ក្រសួងរ៉ែ ប្រកាសពីការអនុញ្ញាតដល់ក្រុមហ៊ុនសប្បទានស្វែងរករ៉ែនៅខេត្តចំនួន២

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានធ្វើការប្រកាស និងជូនដំណឹងស្ដីពីការបើកតំបន់សម្បទានស្វែងរុករករ៉ែថ្មីចំនួន២ទីតាំងដែលស្ថិតនៅខេត្តផ្សេងគ្នាសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករកពីសំណាក់ក្រុមហ៊ុនឯកជន។

នៅក្នុងសេចក្ដីជូនដំណឹងនៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យមានការដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន២តំបន់ ដូចមាននៅក្នុងផែនទី “ទីតាំង និងកូអរដោណេ” ដែលភ្ជាប់មកជាមួយនៅខាងក្រោមចាប់ពីពេលនេះតទៅ។

តំបន់សម្បទានស្វែង រុករករ៉ែដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន ទី១-តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១០៧,១០ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី២- តំបន់សម្បទានស្វែងរុករករ៉ែទំហំ១០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំប៉ាង ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។

សម្រាប់សាធារណជន ក៏ដូចជាបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ ត្រូវមកស្នើសុំ «ពាក្យស្នើ សុំអាជ្ញាបណ្ណស្វែងរុករករ៉ែដែលមានការបោះត្រាត្រឹមត្រូវ» នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ជាន់ទី៥) នៃទីស្ដីការក្រសួងរ៉ែ និងថាមពល អគារលេខ ៧៩-៨៩ វិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។

ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដែលបានបំពេញរួចរាល់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ និង របាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្របិទជិត ដោយការខ្នងថា «ឯកសារស្នើសុំប្រកួត ប្រជែង» រួចដាក់មកក្រសួងតាម «ការិយាល័យច្រកចេញចូលតែមួយ» របស់ក្រសួងរ៉ែ និងថាមពល យ៉ាងយូរ បំផុតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី៕

ការព្យាករណ៍៖កម្ពុជានឹងទទួលបានចំណូលពីទេសចរអន្តរជាតិមកលេងខេត្តសៀមរាបជិត ៥០០០ លានដុល្លារ នៅក្នុងឆ្នាំ ២០៣៥

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ តាមការព្យាករណ៍របស់រាជរដ្ឋាភិបាលកម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ២០៣៥ ទេសចរអន្តរជាតិនឹងនាំមកនូវចំណូលចំនួន ៤,៧៦៥លានដុល្លារ និងទេសចរណ៍ជាតិចំនួន ១,២៨០លានដុល្លារ ចូលទៅដល់ខេត្តសៀមរាប ខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) សិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួងដែលត្រូវបានរំពឹងថានឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នក៏ដូចជាអនាគត ឆ្លើយតបនឹងឥទ្ធិពលនៃជំងឺឆ្លងកូវីដ-១៩ (COVID-19) ជាពិសេស ត្រូវសម្រេចឱ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាល ដើម្បីជាអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដូចខាងក្រោម៖

ទី១) ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈជាសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត ។

ទី២) ធានាឱ្យបាននូវផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្រ្តអង្គរ, តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប, តំបន់ទន្លេសាប, ឧទ្យានជាតិភ្នំគូលែន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ។

ទី៣) ខេត្តសៀមរាប ត្រូវតែជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរ ដែលមានគុណភាពមកកម្សាន្ត ម្តងហើយម្តងទៀត ស្នាក់នៅយូរ និងចំណាយច្រើន អាចបង្កើននូវចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាប័ន្ន ។

លើសពីនេះ «ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ក៏នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុក «វិស័យទេសចរណ៍ជាមាសបៃតង» ក្នុងការចូលរួមដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព (Alternative Tourism/Quality Destination) មានការគ្រប់គ្រងលើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិឱ្យបានជាអតិបរមា សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន ។

តាមការព្យាករណ៍ក្នុងឆ្នាំ ២០៣៥ ទេសចរណ៍អន្តរជាតិនាំមកនូវចំណូលចំនួន ៤,៧៦៥លានដុល្លារ និងទេសចរណ៍ជាតិ នាំមកនូវចំណូលចំនួន ១,២៨០លានដុល្លារ ។ ចក្ខុវិស័យរបស់ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) គឺ «ការក្តាប់យកមកវិញនូវមោទនភាព ជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បងក្នុងតំបន់អាស៊ីអាគ្នេយ៍» ។

ដើម្បីសម្រេចបានចក្ខុវិស័យខាងលើនេះ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)» បានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន ០៧ រួមមាន៖

