តើ​ការប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​លក់​អចលនទ្រព្យ​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ?

ដោយ វុត្ថា

ភ្នំពេញៈ បើទោះបី​បច្ចុប្បន្ននេះ​ការលក់​អចលនទ្រព្យ នៅតាម​បណ្តាញ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រជាប្រិយភាព និង​កើនឡើង​ខ្លាំង​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​យ៉ាងណាក្តី ត្រូវបាន​អ្នក​អភិវឌ្ឍន៍​អះអាងថា ការលក់​នៅតាម​បណ្តាញ​សង្គម​នេះ មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន។

លោក​ម៉ាន់ ចាន់​ឌី អគ្គ​នាយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ Premier Group បានឱ្យដឹងថា ការលក់​អចលនទ្រព្យ នៅតាម​បណ្តាញ​សង្គម Facebook ពី​ភ្នាក់ងារ និង​ក្រុមហ៊ុន​មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ស្របពេល​ប​បណ្តាញ​សង្គម​នេះ មាន​ភាពងាយស្រួល និង​រីកចំរើន  ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន។

លោក​ពន្យល់ថា “បច្ចេកវិទ្យា​វា​បង្ក​ភាពងាយស្រួល ដល់​អ្នកលក់ និង​អភិវឌ្ឍន៍​អចលនទ្រព្យ​ទូទៅ ដោយ​អ្នកខ្លះ​បាន​ឡាយ​លក់ តាមរយៈ​ផេ​ក​ផ្ទាល់ខ្លួន ឬ ផេ​ក​ក្រុមហ៊ុន ប៉ុន្តែ​មាន​អ្នកលក់​មួយចំនួន​បាន​ឆបោក និង​បរិយាយ​ខុសពី​ការពិត នៃ​គម្រោង​របស់ខ្លួន​ក្នុង​ចេតនា​ទាញ​ចំណាប់អារម្មណ៍ ពី​អតិថិជន​ដែល​ប្រការនេះ ទាម​ឱ្យមាន​ការជួប​តទល់ (Face To Face)”។

លោក​ពន្យល់​ទៀតថា ការជួប​តទៅ​រវាង​អ្នកលក់ និង​អ្នកទិញ គឺ​បង្កលក្ខណៈ​ស្និត​ស្នាល យោគយល់ និង​ផ្តល់​ទំនុកចិត្ត​ដល់​គ្នា​ទៅវិញទៅមក ជាពិសេស​អ្នកលក់​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកទិញ​ដែលជា​អតិថិជន​របស់ខ្លួន បើ​យើង​ឡាយ​លក់ គឺ​មិនបាន​ផ្តល់​ទំនុកចិត្ត​ខ្លាំង​នោះទេ ខណៈដែល​យើង​គ្រាន់តែ​ពន្យល់ និង​បរិយាយ​ពី​គម្រោង​ខ្លួន ដែល​ពេលខ្លះ​បរិយាយ​ខុសពី​ការពិត។

លោក​ម៉ាន់ ច័ន្ទ​ឌី​បាន​បន្ថែមថា ក្នុងនាម​ជា​អ្នកលក់​អចលនទ្រព្យ គ្រប់​ប្រភេទ​បើទោះបី​ឡាយ​លក់ ឬ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម Facebook ឬ​លក់​ទល់មុខ ទាមទារ   ឱ្យមាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ខ្ពស់ ដើម្បីឱ្យ​ទីផ្សារ​មួយ​នេះ​មាន​ភាព​រីកចំរើន និង​ឈរជើង​នៅក្នុង​ទីផ្សារ​មាន​ភាព​យូ​អង្វែង៕

តំបន់​កោះ​ទាំង ៣៥ទីតាំង នៅក្នុង​ខេត្តកោះកុង កំពុង​រង់ចាំ​ស្វាគមន៍​ការវិនិយោគពី​វិស័យ​ឯកជន

ដោយៈ​រ៉ា​ណេ​ត

កោះកុងៈ មិន​ចាញ់​សក្ដានុពល​ខេត្ត​ព្រះសីហនុ​ប៉ុន្មាន​នោះទេ សម្រាប់​ខេត្ត​ជាប់​សមុទ្រ​កោះកុង មាន​តំបន់​កោះ​អនុគ្រោះ​ផល ដល់​ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ រហូតដល់៣៥ទីតាំង ដែល​កំពុង​ទន្ទឹងរង់ចាំ ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍន៍។

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង លោក សា​គុណ ភក្ដី បាន​ប្រាប់ឱ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០កន្លងមក​ថា កោះកុង​គឺជា​ខេត្ត​ដែលមាន​សក្ដានុពល​ទាំង​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍ មិន​ចាញ់​ខេត្ត​ដទៃទៀត​ដែល​ស្ថិត​ជាប់​តំបន់​សមុទ្រ​នោះទេ ផ្ទុយទៅវិញ​អាចមាន​ភាព​ទាក់ទាញ​ខ្លាំង ក្រោយពេល​គម្រោង​សាងសង់ និង​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ទូទាំង​ខេត្ត​ត្រូវ​បានបញ្ចប់​ទាំងស្រុង ។

