ស្ងាត់ៗ ទីក្រុងឌូបៃកំពុងសាងសង់សណ្ឋាគារថ្មីមួយទៀតដែលខ្ពស់ជាងគេនៅលើពិភពលោក

ដោយ ៖ វុត្ថា

ឌូបៃ ៖ ស្របពេលដែលការរីករាលដាលនៃជំងឺ Covid-19 ដែលបានបំផ្លាញដល់វិស័យឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅទូទាំងពិភពលោក ក្រុមហ៊ុនអភិវឌ្ឍន៍ The First Group បាននឹងកំពុងឈានទៅមុខជាមួយនឹងការសាងសង់សណ្ឋាគារខ្ពស់ជាងគេនៅលើពិភពលោកគឺសណ្ឋាគារ Ciel Hotel នៅក្នុងទីក្រុង Dubai ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ lifestyleasia.com កាលពីពេលថ្មីៗនេះឱ្យដឹងថា សណ្ឋាគារនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ ដែលមាន ៣៦៥ ម៉ែត្រ ដោយមានអាងហែលចំនួន ៧ ប្រកបដោយស្តង់ដារ Olympic បន្ទប់ស្នាក់នៅចំនួន ១.០៤២ រួមជាមួយនឹងបន្ទប់ដ៏ទំនើប ១៥០ ។

សណ្គាគារដ៏ទំនើបនេះ បំពាក់ទៅដោយគ្រឿងបរិក្ខារដ៏ទំនើបសម្រាប់ភ្ញៀវដែលរួមបញ្ចូលទាំងកន្លែងមើលទេសភាពនៅជាន់ទី ៨១ដែលនឹងផ្តល់ឱកាសឱ្យភ្ញៀវ ទស្សនាទេសភាពពីលើកអាកាសនៅក្នុងទីក្រុងឌូបៃ និងឈូងសមុទ្រអារ៉ាប់ផងដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍ The First Group ឱ្យដឹងទៀតថា សណ្ឋាគារ Ciel Hotel ត្រូវបានរចនាប្លង់សាងសង់ប្រកបដោយភាពច្នៃប្រឌិត មិនមែនជាសណ្ឋាគារខ្ពស់នៅក្នុងទីក្រុងឌូបៃប៉ុណ្ណោះទេ ប៉ុន្តែជាសណ្ឋាគារដែលខ្ពស់ជាងគេនៅលើពិភពលោក។

គម្រោងនេះ នឹងក្លាយជា សណ្ឋាគារថ្មីខ្ពស់កប់ពពកមួយនៅក្នុងទីក្រុងឌូបៃដ៏ល្បីល្បាញ ដែលនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ។
សណ្ឋាគារនេះ នឹងខ្ពស់ជាងសណ្ឋាគារ Gevora នៅផ្លូវ Shaikh Zayed ក្នុងទីក្រុងឌូបៃ កំពស់ត្រឹមតែ ៣៥៦ ម៉ែត្រ ដែលបច្ចុប្បន្នជាសណ្ឋាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកដែលមាន ៧៥ ជាន់។

ក្រុមហ៊ុនអភិវឌ្ឍន៍ The First Grou បញ្ជាក់ថា សណ្ឋាគារ Ciel Hotel នេះ បាននឹងកំពុងសាងសង់បានច្រើនភាគរយហើយ ដែលនឹងដាក់ឱ្យដំណើរកា និងស្វាគមន៍ភ្ញៀវដំបូងរបស់ខ្លួននៅឆ្នាំ ២០២៣ ខាងមុខន ៕

ដីជាង ២៣ ម៉ឺនហិកតា នៅខេត្តសៀមរាប ត្រូវបានអភិរក្សជាតំបន់ការពារធម្មជាតិ

ដោយ ៖ រ៉ាណេត

សៀមរាប ៖ តំបន់ការពារធម្មជាតិនៅទូទងខេត្តសៀមរាប បច្ចុប្បន្ននេះមានសរុបជាង២៣ម៉ឺនហិកតា ដែលត្រូវបានកំណត់រៀបចំបោះបង្គោលគ្រប់គ្រង និងចុះបញ្ជីរដ្ឋ។

តំបន់ការពារធម្មជាតិ ចំនួន ៨កន្លែង នៅក្នុងខេត្តសៀមរាប គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣ ៦៨៨ ហិកតា ក្នុង នោះមាន៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម (ភ្នំគូលែន) តំបន់ការពារទេសភាពអង្គរ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់ការពារទេសភាព ទំនាបខាងជើងបឹងទន្លេសាប តំបន់ស្នូលបឹងទន្លេឆ្មារ និងរបៀងអភិរក្ស ជីវៈ ចម្រុះឧត្តរ ដែល រាជ រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតជាតំបន់ការពារធម្មជាតិ។

នេះបើតាមការលើកឡើងនៅកិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំកំណត់ បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ នៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តសៀមរាប នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