១) យុទ្ធសាស្រ្ដអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាប
២) យុទ្ធសាស្រ្ដវិនិយោគទេសចរណ៍ និងការអភិវឌ្ឍរបៀងទេសចរណ៍ថ្មីៗក្នុងខេត្តសៀមរាប
៣) យុទ្ធសាស្រ្ដអភិវឌ្ឍន៍ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់
៤) យុទ្ធសាស្រ្ដពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប
៥) យុទ្ធសាស្រ្ដក្នុងការគ្រប់គ្រងបរិស្ថានខេត្តសៀមរាប
៦) យុទ្ធសាស្រ្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ខេត្តសៀមរាប និង
៧) យុទ្ធសាស្រ្ដអភិបាលកិច្ចសម្រាប់ទ្រទ្រង់ ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប (ក្នុងនោះមានយុទ្ធសាស្រ្តចំនួន ៤៦ សកម្មភាពអនុវត្តចំនួន ១៥១ ដែលបានកំណត់រយៈពេលនៃការអនុវត្ត: រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង) ។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) នឹងត្រូវសម្រេចនៅក្នុងកិច្ចប្រជុំឆ្លងម្តងទៀតនៅចុងខែ តុលា ឆ្នាំ២០២០ ក្រោយពីការកែសម្រួល មុននឹងគោរពដាក់ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចដ៏ខ្ពស់ខ្ពស់៕

LG BRANDSHOP ផ្ដល់ជូនការបញ្ចុះតម្លៃ ទទួលបានគូប៉ុង 50ដុល្លារ និងបង់រំលស់គ្មានការប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ដោយ ៖ វាសនា

ភ្នំពេញ

នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ LG BRANDSHOP ដែលជាហាងទំនើប លក់គ្រឿងអេឡិចត្រូនិចម៉ាកសញ្ញ LG បានរៀបចំកម្មវិធីពិសេសជាច្រើនសំរាប់បំពេញតម្រូវការដល់អតិថិជន ដែលតែងតែគ្រាំទ្រម៉ាកសញ្ញា LG កន្លងមក នោះគឺកម្មវិធីលក់បញ្ចុះតម្លៃពិសេស រួមជាមួយការបង់រំលស់អត្រាការប្រាក់ 0 ភាគរយ ព្រមទាំងទទួលបាន កូប៉ុង 50 ដុល្លា និងមានការថែមជូនដោយឥតកំណត់ ភ្លាមៗ ។

កម្មវិធីពិសេសនេះចាប់ពីថ្ងៃទី 29 ខែ សីហាដល់ ថ្ងៃទី13 ខែ កញ្ញា ឆ្នាំ 2020 ។
LG BRANDSHOP មានដាក់តាំងបង្ហាញ និងមានលក់នូវរាល់ឧបករណ៍អេឡិចត្រូនិច របស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង សម្លេង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។

អតិថិជនទាំងអស់គ្នាអាចអញ្ជើញមកស្វែងរក និងទទួលយកនៅឱកាសដ៏ពិសេសនេះ នៅគ្រប់សាខាហាង LG BRANDSHOP ដែលមានអាសយដ្ឋានដូចខាងក្រោម ៖

1. LG BRANDSHOP រាជធានីភ្នំពេញ
-អគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ7មករា
-ទូរសព្ទលេខៈ023 888 299
2. LG BRANDSHOP ស្ទឹងមានជ័យ
-ផ្ទះលេខ 11A 12A ផ្លូវមុន្នីរ៉េត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-ទូរសព្ទលេខៈ 016 999 481
3. LG BRANDSHOP កំពត
– ផ្ទះលេខ គ្មាន ផ្លូវ លេខ3 ភូមិកំពង់បាយខាងជើង សង្កាត់កំបង់បាយ ក្រុងកំពត ខេត្តកំពត
– ទូរសព្ទលេខៈ BS 016 555 297 Service number 016 555 232
4. LG BRANDSHOP ទូលគោក
– ផ្ទះលេខ 41 ផ្លូវ 315 សង្កាត់បឹងកក់2 ខណ្ឌទួលគោគ ភ្នំពេញ
– ទូរសព្ទលេខ 016 999 654,
5. LG BRANDSHOP កាំកូ
-ផ្ទះលេខ 6-7 ផ្លូវឧកញ្ញាម៉ុងឬទ្ធី
-ទូរសព្ទលេខៈ 092 837 333
6. LG BRANDSHOP ផ្សារដើមគ
-ផ្ទះលេខ 189 AB ផ្លូវ217 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ
-ទូរសព្ទលេខ 016 888 301
. 8. LG BRANDSHOP ក្រុងតាខ្មៅ
– ផ្ទះលេខ 5-6A ផ្លូវលេខ21B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
-ទូរសព្ទលេខៈ 016 222 625
9. LG BRANDSHOP ក្រុងសៀមរាប
-អគារលេខ 503 ផ្លូវស៊ីវុត្ថា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
-ទូរសព្ទលេខៈ 063 966 199/016 999 624
10. LG BRANDSHOP ក្រុងបាត់ដំបង
-ផ្លូវលេខ1កែងផ្លូវ121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
-ទូរសព្ទលេខៈ 053 952 199
11. LG BRANDSHOP ក្រុងកំពង់ចាម
-អគារ LG ផ្លូវលេខ7 សង្កាត់វាលវង់ ក្រុងកំពង់ចាម
-ទូរសព្ទលេខៈ 042 210 299 /016 444 859
12. LG BRANDSHOP ក្រុងព្រះសីហនុ
-ដីឡូត៏លេខ382 វិថី 2 ធ្នូ ភូមិ 04 សង្កាត់លេខ4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-ទូរសព្ទលេខៈ 034 934 199/ 015 666 247
ទំនិញមានគុណភាព តម្លៃសមរម្យ សេវាកម្មល្អ
ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់សេវាកម្ម 023 222 699

