តម្រូវការទីផ្សារក្នុងស្រុកជាឆ្អឹងខ្នងយ៉ាងរឹងមាំសម្រាប់វិស័យលំនៅដ្ឋាននៅកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ខុសប្លែកពីវិស័យធំៗមួយចំនួនដែលទទួលរងនូវផលប៉ះពាល់យ៉ាងពីវិបត្តិនៃជំងឺឆ្លង សម្រាប់តែទីផ្សារលំនៅដ្ឋាននៅកម្ពុជាគឺនៅតែអាចរក្សាបាននូវភាពរឹងមាំជាមួយសកម្មភាពវិនិយោគ អភិវឌ្ឍន៍ និងតម្រូវការទីផ្សារក្នុងស្រុកនៅតែបន្តមាន។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា ទីផ្សារលំនៅដ្ឋាននៅពេលពេលបច្ចុប្បន្ន គឺនៅតែមានភាពរឹងមាំខុសប្លែកពីវិស័យដទៃទៀតដោយសារតែទីផ្សារ និងតម្រូវការពិតប្រាកដគឺផ្តើមចេញពីអ្នកនៅក្នុងស្រុក។
លោកស្រីបញ្ជាក់ថា “ការះអភិវឌ្ឍន៍នានានៅក្នុងវិស័យលំនៅដ្ឋានគឺផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុកមិនមែនមកពីក្រៅប្រទេសនោះទេ ហើយអ្នកអភិវឌ្ឍន៍ក៏បានសិក្សាយ៉ាងច្បាស់ទៅលើកម្រិតនៃតម្រូវការ រួមជាមួយលទ្ធភាពរបស់អតិថិជនគោលរបស់ពួកគេ ដូច្នេះរាល់គម្រោងអភិវឌ្ឍទាំងអស់ភាគច្រើនមិនជាប់គាំងនោះទេ ហើយមានអត្រាទទួលបានភាពជោគជ័យខ្ពស់”។

លោកស្រីបន្តថា “ខ្ញុំជឿជាក់ថា នៅឆ្នាំ២០២១ខាងមុខនេះ ទីផ្សារអចលនទ្រព្យរួមនឹងវិលត្រឡប់មករកភាពល្អប្រសើរវិញជាបណ្តើរ ខណៈដែលបច្ចុប្បន្ននេះលទ្ធផលនៃការប្រើប្រាស់ថ្នាំបង្ការ ឬវ៉ាក់សាំងការពារជំងឺឆ្លង ត្រូវបានចាប់ផ្តើមអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួន ហើយរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ក្នុងការនាំយកវ៉ាក់សាំងមកកាន់កម្ពុជាក្នុងពេលឆាប់ខាងមុខនេះផងដែរ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ថា “វិស័យលំនៅដ្ឋាននៅកម្ពុជានឹងមានសន្ទុះឡើងវិញលឿនជាងវិស័យដទៃទៀត ដែលយ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ អាចនឹងមានភាពរស់រវើកដូចឆ្នាំ២០១៩”។

លោកបានបញ្ជាក់ថា “ទីផ្សារលំនៅដ្ឋានដែលអូសបន្លាយរយៈពេលខ្លីជាងផ្នែកដទៃក្រោមវិបត្តិសេដ្ឋកិច្ចនេះ ក៏ព្រោះតែវាមានតម្រូវការខ្ពស់ ចឹងអ្នកដែលគ្មានលំនៅដ្ឋានស្នាក់នៅកម្មសិទ្ធិនឹងស្វះស្វែងរកវិធីសាស្ត្រក្នុងការទិញដើម្បីបំពេញតម្រូវការរបស់ខ្លួន ដែលខុសពីផ្នែកដទៃទៀតដូចជាការវិនិយោគ និងអភិវឌ្ឍន៍លើសំណង់អគារធំៗ ឬគម្រោងធំៗភាគច្រើនគឺពាក់ព័ន្ធ និងពឹងផ្អែកទៅលើកត្តាសេដ្ឋកិច្ចប្រទេស និងកត្តានយោបាយ ដូច្នេះទាល់តែសេដ្ឋកិច្ច និងនយោបាយមានភាពល្អប្រសើរទើបអាចមានសកម្មភាពឡើងវិញ”។

លោកបញ្ជាក់ថា “បើទោះទីផ្សារលំនៅដ្ឋានមានភាពល្អប្រសើរជាងគេ ប៉ុន្តែវាល្អប្រសើរតែប្រភេទលំនៅដ្ឋានដែលមានតម្លៃសមរម្យសមស្របទៅនឹងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើនតែប៉ុណ្ណោះ ពោលគឺជាប្រភេទលំនៅដ្ឋានដែលត្រូវបានដាក់លក់ក្នុងតម្លៃក្រោម៧ម៉ឺនដុល្លារតែប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here