ដោយៈសុខុម
គូឡាឡាំពួ: វាជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលក្រុមហ៊ុមផលិតដែកដ៏ធំរបស់ម៉ាឡេស៊ី Lion Industries Corp Bhd (LICB) នឹងកាត់យកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Well Morning Ltd ជាការទូទាត់បំណុលចំនួន២១០,៣៥ លានរីងហ្គីត ស្មើនឹង៥២ លានដុល្លារអាមេរិក ។ នេះបើយោងតាមសារព័ត៌មាន TheEdgeMarkets បានចុះផ្សាយកាលពីថ្ងៃទី១៦ ធ្នូកន្លងមកនេះ។
ក្នុងបំណុលមិនទាន់សងសរុបទាំង ២១០,៣៥លានរីងហ្គីត ក្រុមហ៊ុន LDHB ជំពាក់ក្រុមហ៊ុន Antara Steel Mills Sdn Bhd ចំនួន ២៦,៧៩ លានរីងហ្គីត (៦,៦ លានដុល្លារ) និងជំពាក់ក្រុមហ៊ុន Lion Waterway Logistics Sdn Bhd ចំនួន ៣៥,១៧ លានរីងហ្គីត (៨,៧ លានដុល្លារ) ដែលក្រុមហ៊ុនទាំងពីរនេះ សុទ្ធតែជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LICB ព្រមទាំងជំពាក់ក្រុមហ៊ុន Posim Marketing Sdn Bhd ដែលជាបុត្រសម្ព័ន្ធប្រយោលកាន់កាប់ភាគហ៊ុន ៧៤%) នៃក្រុមហ៊ុន LICB ចំនួន ១៤៨,៣៩ លានរីងហ្គីត (៣៦,៦ លានដុល្លារ)។
សារព័ត៌មានដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Well Morning Ltd ដែលជាបុត្រសម្ព័ន្ធកាន់កាប់ផ្ដាច់មុខ របស់ក្រុមហ៊ុន LDHB គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានមូលដ្ឋាននៅប្រទេសចិន។
ក្រុមហ៊ុនជាម្ចាស់បំណុល LICB បានបញ្ជាក់ថា ក្រុមហ៊ុន LDHB ត្រូវបានតុលាការកំពូលរបស់ម៉ាឡេស៊ី បង្គាប់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឱ្យទូទាត់សងបំណុលនេះក្រោមច្បាប់គ្រប់គ្រងក្រុមហ៊ុនឆ្នាំ២០១៦ (Companies Act 2016) ៕