ក្រុមហ៊ុនចិន បោះទុន១៥០លានដុល្លារនៅកម្ពុជា នឹងចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួននៅខែតុលា

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រុមហ៊ុន Marvel Garment ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ឈានមុខគេរបស់ប្រទេសចិន បាន និងកំពុងសាងសង់រោងចក្រផលិតថ្មី ចាប់តាំងពីខែមីនាឆ្នាំ ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

បន្ទាប់ពីសាងសង់បានមួយឆ្នាំកន្លះ ក្រុមហ៊ុនបានបញ្ចប់រោងចក្រផលិតដំណាក់កាលទី១ របស់ខ្លួន ហើយបានចាប់ផ្តើមជ្រើសរើសកម្មករ ដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅដើមខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដែលក្នុងដណាក់ដំបូង ក្រុមហ៊ុននឹងជ្រើសរើសកម្មករចំនួន ៥០០០ នាក់សម្រាប់ផលិម៉ាស ទៅកាន់ទីផ្សារជប៉ុន។ នេះបើយោងតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។

គម្រោងនេះត្រូវបានរចនាឡើងជាចង្កោមនៃរោងចក្រផលិតសម្លៀកបំពាក់ ដោយមានកាត់ដេរ បោះពុម្ព វេចខ្ចប់ និងឃ្លាំង គ្របដណ្តប់នៅលើផ្ទៃដី ៤៣ ហិកតា ក្នុងតំបន់ផលិតកម្មចំនួន ១៦ ត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ និងបានបង្កើតឱកាសការងារចំនួន ១៧,០០០កន្លែង។

លោក YAN DELIN អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Marvel Garment បានមានប្រសាសន៍ថា “យើងបានសម្រេចចិត្តឈានទៅមុខ ទោះបីមានពេលវេលាដ៏លំបាកនេះក៏ដោយ ដូច្នេះយើងអាចរៀបចំខ្លួនសម្រាប់ក្រោយជំងឺ COVID-19 បានបញ្ចប់។ តាមរយៈការធ្វើដូច្នេះ យើងនឹងបន្តបង្កើតឱកាសការងារបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា”។

កាលពីខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីបន្ថែមជាមួយក្រុមហ៊ុន Marvel Garment Co Ltd ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ឈានមុខគេមកពីប្រទេសចិន ខណៈគម្រោងពង្រីករោងចក្រផលិតកម្មនឹងបង្កើតការងារក្នុងស្រុកចំនួន ១៧,០០០កន្លែង។

លោក Yan បាននិយាយថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹងការជួលដីទំហំ ៦,៤ ហិកតាបន្ថែម និងជាសញ្ញានៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដើម្បីរួមគ្នាបង្កើតការងារ និងសេដ្ឋកិច្ចដ៏សំខាន់។
លោកបាននិយាយថា ក្រុមហ៊ុនបានចាប់ផ្តើមរៀបចំអន្តេវាសិកដ្ឋានរបស់កម្មករ និងកន្លែងនៅជុំវិញ ហើយលោករំពឹងថា គម្រោងនេះនឹងបង្កើតការងារក្នុងស្រុកចំនួន ១៧,០០០កន្លែង។លោក Yan បានថ្លែងបន្តថា “ខណៈកំពុងរៀបចំតំបន់ផលិតកម្ម យើងត្រូវរៀបចំកន្លែងរស់នៅជាមុនសម្រាប់កម្មករនាពេលអនាគត”។

កាលពីខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន Shenzhou International បានបើកការដ្ឋានសាងសង់រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីតម្លៃ ១៥០ លានដុល្លារអាមេរិកនៅកម្ពុជា បន្ទាប់ពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាអស់រយៈពេល ១៤ ឆ្នាំ។

យោងតាមរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការនាំចេញរបស់ប្រទេសកម្ពុជាតាមរយៈតំបន់សេដ្ឋកិច្ចពិសេស (SEZ) កាលពីឆ្នាំមុនបានកើនឡើងប្រហែល ២៧ ភាគរយជាមួយនឹងតម្លៃសរុបការនាំចេញបានកើនឡើង ២ ៦៨៨ លានដុល្លារកាលពីឆ្នាំមុន។ ក្រុមហ៊ុនចំនួន ៤៦៥ ដែលប្រតិបត្តិការនៅក្នុង SEZ ទាំង ៥៤ កន្លែងរបស់ប្រទេសកម្ពុជា ដែលផ្ដល់ការងារជាង ១០០០០០ នាក់៕

កម្ពុជាស្នើអាស៊ានធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅដើម្បីសម្រួលដល់លំហូរទំនិញក្នុងវិបត្តិសេដ្ឋកិច្ចសកល

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជាបានស្នើដល់ប្រទេសនៅក្នុងតំបន់អាស៊ាន ធ្វើសមាហរណកម្មតំបន់ ឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរ ទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩នេះ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងសុន្ទរកថាគន្លឹះថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ដែលសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ តាមប្រព័ន្ធវីដេអូ ឱ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោក បាននាំមកនូវបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដូចជា សុវត្ថិភាព សុខភាពសាធារណៈ ការបង្អាក់ ការប្រមូលផ្តុំ និងដំណើរការនៃសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសបានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលលោក។

សម្តេចថ្លែងថា “យើងត្រូវធ្វើការរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់យើង” ។

សម្តេចហេង សំរិនបន្តថា ជំងឺកូវីដ១៩ បានធ្វើឲ្យការរៀបចំមហាសន្និបាតលើកទី៤១ អន្តរសភាអាស៊ាននៅឆ្នាំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤នេះ បានប្រារព្ធធ្វើឡើងក្រោមមូលបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប”។

សម្តេចថា មូលបទខាងលើនេះ ពិតជាសមស្រប និងឆ្លុះបញ្ចាំងពីភាពចាំបាច់ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ប្រកបដោយឯកភាព សាមគ្គីភាព និងមជ្ឈភាព ដើម្បីជំរុញឱ្យអាស៊ានមានលទ្ធភាពចាប់យកឱកាស និងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។

សម្តេសបញ្ជាក់ថា សភាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពស្របច្បាប់ នៃស្ថាប័នពហុភាគី ជាពិសេស ការកសាងអាស៊ានជាស្ថាប័នមួយផ្អែកលើគោលការណ៍ច្បាប់ និងប្រកាន់យកប្រជាជនជាស្នូល។ “ស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់អាយប៉ា នៅតែមានជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ”។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

អន្តរសភាអាស៊ាន ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតាំង។

សម្តេចបញ្ជាក់ថា សភាកម្ពុជាគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការថែរក្សា និងលើកកម្ពស់ សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ការដោះស្រាយ ជម្លោះដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការការទូត ជៀសវាងការប្រើប្រាស់កម្លាំងអាវុធ៕

គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិចំនួន ៣ កំពុងប្រឈមមុខនឹងភាពជាប់គាំង

ដោយ ហ្សូលី

ភ្នំពេញ៖ ប្រទេសកម្ពុជាទទួលបានគម្រោងវិនិយោគសាងសង់អគារធំ និងខ្ពស់ៗ ដែលបម្រើលើវិស័យផ្សេងៗគ្នាជាច្រើន ប៉ុន្តែបច្ចុប្បន្ននេះដោយសារវិបត្តិនៃមេរោគរាតត្បាត Covid-19 បណ្តាលឱ្យគម្រោងអគារពាណិជ្ជកម្មខ្ពស់ជាងគេក្នុងកម្ពុជាចំនួន ៣ ប្រឈមនឹងភាពជាប់គាំង។

១.មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង
នេះជាគម្រោងសំណង់អគារភ្លោះ ដែលនឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងក្លាយទៅជាគម្រោងអភិវឌ្ឍសំណង់អគារដែលខ្ពស់ជាងគេនៅកម្ពុជា។ គម្រោងអគារភ្លោះនេះចំណាយទុនប្រមាណ ៣០០០លានដុល្លារ មានកម្ពស់រហូតដល់ទៅ ៥៦១.៧ ម៉ែត្រ ស្មើនឹង ១៣៣ ជាន់ សាងសង់លើផ្ទៃដីទំហំ ៤៩,៧៨២ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ រាជធានីភ្នំពេញ។ អគារនេះនឹងបម្រើដល់វិស័យចម្រុះដូចជា ការិយាល័យ សណ្ឋាគារ និងអាមាតមិនជាដើម។

តាមផែនការរបស់គម្រោង គ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០២៥។ បន្ទាប់ពីបញ្ចប់ការសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងទាក់ទាញវិនិយោគិន ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ ចូលមកក្នុងប្រទេសកាន់តែច្រើន។