ដើម្បីចូលរួមចំណែកថែរក្សា ការពារសម្បត្តិធម្មជាតិដ៏មានតម្លៃទាំងនោះ អាជ្ញាធរខេត្តសៀមរាប បាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ គម្រោងព្រៃឡង់បៃតង ក្រោមជំនួយរបស់ USAID ក្នុងការចូលរួមរៀបចំការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅតាមបណ្តាតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តសៀមរាប គឺជាលទ្ធផលមួយ ក្នុងចំណោមលទ្ធផលសំខាន់ ៗ របស់គម្រោង ដែលគាំទ្រដល់ យុទ្ធសាស្ត្រ គ្រប់គ្រង ទូទៅ ដើម្បីឆ្លើយតបទាំងការអភិរក្ស និងការអភិវឌ្ឍន៍ ដែលជាគំរូ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ប្រកប ដោយ ចីរភាព នៅ កម្ពុជា។

ដូចនេះ ដើម្បីចូលរួមចំណែកក្នុងការអនុវត្ត តាមគោល ការ ណ៍ណែនាំស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រងស ម្រាប់ តំបន់ ការពារ ធម្មជាតិ ក្នុង ប្រទេសកម្ពុជា ដែលជា ឯកសារ គតិយុត្តសម្រាប់ជាមគ្គុទេសក៍ក្នុងការ បង្កើន ប្រសិទ្ធ ភាព នៃការ គ្រប់គ្រង តំបន់ ការពារ ធម្មជាតិ និងការអភិរក្សជីវៈចម្រុះ តាម រយៈ ការ កំណត់តំបន់គ្រប់គ្រងឱ្យបាន ច្បាស់ លាស់ ធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសតំបន់ទេសភាពនៃព្រៃធម្មជាតិ និងបង្កើនផលិតភាពធម្មជាតិ ព្រមទាំងផលប្រយោជន៍នានាសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍។

ខេត្តសៀមរាបមានតំបន់ការពារធម្មជាតិ ចំនួន ៨កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣. ៦៨៨ ហិកតា ក្នុង នោះមាន៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម (ភ្នំគូលែន) តំបន់ការពារទេសភាពអង្គរ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់ការពារទេសភាព ទំនាបខាងជើងបឹងទន្លេសាប តំបន់ស្នូលបឹងទន្លេឆ្មារ និងរបៀងអភិរក្ស ជីវៈ ចម្រុះឧត្តរ ដែល រាជ រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតជាតំបន់ការពារធម្មជាតិ ដែលទាំងនេះ គឺសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីសក្តានុពលធនធាន ធម្មជាតិដ៏សម្បូរបែបរបស់ខេត្តសៀមរាប និងភាពចាំបាច់ នៃការគ្រប់គ្រងធនធានធម្មជាតិទាំងនេះឱ្យមាននិរន្តរភាព សម្រាប់តម្រូវការនាពេលបច្ចុប្បន្ន និងអនាគត៕

ក្រុមហ៊ុន​សឹង្ហ​បុរី និង​ដា​ណឺ​ម៉ាក​បោះទុន ១០០០លាន​ដុល្លា​ត​ដើម្បី​វិនិយោគ​លើ​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​កសិកម្ម​កម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន​អចលនទ្រព្យ និង​កសិកម្ម Hong Lai Huat បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MOU) ជាមួយ​ក្រុមហ៊ុន Skiold A/S សម្រាប់​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​កសិកម្ម​កម្ពុជា-សឹង្ហ​បុរី ដែលមាន​តម្លៃ​វិនិយោគ​ប្រមាណ១ពាន់​លាន​ដុល្លារ​អាមេរិក។

គោលបំណង​របស់​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​នេះ គឺ​ដើម្បី​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​វេទិកា សម្រាប់​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​បច្ចេកទេស​នៅក្នុង​វិស័យ​ប​សុ​បក្សី និង​ការចិញ្ចឹម​គោ ក៏ដូចជា​ការកែច្នៃ​គ្រាប់ពូជ​សម្រាប់​ប្រទេស​កម្ពុជា។ នេះ​ប​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ថ្ងៃទី ៧ ខែកញ្ញា​កន្លងមកនេះ។

ក្រោម​អនុស្សរណៈ​យោគយល់​នេះ ក្រុមហ៊ុន​ទាំងពីរ​បាន​ឯកភាព​ផ្តួចផ្តើម​បង្កើត​ផលិតកម្ម​បសុសត្វ និង​ពូជ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​កសិកម្ម អនុវត្ត​ការសិក្សា​លទ្ធភាព​នៃ​គម្រោង​ថ្មី​សម្រាប់​គំនិត​ផ្តួចផ្តើម ដែល​រួមមាន​ការអភិវឌ្ឍ និង​ការអនុវត្ត​ផលិតកម្ម​បសុសត្វ និង​កសិកម្ម​និង​បង្កើត​បន្ថែ​ឱកាស​ការងារ​ក្នុង​រយៈពេល​ប្រាំ​មួយខែ​បន្ទាប់។

