ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងស្វែងយល់ពីការវិនិយោគធនាគារដី លោកឧកញ៉ា នួន អក បានបង្ហើប និងណែនាំអ្នកដែលមានបំណងចង់ប្រឡូក នៅក្នុងការធ្វើជំនួញក្នុងវិស័យនេះគួរសម្លឹងមើលពីទីតាំងមួយចំនួនស្ថិតនៅតំបន់ផ្លូវ៤១ ដែលមាននឹងគម្រោងអភិវឌ្ឍន៍ជាច្រើនបង្ហាញខ្លួននៅទីនោះ។
លោកឧកញ៉ានួន អកដែលជាម្ចាស់គំរោងកំពតឋានសួគ៌បានមានប្រសាសន៍ថា តំបន់នៅតាមផ្លូវ៤១នៅពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃខាងមុខដ៏ខ្លី នឹងក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដែលប្រមូលផ្តុំទៅដោយសួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសដូចគ្នាទៅនឹងតំបន់ផ្លូវ៥១ ដែលកំពុងមានតម្រូវការប្រើប្រាស់ដីនាពេលបច្ចុប្បន្ននេះ។
លោកឧកញ៉ាបន្តថា “នៅពេលនេះ ដីដែលស្ថិតនៅតំបន់ផ្លូវជាតិលេខ៤១ ខេត្តកំពង់ស្ពឺ នៅមានតម្លៃទាបនៅឡើយ ដោយដីនៅទីតាំងខ្លះដែលឆ្ងាយពីផ្លូវជាតិ ឬផ្លូវធំ នៅមានតម្លៃទាបត្រឹមក្រោម២ម៉ឺនដុល្លារ ក្នុងមួយហិកតានៅឡើយ”។លោកបន្តថា “វាគឺជាឱកាសដ៏ល្អបំផុត ក្នុងការទិញទុកវិនិយោគនៅពេលបច្ចុប្បន្ន និងយកចំណេញនៅពេលអនាគត់ដែលមិនលើសពី៥ឆ្នាំនោះទេ”។
លោកឧកញ៉ានួន អក បានមានប្រសាសន៍បន្តទៀតថា យើងសាកគិតថយក្រោយក្នុងអំឡុងពេល១០មុន សម្រាប់ដីនៅតំបន់ផ្លូវ៥១ ដែលកំពុងពុះកញ្ជ្រោលនៅពេលនេះ តម្លៃដីគ្រានោះត្រឹមតែ២-៣ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ នៅទីតាំងខ្លះមានតម្លៃខ្ពស់ រហូតដល់៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្ថែមថា ដោយឡែកសម្រាប់ដីដែលស្ថិតនៅផ្លូវ៤១ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនពីសំណាក់ធុរកិច្ចជាតិ និងអន្តរជាតិជាច្រើនគម្រោង រួមជាមួយនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
លោកបន្តថា “នៅពេលមានការអភិវឌ្ឍ មានតម្រូវការប្រើប្រាស់ដី តម្លៃដីនឹងឡើងថ្លៃដោយស្វ័យប្រវត្តិ។ ដូច្នេះអ្នកដែលទិញដីទុកនៅពេល និងលក់នៅថ្ងៃអនាគត់ គឺមានឱកាសច្រើន”។
រដ្ឋាភិបាលបាននិងកំពុងត្រៀមពង្រីកនិងកែលំអរផ្លូវជាតិលេខ៤១ ដែលជាផ្លូវសំខាន់តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ផ្លូវជាតិលេខ៣ ដែលជាគមនាគមន៍យ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយខេត្តកំពត ដែលមានសក្តានុពលស្រាប់នាពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្នតំបន់ផ្លូវជាតិលេខ៤១ មានការអភិវឌ្ឍយ៉ាងសកម្ម ដោយគំរោងលំនៅដ្ឋានបុរី មជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រ សហគ្រាសជាច្រើនបាននិងកំពុងសាងសង់នៅតំបន់នេះ ពិសេសបន្ទាប់ពីរដ្ឋាភិបាលប្រកាស កសាងផ្លូវក្រវ៉ាត់ក្រុងទី៤នាពេលអនាគត៕