាជរ ដ្ឋា​ភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ស្តីពី ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន ដែលមាន​ការចូលរួម​ពី លោក​ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) និង​លោក Sascha Reebs លេខា​ទី១ ទទួលបន្ទុក​ផ្នែក​កិច្ចសហប្រតិបត្តិកា រ​នៃ​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា គោលដៅ​ចម្បង​នៃ​កិច្ច​ពិគ្រោះ​យោបល់​នា​ថ្ងៃនេះ គឺ​ដើម្បី​ពិនិត្យ វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​កម្ពុជា -អាល្លឺម៉ង់ ក្នុង​វិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មូលដ្ឋាន​នា​ឆ្នាំកន្លងមក ព្រមទាំង​កំណត់​ទិសដៅ និង​អាទិភាព​សម្រាប់​ពេលអនាគត ដើម្បី​ឆ្ពោះទៅ​សម្រេចបាន​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​នៅ​កម្ពុជា។

ជាមួយគ្នានេះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា និង​កំណត់​ទិសដៅ និង​អាទិភាព​សម្រាប់​កម្មវិធី​ស្តីពី​ការលើក កម្ពស់​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​នៅ​កម្ពុជា។ ជា​លទ្ធផល ភាគី​ទាំង​បាន​ឯកភាព ដោយ​ផ្តោត​ចម្បង​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព ដោយ​ប្តូរ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន បែប​លក្ខណៈ​គ្រួសារ ដែល ផ្តោតលើ​តែ​វិស័យ​កសិកម្ម ទៅជា​ការធ្វើ​ពិពិធ​កម្ម និង​ទំនើបកម្ម​សេដ្ឋកិច្ច ដែល​ផ្តោត​ការគាំទ្រ​ដល់​សហគ្រាស​ធុន តូច និង​មធ្យម​នៅ​កម្ពុជា ក្នុង​វិស័យ​ឧស្សាហកម្ម ក​សិ-ឧស្សាហកម្ម ការកែច្នៃ​ចំណីអាហារ និង​ការបណ្តុះបណ្តាល បច្ចេកទេស ដោយ​បញ្ចូល​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​នវានុវត្តន៍ ព្រមទាំង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ពី​វិស័យ​ឯកជន។

ភាគី​អាល្លឺម៉ង់​បានផ្តល់​បរិ​ញ្ញ​ប្ប​ទាន ឥត​សំណង​ចំនួន៨លាន​អឺរ៉ូ ដល់​កម្មវិធី​នេះ​សម្រាប់ រយៈពេល៣ឆ្នាំ (២០២០-២០២២) ដែល​គ្រោង​នឹង​អនុវត្ត​នៅក្នុង​រាជធានី -ខេត្ត​គោលដៅ​ចំនួន ៥រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ និង​រាជធានី​ភ្នំពេញ ។

ជាមួយគ្នានេះ​កម្ពុជា និង​អាល្លឺម៉ង់ កិច្ច​ពិគ្រោះ​យោបល់​កម្រិត​នយោបាយ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បី​ពិនិត្យ​ជារួម​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​គ្រប់​វិស័យ និង​ទិដ្ឋភាព​នានា នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៏​កម្ពុជា-អាល្លឺម៉ង់​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត ក៏ដូចជា ពិនិត្យ​លើ​សំណើ​គម្រោង​ថ្មី និង​គម្រោង​អនុវត្ត​បន្ត​ក្នុង​បណ្តា​ឆ្នាំ​ខាងមុខ សម្រាប់​ភាគី​អាល្លឺម៉ង់​ពិចារណា​បន្ត​ផ្តល់​ការគាំទ្រ​ក្នុង​ឆ្នាំ២០២១ខាងមុខ៕

ការសាងសង់​សំណង់​នានា​នៅក្នុង​ក្រុងព្រះសីហនុ​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ

ដោយ វុត្ថា

ព្រះសីហនុៈ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​អះអាងថា ការសាងសង់​សំណង់ នៅក្នុង​ក្រុងព្រះសីហនុ រហូតមកដល់​ពេលនេះ មាន​សកម្មភាព​តិចតួច បើទោះបី​មាន​លំហូរ​នៃ​វិនិយោគិន​ចិន​មួយចំនួន ចូលមក​កាន់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ក្នុងរយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​យ៉ាងណាក្តី។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​លោក​ឃាង ភា​រម្យ​បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី 0៩ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ-១៩ គឺជា​វិបត្តិ​សកល ដែល​ធ្វើឱ្យប៉ះពាល់​សេដ្ឋកិច្ច​នូវ​ទូទាំង​ពិភពលោក  ហើយ​បើ​និយាយ​ដោយឡែក​សម្រាប់​កម្ពុជា ជាពិសេស​នៅក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក្នុងនោះ​វិស័យ​សំណង់ ក៏​ទទួលរង​ផលប៉ះពាល់​ក៏​ទទួលរង​ផលប៉ះពាល់​ផងដែរ។

លោក​បន្តថា “បើ​ក្រ​ឡេង​មើល​វិស័យ​សំណង់ សកម្មភាព​នៃ​ការសាងសង់​រយៈពេល​ចុងក្រោយ​នេះ គឺមាន​សកម្មភាព​បន្តិចបន្តួច​ប៉ុណ្ណោះ មិន​ដូច​កាលពី​មិនទាន់មាន​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ-១៩ នោះទេ” ។ លោក​បន្ថែមថា “សម្រាប់​សកម្មភាព​សាងសង់​សំណង់​នៅក្នុង​អំឡុង​ពេលនេះ ភាគច្រើន​គឺជា​អ្នក​នៅក្នុង​ស្រុក អ្នកវិនិយោគទុន​ក្នុង​ឬ​ម្ចាស់​សំណង់​នៅក្នុង​ស្រុក” ។

ដោយឡែក​សម្រាប់​សំណង់​ដែល​វិនិយោគ​ពី​ក្រៅ​ស្រុក ក៏មាន​សកម្មភាព​តិចតួច​ផងដែរ​ពោល​មិន​ច្រើន​នោះទេ បើទោះបី​មាន​លំហូរ​ជនជាតិ​ចិនខ្លះៗយ៉ាង​ក្តី។

ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បានឱ្យដឹង​ដែរ​ថា តាម​ស្ថានភាព​ជាក់ស្តែង​រហូតដល់​ពេលនេះ ការសាងសង់​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ ហាក់​មាន​សកម្មភាព​តិច​តួ​ត​នៅឡើយ ទាំង​ការជួល ឬ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក៏មាន​សកម្មភាព​តិចតួច​ផងដែរ។

លោក​បន្តថា “សកម្មភាព​នៃ​ការសាងសង់​សំណង់ នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាមទា​រយៈពេល​យូ​បន្ថែមទៀត  ទើប​មាន​សកម្មភាព​ផុលផុស​ដូច​កាលពី​លើក​មុន ទោះបី​មាន​ចរន្ត​នៃ​ការហូរចូល​របស់​ជន​ជាតិចិន មកា​ន់​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវការ​ពេលវេលា​យូ​ថែមទៀត” ។

វិស័យ​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ មាន​សន្ទុះ​រីកចំរើន​គួរឱ្យកត់សម្គាល់ ដោយមាន​ការចូលរួម​វិនិយោគ​ពី​វិនិយោគិន​ចិន និង​នៅក្នុង​ស្រុក ដែល​ជំរុញ​ឱ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ មានការ​ទទួលស្គាល់​ទាំង​តំបន់ និង​ពិភព​លោ ខណៈដែល​រាជរដ្ឋាភិបាល​បានប្រែក្លាយ​ខេត្ត​នេះ ទៅជា​ខេត្ត​សេដ្ឋកិច្ច​ពហុ​បំណង៕

ចំណេះដឹង! តើ​អ្វី​ជា​លក្ខខណ្ឌ​នៃ​ការរំលាយ​កិច្ចសន្យា?

