ដោយៈរ៉ាណេត
ភ្នំពេញៈ ខណៈផ្លូវក្រវ៉ាត់ក្រុងទី៣កំពុងស្ថាបនា អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននានាបានពង្រីកមូលដ្ឋានវិនិយោគរបស់ពួកគេ ខណៈអ្នកជំនាញព្យាករណ៍ថា ក្នុងរយៈពេល៥ ទៅ១០ឆ្នាំខាងមុខទៀត វិស័យអចលនទ្រព្យនឹងកើនឡើងរាប់ពាន់ហិចតា ជាពិសេសគម្រោងលំនៅឋាននៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ។
លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រ Propertyarea.asia ឱ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងលំនៅឋាននឹងពង្រីកនៅតាមតំបន់មួយចំនួន ជាពិសេសតាមផ្លូវក្រវ៉ាត់ក្រុង ទី៣ខេត្តកណ្តាលឬក៏ថា៣០ទៅ៤០ គីឡូម៉ែត្រចូលក្រុង។
លោកស្រីបន្តថា “ការពង្រីកនេះ ដោយសារជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមឱ្យមានលំនៅឋានកាន់តែច្រើន នៅតាមតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យគម្រោងបុរី និងលំនៅឋានទៅវិនិយោគនៅទីនោះ” ។
លោកស្រីបន្ថែមថា ម្យ៉ាងទៀតតាមផែនការរបស់រដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យរោងចក្រ សហគ្រាស និងសិប្បកម្មផ្សេងៗ ឱ្យទៅបោះទីតាំងនៅជាយក្រុងជាពិសេសផ្លូវក្រវ៉ាត់ក្រុងនានា ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការកកស្ទះនូវចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។
អភិបាលរជធានីភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹងកាលពីពេលថ្មីៗនេះ ថា ទីក្រងភ្នំពេញមានការរីកចំរើន ដែលអ្នកសេដ្ឋកិច្ចវិទូមិនស្មានដល់ ជាមួយនឹងកំណើនប្រជាសាស្ត្រដែលស្នាក់នៅ និងចរាចរណ៍នៅក្នុងទីក្រុងកើនជាង៣លាននាក់ និងពង្រីកក្រុងពី៣០០ ទៅ៧០០ម៉ែត្រក្រឡា។
លោកបន្តថា ជាមួយនឹងការរីកចំរើននេះ បានធ្វើឱ្យតំបន់មួយចំនួននៃជាយក្រុងភ្នំពេញមានការរីកចំរើន ជាពិសេសតំបន់ភាគខាងលិច ដែលកាលពីមុខជាតំបន់វាលស្រែ បានក្លាយជាតំបន់លំនៅឋាន រោងចក្រសហគ្រាស និងសិប្បកម្មផ្សេងៗជាច្រើនផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា គំរោងអភិវឌ្ឍន៍ជាច្រើន ពិតជាបានបាញ់ឆ្ពោះទៅតំបន់ជាយក្រុងដោយសារហេដ្ឋារចនាសម្ព័ន្ឋមានភាពល្អប្រសើរ ពិសេសតំបន់ផ្លូវជាតិលេខ២ លេខ៣ លេខ៤ ដែលមានកំនើនគំរោងលំនៅដ្ឋានច្រើន។
លោកបន្តថា “តំបន់ផ្លូវជាតិលេខ២ចាប់ពីតំបន់កួរស្រូវ ឆ្ពោះទៅស្រុកបាទីនឹងមានគំរោងអភិវឌ្ឈន៍លំនៅដ្ឋាន រោងចក្រ សហគ្រាសច្រើនសាងសង់នៅតំបន់នេះ ក្រោយពេលផ្លូវជាតិលេខ២បានស្ថាបនា និងពង្រីករួច” ៕