កាលពីដើមឆ្នាំ ២០២០នេះ ក្រុមហ៊ុន ថៃប៊ុនរ៉ុង បានបង្ហើបព័ត៌មានពីគម្រោងសាងសង់អគារពហុមុខងារថ្មីមួយទផត នៅខេត្តព្រះសីហនុ ដែលសាងសង់លើផ្ទៃដីជាង ៧ម៉ឺនម៉ែត្រការ៉េ ប៉ុន្តែគម្រោងនេះស្ថិតនៅក្នុងតំណាក់កាលសិក្សានៅឡើយ។

២.មជ្ឈមណ្ឌលពាណិជ្ជកម្ម MGN Tower
បោះទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម រាជធានីភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក MGN Tower មានកម្ពស់ ៤៨៥ម៉ែត្រ ស្មើនឹង ៨៥ជាន់។ MGN Tower នឹងក្លាយជាទៅគម្រោងអគារលំដាប់ទី ២ នៅប្រទេសកម្ពុជា ដែលត្រៀមបម្រើលើវិស័យការិយាល័យ និងសណ្ឋាគារផងដែរ។ ការស្ថាបនាគម្រោងនេះត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតថ្មី និងបំពាក់ទៅដោយកញ្ចក់។

អាគារដ៏ទាក់ទាញនេះនឹងត្រូវសាងសង់នៅលើទីតាំងពាណិជ្ជកម្មនិងវប្បធម៌សម្រាប់ប្រជាពលរដ្ឋអាចរីករាយ នឹងបរិយាកាសនៃអគារខ្ពស់នៅក្នុងទីក្រុងដូចជា នៅទីក្រុងញូវយ៉ក សិង្ហបុរី ឬសាយហ្គន ជាដើម ។

៣.មជ្ឈមណ្ឌលពាណិជ្ជកម្ម Royal One

នេះក៏ជាគម្រោងអគារពាណិជ្ជកម្មភ្លោះមួយទៀត ដែលមានកម្ពស់ប្រមាណ ២៣០ ម៉ែត្រ ស្មើនឹង ៦២ ជាន់ មានទីតាំងស្ថិតនៅផ្លូវ ១១៤ កែងមហាវិថីព្រះមុនីវង្ស និងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មប្រជុំដោយអគារខ្ពស់ ៗដូចជា អគារកាណាឌីយ៉ា អគារវឌ្ឍនៈថៅវើរ រួមទាំងអគារ Exchange Square ជាដើម។

អគារនេះជាការវិនិយោគរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង សហការរួមគ្នាជាមួយក្រុមហ៊ុនចិន Huashi Group បោះទុនចំនួន ២៣០លានដុល្លារអាមេរិក។

អគារ Royal One នឹងប្រើប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ការិយាល័យ ខុនដូ និងផ្សារទំនើប។ សាងសង់លើផ្ទៃដីទំហំ ៤,០៣៦ ម៉ែត្រការ៉េ និងចំណាយរយៈពេលសាងសង់ចំនួន ៥ ឆ្នាំ ដែលនឹងបញ្ចប់ក្នុងឆ្នាំ ២០២២ ខាងមុខនេះ៕

ទីផ្សារឃ្លាំងជួលនៅតំបន់ជាយក្រុងកំពុងផ្ដល់ឱកាសចំណេញដល់អ្នកវិនិយោគ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ការវិនិយោគទៅលើសំណង់ឃ្លាំងនៅតាមបណ្តាជាយក្រុង ជាពិសេសនៅតំបន់ដែលមានគម្រោងប្រមូលផ្តុំទៅដោយសំណង់រោងចក្រសហគ្រាសនានា ដូចជាតាមបណ្តោយជាតិលេខ៥១ តំបន់ផ្លូវជាតិលេខ៤ និងតំបន់ផ្លូវជាតិលេខ១ បច្ចុប្បន្នគេសង្កេតឃើញថាកំពុងតែមានសកម្មភាពយ៉ាងផុលផុស ខណៈដែលតម្រូវការទីផ្សារកំពុងមាន។

ស្ថាបនិកក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក សៅ សាខុំ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះថា បច្ចុប្បន្នទីផ្សារដែលស្ថិតនៅតាមតំបន់ជាយក្រុងភាគច្រើនសុទ្ធតែមានតម្រូវជួល ជាពិសេសសំណង់ឃ្លាំងដែលស្ថិតនៅតាមតំបន់សំខាន់ៗដូចជាតំបន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ផ្លូវជាតិ៤ ផ្លូវជាតិលេខ៥១ រួមជាមួយនឹងតំបន់មួយចំនួនទៀតដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលក្រុង។