លោក​បន្តថា “សម្រាប់តែ​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​ស្ថិតនៅក្នុង​ខេត្ត មិន​ថា​តំបន់ឆ្នេរ និង​តំបន់​កោះ​នោះទេ សុទ្ធ​តែមាន​ភាព​ទាក់ទាញ ជាពិសេស​តំបន់​ព្រៃកោងកាង​ជាច្រើន​ទីតាំង សុទ្ធតែ​អំណោយផល​ដល់​វិស័យ​ទេសចរណ៍​ទាំងអស់ ហើយ​ជា​រៀងរាល់ខែ​បាន​ស្រូប​ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់” ។

ក្នុងចំណោម​ឆ្នេរសមុទ្រ​ប្រទេស​កម្ពុជា ដែលមាន​ប្រវែង​ប្រហែល៤៤០គីឡូម៉ែត្រ ខេត្តកោះកុង ត្រូវបាន​ដឹងថា​ជា​ខេត្ត ដែលមាន​ឆ្នេរ​វែង​ជាងគេ​គឺ​ប្រហែល២៣៧គីឡូម៉ែត្រ ដោយ​លាតសន្ធឹង​ចាប់ពី​ចំណុច​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ត្រាត​ប្រទេស​ថៃ ដល់​ឃុំ​ជ្រោយ​ស្វាយ ស្រុក​ស្រែអំបិល​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ព្រះសីហនុ ។ ដោយឡែក កោះ​នៅក្នុង​លម្ហ​សមុទ្រ​មាន២៣ និង​កោះ​នៅក្នុង​ព្រែ​កមាន១២សរុប៣៥កោះ ។

ជាមួយនឹង​ភាពអំណោយ​ផល ដល់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​ខេត្ត លោក សា​គុណ ភក្ដី បាន​បញ្ជាក់ថា កោះ​ដែលមាន​ទេសចរ​ទៅ​កម្សាន្ត​ច្រើន កាលពីពេល​កន្លងទៅ ក៏ដូចជា​បច្ចុប្បន្ន​រួមមាន កោះ​ស្ដេច កោះ​រីករាយ កោះ​ស្មាច់ កោះ​ខ្មោច កោះកុង​ក្រៅ ដែល​កោះ​ទាំងនេះ​មាន​ភាពស្រស់ស្អាត ទាំង​ទេសភាព​នៃ​តំបន់​កោះ និង​តំបន់ឆ្នេរ ថែមទាំង​មាន​ជា​ប្រភេទ​អាហារ​សមុទ្រ ដែល​លក់​ដោយ​អ្នកភូមិ​សហគមន៍ ព្រមទាំង​មាន​កន្លែង​ស្នាក់នៅ​រយៈពេល​ខ្លី​ផងដែរ ។

លោក​បន្តថា “បច្ចុប្បន្ននេះ​ទោះជា​តំបន់​កោះ​ជាច្រើន នៅក្នុង​ខេត្ត​ទាំង​នៅ​តំបន់​ដែនសមុទ្រ ទាំង​នៅ​តំបន់​ព្រែក នៅ​មិនទាន់មាន​ក្រុមហ៊ុន​ឯកជន ចូលទៅ​ធ្វើការ​វិនិយោគ និង​អភិវឌ្ឍន៍​បង្កើន​ភាព​ទាក់ទាញ បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​កម្សាន្ត​ដូច​បណ្តា​ខេត្ត​ដទៃទៀត​នោះទេ” ។

លោក​បន្តថា “ប្រសិនបើ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន ក្នុងការ​រៀបចំ និង​អភិវឌ្ឍន៍​បន្ថែម​ខ្ញុំ​ជឿជាក់ថា ភាព​រីកចម្រើន​នឹង​អាច​ទទួលបាន​ទាំងអស់គ្នា ទាំង​អ្នកវិនិយោគ ទាំង​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​នៅក្នុង​តំបន់ ក៏​ដូច ជា​ផ្តល់​កំណើនសេដ្ឋកិច្ច​ដល់​ខេត្តកោះកុង​ទាំងមូល​ផងដែរ” ៕

ចំណេះដឹង! អ្វី​ជា​នីតិវិធី​នាំចូល​សម្រាប់​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់

ដោយ វុត្ថា

ភ្នំពេញៈ ដើម្បី​នាំចូល​នូវ​សម្ភារ​បរិក្ខារ​ផលិតកម្ម សម្ភារៈ​សាងសង់ ឬ​វត្ថុធាតុដើម​ចូល​ផលិតកម្ម​សម្រាប់​បម្រើ​ដល់​ផលិតកម្ម​របស់ខ្លួន ដោយ​ទទួលបាន​នូវ​ការលើកលែង​ពន្ធ ឬ​អាករ គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ពិត​ជាមាន​សារៈសំខាន់​ណាស់។