ដោយៈ​វុត្ថា

ភ្នំពេញៈ ការរំលាយ​កិច្ចសន្យា ត្រូវធ្វើឡើង​ដោយ​មូលហេតុ មិន​អនុវត្តន៍​កាតព្វកិច្ច និង​ការរំលាយ​ដោយ​ការបំពាន​កិច្ចសន្យា​យ៉ាងធ្ងន់ធ្ងរ។

លក្ខខណ្ឌៈ ក្នុងករណី​ដែល​លក្ខខណ្ឌ​រំលាយ​កាតព្វកិច្ច ឬ​សិទ្ធិ​ដែល​កើតឡើង​ដោយ​កិច្ចសន្យា ឬ​សកម្មភាព​ឯកតោភាគី អានុភាព​នៃ​កាតព្វកិច្ច ឬ​សិទ្ធិ​នោះ​ត្រូវ​រលត់​នៅពេល​លក្ខខណ្ឌ​រំលាយ​នោះ​ត្រូវបាន​បំពេញ។

ប្រសិនបើ​ភាគី​ដែល​នឹង​ទទួល​ការ​ខូចប្រយោជន៍ ដោយសារ​លក្ខខណ្ឌ​ត្រូវបាន​បំពេញ​ហើយ​ភាគី​នោះ បាន​រារាំង​មិន​ឲ្យ​លក្ខខណ្ឌ​នោះ ត្រូវបាន​បំពេញ​ដោយ​ចេតនា ភាគី​ម្ខាង​ទៀត អាច​ចាត់ទុកថា​លក្ខខណ្ឌ​នោះ​ត្រុ​វ​បាន​បំពេញ​រួចហើយ។

ការកំណត់​ពេលៈ ករណី​មានការ​កំណត់ពេល​អានុភាព នៃ​កិច្ចសន្យា​មិនត្រូវ​កើតឡើង​ឡើយ​លុះត្រាតែ​ពេល​កំណត់​នោះមក​ដល់។

អំឡុងពេលៈ ប្រសិនបើ​ជាការ​គណនា​អំឡុងពេល ត្រូវ​គិត​ជា​ម៉ោង នាទី ឬ​វិនាទី គឺ​គិត​គណនា​ពី​ពេល​ចាប់ផ្តើម រហូតដល់​ចប់។ ប្រសិនបើ​កំណត់​ជា​ថ្ងៃ សប្តាហ៍ ខែ ឬ​ឆ្នាំ​វិញ មិនត្រូវ​គិត​ប​ញ្ជូ​ល​ថ្ងៃ​ដែល​ចាប់ផ្តើម​នោះទេ លើកលែងតែ​អំឡុង​ពេលនោះ​ចាប់ផ្តើម​ពី​ម៉ោង​សូន្យ​ទៅ។

ចំណែក​ថ្ងៃ​បញ្ចប់​ពេញលេញ​វិញ គឺ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​អំឡុង​ពេលនោះ តែបើ​ចំ​ថ្ងៃអាទិត្យ ឬ​ថ្ងៃបុណ្យ​សំរាក ពេល​ផុត​ត្រូវ​លើក​ទៅ​ថ្ងៃ​បន្ទាប់៕

វេទិការពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោកចាប់ផ្តើមអនុវត្តនៅកម្ពុជានៅពេលខាងមុខនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កម្ពុជាបានស្វាគមន៍គម្រោងឌីជីថលទាក់ទងនឹងវិស័យពាណិជ្ជកម្ម ដើម្បីសម្រេចបានគោលដៅក្នុងការបង្កើតសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខនេះ ក្រោមការចូលរួមសហការយ៉ាងស៊ីជម្រៅពីវិស័យឯកជន។

ជាមួយនឹងគម្រោងអនុវត្តឌីជីថលពាណិជ្ជកម្មមួយនេះ ក្រុមការងារនៃក្រុមហ៊ុន EZECOM ដែលជាបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់គ្រុប នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានធ្វើបទបង្ហាញស្តីពី គម្រោងតំបន់ពាណិជ្ជកម្មសេរីឌីជីថល (Digital Free Trade Zone – DFTZ) ដែលជាគម្រោងកិច្ចសម្រួលពាណិជ្ជកម្មមួយ អាចជួយគ្រប់គ្រង ផ្ទុកទុក និងវិភាគទិន្នន័យដែលគ្មានក្រដាសស្នាមប្រកបដោយសុក្រឹតភាពខ្ពស់។

ការធ្វើបទបង្ហាញនេះបានបញ្ជាក់ពីភាពប្រាកដប្រជា និងការចំណាយតិច សម្រាប់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ គម្រោងនេះក៏នឹងផ្តល់ផលប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេចបានគោលដៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បានស្វាគមន៍ចំពោះគម្រោងដ៏មានសារៈប្រយោជន៍នេះ តែតម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាមុនសិន។