លោក សៅ សាខុំ បានមានប្រសាសន៍បន្តទៀតថា “ទីផ្សារឃ្លាំងត្រូវបានគេបែងចែកជាឃ្លាំងគ្មានស្ដង់ដា ដែលមានត្រឹមតែជាអគារ ឬជារោងបិតជិតមានទំហំ និងប្រភេទឃ្លាំងមានស្ដងដាដែលត្រូវបានសាងសង់នៅទីតាំងល្អ មានហេដ្ឋារចនាសម្ព័ន្ធ មានបំពាក់បរិក្ខាត្រឹមត្រូវ ហើយនៅក្នុងប្រភេទឃ្លាំស្ដង់ដានេះ ក៏មានការបែងចែកចេញជាកម្រិត Aកម្រិត B និងកម្រិត C ហើយតម្លៃក៏មានភាពខុសគ្នាដែរ”។

លោកបន្តថា “សម្រាប់អ្នកដែលគាត់វិនិយោគទៅលើសំណង់ឃ្លាំង គឺអាចទទួលបានចំណេញ២យ៉ាងក្នុងពេលតែមួយ ដែលក្រៅពីអាចទទួលបានចំណូលតាមរយៈការជួលប្រចាំខែ ឬប្រចាំឆ្នាំ គាត់ក៏អាចទទួលបានចំណេញពីអត្រានៃការឡើងថ្លៃតម្លៃដីផងដែរ ព្រោះជាធម្មតានៅពេលដែលមានសំណង់ឃ្លាំង សំណង់រោងចក្រផ្សេងៗ តែងជំរុញឱ្យសកម្មភាពទីផ្សារដីធ្លីមានការកើនឡើង ប៉ុន្តែអ្វីដែលសំខាន់ អ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍មុនពេលសម្រេចចិត្តបណ្តាក់ទុនគម្បីត្រូវពិនិត្យឱ្យបានច្បាស់ទៅលើទីតាំង ស្ថានភាពដី និងតម្លៃដីមុនពេលវិនិយោគ ជៀសវាងសាងសង់រួចមិនមានអ្នកជួល”។

ពាក់ព័ន្ធទៅនឹងទីផ្សារឃ្លាំង លោក ខាត់ សុវណ្ណ ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Cam Top Property ធ្លាប់បានមានប្រសាសន៍ថា ការវិនិយោគលើឃ្លាំងសម្រាប់ជួល ជាការវិនិយោគលើផ្នែកអចលនទ្រព្យផងដែរ ប៉ុន្តែហាក់មិនសូវមានការពេញនិយមច្រើននោះទេ ខណៈតម្រូវការលើឃ្លាំងសម្រាប់ជួលកើនឡើងជាប្រចាំ និងរកប្រាក់ចំណេញបានច្រើន។

លោកបន្តថា “ការវិនិយោគលើឃ្លាំងសម្រាប់ជួល ប្រសិនជាឃ្លាំងមិនមានស្តង់ដាអាចជួលបានចន្លោះពី១,២ ទៅ២ដុល្លារ ប៉ុន្តែឃ្លាំងមានស្តង់ដាអាចជួលបានចន្លោះពី២ ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះ អាស្រ័យទៅតាមទីតាំង ការបំពាក់បរិក្ខា និងតម្រូវការជាក់ស្ដែងរបស់អតិថិជន”៕

មន្ត្រីក្រសួងទេសចរណ៍ ៖ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបសម្រាប់ប្រកួតប្រជែងទីផ្សារពិភពលោក

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍បានអះអាងថា ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ គឺមានគោលបំណង ធ្វើឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។

លោក នី ផល្លី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំស្ដីពីសេចក្ដីព្រាងបឋមនៃផែនការមេសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍នៅខេត្តកែប កាលពីម្សិលមិញនេះ បានឱ្យដឹងថា ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ តាមរយៈការបង្កើនគុណភាពផលិតផលទេសចរណ៍ដែលមានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗថែមទៀត ដើម្បីពន្យារការស្នាក់នៅរបស់ទេសចរនៅគ្រប់រដូវកាលឲ្យបានកាន់តែយូរ។

លោកបន្តថា ម្យ៉ាងទៀត ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបធានាដល់ចីរភាពនៃការអភិវឌ្ឍ និងធនធានធម្មជាតិ និងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសធានាដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ និងគាំទ្រយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការអន្តរក្រសួង ដែលបានបន្ថែមខេត្ត២ទៀត គឺខេត្តកែប និងខេត្តមណ្ឌលគីរី អោយក្លាយជាគោលដៅទេសចរសម្រាប់ប្រទេសកម្ពុជា។

លោកបានជំរុញឱ្យក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ត្រូវធ្វើយ៉ាងណា ខិតខំពិភាក្សាស្វែករកចំណុចល្អៗ និងរកបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលើកជាគម្រោងចូលក្នុងផែនការមេវិស័យទេសចរណ៍នេះឱ្យបានគ្រប់គ្រាន់។