លោក Ong Jia Jing អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Hong Lai Huat មានប្រសាសន៍ថា “យើង​មាន​សេចក្តី​រីករាយ​ណាស់ ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​SKIOLDA/S លើ​ការសហការ​សក្តានុពល នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​កសិកម្ម​កម្ពុជា-សឹង្ហ​បុរី” ។

លោក Ong បាន​ថ្លែងថា “ជាពិសេស​នៅក្នុង​ពិភពលោក ដែល​កំពុង​រង​ការប៉ះពាល់​យ៉ាងខ្លាំង​ពី​ជំងឺ Covid-19 សន្តិសុខ​ស្បៀង​គឺជា​បញ្ហាសំខាន់ ដែល​ប្រទេស​ទាំងអស់​កំពុង​ស្វែងរក​ដំណោះស្រាយ។ លោក​បន្តថា “យើង​ជឿជាក់ថា កិច្ចសហការ​នេះ​នឹងមាន​អត្ថន័យ និង​ជោគជ័យ​សម្រាប់​ក្រុមហ៊ុន​យើង​ទាំងពីរ ហើយនឹង​អនុញ្ញាតឱ្យ​យើង​ចូលរួមចំណែក​ដល់​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​សឹង្ហ​បូរី​ផងដែរ” ។

ចំណែក​លោកស្រី Sussie Ketit នាយ​កា​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន SKIOLD A/S បានឱ្យដឹងថា ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​ជំនាញ ទូលំទូលាយ​នៅក្នុង​ឧស្សាហកម្ម​ចិញ្ចឹមសត្វ យើង​ឃើញថា ការសហការ​នេះ គឺជា​ការតភ្ជាប់​ដ៏​ល្អប្រសើរ​ហើយ​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន​ពី​គំនិត​ផ្តួចផ្តើម មិន​ត្រឹមតែ​ចំពោះ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ប្រទេស​សឹង្ហ​បុរី​ផងដែរ តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ ពិសេស​ការប្រើ​ប   ច្ចេក​វិទ្យា​ដា​ណឺ​ម៉ាក ដើម្បី​បង្កើន​ផលិតភាព អនុវត្ត R&D ពង្រឹង​ភាព​ធន់​ចំណីអាហារ និង​និរន្តរភាព។

ទោះបីយ៉ាងណា ក្រុមហ៊ុន​មិនបាន​បង្ហាញ ទីតាំង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​កសិកម្ម​កម្ពុជា-សឹង្ហ​បុរី និង​ចាប់ផ្តើម​នៅពេលណា​នោះទេ។

ក្រុមហ៊ុន Skiold A / S គឺជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ដែលមាន​អាយុ១៤០ឆ្នាំ និង​ជា​ក្រុមហ៊ុន​ផ្តោតលើ​វិស័យ កសិកម្ម និង​កសិដ្ឋាន​ផងដែរ៕ TheEdge ៕

សប្បាយៗជាមួយ​ការប្រគំ​តន្ត្រីសម័យ​នៅក្នុង​ផ្សារ​ទំនើប FURI Times Square នៅ​ក្រុងព្រះសីហនុ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាការ​អបអរសាទរ​នៅក្នុង​ឱកាស នៃ​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ផ្សា​រំ​នើ​ប FURI Times Square ក្រុងព្រះសីហនុ បានរៀបចំ​កម្មវិធី​ពិសេស​ជាច្រើន ដែល​ក្រៅពី​មានការ​លក់ទំនិញ​បញ្ចុះតម្លៃ ការផ្តល់ជូន​នូវ​សន្លឹកឆ្នោត​ផ្សងសំណាង ថែមទាំង​មានការ​ប្រគំ​តន្ត្រីសម័យ ក្រោម​វត្តមាន​របស់​តារា​ប្រុស​ស្រី​ល្បីឈ្មោះ ជាច្រើន​នាក់​ថែម​ទៀតផង។

កម្មវិធីសប្បាយៗជាច្រើន នឹងត្រូវ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប FURI Times Square ក្រុងព្រះសីហនុ ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់ប​ណ្តា​អិ​តិ​ថិ​ជន​នានា ដែល​តែងតែ​គាំទ្រ និង​ផ្តល់​ទំនុកចិត្ត​មកលើ​រាល់​មុខទំនិញ​ដែល​តាំង​លក់​នៅក្នុង​ផ្សារ។

ជាមួយគ្នានេះ ជាការ​ចូលរួម​អបអរសាទរ នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ គណៈ​គ្រប់គ្រង​ផ្សារ​ទំនើប FURI Times Square បានរៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នៅក្នុង​ផ្សារ​ជាន់​ផ្ទាល់​ដី ដែលមាន​ការចូល​ពី​សំណាក់​តន្ត្រីករ និង​តារាចម្រៀង តារា​កំប្លែង​ដ៏​ល្បីឈ្មោះ គឺ​កញ្ញា រ៉ូ លីន និង​អ្នកនាង​កា​តុ នៅ​រសៀល​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពី​ម៉ោង៤ល្ងាច រហូតដល់​ម៉ោង៩យប់។

ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ កញ្ញា រស្មី  បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ចាប់ពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ គ្រប់​អតិថិជន​ទាំងអស់​ដែល​មកកាន់​ផ្សារ​ទំនើប FURI Times Square និង​បាន​ចំណាយ​ចាប់ពី៥ដុល្លារ​ឡើងទៅ នឹង​ទទួលបាន​ឆ្នោត​ផ្សងសំណាង​ចំនួន១សន្លឹក ដើម្បី​ចាប់ឆ្នោត​យក​រង្វាន់​អនុស្សាវរីយ៍​យ៉ាង​សន្ធឹកសន្ធាប់ ដូចជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ទូរ​ទឹកកក ទូរទស្សន៍ ឆ្នាំង​ដាំបាយ​អគ្គិសនី ម៉ាស៊ីន​ចម្អិន​សាច់ ឆ្នាំងអ៊ុត រួម​ជាមួយនឹង​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ទៀត។

កញ្ញា​បាន​បញ្ជាក់ថា កម្មវិធី​ចាប់ឆ្នោត​យក​វត្ថុ​អនុស្សាវរីយ៍​នេះ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ។ បន្ថែម​ពីនេះ នៅមាន​ការទិញ​ទំនិញ​បញ្ចុះតម្លៃ​ពិសេស​ពី​បណ្តា​ស្តង់ និង​ហាង​លក់ទំនិញ​ជាច្រើន​ទៀត។

តោះ….ណាត់ជួប​គ្នា​នៅ​ផ្សារ​ទំនើប FURI Times Square ទាំងអស់គ្នា ដើម្បី​ទិញ​សម្ភារៈប្រើប្រាស់ និង​ទំនិញ​នានា​ដោយ​ការបញ្ចុះ​តម្លៃ​ពិសេស ព្រមទាំង​រីករាយ​ជាមួយ​កម្មវិធី​កម្សាន្ត​យ៉ាង​សម្បូរបែប​ទាំងអស់គ្នា។

ផ្សារ​ទំនើប FURI Times Square មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ៤ ក្រុងព្រះសីហនុ បាន​នាំមក​ជូន​នូវ​បទពិសោធន៍​ថ្មី​នៅក្នុង​តំបន់ ដោយ​ការនាំ​យកមក​នូវ​បណ្តា​ផលិតផល មុខទំនិញ​ចំរុះ​គ្រប់​ប្រភេទ​យ៉ាង​សម្បូរបែប ដែល​សុទ្ធតែជា​ម៉ាក​យីហោល្បីៗលំដាប់​សាកលលោក ដូចជា ក្រុមហ៊ុន KFC ក្រុមហ៊ុន Starbucks  ក្រុមហ៊ុន Amazon Café ក្រុមហ៊ុន KOI ក្រុមហ៊ុន Dakasi Tea ហាង​អាហារ​មកពី​ប្រទេស​សាំង​ហ្គា​ពួរ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ LEVI’s  ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ G-Shock ក្រុមហ៊ុន​លក់​រថយន្ត HGB Group រួមជាមួយ​ក្រុមហ៊ុនល្បីៗជាច្រើន​ទៀត ដោយ​រាប់បញ្ចូល​ទាំង​គ្រឿងសំអាង​សរុប​ជិត៣០ក្រុមហ៊ុន៕

កម្ពុជា​កំពុង​សាងសង់​ផ្លូវ​របៀង​អាស៊ាន​ប្រប​តាម​មាត់សមុទ្រ​ពី​ព្រំដែន​ថៃ​ឆ្ពោះទៅកាន់​ព្រំដែន​វៀតណាម

ដោយ វុត្ថា

ភ្នំពេញៈ ដោយបាន​ទទួល​ថវិកា​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជា​បាននិងកំពុង​ដំណើរកា​រ​សាងសង់​ផ្លូវ​របៀង ត​ភ្ជាប់​ប្រទេស​នៅក្នុង​ប្រទេស​អាស៊ាន​ប្រប មាត់សមុទ្រ​ដែលមាន ២០ម៉ែត្រ​ទ​ទន្ទឹង ប្រភេទ​ផ្លូវ DBST ចាប់ពី​ឆ្នេរកែប​ទៅកាន់​ឆ្នេរ​អង្កោល​នៃ​ខេត្ត​កែប។

លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២០កន្លងមក  ឱ្យដឹងថា ការ​សាសង់​ផ្លូវ​ប្រប​មាត់សមុទ្រ​នេ គឺជា​ផ្លូវ​ល្អ​ច្រករបៀង​អាស៊ាន​ដែលជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ត​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា-ថៃ (ហាក់​ឡេ​ក)  ត​ភ្ជាប់​ពី​ផ្លូវ​ប្រប​មាត់​ឆ្នេរសមុទ្រ ទៅ​ភ្ជាប់​នឹង​ផ្លូវ​ទៅដល់​ច្រកទ្វារ​អន្តរជាតិ ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត។