ហេតុនេះ​ការរៀបចំ​បែបបទ តាម​និតិ​វិធី​ខាងលើ​មាន​សារៈសំខាន់​ណាស់ ដែល​ត្រូវ​អនុវត្តតាម​ល័ក្ខខ័ណ្ឌ​ដូចជា

  • អ្នកវិនិយោគ ឬ តំណាង​ត្រូវ​ស្នើសុំ​បញ្ជីមេ នៃ​មុខទំនិញ​នាំចូល​បម្រើ​ឲ្យ គ.ល.គ ពី​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា “គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ” (ក.អ.ក“គ.វ.ក”)។
  • បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី ក.អ.ក“គ.វ.ក” បញ្ជីមេ​ខាងលើ ត្រូវ​យកមក​តម្កល់ទុក​នៅ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (នាយកដ្ឋាន​របប​គយ)។
  • នៅពេល​នាំចូល ទំនិញ​ដែលមាន​នៅក្នុង​បញ្ជីមេ អ្នកវិនិយោគ ឬ​តំណាង​ត្រូវដាក់​ពាក្យ ស្នើសុំ​លិខិតអនុញ្ញាត​គយ មក​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ​កម្ពុជា (នាយកដ្ឋាន​របប​គយ) ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ចាំបាច់​នានា រួមមាន វិក្កយបត្រ​ទំនិញ បញ្ជីរ​វេច​ខ្ចប់ ឯកសារ​ដឹក​ជ​ញ្ញូ​ន លិខិត​ផ្ទេរសិទ្ធិ​សម្រាប់​បុគ្គល​តំណាង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត ក្នុងករណី​ចាំបាច់។
  • បន្ទាប់ពី​ទទួលបាន​លិខិតអនុញ្ញាត​គយ អ្នកវិនិយោគ ឬ​តំណាង​ត្រូវអនុវត្ត​នីតិវិធី​នៃ​ការបំពេញ ប្រតិវេទន៍​គយ ដូច​មាន​ក្នុង​នីតិវិធី​ប្រតិវេទន៍​គយ៕

លទ្ធផលនៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតត្រូវបានបង្ហាញ

ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញរបាយការណ៍ស្តីពីលទ្ធផល នៃការសិក្សាបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត បន្ទាប់ពីសិក្សារួចរាល។

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះមានបីជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រនិងផលប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូ ម៉ែត្រក្នុងមួយម៉ោងស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។

លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ ជ្រុងជ្រោយលើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេស ក្រសួងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។

លោកបន្តថា ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោត ជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់។ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរ ចំពោះការធ្វើ បទបង្ហាញរបស់ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់ធាតុចូលយ៉ាងសំខាន់ និងមានតម្លៃបំផុតដើម្បីឱ្យការរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃសិក្សាគម្រោងផ្នែកបច្ចេកទេស នៃគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លោកក៏បានបានស្នើឱ្យភាគី និងស្ថាប័នពាក់ព័ន្ធ បន្តចូលរួមកិច្ចប្រជុំប្រចាំខែលើការពិនិត្យ វឌ្ឍនភាពគម្រោងនេះ ដើម្បីផ្ដល់កិច្ចសហការ និងជួយដោះស្រាយនូវបញ្ហាមួយចំនួនដែលក្រុមហ៊ុនមិន អាចដោះស្រាយបានសំដៅឱ្យគម្រោងនេះមានដំណើរការរលូន៕

រដ្ឋបាលខេត្តកោះកុង បើកកិច្ចពិភាក្សាលើផែនការអាទិភាពគ្រប់គ្រងតំបន់ឆ្នេរដែលវែងជាងគេនៅក្នុងប្រទេស

ដោយ ៖ រ៉ាណេត

កោះកុង ៖ រដ្ឋបាលខេត្តកោះកុង និងមន្ត្រីស្ថាប័នពាក់ព័ន្ធបានបើកកិច្ចប្រជុំ និងពិភាក្សាទៅលើផែនការអាទិភាពក្នុងការគ្រប់គ្រងធនធាននៅតាមតំបន់ឆ្នេរតាមបែបសមាហរណកម្ម ដើម្បីរក្សាបាន និងទាញផលប្រយោជន៍សម្រាប់វិស័យទេសចរណ៍។

អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្រ្តា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.អ.ឆ.ក ខេត្ត និងអង្គការ IUCN ស្តីពី ការសិក្សាស្វែងយល់ពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការអាទិភាពគ្រប់គ្រងធនធាន តំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង ។

លោកបានបញ្ជាក់ថា ដើម្បីអនុវត្តគោលនយោបាយ និងការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពទាមទាឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវមានចំណេះដឹងទាក់ទងនឹងគោលនយោបាយ និងឯកសារគតិយុត្តទៅលើការគ្រប់គ្រងតំបន់ឆ្នេរ សមុទ្រ និងចូលរួមសហការយ៉ាងពេញទំហឹងលើការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបប្រសិទ្ធភាព។

