ដោយស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលការបុកគ្រឹះ ដើម្បីទប់ដីនៅជុំវិញបរិវេណអាគារពាណិជ្ជកម្មលំដាប់ពិភពលោកបានឈានដល់ជិតបញ្ចប់ និងការបុកគ្រឹះសាងសង់អាគារនេះបាននិងកំពុងប្រព្រឹត្តទៅ គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ Thai Boonrong Twin Tower នឹងក្លាយជា Landmark ដ៏អស្ចារ្យមួយសម្រាប់រាជធានីភ្នំពេញ។
តើរចនាសម្ព័ន្ឋនិងជាន់និមួយៗ នៃអាគារភ្លោះកំពស់៥៦៨ម៉ែត្រនេះ មានការរៀបចំពិសេសៗយ៉ាងដូចម្តេច គេហទំព័រ Propertyarea.asia សូមនាំមិត្តអ្នកអានទៅសិក្សាស្វែងយល់ទាំងអស់គ្នា។
យោងតាមវីដេអូនៃគំរោងនេះបានឲ្យដឹងថា គំរោងនេះមានអនុមាតក្បាលដីទំហំ៥០,០០០ម៉ែត្រការ៉េ ដែលមានទំហំអាគារសរុប១,៥២លានម៉ែត្រការ៉េ ដោយបែងចែកពីជាន់ទី១ ដល់ជាន់ទី១០ ជាទីតាំងផ្សារទំនើបលំដាប់អន្តរជាតិ។ ការិយាល័យលំដាប់5A សណ្ឋាគារលំដាប់ផ្កាយ៥ អាផាតម៉ិន និងលំនៅដ្ឋានយ៉ាងប្រណីត។ ក្នុងចំណោមជាន់ទាំង១០ផ្នែកខាងក្រោម គឺពីជាន់ទី១ដល់ជាន់ទី៤អាគឺជាហាងលក់ទំនិញ ដែលមានទំហំ១៦៣,០០០ម៉ែត្រការ៉េ ដែលមានផ្លូវថ្មើជើង ដែលផ្តល់ម្លប់សម្រាប់អតិថិជនអាចសម្រាក និងទទួលបានផាសុខភាព។
នៅពីលើហាងលក់ទំនិញ គឺជាច្រកចូលសំខាន់ដែលមានការបំពាក់អេក្រង់ LED ដ៏ធំ ដែលអាចផ្សាយពាណិជ្ជកម្មបានគ្រប់សណ្ឋាន។
ជាមួយគ្នានេះ មជ្ឈមណ្ឌលលំដាប់ពិភពលោកនេះ ក៏មានរានហាលចំនួន១១ជាន់ ដែលមានសួនច្បារ ហាងអាហារ សកម្មភាពកំសាន្ត។ នៅលើជាន់ទី១២មានលំនៅដ្ឋានដ៏ប្រណីតដែលមានផ្ទះ៨០០យូនីត និងមានទំហំ២៥០,០០០ម៉ែត្រការ៉េ ដោយផ្ទះមានទំហំចាប់ពី៦០ដល់២៦៨ម៉ែត្រការ៉េ។ លំនៅដ្ឋាននេះ មានការរចនាយ៉ាងពិសេសសំរាប់មនុស្សលំដាប់ខ្ពស់ និងឥស្សរជននានា។
ចាប់ពីជាន់ទី១២ ដល់ជាន់ទី២១ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ការទិញលក់ភាគហ៊ុន ការជួញដូរភាគហ៊ុនលំដាប់ពិភពលោក។ ជាការិយាល័យស្នាក់ការកណ្តាលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន ដែលការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន បានធ្វើឲ្យពិភពលោកសម្លឹងមកកម្ពុជាកាន់តែច្រើនជាងមុន និងច្បាស់ជាងមុន។ អាគារនេះក៏មានសាលប្រជុំ ទីតាំងរៀបចំពិធនានាដែលអាចទទួលភ្ញៀវ បានចាប់ពី១០០០ដល់៣០០០នាក់ជាដើម។
វីដេអូដដែលបានបង្ហាញទៀតថា ចាប់ពីជាន់ទី២៣ ដល់ជាន់ទី៦០ជាទីតាំងការិយាល័យ ដែលមានកម្រិត5A ដែលក្នុងមួយជាន់មានទំហំជាង៣៨០០ម៉ែត្រការ៉េ ដែលមានការបំពាក់សម្ភារៈការិយាល័យប្រណីតលំដាប់កំពូល និងវាក្លាយជាទីតាំងការិយាល័យប្រកបផាសុខភាព និងការគ្រប់គ្រងលំដាប់អន្តរជាតិ។
ជាន់ទី៦១ដល់ជាន់ទី១០០ គឺជាទីតាំងសម្រាប់អាផាតម៉ិនលំដាប់ផ្កាយ៥ ដែលមានការគ្រប់គ្រងសេវាកម្មបែបសណ្ឋាគារ សម្រាប់អតិថិជនតាមចំណង់ចំណូលចិត្ត និងយូនីតនិមួយៗមានគ្រប់ទំហំ ដើម្បីឆ្លើយតបតម្រូវការបស់អតិថិជនលំដាប់ខ្ពស់។
ចាប់ពីជាន់ទី១០១ ដល់ជាន់១៣២ ជាទីតាំងសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានការរចនាយ៉ាងពិសេស និងអាចគយគន់ទិដ្ឋភាពក្រុងភ្នំពេញ បានយ៉ាងប្រណីត និងជាន់ទី១៣៣ ជាទីតាំងសម្រាប់គយគន់ទេសភាពក្រុងភ្នំពេញ និងបើកឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអាចទស្សនាបាន។
ពិសេសជាងនេះ គឺសណ្ឋាគារដែលមានការបែងចែកខុសៗគ្នា គឺជាសណ្ឋាគារសម្រាប់ទទួលប្រធានាធិបតី នាយករដ្ឋមន្ត្រី និងឥស្សរជនលំដាប់ខ្ពស់មកពីជុំវិញពិភពលោក។
អ្វីកាន់តែពិសេសគឺជាន់កំពូល នៃមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ អាចចតឧទ្ឋម្ភាចក្រអាចចុះចតបាន ដែលមានច្រកចេញចូលយ៉ាងងាយស្រួល និងសុវត្ថិភាពបំផុត៕
ខណៈគំរោងកំពុងឆ្ពោះទៅមុខ តោះទៅមើលពីការបែងចែកជាន់និមួយៗនៃអាគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុងមានលក្ខណៈពិសេសៗបែបណា?