លោក​បន្តថា “ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ច្រក​ចាំ​យាម​ខេត្តកោះកុង ដោយ​ឆ្លង​កាន់​មក​ផ្លូវ៤៨ ឆ្ពោះ​មកកាន់ តំបន់​វាលរេញ​នៃ​ខេត្ត​ព្រះសីហនុ រួច​បត់​មកកាន់​ខេត្តកំពត ហើយ​ឆ្លងកាត់​ខេត្ត​កែប​មក​តាម​ច្រករបៀង​នៃ​មាត់សមុទ្រ ចេញទៅ​ព្រែក​ចាក ដែលជា​ព្រំដែន​ហាត់​ទៀង និង​ខេត្តកំពត” ។ លោក​បន្ថែមថា “នៅពេល​ច្រកព្រំដែន​បើក​ដំណើរការ វា​ជា​នឹង​ក្លាយជា​ច្រក​ដ៏​សំខាន់​របស់​ខេត្ត” ។

អាជ្ញាធរខេត្ត​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​បញ្ចប់​តាម​ផែនការ ខណៈ​បច្ចុប្បន្ននេះ កំពុង​ដោះស្រាយ​ផលប៉ះពាល់ និង​សំណង់​មិន​រៀបរយ ព្រមទាំង​មិន​ស្របច្បាប់​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត។

លោក​សោម ពិសិដ្ឋ​បានបញ្ជាក់​ទៀតថា ផ្លូវ​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​តំបន់​អាស៊ាន ជាពិសេស​មកពី​អាស៊ាន និង​ពិភពលោក ឱ្យ​មកលេង​កម្សាន្ត និង​សម្រាក់​នៅក្នុង​ខេត្ត​កែប ដែល​ត្រូវបាន​រដ្ឋាភិបាល​ដាក់ចេញ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅក្នុង​ខេត្ត ជា​កន្លែង​ស្ងប់ស្ងាត់ និង​កម្រិត​ខ្ពស់។

លោក​បន្ថែមថា ក្រៅពី​ការ​កំពុង​សាងសង់​ផ្លូវ​ច្រករបៀង​អាស៊ាន រដ្ឋបាលខេត្ត​ក៏បាន និង​កំពុង​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើន​ផ្សេងទៀត​នៅក្នុង​ខេត្ត ត​ភ្ជាប់​ទៅកាន់​តំបន់​ទេសចរណ៍​នានា ដើម្បី​សម្រួល​ដល់ករ​ដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​ទាំងមូល៕

គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​កំពុង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ពិភពលោក

ដោយៈ​ប៊ី

ភ្នំពេញៈ ប្រទេស​ចិន​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស តាម​បណ្តោយ​ខ្សែក្រវាត់ និង​ផ្លូវ​ដោយបាន និង​កំពុង​ជំរុញ​ការ​បង្កើតជា​និម្មាបនកម្ម​ថ្មី នៃ​សេដ្ឋកិច្ចពិភពលោក។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ប្រទេស​ចិន។

មន្ទីរ​ស្រាវជ្រាវ​ស្តីពី កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន បានចេញ​របាយការណ៍​កាលពី​ថ្ងៃទី៧ ខែកញ្ញា ស្តីពី​ការអភិវឌ្ឍ​ពាណិជ្ជកម្ម និង​វិនិយោគ​ខ្សែក្រវាត់ និង​ផ្លូវ​នៃ​ប្រទេស​ចិន​ប្រចាំឆ្នាំ២០២០កន្លងមកនេះ។

របាយការណ៍​នេះ បានបង្ហាញ​ជាសំខាន់​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា របស់​ប្រទេស​ចិន​និង​ប្រទេស​ពាក់ព័ន្ធ​តាម​បណ្តោយ​ខ្សែក្រវាត់ និង​ផ្លូវ ក្នុង​វិស័យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដោយ​ធ្វើការ​បូកសរុប​គ្រប់​ជ្រុងជ្រោយ​នូវ​បម្រែបម្រួល​ថ្មី សមិទ្ធផល​ថ្មី និង​ទិសដៅ​ថ្មី នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​តាម​បណ្តោយ​ខ្សែក្រវាត់ និង​ផ្លូវ។

របាយការណ៍​នេះ​បង្ហាញថា រយៈពេល៧ឆ្នាំ​កន្លងទៅនេះ ប្រទេស​ចិន​បានធ្វើឱ្យ​ស៊ីជម្រៅ​ជា​បន្តបន្ទាប់ នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​តាម​បណ្តោយ​ខ្សែក្រវាត់ និង​ផ្លូវ ហើយ​បាន​លើកកម្ពស់​នូវ​សេរីភាព និង​កិច្ច​សម្រួល​ផ្នែក​ពាណិជ្ជកម្ម​និង​វិនិយោគ ក៏ដូចជា​ជំរុញ​ដោយ​ឥតឈប់ឈរ នូវ​ការបើក​ទូលាយ​ចំពោះ​អន្តរជាតិ ដែលមាន​កម្រិត​ខ្ពស់ និង​បាន​ជំរុញ​ការ​បង្កើតជា​និម្មាបនកម្ម​ថ្មី នៃ​សេដ្ឋកិច្ចពិភពលោក​ផងដែរ។