ជាមួយគ្នានេះ លោកក៏បានរំលេចពីដំណើរការរបស់កម្ពុជាក្នុងការឈានទៅសម្រេចបានសេដ្ឋកិច្ចបែបឌីជីថល តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសម្រួលពាណិជ្ជកម្មដោយគ្មានក្រដាសស្នាមឆ្លងកាត់ព្រំដែននៅអាស៊ីនិងប៉ាស៊ីហ្វិក កាលឆ្នាំ២០១៧ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន កាលពីឆ្នាំ២០១៩ ព្រមទាំងការដាក់ឱ្យដំណើរការគម្រោងបញ្ជរតែមួយជាតិកម្ពុជា អនុលោមតាមផែនការបញ្ជរតែមួយអាស៊ាន៕

អ្នកជំនាញ ៖ កម្ពុជានៅតែចាត់ទុកជប៉ុនជាដៃគូវអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់ក្នុងបរិបទវិបត្តិសេដ្ឋកិច្ចសកល

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ស្របពេលដែលមានការផ្ទុះឡើងនូវជំងឺ Covid-19 ហើយជំរុញឱ្យមានវិបត្តិជាសេដ្ឋកិច្ចសាកល ដែលក្នុងកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ផងដែរនោះ បានចាត់ទុកប្រទេសជប៉ុនក្នុងចំណោមប្រទេសផ្សេងទៀត ជាដៃគូយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ខាន់ ទាំងការវិយោគ និងពាណិជ្ជកម្ម។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា យុទ្ធសាស្ត្ររបស់ប្រទេសជប៉ុន គឺកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសនៅក្នុងតំបន់ទន្លេគង្គ មានទាំងកម្ពុជាផងដែរនោះ គឺធ្វើយ៉ាងណាជំរុញសេដ្ឋកិច្ច និងការដឹកជញ្ជូន។

លោកបន្តថា ទំហំពាណិជ្ជកម្មជប៉ុននៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាលំដាប់ បើទោះបីមានផលប៉ះពាល់ខ្លះបង្កឡើងដោយជំងឺ Covid-19 យ៉ាងណាក្តី ។ លោកបន្តថា សម្រាប់យុទ្ធសាស្ត្រពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា គឺមិនរាថយនោះទេ ដោយសារភាគីទាំងពីរបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរួមគ្នា។

លោកបញ្ជាក់ទៀតថា ការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនចូលមកកាន់កម្ពុជា ដោយសារប្រទេសកម្ពុជា ជារដ្ឋមួយដែលបានទទួលនូវការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និង គម្រោងGSP របស់អាមេរិកសម្រាប់ការនាំទំនិញទៅដោយមិនគិតពន្ធជាដើម ហើយខាងមុខនេះ កម្ពុជានឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនបន្ថែមទៀត។

លោកបន្ថែមទៀតថា ប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់របស់កម្ពុជាដែលមិនរួញរាក្នុងការបណ្តាក់ទុនវិនិយោគ ខណៈដែលកម្ពុជាគឺមានទីផ្សារធំទូលាយ និងស្ថិតនៅក្នុងសមាជិកអាស៊ានដែលមានប្រជាជនជាង ៦០០លាននាក់។ នៅពេលខាងមុខនេះ កម្ពុជានឹងបើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុនផងដែរបន្ទាប់ពីបានប្រកាសចរចារួចហើយជាមួយប្រទេសកូរ៉េ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងដែរថា នៅក្នុងវិបត្តិសេដ្ឋកិច្ចសកលនេះ បានធ្វើឱ្យសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនានាជួបបញ្ហាប្រឈម។ ជាមួយគ្នានេះ កម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ តែសម្រាប់កំណើនសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនក្នុងរយៈពេលនេះនៅតែមានភាពល្អប្រសើរ តែមិនខ្លាំងនោះទេ ។