លោក អ៊ុក ភ័ក្រ្តា បានបន្តទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.អ.ឆ.ក រដ្ឋបាលខេត្ត បានបោះពុមុ្ភនូវសៀវភៅ យុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុង ដែលមានចក្ខុវិស័យប្រែក្លាយ ខេត្តកោះកុង ឲ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់ ដែលសំបូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីធានាបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ក្នុងចំណោមឆ្នេរសមុទ្រប្រទេសកម្ពុជាដែល មានប្រវែងប្រហែល៤៤០គីឡូម៉ែត្រ ខេត្តកោះកុង ត្រូវបានដឹងថាជាខេត្ត ដែលមានឆ្នេរវែងជាងគេគឺប្រហែល ២៣៧គីឡូម៉ែត្រ ដោយលាតសន្ធឹងចាប់ពីចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រំប្រទល់ជាប់នឹងខេត្តត្រាតប្រទេសថៃ ដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ ដៅយឡែកកោះ នៅក្នុងលម្ហសមុទ្រមាន២៣ និងកោះនៅក្នុងព្រែកមាន១២ សរុប៣៥កោះ៕

បណ្តាមេដឹកនាំអាស៊ី អឺរ៉ុបប្តេជ្ញារក្សាសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ បើកចំហ និងតភ្ជាប់

ដោយវុត្ថា

ភ្នំពេញៈ បណ្តាមេដឹកនាំកំពូងអាស៊ី អឺរ៉ុបបានអះអាងពីការប្តេជ្ញាចិត្តក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានភាពធន់ បើកចំហ និងការតភ្ជាប់កាន់តែសកម្ម ដើម្បីវិបុលភាពតំបន់ និងពិភពលោក។ នេះបើតាមសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM) ដែលបានបិទកិច្ចកិច្ចប្រជុំកំពូលនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

 ទោះបីជាដៃគូASEM អនុវត្តន៍នូវវិធានការណ៍វិសាមញ្ញ ក្នុងការការពារ ស្វែងរក គ្រប់គ្រង និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏នៅតែបន្តប្តេជ្ញាធ្វើការឆ្ពោះទៅរកបរិយាកាសមួយ មានលក្ខណៈបើកចំហ សេរី យុត្តិធម៌ និងគ្មានការរើសអើង ដែលផ្តល់ស្ថានភាពស្មើភាព និងមិនលំអៀង តម្លាភាព និងផលប្រយោ​ជន៍ទៅវិញទៅមក សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM) ក្រោយកិច្ចប្រជុំ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០នេះបញ្ជាក់ថា  ASEM ត្រូវការខ្សែសង្វាក់ផ្គត់ផ្គង់ដែលកាន់តែធន់ និងមានពិធិធកម្ម គឺមានភាពចាំបាច់ដើម្បីទប់ទល់នឹងស្ថានភាពវិបត្តិផ្សេងៗ នាពេលអនាគត។

សេចក្តីថ្លែងការណ៍សរសេរថា “យើងបន្តធានានូវលំហូទំនិញ និងសេវាកម្មសំខាន់ៗឆ្លងកាត់ព្រំដែន ក៏ដូចជាការចែកចាយជាសកល និងសមស្របចំពោះទំនិញ និងសេវាកម្មទាំងនោះ ដោយមិនឱ្យមានការរាំងស្ទះអ្វីឡើយ “។

សេចថ្លែងការណ៍បន្តថា “យើងនឹងធ្វើការយ៉ាងជិតស្និទ្ឋ ដើម្បីដោះស្រាយរាល់ការរាំងស្ទះ ដល់ផ្នែកផ្គត់ផ្គង់ដែលត្រូវការសម្រាប់សុខភាព និង សុខមាលភាព របស់ប្រជាជនទាំងអស់។ យើងជំរុញឱ្យរក្សាអន្តរទំនាក់ទំនងចាំបាច់នានា នៅក្នុងតំបន់ដោយជួយសម្រួ​លដល់បំលាស់ទីជាចាំបាច់រស់ប្រជាជន និងទំនិញក្នុងកិច្ចការមនុស្សធម៌ វិទ្យាសាស្ត្រ ព្រមទាំងសកម្មភាពធុរកិច្ចសំខាន់ៗ នៅក្នុងកម្រិតដែលប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរបស់ប្រទេសនីមួយៗ”។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា យើងក៏នឹងបន្តរួមគ្នា ដើម្បីរក្សា និងសម្រួលដល់ពាណិជ្ជករអន្តរជាតិ តាមរយៈអង្គការពាណិជ្ជកម្មពិភពលោក និងសម្របសម្រួ​លដល់ការឆ្លើយតបនានា ដែលធានានូវដំណើរការចរាចរណ៍អន្តរជាតិ និងហេដ្ឋារចនាស   ម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ដូចជាផ្លូវអាកាស និងកំពង់ផែបន្តប្រតិបត្តិការរបស់ខ្លួន ក៏ដូចជាការបន្តលំហូរទំនិញ ស្របពេលកំពុងយកចិត្តទុកដាក់តាមដានសុវត្ថិភាព  និងសុខភាពសាធារណៈ។