គិត​រហូតដល់​ខែឧសភា​ឆ្នាំ២០២០ រដ្ឋាភិបាល​ចិន​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​ស្តីពី ការរួម​គ្នា​កសាង​ខ្សែក្រវាត់ និង​ផ្លូវ​ចំនួន២រយ​ជាមួយ​ប្រទេស​ចំនួន១៣៨និង​អង្គការ​អន្តរជាតិ​ចំនួន៣០ជា​បន្តបន្ទាប់៕

ចំណេះដឹង! តើ​អ្វី​ជា​យុទ្ធសាស្ត្រ​ស្នូល​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យឧស្សាហកម្ម?

ដោយ វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន៤ចំណុច ទៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ – ២០២៥ ដោយ​ផ្តោតទៅលើ​ការតម្រង់​ទិសដៅ​ទីផ្សារ និង​បរិយាកាស​អំណោយ​ផលស​ម្រា​ប់​ការអភិវឌ្ឍ​ឧស្សាហកម្ម។

នៅក្នុង​គោលនយោបាយ​ឧស្សាហកម្ម​ខាងលើនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នៅ​យុទ្ធសាស្ត្រ​ចំនួន៤ចំណុច រួមមាន ទី១ ការបញ្ចុះ​ថ្លៃ​អគ្គិសនី និង​ការបង្កើត​តំបន់​នៅ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដើម្បី​បម្រើ​សកម្មភាព កសិកម្ម និង​ឧស្សាហកម្ម ដោយ​ជួយ​បង្កើត​ផលិតភាព​ទាក់ទាញ ការវិនិយោគ និង​បង្កើន​ទំនុកចិត្ត​ផ្នែក​អាជីវកម្ម។

ទី២ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​នៅតាម​ដងផ្លូវ​ដឹកជញ្ជូន​ទាំង៣ ដែលមាន​អាទិភាព​ខ្ពស់ និង​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម ការតភ្ជាប់ ការប្រកួតប្រជែង និង​តម្រូវការ​របស់​វិស័យ​ឯកជន។

ទី៣ ការបង្កើត​យន្តការ​ពង្រីក​ទីផ្សារពលកម្ម និង​ជំនាញ​ជា​ឯកទេស ដើម្បី​ធានាឱ្យមាន​ការផ្គត់ផ្គង់​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ និង​ផលិតភាព​កាន់តែ​ប្រសើរ​ទ្បើង និង​ទី៤ ការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ស និង​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង​ទៅ​ថ្ងៃ​អនាគត។

រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​អនុវត្តន៍ ផែនការ​សកម្មភាពសំខាន់ៗមួយចំនួនទៀត​មានដូចជា  ការពង្រឹង​និង​ពង្រីក​ផ្លូវជាតិ និង​អន្តរជាតិ​ត​ភ្ជាប់​ទៅ​បណ្តា​ប្រទេសជិតខាង ពង្រឹង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក  ការបង្កើន និង​ពង្រីក​ផ្លូវដែក​បន្ថែមទៀត ការអភិវឌ្ឍ​កំពង់ផែ​សមុទ្រ និង​កំពង់ផែ​ទន្លេ និង​ការកាត់បន្ថយ​ការចំណាយ​ឡូ​ជី​ស្ទីក (Logistic) ជាដើម៕

ប្រធានសមាគម CVEA បញ្ជាក់ពីដំណើរវិវឌ្ឍន៍នៃវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅពេលនិយាយពីទីផ្សារអចលនទ្រព្យនៅពេលបច្ចុប្បន្ន ភាគច្រើនតែងត្រូវបានគេកត់សម្គាល់ទៅលើវិស័យដីធ្លី ដែលកំពុងសកម្មភាពច្រើនជាងផ្នែកដទៃទៀត ខណៈដែលតម្លៃទីផ្សារស្ថិតនៅក្នុងសភាពទ្រឹងស្រដៀងគ្នាទៅនឹងកាលពីឆ្នាំកន្លងទៅ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ថានភាពនៃទីផ្សារអចលនទ្រព្យគិតត្រឹមដើមត្រីមាសទី៤នេះ បើប្រៀបធៀបទៅនឹងកាលពីដើមឆ្នាំគឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ដែលអាចនិយាយបានថា តម្លៃទីផ្សារស្ថិតនៅក្នុងសភាពទ្រឹង។