លោកបន្តថា ផលិតកម្មនានានឹងកាន់តែងើបឡើងកាន់តែខ្លាំងឡើងថែមទៀត បន្ទាប់ពីមានការទប់ស្កាត់ និងគ្រប់គ្រងបាននូវជំងឺ Covid-19 ជាពិសេសក្រោយការដាក់ឱ្យដំណើរការឡើងវិញនូវជើងហោះហើរ រួមជាមួយការបើកច្រកសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានការរីកចម្រើនក្រោមកំណើននៃចំនួនវិនិយោគ និងពាណិជ្ជកម្ម។

នៅក្នុងឆ្នាំ២០១៩ កម្ពុជា- ជប៉ុនមានទំហំពាណិជ្ជកម្មប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារហើយជប៉ុននាំចូលមកកម្ពុជាវិញ០,៨ ពាន់លានដុល្លារ ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះ រយៈពេល៩ខែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ៕

រដ្ឋាភិបាល បានបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីពន្លឿនគម្រោងកែលម្អផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប

ដោយ៖ ប៊ី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ចំនួន៣៨ខ្សែ ក្រោមកញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ១៥០លានដុល្លារអាមេរិក នៅក្រុងសៀមរាប ខេត្តសៀមរាប។

សេចក្ដីសម្រេចនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ។ សម្ដេចតេជោ ហ៊ុន សែន បានប្រគល់តួនាទីជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ ជាប្រធាន អមដោយអនុប្រធានម្នាក់ អនុប្រធានអចិន្ដ្រៃយ៍ម្នាក់ និងសមាជិក១៥រូប។

សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ និងកែលម្អផ្លូវចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការសម្រេចសាងសង់ផ្លូវទាំង៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះ មិនត្រឹមតែជាការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលជួបវិបត្តិកូវីដ១៩នេះផងដែរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន៣៨ខ្សែ នៅទីរួមខេត្តសៀមរាបនេះផងដែរ ជាមួយស្ថាប័នពាក់ព័ន្ធ៕

បណ្តុំលំនៅដ្ឋានសម្រុកបោះទីតាំងក្នុងតំបន់លេចធ្លោចំនួន ២ នៅកៀកក្រុងភ្នំពេញ

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យលំនៅដ្ឋានចាប់ផ្តើមរីកដុះដាលស្ទើរមិនគួរឱ្យជឿ ខណៈកំណើនប្រជាសាស្រ្តក្នុងប្រទេសកម្ពុជាមានសន្ទុះយ៉ាងខ្លាំង។ កត្តានេះបានជម្រុញឱ្យតម្រូវការលំនៅដ្ឋានកើនឡើង ទើបបណ្តាលឱ្យអ្នកអភិវឌ្ឍកាន់តែសម្រុកទៅវិនិយោគលើវិស័យលំនៅដ្ឋាននៅកៀកក្រុងភ្នំពេញ ដើម្បីផ្គត់ផ្គង់តម្រូវការទាន់ពេលវេលា។

ជាក់ស្តែង នៅកៀកក្រុងភ្នំពេញបច្ចុប្បន្នមានបណ្តុំលំនៅដ្ឋានជាច្រើនកំពុងបោះទីតាំងវិនិយោគនៅក្នុងតំបន់ចំនួន ២ ដែលសកម្មក្នុងការសាងសង់ និងមានភាពលេចធ្លោក្នុងការអភិវឌ្ឍ។

តំបន់ព្រែកព្នៅ
ជាមួយការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ តាមផែនការរបស់រដ្ឋាភិបាលកម្ពុជា ទើបនាំឱ្យក្រុមហ៊ុនអភិវឌ្ឍជាច្រើនសម្រេចចិត្តវិនិយោគលើវិស័យលំនៅដ្ឋានក្នុងតំបន់ព្រែកព្នៅ។

អ្នកជំនាញអចលនទ្រព្យក្នុងស្រុកធ្លាប់បានលើកឡើងថា តំបន់ព្រែកព្នៅនេះនឹងលែងក្លាយជាតំបន់ជាយក្រុងទៀតហើយនាពេលអនាគត ព្រោះមានគម្រោងអភិវឌ្ឍអចលនទ្រព្យ និងពាណិជ្ជកម្មមួយចំនួនន នាំគ្នាមកវិនិយោគបន្ថែមទៀត។

លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យ បានរៀបរាប់ថា ថ្ងៃអនាគតតំបន់នេះនឹងមានការវិនិយោគទៅលើបណ្តុំលំនៅដ្ឋានបែបប្រណិត និងមានតម្លៃថ្លៃហើយ ដោយសារការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់ព្រែកព្នៅនេះ។

តំបន់ផ្លូវក្រវ៉ាត់ក្រុងទី ២
ផ្លូវក្រវ៉ាតក្រុងទី ២ ចុះពីស្ពានព្រែកសំរោងបុករហូតទៅដល់ផ្លូវជាតិលេខ ១ ក្នុងខណ្ឌច្បារអំពៅ ត្រូវបានអ្នកជំនាញពន្យល់ថា អ្នកអភិវឌ្ឍលើវិស័យលំនៅដ្ឋានច្រើនតែអភិវឌ្ឍជាលក្ខណៈបណ្តុំជាងបុរីធំៗ និងសំណង់លំនៅដ្ឋានដាច់ដោយឡែក។ រីឯហាងឆេងវិញទៀតសោត បើសិនជាលំនៅដ្ឋាននៅជាប់មាត់ផ្លូវធំវិញ អាចលក់បានចាប់ពី ១០ម៉ឺន ឡើងទៅ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Apprasial បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia ថា លំនៅដ្ឋាននៅតែជាឱកាសល្អក្នុងការវិនិយោគ មិនថានៅក្នុងឆ្នាំ ២០២០នេះ ឬនៅពេលអនាគតរយៈពេល ៥ ឆ្នាំទៅមុខទៀត៕

ខេត្តកំពតដាក់ផែនការអភិវឌ្ឍន៍ និងបង្កើនកំណើនទេសចរឱ្យបាន ២,៥លាននាក់។

ដោយ ៖ រ៉ាណេត

កំពត ៖ អនុលោមតាមគម្រោង និងផែនការរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តកំពតឱ្យទៅតំបន់ទេសចរណ៍ប្រណីតបែបធម្មជាតិ ដែលអាចប្រកួតប្រជែងទីផ្សារទេសចរណ៍លំដាប់អន្តរជាតិ រដ្ឋបាលខេត្តកំពតបានចាប់ផ្តើមធ្វើការផ្សព្វផ្សាយយ៉ាងទូលាយពីផែនការសម្រាប់អនុវត្ត ដើម្បីអភិវឌ្ឍន៍ និងបង្កើនកំណើនទេសចរឱ្យ ២,៥លាននាក់នៅត្រឹមឆ្នាំ២០២៣។

អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍ថានៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតឱកាសមុខរបរ បង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

លោកបានបន្តទៀតថា ផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំ២០១៩-២០២៣នេះ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់ សម្រាប់អនាគតនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពត ដោយផ្តោតជាសំខាន់ទៅលើទិសដៅយុទ្ធសាស្ត្ររួមមាន ការអភិវឌ្ឍន៍ផលិតផលទេចរណ៍ ការសិក្សាទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍សម្បទាទ្រទ្រង់ទេសចរណ៍ ការអភិរក្សធនធានវប្បធម៌ និងធម្មជាតិ ការអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងផលប៉ះពាល់ជាអវិជ្ជមាននៃវិស័យទេសចរណ៍។

តាមរយៈផែនការអភិវឌ្ឍន៍នេះ ក៏បានចង្អុលបង្ហាញពីការសិក្សាបញ្ហាប្រឈម ហានិភ័យ ចំណុចខ្លាំង កាលានុវត្តន៍ភាព និងការដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព យន្តការដើម្បីអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ។

សម្រាប់ផែនការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ខាងលើនេះ រដ្ឋបាលខេត្តបានប្ដេជ្ញាជំរុញ និងបង្កើនភាពទាក់ទាញនៃខេត្តដែលអាចធ្វើឱ្យមានកំណើនភ្ញៀវទេសចររហូតដល់ចំនួន ២៥០០០០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៣០០,០០០នាក់ នៅឆ្នាំ២០២៣។ ដើម្បីឱ្យសម្រេចបាននូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដូចបានកំណត់ខាងលើនេះ គ្រប់ភាគីពាក់ព័ន្ធ រួមមានមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ចូលរួមអនុវត្តនូវសកម្មភាពនានាដែលជាសមត្ថកិច្ចរបស់ខ្លួន ហើយមានចែងនៅក្នុងផែនការអភិវឌ្ឍន៍នេះជាសកម្មភាពអាទិភាព ដោយដាក់បញ្ជូលបន្ស៊ីគ្នាទៅនឹងផែនការសកម្មភាពប្រចាំឆ្នាំ ផែនការបីឆ្នាំរំកិលរបស់ខ្លួន ជាពិសេសការគ្រប់គ្រងអនាម័យអោយបានល្អរប្រសើរ៕