វិធានការណ៍សម្រាប់ស្ថានភាពអាសន្ននានា ដែលបង្កើតឡើងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រួមទាំងការរឹតត្បិតការធ្វើដំណើរ ប្រសិនបើចាំបាច់ត្រូវមានគោលដៅជាក់លាក់ តុល្យភាព តម្លាភាព និងមានលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះ ។

វិធានការណ៍សម្រាប់ស្ថានភាពអាសន្នទាំងនេះ មិនគួរបង្កើតរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ ឬរាំងស្ទះដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកនោះទេ ហើយគួរតែអនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ ការរឹតត្បិតការធ្វើដំណើរនានា គួរតែជូនដំណឹ​ងដល់អង្គការសុខភាពពិភពលោក ស្របតាមបទបញ្ញត្តិសុខភាពអន្តរជាតិ (២០០៥)។

ASEM  ក៏ទទួលស្គាល់នូវតួនាទីដ៏សំខាន់ របស់សហគ្រាសខ្នាតមីក្រូតូច និងធម្យម ក្នុងសកម្មភាពសេដ្ឋកិច្ច របស់ប្រទេសយើងទាំងអស់គ្នា។ យើងជំរុញឱ្យអនុវត្តនូវវិធានការសមស្របនានា ដើម្បីបង្កើនទំនុកចិត្ត និងលើកកម្ពស់ស្ថិរភាពសេដ្ឋកិច្ច តាមរយៈគោលនយោបាយជំរុញសេដ្ឋកិច្ចការជួយប្រជាជន និងធុរកិច្ចដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសនោះ គឺជួយសហគ្រាសខ្នាតមីក្រូតូច និងធម្យម ក៏ដូចជាប្រជាជនក្រីក្រ និងជនងាយរងគ្រោះបំផុត៕

សក្តានុពលធំៗចំនួន៣ជម្រុញឱ្យវិនិយោគិនទៅបណ្តាក់ទុននៅខេត្តព្រះសីហនុ

ដោយៈហ្សូលី

ភ្នំពេញៈ ខេត្តព្រះសីហនុ បច្ចុប្បន្នប្រៀបបីដូចជា តួឯកកំពុងរះយ៉ាងត្រចះត្រចង់ នៅក្នុងប្រទេសកម្ពុជា និងសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ វិនិយោគិនជាច្រើន ពិសេសជនជាតិចិនបាននាំគ្នាចំណាយថវិកាជាច្រើនលានដុល្លារ មកវិនិយោគលើវិស័យសំខាន់ៗក្នុងការលើកស្ទួយមុខមាត់ខេត្តព្រះសីហនុ។

 

ចំនុចពិសេសដែលទាក់ទាញវិនិយោគិន សម្រេចចិត្តក្នុងការបោះទុនជាបន្តបន្ទាប់ បណ្តាលមកពីសក្តានុពលពិសេសចំនួន៣ ដូចជា៖

ការរីកចម្រើននៃវិស័យអចលនទ្រព្យ

វិនិយោគិនជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុកដូចជា ចិន ថៃ ជប៉ុន ស្រាក់ដៃគ្នាមកបណ្តាក់ទុនលើវិស័យអចលនទ្រព្យជាហូរហែ។ សំណង់អគារពាណិជ្ជកម្ម ខុនដូ អាផាតម៉ិនស្កឹមស្កៃ លូតយ៉ាងត្រដែត សាយភាយពាសពេញខេត្តព្រះសីហនុ បណ្តាលឱ្យអ្នកជំនាញកោតសរសើរថា ជាទីក្រុងសិនជិនទី ២។ ថ្វីត្បិតតែប្រឈមជាមួយវិបត្តិCovid-19 បច្ចុប្បន្នខេត្តព្រះសីហនុ នៅតែមានគម្រោងអភិវឌ្ឍលើវិស័យអចលនទ្រព្យ ដំណើរការសាងសង់ឥតឈប់ឈរ។

ជាក់ស្តែង អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនកាលពីថ្មីៗនេះ ទើបតែអញ្ជើ​ញទៅសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលជាការបណ្តាក់ទុនពីក្រុមហ៊ុនក្នុងស្រុក។ នេះជាចំនុចមួយដែលបង្ហាញពីចរន្តអភិវឌ្ឍ លើវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ដែលនៅតែស្ថិតក្នុងដំណើរការអភិវឌ្ឍឥតស្រាកស្រាន្ត។

គោលដៅទេសចរណ៍លេចធ្លោ

ព្រះសីហនុអំណាយផលពីធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តនៅតាមតំបន់ឆ្នេរ កោះតូចធំៗ និងរមណីយដ្ឋានធម្មជាតិនានាដទៃទៀត។ កត្តានេះជាចំនុចវិសេសវិសាល សម្រាប់វិនិយោគិន ដែលមានបំណងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចរួមមាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ បឹងហ្គាឡូ ឬរីសតកម្សាន្តជាដើម។

វិសាលភាពនៃការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ឋ

បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ជារឿងសំខាន់ជម្រុញការវិនិយោគ និងលើកកម្ពស់សេដ្ឋកិច្ចខេត្តនិងប្រទេសជាតិទាំងមូល។

ដោយឡែកខេត្តព្រះសីហនុមានសមិទ្ធផល និងគម្រោងអភិវឌ្ឍជាច្រើនដូចជា ផ្លូវល្បឿនលឿន ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ កំពង់ផែ ស្ពាន និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង។ លើសពីនេះ ក្នុងខេត្តមាត់សមុទ្រមួយនេះក៏មានរោងចក្រ សហគ្រាសតូចធំ ជាហេតុប្រែក្លាយមុខមាត់ខេត្តនេះជាប៉ូលសេដ្ឋកិច្ចទី៣ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោកអភិបាលខេត្តព្រះសីហនុ គួច ចំរើនធ្លាប់បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់និងបង្កើនកំនើនសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋាភិបាលបានស្ដារឡើងវិញទាំងស្រុង នូវហេ ដ្ឋារចនាសម្ព័ន្ធនានា បន្ទាប់ពីទទួលរងការខូចខាត ដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុកនាពេលកន្លងមក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃខេត្តព្រះសីហនុ ដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ៕

តើការវិនិយោគលើការិយាល័យជួលទទួលបានផលចំណេញពីការវិនិយោគយ៉ាងដូចម្តេច?

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថាការវិនិយោគទៅលើអគារការិយាល័យជួលបែបទំនើបនៅកម្ពុជានាពេលបច្ចុប្បន្នហាក់នៅមានកម្រិតនៅឡើយខណៈដែលវិស័យមួយនេះបានផ្តល់ផលចំណេញពីការវិនិយោគយ៉ាងច្រើនបើធៀបទៅនឹងផ្នែកដទៃទៀតនៅក្នុងទីផ្សារអចលនទ្រព្យ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ដែលប្រភពដើមមកពីសហរដ្ឋអាមេរិកColdwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៧ កញ្ញានេះថា ទីផ្សារការរិយាល័យជួលនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ហាក់នៅមិនទាន់មានតម្រូវការទីផ្សារខ្ពស់នោះទេ ភាពស្ងប់ស្ងាត់ទាំងនេះក៏ដោយសារតែបណ្តាលមកពីវិបត្តិនៃជំងឺឆ្លងប៉ុន្តែនៅពេលបន្តិចទៀតខ្ញុំជឿជាក់ថាតម្រូវការទីផ្សារមួយនេះនឹងមានកំណើនខ្ពស់។

លោកបានបញ្ជាក់ថា តម្រូវការជួលអគារការិយាល័យ នឹងមានកំណើនបន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចសាកល ត្រូវបានវិលត្រឡប់ទៅរកភាពល្អប្រសើរវិញ។ លោកបន្តថា សម្រាប់ទីផ្សារកម្ពុជា ការផ្គត់ផ្គង់ក្នុងវិស័យមួយនេះ ហាក់នៅមានកម្រិតនៅឡើយ ហើយក៏មិនសូវមានការប្រកួតប្រជែងខ្លាំងនោះដែរ

ម្ចាស់អាជីវកម្មមួយចំនួននៅបន្តជួលអគារចាស់ឬផ្ទះល្វែងនិងវីឡាជាន់ជាប់ដីធ្វើជាទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួននៅឡើយ។បន្តិចទៀតរបត់សង្គមនៃមុខជំនួញនឹងជំរុញឱ្យពួកគាត់ផ្លាស់ប្ដូរគំនិតនិងឥរិយាបទចាស់ជាមិនខាន។

លោកKen Loបានបន្តថា នៅពេលដែលមានអ្នកជំនួញអន្តរជាតិ ចូលមកទីផ្សារកម្ពុជាកាន់តែច្រើន តម្រូវការជួលអគារការិយាល័យបែបទំនើប នឹងមានតម្រូវការខ្ពស់ ព្រោះក្រៅពីផ្តល់ភាពងាយស្រួលក្នុងការបំពេញការងារ ថែមទាំងអាចជួយបង្ហាញពីស្ថានភាពរបស់ក្រុមហ៊ុន រួមជាមួយនឹងការផ្តល់ទំនុកចិត្តកាន់ច្រើន ទៅដល់បណ្តាក្រុមហ៊ុនវិនិយោគនានាដែលជាដៃគូ 

ពាក់ព័ន្ធទៅនឹងទីផ្សារនៃការផ្គត់ផ្គង់ អគារការិយាល័យជួលនៅពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា មួយចំណែកធំស្ថិតនៅតាមបណ្តាអគារពាណិជ្ជកម្មធំៗ ដូចជាអគារពាណិជ្ជកម្ម កម្រិតខ្ពស់វឌ្ឍៈកាពីតាល់ អគារពាណិជ្ជកម្ម Exchange Square អគារកាណាឌីយ៉ា មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះនៅតំបន់កោះពេជ្រ មជ្ឈមណ្ឌលពាណិជ្ជកម្ម Olympia ហើយមួយចំនួនទៀតនៅក្នុងតំបន់បឹងកេងកងជាដើម។