លោក ច្រឹក សុខនីម បានមានប្រសាសន៍បញ្ជាក់ថា “តាមភាពជាក់ស្ដែងនៅពេលនេះ វិស័យដីធ្លីដូចជាមិនមានអ្វីប្រែប្រួលខ្លាំងនោះទេ ទាំងសកម្មភាពនៅក្នុងទីផ្សារ ទាំងកត្តាតម្លៃ ពោលគឺនៅមានកម្រិតស្រដៀងគ្នាកាលពីដើមឆ្នាំ២០២០”។

លោកបន្តថា “បើទោះជាស្ថានភាពនៃវិបត្តិជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសកម្ពុជាត្រូវបានទប់ស្កាត់ក្នុងលទ្ធផលល្អ ដែលអនុគ្រោះដល់ការធ្វើអាជីវកម្មមួយចំនួនផ្តើមដំណើរការឡើងវិញពិតមែន ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យនៅមិនទាន់មានសកម្មភាពខ្លាំងក្លានោះទេ ពោលគឺមានសកម្មភាពបានត្រឹមតែអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងស្រុកតែប៉ុណ្ណោះ ដែលវាត្រូវការពេលវេលាយូរបន្តិចទៀត”។

ដោយឡែកសម្រាប់ទីផ្សារដីធ្លីត្រូវបាន លោក ច្រឹក សុខនីម បញ្ជាក់ថា “ថ្វីត្បិតយើងឃើញមានសកម្មភាពទិញ-លក់សព្វថ្ងៃនៅតែបន្តមាន ប៉ុន្តែពាក់ព័ន្ធទៅនឹងតម្លៃនៅលើទីផ្សារមិនមានការឡើងថ្លៃនោះទេ ផ្ទុយទៅវិញសម្រាប់អ្នកដែលមានធុរៈបន្ទាន់ត្រូវការបង្វិលចរន្តសាច់ប្រាក់បានបង្ខំចិត្តលក់ក្នុងតម្លៃក្រោមទីផ្សារ ហើយបើយើងធ្វើការប្រៀបធៀបទៅនឹងសេដ្ឋកិច្ចសង្គមកម្ពុជានៅពេលនេះ អាចនិយាយបានថា មានភាពប្រទាប់ប្រសងគ្នា បានន័យថា អត្រាកំណើនសេដ្ឋកិច្ចសង្គមមានកម្រិតទាប តម្រិតនៃតម្លៃដីក៏មិនមានការឡើងថ្លៃនោះដែរ”។

យោងតាមរបាយការណ៍ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា CBRE Cambodia កាលពីពេលកន្លងទៅបានបង្ហាញពីស្ថានភាពនៃតម្លៃដីនៅក្នុងរាជធានីភ្នំពេញ ដោយនៅតាមបណ្តាខណ្ឌនីមួយមានតម្លៃផ្សេងៗគ្នា ដូចជា៖ ខណ្ឌបឹងកេងកង ដូនពេញ ចំការមន និងខណ្ឌ៧មករា នៅតែមានតម្លៃខ្ពស់ជាងគេដែលគិតជាមធ្យមក្នុងចន្លោះចាប់ពី ៥០០០-៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកសម្រាប់ខណ្ឌទួលគោក ឫស្សីកែវ សែនសុខ និងខណ្ឌជ្រោយចង្វារ មានតម្លៃគិតជាមធ្យមក្នុងចន្លោះចាប់ពី ១០០០ -៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ៕

អត្ថប្រយោជន៍នៃការវិនិយោគអចលនទ្រព្យតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ដែលអ្នកវិនិយោគមិនគួរមើលរំលង

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ កម្ពុជាកំពុងមានភាពមមាញឹកក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដ៏ខ្វាត់ខ្វែង ជាពិសេសផ្លូវក្រវ៉ាត់ក្រុងដែលជាប្រព័ន្ធដឹកជញ្ជូនយ៉ាងសំខាន់ និងជាកត្តាមួយរួមចំណែកជម្រុញវិស័យអចលនទ្រព្យឱ្យមានភាពរីកចម្រើនល្អប្រសើរបន្ថែមទៀត។

ការវិនិយោគអចលនទ្រព្យនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ត្រូវបានអ្នកជំនាញអចលនទ្រព្យជាច្រើនរូបបានលើកឡើងពីអត្ថប្រយោជន៍មួយចំនួនដូចជា ៖

តម្លៃសមរម្យ

ពេលនេះតម្លៃនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងនៅមានភាពសមរម្យ មិនថ្លៃដូចក្នុងក្រុង ដែលវាជាឱកាសល្អមួយក្នុងការវិនិយោគខណៈដែលតម្លៃដីធ្លីនៅក្នុងក្រុង និងជាយក្រុង តែងមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំក្នុងចន្លោះប្រមាណ ១០-១៥ភាគរយ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ធ្លាប់បានមានប្រសាសន៍ថា ឱកាសចំណេញពីការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃសមរម្យ គឺត្រូវបានធ្វើឡើងនៅលើដីដែលមានតម្លៃសមរម្យ។ រីឯការិនិយោគទៅលើលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងក្រុងទៀតសោត ហាក់មិនមានឱកាសទៀតនោះទេ។
ចំនុចនេះរុញឱ្យអ្នកវិនិយោគភាគច្រើនងាក់ទៅចាប់អារម្មណ៍ ទីតាំងថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងវិញ។