បើតាមក្រសួងទេសចរណ៍ បន្ទាប់ពីមានការកែសម្រួល ឬមានការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាល ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះនឹងត្រូវយកមកអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ និងអាចមានការពិនិត្យកែសម្រួលសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត៕

សេដ្ឋកិច្ច​វៀតណាម​រះ​ឡើង​ត្រដែត ខណៈ​ប្រទេស​អាស៊ាន​ដទៃទៀតធ្លាក់ចុះ​ជាង ៤ភាគរយ

ដោយ ហ្សូ​លី

ភ្នំពេញៈ យោងតាម​របាយការណ៍​ចក្ខុវិស័យ​សេដ្ឋកិច្ច​សាកល ចុងក្រោយ​របស់​ក្រុមហ៊ុន Oxford Economics ដែល​ទទួលបន្ទុក​ដោយ​ស្ថាប័ន គណនេយ្យ​អចិន្ត្រៃយ៍ ICAEW បានឱ្យដឹងថា ទស្សនវិស័យ​នៃ​ការ​ស្តារឡើងវិញ ដែល​ភ្លឺស្វាង​បំផុត​គឺ​ប្រទេស​វៀតណាម។

រដ្ឋាភិបាល​វៀតណាម​រំ​ពឹង​ថា សេដ្ឋកិច្ច​នឹង​កើនឡើង២,០-២.៥ ភាគរយ​នៅ​ឆ្នាំ ២០២០ ។ ដើម្បី​ជម្រុញ​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន វៀតណាម​ក៏​នឹង​ចាប់ផ្តើម​ជើងហោះហើរ​ពាណិជ្ជកម្ម​អន្តរជាតិ ទៅកាន់​ទីក្រុង​ចំនួន៦នៅ​អាស៊ី​រួមមាន ក្វាង​ចូ​វ សេ​អ៊ូ​ល វៀង​ចន្ទ ភ្នំពេញ តៃប៉ិ​និង​តូ​ក្យូ។

ទោះជា​យ៉ាងណា គេ​ក៏​បន្ត​មើលឃើញ​ភាពមិន​ប្រកដប្រជា នៃ​សេដ្ឋកិច្ច​វៀតណាម និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ផងដែរ ក្នុង​កំឡុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំនេះ។

លោក Mark Billington សេដ្ឋវិទូ​ប្រចាំ​តំបន់​មហា​យក្ស​ចិន និង​អាស៊ីអាគ្នេយ៍​បាន​មានប្រសាសន៍ថា“ ផ្លូវ​ឆ្ពោះទៅរក​ការ​ងើប​ឡើងវិញ សម្រាប់​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍ នឹង​ក្លាយជា​ផ្លូវ​ដ៏​វែង​មួយ ដោយសារ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន។ ការថយចុះ​សកម្មភាព​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​រយៈពេល​វែង​និង​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19 មាន​ឥទ្ធិពល​លើ​ចក្ខុវិស័យ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់” ។

ជាក់ស្តែង​សេដ្ឋកិច្ច ដែលមាន​ការទប់ស្កាត់​ការ​ផ្ទុះឡើង​យ៉ាងខ្លាំង ដូចជា ប្រទេស​ថៃ និង​វៀតណាម នឹងមាន​ការ​ងើប​ឡើងវិញ​ខ្លាំង ជាង​ប្រទេស​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ដែល​កំពុង​ប្រយុទ្ធ​នឹង​រលក​ថ្មី នៃ​ការ​ផ្ទុះឡើង​នៃ Covid-19 បន្ទាប់ពី​ការ​រឹតត្បិត​ត្រូវបាន​បន្ធូរបន្ថយ​មុនពេល​កំណត់៕

ក្រុមហ៊ុន​កូរ៉េ​ធំ​មួយ​គ្រោង​បោះទុន​វិនិយោគ ២០លាន​ដុល្លារ ដើម្បី​ផលិត​កង់​បី​អគ្គិសនីក្នុងការ​ផ្គត់ផ្គង់​ដល់​កម្ពុជា

ដោយៈ​ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន TADA ជា​ក្រុមហ៊ុន​កូរ៉េ គ្រោង​បោះទុន​វិនិយោគ​បន្ថែម​ជាង២០លាន​ដុល្លារ ដើម្បី​ផលិត​កង់​បី​ដោយ​ប្រើប្រាស់​អគ្គិសនី ក្នុងការ​ផ្គត់ផ្គង់​ដល់​កម្ពុជា​និង​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​អាស៊ាន។

ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅក្នុង​ប្រទេស​កូរ៉េ លោក ឡុង ឌី​ម៉​ង់ បាន​សរសេ​លើ​គណនី​បណ្តាញ​សង្គម​នៅ​ល្ងាច​ទី៧ ខែកញ្ញា ឆ្នាំ២០២០កន្លងមក​ថា លោក​អគ្គនាយក​ក្រុមហ៊ុន TADA ជា​ក្រុមហ៊ុន​កូរ៉េ​ដែល​បាន និង​កំពុង​ប្រតិបត្តិការ​ម៉ូតូ​កង់​បី នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី PassApp និង Grab នឹងមាន​គម្រោង​ដាក់ទុន​វិនិយោគ​បន្ថែម​ជាង២០ លាន​ដុល្លារ ដើម្បី​ផលិត​កង់​បី​ដោយ​ប្រើប្រាស់​អគ្គិសនី ក្នុង​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ថាមពល​ស្អាត​ព្រមទាំង​ត្រៀម​ពង្រីក ទៅ​បណ្ដា​ប្រទេស​ដទៃទៀត នៅក្នុង​អាស៊ាន​ដោយ​ផ្ដើមចេញពី​កម្ពុជា។

លោក​បាន​បន្តថា “ម​ហិ​ច្ច​តា​របស់​ក្រុមហ៊ុន​នេះ គឺ​ឆ្ពោះទៅ​ដណ្ដើម​ទីផ្សារ​ក្នុង​សេវា​ដឹកជញ្ជូន​កង់​បី​នៅ​កម្ពុជា​យើង” ។

កាលពី​ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុន​អាជីវកម្ម​ចល័ត MVL ដែល​បាន​ដំណើរការ​កម្មវិធី​ធ្វើដំណើរ TADA នៅ​តំបន់​អាស៊ីអាគ្នេយ៍ បានទទួល​ប្រាក់​វិនិយោគទុន​បន្ថែម៥លាន​ដុល្លារ​ក្នុង​កិច្ចព្រមព្រៀង​មួយថ្មីៗនេះ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Central ។ មកទល់ពេលនេះ ក្រុមហ៊ុន MVL បានទទួល​ប្រាក់​វិនិយោគទុន​សរុប​ចំនួន ១៣,៤ លាន​ដុល្លារ​ហើយ​ក្នុង​រយៈពេល ២ ឆ្នាំ​នៃ​ដំណើរការ​សេវាកម្ម​របស់ខ្លួន។

MVL មាន​អ្នកប្រើប្រាស់​រហូតដល់​ទៅ៦០ម៉ឺន​នាក់ នៅក្នុង​ប្រទេស​សិង្ហ​បុរី វៀតណាម និង​កម្ពុជា ជាមួយនឹង​គោលការណ៍​សេវាកម្ម មិន​កាត់​កម្រៃជើងសារ​ដ៏​ពិសេស​របស់ខ្លួន។ MVL មាន​គម្រោង​ផលិត​តុ​ក​តុ​ក​អគ្គិសនី ដើម្បី​ចែកចាយ​ទៅក្នុង​ទីផ្សារ​អាស៊ីអាគ្នេយ៍ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Myung-shin ដែលជា​ក្រុមហ៊ុន​ផលិត​យានយន្ត​អគ្គិសនី​មួយ​មាន​រោងចក្រ​ផលិត​នៅ​ប្រទេស​កូរ៉េខាងត្បូង។

ផ្អែកលើ​ហិរញ្ញប្បទាន​នេះ MVL មាន​គម្រោង​ក្នុងការ​ព​ន្លឿ​ន​ផែនការ​របស់ខ្លួន​បន្ថែ​ម​ទៀត ក្នុងការ​ផ្គត់ផ្គង់​យានយន្ត​អគ្គិសនី នៅក្នុង​ទីផ្សារ​អាស៊ីអាគ្នេយ៍។ MVL មាន​គោលបំណង​ចែកចាយ និង​លក់​រហូតដល់ ១ម៉ឺន​គ្រឿង​តុ​ក​តុ​ក​អគ្គិសនី នៅក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​ក្រោយនេះ។

លោក Kay Woo នាយក​ប្រតិបត្តិ​របស់ MVL មានប្រសាសន៍ថា “ការមិន​កាត់​កម្រៃជើងសារ​ពី​អ្នកបើកបរ គឺជា​អត្ថប្រយោជន៍​ធំ​បំផុត​របស់ TADA ។ ជាមួយនឹង​គោលការណ៍​មិន​កាត់​កម្រៃជើងសារ​នេះ យើង​នឹង​អាច​ចែកចាយ​តុ​ក​តុ​ក​អគ្គិសនី​នេះ យ៉ាង​លឿន​ទៅកាន់​អ្នកប្រើប្រាស់​កម្មវិធី​រហូត​ដល់ ៦០ម៉ឺន​នាក់ និង​នាំចូល​ចល័តភាព​បែប​ច្នៃប្រឌិត​ថ្មី​មកកាន់​ទីផ្សារ​អាស៊ីអាគ្នេយ៍” ៕