លោកKen Lo បានអះអាងថា ការផ្គត់ផ្គង់ការិយាល័យជួល នៅក្នុងអាគារធំៗគឺនៅមានកម្រិតនៅឡើយ ប៉ុន្តែអគារពាណិជ្ជកម្មតូចៗ នៅតាមតំបន់នានាក្នុងរាជធានីភ្នំពេញគឺមានច្រើន ប៉ុន្តែស្ថិតក្នុងកម្រិតស្ដងដារនោះទេ ។ លោកបញ្ជាក់ថា ការិយាល័យជួលត្រូវបានបែងចែកកម្រិតនៃប្រណីតភាពជា៣ដូចគ្នាទៅនឹងការបែងចែកកម្រិតខុនដូអាផាតមិនផងដែរ។

សម្រាប់ការិយាល័យជួលកម្រិតA បច្ចុប្បន្នឃើញមាននៅក្នុងអគារពាណិជ្ជកម្មកម្រិតខ្ពស់វឌ្ឍនៈកាពីតាល់ និងអគារពាណិជ្ជកម្ម Exchange Square ហើយមួយចំនួនទៀតឃើញមាននៅតំបន់កោះពេជ្រ។

ប្រភេទការិយាល័យជួលកម្រិត A មានតម្លៃក្នុងចន្លោះចាប់ពី ២៥៣៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិតBមានតម្លៃក្នុងចន្លោះ១៥២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងកម្រិត C មានតម្លៃក្នុងចន្លោះ៨១៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកKen Loបានបន្តថា សព្វថ្ងៃនេះយើងទទួលស្គាល់ថា តម្រូវការជួលការិយាល័យកម្រិតBគឺមានច្រើន ហើយតម្រូវការការិយាល័យកម្រិតAនៅមានកម្រិត ប៉ុន្តែក្រោយពេលវិបត្តិត្រូវបានទប់ស្កាត់ ហើយសេដ្ឋកិច្ចសាកលចាប់ផ្តើមមានកំណើនឡើងវិញ នោះតម្រូវការការិយាល័យកម្រិតA នឹងកើនឡើងជាក់មិនខាន់

តើតម្លៃលំនៅឋានចន្លោះប៉ុន្មានដែលកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះ?

ដោយវុត្ថា

ភ្នំពេញៈ អ្នកអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ តម្លៃលំនៅឋានចន្លោះពី៤ម៉ឺន ទៅ៨ ម៉ឺនដុល្លារអាមេរិកំពុងពេញនិយមខ្លាំង ពីអតិថិនដែលភាគច្រើននៅតាមជាយក្រុងរាជធានីភ្នំពេញ។

លោកម៉ាន់ ចាន់ឌី អគ្គនាយកក្រុមអភិវឌ្ឍន៍លំនៅឋាន Premier Group បានប្រាប់គេហទំព័រProperyarea.asia នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះឱ្យដឹងថា  ក្នុងចំណោ មគម្រោងអភិវឌ្ឍន៍លំនៅឋានទាំងអស់ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានគម្រោងលំនៅឋានតម្លៃ ចន្លោះពី៤ ម៉ឺន ទៅ៨ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ដែលត្រូវបានលក់ចេញនិងទទួលបានការចាប់អារមុ្មណ៍ពីពលរដ្ឋកម្ពុជា។

លោកពន្យល់ថា កត្តាដែលជំរុញមានការបញ្ជាទិញពីអតិថិជន ដោយសារពលរដ្ឋកម្ពុជាមានចំណូលមធ្យមកើនឡើង  ហើយលក្ខខណ្ឌនៃការទិញមានភាពងាយស្រួល តាមយៈការបង់រំលោះ តែសម្រាប់តម្លៃចាប់ពី១០ ម៉ឺន ទៅ២០ម៉ឺនឡើង ហាក់មិនសូវការពេញនិយមនោះទេ ។

លោកបន្ថែមថា តម្លៃលំនៅឋានដែលមានតម្លៃខ្ពស់ មានតែនៅក្នុងទីក្រុង ហើយពលរដ្ឋយើង អ្នកដែលមានចំណូលធម្យម គឺពួកគាត់មិនមានាលទ្ធភាពទិញនោះទេ។លោកបន្តថា ដូច្នេះពួកគាត់បានទៅទិញលំនៅឋាន ដែលមានតម្លៃសមរម្យនៅតាមបណ្តាជាយក្រុងភ្នំពេញ។  ម្យ៉ាងអ្នកដែលមានចំណូលធម្យម នៅក្នុងប្រទេសកម្ពុជា មានច្រើនជាងអ្នកដែលមានចំណូលខ្ពស់