ការរស់នៅមានផាសុកភាព

កំណើនប្រជាជនក្នុងទីក្រុង បានធ្វើឱ្យមានបញ្ហាកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃ ប៉ុន្តែសម្រាប់ចរាចរនៅលើផ្លូវក្រវ៉ាត់ក្រុងវិញ ខុសប្លែកពីក្នុងក្រុង មានភាពទូលាយងាយស្រួលធ្វើដំណើរ។ អ្នកដែលធុញថប់នឹងការរស់នៅក្នុងទីក្រុង អាចនឹងស្រស់ស្រាយនៅពេលទៅរស់នៅតំបន់ផ្លូវក្រវ៉ាត់ក្រុង។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service លោកស្រី តាំង ហ៊ួរ បានប្រាប់ថា ចរាចរណ៍នៅតំបន់នោះមានភាពងាយស្រួលច្រើន ហើយបើនិយាយពីការរស់នៅវិញ គេនាំគ្នាសម្រុកទៅទិញម្តុំនោះច្រើន ដោយសារតំបន់នោះមានផាសុកភាព និងអំណោយផលល្អ។

សក្តានុពលសេដ្ឋកិច្ចខ្ពស់ ទទួលបានផលចំណេញច្រើន

ផ្លូវក្រវ៉ាត់ក្រុងគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ ផ្តល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្មបានគ្រប់ប្រភេទ។ ផ្លូវក្រវ៉ាត់ក្រុងមានមុខងារសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនខេត្ត ក្រុង ជួយជំរុញពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

អ្នកជំនាញនៅក្នុងវិស័យនេះបានលើកឡើងថា សម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ គម្បីទិញដីនៅក្នុងតំបន់នេះសម្រាប់ការវិនិយោគបន្តយកទុកចំណេញ ឬទិញសម្រាប់អភិវឌ្ឍន៍ជាអគារលំនៅដ្ឋាន ឬឃ្លាំង ទាន់ជាឱកាសល្អ ព្រោះបច្ចុប្បន្នគោលដៅរបស់វិនិយោគិននានាកំពុងបាញ់ឆ្ពោះទៅតំបន់ទាំងនេះ៕

ក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុន មិនទាន់មានលទ្ធភាពហោះហើរមកកាន់កម្ពុជាវិញនោះទេ

ដោយ .វុត្ថា

តូក្យូ ៖ លោក MAEDA Ryuhei ទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការអន្តរជាតិរបស់ក្រុមហ៊ុន ANA បានបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ក្រុមហ៊ុនANA មិនទាន់អាចហោះហើរធម្មតាឡើងវិញបានទេ តែអាចមានការហោះហើរពិសេស (Charter flight) ក្នុងករណីមានការស្នើសុំរបស់អ្នកដំណើរជាក្រុម ។

លោក MAEDA Ryuhei ឱ្យដឹងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅក្នុងប្រទេសជប៉ុន និង TAKAHASHI Fumiaki ប្រធានសមាគមជប៉ុនកម្ពុជាកាលពីថ្ងៃទី ៧ ខែកញ្ញា ម្សិលមិញនេះ អំពីលទ្ធភាពនៃការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ANA ណារីតា-ភ្នំពេញ-ណារីតា ឡើងវិញក្នុងពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបពិភាក្សាជាមួយ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនដែលមកពេញទស្សនកិច្ចនៅកម្ពុជា កាលពីចុងខែសីហាឆ្នាំ ២០២០កន្លងមកនេះ បានស្នើភាគីជប៉ុនសម្របសម្រួលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនអាកាសចរណ៍បើកដំណើរការហោះហើរឡើងវិញ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។

សម្តេចតេជោថ្លែងថា “ការហោះហើរឡើងវិញនេះ នឹងអាចនាំអោយការធ្វើដំណើររវាងប្រទេសទាំងពីរមានសភាពការណ៍ធម្មតាឡើងវិញ ជាពិសេសត្រូវអនុវត្តនូវវិធានការមួយចំនួនផងដែរ។ សម្តេចតេជោបន្តថា “ការហោះហើរឡើងវិញនេះ នាំអោយមានការកើនឡើងក្នុងទំហំពាណិជ្ជកម្មការ និងវិនិយោគផងដែរ”។

សម្ដេចតេជោបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កម្ពុជា- ជប៉ុនមានទំហំពាណិជ្ជកម្មប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារហើយជប៉ុននាំចូលមកកម្ពុជាវិញ០,៨ ពាន់លានដុល្លារ ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះ រយៈពេល៩ខែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ៕