ក្រសួងការងារ ជំរុញឱ្យមានការបង្កើនសុវត្ថិភាពការងារក្នុងការដ្ឋានសំណង់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យមានការយកចិត្តទុកដាក់ទៅលើការបង្កើនសុវត្ថិភាពការងារនៅក្នុងការដ្ឋានសំណង់នានានៅទូទាំងប្រទេស ដើម្បីបញ្ចៀសហានិភ័យដែលអាចកើតមានជាយថាហេតុ។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ៊ុយ ហានសុង នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្ដីពីការការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច (WISCON) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចពង្រឹងលទ្ធភាពក្នុងការតាមដានទៅលើសុវត្ថិភាពការងារនៅក្នុងការដ្ឋានសំណង់ ជាពិសេសបញ្ហាសុខភាពរបស់កម្មករសំណង់។

ពាក់ព័ន្ធទៅនឹងការបង្កើនសុវត្ថិភាពការងារនៅក្នុងការដ្ឋានសំណង់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយគម្រោងលើកកម្ពស់ស្តងដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) នៃមូលនិធិរាជរដ្ឋាភិបាលជប៉ុន បើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច (WISCON) និងចំណេះដឹងជាមូលដ្ឋាន សារធាតុអាបេសស្តុស មានរយៈពេល២ថ្ងៃ។

ជាមួយគ្នានេះ លោក ហ៊ុយ ហានសុង បានស្នើដល់មន្ត្រីទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងារស្តីពីសុខភាព និងសុវត្ថិភាពការងារក្នុងការដ្ឋានសំណង់ និងយកចំណេះដឹងទាំងនេះ ទៅប្រើប្រាស់ក្នុងការចុះអធិការកិច្ចតាមការដ្ឋានសំណង់ និង ធ្វើការផ្សព្វផ្សាយបន្តទៅដល់បងប្អូនកម្មករនិយោជិតដែលបំរើការងារក្នុងវិស័យសំណង់ ដែលស្ថិតក្នុងដែនអនុវត្តរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន៕

អ្នកអភិវឌ្ឍន៍និយាយពីផលលំបាក និងភាគចំណេញពីការវិនិយោគក្នុងវិស័យលំនៅដ្ឋាន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត់ត្រូវបានអ្នកវិភាគអះអាងបញ្ជាក់ថាតម្រូវការនៅតែមានខ្ពស់ ខណៈដែលចំនួនប្រជាជនកម្ពជាមានកំណើនរហូតជាង១៥លាននាក់ ហើយចំនួនលំនៅដ្ឋានមានត្រឹមជាង១ខ្នងតែប៉ុណ្ណោះ។

អ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានមានប្រសាសន៍នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ការវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់ដាក់លក់នៅលើទីផ្សារវាមិនមែនជាការងាយស្រួលពេកនោះទេ ដែលអ្នកអភិវឌ្ឍន៍ចាំចាប់មានផែនការមេនៃគម្រោងអភិវឌ្ឍន៍ក្នុងរយៈពេលវែងបន្ថែមពីលើដើមទុនដែលខ្លួនមាន។

លោកបានបញ្ជាក់ថា “មិនមែនមានលុយសុទ្ធតែអាចវិនិយោគ និងអភិវឌ្ឍន៍ ហើយអាចទទួលបានចំណេញនោះទេ។ ខ្ញុំលើកឧទាហរណ៍ថា ប្រសិនបើអ្នកមានលុយទៅទិញដីមកសាងសង់លំនៅដ្ឋានលក់ដោយគ្មានផែនការច្បាស់លាស់ ភាពបរាជ័យគឺមានខ្ពស់បំផុត។ បើអ្នកសាងសង់លំនៅដ្ឋានសម្រាប់ដាក់លក់ក្នុងកម្រិតសមរម្យ ឬតម្លៃក្រោម៧ម៉ឺនដុល្លារដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ តម្លៃដីដែលអាចទិញសម្រាប់សាងសង់គឺត្រូវតែស្ថិតក្រោម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើតម្លៃដីលើសពីនេះឱកាសនៃការទទួលបានចំណេញគឺមានតិចតួចបំផុត ឬអាចខាតបង់ក៏ថាបាន”។