លោកបន្ថែមថា គម្រោងអភិវឌ្ឍន៍លំនៅឋានភាគច្រើន ដែលមានតម្លៃធម្យម បានកើនឡើងនៅតាមជាយក្រុងភាគខាងលិច និងភាគខាងជើងរាជធានីភ្នំពេញ។

ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាលលោកច្រឹក សុខនីមបានឱ្យដឹងដែរថា បើទោះកម្ពុជាប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ ១៩ តែសម្រាប់ទីផ្សារលំនៅឋានតម្លៃសមរម្យ នៅតែមានសកម្មភាពទិញលក់ជាធម្មតា ។

លោកបន្តថា គម្រោងលំនៅឋានដែលមានតម្លៃចាប់ពី៤ម៉ឺន ទៅ១០ម៉ឺនដុល្លារនៅតែមានទីផ្សារខ្ពស់ សម្រាប់អតិថិជននៅក្នុងស្រុក បើធៀបទៅនឹងគម្រោងលំនៅឋានតម្លៃខ្ពស់ តែយ៉ាងណាលោកថា វិស័យអចលនទ្រព្យគ្រប់ប្រភេទ ទាំងតម្លៃធម្យម និងកម្រិតខ្ពស់នឹងមានទីផ្សារឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រង និងមានចលនទីផ្សារពីក្រៅប្រទេសចូលមកកម្ពុជាកាន់តែច្រើន៕

រដ្ឋាភិបាលឥណ្ឌាអនុញ្ញាតឱ្យសង់អគារកំពស់៧០ជាន់ឡើងដើម្បីប្រជែងជាមួយនឹងប្រទេសនៅក្នុងពិភពអារ៉ាប់រួម

ដោយវុត្ថា

ឥណ្ឌាៈ រដ្ឋាភិបាលឥណ្ឌា បានអនុញ្ញាត្តឲ្យរដ្ឋGujarat សាងសង់អគារកំពស់៧០ជាន់ឡើង នៅក្នុងទីក្រុងចំនួន៥រួមមានទីក្រុង Ahmedabad ទីក្រុង Vadodara ទីក្រុងSurat ទីក្រុងRajkot និង ទីក្រុងGandhinagar ដើម្បីប្រជែងជាមួយនឹងបណ្តាប្រទេសនៅក្នុងពិភពអារ៉ាប់រួម។

យោងតាមការចុះផ្សាយរបស់គេហទំព័រmoneycontrol.com បានឱ្យដឹងថា បច្ចុប្បន្ននេះ ច្បាប់របស់រដ្ឋាបាលរបស់រដ្ឋGujarat បានអនុញ្ញាតឱ្យសាងសង់អាគារកម្ពស់ ២៣ ជាន់សម្រាប់អាគារខ្ពស់ៗប៉ុណ្ណោះ ។ ដូច្នេះបានរដ្ឋាភិបាលរដ្ឋនេះ បានសម្រេចធ្វើវិសោធនកម្មច្បាប់ទូទៅ ((general development control regulations)) ដើម្បីអនុញ្ញាតឱ្យមានការសាងសង់ សំណង់អគារខ្ពស់ៗចាប់ពី៧០ជាន់ឡើងទៅ។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាបាលនៃរដ្ឋ Gujarat បានបញ្ជាក់ថា  ច្បាប់ថ្មីនេះ ត្រូវអនុម័តដែលនឹងត្រូវអនុវត្តន៍ ចំពោះសំណង់ដែលមានកម្ពស់ជាង១០០ម៉ែត្រឡើង។ ជាមួយគ្នានេះ គណៈកម្មាធិការបច្ចេកទេស ពិសេសមួយនឹងត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការយល់ព្រមដល់គម្រោងសាងសង់នានា។

ប្រភពដដែលបន្តថា ជាមួយនឹងការសាងសង់អគារខ្ពស់ៗនៅក្នុងទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ ប្រជាជន និងការងារជាច្រើនផ្សេងទៀត នៅទីក្រុងក៏នឹងកើនឡើងផងដែរ។  ការអនុញ្ញាតឱ្យមានការសាងសង់អគារខ្ពស់ៗនេះ ក្នុងគោលបំណងដាក់រដ្ឋGujarat នៅក្នុងផែនទីពិភពលោក ដែលអាចប្រកួតប្រជែងជាមួយ នឹងប្រទេសនៅក្នុងពិភពអារ៉ាប់រួម ប្រទេសសឹង្ហបុរី និងប្រទេសផ្សេងទៀត ដែលមានត្រូវបានគេដឹងថាមានអគារខ្ពស់ៗច្រើន។

អភិបាលរដ្ឋ Gujarat លោកVijay Rupani បានថ្លែងថា ច្បាប់ថ្មីនេះ នឹងធានាបាននូវការប្រើប្រាស់ដីល្អបំផុត ហើយវានឹងនឹងជួយបញ្ចុះតម្លៃអចលនទ្រព្យ នៅក្នុងទីក្រុងផងដែរស្របពេលដែលមានការអនុញ្ញាតសាងសង់សំណង់ខ្ពស់៕