លោក ម៉ាន់ ច័ន្ទឌី បានបញ្ជាក់ថា “ជាធម្មតា គិតជាមធ្យមក្នុងរង្វង់ដីទំហំ១ហិកតា អត្រាដែលអាចសាងសង់លំនៅដ្ឋានគឺត្រូវបានធ្វើឡើងនៅលើទំហំប្រមាណ៧០ភាគរយតែប៉ុណ្ណោះ ដោយសារកាត់ទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ។ ដោយឡែកការចំណាយទៅលើថ្លៃដើមនៃសំណង់ក៏មានអត្រាខ្ពស់ផងដែរ ដែលគិតជាមធ្យមសំណង់មួយម៉ែត្រការ៉េមានតម្លៃក្នុងចន្លោះជាង ២០០ ទៅ ៣០០ដុល្លារ ក្នុងមួយម៉ែត្រ ហើយបូកបន្ថែមនៃតម្លៃដី គឺថ្លៃដើមនៃលំនៅដ្ឋានជិត៤០០ដុល្លារក្នុងមួយម៉ែត្រ ដែលតម្លៃនេះនៅមិនទាន់បូកបន្ថែមទៅលើផ្នែកបរិក្ខា ថ្លៃសេវារដ្ឋបាលជូនរដ្ឋ និងការចំណាយទៅលើសេវាទីផ្សារផ្សព្វផ្សាយនោះឡើយ។ គិតត្រួសៗតម្លៃដើមនៃលំនៅដ្ឋានមួយខ្នងត្រូវចំណាយជិត៤ម៉ឺនរួចជាស្រេច ដូច្នេះការដាក់លក់នៅលើទីផ្សារចាំបាច់ត្រូវតែលើសពី៦ម៉ឺនដុល្លារទើបអាចមានឱកាសចំណេញ”។

ប្រធានសមាគមភ្នាក់ងារ និងអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានទទួលស្គាល់ និងគាំទ្រទៅនឹងការលើកឡើងខាងនេះ ដោយលោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋានទាំងអស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ភាគច្រើនជាប្រភេទគម្រោងលំនៅឋានតម្លៃសមរម្យ ដែលស្ថិតនៅចន្លោះពីជាង៤ ម៉ឺន ទៅ៨ម៉ឺនដុល្លារ ហើយក៏ជាប្រភេទលំនៅដ្ឋានដែលទទួលបានការចាប់អារមុ្មណ៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកពន្យល់ថា កត្តាដែលជំរុញមានការបញ្ជាទិញពីអតិថិជនក្នុងតម្លៃខាងលើនេះ ដោយសារប្រជាពលរដ្ឋកម្ពុជាភាគច្រើនមានចំណូលមធ្យមនៅឡើយ ដូច្នេះសម្រាប់ប្រភេទលំនៅដ្ឋានដែលមានតម្លៃថ្លៃលើសពី១០ម៉ឺនឡើងទៅ គឺទីផ្សារមានកម្រិត។
លោកបញ្ជាក់ថា “តម្លៃលំនៅដ្ឋានដែលមានតម្លៃខ្ពស់ មានតែនៅក្នុងទីក្រុង ហើយពលរដ្ឋយើង អ្នកដែលមានចំណូលធម្យម គឺពួកគាត់មិនមានលទ្ធភាពទិញនោះទេ។ ដូច្នេះជាជម្រើសរបស់ពួកគាត់ គឺប្រភេទលំនៅដ្ឋានតម្លៃទាប ឬតម្លៃសមរម្យ ដែលភាគច្រើនមាននៅតាមបណ្តាជាយក្រុង ហើយទីផ្សារលំនៅដ្ឋានប្រភេទនៅតែបន្តមានក្នុងរយៈយូរឆ្នាំទៅមុខទៀត”៕